ប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ
ទិដ្ឋភាពទូទៅ
ប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ (Anaphylaxis) គឺជាប្រតិកម្មអាលែហ្សីដែលធ្ងន់ធ្ងរ និងអាចបង្កគ្រោះថ្នាក់ដល់ជីវិត ដែលវាអាចកើតឡើងក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទី ឬប៉ុន្មាននាទីបន្ទាប់ពីប៉ះពាល់ជាមួយសារធាតុបង្កអាលែហ្សី ដូចជា សណ្តែកដី ឬការទិចរបស់សត្វឃ្មុំជាដើម
អំឡុងពេលមានប្រតិកម្មនេះ ប្រព័ន្ធភាពស៊ាំនឹងបញ្ចេញសារធាតុគីមីយ៉ាងច្រើន ដែលអាចបណ្តាលឱ្យរាងកាយធ្លាក់ក្នុងស្ថានភាពតក់ស្លុត (Shock) ធ្វើឱ្យសម្ពាធឈាមចុះទាបភ្លាមៗ និងរួមត្បៀតផ្លូវដង្ហើម ដែលបង្កឱ្យមានការពិបាកដកដង្ហើម។ មានសញ្ញាព្រមាន និងរោគសញ្ញាជាច្រើននៃប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ រួមមាន ជីពចរលោតញាប់តែខ្សោយ កន្ទួលលើស្បែក ចង្អោរ ក្អួត និងការបង្ហាញរោគសញ្ញាដទៃទៀតពាសពេញរាងកាយ
មូលហេតុបង្កទូទៅរួមមាន អាហារមួយចំនួន ថ្នាំពេទ្យ ពិសសត្វល្អិត និងជ័រឡាតិក (Latex)។ វាមានសារៈសំខាន់ណាស់ក្នុងការប្រើប្រាស់ថ្នាំ អេភីណេហ្វ្រីន (Epinephrine) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន តាមរយៈការចាក់ ឬការប្រើឧបករណ៍ចាក់ដោយស្វ័យប្រវត្ត (Autoinjector)។ ការស្វែងរកជំនួយវេជ្ជសាស្ត្រជាបន្ទាន់នៅបន្ទប់សង្គ្រោះបន្ទាន់គឺជារឿងចាំបាច់ ប្រសិនបើគ្មានថ្នាំអេភីណេហ្វ្រីនទេនោះ ព្រោះប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរដែលមិនបានព្យាបាល អាចបណ្តាលឱ្យស្លាប់បាន
រោគសញ្ញា
រោគសញ្ញានៃប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ ជាធម្មតាលេចឡើងក្នុងរយៈពេលប៉ុន្មាននាទីបន្ទាប់ពីប៉ះពាល់ជាមួយសារធាតុបង្កអាលែហ្សី។ ទោះជាយ៉ាងណាក៏ដោយ វាក៏អាចកើតឡើងបន្ទាប់ពីការពន្យារពេល ៣០ នាទី ឬយូរជាងនេះ ហើយក្នុងករណីកម្រ វាអាចប្រើពេលរហូតដល់រាប់ម៉ោងទើបលេចចេញរោគសញ្ញា។ សញ្ញាព្រមាន និងរោគសញ្ញាមួយចំនួនមានដូចជា៖
- ការរួមត្បៀតផ្លូវដង្ហើម និងការហើមអណ្តាត ឬបំពង់ក ដែលអាចបណ្តាលឱ្យមានសំឡេងដកដង្ហើម “វឺតៗ” និងពិបាកដកដង្ហើម
- ប្រតិកម្មលើស្បែក ដូចជា កន្ទួលរមាស់ រមាស់ និងស្បែកឡើងក្រហម ឬស្លេកស្លាំង
- ក្អួត
- រាក
- វិលមុខ
- សន្លប់
- ជីពចរលោតញាប់
- សម្ពាធឈាមទាប រួមជាមួយជីពចរខ្សោយ
ក្នុងករណីដែលអ្នក កូនរបស់អ្នក ឬនរណាម្នាក់នៅក្បែរអ្នក កំពុងជួបប្រទះប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ ត្រូវហៅទូរស័ព្ទទៅផ្នែកសង្គ្រោះបន្ទាន់ជាបន្ទាន់។ កុំរង់ចាំឱ្យរោគសញ្ញាទាំងនោះបាត់ទៅវិញដោយខ្លួនឯងឱ្យសោះ
