ទិដ្ឋភាពទូទៅ

ក្រពេញលើតម្រងនោម (Suprarenal glands ឬ Adrenal glands) របស់អ្នក ស្ថិតនៅផ្នែកខាងលើនៃតម្រងនោមនីមួយៗ និងជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធអរម៉ូន។
ក្រពេញលើតម្រងនោមអសមត្ថភាព (Adrenal insufficiency) ឬជំងឺ Addison គឺជាស្ថានភាពមិនសូវជួបប្រទះ ដែលកើតឡើងនៅពេលដែលរាងកាយខកខានក្នុងការផលិតអរម៉ូនមួយចំនួនក្នុងបរិមាណគ្រប់គ្រាន់។ បុគ្គលដែលមានស្ថានភាពនេះ ជាធម្មតាមានកម្រិតអរម៉ូន កតីសុល (Cortisol) និង អាល់ដូស្តេរ៉ូន (Aldosterone) ទាប ដែលជាអរម៉ូនផលិតដោយក្រពេញលើតម្រងនោម។
អរម៉ូនកតីសុល (Cortisol) បំពេញតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបរបស់រាងកាយទៅនឹងភាពតានតឹង រួមទាំងភាពតានតឹងដែលបង្កឡើងដោយជំងឺ របួស ឬការវះកាត់។ វាជួយក្នុងការគ្រប់គ្រងសម្ពាធឈាម គាំទ្រសុខភាពបេះដូង ពង្រឹងប្រព័ន្ធភាពស៊ាំ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
អរម៉ូនអាល់ដូស្តេរ៉ូន (Aldosterone) មានឥទ្ធិពលលើតុល្យភាពនៃប៉ូតាស្យូម និងសូដ្យូមនៅក្នុងឈាមរបស់អ្នក។ បន្ទាប់មក វាជួយគ្រប់គ្រងសមត្ថភាពរបស់តម្រងនោមក្នុងការបញ្ចេញសារធាតុរាវក្នុងទម្រង់ជាទឹកនោម ដែលជះឥទ្ធិពលដល់បរិមាណឈាម និងសម្ពាធឈាម។
ជំងឺ Addison អាចប៉ះពាល់ដល់មនុស្សគ្រប់រូប និងមានសក្តានុពលក្នុងការគំរាមកំហែងដល់អាយុជីវិត។ ការព្យាបាលជាទូទៅរួមមាន ការព្យាបាលដោយប្រើអរម៉ូនជំនួស ដើម្បីបង្គ្រប់នូវអរម៉ូនដែលរាងកាយមិនអាចផលិតបានគ្រប់គ្រាន់។

រោគសញ្ញា

រោគសញ្ញានៃជំងឺ Addison ជាធម្មតាលេចឡើងយឺតៗ ជាញឹកញាប់ក្នុងរយៈពេលច្រើនខែ។ អ្នកដែលមានជំងឺនេះអាចនឹងមើលរំលងរោគសញ្ញានៅដំណាក់កាលដំបូង ដោយសារវាវិវត្តយឺតខ្លាំង។ បន្ទាប់មក នៅពេលមានកត្តាជំរុញដូចជា របួស ឬជំងឺ វានឹងធ្វើឱ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ

រោគសញ្ញាមួយចំនួនរួមមាន៖

  • អស់កម្លាំងខ្លាំង
  • សន្លប់
  • ថយចុះចំណង់អាហារ
  • ស្រកទម្ងន់
  • ស្បែកប្រែជាពណ៌ក្រម៉ៅ (Dark pigmentation) នៅលើផ្នែកខ្លះនៃរាងកាយ
  • សម្ពាធឈាមធ្លាក់ចុះ
  • ការចង់បរិភោគអាហារដែលមានរសជាតិប្រៃ
  • ជាតិស្ករក្នុងឈាមទាប (Hypoglycemia)
  • រោគសញ្ញាពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារ ដូចជា ចង្អោរ ក្អួត រាគ និងឈឺពោះ
  • ការឈឺចាប់សន្លាក់ និងសាច់ដុំ
  • ការជ្រុះសក់
  • បញ្ហាផ្លូវភេទ
  • ភាពឆាប់ខឹង
  • ជំងឺបាក់ទឹកចិត្ត

