ទិដ្ឋភាពទូទៅ
ជំងឺភ្នែកខ្ជិល (Amblyopia) គឺជាស្ថានភាពភ្នែកម្ខាងដែលប៉ះពាល់ដល់ភាពច្បាស់នៃការមើលឃើញ ដែលជាទូទៅវាកើតឡើងក្នុងអំឡុងពេលទារក ឬកុមារភាព ហើយអាចនឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើមិនមានការព្យាបាល។ ការវិវត្តនៃជំងឺភ្នែកខ្ជិលនេះ ច្រើនតែកើតមានតាំងពីកំណើតរហូតដល់អាយុ ៧ ឆ្នាំ។ ចំពោះបុគ្គលដែលមានជំងឺភ្នែកខ្ជិល ភ្នែកម្ខាងមើលឃើញព្រិល ខណៈដែលភ្នែកម្ខាងទៀតមើលឃើញច្បាស់ធម្មតា។ ជាលទ្ធផល ខួរក្បាលមាននិន្នាការបោះបង់ការទទួលរូបភាពពីភ្នែកដែលព្រិល ហើយពឹងផ្អែកទាំងស្រុងលើភ្នែកដែលមើលឃើញច្បាស់ជាង។ យូរៗទៅ ការផ្ដោតទៅលើតែភ្នែកដែលខ្លាំង នឹងធ្វើឱ្យភ្នែកដែលខ្សោយកាន់តែចុះខ្សោយខ្លាំងឡើង។ ការស្វែងរកការព្យាបាលពីអ្នកជំនាញផ្នែកភ្នែក គឺជារឿងចាំបាច់បំផុត ព្រោះវាជាបញ្ហាសុខភាពដ៏សំខាន់
ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលា គឺមានសារៈសំខាន់ណាស់ ដើម្បីការពារបញ្ហាភ្នែករយៈពេលវែង។ ជម្រើសនៃការព្យាបាលជាទូទៅរួមមាន ការកែតម្រូវការមើលឃើញក្នុងភ្នែកដែលខ្សោយដោយប្រើវ៉ែនតា ឬកញ្ចក់ដាក់ក្នុងភ្នែក (Contact lenses) ក៏ដូចជាការប្រើវិធីបិទភ្នែកម្ខាង (Patching therapy)
រោគសញ្ញា
ការសម្គាល់ដឹងថាមានជំងឺភ្នែកខ្ជិលចំពោះកុមារអាចជារឿងពិបាក ព្រោះវាតែងតែមិនត្រូវបានគេចាប់អារម្មណ៍ រហូតដល់មានការពិនិត្យពីគ្រូពេទ្យ ឬអ្នកជំនាញភ្នែក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើកូនរបស់អ្នកបង្ហាញរោគសញ្ញានៃជំងឺភ្នែកខ្ជិល អ្នកអាចសង្កេតឃើញការផ្លាស់ប្តូរមួយចំនួនក្នុងការរស់នៅ និងការយល់ដឹងពីលំហរបស់ពួកគេ។ សញ្ញានៃជំងឺភ្នែកខ្ជិលចំពោះកុមាររួមមាន៖
- ឧស្សាហ៍បិទភ្នែកម្ខាង ឬស្រលៀងភ្នែក
- ផ្អៀងក្បាលទៅម្ខាងជាប្រចាំ
- ដើរបុករបស់របរ ជាពិសេសនៅផ្នែកម្ខាងនៃរាងកាយរបស់ពួកគេ
- មានភ្នែកស្រលៀង ឬភ្នែកខ្វេ
- បង្ហាញការចូលចិត្តប្រើប្រាស់រាងកាយផ្នែកម្ខាង
- មានត្របកភ្នែកធ្លាក់ចុះ
មូលហេតុ
ជំងឺភ្នែកខ្ជិលកើតឡើងដោយសារបទពិសោធន៍នៃការមើលឃើញមិនប្រក្រតីនៅវ័យដំបូង ដែលនាំឱ្យមានការប្រែប្រួលនៃប្រព័ន្ធសរសៃប្រសាទរវាងបាតភ្នែក (Retina) និងខួរក្បាល។ នេះបណ្តាលឱ្យភ្នែកដែលខ្សោយទទួលបានសញ្ញាតិចតួចមកកាន់ខួរក្បាល ដែលធ្វើឱ្យសមត្ថភាពការងាររួមគ្នារបស់ភ្នែកទាំងពីរចុះខ្សោយ។ យូរៗទៅ ខួរក្បាលអាចនឹងបដិសេធ ឬមិនអើពើនឹងរូបភាពពីភ្នែកដែលខ្សោយនោះ
កត្តាផ្សេងៗដែលអាចរួមចំណែកដល់ការវិវត្តនៃជំងឺភ្នែកខ្ជិល រួមមាន៖
