ទិដ្ឋភាពទូទៅ

ជំងឺគ្រុនផ្ដាសាយហៃ (Hay fever) ឬត្រូវបានគេស្គាល់ថាជា ជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ី គឺជាស្ថានភាពដែលបង្កឱ្យមានរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសាយធម្មតា ដូចជាហៀរសំបោរ រមាស់ភ្នែក តឹងច្រមុះ កណ្តាស់ និងមានសម្ពាធក្នុងឆ្អឹងច្រមុះ។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនបង្កឡើងដោយមេរោគវីរុសដូចជាផ្ដាសាយធម្មតានោះទេ។ ស្ថានភាពនេះត្រូវបានជំរុញដោយប្រតិកម្មអាលែកហ្ស៊ីទៅនឹងសារធាតុមិនបង្កគ្រោះថ្នាក់នៅក្នុងបរិស្ថាន ដែលរាងកាយរបស់អ្នកកំណត់អត្តសញ្ញាណថាជាសារធាតុបង្កគ្រោះថ្នាក់ ឬសារធាតុបង្កអាលែកហ្ស៊ី

សារធាតុបង្កអាលែកហ្ស៊ីទូទៅដែលអាចបង្កឱ្យមានជំងឺនេះ រួមមាន លម្អងផ្កា សត្វល្អិតតូចៗក្នុងធូលី និងអង្កែសត្វចិញ្ចឹមដែលមានរោម។ ប្រតិកម្មអាលែកហ្ស៊ីទៅនឹងសារធាតុទាំងនេះ បណ្តាលឱ្យរាងកាយបញ្ចេញសារធាតុគីមីធម្មជាតិម្យ៉ាងហៅថា ហ៊ីស្តាមីន (Histamine)។ វាអាចបណ្តាលឱ្យមានរោគសញ្ញារួមមាន ការរមាស់ក្នុងច្រមុះ ការកណ្តាស់ ការតឹងច្រមុះ និងការរមាស់ភ្នែក

ជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ី អាចប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ ដែលធ្វើឱ្យមានការពិបាកក្នុងការផ្ដោតអារម្មណ៍លើការងារ ឬការសិក្សា។ ទោះជាយ៉ាងណាក៏ដោយ មានវិធីជាច្រើនដើម្បីគ្រប់គ្រងស្ថានភាពនេះ។ ការចៀសវាងកត្តាជំរុញដែលបង្កឱ្យមានប្រតិកម្មអាលែកហ្ស៊ី គឺជាវិធីមួយដើម្បីកាត់បន្ថយរោគសញ្ញា។ វាក៏មានជម្រើសនៃការព្យាបាលផ្សេងៗផងដែរ រួមមាន ថ្នាំដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជា និងថ្នាំដែលត្រូវមានវេជ្ជបញ្ជា ដែលអាចជួយសម្រាលរោគសញ្ញា និងកែលម្អគុណភាពជីវិតឱ្យប្រសើរឡើង

រោគសញ្ញា

រោគសញ្ញានៃជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ី រួមមាន៖

  • តឹងច្រមុះ
  • ហៀរសំបោរ
  • ឈឺក្បាល
  • កណ្តាស់
  • ក្អក
  • រមាស់បំពង់ក ឬច្រមុះ
  • ឈឺចាប់ក្នុងឆ្អឹងច្រមុះ (Sinuses)
  • ភ្នែកក្រហម រមាស់ និងហូរទឹកភ្នែក
  • ការហូរសំបោរតាមច្រមុះផ្នែកខាងក្រោយ ឬសំបោរដែលហូរចុះទៅបំពង់កផ្នែកខាងក្រោយ
  • អស់កម្លាំងខ្លាំង ដែលជារឿយៗបណ្តាលមកពីការគេងមិនលក់
  • ស្បែកជុំវិញភ្នែកហើម និងមានស្នាមជាំ (Allergic shiners)

កត្តាជំរុញជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ី

រោគសញ្ញានៃជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ី អាចកើតមានជាប់ជានិច្ច ឬកើតមានតាមរដូវកាល ដោយរោគសញ្ញាចាប់ផ្តើមលេចឡើង ឬកាន់តែធ្ងន់ធ្ងរក្នុងអំឡុងពេលណាមួយនៃឆ្នាំ