វិបត្តិ Addisonian ឬការខ្សោយក្រពេញ Adrenal ស្រួចស្រាវ

សញ្ញានៃជំងឺ Addison ជួនកាលអាចកើតឡើងដោយមិនដឹងមូលហេតុ។ ការឆក់ (shock ) ដែលគំរាមកំហែងដល់អាយុជីវិត អាចបណ្តាលមកពីភាពមិនគ្រប់គ្រាន់នៃក្រពេញ Adrenal ស្រួចស្រាវ។ ចំពោះករណីដូចខាងក្រោម សូមស្វែងរកការព្យាបាលពីគ្រូពេទ្យជាបន្ទាន់៖

  • ភាពច្របូកច្របល់
  • ភាពទន់ខ្សោយខ្លាំង
  • ឈឺជើង ឬឈឺខ្នងផ្នែកខាងក្រោម
  • សម្ពាធឈាមថយចុះ
  • ស្មារតីថយចុះ ឬវង្វេងវង្វាន់
  • ឈឺពោះធ្ងន់ធ្ងរ ក្អួត និងរាគ ដែលបណ្តាលឱ្យខ្សោះជាតិទឹក

ប្រសិនបើអ្នកមានរោគសញ្ញាទូទៅនៃជំងឺ Addison ដូចខាងក្រោម សូមពិគ្រោះជាមួយគ្រូពេទ្យ៖

  • ខ្សោះជាតិទឹក ដែលជាទូទៅហៅថាការបាត់បង់ទឹកខ្លាំងពីរាងកាយ
  • មានពណ៌ស្បែកខ្មៅនៅកន្លែងមួយចំនួននៃរាងកាយ
  • អស់កម្លាំង
  • ស្រកទម្ងន់
  • ក្អួត ចង្អោរ ឬឈឺពោះ
  • ឈឺសន្លាក់ ឬសាច់ដុំ
  • ដួលសន្លប់
  • ចង់ញ៉ាំអំបិល

មូលហេតុ

ក្រពេញលើតម្រងនោមត្រូវបានខូចខាតនៅក្នុងជំងឺ Addison។ ក្នុងនាមជាផ្នែកមួយនៃប្រព័ន្ធអរម៉ូន ក្រពេញនេះផលិតអរម៉ូនដែលមានឥទ្ធិពលលើសឹងតែគ្រប់សរីរាង្គ និងជាលិកាទាំងអស់នៃរាងកាយ។ នៅពេលដែលក្រពេញទាំងនេះរងការខូចខាត កម្រិតអរម៉ូន កតីសុល (Cortisol) និងជាញឹកញាប់រួមទាំងអរម៉ូន អាល់ដូស្តេរ៉ូន (Aldosterone) នឹងធ្លាក់ចុះទាប
ក្រពេញលើតម្រងនោមចែកចេញជាពីរផ្នែក គឺមេឌុលឡា (Medulla) ស្ថិតនៅផ្នែកខាងក្នុង ដែលផលិតអរម៉ូនស្រដៀងនឹងអាដ្រេណាលីន (Adrenaline) និងខតតិច (Cortex) គឺជាស្រទាប់ខាងក្រៅ ដែលផលិតក្រុមអរម៉ូនហៅថា កតីកូស្តេរ៉ូអ៊ីត (Corticosteroids)។ ក្នុងចំណោមអរម៉ូនកតីកូស្តេរ៉ូអ៊ីត រួមមាន៖

