ទិដ្ឋភាពទូទៅ
ស្នាមអុជខ្មៅ ឬត្រូវបានគេស្គាល់ផងដែរថាជា ស្នាមអុជខ្មៅដោយសារកម្ដៅថ្ងៃ (sunspots) ស្នាមអុជថ្លើម (liver spots) ឬ Solar lentigines គឺជាចំណុចតូចៗ រាបស្មើ និងមានពណ៌ដិត ដែលលេចឡើងនៅលើស្បែក ជាពិសេសនៅលើតំបន់ដែលប៉ះនឹងពន្លឺព្រះអាទិត្យខ្លាំងដូចជា ផ្ទៃមុខ ខ្នងដៃ ស្មា និងដើមដៃ។ ទោះបីជាវាជារឿងធម្មតាសម្រាប់មនុស្សដែលមានអាយុលើសពី ៥០ ឆ្នាំក៏ដោយ ប៉ុន្តែមនុស្សវ័យក្មេងក៏អាចកើតមានវាដែរ ប្រសិនបើប៉ះនឹងពន្លឺព្រះអាទិត្យក្នុងរយៈពេលយូរ។
ស្នាមទាំងនេះអាចមានរូបរាងស្រដៀងនឹងដុំសាច់មហារីក ប៉ុន្តែស្នាមអុជខ្មៅពិតប្រាកដ ជាទូទៅមិនត្រូវការការព្យាបាលនោះទេ។ ផ្ទុយទៅវិញ វាគឺជាសញ្ញាដែលបង្ហាញថាស្បែកបានប៉ះនឹងពន្លឺព្រះអាទិត្យខ្លាំង ដែលជាប្រតិកម្មធម្មជាតិរបស់ស្បែកដើម្បីការពារខ្លួនពីការបំផ្លាញបន្ថែមទៀត។ សម្រាប់ហេតុផលសោភ័ណភាព បុគ្គលមួយចំនួនអាចជ្រើសរើសវិធីធ្វើឱ្យស្នាមទាំងនោះស្រាលពណ៌ ឬលុបបំបាត់វាចោល។
ដើម្បីបង្ការស្នាមអុជខ្មៅ អ្នកគួរប្រើឡេការពារកម្ដៅថ្ងៃឱ្យបានទៀងទាត់ និងកាត់បន្ថយការប៉ះនឹងពន្លឺព្រះអាទិត្យ។ ការអនុវត្តបែបនេះអាចជួយរក្សាស្បែកឱ្យមានសុខភាពល្អ និងមើលទៅក្មេងជាងវ័យ។
រោគសញ្ញា
ស្នាមអុជថ្លើម ដែលអាចលេចឡើងនៅលើផ្ទៃមុខ ដៃ ក ឬដើមដៃ ជាធម្មតាមានពណ៌ត្នោតចាស់ ឬពណ៌ត្នោតស្រាល។ ពួកវាអាចផ្ដុំគ្នាជាកញ្ចុំមើលទៅដូចជាប្រជ្រុយតូចៗ ដោយមានលក្ខណៈរាបស្មើ មានរាងមូល ឬរាងពងក្រពើ ដែលមានទំហំចាប់ពីប៉ុនប្រជ្រុយតូច រហូតដល់កន្លះអ៊ីញ (១៣ មីលីម៉ែត្រ)។ ស្នាមទាំងនេះមិនបង្កការឈឺចាប់ ឬរមាស់នោះទេ ផលប៉ះពាល់ចម្ងាយរបស់វាគឺទៅលើរូបរាងខាងក្រៅតែប៉ុណ្ណោះ។
មូលហេតុ