កត្តាជំរុញនៃជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ី រួមមាន៖

  • លម្អងផ្កាពីដើមឈើ៖ ជាកត្តាជំរុញអាលែកហ្ស៊ីដ៏សកម្មបំផុតនៅដើមរដូវផ្ការីក
  • លម្អងស្មៅ៖ ដែលសកម្មខ្លាំងនៅរដូវក្ដៅ និងចុងរដូវផ្ការីក
  • លម្អងផ្កាស្មៅ៖ ដែលរីកសាយភាយខ្លាំងនៅរដូវស្លឹកឈើជ្រុះ
  • សត្វល្អិតតូចៗក្នុងធូលី និងលាមកសត្វកន្លាត៖ ដែលមានវត្តមានពេញមួយឆ្នាំ
  • អង្កែសត្វចិញ្ចឹម៖ ដែលបង្កការរំខានពេញមួយឆ្នាំ ប៉ុន្តែរោគសញ្ញាអាចនឹងកាន់តែអាក្រក់នៅរដូវរងា នៅពេលដែលផ្ទះសម្បែងត្រូវបានបិទជិត
  • មេរោគផ្សិតទាំងក្នុង និងក្រៅផ្ទះ៖ ដែលមានការប្រែប្រួលទាំងតាមរដូវកាល និងពេញមួយឆ្នាំ

ជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ីប្រៀបធៀបនឹងជំងឺផ្ដាសាយធម្មតា

អាចជាការពិបាកក្នុងការបែងចែកថា តើអ្នកកំពុងមានជំងឺមួយណា ព្រោះរោគសញ្ញាអាចមានសភាពដូចគ្នា។

  • ជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ី៖ សំបោរថ្លាៗដូចទឹកប៉ុន្តែមិនមានគ្រុនក្តៅទេ។ រោគសញ្ញាបង្ហាញឱ្យឃើញភ្លាមៗនៅពេលដែលប៉ះពាល់សារធាតុបង្កអាលែកហ្ស៊ី ហើយឈឺយូរដរាបណានៅក្បែរសារធាតុបង្កអាលែកហ្ស៊ី
  • ជំងឺផ្ដាសាយធម្មតា៖ សំបោរខាប់ពណ៌លឿង រួមផ្សំជាមួយនឹងគ្រុនក្តៅទាប និងឈឺខ្លួន ចាប់ផ្តើមពី ១ ទៅ ៣ ថ្ងៃ បន្ទាប់ពីប៉ះពាល់មេរោគវីរុសនិងមានរយៈពេលពី ៣ ទៅ ៧ ថ្ងៃ

គួរពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើ៖

  • អ្នកមិនអាចរកវិធីសម្រាលរោគសញ្ញានៃជំងឺគ្រុនផ្ដាសាយហៃបាន
  • ការព្យាបាលអាលែកហ្ស៊ីមិនជួយឱ្យរោគសញ្ញាធូរស្រាល ឬផ្តល់ផលប៉ះពាល់ដែលរំខានខ្លាំង
  • អ្នកមានជំងឺប្រចាំកាយដូចជា ដុះសាច់ក្នុងច្រមុះ ហឺត ឬការរលាកឆ្អឹងច្រមុះដែលកើតឡើងដដែលៗ ដែលអាចធ្វើឱ្យរោគសញ្ញាជំងឺគ្រុនផ្ដាសាយហៃកាន់តែធ្ងន់ធ្ងរ

បុគ្គលជាច្រើន ជាពិសេសកុមារ តែងតែស៊ាំនឹងរោគសញ្ញានៃជំងឺគ្រុនផ្ដាសាយហៃ ដែលនាំឱ្យពួកគេបង្អង់ការស្វែងរកការព្យាបាល រហូតដល់រោគសញ្ញាក្លាយជាធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ ការទទួលបានការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រត្រឹមត្រូវ អាចជួយសម្រាលរោគសញ្ញាបានយ៉ាងប្រសើរ