ប្រសិនបើអ្នកមានរោគសញ្ញា ហើយមានឧបករណ៍ចាក់ថ្នាំអេភីណេហ្វ្រីនស្វ័យប្រវត្ត (Epinephrine autoinjector) ជាប់នឹងខ្លួន ចូរប្រើវាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទោះបីជារោគសញ្ញារបស់អ្នកមានភាពប្រសើរឡើងបន្ទាប់ពីចាក់ថ្នាំរួចក៏ដោយ ក៏អ្នកនៅតែត្រូវទៅមន្ទីរពេទ្យដែរ ដើម្បីធានាថារោគសញ្ញានោះមិនត្រឡប់មកវិញ (ដែលគេហៅថា Biphasic anaphylaxis) ទោះបីជាអ្នកមិនបានប៉ះពាល់សារធាតុបង្កអាលែហ្សីម្តងទៀតក៏ដោយ
ប្រសិនបើអ្នក ឬកូនរបស់អ្នកធ្លាប់មានប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ ឬមានសញ្ញាព្រមានណាមួយ សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យ។ ការពិគ្រោះជាមួយអ្នកជំនាញផ្នែកអាលែហ្សី និងភាពស៊ាំវិទ្យា (Allergies and Immunology) គឺជាការចាំបាច់សម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងជំងឺនេះក្នុងរយៈពេលវែង
មូលហេតុ
អង្គបដិប្រាណ (Antibodies) ត្រូវបានបង្កើតឡើងដោយប្រព័ន្ធភាពស៊ាំ ដើម្បីការពាររាងកាយពីសារធាតុចម្លែកៗ។ នេះគឺជាចំណុចវិជ្ជមាននៅពេលដែលសារធាតុចម្លែកនោះជាមេរោគ ឬវីរុសដែលបង្កគ្រោះថ្នាក់។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធភាពស៊ាំរបស់បុគ្គលមួយចំនួនមានប្រតិកម្មខ្លាំងជ្រុលទៅនឹងសារធាតុដែលធម្មតាមិនបង្កអាលែហ្សីនោះទេ
ទោះបីជារោគសញ្ញាអាលែហ្សីធម្មតាកម្រនឹងបណ្តាលឱ្យស្លាប់ក៏ដោយ ប៉ុន្តែប្រតិកម្មអាលែហ្សីខ្លាំងអាចបង្កជា ប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ។ ទោះបីជាអ្នក ឬកូនរបស់អ្នកធ្លាប់មានប្រតិកម្មកម្រិតស្រាលពីមុនមកក៏ដោយ ក៏មានឱកាសដែលអ្នកនឹងជួបប្រទះប្រតិកម្មធ្ងន់ធ្ងរជាងមុន ប្រសិនបើប៉ះពាល់ជាមួយសារធាតុបង្កអាលែហ្សីនោះម្តងទៀត
មូលហេតុដែលបង្កឱ្យមានប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរញឹកញាប់បំផុតចំពោះកុមារ រួមមានអាហារដូចជា៖ ត្រី, សត្វសន្ដាន (ខ្យង, ខ្ចៅ, លៀស, គ្រំ, បង្កង ក្តាម ។ល។), ទឹកដោះគោ, ស្រូវសាលី, សណ្តែកសៀង, ល្ង, សណ្តែកដី និងគ្រាប់ធញ្ញជាតិផ្សេងៗ។ ចំពោះមនុស្សពេញវ័យ ក្រៅពីអាហារទាំងនេះ កត្តាបង្កផ្សេងទៀតរួមមាន៖
- ការទិចរបស់សត្វឃ្មុំ, ឱម៉ាល់, ខ្ទួយ, ឬស្រមោចភ្លើង
- ជ័រឡាតិក (Latex)
- ថ្នាំមួយចំនួន ដូចជាថ្នាំផ្សះជាក់លាក់, ថ្នាំបំបាត់ការឈឺចាប់ដែលទិញដោយគ្មានវេជ្ជបញ្ជា (ដូចជា អាស្ពីរីន), និងថ្នាំពណ៌ចាក់តាមសរសៃ (Contrast) ដែលប្រើក្នុងតេស្តរូបភាពវេជ្ជសាស្ត្រមួយចំនួន
