ទិដ្ឋភាពទូទៅ

ការរាំងរដូវ (Amenorrhea) គឺជាស្ថានភាពវេជ្ជសាស្ត្រចំពោះស្ត្រី ដែលត្រូវបានសម្គាល់ដោយអវត្តមាននៃមករដូវក្នុងវ័យដែលអាចបន្តពូជបាន។ ការរាំងរដូវមានពីរប្រភេទ៖

  • ការរាំងរដូវប្រភេទទី១៖ កើតឡើងនៅពេលដែលក្មេងស្រីមិនមានមករដូវលើកដំបូងនៅត្រឹមអាយុ ១៥ ឆ្នាំ ឬក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ពីការរីកលូតលាស់ដោះ (ដែលជាសញ្ញាដំបូងនៃវ័យពេញវ័យចំពោះមនុស្សស្រី)។ ជាធម្មតា អាយុដែលក្មេងស្រីចាប់ផ្តើមមានមករដូវគឺចន្លោះពី ១៤ ដល់ ១៦ ឆ្នាំ។ អវត្តមាននៃមករដូវអាចបណ្តាលមកពីអតុល្យភាពអ័រម៉ូន ឬបញ្ហាផ្សេងៗនៃប្រព័ន្ធបន្តពូជស្ត្រី
  • ការរាំងរដូវប្រភេទទី២៖ កើតឡើងនៅពេលដែលមករដូវដែលធ្លាប់តែមកទៀងទាត់ (រៀងរាល់ ២១ ទៅ ៣៥ ថ្ងៃ) ស្រាប់តែឈប់មានយ៉ាងហោចណាស់ ៣ ខែជាប់គ្នា។ ស្ថានភាពនេះច្រើនតែកើតឡើងដោយសារការមានផ្ទៃពោះ ស្ត្រេស និងបញ្ហាអ័រម៉ូន

មូលហេតុនៃការរាំងរដូវនឹងកំណត់នូវការប្រើប្រាស់ឱសថ ឬការព្យាបាលដែលសមស្រប។ គ្រូពេទ្យនឹងធ្វើការវាយតម្លៃសុខភាពទូទៅ ដើម្បីពិនិត្យមើលស្ថានភាពរបស់អ្នកជំងឺឱ្យបានត្រឹមត្រូវ

រោគសញ្ញា

សញ្ញា និងរោគសញ្ញានៃការរាំងរដូវអាស្រ័យលើមូលហេតុបង្កនៃស្ថានភាពនេះ អ្នកអាចនឹងជួបប្រទះរោគសញ្ញាផ្សេងទៀតរួមជាមួយការរាំងរដូវដូចជា៖

  • មានសារធាតុរាវពណ៌សដូចទឹកដោះហូរចេញពីដោះ
  • ជ្រុះសក់
  • ឈឺក្បាល
  • ការប្រែប្រួលនៃចក្ខុវិញ្ញាណ (ការមើលឃើញ)
  • ដុះរោមលើផ្ទៃមុខខ្លាំងខុសធម្មតា
  • ឈឺចាប់ក្នុងអាងត្រគាក
  • កើតមុន
  • ចង្អោរ

ស្ត្រីដែលជួបប្រទះរោគសញ្ញាទាំងនេះ ឬមិនធ្លាប់មានមករដូវទាល់តែសោះ គួរតែណាត់ជួបជាមួយគ្រូពេទ្យ ឬគ្រូពេទ្យជំនាញរោគស្ត្រី ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ

មូលហេតុ

មានមូលហេតុជាច្រើនដែលបណ្តាលឱ្យរាំងរដូវ។ មូលហេតុខ្លះជារឿងធម្មតា ខណៈមូលហេតុខ្លះទៀតអាចជាផលប៉ះពាល់ពីឱសថ ឬជាសញ្ញានៃបញ្ហាសុខភាពណាមួយ

ការរាំងរដូវតាមបែបធម្មជាតិ

នៅក្នុងដំណាក់កាលជីវិតផ្សេងៗគ្នារបស់បុគ្គលម្នាក់ ការរាំងរដូវអាចកើតឡើងដោយសារមូលហេតុធម្មជាតិ ដូចជា៖