- អតុល្យភាពសាច់ដុំភ្នែក៖ មូលហេតុទូទៅបំផុតគឺអតុល្យភាពនៃសាច់ដុំដែលគ្រប់គ្រងទីតាំងភ្នែក។ អតុល្យភាពនេះអាចបណ្តាលឱ្យភ្នែកខ្វេចូលក្នុង ឬចេញក្រៅ ដែលធ្វើឱ្យភ្នែកទាំងពីរមិនអាចធ្វើការងារបានស៊ីចង្វាក់គ្នា
- ភាពខុសគ្នានៃកម្រិតភ្នែក៖ ជំងឺភ្នែកខ្ជិលអាចកើតឡើងនៅពេលដែលមានភាពខុសគ្នាខ្លាំងនៃកម្រិតភ្នែក (ដូចជាភ្នែកម្ខាងម៉្ញូប ម្ខាងទៀតធម្មតា ឬម្ខាងកម្រិតខ្ពស់ជាងខ្លាំង)។ ការប្រើវ៉ែនតា ឬកញ្ចក់ដាក់ក្នុងភ្នែកដើម្បីកែតម្រូវគឺជាវិធីសាស្ត្រទូទៅ។ ក្នុងករណីខ្លះ ជំងឺភ្នែកខ្ជិលអាចបណ្តាលមកពីការរួមបញ្ចូលគ្នារវាងភ្នែកខ្វេ និងបញ្ហាកម្រិតភ្នែក
- ការរារាំងការមើលឃើញ៖ បញ្ហាដែលប៉ះពាល់ដល់ភ្នែកម្ខាង ដូចជាជំងឺភ្នែកឡើងបាយ (Cataract) អាចរារាំងការមើលឃើញច្បាស់ក្នុងភ្នែកនោះ។ ជំងឺភ្នែកខ្ជិលប្រភេទនេះ ជាពិសេសចំពោះទារក ត្រូវការការព្យាបាលជាបន្ទាន់ដើម្បីការពារការបាត់បង់ការមើលឃើញជាអចិន្ត្រៃយ៍ ហើយវាក៏ជាប្រភេទភ្នែកខ្ជិលដែលធ្ងន់ធ្ងរបំផុតផងដែរ
កត្តាហានិភ័យ
មនុស្សគ្រប់រូបសុទ្ធតែអាចកើតមានជំងឺភ្នែកខ្ជិល។ ទោះជាយ៉ាងណាក៏ដោយ កត្តាមួយចំនួនអាចបង្កើនហានិភ័យដូចជា៖
- មានសមាជិកគ្រួសារដែលមានបញ្ហាភ្នែក និងការមើលឃើញ
- ការសម្រាលកូនមិនគ្រប់ខែ (ដូចជាសម្រាលមុនសប្តាហ៍ទី ៣៧ នៃគភ៌)
- ទម្ងន់ទាបនៅពេលសម្រាល (ដូចជាទម្ងន់តិចជាង ៥ ផោន ឬប្រហែល ២.២ គីឡូក្រាម)
- មានការយឺតយ៉ាវក្នុងការលូតលាស់
ការធ្វើរោគវិនិច្ឆ័យ
ក្នុងអំឡុងពេលពិនិត្យភ្នែក គ្រូពេទ្យនឹងវាយតម្លៃទិដ្ឋភាពផ្សេងៗនៃសុខភាពភ្នែក និងការមើលឃើញ។ នេះរួមបញ្ចូលទាំងការពិនិត្យរកមើលស្ថានភាពភ្នែករេ (Wandering eye) ភាពខុសគ្នានៃការមើលឃើញរវាងភ្នែកទាំងពីរ ឬស្ថានភាពមើលមិនសូវច្បាស់ជារួម។ ដើម្បីសម្រួលដល់ការពិនិត្យនេះ គ្រូពេទ្យច្រើនតែប្រើថ្នាំបន្តក់ភ្នែកដើម្បីឱ្យប្រស្រីភ្នែករីកធំ ដែលបណ្តាលឱ្យមានការមើលឃើញព្រិលជាបណ្តោះអាសន្នក្នុងរយៈពេលពីរបីម៉ោង ឬពេញមួយថ្ងៃ
វិធីសាស្ត្រធ្វើតេស្តដែលត្រូវបានប្រើប្រាស់ គឺអាស្រ័យលើអាយុ និងដំណាក់កាលលូតលាស់របស់កុមារ៖
- កុមារដែលមិនទាន់ចេះនិយាយ៖
- ឧបករណ៍ពង្រីកដែលមានពន្លឺ អាចត្រូវបានប្រើដើម្បីពិនិត្យរកមើលជំងឺភ្នែកឡើងបាយ
- ការធ្វើតេស្តផ្សេងទៀត គឺដើម្បីវាយតម្លៃសមត្ថភាពរបស់ទារក ឬកុមារតូចក្នុងការសម្លឹងឱ្យនឹង និងការសម្លឹងតាមវត្ថុដែលកំពុងមានចលនា
- កុមារអាយុចាប់ពី ៣ ឆ្នាំឡើងទៅ:
- ការមើលឃើញអាចត្រូវបានវាយតម្លៃដោយប្រើការធ្វើតេស្តដែលមានរូបភាព ឬតួអក្សរ
- ភ្នែកម្ខាងៗត្រូវបានបិទឆ្លាស់គ្នា ដើម្បីវាយតម្លៃការមើលឃើញនៃភ្នែកម្ខាងទៀត