មូលហេតុ

ជំងឺគ្រុនផ្ដាសាយហៃ កើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំបង្កើតអង្គបដិបក្ខ (Antibodies) ដូចជា IgE ជាដើម ដើម្បីឆ្លើយតបទៅនឹងសារធាតុមិនបង្កគ្រោះថ្នាក់ក្នុងអាកាស ដែលត្រូវបានគេស្គាល់ថាជា សារធាតុបង្កអាលែកហ្ស៊ី។ នៅពេលដែលរាងកាយប៉ះពាល់នឹងសារធាតុបង្កអាលែកហ្ស៊ីដដែលនោះម្តងទៀត ប្រព័ន្ធភាពស៊ាំនឹងបញ្ចេញសារធាតុគីមី ដូចជា ហ៊ីស្តាមីន ដែលអាចបណ្តាលឱ្យមានការរលាក និងរមាស់នៅក្នុងច្រមុះ ភ្នែក និងបំពង់ក។ សារធាតុបង្កអាលែកហ្ស៊ីដែលអាចជំរុញឱ្យកើតជំងឺគ្រុនផ្ដាសាយហៃ រួមមាន សត្វល្អិតតូចៗក្នុងធូលី លម្អងផ្កា អង្កែសត្វចិញ្ចឹម មេរោគផ្សិត ព្រមទាំងទឹកមាត់ និងកាកសំណល់របស់សត្វកន្លាត។ បន្ថែមពីនេះ អាលែកហ្ស៊ីអាហារក៏អាចបណ្តាលឱ្យមានការរលាកនៅក្នុងច្រមុះ និងបំពង់កផងដែរ ដែលក្នុងករណីខ្លះ វាអាចបង្កគ្រោះថ្នាក់ដល់ជីវិត

កត្តាហានិភ័យ

ហានិភ័យនៃការកើត ជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ី អាចកើនឡើងដោយសារកត្តាដូចខាងក្រោម៖

  • កត្តាគ្រួសារ៖ មានសាច់ញាតិបង្កើត (ដូចជា ឪពុកម្តាយ ឬបងប្អូន) ដែលមានបញ្ហាអាលែកហ្ស៊ី ឬជំងឺហឺត
  • បញ្ហាស្បែក៖ មានស្ថានភាពរលាកស្បែក (Atopic dermatitis ឬ Eczema) ដែលបណ្តាលឱ្យរមាស់ និងរលាកស្បែក
  • ការប៉ះពាល់សារធាតុរំខាន៖ ការប៉ះពាល់នឹងផ្សែងបារី និងក្លិនក្រអូបខ្លាំងៗ ដែលធ្វើឱ្យរលាកស្រទាប់ច្រមុះ
  • ប្រវត្តិក្នុងវ័យកុមារ៖ ម្តាយរបស់អ្នកជក់បារីក្នុងអំឡុងពេលឆ្នាំដំបូងនៃជីវិតរបស់អ្នក
  • មជ្ឈដ្ឋានរស់នៅ៖ ការរស់នៅ ឬធ្វើការក្នុងបរិស្ថានដែលមានវត្តមានសារធាតុបង្កអាលែកហ្ស៊ីជាប់ជានិច្ច ដូចជាសត្វល្អិតតូចៗក្នុងធូលី ឬអង្កែសត្វ
  • ស្ថានភាពសុខភាពផ្សេងៗ៖ ការមានជំងឺហឺត ឬអាលែកហ្ស៊ីប្រភេទផ្សេងៗទៀត

ការធ្វើរោគវិនិច្ឆ័យ

ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ី ជាធម្មតាគ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយ សាកសួរអំពីប្រវត្តិវេជ្ជសាស្ត្រ រោគសញ្ញា និងភ្នាក់ងារជំរុញដែលអាចកើតមាន។ គ្រូពេទ្យអាចណែនាំឱ្យធ្វើតេស្តមួយ ឬទាំងពីរដូចខាងក្រោម៖