  • ការមានផ្ទៃពោះ
  • ការបំបៅដោះកូន
  • ការអស់រដូវ

វិធីសាស្ត្រពន្យារកំណើត

ការរាំងរដូវអាចកើតឡើងដោយសារការដាក់កងក្នុងស្បូន ការចាក់ថ្នាំ ឬការដាក់កងក្រោមស្បែក និងសូម្បីតែការប្រើថ្នាំគ្រាប់ពន្យារកំណើត ក៏អាចបណ្តាលឱ្យមករដូវមិនទៀងទាត់ចំពោះអ្នកប្រើប្រាស់មួយចំនួនដែរ ព្រោះថ្នាំទាំងនោះមានផ្ទៃអ័រម៉ូនដែលគ្រប់គ្រងការមករដូវ។ ប្រសិនបើបុគ្គលនោះសម្រេចចិត្តឈប់ប្រើវា ការបញ្ចេញមេជីវិត និងការមករដូវទៀងទាត់អាចនឹងត្រូវចំណាយពេលពីរបីខែទើបត្រឡប់មកសភាពធម្មតាវិញ

ឱសថ

វដ្តរដូវអាចនឹងឈប់បន្ទាប់ពីប្រើប្រាស់ឱសថមួយចំនួន ដូចជាប្រភេទ៖

  • ថ្នាំព្យាបាលរោគចិត្ត (Antipsychotics)
  • ថ្នាំគីមីព្យាបាលមហារីក (Cancer chemotherapy)
  • ថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត (Antidepressants)
  • ថ្នាំបញ្ចុះសម្ពាធឈាម
  • ថ្នាំព្យាបាលអាឡែស៊ី

កត្តារបៀបរស់នៅ

មានកត្តាមួយចំនួនក្នុងទម្លាប់ ឬរបៀបរស់នៅរបស់បុគ្គលម្នាក់ដែលអាចបង្កឱ្យមានការរាំងរដូវ ដូចជា៖

  • ទម្ងន់៖ ស្ត្រីដែលមានទម្ងន់តិចពេក ឬទាបជាង ១០% នៃទម្ងន់ខ្លួនដែលសមស្រប អាចជួបប្រទះភាពមិនប្រក្រតីនៃអ័រម៉ូន ដែលប៉ះពាល់ដល់ដំណើរការបញ្ចេញមេជីវិត។ មូលហេតុទូទៅបំផុតនៃការរាំងរដូវដែលទាក់ទងនឹងទម្ងន់ទាប គឺជំងឺមិនបរិភោគអាហារ (Eating disorder) ដូចជាជំងឺ Bulimia ឬ Anorexia
  • ការហាត់ប្រាណ៖ ស្ត្រីដែលចូលរួមក្នុងកីឡាដែលមានកម្រិតខ្លាំងក្លាដូចជា រាំរបាំបាឡេ (Ballet) អាចនឹងជួបប្រទះបញ្ហាមករដូវមិនទៀងទាត់។ កម្រិតជាតិខ្លាញ់ក្នុងខ្លួនទាប ស្ត្រេស និងការបាត់បង់ថាមពលខ្លាំង សុទ្ធតែរួមចំណែកបង្កឱ្យមានការរាំងរដូវចំពោះអ្នកកីឡា
  • ស្ត្រេស៖ តំបន់អ៊ីប៉ូតាឡាមូស (Hypothalamus) ដែលជាផ្នែកនៃខួរក្បាលគ្រប់គ្រងអ័រម៉ូនវដ្តរដូវ អាចនឹងរងផលប៉ះពាល់ដោយសារស្ត្រេសផ្លូវចិត្ត។ ជាលទ្ធផល ការបញ្ចេញមេជីវិត និងការមករដូវអាចនឹងឈប់។ នៅពេលដែលកម្រិតស្ត្រេសធ្លាក់ចុះ មករដូវនឹងចាប់ផ្តើមមកវិញជាធម្មតា

អតុល្យភាពអ័រម៉ូន

មានស្ថានភាពសុខភាព និងជំងឺមួយចំនួនដែលអាចបង្កឱ្យមានអតុល្យភាពអ័រម៉ូនចំពោះស្ត្រី ដូចជា៖

