
ទិដ្ឋភាពទូទៅ
ជំងឺប៉ោងសរសៃឈាមក្រហម (Aneurysm) គឺជាការរីកប៉ោងខុសប្រក្រតី ឬប៉ោងដូចបាល់នៅតាមជញ្ជាំងសរសៃឈាម។ ជំងឺប៉ោងសរសៃឈាមក្រហម កើតឡើងនៅពេលដែលមានការចុះខ្សោយនៃជញ្ជាំងសរសៃឈាម ឬភាពខ្សោយនៅក្នុងជញ្ជាំងសរសៃឈាមអាកទែ ដែលអាចបណ្តាលឱ្យវាប៉ោងទៅខាងក្រៅ ដោយសារសម្ពាធឈាមដែលហូរកាត់វា
ការបែកធ្លាយនៃជំងឺប៉ោងសរសៃឈាមក្រហម អាចបណ្តាលឱ្យមានការហូរឈាមដែលគ្រោះថ្នាក់ដល់ជីវិត។ ជំងឺប៉ោងសរសៃឈាមក្រហម អាចនឹងមិនបង្កឱ្យមានរោគសញ្ញាអ្វីឡើយ ទោះបីជាវាបានរីកធំក៏ដោយ ដែលធ្វើឱ្យអ្នកជំងឺមិនដឹងពីស្ថានភាពរបស់ខ្លួន
ខាងក្រោមនេះគឺជាប្រភេទនៃជំងឺប៉ោងសរសៃឈាមក្រហម ដែលអាចកើតមានក្នុងរាងកាយ៖
- ជំងឺប៉ោងសរសៃឈាមខួរក្បាល៖ ប៉ះពាល់ដល់សរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាល
- ជំងឺប៉ោងសរសៃឈាមអាកទែ៖ ប៉ះពាល់ដល់សរសៃឈាមអាកទែធំរបស់រាងកាយ ដែលដឹកជញ្ជូនឈាមពីបេះដូងទៅកាន់សរីរាង្គផ្សេងទៀត
- ជំងឺប៉ោងសរសៃឈាមអាកទែក្បាលពោះ៖ ប៉ះពាល់ដល់ផ្នែកនៃសរសៃឈាមអាកទែដែលឆ្លងកាត់ពោះរបស់អ្នក
- ជំងឺប៉ោងសរសៃឈាមអាកទែទ្រូង៖ ប៉ះពាល់ដល់ផ្នែកនៃសរសៃឈាមអាកទែដែលឆ្លងកាត់ទ្រូង (ផ្នែកខាងលើនៃពោះ)
- ជំងឺប៉ោងសរសៃឈាមគ្រឿងក្នុង៖ប៉ះពាល់ដល់សរសៃឈាមនៅផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នក ដូចជាជើង ក្រលៀន ឬក
- ជំងឺប៉ោងសរសៃឈាមការ៉ូទីត៖ ជាប្រភេទជំងឺប៉ោងសរសៃឈាមដ៏កម្រ ដែលប៉ះពាល់ដល់សរសៃឈាមដែលនាំឈាមទៅកាន់ខួរក្បាល ក និងផ្ទៃមុខ
ដើម្បីកំណត់ពីលទ្ធភាពនៃការបែកធ្លាយសរសៃឈាម គ្រូពេទ្យជំនាញនឹងធ្វើការពិនិត្យរាងកាយឱ្យបានពេញលេញ វាយតម្លៃទំហំ ទីតាំង និងរូបរាងនៃសរសៃឈាមដែលប៉ោងនោះ។ ចំពោះការប៉ោងតូចៗ អាចបង្ហាញពីហានិភ័យទាបនៃការបែកធ្លាយ ប៉ុន្តែគ្រូពេទ្យជំនាញនឹងតាមដាន និងកំណត់ថាតើការព្យាបាលបន្ថែមដូចជាការវះកាត់គឺចាំបាច់ដែរឬទេ
ការបែងចែកប្រភេទនៃជំងឺប៉ោងសរសៃឈាមក្រហម
ការបែងចែកនេះផ្អែកលើទីតាំង ទំហំ និងរូបរាងនៃសរសៃឈាមដែលប៉ោង៖
