ទិវាជំងឺដាច់សរសៃឈាមខួរក្បាលពិភពលោក ពេលវេលាដ៏សំខាន់ដែលអាចផ្លាស់ប្តូរជីវិតមនុស្សម្នាក់

អត្ថបទសុខភាព

Table of Contents

ជំងឺដាច់សរសៃឈាមខួរក្បាល មិនទុកពេលច្រើនឱ្យខួរក្បាលឆ្លើយតបនោះទេ។ ទិវាជំងឺដាច់សរសៃឈាមខួរក្បាលពិភពលោក ដែលប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែតុលា ជួយរំលឹកយើងអំពីសារៈសំខាន់នៃការយល់ដឹងពីសញ្ញាព្រមាន និងការស្វែងរកការព្យាបាលឱ្យបានឆាប់រហ័ស។ អំឡុងពេលដំបូងត្រឹមតែប៉ុន្មាននាទី អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការរក្សាមុខងារខួរក្បាលនឹងឪកាសក្នុងជាសះស្បើយរបស់ជំងឺ។ លើសពីនេះ ទិវានេះប្រារព្ធឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺនេះនៅទូទាំងពិភពលោក វាបានសង្កត់ធ្ងន់ផងដែរលើកត្តាហានិភ័យផ្ទាល់ខ្លួន និងសារៈសំខាន់នៃការចាត់វិធានការឱ្យបានទាន់ពេលវេលា នៅពេលដែលរោគសញ្ញាផ្សេងៗលេចឡើង

ទិវាជំងឺដាច់សរសៃឈាមខួរក្បាលពិភពលោកផ្តោតលើអ្វីដែលកើតឡើងក្នុងរយៈពេលប៉ុន្មាននាទីដំបូង

ទិវាជំងឺដាច់សរសៃឈាមខួរក្បាលពិភពលោកនាំមកនូវការចាប់អារម្មណ៍ជាសកលចំពោះជំងឺដាច់សរសៃឈាមខួរក្បាល ប៉ុន្តែសាររបស់វាមែនត្រឹមតែជាចំណេះដឹងតែម៉្យាងនោះទេ។ ជំងឺដាច់សរសៃឈាមខួរក្បាលទាមទារការសន្និដ្ឋានយ៉ាងឆាប់រហ័ស ពីព្រោះកោសិកាខួរក្បាលចាប់ផ្តើមរងការខូចខាតនៅពេលដែលលំហូរឈាមឈប់ទៅចិញ្ចឹមខួរក្បាល ឬមានការហូរឈាមកើតឡើងនៅក្នុងខួរក្បាល

អ្នកជំងឺទៅដល់មន្ទីរពេទ្យកាន់តែលឿន នោះគ្រូពេទ្យក៏អាចកំណត់អត្តសញ្ញាណប្រភេទនៃជំងឺដាច់សរសៃឈាមខួរក្បាល និងកំណត់ការព្យាបាលត្រឹមត្រូវបានកាន់តែឆាប់។ នេះជាមូលហេតុដែលការយល់ដឹងអំពីជំងឺដាច់សរសៃឈាមខួរក្បាលពីជាមានសារៈសំខាន់ មិនត្រឹមតែចំពោះមនុស្សដែលមានហានិភ័យខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលអាចមានវត្តមាននៅពេលដែលរោគសញ្ញាលេចឡើងភ្លាមៗផងដែរ

ជំងឺដាច់សរសៃឈាមខួរក្បាល កើតឡើងភ្លាមៗដោយមិនមានសញ្ញាព្រមានច្បាស់លាស់

ជំងឺនេះកើតឡើងនៅពេលដែលខួរក្បាលមិនទទួលបានឈាមដូចធម្មតា ឬនៅពេលដែលសរសៃឈាមនៅក្នុងខួរក្បាលដាច់។ ជាទូទៅ គ្រូពេទ្យបែងចែកជំងឺដាច់សរសៃឈាមខួរក្បាលជា ២ ប្រភេទធំៗ៖

ជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទស្ទះ (Ischemic Stroke)

ជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទស្ទះ (Ischemic Stroke) កើតឡើងនៅពេលដែលមានកំណកឈាមទៅស្ទះសរសៃឈាមដែលនាំឈាមទៅកាន់ខួរក្បាល។ ករណីភាគច្រើននៃជំងឺដាច់សរសៃឈាមខួរក្បាល គឺស្ថិតនៅក្នុងប្រភេទនេះ។ ការស្ទះនេះធ្វើឱ្យឈាមដែលសម្បូរទៅដោយអុកស៊ីសែនមិនអាចហូរទៅដល់ផ្នែកខ្លះនៃខួរក្បាលបាន ដែលបណ្តាលឱ្យជាលិកាខួរក្បាលចាប់ផ្តើមបាត់បង់មុខងាររបស់វា

ជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទហូរឈាម (Hemorrhagic Stroke)

ជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទហូរឈាម (Hemorrhagic Stroke) កើតឡើងនៅពេលដែលសរសៃឈាមដាច់ បណ្តាលឱ្យមានការហូរឈាមនៅក្នុង ឬជុំវិញខួរក្បាល។ ការហូរឈាមនេះធ្វើឱ្យសម្ពាធនៅក្នុងលលាដ៍ក្បាលកើនឡើង និងបង្កការខូចខាតដល់ជាលិកាខួរក្បាលដែលនៅក្បែរនោះ