  • រោគសញ្ញាគីសទឹកលើក្រពេញអូវែ (PCOS)៖ PCOS គឺជាស្ថានភាពដែលក្រពេញអូវែផលិតអ័រម៉ូនបុរស (Androgens) ក្នុងកម្រិតខ្ពស់ ដែលបណ្តាលឱ្យមានអតុល្យភាព។ ភាពមិនប្រក្រតីនៃអ័រម៉ូននេះអាចរំខានដល់ដំណើរការបញ្ចេញមេជីវិតញី
  • បញ្ហាក្រពេញទីរ៉ូអ៊ីត៖ ក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនដែលគ្រប់គ្រងការរំលាយអាហារ និងពាក់ព័ន្ធនឹងវ័យពេញវ័យ ក៏ដូចជាការមករដូវ។ ការរាំងរដូវ និងបញ្ហាមករដូវផ្សេងទៀតកើតឡើងនៅពេលដែលបុគ្គលម្នាក់មានក្រពេញទីរ៉ូអ៊ីតដំណើរការខ្លាំងពេក (Hyperthyroidism) ឬខ្សោយពេក (Hypothyroidism)
  • ដុំសាច់ក្រពេញភីពូអ៊ីទែរ (Pituitary tumor)៖ ក្រពេញភីពូអ៊ីទែរគ្រប់គ្រងការផលិតអ័រម៉ូន។ ទោះបីជាដុំសាច់ក្រពេញនេះច្រើនតែជាដុំសាច់ស្លូត (មិនមែនមហារីក) ក៏ដោយ ក៏វាអាចប៉ះពាល់ដល់កម្រិតអ័រម៉ូនក្នុងរាងកាយ ដែលជះឥទ្ធិពលដល់ដំណើរការមករដូវ
  • ការអស់រដូវមុនអាយុ (Premature menopause)៖ វាកើតឡើងនៅពេលដែលស្ត្រីចាប់ផ្តើមអស់រដូវលឿនជាងធម្មតា ពោលគឺក្រពេញអូវែឈប់ដំណើរការ ឬកាត់បន្ថយការផលិតមេជីវិតនៅមុនអាយុ ៤០ ឆ្នាំ ដែលបណ្តាលឱ្យអត់មានមករដូវ។ ជាទូទៅ ការអស់រដូវច្រើនតែចាប់ផ្តើមនៅជុំវិញអាយុ ៥០ ឆ្នាំ

បញ្ហារចនាសម្ព័ន្ធ

បញ្ហានៅក្នុងរចនាសម្ព័ន្ធនៃប្រព័ន្ធបន្តពូជក៏អាចបណ្តាលឱ្យរាំងរដូវផងដែរ រួមមាន៖

  • ស្លាកស្នាមនៅក្នុងស្បូន៖ បន្ទាប់ពីការបូម ឬរូសស្បូន (D&C) ការវះកាត់សម្រាលកូន ឬការព្យាបាលដុំសាច់ស្បូន រោគសញ្ញា Asherman (ស្ថានភាពដែលមានជាលិកាស្លាកស្នាមកកកុញក្នុងស្រទាប់ស្បូន) ជួនកាលអាចកើតមានឡើង។ ស្លាកស្នាមទាំងនេះរារាំងដល់ការកកើត និងការជម្រុះនៃស្រទាប់ស្បូន ជាហេតុនាំឱ្យវដ្តរដូវមិនអាចកើតមាន
  • ការខ្វះខាតសរីរាង្គបន្តពូជ៖ ពិការភាពពីកំណើតនៃសរីរាង្គបន្តពូជ ដូចជាការមិនមានសមាសភាគណាមួយនៃប្រព័ន្ធបន្តពូជ (ស្បូន ច្រកស្បូន ឬទ្វារមាស) ដែលកើតឡើងតាំងពីដំណាក់កាលដំបូងនៃទារកក្នុងផ្ទៃ អាចបណ្តាលឱ្យរាំងរដូវ។ ប្រសិនបើខ្វះផ្នែកណាមួយនៃផ្លូវបន្តពូជ នោះមករដូវមិនអាចកើតឡើងបានទេ
  • ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធទ្វារមាស៖ វាកើតឡើងនៅពេលដែលមានការស្ទះនៅក្នុងផ្លូវបន្តពូជ។ វាអាចមើលទៅហាក់ដូចជាបុគ្គលនោះមិនមានមករដូវ ដោយសារតែគ្មានឈាមហូរចេញមកក្រៅឱ្យឃើញ។ តាមពិតឈាមអាចនឹងត្រូវជាប់គាំងនៅក្នុងស្បូន និងច្រកស្បូន ដោយសារភ្នាស ឬជញ្ជាំងនៅក្នុងទ្វារមាសបាំងជិត