  • គ្លុយកូកតីកូអ៊ីត (Glucocorticoids): អរម៉ូនកតីសុល ស្ថិតក្នុងចំណោមអរម៉ូនទាំងនេះ ដែលមានឥទ្ធិពលលើសមត្ថភាពរបស់រាងកាយក្នុងការបំប្លែងអាហារទៅជាថាមពល។ ពួកវាជួយរាងកាយក្នុងការទប់ទល់នឹងភាពតានតឹង និងចូលរួមចំណែកក្នុងការឆ្លើយតបនឹងការរលាកនៃប្រព័ន្ធភាពស៊ាំ
  • មីណេរ៉ាឡូកតីកូអ៊ីត (Mineralocorticoids): អរម៉ូនអាល់ដូស្តេរ៉ូន ស្ថិតក្នុងចំណោមអរម៉ូនទាំងនេះ ដែលធ្វើតុល្យភាពកម្រិតសូដ្យូម និងប៉ូតាស្យូមរបស់រាងកាយ ដើម្បីរក្សាសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតសុខភាពល្អ។
  • អង់ដ្រូសែន (Androgens): ក្រពេញលើតម្រងនោមផលិតអរម៉ូនភេទនេះក្នុងបរិមាណតិចតួចចំពោះមនុស្សគ្រប់រូប។ ពួកវាមានឥទ្ធិពលលើការវិវត្តនៃលក្ខណៈភេទបុរស។ បន្ថែមពីនេះ ពួកវាក៏មានឥទ្ធិពលលើចំណង់ផ្លូវភេទ សាច់ដុំ និងអារម្មណ៍នៃសុខុមាលភាពចំពោះមនុស្សគ្រប់រូបផងដែរ

អសមត្ថភាពក្រពេញលើតម្រងនោមប្រភេទបឋម

ជួនកាល ខតតិច (Cortex) ដែលជាស្រទាប់ខាងក្រៅបំផុតនៃក្រពេញលើតម្រងនោម អាចរងការខូចខាត។ អសមត្ថភាពក្រពេញលើតម្រងនោមប្រភេទបឋម គឺជាបញ្ហាមួយដែលកើតឡើងនៅពេលរាងកាយមិនអាចផលិតអរម៉ូនបានគ្រប់គ្រាន់។ ជាទូទៅវាបណ្តាលមកពីជំងឺអូតូអ៊ុយមីន (Autoimmune diseases) ដែលរាងកាយវាយប្រហារខ្លួនឯង។ អ្នកជំងឺ Addison ក៏មានទំនោរងាយនឹងមានជំងឺអូតូអ៊ុយមីនប្រភេទផ្សេងទៀត ជាងមនុស្សទូទៅផងដែរ។
ក្រៅពីនេះការចុះខ្សោយនៃក្រពេញលើតម្រងនោម ក៏អាចបណ្តាលមកពីការរីករាលដាលនៃជំងឺមហារីកទៅដល់ក្រពេញលើតម្រងនោម ការហូរឈាមក្នុងក្រពេញលើតម្រងនោម ជំងឺរបេង ឬការឆ្លងមេរោគផ្សេងៗនៅក្នុងក្រពេញលើតម្រងនោម

អសមត្ថភាពក្រពេញលើតម្រងនោមប្រភេទបន្ទាប់បន្សំ

ក្រពេញភីពូអ៊ីទែរ (Pituitary gland) ផលិតអរម៉ូនម្យ៉ាងហៅថា Adrenocorticotropic Hormone (ACTH) ដែលមានតួនាទីរំញោចខតតិចនៃក្រពេញលើតម្រងនោមឱ្យផលិតអរម៉ូនរបស់វា។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាសុខភាពមួយចំនួនដូចជា ការរលាក ដុំសាច់ក្នុងក្រពេញភីពូអ៊ីទែរ និងការវះកាត់ក្រពេញភីពូអ៊ីទែរ អាចបណ្តាលឱ្យការផលិត ACTH មិនបានគ្រប់គ្រាន់។ ជាលទ្ធផល វានឹងធ្វើឱ្យក្រពេញលើតម្រងនោមផលិតអរម៉ូនអង់ដ្រូសែន និងគ្លុយកូកតីកូអ៊ីតទាបពេក។ ការអសមត្ថភាពប្រភេទនេះត្រូវបានគេស្គាល់ថាជា អសមត្ថភាពក្រពេញលើតម្រងនោមប្រភេទបន្ទាប់បន្សំ
រោគសញ្ញាភាគច្រើននៃប្រភេទបន្ទាប់បន្សំនេះ គឺស្រដៀងគ្នាខ្លាំងទៅនឹងប្រភេទបឋមដែរ។ ប៉ុន្តែ អ្នកដែលមានការអសមត្ថភាពប្រភេទបន្ទាប់បន្សំ មិនមានការប្រែប្រួលពណ៌ស្បែកឡើយ ហើយពួកគេមិនសូវប្រឈមនឹងការខ្សោះជាតិទឹកធ្ងន់ធ្ងរ ឬសម្ពាធឈាមទាបខ្លាំងនោះទេ។ ផ្ទុយទៅវិញ ពួកគេងាយនឹងជួបប្រទះបញ្ហាជាតិស្ករក្នុងឈាមទាបជាង។
ការបញ្ឈប់ការប្រើប្រាស់ថ្នាំកតីកូស្តេរ៉ូអ៊ីត (ដូចជាថ្នាំ Prednisone) ភ្លាមៗ ដែលប្រើសម្រាប់ព្យាបាលជំងឺរលាកសន្លាក់ ឬហឺត អាចបណ្តាលឱ្យកើតមានអសមត្ថភាពក្រពេញលើតម្រងនោមប្រភេទបន្ទាប់បន្សំជាបណ្តោះអាសន្ន។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយកម្រិតថ្នាំបន្តិចម្តងៗ ដើម្បីជៀសវាងផលវិបាកជាយថាហេតុនេះ។