- Fusiform aneurysm: ការរីកប៉ោងចេញទៅខាងក្រៅនៃសរសៃឈាមអាកទែគ្រប់ជ្រុង
- Saccular aneurysm: ការប៉ោងកើតឡើងតែម្ខាងនៃសរសៃឈាមអាកទែ
- Mycotic aneurysm: ការឆ្លងមេរោគដែលកើតឡើងនៅសន្ទះបេះដូង និងបណ្តាលឱ្យជញ្ជាំងសរសៃឈាមអាកទែចុះខ្សោយ
- Pseudoaneurysm ឬ ជំងឺប៉ោងសរសៃឈាមក្លែងក្លាយ: ស្រទាប់ខាងក្រៅនៃជញ្ជាំងសរសៃឈាមអាកទែអាចរីកធំ ជាលទ្ធផលនៃការខូចខាតដល់ស្រទាប់ខាងក្នុងនៃសរសៃឈាមអាកទែ
រោគសញ្ញា
ជំងឺប៉ោងសរសៃឈាមក្រហម គឺជាស្ថានភាពដែលគំរាមកំហែងដល់ជីវិត ដូច្នេះប្រសិនបើឃើញសញ្ញា ឬរោគសញ្ញាណាមួយ វាជារឿងសំខាន់ក្នុងការហៅទូរស័ព្ទទៅកាន់សេវាថែទាំសុខភាពភ្លាមៗ។ ខាងក្រោមនេះគឺជារោគសញ្ញានៃការបែកធ្លាយសរសៃឈាមប៉ោង៖
- វិលមុខខ្លាំង
- អស់កម្លាំង
- ចង្អោរ និងក្អួត
- ពិបាកលេបអាហារ
- បេះដូងលោតញាប់ខុសធម្មតា
- ឈឺក្បាលខ្លាំងភ្លាមៗ
- ឈឺទ្រូងភ្លាមៗ
- ឈឺពោះ ឬឈឺខ្នងភ្លាមៗ
- សម្ពាធឈាមធ្លាក់ចុះភ្លាមៗ
- បាត់បង់ស្មារតី
- វង្វេងស្មារតី ឬវិលមុខ
មូលហេតុ
ជួនកាល ជំងឺប៉ោងសរសៃឈាមក្រហមអាចកើតមានតាំងពីកំណើត និងអាចលេចឡើងនៅពេលណាមួយក្នុងអំឡុងពេលជីវិត។ ទោះបីជាមូលហេតុពិតប្រាកដនៃជំងឺប៉ោងសរសៃឈាមក្រហមមិនទាន់ត្រូវបានគេដឹងច្បាស់ក៏ដោយ ប៉ុន្តែការពន្យល់ដែលមានសក្តានុពលមួយចំនួនរួមមាន៖
- ការកកស្ទះសរសៃឈាម៖ ការស្ទះនៅខាងក្នុងជញ្ជាំងសរសៃឈាមអាកទែ ដែលបង្កឡើងដោយការកើនឡើងនៃកំណកខ្លាញ់ (plaque)
- ប្រវត្តិគ្រួសារ៖ មានសមាជិកគ្រួសារធ្លាប់មានជំងឺប៉ោងសរសៃឈាមក្រហម
- លើសសម្ពាធឈាម៖ ដែលអាចបំផ្លាញ និងធ្វើឱ្យជញ្ជាំងសរសៃឈាមអាកទែចុះខ្សោយ
- ការឆ្លងមេរោគលើរបួសជ្រៅ៖ ក៏អាចនាំឱ្យកើតជំងឺប៉ោងសរសៃឈាមក្រហមផងដែរ
កត្តាហានិភ័យ
មានកត្តាហានិភ័យជាច្រើន អាស្រ័យទៅតាមប្រភេទនៃជំងឺប៉ោងសរសៃឈាមក្រហមដូចខាងក្រោម៖
- ភេទ: បុរសច្រើនតែកើតជំងឺប៉ោងសរសៃឈាមអាកទែក្បាលពោះ និងសរសៃឈាមអាកទែធំ ចំណែកឯស្ត្រីច្រើនតែកើតជំងឺប៉ោងសរសៃឈាមខួរក្បាល
- អាយុ: ភាគច្រើនត្រូវបានរកឃើញលើមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ
