ទិដ្ឋភាពទូទៅ

អំពូលនៃវ៉ាទ័រ (Ampulla of Vater) គឺជាទីតាំងដែលបំពង់លំពែង និងបំពង់ទឹកប្រមាត់ជួបគ្នា រួចហូរចូលទៅក្នុងពោះវៀនតូច។ ជាទូទៅ ជំងឺមហារីកចាប់ផ្តើមឡើងតាមរយៈការផ្លាស់ប្តូរហ្សែននៃកោសិកាធម្មតា។ ការប្រែប្រួលនៃកោសិកានេះ បង្កឱ្យមានការកើនឡើងកោសិកាដោយឥតគ្រោងទុក ដែលបណ្តាលឱ្យកើតជាដុំកោសិកា ឬហៅថាដុំសាច់។ បន្ទាប់មក ដុំសាច់នេះចាប់ផ្តើមរុករាន និងបំផ្លាញលិកាដែលល្អៗ។ ជំងឺមហារីកអំពូឡារី គឺជាប្រភេទមហារីកដ៏កម្រមួយ ហើយមូលហេតុពិតប្រាកដរបស់វាគឺមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ វាអាចជះឥទ្ធិពលដល់សរីរាង្គក្បែរៗនោះក្នុងប្រព័ន្ធរំលាយអាហារ រួមមាន ថ្លើម លំពែង និងពោះវៀនតូច

រោគសញ្ញា

ខាងក្រោមនេះគឺជាសញ្ញា និងរោគសញ្ញានៃជំងឺមហារីកអំពូឡារី៖

  • ជំងឺខាន់លឿង (ភ្នែក និងស្បែកឡើងពណ៌លឿង) ជារោគសញ្ញាទូទៅបំផុត ដោយសារដុំសាច់មហារីកសង្កត់លើបំពង់ទឹកប្រមាត់ និងបង្កឱ្យមានការស្ទះ
  • គ្រុនក្តៅ
  • ចង្អោរ ឬក្អួត
  • ឈឺពោះ
  • ស្រកទម្ងន់
  • លាមកមានពណ៌ស្លេក ឬពណ៌ដីឥដ្ឋ
  • ការហូរឈាមតាមរន្ធបាត

ប្រសិនបើអ្នកមានសញ្ញា និងរោគសញ្ញាណាមួយដូចរៀបរាប់ខាងលើ ហើយមានការព្រួយបារម្ភ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ

កត្តាហានិភ័យ

កត្តាហានិភ័យនៃជំងឺមហារីកអំពូឡារី រួមមាន៖

  • វ័យជរា៖ ជាញឹកញាប់កើតឡើងលើមនុស្សដែលមានអាយុលើសពី ៧០ ឆ្នាំ
  • ភេទ៖ បុរសមានទំនោរប្រឈមនឹងការកើតជំងឺមហារីកអំពូឡារីខ្ពស់ជាងស្ត្រី
  • រោគសញ្ញាតំណពូជមួយចំនួន៖ ជំងឺតំណពូជក្នុងគ្រួសារអាចបង្កឱ្យមានការកើនឡើងនូវហានិភ័យនៃការកើតជំងឺមហារីកអំពូឡារី ដូចជា ជំងឺគ្រួសារដុះសាច់ពោះវៀន (Familial adenomatous polyposis) និងរោគសញ្ញាលីនឆ៍ ឬហៅម្យ៉ាងទៀតថា មហារីកពោះវៀតធំតំណពូជដោយគ្មានដុំសាច់