ទោះបីជាកម្រកើតឡើងក៏ដោយ មនុស្សមួយចំនួនអាចមានប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរបន្ទាប់ពីធ្វើលំហាត់ប្រាណបែបអេរ៉ូប៊ិក ដូចជាការរត់ត្រឹកៗ ឬសូម្បីតែការដើរធម្មតា។ ការធ្វើលំហាត់ប្រាណក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ ត្រជាក់ ឬសើម ក៏ត្រូវបានគេរកឃើញថាផ្សារភ្ជាប់ទៅនឹងប្រតិកម្មនេះចំពោះមនុស្សមួយចំនួនផងដែរ
តេស្តមួយចំនួនអាចជួយអ្នកក្នុងការកំណត់រកសារធាតុបង្កអាលែហ្សីជាក់លាក់។ “Idiopathic anaphylaxis” គឺជាពាក្យដែលគេហៅស្ថានភាពដែលមិនអាចរកឃើញមូលហេតុនៃប្រតិកម្មអាលែហ្សីបាន
កត្តាហានិភ័យ
មានកត្តាតិចតួចណាស់ដែលត្រូវបានកំណត់ថាជាកត្តាហានិភ័យនៃប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ ប៉ុន្តែចំណុចខាងក្រោមនេះអាចបង្កើនលទ្ធភាពកើតឡើង៖
- ប្រវត្តិនៃការធ្លាប់មានប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ៖ ប្រសិនបើអ្នកធ្លាប់កើតម្តងរួចមកហើយ វានឹងបង្កើនលទ្ធភាពនៃការកើតឡើងវិញនូវព្រឹត្តិការណ៍ដែលគំរាមកំហែងដល់ជីវិតនេះ។ ប្រតិកម្មនៅពេលក្រោយ អាចនឹងធ្ងន់ធ្ងរជាងប្រតិកម្មលើកដំបូង
- ជំងឺអាលែហ្សី ឬហឺត៖ ស្ថានភាពទាំងពីរនេះ បង្កើនឱកាសនៃការវិវត្តទៅជាប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ
- បញ្ហាសុខភាពផ្សេងៗ៖ រួមមានជំងឺបេះដូង និងជំងឺ Mastocytosis (ការកកកុញមិនធម្មតានៃកោសិកាគ្រាប់ឈាមសប្រភេទជាក់លាក់មួយ)
ការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យអាចសាកសួរអំពីប្រវត្តិនៃប្រតិកម្មអាលែហ្សីពីមុន ដូចជាថាតើអ្នកធ្លាប់មានប្រតិកម្មទៅនឹងការខាំ ឬទិចរបស់សត្វល្អិត ជ័រឡាតិក អាហារ និងថ្នាំពេទ្យដែរឬទេ។ ដើម្បីគាំទ្រដល់ការធ្វើរោគវិនិច្ឆ័យ៖
- ការធ្វើតេស្តឈាម៖ អាចត្រូវបានធ្វើឡើងដើម្បីពិនិត្យកម្រិតអង់ស៊ីមម្យ៉ាងហៅថា ទ្រីបតេស (Tryptase) ដែលវាអាចកើនឡើងក្នុងរយៈពេល ៣ ម៉ោងក្រោយមានប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ
- ការធ្វើតេស្តស្បែក ឬតេស្តឈាម៖ ប្រើដើម្បីស្វែងរកអាលែហ្សី និងជួយកំណត់រកសារធាតុដែលបង្កឱ្យមានប្រតិកម្មចំពោះអ្នក
ដោយសារមានជំងឺជាច្រើនដែលមានសញ្ញា និងរោគសញ្ញាស្រដៀងនឹងប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ គ្រូពេទ្យប្រហែលជាត្រូវធ្វើតេស្តដើម្បីទាត់ចោលស្ថានភាពជំងឺផ្សេងៗទៀត
ការព្យាបាល
ការធ្វើចលនាបេះដូង និងសួត (CPR) អាចនឹងចាំបាច់ ប្រសិនបើអ្នកឈប់ដកដង្ហើម ឬបេះដូងឈប់លោតអំឡុងពេលមានប្រតិកម្ម។ លើសពីនេះ អ្នកអាចនឹងត្រូវបានផ្តល់ថ្នាំមួយចំនួនដូចជា៖
- អេភីណេហ្វ្រីន (Epinephrine)៖ ដើម្បីកាត់បន្ថយប្រតិកម្មអាលែហ្សីរបស់រាងកាយ