ស្នាមអុជខ្មៅ កើតឡើងដោយសារកោសិកាពណ៌ (pigment cells) ធ្វើការខ្លាំងជ្រុល ដោយមានពន្លឺ ultraviolet (UV) ជាអ្នកជម្រុញការផលិតមេឡានីន (melanin) ដែលជាសារធាតុពណ៌ធម្មជាតិរបស់ស្បែក។ ស្នាមទាំងនេះលេចឡើងនៅលើស្បែកដែលប៉ះនឹងពន្លឺព្រះអាទិត្យច្រើនឆ្នាំ នៅពេលដែលមេឡានីនផ្ដុំគ្នាដុំៗ ឬត្រូវបានផលិតឡើងក្នុងកំហាប់ខ្ពស់។ លើសពីនេះ ការប្រើប្រាស់ម៉ាស៊ីនបាញ់កម្ដៅថ្ងៃដើម្បីឱ្យស្បែកស្រអែម (tanning lamps/beds) ក៏អាចរួមចំណែកដល់ការកកើតស្នាមអុជខ្មៅផងដែរ។
កត្តាហានិភ័យ
កត្តាមួយចំនួនដែលអាចបង្កើនហានិភ័យនៃការកើតស្នាមអុជខ្មៅ រួមមាន៖
- មានអាយុលើសពី ៥០ ឆ្នាំ
- ការប៉ះនឹងពន្លឺព្រះអាទិត្យក្នុងរយៈពេលយូរ
- ប្រវត្តិធ្លាប់រលាកស្បែកដោយសារកម្ដៅថ្ងៃខ្លាំង
- មានស្បែកពណ៌ស ឬស្រាល
- ការប្រើប្រាស់ម៉ាស៊ីនបាញ់កម្ដៅថ្ងៃ (tanning beds)
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យស្នាមអុជខ្មៅ ជាទូទៅរួមមានវិធីសាស្ត្រចម្បងពីរ៖
- ការពិនិត្យដោយផ្ទាល់ភ្នែក៖ ជាធម្មតា គ្រូពេទ្យអាចកំណត់អត្តសញ្ញាណស្នាមអុជខ្មៅបានតាមរយៈការពិនិត្យមើលស្បែករបស់អ្នកដោយផ្ទាល់។ វាមានសារៈសំខាន់ណាស់ក្នុងការបែងចែកស្នាមអុជខ្មៅឱ្យដាច់ពីបញ្ហាស្បែកផ្សេងៗទៀត ព្រោះវិធីសាស្ត្រនៃការព្យាបាលមានភាពខុសគ្នា។ ការប្រើប្រាស់នីតិវិធីខុសអាចធ្វើឱ្យយឺតយ៉ាវដល់ការព្យាបាលដែលចាំបាច់សម្រាប់ជំងឺផ្សេងៗទៀត
- ការធ្វើកោសល្យវិច័យ៖ ក្នុងការច្រឹបសាច់ពិនិត្យធ្វើកោសល្យវិច័យ គ្រូពេទ្យនឹងយកគំរូស្បែកតូចមួយពីអ្នក។ គំរូនេះនឹងត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីវាយតម្លៃ។ តាមរយៈការពិនិត្យស្បែកក្រោមមីក្រូទស្សន៍ អ្នកជំនាញសុខាភិបាលអាចបញ្ជាក់ ឬច្រានចោលនូវវត្តមាននៃមហារីកស្បែក និងស្ថានភាពផ្សេងៗទៀតដូចជាការឆ្លងមេរោគជាដើម
ការព្យាបាល
ជាញឹកញាប់ ស្នាមអុជខ្មៅមិនត្រូវការការព្យាបាលនោះទេ ប៉ុន្តែវាអាចត្រូវបានដោះស្រាយសម្រាប់ហេតុផលសោភ័ណភាព។ នីតិវិធីនានាមានគោលបំណងធ្វើឱ្យស្នាមទាំងនោះស្រាលពណ៌ ឬលុបបំបាត់វាចោល។ ប៉ុន្តែដោយសារសារធាតុពណ៌ដែលបង្កឱ្យមានស្នាមទាំងនេះស្ថិតនៅជ្រៅក្នុងស្រទាប់ស្បែកខាងក្រៅបំផុត (epidermis) ការព្យាបាលដែលមានប្រសិទ្ធភាពតម្រូវឱ្យមានការជ្រាបចូលទៅក្នុងស្រទាប់នេះ។ វាមានសារៈសំខាន់ណាស់ក្នុងការពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីពិភាក្សាអំពីជម្រើសនៃការព្យាបាលឱ្យបានហ្មត់ចត់ ដោយសារតែអាចមានផលប៉ះពាល់ផ្សេងៗ។