  • តេស្តស្បែក៖ តេស្តអាលែកហ្ស៊ីលើស្បែកត្រូវបានអនុវត្តដោយអ្នកជំនាញអាលែកហ្ស៊ី ដើម្បីកំណត់អត្តសញ្ញាណអាលែកហ្ស៊ី ដោយការចាក់សារធាតុបង្កអាលែកហ្ស៊ីក្នុងបរិមាណតិចតួចទៅលើស្បែកដៃ ឬខ្នងផ្នែកខាងលើ បន្ទាប់មកសង្កេតមើលប្រតិកម្មអាលែកហ្ស៊ីណាមួយ ដូចជាកន្ទួលរមាស់ ឬដុំពកក្នុងរយៈពេល ១៥ ទៅ ២០ នាទី។ ការធ្វើតេស្តនេះរួមមានការឆ្កូត ឬចាក់ស្បែកដោយម្ជុល ដើម្បីឱ្យសារធាតុបង្កអាលែកហ្ស៊ីចូលទៅក្នុងផ្ទៃស្បែក។ ប្រសិនបើមានអាលែកហ្ស៊ី តំបន់នោះនឹងប្រែជាក្រហម រមាស់ និងរលាកជាមួយនឹងពងបែកដែលគេស្គាល់ថា “Wheals” ដែលបង្ហាញពីសារធាតុបង្កអាលែកហ្ស៊ីដែលបង្កឱ្យមានរោគសញ្ញា។ ការធ្វើតេស្តស្បែកនេះគឺជាវិធីសាស្ត្រដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការកំណត់ប្រភេទអាលែកហ្ស៊ី
  • ការធ្វើតេស្តឈាមរកអាលែកហ្ស៊ី៖ ដើម្បីដឹងថាតើប្រព័ន្ធភាពស៊ាំរបស់អ្នកឆ្លើយតបយ៉ាងដូចម្តេចចំពោះសារធាតុបង្កអាលែកហ្ស៊ីជាក់លាក់ណាមួយ គំរូឈាមនឹងត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍។ ការធ្វើតេស្តនេះរាប់ចំនួនអង្គបដិបក្ខ Immunoglobulin E (IgE) នៅក្នុងចរន្តឈាមរបស់អ្នក ដែលជាអ្នកទទួលខុសត្រូវចំពោះប្រតិកម្មអាលែកហ្ស៊ី

ការព្យាបាល

ការរៀបចំផែនការព្យាបាលជាមួយអ្នកផ្តល់សេវាថែទាំសុខភាព អាចជួយកាត់បន្ថយ ឬលុបបំបាត់រោគសញ្ញា ជំងឺគ្រុនផ្ដាសាយហៃ នៅពេលដែលសារធាតុបង្កអាលែកហ្ស៊ីត្រូវបានកំណត់អត្តសញ្ញាណ។ ការកម្រិតការប៉ះពាល់នឹងសារធាតុដែលបង្កឱ្យមានជំងឺគ្រុនផ្ដាសាយហៃ គឺជាវិធីសាស្ត្រដ៏ល្អបំផុត ហើយថ្នាំដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជា អាចនឹងគ្រប់គ្រាន់សម្រាប់រោគសញ្ញាស្រាលៗ។ ចំពោះរោគសញ្ញាធ្ងន់ធ្ងរ ថ្នាំតាមវេជ្ជបញ្ជាអាចជារឿងចាំបាច់។ ការប្រើប្រាស់ថ្នាំអាលែកហ្ស៊ីរួមគ្នា អាចផ្តល់នូវការសម្រាលបានល្អបំផុត ហើយជម្រើសជាច្រើនអាចនឹងត្រូវសាកល្បង មុនពេលរកឃើញជម្រើសដែលមានប្រសិទ្ធភាពបំផុត

ប្រសិនបើកុមារមានជំងឺគ្រុនផ្ដាសាយហៃ វាជារឿងសំខាន់ក្នុងការពិភាក្សាអំពីជម្រើសនៃការព្យាបាលជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ព្រោះមិនមែនគ្រប់ឱសថទាំងអស់សុទ្ធតែសមស្របសម្រាប់កុមារនោះទេ។ ការអានស្លាកសញ្ញាឱសថឱ្យបានហ្មត់ចត់គឺជាកត្តាសំខាន់។ វិធីសាស្ត្រព្យាបាលជំងឺគ្រុនផ្ដាសាយហៃ រួមមានការប្រើប្រាស់ថ្នាំ ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ និងការលាងសម្អាតច្រមុះដោយទឹកអំបិល​

ថ្នាំសម្រាប់ជំងឺគ្រុនផ្ដាសាយហៃ

ថ្នាំបាញ់ច្រមុះប្រភេទកទីកូស្តេរ៉ូអ៊ីត (Nasal corticosteroids) ថ្នាំបាញ់ច្រមុះទាំងនេះជួយក្នុងការការពារ និងព្យាបាលអាការៈរមាស់ ហៀរសំបោរ និងតឹងច្រមុះនៃជំងឺគ្រុនផ្ដាសាយហៃ។ ថ្នាំបាញ់ច្រមុះជារឿយៗជាជម្រើសដំបូងដែលត្រូវបានណែនាំ ព្រោះវាជាការព្យាបាលដែលមានប្រសិទ្ធភាពបំផុតសម្រាប់មនុស្សជាច្រើន