- អ្នកជក់បារី: អ្នកដែលជក់បារីមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺប៉ោងសរសៃឈាមអាកទែក្បាលពោះ
- ពូជសាសន៍: អ្នកដែលមិនមែនជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកមានហានិភ័យខ្ពស់ក្នុងការកើតជំងឺនេះ
ការធ្វើរោគវិនិច្ឆ័យ
ជំងឺប៉ោងសរសៃឈាមក្រហម អាចកើតឡើងដោយគ្មានសញ្ញា ឬរោគសញ្ញាអ្វីឡើយ ហើយមានករណីខ្លះ ជំងឺនេះត្រូវបានរកឃើញដោយគ្រូពេទ្យជំនាញ នៅពេលធ្វើការវាយតម្លៃសុខភាព ឬតាមរយៈការពិនិត្យលើបញ្ហាផ្សេងៗទៀត
គ្រូពេទ្យជំនាញនឹងធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ ប្រសិនបើអ្នកជំងឺមានរោគសញ្ញាណាមួយដែលសង្ស័យថាជាជំងឺប៉ោងសរសៃឈាមក្រហម។ វិធីសាស្ត្រ ឬការធ្វើតេស្តខាងក្រោមនេះ អាចជួយឱ្យគ្រូពេទ្យរកឃើញ និងធ្វើរោគវិនិច្ឆ័យជំងឺនេះបាន៖
- ការថតស្កេន CT គឺជាការពិនិត្យដែលមិនមានការឈឺចាប់ ដោយប្រើកាំរស្មីអ៊ិចដើម្បីបង្កើតជារូបភាពកាត់ទទឹងនៃរចនាសម្ព័ន្ធរាងកាយ ក៏ដូចជារូបភាពច្បាស់ៗនៃសរសៃឈាម។ វាជួយក្នុងការកំណត់ទំហំ និងរូបរាងនៃសរសៃឈាមដែលប៉ោង។ នៅពេលធ្វើការស្កេន គ្រូពេទ្យនឹងឱ្យអ្នកគេងនៅលើគ្រែដែលរុញចូលទៅក្នុងម៉ាស៊ីនស្កេន។ គ្រូពេទ្យក៏អាចចាក់ថ្នាំពណ៌ទៅក្នុងសរសៃវ៉ែន ដើម្បីឱ្យសរសៃឈាមរបស់អ្នកបង្ហាញកាន់តែច្បាស់នៅលើរូបភាព
- ការថតស្កេន MRI ជាបច្ចេកទេសរោគវិនិច្ឆ័យហៅថា Angiography ដែលប្រើរូបភាពដើម្បីបង្ហាញពីរបៀបដែលឈាមហូរកាត់បេះដូង ឬសរសៃឈាមរបស់អ្នក។ បន្ទាប់មក ថ្នាំពណ៌នឹងត្រូវបានចាក់បញ្ចូល ដើម្បីជួយមើលចរន្តឈាម និងបង្ហាញពីទីតាំងនៃការស្ទះ
- ការឆ្លុះអេកូ ដោយប្រើរលកសំឡេង ដើម្បីបង្កើតជារូបភាពជាក់ស្តែងនៃសរីរាង្គខាងក្នុង រួមទាំងសរសៃឈាមផងដែរ។ បច្ចេកទេសករនឹងធ្វើការឆ្លុះអេកូ ដោយសង្កត់តិចៗនូវឧបករណ៍បញ្ចេញរលកសំឡេងនៅលើតំបន់នៃរាងកាយ
ការព្យាបាល
ជំងឺប៉ោងសរសៃឈាមក្រហម ត្រូវបានព្យាបាលដើម្បីបង្ការកុំឱ្យមានការបែកធ្លាយ តាមរយៈការប្រើប្រាស់ថ្នាំ និងការវះកាត់។ គ្រូពេទ្យនឹងជ្រើសរើសវិធីព្យាបាល ដោយផ្អែកលើទំហំនៃសរសៃឈាមដែលប៉ោង និងសភាពវិវត្តនៃជំងឺ