ការព្យាបាល
ការចាប់ផ្តើមព្យាបាលជំងឺភ្នែកខ្ជិលក្នុងវ័យកុមារភាពជារឿងសំខាន់ណាស់ ជាពិសេសក្នុងអំឡុងពេលដែលទំនាក់ទំនងដ៏ស្មុគស្មាញរវាងភ្នែក និងខួរក្បាលកំពុងលូតលាស់។ លទ្ធផលល្អបំផុតគឺទទួលបាននៅពេលការព្យាបាលចាប់ផ្តើមមុនអាយុ ៧ ឆ្នាំ ទោះបីជាផ្នែកមួយដ៏ធំនៃកុមារដែលមានអាយុពី ៧ ដល់ ១៧ ឆ្នាំ ឆ្លើយតបជាវិជ្ជមានចំពោះការព្យាបាលក៏ដោយ
ជម្រើសនៃការព្យាបាលអាស្រ័យលើមូលហេតុបង្ក និងកម្រិតដែលវាប៉ះពាល់ដល់ការមើលឃើញរបស់កុមារ។ ជម្រើសការព្យាបាលអាចរួមមាន៖
- វ៉ែនតាកែតម្រូវ (Corrective eyewear): វ៉ែនតា ឬកញ្ចក់ដាក់ក្នុងភ្នែក អាចដោះស្រាយបញ្ហាដូចជា ម៉្ញូបភ្នែកជិត ម៉្ញូបភ្នែកឆ្ងាយ ឬភ្នែកផ្អៀង ដែលរួមចំណែកដល់ការកើតភ្នែកខ្ជិល
- បន្ទះបិទភ្នែក (Eye patches): ដើម្បីជំរុញភ្នែកដែលខ្សោយ កុមារត្រូវពាក់បន្ទះបិទភ្នែកលើភ្នែកដែលខ្លាំងក្នុងរយៈពេលពី ២ ទៅ ៦ ម៉ោង ឬលើសនេះក្នុងមួយថ្ងៃ
- បន្ទះចម្រោះពន្លឺ Bangerter (Bangerter filter): គេបិទវានៅលើកញ្ចក់វ៉ែនតានៃភ្នែកដែលខ្លាំង ដើម្បីធ្វើឱ្យការមើលឃើញនៃភ្នែកនោះព្រិល ដែលមានមុខងារស្រដៀងនឹងបន្ទះបិទភ្នែកដែរ ក្នុងគោលបំណងជំរុញភ្នែកដែលខ្សោយឱ្យធ្វើការ
- ថ្នាំបន្តក់ភ្នែក៖ ថ្នាំបន្តក់ភ្នែក Atropine ធ្វើឱ្យការមើលឃើញក្នុងភ្នែកដែលខ្លាំងព្រិលជាបណ្តោះអាសន្ន ដើម្បីលើកទឹកចិត្តឱ្យប្រើប្រាស់ភ្នែកដែលខ្សោយ។ ជាទូទៅគ្រូពេទ្យឱ្យប្រើនៅថ្ងៃចុងសប្តាហ៍ ឬរាល់ថ្ងៃ ហើយផលរំខានដែលអាចកើតមានរួមមាន ភ្នែកចាញ់ពន្លឺ និងការរមាស់ភ្នែក
- ការវះកាត់៖ ការវះកាត់អាចជាការចាំបាច់ ប្រសិនបើកុមារមានត្របកភ្នែកធ្លាក់ ឬជំងឺភ្នែកឡើងបាយ។ ការវះកាត់ដើម្បីតម្រង់ភ្នែកឱ្យត្រង់ក៏អាចត្រូវបានណែនាំផងដែរ ប្រសិនបើភ្នែកនៅតែរេចុះឡើង បើទោះជាពាក់វ៉ែនតាត្រឹមត្រូវហើយក៏ដោយ
- ការព្យាបាលផ្អែកលើសកម្មភាព៖ ទោះបីជាមានសកម្មភាពដូចជា ការគូររូប ការលេងល្បែងផ្គុំរូប ឬហ្គេមកុំព្យូទ័រក៏ដោយ ប៉ុន្តែប្រសិទ្ធភាពរបស់វាជាជំនួយដល់ការព្យាបាលផ្សេងទៀត នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ
ចំពោះកុមារភាគច្រើនដែលមានភ្នែកខ្ជិល ការព្យាបាលត្រឹមត្រូវនឹងផ្តល់នូវការរីកចម្រើនក្នុងការមើលឃើញក្នុងរយៈពេលពីប៉ុន្មានសប្តាហ៍ទៅប៉ុន្មានខែ ដោយរយៈពេលនៃការព្យាបាលសរុបមានចាប់ពី ៦ ខែ ដល់ ២ ឆ្នាំ។ ការតាមដានការលាប់ឡើងវិញ (Recurrence) ដែលអាចកើតមានរហូតដល់ ២៥ ភាគរយនៃករណីសរុប គឺជារឿងសំខាន់ណាស់។ ប្រសិនបើការលាប់កើតឡើង ការព្យាបាលនឹងត្រូវចាប់ផ្តើមឡើងវិញ