  • ថ្នាំបាញ់ច្រមុះគ្មានវេជ្ជបញ្ជា៖ រួមមាន Mometasone, Budesonide, Fluticasone និង Triamcinolone
  • ថ្នាំបាញ់ច្រមុះតាមវេជ្ជបញ្ជា (ដែលផ្សំថ្នាំប្រឆាំងហ៊ីស្តាមីនជាមួយស្តេរ៉ូអ៊ីត)៖ ដូចជា Azelastine ជាមួយ Fluticasone និង Mometasone ជាមួយ Olopatadine

បុគ្គលភាគច្រើនអាចប្រើប្រាស់ថ្នាំប្រភេទនេះសម្រាប់ការព្យាបាលរយៈពេលវែងដោយសុវត្ថិភាព។ ទោះបីជាមនុស្សមួយចំនួនអាចជួបប្រទះការរំខានក្នុងច្រមុះ មានរសជាតិ ឬក្លិនមិនល្អក៏ដោយ ប៉ុន្តែផលរំខានធ្ងន់ធ្ងរពីថ្នាំបាញ់ច្រមុះប្រភេទស្តេរ៉ូអ៊ីតគឺកម្រនឹងកើតមានណាស់

ថ្នាំប្រឆាំងហ៊ីស្តាមីន (Antihistamines)
ថ្នាំប្រភេទនេះមានមុខងារទប់ស្កាត់ការផលិតហ៊ីស្តាមីនដែលជាសារធាតុបង្កឱ្យមានរោគសញ្ញានៅពេលប្រព័ន្ធភាពស៊ាំឆ្លើយតបទៅនឹងសារធាតុបង្កអាលែកហ្ស៊ី។ ថ្នាំប្រឆាំងហ៊ីស្តាមីនមានប្រសិទ្ធភាពតិចតួចលើការតឹងច្រមុះ ប៉ុន្តែវាអាចជួយសម្រាលអាការៈរមាស់ កណ្តាស់ និងហៀរសំបោរ។ ជាទូទៅ ថ្នាំទាំងនេះត្រូវបានប្រើប្រាស់តាមរយៈការលេបជាគ្រាប់។ ក្រៅពីនេះ ក៏មានជម្រើសជាថ្នាំបាញ់ច្រមុះ និងថ្នាំបន្តក់ភ្នែកផងដែរ

  • ថ្នាំលេបប្រឆាំងហ៊ីស្តាមីនគ្មានវេជ្ជបញ្ជា៖ ដូចជា Fexofenadine, Cetirizine និង Loratadine
  • ថ្នាំបាញ់ច្រមុះគ្មានវេជ្ជបញ្ជា៖ ដូចជា Azelastine
  • ថ្នាំបន្តក់ភ្នែកគ្មានវេជ្ជបញ្ជា៖ ដូចជា Ketotifen fumarate និង Olopatadine (ជួយសម្រាលការរមាស់ និងការរលាកភ្នែក)
  • ថ្នាំបាញ់ច្រមុះតាមវេជ្ជបញ្ជា៖ ដូចជា Olopatadine

ថ្នាំប្រឆាំងហ៊ីស្តាមីនអាចបង្កឱ្យមានផលរំខានទូទៅមួយចំនួនដូចជា ស្ងួតមាត់ ស្ងួតច្រមុះ និងស្ងួតភ្នែក។ ថ្នាំប្រឆាំងហ៊ីស្តាមីនប្រភេទលេបមួយចំនួនក៏អាចបណ្តាលឱ្យងងុយគេងផងដែរ។ បន្ថែមពីនេះ ឱសថទាំងនេះអាចនាំឱ្យមានអាការៈរសាប់រសល់ ឈឺក្បាល ប្រែប្រួលចំណង់អាហារ ពិបាកគេង និងបញ្ហាពាក់ព័ន្ធនឹងសម្ពាធឈាម និងការបត់ជើងតូច។ វាជាការប្រសើរក្នុងការពិគ្រោះជាមួយអ្នកជំនាញសុខភាពមុនពេលប្រើប្រាស់ថ្នាំប្រឆាំងហ៊ីស្តាមីន ជាពិសេសក្នុងអំឡុងពេលមានផ្ទៃពោះ ឬបំបៅដោះកូន ឬប្រសិនបើអ្នកមានបញ្ហាដុះសាច់ក្រពេញប្រូស្តាត ឬជំងឺទឹកដក់ក្នុងភ្នែក

