ជំងឺអសមត្ថភាពក្នុងការបញ្ចេញញើស
ទិដ្ឋភាពទូទៅ
ជំងឺអសមត្ថភាពក្នុងការបញ្ចេញញើស (Anhidrosis) គឺជាជំងឺចេញញើសតិច ឬអសមត្ថភាពក្នុងការបញ្ចេញញើសតាមធម្មតា។ បញ្ហានេះកើតឡើងនៅពេលដែលក្រពេញញើសមិនដំណើរការដូចដែលវាគួរធ្វើ ដើម្បីបញ្ចេញកម្តៅ និងធ្វើឱ្យរាងកាយត្រជាក់។ នៅពេលដែលអ្នកជំងឺមិនចេញញើស រាងកាយមិនអាចធ្វើឱ្យខ្លួនឯងត្រជាក់បានទេ ដែលអាចបណ្តាលឱ្យឡើងកម្តៅខ្លាំង និងជួនកាលបង្កជាការដាច់សរសៃឈាមខួរក្បាលដោយសារកម្តៅ (Heatstroke) ដែលជាស្ថានភាពដែលអាចបណ្តាលឱ្យស្លាប់បាន
ក្នុងករណីខ្លះ ផ្នែកខ្លះនៃរាងកាយរបស់អ្នកអាចខ្វះសមត្ថភាពក្នុងការបញ្ចេញញើស ឬក្នុងករណីខ្លះទៀត ការអវត្តមាននៃញើសអាចកើតឡើងពេញរាងកាយតែម្តង។ វាអាចទៅរួចដែលអ្នកចេញញើសច្រើននៅតំបន់មួយនៃរាងកាយ ប៉ុន្តែស្ទើរតែគ្មាន ឬគ្មានទាល់តែសោះនៅតំបន់មួយទៀត ដោយសារតំបន់ដែលអាចចេញញើសបាននឹងព្យាយាមបង្កើតញើសឱ្យកាន់តែច្រើន។ នេះកើតឡើងជាយន្តការទូទាត់នៅក្នុងរាងកាយរបស់អ្នក ដែលវាព្យាយាមប៉ះប៉ូវការខ្វះខាតញើសនៅក្នុងតំបន់ជាក់លាក់មួយ ឬច្រើន ដោយបង្កើនការផលិតញើសនៅក្នុងផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នក
ការធ្វើលំហាត់ប្រាណខ្លាំង ការធ្វើការងារធ្ងន់ ឬការប៉ះពាល់នឹងអាកាសធាតុក្តៅ អាចបង្កើនហានិភ័យនៃជំងឺទាក់ទងនឹងកម្តៅ ដូចជាការរមួលក្រពើដោយសារកម្តៅ ការអស់កម្លាំងដោយសារកម្តៅ ឬសូម្បីតែការដាច់សរសៃឈាមខួរក្បាលដោយសារកម្តៅ។ ក្នុងករណីដែលជំងឺចេញញើសតិចប៉ះពាល់ដល់ផ្នែកធំនៃរាងកាយរបស់អ្នក វាធ្វើឱ្យរាំងស្ទះដល់សមត្ថភាពចុះត្រជាក់ប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យហានិភ័យនៃលក្ខខណ្ឌទាំងនេះកាន់តែធ្ងន់ធ្ងរ
វាអាចជាការពិបាកក្នុងការកំណត់អត្តសញ្ញាណជំងឺ Anhidrosis (ដែលត្រូវបានគេស្គាល់ផងដែរថាជា hypohidrosis)។ ករណីស្រាលៗជាច្រើនតែងតែមិនត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ។ ជំងឺនេះអាចបណ្តាលមកពីកត្តាជាច្រើន ដូចជាការរបួសស្បែក ជំងឺជាក់លាក់មួយចំនួន និងឱសថ។ ជំងឺអសមត្ថភាពក្នុងការបញ្ចេញញើសអាចកើតមានតាំងពីកំណើតនៅក្នុងគ្រួសារ ឬកើតឡើងនៅពេលក្រោយក្នុងជីវិត
ចំនួនពិតប្រាកដនៃបុគ្គលដែលរងផលប៉ះពាល់ដោយជំងឺនេះ នៅមិនទាន់ដឹងនៅឡើយទេ។ មនុស្សជាច្រើនដែលមានករណីស្រាល ប្រហែលជាមិនដឹងថាពួកគេមិនចេញញើស ឬប្រហែលជាជ្រើសរើសមិនទៅជួបអ្នកជំនាញសុខភាព។ ប្រសិនបើអាចរកឃើញមូលហេតុចម្បង ជំងឺអសមត្ថភាពក្នុងការបញ្ចេញញើសនឹងត្រូវបានព្យាបាលដោយដោះស្រាយទៅលើមូលហេតុនោះ
