ទិដ្ឋភាពទូទៅ
Anterior Cruciate Ligament (ACL) គឺជាជាលិកាភ្ជាប់ដ៏មានអានុភាពនៃឆ្អឹងភ្លៅ និងឆ្អឹងស្មងជើង ដែលធ្វើអោយជង្គង់មានស្ថេរភាព។ នៅពេលដែលសរសៃចងនេះត្រូវបានកន្ត្រាក់ ឬរហែក អំឡុងពេលលេងកីឡា (មូលហេតុដែលជួបញឹកញាប់បំផុត) ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ជង្គង់ច្រើនពេកនឹងធ្វើអោយមានការរងរបួស ACL កើតឡើង។
សញ្ញា & រោគសញ្ញា
ខាងក្រោមនេះជាសញ្ញានិងរោគសញ្ញានៃរបួស ACL ៖
- មានអារម្មណ៍ថាមានសំឡេងខ្លាំង
- ហើមភ្លាមៗ
- មានអារម្មណ៍ថាគ្មានលំនឹង ឬមិនអាចទ្រទម្ងន់នៅលើជង្គង់
- ការឈឺចាប់ខ្លាំង
- ការបាត់បង់ចលនាជង្គង់
- មិនអាចបន្តសកម្មភាពបាន
ប្រសិនបើអ្នកមានអារម្មណ៍ថាមានសញ្ញា និងរោគសញ្ញាទាំងនេះនៅពេលដែលអ្នកមានរបួសជង្គង់ សូមទៅជួបគ្រូពេទ្យជាបន្ទាន់
មូលហេតុ
ការរងរបួសដោយមិនបានប៉ះជង្គង់ជារឿយៗបណ្តាលឱ្យ ACL រហែកខណៈពេលចូលរួមក្នុងកីឡា ឬសកម្មភាពហាត់ប្រាណដែលប៉ះពាល់ដល់ជង្គង់ដូចជា៖
- ប្តូរទិសដៅភ្លាមៗ បង្វិលជង្គង់ភ្លាមៗ
- ការទំលាក់ខ្លួនចុះគ្មានលំនឹងពីការលោត
- ឈប់ភ្លាមៗពេលកំពុងរត់
- ការប៉ះទង្គិចយ៉ាងខ្លាំងនៃជង្គង់ជាមួយមនុស្សម្នាក់ទៀត ដូចជាអំឡុងពេលការប្រកួតបាល់ទាត់
របួស ACL អាចជា របួសមិនពេញលេញ ឬ របួសពេញលេញ ន្តែវាក៏អាចនៅតែមិនមានបញ្ហាដែលធ្ងន់ធ្ងរពីរបួសស្រាលនោះទេ បើទោះបីជាវាមានការទាញក៏ដោយ
កត្តាហានិភ័យ
បុគ្គលខាងក្រោមនេះ អាចមានហានិភ័យក្នុងការរងរបួស ACL៖
- អត្តពលិក និងអ្នកចូលរួមក្នុងសកម្មភាពកីឡាឬលំហាត់ប្រាណដែលប៉ះពាល់ដល់ជង្គង់
- មនុស្សស្រីមានហានិភ័យខ្ពស់ជាងមនុស្សប្រុស ដោយសារទម្រង់រាងកាយ ស្ថានភាពផ្លូវកាយ ការប្រែប្រួលអរម៉ូននិងកម្លាំងសាច់ដុំ
- ការមិនបានហ្វឹកហាត់រាងកាយអោយត្រឹមត្រូវ
- ចលនាខុសប្រក្រតីនៅពេលធ្វើសកម្មភាពដែលទាក់ទងនឹងជង្គង់
- ឧបករណ៍កីឡាដែលខូចខាត ឬគ្មានស្ថេរភាព
- ស្បែកជើង ឬឧបករណ៍កីឡាដែលមិនសមរម្យ
- ការប្រើស្មៅសិប្បនិម្មិតនៅលើដីនៅពេលលេងកីឡា
ការធ្វើរោគវិនិច្ឆ័យ
ជាធម្មតាវេជ្ជបណ្ឌិត ពិនិត្យមើលការហើយ ឬការឈឺចាប់នៅជង្គង់ ហើយផ្លាស់ទីជង្គង់ទៅទិសដៅផ្សេងៗ ដើម្បីពិនិត្យមើលមុខងារនិងចលនារបស់ជង្គង់ទាំងមូល។ ក្រៅពីនេះ វេជ្ជបណ្ឌិតអាចបញ្ជាឱ្យធ្វើពិនិត្យដូចខាងក្រោមបន្ថែម ដើម្បីបញ្ជាក់អំពីរបួស៖
- ថតកាំរស្មី (X-ray) ៖ ពិនិត្យមើលអាចមានឆ្អឹងបាក់ឬទេ
- ថតរូបភាពអនុភាពម៉ាញេទិក (MRI) ៖ បង្ហាញរូបភាពនៃជាលិកាទាំងរឹងនិងទន់ ព្រមទាំងចង្កោមឆ្អឹងខ្ចីដោយប្រើរលកវិទ្យុ និងដែនម៉ាញ៉េទិច។ MRI បង្ហាញពីការរងរបួសរបស់ ACL នៅកម្រិតណា និងបង្ហាញសភាពរបួសផ្សេងទៀតនៅជង្គង់