កត្តាហានិភ័យ

មនុស្សគ្រប់វ័យសុទ្ធតែអាចប្រឈមនឹងជំងឺ Addison ប៉ុន្តែអ្នកដែលមានអាយុចន្លោះពី ៣០ ដល់ ៥០ ឆ្នាំ គឺជាក្រុមដែលរងផលប៉ះពាល់ញឹកញាប់បំផុត។
ជំងឺ Addison គឺមានអត្រាកើតឡើងខ្ពស់ជាងឆ្ងាយចំពោះបុគ្គលដែលមាន រោគសញ្ញាពហុអរម៉ូនស៊ាំនឹងខ្លួនឯង (Autoimmune polyendocrine syndrome) ដែលជាជំងឺហ្សែនដ៏កម្រម្យ៉ាង ដែលប្រព័ន្ធភាពស៊ាំវាយប្រហារលើជាលិកា និងសរីរាង្គជាច្រើនដោយអចេតនា។ ទោះបីជាវាអាចប៉ះពាល់ដល់ជាលិកា និងសរីរាង្គប្រភេទផ្សេងទៀតក៏ដោយ ប៉ុន្តែរោគសញ្ញានេះតែងតែប៉ះពាល់ដល់ភ្នាសរំអិល (Mucous membranes) ក្រពេញលើតម្រងនោម និងក្រពេញប៉ារ៉ាទីរ៉ូអ៊ីត (Parathyroid glands) របស់អ្នក

លទ្ធភាពនៃការកើតជំងឺ Addison ប្រភេទអូតូអ៊ុយមីនក៏មានការកើនឡើងផងដែរ ចំពោះបុគ្គលដែលមានជំងឺអូតូអ៊ុយមីនដូចខាងក្រោម៖

  • រលាកក្រពេញទីរ៉ូអ៊ីតរ៉ាំរ៉ៃ (Chronic thyroiditis)
  • ជំងឺទឹកនោមផ្អែមប្រភេទទី ១ (Type I diabetes)
  • ជំងឺ Graves (Graves’ disease) – បណ្តាលមកពីក្រពេញទីរ៉ូអ៊ីតធ្វើការខ្លាំងជ្រុល
  • ជំងឺស្លេកស្លាំងកង្វះវីតាមីន B12 (Pernicious anemia)
  • ជំងឺរលាកស្បែកប្រភេទ Dermatitis herpetiformis
  • ជំងឺឃ្លង់ល្ពៅ (Vitiligo)
  • ជំងឺខ្សោយសាច់ដុំ (Myasthenia gravis)

ការធ្វើរោគវិនិច្ឆ័យ

ក្នុងកំឡុងពេលវាយតម្លៃវេជ្ជសាស្ត្រ វេជ្ជបណ្ឌិតនឹងសាកសួរអំពីប្រវត្តិវេជ្ជសាស្ត្រ និងរោគសញ្ញាបច្ចុប្បន្នរបស់អ្នក។ ពួកគេក៏អាចនឹងធ្វើតេស្តដូចខាងក្រោម៖