ការព្យាបាលស្នាមអុជខ្មៅដែលពាក់ព័ន្ធនឹងការជម្រុះស្បែក ជាធម្មតាត្រូវបានអនុវត្តនៅក្នុងគ្លីនិកគ្រូពេទ្យ ហើយមិនតម្រូវឱ្យសម្រាកនៅមន្ទីរពេទ្យនោះទេ។ រយៈពេលនៃនីតិវិធីនីមួយៗ និងពេលវេលាដែលត្រូវការដើម្បីឃើញលទ្ធផលអាចមានភាពខុសគ្នា ចាប់ពីប៉ុន្មានសប្តាហ៍រហូតដល់រាប់ខែ។ បន្ទាប់ពីការព្យាបាល វាជារឿងចាំបាច់បំផុតក្នុងការប្រើឡេការពារកម្ដៅថ្ងៃដែលការពារបានច្រើនកម្រិត (broad-spectrum sunscreen) ដែលមានកម្រិត SPF យ៉ាងតិច ៣០ និងស្លៀកសម្លៀកបំពាក់ការពារនៅពេលចេញទៅក្រៅ។
ជម្រើសនៃការព្យាបាលទូទៅសម្រាប់ស្នាមអុជខ្មៅ៖
- ការប្រើប្រាស់ថ្នាំ៖ ដើម្បីធ្វើឱ្យស្បែកមានពណ៌ស្រាលជាងមុន អ្នកអាចប្រើប្រាស់ក្រែម ឡេ ឬជែល ដែលមានលក់នៅតាមឱសថស្ថាន ឬតាមវេជ្ជបញ្ជា។ ជម្រើសទូទៅរួមមាន hydroquinone, corticosteroids ឬ retinoids។ គួរកត់សម្គាល់ថា ការព្យាបាលទាំងនេះអាចបណ្តាលឱ្យមានការរមាស់ ក្រហម រលាក ឬស្ងួតស្បែកជាបណ្តោះអាសន្ន។ ថ្នាំទាំងនេះអាចធ្វើឱ្យស្នាមអុជខ្មៅថយចុះបន្តិចម្តងៗក្នុងរយៈពេលច្រើនខែ
- ឡាស៊ែរ និងពន្លឺកម្រិតខ្លាំង (Laser and intense pulsed light)៖ ឡាស៊ែរមានសមត្ថភាពកម្ចាត់កោសិកាដែលផលិតជាតិពណ៌មេឡានីន ឬជម្រុះស្រទាប់ខាងលើនៃស្បែកដោយសុវត្ថិភាព។ ជាញឹកញាប់ ការព្យាបាលដោយឡាស៊ែរតែ ១ ទៅ ៣ លើក គឺគ្រប់គ្រាន់សម្រាប់មនុស្សជាច្រើនក្នុងការកម្ចាត់ស្នាមអុជខ្មៅ
- ការព្យាបាលដោយប្រើភាពត្រជាក់ (Cryotherapy)៖ អាសូតរាវ (Liquid nitrogen) ត្រូវបានដាក់នៅលើស្នាមអុជខ្មៅដោយប្រើសំឡីត្បាល់ត្រចៀករយៈពេលពីរបីវិនាទី ដើម្បីបំផ្លាញជាតិពណ៌ដែលលើស។ នៅពេលដែលតំបន់នោះជាសះស្បើយ ស្បែកនឹងមើលទៅមានពណ៌ស្រាលជាងមុន។ ផលប៉ះពាល់ដែលអាចកើតមានមានដូចជា ការរមាស់ស្បែកជាបណ្តោះអាសន្ន និងហានិភ័យតិចតួចនៃការកើតស្នាមសន្លាក់ ឬការប្រែពណ៌ស្បែក