រោគសញ្ញា
សញ្ញា និងរោគសញ្ញានៃជំងឺអសមត្ថភាពក្នុងការបញ្ចេញញើស រួមមាន៖
- ចេញញើសតិចតួច ឬគ្មានទាល់តែសោះ
- មានអារម្មណ៍ក្តៅខ្លាំង ហើយមិនអាចចុះត្រជាក់បាន
- វិលមុខ
- រមួលក្រពើ ឬខ្សោយសាច់ដុំ
- ឡើងក្រហមលើស្បែក
វាអាចមានការខ្វះញើសនៅផ្នែកភាគច្រើននៃរាងកាយ ឬក្នុងផ្នែកណាមួយ ឬជាផ្ទាំងៗដាច់ពីគ្នា។ ជំងឺអសមត្ថភាពក្នុងការបញ្ចេញញើស គឺជាលក្ខខណ្ឌដែលអាចកើតឡើងដោយខ្លួនឯង ឬជាសញ្ញាមួយក្នុងចំណោមសញ្ញា ឬរោគសញ្ញាជាច្រើននៃជំងឺផ្សេងទៀត ដូចជាជំងឺទឹកនោមផ្អែម ឬការរបួសស្បែកជាដើម
សូមស្វែងរកការព្យាបាល ប្រសិនបើអ្នកជំងឺស្ទើរតែមិនចេញញើស ទោះបីជាអាកាសធាតុក្តៅ ឬកំពុងធ្វើការងារធ្ងន់ ឬហាត់ប្រាណខ្លាំងក៏ដោយ។ ត្រូវស្វែងរកការព្យាបាលជាបន្ទាន់ ប្រសិនបើអ្នកជំងឺជួបប្រទះនូវសញ្ញា ឬរោគសញ្ញានៃការដាច់សរសៃឈាមខួរក្បាលដោយសារកម្តៅ
មូលហេតុ
មានកត្តាជាច្រើនដែលអាចជាមូលហេតុ។ មនុស្សខ្លះកើតមកមានជំងឺនេះតែម្តង ខណៈអ្នកផ្សេងទៀតកើតមានវានៅពេលក្រោយក្នុងជីវិត
នៅពេលដែលក្រពេញញើសរបស់មនុស្សមិនដំណើរការត្រឹមត្រូវ នោះជំងឺអសមត្ថភាពក្នុងការបញ្ចេញញើសនឹងវិវត្តឡើង។ នេះអាចកើតឡើងដោយសារបញ្ហាតំណពូជ ឬជំងឺដែលប៉ះពាល់ដល់សរសៃប្រសាទ ឬស្បែករបស់ពួកគេ។ ជំងឺអសមត្ថភាពក្នុងការបញ្ចេញញើស ក៏អាចបណ្តាលមកពីការខ្វះជាតិទឹកផងដែរ។ វាមិនមែនជារឿងដែលអាចកំណត់រកមូលហេតុបានគ្រប់ពេលនោះទេ
មូលហេតុនៃជំងឺអសមត្ថភាពក្នុងការបញ្ចេញញើស រួមមាន៖
- ជំងឺពីកំណើត ដែលរាំងស្ទះដល់ការលូតលាស់នៃក្រពេញញើស
- ជំងឺមេតាបូលីស ដែលជាតំណពូជ ដូចជាជំងឺ Fabry (Fabry’s disease)
- លក្ខខណ្ឌជាលិកាតភ្ជាប់ ដូចជា Sjogren’s syndrome ដែលបណ្តាលឱ្យស្ងួតបបូរមាត់ និងភ្នែក
- ការខូចខាតស្បែក ដែលបណ្តាលមកពីការព្យាបាលដោយវិទ្យុសកម្ម ការរលាក ឬជំងឺដូចជា ជំងឺ Psoriasis ដែលធ្វើឱ្យស្ទះរន្ធញើសនៅលើស្បែក
- លក្ខខណ្ឌដែលបង្កឱ្យមានជំងឺសរសៃប្រសាទ (Neuropathy) ដូចជាជំងឺទឹកនោមផ្អែម ការសេពគ្រឿងស្រវឹង និង Guillain-Barre syndrome
- ឱសថ ដែលប្រើសម្រាប់ព្យាបាលជំងឺផ្លូវចិត្ត ដូចជា ម៉កហ្វីន (Morphine), botulinum toxin type A និងថ្នាំដទៃទៀត
មុខងារនៃក្រពេញញើសត្រូវបានរាំងស្ទះដោយថ្នាំជាច្រើនប្រភេទ។ មូលហេតុទាក់ទងនឹងថ្នាំដែលកើតមានញឹកញាប់បំផុតគឺ ការព្យាបាលដោយប្រើថ្នាំប្រភេទ Anticholinergic។ ឧទាហរណ៍មួយចំនួននៃថ្នាំទាំងនេះរួមមាន៖ Glycopyrrolate, doxepin, atropine, cyproheptadine និង hyoscyamine
ការធ្វើរោគវិនិច្ឆ័យ