  • ការពិនិត្យឈាម៖ ការធ្វើតេស្តនេះអាចកំណត់កម្រិតសូដ្យូម ប៉ូតាស្យូម កតីសុល (Cortisol) និងអរម៉ូន Adrenocorticotropic (ACTH) នៅក្នុងឈាម។ លើសពីនេះ គេក៏អាចវាស់ស្ទង់រកអង់ទីករ (Antibodies) ដែលពាក់ព័ន្ធនឹងជំងឺ Addison ប្រភេទស៊ាំនឹងខ្លួនឯងតាមរយៈការពិនិត្យឈាមផងដែរ
  • តេស្តរំញោច ACTH៖ អរម៉ូន ACTH មានតួនាទីបញ្ជាឱ្យក្រពេញលើតម្រងនោមផលិតកតីសុល។ ការធ្វើតេស្តនេះគឺដើម្បីប្រៀបធៀបកម្រិតកតីសុលនៅក្នុងឈាម មុនពេល និងក្រោយពេលចាក់បញ្ចូលអរម៉ូន ACTH សិប្បនិម្មិត
  • តេស្តបញ្ចុះជាតិស្ករដោយអាំងស៊ុយលីន៖ តេស្តនេះត្រូវបានធ្វើឡើងដើម្បីកំណត់ថា តើក្រពេញភីពូអ៊ីទែរគឺជាឫសគល់នៃការអសមត្ថភាពក្រពេញលើតម្រងនោមប្រភេទបន្ទាប់បន្សំដែរឬទេ។ បន្ទាប់ពីការចាក់អាំងស៊ុយលីន កម្រិតជាតិស្ករក្នុងឈាម និងកម្រិតកតីសុលនឹងត្រូវវាស់ស្ទង់ដើម្បីពិនិត្យលទ្ធផល
  • ការធ្វើរោគវិនិច្ឆ័យតាមរូបភាព៖ ការថតរូបភាពវេជ្ជសាស្ត្រដោយកុំព្យូទ័រ (CT scan) ត្រូវបានធ្វើឡើងនៅលើតំបន់ពោះ ដើម្បីវាយតម្លៃទំហំនៃក្រពេញលើតម្រងនោម និងស្វែងរកបញ្ហាផ្សេងៗ។ ទន្ទឹមនឹងនេះ ការថតរូបភាពវេជ្ជសាស្ត្រដោយម៉ាញេទិក (MRI) ត្រូវបានប្រើដើម្បីពិនិត្យក្រពេញភីពូអ៊ីទែរ និងធ្វើរោគវិនិច្ឆ័យរកក្រពេញលើតម្រងនោមអសមត្ថភាពប្រភេទបន្ទាប់បន្សំ

ការព្យាបាល

ជំងឺ Addison ត្រូវបានព្យាបាលដោយការប្រើប្រាស់ថ្នាំ។ ការព្យាបាលដោយប្រើអរម៉ូនជំនួស (Hormone replacement therapy) ជួយស្តារឡើងវិញនូវកង្វះខាតនៃអរម៉ូនស្តេរ៉ូអ៊ីតនៅក្នុងរាងកាយ។ ថ្នាំគ្រាប់កតីកូស្តេរ៉ូអ៊ីតសម្រាប់លេបមួយចំនួនត្រូវបានប្រើប្រាស់ក្នុងការព្យាបាល ដូចជា៖

  • Fludrocortisone acetate៖ ដើម្បីជំនួសអរម៉ូនអាល់ដូស្តេរ៉ូន (Aldosterone)
  • Hydrocortisone, Prednisone ឬ Methylprednisolone៖ ដើម្បីជំនួសអរម៉ូនកតីសុល (Cortisol)។ អរម៉ូនទាំងនេះត្រូវបានផ្តល់ឱ្យតាមកាលវិភាគជាក់លាក់ ដើម្បីធ្វើត្រាប់តាមការប្រែប្រួលកម្រិតកតីសុលដែលរាងកាយផលិតក្នុងរយៈពេលមួយថ្ងៃ