- អុកស៊ីសែន (Oxygen)៖ ដើម្បីជួយដល់ការដកដង្ហើម
- ថ្នាំប្រឆាំងអ៊ីស្តាមីន និងថ្នាំ Cortisone ចាក់តាមសរសៃវ៉ែន៖ ដើម្បីកាត់បន្ថយការហើមផ្លូវដង្ហើម និងជួយឱ្យដកដង្ហើមបានស្រួល
- ថ្នាំ Beta-agonist (ដូចជា អាល់ប៊ុយតេរ៉ុល)៖ ដើម្បីដោះស្រាយបញ្ហាដកដង្ហើម
ការឆ្លើយតបបន្ទាន់
ចូរធ្វើសកម្មភាពឱ្យបានរហ័ស ប្រសិនបើនរណាម្នាក់ដែលនៅជាមួយអ្នក កំពុងជួបប្រទះប្រតិកម្មអាលែហ្សី និងបង្ហាញសញ្ញានៃការតក់ស្លុត (Shock)។ សញ្ញាដែលត្រូវប្រុងប្រយ័ត្នមានដូចជា៖ ស្បែកស្លេកស្លាំង និងត្រជាក់, ជីពចរខ្សោយតែញាប់, ពិបាកដកដង្ហើម, វង្វេងវង្វាន់ និងបាត់បង់ស្មារតី។ ចូរអនុវត្តជំហានខាងក្រោមភ្លាមៗ៖
- ហៅទូរស័ព្ទទៅផ្នែកសង្គ្រោះបន្ទាន់វេជ្ជសាស្ត្រ
- ប្រសិនបើមានឧបករណ៍ចាក់អេភីណេហ្វ្រីនស្វ័យប្រវត្ត ចូរប្រើវាដើម្បីចាក់ថ្នាំចូលទៅក្នុងភ្លៅរបស់អ្នកជំងឺ
- បញ្ជាក់ឱ្យច្បាស់ថាអ្នកជំងឺកំពុងដេកផ្ងារ រួចលើកជើងរបស់ពួកគេឱ្យខ្ពស់
- ពិនិត្យដង្ហើម និងជីពចររបស់អ្នកជំងឺ ហើយប្រសិនបើចាំបាច់ ចូរធ្វើ CPR ឬនីតិវិធីសង្គ្រោះបឋមផ្សេងទៀត
ការប្រើប្រាស់ឧបករណ៍ចាក់ស្វ័យប្រវត្ត
បុគ្គលដែលងាយរងគ្រោះនឹងប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ ជារឿយៗតែងតែយកឧបករណ៍ចាក់ស្វ័យប្រវត្តតាមខ្លួន ដែលជាឧបករណ៍តូចល្មម រួមបញ្ចូលគ្នានូវសឺរ៉ាំង និងម្ជុលលាក់នៅខាងក្នុង។ តាមរយៈការសង្កត់វាទៅលើភ្លៅ វានឹងផ្តល់ថ្នាំមួយកម្រិត។ ត្រូវប្តូរអេភីណេហ្វ្រីនថ្មី មុនពេលវាផុតកំណត់ ដើម្បីធានាបាននូវប្រសិទ្ធភាព
ឧបករណ៍ចាក់ស្វ័យប្រវត្តអាចបង្ការកុំឱ្យប្រតិកម្មអាលែហ្សីរីករាលដាលខ្លាំង និងថែមទាំងអាចសង្គ្រោះជីវិតអ្នកបានទៀតផង។ ចូរប្រាកដថាអ្នកចេះប្រើប្រាស់វា ហើយត្រូវប្រាកដថាមនុស្សដែលជិតស្និទ្ធនឹងអ្នកក៏ចេះប្រើវាដូចគ្នា
ការព្យាបាលរយៈពេលវែង
ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ ប្រសិនបើការទិចរបស់សត្វល្អិតជាមូលហេតុ ការចាក់ថ្នាំអាលែហ្សីបន្តបន្ទាប់គ្នា អាចកាត់បន្ថយប្រតិកម្មរបស់រាងកាយ និងជៀសវាងប្រតិកម្មធ្ងន់ធ្ងរនាពេលអនាគត
ជាអកុសល ភាពមិនធម្មតានៃប្រព័ន្ធភាពស៊ាំដែលបង្កឱ្យមានប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ ជាទូទៅមិនអាចព្យាបាលឱ្យដាច់បានទេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចចាត់វិធានការបង្ការបាន៖
- ព្យាយាមជៀសវាងអ្វីដែលបង្កឱ្យអ្នកមានអាលែហ្សី
- ទុកថ្នាំអេភីណេហ្វ្រីនសម្រាប់ចាក់ដោយខ្លួនឯងជាប់នឹងខ្លួនជានិច្ច។ អ្នកអាចចាក់ថ្នាំឱ្យខ្លួនឯងបានភ្លាមៗតាមរយៈឧបករណ៍ចាក់ស្វ័យប្រវត្ត អំឡុងពេលមានប្រតិកម្ម