- ការឆូតរំលីងស្បែក (Dermabrasion)៖ ទោះបីជាត្រូវការពេលយូរដើម្បីឃើញលទ្ធផល ប៉ុន្តែវិធីនេះមានប្រសិទ្ធភាពខ្ពស់។ យោងតាមការសិក្សាមួយ ស្នាមអុជខ្មៅបានបាត់ទៅវិញសម្រាប់អ្នកជំងឺ ២ ក្នុងចំណោម ៥ នាក់ដែលបានទទួលការព្យាបាល ២ ដងក្នុងមួយសប្តាហ៍ ក្នុងរយៈពេល ១៦ សប្តាហ៍។ ផលប៉ះពាល់ដែលអាចកើតមានរួមមាន ការហើម ឡើងក្រមរ និងក្រហមមួយរយៈពេលខ្លី។ ភាពក្រហមនេះអាចបាត់ទៅវិញក្នុងរយៈពេលពីរបីខែ។ វិធីសាស្ត្រនេះប្រើប្រាស់ឧបករណ៍ ឬសារធាតុខាត់ដើម្បីជម្រុះស្នាមអុជខ្មៅចេញ ហើយស្បែកថ្មីនឹងដុះមកជំនួសវិញ
- ការឆូតរំលីងស្បែកកម្រិតស្រាល (Microdermabrasion)៖ ដើម្បីទទួលបានលទ្ធផលសមល្មម និងបណ្តោះអាសន្ន គេត្រូវការធ្វើនីតិវិធីនេះជាបន្តបន្ទាប់ក្នុងរយៈពេលច្រើនខែ។ បុគ្គលមួយចំនួនអាចជួបប្រទះភាពក្រហមបន្តិចបន្តួច ឬអារម្មណ៍ក្រហាយនៅតំបន់ដែលបានព្យាបាល។ វាគឺជាជម្រើសដែលស្រាលជាង Dermabrasion ដែលធ្វើឱ្យភាពមិនល្អឥតខ្ចោះនៃស្បែកមើលទៅរលោងជាងមុន។ វិធីនេះមិនត្រូវបានណែនាំសម្រាប់អ្នកដែលមានជំងឺ rosacea (ស្បែកមុខក្រហម) ឬអ្នកដែលមានសរសៃឈាមក្រហមតូចៗនៅលើផ្ទៃមុខឡើយ
- ការបកស្បែកដោយសារធាតុគីមី (Chemical peel)៖ ដើម្បីទទួលបានលទ្ធផលល្អបំផុត ការបកស្បែកដោយសារធាតុគីមីអាចត្រូវបានណែនាំឱ្យធ្វើទន្ទឹមគ្នាជាមួយនឹង Microdermabrasion ឬ Cryotherapy។ វាអាចត្រូវការការធ្វើច្រើនដង ទើបចាប់ផ្តើមឃើញការប្រែប្រួល។ ក្នុងអំឡុងពេលនេះ ស្រទាប់ខាងលើនៃស្បែកត្រូវបានជម្រុះចេញដោយការប្រើប្រាស់សូលុយស្យុងគីមី ហើយស្បែកថ្មីដែលរលោងជាងមុននឹងដុះមកជំនួសវិញ។ ផលប៉ះពាល់ដែលអាចកើតមានរួមមាន ស្នាមសន្លាក់ ការឆ្លងមេរោគ និងការប្រែពណ៌ស្បែកទៅជាស្រាលជាងមុន ឬដិតជាងមុន