ការធ្វើរោគវិនិច្ឆ័យ

វិធីសាស្រ្តខាងក្រោមអាចប្រើដើម្បីធ្វើរោគវិនិច្ឆ័យជំងឺមហារីកអំពូឡារី៖

  • ការឆ្លុះក្រពះ៖ គឺជាការពិនិត្យដោយប្រើបំពង់តូចស្តើងមានភាពបត់បែន ដែលមានភ្ជាប់ជាមួយកាមេរ៉ាតូចមួយនៅខាងចុង។ គេបញ្ចូលវាទៅតាមមាត់របស់អ្នកជំងឺ កាត់តាមបំពង់អាហារ រហូតដល់ពោះវៀនដប់ពីរម្រាម (Duodenum) ដើម្បីពិនិត្យមើលអំពូលនៃវ៉ាទ័រ។ ការឆ្លុះនេះក៏អាចប្រើដើម្បីបញ្ចូលឧបករណ៍វះកាត់សម្រាប់យកសាច់ មកពិនិត្យក្រោមមីក្រូទស្សន៍ដើម្បីរកកោសិកាមហារីកផងដែរ។ ដើម្បីស្វែងរកកន្លែងស្ទះ គ្រូពេទ្យអាចចាក់ថ្នាំពណ៌ទៅក្នុងបំពង់ទឹកប្រមាត់តាមរយៈវិធីសាស្ត្រ ERCP រួចប្រើកាំរស្មីអ៊ិច ដើម្បីមើលលំហូរនៃថ្នាំពណ៌នោះ
  • ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ៖ វិធីសាស្ត្រផ្សេងៗដូចជា ការឆ្លុះអេកូ, ERCP, MRCP និងការស្កេន CT អាចត្រូវបានធ្វើឡើងដើម្បីបង្កើតជារូបភាពនៃអំពូលនៃវ៉ាទ័រ និងវាស់ស្ទង់ថាតើមហារីកបានរីករាលដាលដល់កម្រិតណា
  • ការពិនិត្យកោសិកាមហារីកក្នុងមន្ទីរពិសោធន៍៖ តាមរយៈការឆ្លុះក្រពះ ឬការវះកាត់ គំរូនៃកោសិកាមហារីកនឹងត្រូវបានយកទៅពិនិត្យក្នុងមន្ទីរពិសោធន៍ ដើម្បីសិក្សាពីលក្ខណៈរបស់វា ក្នុងគោលបំណងផ្តល់ការព្យាបាលឱ្យចំគោលដៅ និងកំណត់ពីស្ថានភាពវិវត្តនៃជំងឺ

ការព្យាបាល

ជម្រើសនៃការព្យាបាលសម្រាប់ជំងឺមហារីកអំពូឡារីមានដូចជា៖

  • ការវះកាត់តាមវិធីសាស្រ្ត Whipple៖ ក៏ត្រូវបានគេហៅថា Pancreaticoduodenectomy គឺជាការវះកាត់យកក្បាលលំពែង ផ្នែកដំបូងនៃពោះវៀនតូច ប្រមាត់ និងផ្នែកខ្លះនៃបំពង់ទឹកប្រមាត់ចេញ។ ការវះកាត់នេះអាចធ្វើឡើងតាមរយៈការវះបើកពោះធំ ឬការវះកាត់ Minimally invasive surgery
  • ការវះកាត់ដែលមានការប៉ះពាល់តិចតួច៖ ប្រសិនបើដុំសាច់មហារីកនៅតូច គ្រូពេទ្យអាចធ្វើការវះកាត់តាមរយៈការឆ្លុះក្រពះដោយបញ្ចូលឧបករណ៍វះកាត់តាមបំពង់ឆ្លុះទៅកាន់តំបន់ដែលរងផលប៉ះពាល់
  • ការព្យាបាលដោយប្រើប្រាស់គីមីរួមជាមួយវិទ្យុសកម្ម៖ ការបញ្ចូលគ្នារវាងថ្នាំសម្លាប់កោសិកាមហារីក និងការព្យាបាលដោយវិទ្យុសកម្មដែលប្រើកាំរស្មីថាមពលខ្ពស់ដូចជា ប្រូតុង និងកាំរស្មីអ៊ិច ដើម្បីសម្លាប់កោសិកាមហារីក។ វាអាចជាជម្រើសនៃការព្យាបាលដែលមានប្រសិទ្ធភាពជាងមុនសម្រាប់ជំងឺមហារីកអំពូឡារី
  • ការព្យាបាលដោយគីមី៖ ជាធម្មតាធ្វើឡើងក្រោយការវះកាត់ដើម្បីសម្លាប់កោសិកាមហារីកដែលនៅសល់។ ក្នុងករណីដែលមហារីកស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ ការប្រើគីមីគឺដើម្បីពន្យឺតការលូតលាស់របស់វា
  • ការព្យាបាលដើម្បីកាត់បន្ថយការឈឺចាប់ និងភាពមិនស្រណុកក្នុងខ្លួន៖ នៅពេលដែលការព្យាបាលផ្សេងៗមិនមានប្រសិទ្ធភាព គោលដៅចម្បងគឺធ្វើឱ្យអ្នកជំងឺមានផាសុកភាព និងគ្រប់គ្រងការឈឺចាប់។ ជម្រើសមួយគឺការដាក់រ៉ឺស័រក្នុងបំពង់ទឹកប្រមាត់តាមរយៈការវះកាត់ ដើម្បីកុំឱ្យបំពង់នោះស្ទះ ដែលជួយកាត់បន្ថយជំងឺខាន់លឿង និងរោគសញ្ញាផ្សេងៗទៀត

Doctors who treat this condition