ថ្នាំបំបាត់ការតឹងច្រមុះ (Decongestants)
ថ្នាំបំបាត់ការតឹងច្រមុះជួយកាត់បន្ថយការតឹងច្រមុះ និងសម្ពាធដែលពាក់ព័ន្ធនឹងការហើមក្នុងច្រមុះ។ ជួនកាល គេប្រើវាផ្សំជាមួយឱសថផ្សេងទៀតដូចជា ថ្នាំប្រឆាំងហ៊ីស្តាមីន ពីព្រោះថ្នាំបំបាត់ការតឹងច្រមុះមិនអាចព្យាបាលរោគសញ្ញាផ្សេងទៀតនៃជំងឺគ្រុនផ្ដាសាយហៃបានទេ

ថ្នាំបំបាត់ការតឹងច្រមុះមានជាទម្រង់ទឹក គ្រាប់លេប និងថ្នាំបាញ់ច្រមុះ។ លើសពីនេះ វាក៏មានលក់ទាំងប្រភេទមានវេជ្ជបញ្ជា និងគ្មានវេជ្ជបញ្ជាផងដែរ

  • ថ្នាំបាញ់ច្រមុះបំបាត់ការតឹងច្រមុះ៖ ដូចជា Oxymetazoline និង Phenylephrine hydrochloride
  • ថ្នាំលេបបំបាត់ការតឹងច្រមុះ៖ ដូចជា Pseudoephedrine

ការកើនឡើងសម្ពាធឈាម ការគេងមិនលក់ ភាពមួម៉ៅ និងការឈឺក្បាល គឺជាផលរំខានមួយចំនួនដែលថ្នាំលេបបំបាត់ការតឹងច្រមុះអាចបង្កឡើង។ ប្រសិនបើអ្នកមានបញ្ហាដុះសាច់ក្រពេញប្រូស្តាត ថ្នាំនេះអាចធ្វើឱ្យអ្នកពិបាកបត់ជើងតូច។ ប្រសិនបើអ្នកមានជំងឺបេះដូង សម្ពាធឈាមខ្ពស់ កំពុងមានផ្ទៃពោះ ឬស្ថានភាពដែលបានរៀបរាប់ខាងលើ សូមពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើប្រាស់

អ្នកមិនគួរប្រើប្រាស់ថ្នាំបាញ់ច្រមុះបំបាត់ការតឹងច្រមុះលើសពី ២ ទៅ ៣ ថ្ងៃជាប់គ្នានោះទេ ព្រោះការប្រើប្រាស់រយៈពេលយូរអាចធ្វើឱ្យរោគសញ្ញាកាន់តែអាក្រក់ទៅៗ (Rebound edema – ការហើមត្រឡប់មកវិញ)

ក្រូម៉ូលីន សូដ្យូម (Cromolyn sodium) គឺជាឱសថដែលអាចសម្រាលរោគសញ្ញានៃជំងឺគ្រុនផ្ដាសាយហៃ ដោយការទប់ស្កាត់ការបញ្ចេញសារធាតុហ៊ីស្តាមីន។ ដើម្បីទទួលបានលទ្ធផលល្អបំផុត ឱសថនេះគួរតែត្រូវបានប្រើប្រាស់មុនពេលរោគសញ្ញាចាប់ផ្តើមលេចឡើង។ វាមានជាទម្រង់ថ្នាំបាញ់ច្រមុះដែលមិនត្រូវការវេជ្ជបញ្ជា ប៉ុន្តែទាមទារការប្រើប្រាស់ច្រើនដងក្នុងមួយថ្ងៃ។ ចំពោះទម្រង់ជាថ្នាំបន្តក់ភ្នែក គឺត្រូវការវេជ្ជបញ្ជាពីគ្រូពេទ្យ។ ជាសំណាងល្អ ឱសថនេះមានផលរំខានតិចតួចបំផុត