ផ្អែកលើសញ្ញា និងរោគសញ្ញា ប្រវត្តិវេជ្ជសាស្ត្រ និងការពិនិត្យរាងកាយ អ្នកផ្តល់សេវាថែទាំសុខភាពអាចនឹងសង្ស័យថាមានជំងឺអសមត្ថភាពក្នុងការបញ្ចេញញើស។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺប្រហែលជាត្រូវការការធ្វើតេស្តជាក់លាក់មួយចំនួនដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ។ ការតេស្តទាំងនោះរួមមាន៖
- ការតេស្តញើស៖ នៅក្នុងការតេស្តនេះ (ហៅថា Thermoregulatory sweat test) រាងកាយរបស់អ្នកជំងឺនឹងត្រូវលាបដោយម្សៅម្យ៉ាងដែលអាចប្តូរពណ៌នៅពេលមានញើសចេញមក។ បន្ទាប់មក អ្នកជំងឺត្រូវចូលទៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពកើនឡើងដល់កម្រិតមួយដែលមនុស្សភាគច្រើនចាប់ផ្តើមចេញញើស។ លទ្ធផលនឹងត្រូវបានថតជាជារូបភាពឌីជីថល ហើយផ្ទៃនៃរាងកាយទាំងមូលអាចត្រូវបានពិនិត្យក្នុងពេលតែមួយ
- ការធ្វើកោសល្យវិច័យស្បែក៖ ក្នុងករណីខ្លះ គ្រូពេទ្យអាចតម្រូវឱ្យកាត់យកសាច់ស្បែកនៅតំបន់ដែលសង្ស័យថាមានជំងឺអសមត្ថភាពក្នុងការបញ្ចេញញើសទៅពិនិត្យ។ ដើម្បីធ្វើតេស្តនេះ កោសិកាស្បែក និងក្រពេញញើសនឹងត្រូវបានស្រង់ចេញ រួចយកទៅពិនិត្យយ៉ាងល្អិតល្អន់ក្រោមមីក្រូទស្សន៍
ការព្យាបាល
ក្នុងករណីភាគច្រើន ជំងឺអសមត្ថភាពក្នុងការបញ្ចេញញើសដែលប៉ះពាល់តែផ្នែកតូចមួយនៃរាងកាយ គឺមិនបង្កជាបញ្ហា និងមិនត្រូវការការព្យាបាលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការថយចុះការចេញញើសលើផ្ទៃធំនៃរាងកាយ អាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិត។ វិធីសាស្ត្រនៃការព្យាបាល គឺអាស្រ័យទៅលើស្ថានភាពវេជ្ជសាស្ត្រដែលបង្កឱ្យមានជំងឺអសមត្ថភាពក្នុងការបញ្ចេញញើសនោះ
ឧទាហរណ៍៖
- ប្រសិនបើឱសថគឺជាមូលហេតុ គ្រូពេទ្យនឹងព្យាយាមឱ្យអ្នកឈប់ប្រើប្រាស់វា
- ប្រសិនបើការស្ទះរន្ធញើសគឺជាមូលហេតុ ការលាងសម្អាតស្បែកជាមួយនឹងផលិតផលខាត់ស្បែកកម្រិតស្រាលអាចនឹងមានប្រយោជន៍
ប្រសិនបើឱសថគឺជាប្រភពនៃជំងឺអសមត្ថភាពក្នុងការបញ្ចេញញើស ការបញ្ឈប់ការប្រើប្រាស់តាមវេជ្ជបញ្ជាអាចជួយបាន។ ប៉ុន្តែ សូមកុំបញ្ឈប់ការប្រើប្រាស់ថ្នាំដោយខ្លួនឯង ដោយមិនបានពិភាក្សាជាមួយគ្រូពេទ្យជាមុន។ ជំងឺអសមត្ថភាពក្នុងការបញ្ចេញញើសអាចព្យាបាលជាសះស្បើយ ប្រសិនបើគេរកឃើញ និងដោះស្រាយជំងឺដែលជាឬសគល់របស់វា។ ក្នុងករណីដែលរកមិនឃើញជំងឺដែលជាមូលហេតុចម្បងទេ ការព្យាបាលអាចនឹងត្រូវកម្រិតត្រឹមតែការចៀសវាងស្ថានភាពណាដែលនាំឱ្យកង្វះញើសបង្កជាបញ្ហាសុខភាព ដូចជាជំងឺទាក់ទងនឹងកម្តៅជាដើម