កត្តាហានិភ័យ

កត្តាហានិភ័យដែលពាក់ព័ន្ធនឹងការរាំងរដូវ រួមមាន៖

  • ប្រវត្តិគ្រួសារ៖ ការទទួលបានតំណពូជ ប្រសិនបើស្ត្រីផ្សេងទៀតនៅក្នុងគ្រួសារធ្លាប់ជួបប្រទះការរាំងរដូវ
  • ប្រវត្តិនៃនីតិវិធីរោគស្ត្រីមួយចំនួន៖ ហានិភ័យនៃការរាំងរដូវកើនឡើង ប្រសិនបើស្ត្រីធ្លាប់បានបូម ឬរូសស្បូន (ជាពិសេសពាក់ព័ន្ធនឹងការមានផ្ទៃពោះ) ឬនីតិវិធីវះកាត់មាត់ស្បូនដោយប្រើកងអគ្គិសនី (LEEP)
  • ជំងឺមិនបរិភោគអាហារ (Eating disorders)៖ ជំងឺ Anorexia ឬ Bulimia គឺជាជំងឺនៃការញ៉ាំមួយចំនួនដែលបង្កើនហានិភ័យនៃការរាំងរដូវ
  • ការហ្វឹកហាត់កីឡា៖ ហានិភ័យនៃការរាំងរដូវកើនឡើងចំពោះកីឡាការិនីដែលឆ្លងកាត់ការហ្វឹកហាត់ខ្លាំងក្លាជាទៀងទាត់

ការធ្វើរោគវិនិច្ឆ័យ

ចំពោះស្ត្រីដែលកំពុងជួបប្រទះបញ្ហាការរាំងរដូវ វាត្រូវបានណែនាំឱ្យទទួលការពិនិត្យវាយតម្លៃពីគ្រូពេទ្យជំនាញរោគស្ត្រី ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។ គ្រូពេទ្យនឹងធ្វើការពិនិត្យស្បូនដើម្បីវាយតម្លៃរកភាពមិនប្រក្រតីដែលពាក់ព័ន្ធនឹងសរីរាង្គបន្តពូជ។ ប្រសិនបើអ្នកជំងឺមិនធ្លាប់មានមករដូវទាល់តែសោះ គ្រូពេទ្យនឹងពិនិត្យមើលសរីរាង្គភេទ និងសុដន់របស់ពួកគេ ដើម្បីមើលថាតើពួកគេកំពុងឆ្លងកាត់ការប្រែប្រួលនៃវ័យពេញវ័យជាធម្មតាដែរឬទេ

ការរាំងរដូវអាចជាសញ្ញានៃបញ្ហាអ័រម៉ូនជាច្រើនប្រភេទ។ វាអាចនឹងត្រូវចំណាយពេលខ្លះ និងតម្រូវឱ្យមានការធ្វើតេស្តខុសៗគ្នាជាច្រើន ដើម្បីកំណត់រកមូលហេតុចម្បង

ការធ្វើតេស្ត

តេស្តមួយចំនួនអាចនឹងត្រូវបានតម្រូវឱ្យធ្វើ ដើម្បីជួយដល់ការធ្វើរោគវិនិច្ឆ័យ រួមមាន៖

  • តេស្តពិនិត្យផ្ទៃពោះ៖ ជាបឋម គ្រូពេទ្យទំនងជានឹងណែនាំឱ្យធ្វើតេស្តនេះ ដើម្បីកាត់ចេញ ឬបញ្ជាក់ពីលទ្ធភាពនៃការមានផ្ទៃពោះ។ ប្រសិនបើលទ្ធផលបង្ហាញថាអវិជ្ជមាន គ្រូពេទ្យនឹងបន្តការពិនិត្យអ្នកជំងឺ និងពិនិត្យមើលប្រវត្តិវេជ្ជសាស្ត្រឡើងវិញ
  • តេស្តមុខងារក្រពេញទីរ៉ូអ៊ីត៖ តេស្តនេះនឹងវាយតម្លៃដើម្បីមើលថា តើក្រពេញទីរ៉ូអ៊ីតកំពុងដំណើរការបានត្រឹមត្រូវដែរឬទេ ដោយរាប់ចំនួនអ័រម៉ូនរំញោចទីរ៉ូអ៊ីត (TSH) នៅក្នុងឈាម
  • តេស្តមុខងារក្រពេញអូវែ៖ កម្រិតអ័រម៉ូនរំញោចថង់មេជីវិត (FSH) នៅក្នុងឈាម អាចត្រូវបានប្រើដើម្បីវាយតម្លៃសុខភាពនៃក្រពេញអូវែ
  • តេស្តប្រូឡាក់ទីន៖ ប្រូឡាក់ទីន គឺជាអ័រម៉ូនដែលបញ្ចេញដោយក្រពេញភីពូអ៊ីទែរ។ តេស្តនេះវាស់កម្រិតប្រូឡាក់ទីននៅក្នុងឈាម។ កម្រិតទាបនៃអ័រម៉ូននេះ អាចជាសញ្ញាបង្ហាញពីដុំសាច់កាច (មហារីក) នៃក្រពេញភីពូអ៊ីទែរ
  • តេស្តអង់ដ្រូសែន៖ កម្រិតនៃអ័រម៉ូនបុរស ឬអង់ដ្រូសែន ជាធម្មតាមានកម្រិតខ្ពស់ចំពោះបុរស។ ប្រសិនបើកម្រិតនេះឡើងខ្ពស់ចំពោះស្ត្រី វាអាចជាសញ្ញានៃបញ្ហាសុខភាព។ គ្រូពេទ្យប្រហែលជាចង់វាយតម្លៃកម្រិតតេស្តូស្តេរ៉ូនក្នុងឈាម ប្រសិនបើអ្នកជំងឺមានសម្លេងស្អកចុះទាប និងមានដុះរោមលើផ្ទៃមុខកើនឡើង