ប្រសិនបើអ្នកមានរោគសញ្ញាដូចជា រាគ ហាត់ប្រាណខ្លាំងពេក ឬស្ថិតក្នុងមជ្ឈដ្ឋានដែលមានកម្តៅក្តៅ របបអាហាររបស់អ្នកអាចនឹងតម្រូវឱ្យបន្ថែមបរិមាណអំបិល។ លើសពីនេះ ប្រសិនបើរាងកាយរបស់អ្នកស្ថិតក្នុងស្ថានភាពតានតឹងដោយសារការឆ្លងមេរោគ ជំងឺប្រភេទស្រាលៗ ឬការវះកាត់ គ្រូពេទ្យអាចនឹងបង្កើនកម្រិតថ្នាំរបស់អ្នកជាបណ្តោះអាសន្ន។ ក្នុងករណីដែលអ្នកមានអាការៈក្អួត ឬពិបាកលេបថ្នាំ អ្នកអាចនឹងត្រូវការព្យាបាលដោយការចាក់ថ្នាំកតីកូស្តេរ៉ូអ៊ីតវិញ

អនុសាសន៍បន្ថែមសម្រាប់ការថែទាំ៖

  • តែងតែភ្ជាប់តាមខ្លួននូវកាត ឬខ្សែដៃបញ្ជាក់ពីបញ្ហាសុខភាព៖ បុគ្គលិកសង្គ្រោះបន្ទាន់អាចកំណត់ប្រភេទនៃការថែទាំដែលអ្នកត្រូវការបាន តាមរយៈការពិនិត្យមើលកាតសង្គ្រោះបន្ទាន់ផ្នែកស្តេរ៉ូអ៊ីត និងសញ្ញាសម្គាល់វេជ្ជសាស្ត្ររបស់អ្នក។ ក្រៅពីនេះ អ្នកក៏គួរតែមានផែនការសកម្មភាពដែលបានសរសេរទុកជាស្រេចផងដែរ
  • តែងតែរក្សាទុកថ្នាំបម្រុង៖ ការខកខានលេបថ្នាំសូម្បីតែមួយថ្ងៃ ក៏អាចបង្កគ្រោះថ្នាក់ដល់អ្នកបានដែរ។ ដូច្នេះ គួរដាក់តាមខ្លួននូវថ្នាំក្នុងបរិមាណតិចតួចនៅពេលអ្នកធ្វើដំណើរ ឬនៅកន្លែងធ្វើការ
  • ដាក់តាមខ្លួននូវកញ្ចប់ឧបករណ៍ចាក់ថ្នាំ គ្លុយកូកតីកូអ៊ីត (Glucocorticoid injection kit)៖ ក្នុងករណីមានអាសន្ន កញ្ចប់នេះរួមមានថ្នាំកតីកូស្តេរ៉ូអ៊ីតសម្រាប់ចាក់ ម្ជុល និងសឺរ៉ាំង
  • រក្សាទំនាក់ទំនងជាមួយវេជ្ជបណ្ឌិត៖ គ្រូពេទ្យអាចតាមដានកម្រិតអរម៉ូនរបស់អ្នក។ គ្រូពេទ្យអាចនឹងត្រូវផ្លាស់ប្តូរកម្រិតថ្នាំ ឬពេលវេលាប្រើប្រាស់ ប្រសិនបើអ្នកជួបប្រទះផលប៉ះពាល់នៃថ្នាំ
  • ការពិនិត្យសុខភាពប្រចាំឆ្នាំ៖ ពិគ្រោះជាមួយវេជ្ជបណ្ឌិតទូទៅ ឬវេជ្ជបណ្ឌិតឯកទេសអរម៉ូន យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ គ្រូពេទ្យក៏អាចណែនាំឱ្យអ្នកធ្វើតេស្តប្រចាំឆ្នាំសម្រាប់ជំងឺស៊ាំនឹងខ្លួនឯងផងដែរ

ក្នុងករណីដែលកើតមាន វិបត្តិ Addisonian វាត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់វេជ្ជសាស្ត្របន្ទាន់បំផុត។ ជាទូទៅ ការព្យាបាលតាមសរសៃឈាម (IV) រួមមានការលាយបញ្ចូលគ្នារវាង ជាតិស្ករ ទឹកសេរ៉ូមអំបិល និងកតីកូស្តេរ៉ូអ៊ីត

Doctors who treat this condition