ការប្រើប្រាស់ថ្នាំ
ថ្នាំជួយកាត់បន្ថយសម្ពាធឈាម បង្កើនចរន្តឈាម និងគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល ដែលកត្តាទាំងអស់នេះអាចកាត់បន្ថយការរីកលូតលាស់នៃសរសៃឈាមប៉ោង និងកាត់បន្ថយសម្ពាធលើជញ្ជាំងសរសៃឈាមអាកទែ
ការវះកាត់
- ការវះកាត់បែបបើក៖ ជាការវះកាត់បើកមុខរបួសដើម្បីធ្វើការតភ្ជាប់សរសៃឈាមសិប្បនិម្មិតឬកាត់យកផ្នែកដែលប៉ោងចេញ
- ការជួសជុលសរសៃឈាមប៉ោងតាមបំពង់ស៊ក (Endovascular aneurysm repair): បំពង់តូចស្តើងត្រូវបានបញ្ចូលទៅក្នុងសរសៃឈាមក្នុងអំឡុងពេលវះកាត់។ គ្រូពេទ្យវះកាត់ដាក់បំពង់សិប្បនិម្មិតតាមរយៈបំពង់ស៊កនោះ ដើម្បីពង្រឹង ឬជួសជុលសរសៃឈាមអាកទែ
- ការជួសជុលសរសៃឈាមអាកទែទ្រូងតាមបំពង់ស៊ក (TEVAR): គឺជាវិធីសាស្ត្រសម្រាប់ព្យាបាលជំងឺប៉ោងសរសៃឈាមនៅក្នុងតំបន់ទ្រូង
- ការជួសជុលសរសៃឈាមអាកទែដែលមានភាពស្មុគស្មាញ (FEVAR): គឺជាវិធីសាស្ត្រសម្រាប់ព្យាបាលជំងឺប៉ោងសរសៃឈាមអាកទែដែលមានលក្ខណៈស្មុគស្មាញ
- ការដាក់រ៉ឺស័រទប់សរសៃឈាម (Endovascular coiling): គឺជាវិធីសាស្ត្រប្រើសម្រាប់ជំងឺប៉ោងសរសៃឈាមក្នុងខួរក្បាល។ គ្រូពេទ្យវះកាត់នឹងបញ្ចូលរ៉ឺស័រ (coils) ជាច្រើនដោយប្រើខ្សែផ្លាទីនរុំជាវង់ ដើម្បីខ្ទប់ចរន្តឈាមកុំឱ្យហូរចូលទៅក្នុងផ្នែកដែលប៉ោង និងកាត់បន្ថយហានិភ័យនៃការបែកធ្លាយ
- ការគៀបសរសៃឈាមខួរក្បាល (Microvascular clipping): គឺជាវិធីសាស្ត្រដែលកាត់ផ្តាច់ចរន្តឈាមទៅកាន់ផ្នែកប៉ោងនៃសរសៃឈាមខួរក្បាល ដោយប្រើដង្កៀបដែក (metal clip)។ ការធ្វើបែបនេះនឹងការពារសរសៃឈាមដែលប៉ោងកុំឱ្យបែកធ្លាយ
- ការធ្វើឱ្យស្ទះសរសៃឈាមតាមបំពង់ស៊ក (Catheter embolization): តាមរយៈការវះកាត់នេះ ការផ្គត់ផ្គង់ឈាមទៅកាន់ផ្នែកដែលប៉ោងត្រូវបានបិទជិត។ ដើម្បីផ្តល់ថ្នាំ ឬភ្នាក់ងារបង្កកឈាមដែលបញ្ឈប់ការហូរឈាម គ្រូពេទ្យវះកាត់បញ្ចូលបំពង់ស៊កទៅក្នុងសរសៃឈាមអាកទែដែលរងការខូចខាត