ថ្នាំទប់ស្កាត់សារធាតុឡឺកូទ្រាន (Leukotriene modifier) ម៉ុងតេលូកាស (Montelukast ឬឈ្មោះពាណិជ្ជកម្ម Singulair) គឺជាថ្នាំគ្រាប់តាមវេជ្ជបញ្ជា ដែលជាទូទៅត្រូវបានប្រើដើម្បីព្យាបាលជំងឺហឺតដែលបង្កឡើងដោយអាលែកហ្ស៊ី ដោយការទប់ស្កាត់សកម្មភាពរបស់សារធាតុឡឺកូទ្រាន (Leukotrienes)។ ឡឺកូទ្រាន គឺជាសារធាតុគីមីនៃប្រព័ន្ធភាពស៊ាំដែលបណ្តាលឱ្យមានរោគសញ្ញាអាលែកហ្ស៊ី ដូចជាការរំខានក្នុងច្រមុះ និងការមានសំបោរច្រើនហួសប្រមាណ

ឱសថនេះគឺជាជម្រើសដ៏ល្អជំនួសឱ្យថ្នាំបាញ់ច្រមុះ នៅពេលដែលអ្នកជំងឺមិនអាចទ្រាំទ្រនឹងថ្នាំបាញ់បាន ឬសម្រាប់ករណីជំងឺហឺតកម្រិតស្រាល។ ទោះជាយ៉ាងណាក៏ដោយ ផលរំខានមួយរបស់វាគឺការឈឺក្បាល ហើយក្នុងករណីកម្រ វាអាចបង្កឱ្យមានប្រតិកម្មផ្លូវចិត្តដូចជា ការគេងមិនលក់ ការថប់បារម្ភ ជំងឺបាក់ទឹកចិត្ត និងគំនិតចង់សម្លាប់ខ្លួន។ ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាផ្លូវចិត្តមិនប្រក្រតីណាមួយ សូមស្វែងរកការប្រឹក្សាវេជ្ជសាស្ត្រជាបន្ទាន់

ថ្នាំបាញ់ច្រមុះ អ៊ីប្រាត្រូព្យូម (Nasal ipratropium) គឺជាឱសថដែលត្រូវមានវេជ្ជបញ្ជាក្នុងទម្រង់ជាថ្នាំបាញ់ច្រមុះ។ វាដំណើរការដោយការបញ្ឈប់ក្រពេញក្នុងច្រមុះមិនឱ្យផលិតសំបោរច្រើនហួសប្រមាណ ដែលជួយសម្រាលអាការៈហៀរសំបោរធ្ងន់ធ្ងរ។ ប៉ុន្តែ វាមិនមានប្រសិទ្ធភាពសម្រាប់ព្យាបាលរោគសញ្ញាដូចជា កណ្តាស់ រមាស់ ឬតឹងច្រមុះនោះទេ។
ឱសថនេះអាចបង្កផលរំខានកម្រិតស្រាលដូចជា ស្ងួតច្រមុះ ហូរឈាមច្រមុះ ឈឺក្បាល និងស្ងួត ឬរមាស់ភ្នែក។ ជួនកាល វាអាចនាំឱ្យមានផលរំខានធ្ងន់ធ្ងរដូចជា វិលមុខ ស្រវាំងភ្នែក និងពិបាកបត់ជើងតូច។ គេមិនណែនាំឱ្យប្រើឱសថនេះទេ ប្រសិនបើអ្នកមានបញ្ហាដុះសាច់ក្រពេញប្រូស្តាត ឬជំងឺទឹកដក់ក្នុងភ្នែក

ថ្នាំលេបប្រភេទកទីកូស្តេរ៉ូអ៊ីត (Oral corticosteroids) ថ្នាំប្រេដនីសូម (Prednisone) ដែលជាប្រភេទឱសថកទីកូស្តេរ៉ូអ៊ីត អាចត្រូវបានប្រើដើម្បីសម្រាលរោគសញ្ញាអាលែកហ្ស៊ីធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារការប្រើប្រាស់ឱសថនេះក្នុងរយៈពេលយូរអាចបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជា ជំងឺភ្នែកឡើងបាយ ជំងឺពុកឆ្អឹង និងភាពខ្សោយសាច់ដុំ ដូចនេះគេច្រើនប្រើវាត្រឹមតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ

ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ

ការចាក់ថ្នាំបង្ការអាលែកហ្ស៊ី ឬហៅម្យ៉ាងទៀតថា ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ ឬការព្យាបាលដើម្បីកាត់បន្ថយភាពរងកម្ម (Desensitization therapy) អាចផ្លាស់ប្តូររបៀបដែលប្រព័ន្ធភាពស៊ាំរបស់អ្នកឆ្លើយតបទៅនឹងសារធាតុបង្កអាលែកហ្ស៊ី។ ប្រសិនបើឱសថមិនមានប្រសិទ្ធភាព ឬបង្កផលរំខានច្រើនពេកសម្រាប់រោគសញ្ញាជំងឺគ្រុនផ្ដាសាយហៃរបស់អ្នក គ្រូពេទ្យអាចនឹងណែនាំឱ្យប្រើវិធីចាក់ថ្នាំនេះ។ ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ ការចាក់បញ្ចូលសារធាតុបង្កអាលែកហ្ស៊ីក្នុងបរិមាណតិចតួចជាទៀងទាត់ មានគោលបំណងជួយឱ្យរាងកាយរបស់អ្នកស៊ាំទៅនឹងសារធាតុទាំងនោះ និងអាចកាត់បន្ថយការពឹងផ្អែកលើឱសថ។ វិធីសាស្ត្រនេះអាចមានប្រយោជន៍ជាពិសេសសម្រាប់អ្នកដែលអាលែកហ្ស៊ីនឹងអង្កែសត្វ សត្វល្អិតក្នុងធូលី ឬលម្អងផ្កាពីដើមឈើ ស្មៅ ឬផ្កាស្មៅ។ បន្ថែមពីនេះ ចំពោះកុមារ វាអាចជួយការពារការវិវត្តទៅជាជំងឺហឺតផងដែរ

ថ្នាំគ្រាប់អាលែកហ្ស៊ីដាក់ក្រោមអណ្តាត ជំនួសឱ្យការចាក់ថ្នាំ អ្នកអាចប្រើថ្នាំគ្រាប់ដាក់ក្រោមអណ្តាតឱ្យរលាយក្នុងមាត់ ដែលមានផ្ទុកសារធាតុបង្កអាលែកហ្ស៊ីក្នុងបរិមាណតិចតួចបំផុត។ ជាទូទៅ ថ្នាំគ្រាប់ទាំងនេះត្រូវប្រើប្រាស់ជារៀងរាល់ថ្ងៃ។ ទោះបីជាវាអាចនឹងមិនមានប្រសិទ្ធភាពសម្រាប់គ្រប់ប្រភេទនៃសារធាតុបង្កអាលែកហ្ស៊ីក៏ដោយ ប៉ុន្តែវាអាចមានប្រយោជន៍សម្រាប់អ្នកដែលអាលែកហ្ស៊ីនឹងសត្វល្អិតក្នុងធូលី លម្អងស្មៅ និងលម្អងផ្កាស្មៅ

ការលាងសម្អាតច្រមុះដោយទឹកអំបិល

ថ្នាំបាញ់ច្រមុះទឹកអំបិល ថ្នាំបាញ់ច្រមុះដែលមានជាតិទឹកអំបិល ជួយធ្វើឱ្យសំបោររាវ និងផ្តល់សំណើមដល់រន្ធច្រមុះដែលស្ងួត។ ថ្នាំនេះមិនត្រូវការវេជ្ជបញ្ជាឡើយ ហើយអាចប្រើប្រាស់បានញឹកញាប់តាមដែលត្រូវការ
ការលាងជម្រះរន្ធច្រមុះ ការលាងជម្រះរន្ធច្រមុះរបស់អ្នកជាមួយទឹកអំបិល គឺជាបច្ចេកទេសដ៏រហ័ស និងមានប្រសិទ្ធភាពដើម្បីកម្ចាត់ការតឹងច្រមុះ។ សំបោរ និងសារធាតុបង្កអាលែកហ្ស៊ីនឹងត្រូវបានលាងសម្អាតចេញពីច្រមុះរបស់អ្នក។ ទឹកដែលប្រើសម្រាប់លាងនេះ គឺជាល្បាយដែលមានផ្ទុកជាតិអំបិល (សូដ្យូម) ក្នុងបរិមាណតិចតួច និងសារធាតុផ្សេងៗទៀត

Doctors who treat this condition