ការធ្វើតេស្តសាកល្បងអ័រម៉ូន

តាមរយៈការធ្វើតេស្តនេះ គ្រូពេទ្យអាចកំណត់បានថា តើកង្វះអ័រម៉ូនអេស្ត្រូសែន គឺជាមូលហេតុនៃការរាំងរដូវដែរឬទេ។ អ្នកជំងឺត្រូវថ្នាំអ័រម៉ូនរយៈពេលពី ៧ ទៅ ១០ ថ្ងៃ មុនពេលធ្វើតេស្ត ដើម្បីមើលថា តើអ័រម៉ូននោះអាចជំរុញឱ្យមានការធ្លាក់ឈាមរដូវដែរឬទេ

ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ

គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើតេស្តរូបភាពវេជ្ជសាស្ត្រដូចខាងក្រោម អាស្រ័យលើសញ្ញា និងរោគសញ្ញាដែលបានបង្ហាញ ក៏ដូចជាលទ្ធផលតេស្តឈាមរបស់អ្នកជំងឺ៖

  • អេកូសាស្ត្រ៖ អនុញ្ញាតឱ្យគ្រូពេទ្យពិនិត្យមើលសរីរាង្គខាងក្នុងតាមរយៈរូបភាពពីរលកសំឡេង និងពិនិត្យមើលថា តើសរីរាង្គទាំងអស់មានរូបរាងធម្មតាដែរឬទេ។ វាជួយកំណត់រកភាពមិនប្រក្រតីនានា ដែលអាចបង្កឱ្យមានការរាំងរដូវ
  • ការថត MRI៖ ត្រូវបានប្រើដើម្បីវិភាគរកមូលហេតុនៅក្នុងក្រពេញភីពូអ៊ីទែរ។ រលកវិទ្យុដែលមានដែនម៉ាញេទិកខ្លាំងត្រូវបានប្រើប្រាស់ក្នុង MRI ដើម្បីផ្តល់រូបភាពយ៉ាងលម្អិតអំពីដុំសាច់ ឬដើម្បីពិនិត្យមើលសរីរាង្គបន្តពូជ

ការពិនិត្យដោយប្រើឧបករណ៍ឆ្លុះ

គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើការឆ្លុះស្បូន (Hysteroscopy) ដែលជានីតិវិធីដាក់បញ្ចូលកាមេរ៉ាដ៏តូចមួយតាមរយៈទ្វារមាស និងច្រកស្បូន ដើម្បីមើលទិដ្ឋភាពខាងក្នុងនៃស្បូន។ នីតិវិធីនេះត្រូវបានធ្វើឡើង ប្រសិនបើវិធីសាស្ត្រធ្វើតេស្តផ្សេងទៀតមិនអាចកំណត់រកមូលហេតុនៃការរាំងរដូវបាន

ការព្យាបាល

មូលហេតុនៃស្ថានភាពជំងឺ នឹងកំណត់នូវវិធីសាស្ត្រនៃការព្យាបាល។ ការព្យាបាលដោយឱសថត្រូវបានផ្តល់ជូនសម្រាប់ការរាំងរដូវដែលមានប្រភពមកពីភាពមិនប្រក្រតីនៃក្រពេញទីរ៉ូអ៊ីត ឬក្រពេញភីពូអ៊ីទែរ។ ការព្យាបាលដោយការវះកាត់អាចត្រូវបានណែនាំ ប្រសិនបើដុំសាច់ ឬការស្ទះរចនាសម្ព័ន្ធគឺជាឫសគល់នៃបញ្ហា។ ចំពោះបញ្ហាដែលពាក់ព័ន្ធនឹងអ័រម៉ូន ថ្នាំគ្រាប់ពន្យារកំណើត ឬការព្យាបាលដោយអ័រម៉ូនផ្សេងទៀត ជាទូទៅត្រូវបានណែនាំ ដើម្បីស្តារវដ្តរដូវឱ្យមានសភាពធម្មតាវិញ

Doctors who treat this condition