- ឆ្លុះអេកូ (Ultrasound) ៖ បង្ហាញសរសៃពួរ សរសៃភ្លៅ សរសៃចងសាច់ដុំ ដោយប្រើរលកសំឡេង
ការព្យាបាល
វិធីសាស្ត្រព្យាបាលនៅផ្ទះដែលហៅថា R.I.C.E ត្រូវបានប្រើ ដើម្បីបន្ថយការរលាក និងការឈឺចាប់នៃជង្គង់រងរបួស៖
- Rest (សម្រាក)៖ ជួយស្ដារនីតិសម្បទា និងការពារកុំឲ្យជង្គង់ទ្រទម្ងន់
- Ice (ទឹកកក)៖ ស្អំទឹកកកចំនួន ២០នាទី រៀងរាល់ ២ម៉ោង ខណៈពេលដែលអ្នកភ្ញាក់
- Compression (ការបង្ហាប់)៖ រុំជង្គង់របស់អ្នកដោយបង់រុំយឺតដើម្បីបង្ហាប់
- Elevation (លើកឡើង)៖ លើកជង្គង់ឲ្យខ្ពស់ដាក់លើខ្នើយ ខណៈពេលដែលសម្រាក
ការស្ដារនីតិសម្បទា
អ្នកនឹងទទួលបានការនែនាំដោយអ្នកឯកទេសព្យាបាលដោយលំហាត់ប្រាណ (Physical Therapist) ព្រមជាមួយលំហាត់ប្រាណដែលអាចអនុវត្តដោយខ្លួនឯង វាជួយកាត់បន្ថយការរលាក និងការឈឺចាប់ ស្ដារចលនាជង្គង់ និងបង្កើនកម្លាំងសាច់ដុំ។ ប្រសិនបើអនុវត្តបានត្រឹមត្រូវ វាអាចជួយឲ្យ ACL ជាសះស្បើយ។ អ្នកអាចប្រើ ឧបករណ៍ទ្រជង្គង់ (brace) និង ឈើច្រត់ (crutches) ដើម្បីជៀសវាងការទំលាក់ទម្ងន់លើជង្គង់។ ការព្យាបាលដោយលំហាត់ប្រាណគឺជាផ្នែកមួយនៃការព្យាបាលរួមជាមួយថ្នាំ
ការវះកាត់
ការវះកាត់ត្រូវបានណែនាំនៅករណី ដូចជា ប្រសិនបើអ្នកជាអត្តពលិកហើយចង់បន្តលេងកីឡាទៀត ប្រសិនបើការខូចខាតសរសៃចង ឬឆ្អឹងខ្ចីលើសពីមួយកន្លែង ហើយប្រសិនបើបញ្ហាជង្គង់របស់អ្នករារាំង សកម្មភាពនៃការរស់នៅប្រចាំថ្ងៃរបស់អ្នក
ការវះកាត់ស្ដារសរសៃពួរ ACL ឡើងវិញ (ACL reconstruction) ត្រូវបានណែនាំសម្រាប់ការរងរបួស ACL ដំណើរការនេះជានីតិវិធីនៃការដកសរសៃ ACL ដែលរងរបួសចេញ ហើយជំនួសវាដោយផ្នែកមួយនៃសរសៃពួរ tendon (ពីជង្គង់ម្ខាងទៀតរបស់អ្នកជំងឺ ឬជង្គង់របស់អ្នកបរិច្ចាគ) ហៅថា “ការប្តូរសរសៃពួរ (grafting)” ដោយប្រើសរសៃពួរ ដោយសារវាមានមុខងារដូចគ្នានឹងសរសៃចងភ្ជាប់សាច់ដុំទៅនឹងឆ្អឹង
បន្ទាប់ពីការវះកាត់សម្រេចបានជោគជ័យ អ្នកអាចបន្តការព្យាបាលដោយលំហាត់ប្រាណដើម្បីស្ដារ សាងកម្លាំងសាច់ដុំឪ្យរឹងម៉ាំ និងមានស្ថេរភាពម្ដងទៀត ម្យ៉ាងទៀតកុំភ្លេចលេបថ្នាំតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតផង
អ្នកលេងកីឡាអត្តពលិកអាចត្រឡប់ទៅលេងកីឡាវិញបានយ៉ាងសុវត្ថិភាពចាប់ពី១ឆ្នាំឡើងទៅ។ ត្រូវប្រាកដថាអ្នកបានបន្តការព្យាបាលដោយលំហាត់ប្រាណយ៉ាងគ្រប់គ្រាន់ ដោយមានការណែនាំពីវេជ្ជបណ្ឌិត និងអ្នកជំនាញខាងការព្យាបាលដោយលំហាត់ប្រាណ ដើម្បីស្ដារចលនា កម្លាំង និងស្ថេរភាពឲ្យបានល្អបំផុតមុននឹងត្រលប់ទៅលេងវិញ
ប្រសិនបើអ្នកអនុវត្តតាមសេចក្តីណែនាំរបស់វេជ្ជបណ្ឌិត និងធ្វើលំហាត់ប្រាណយ៉ាងសកម្មនិងទៀងទាត់ អ្នកនឹងអាចវិលត្រលប់ទៅប្រើប្រាស់ជីវិតបានតាមធម្មតាម្ដងទៀតជាមិនខាន