ជំងឺទាំង ២ ប្រភេទនេះ សុទ្ធតែត្រូវការការពិនិត្យព្យាបាលជាបន្ទាន់ ប៉ុន្តែវិធីសាស្ត្រក្នុងការព្យាបាលគឺខុសគ្នា។ ការពិនិត្យដោយប្រើបច្ចេកទេសរូបភាពខួរក្បាល (Brain imaging) រួមជាមួយនឹងការធ្វើតេស្តផ្សេងៗទៀត គឺចាំបាច់ណាស់ដើម្បីកំណត់រកមូលហេតុ មុននឹងសម្រេចជ្រើសរើសវិធីសាស្ត្រព្យាបាលឱ្យបានត្រឹមត្រូវ

សញ្ញាដំបូងនៃជំងឺដាច់សរសៃឈាមខួរក្បាលអាចងាយនឹងមើលរំលង

រោគសញ្ញានៃជំងឺនេះច្រើនតែលេចឡើងដោយគ្មានសញ្ញាព្រមានទុកជាមុនច្បាស់លាស់ឡើយ។ មនុស្សម្នាក់អាចមើលទៅហាក់ដូចជាមានសុខភាពល្អធម្មតា ប៉ុន្តែភ្លាមៗនោះ ពួកគេអាចចាប់ផ្តើមមានអាការៈចុះខ្សោយកម្លាំង ពិបាកនិយាយ ឬបាត់បង់លំនឹង។ វិធីដ៏ងាយស្រួលមួយដើម្បីចងចាំសញ្ញាព្រមានទាំងនេះ គឺការប្រើពាក្យកាត់ថា «BE FAST»

  • B – Balance (លំនឹង)៖ បាត់បង់លំនឹងភ្លាមៗ វិលមុខ ឬពិបាកដើរ
  • E – Eyes (ភ្នែក)៖ ស្រវាំងភ្នែកភ្លាមៗ ឃើញរូបភាពបែកជាពីរ ឬបាត់បង់ការមើលឃើញ
  • F – Face (មុខ)៖ មុខម្ខាងធ្លាក់ចុះ ឬមានអារម្មណ៍ស្ពឹក
  • A – Arms (ដៃ)៖ ដៃម្ខាងខ្សោយ ស្ពឹក ឬពិបាកលើកឡើង
  • S – Speech (ការនិយាយ)៖ និយាយមិនច្បាស់ និយាយរអាក់រអួល ឬពិបាកស្តាប់យល់
  • T – Time (ពេលវេលា)៖ សូមទាក់ទងសេវាសង្គ្រោះបន្ទាន់ ហើយប្រញាប់ទៅកាន់មន្ទីរពេទ្យដែលមានលទ្ធភាពព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាលជាបន្ទាន់

សញ្ញាព្រមានផ្សេងទៀតរួមមាន ការស្ពឹកមួយចំហៀងខ្លួនភ្លាមៗ ការវង្វេងស្មារតី ឬការឈឺក្បាលយ៉ាងខ្លាំងដែលកើតឡើងដោយគ្មានមូលហេតុច្បាស់លាស់

ទោះបីជារោគសញ្ញាទាំងនោះធូរស្រាលទៅវិញបន្ទាប់ពីរយៈពេលពីរបីនាទីក៏ដោយ ក៏អ្នកនៅតែត្រូវការការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រ។ ហេតុការណ៍ដែលកើតឡើងជាបណ្តោះអាសន្ននេះ អាចជាសញ្ញានៃ ជំងឺខ្វះឈាមទៅចិញ្ចឹមខួរក្បាលបណ្ដោះអាសន្ន ឬ Transient Ischemic Attack (TIA)ដែលអាចជាសញ្ញាព្រមានទុកជាមុនអំពីហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនៅថ្ងៃខាងមុខ

ការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាលប្រកបដោយប្រសិទ្ធភាព ចាប់ផ្តើមពីការធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ

ខួរក្បាលត្រូវការអុកស៊ីសែន និងសារធាតុចិញ្ចឹមជាប្រចាំ។ នៅពេលដែលជំងឺដាច់សរសៃឈាមខួរក្បាលរំខានដល់លំហូរឈាម ជាលិកាខួរក្បាលនឹងចាប់ផ្តើមរងការខូចខាត ហេតុនេះហើយទើបការព្យាបាលចាំបាច់ត្រូវចាប់ផ្តើមឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន

ដំបូងឡើយ គ្រូពេទ្យត្រូវកំណត់ថាតើជំងឺដាច់សរសៃឈាមខួរក្បាលនោះ បណ្តាលមកពីការស្ទះសរសៃឈាម ឬការហូរឈាមក្នុងខួរក្បាល ព្រោះករណីនីមួយៗតម្រូវឱ្យមានវិធីសាស្ត្រព្យាបាលខុសៗគ្នា។ ចំពោះអ្នកជំងឺដែលមានជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទស្ទះ (Ischemic stroke) ហើយមានលក្ខខណ្ឌសមស្រប ការព្យាបាលអាចរួមបញ្ចូលការផ្តល់ថ្នាំតាមសរសៃឈាម ដើម្បីរំលាយកំណកឈាម។ ប្រសិនបើមានការស្ទះនៅសរសៃឈាមធំ គ្រូពេទ្យអាចធ្វើការវះកាត់យកកំណកឈាមចេញ (Mechanical thrombectomy) ដោយប្រើបំពង់តូចមួយ (Catheter)

ចំពោះជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទហូរឈាម (Hemorrhagic stroke) វិញ គឺតម្រូវឱ្យមានវិធីសាស្ត្រព្យាបាលខុសគ្នា។ ការព្យាបាលផ្តោតលើការគ្រប់គ្រងការហូរឈាម ការកាត់បន្ថយសម្ពាធក្នុងលលាដ៍ក្បាល ការគ្រប់គ្រងសម្ពាធឈាម និងការជួសជុលសរសៃឈាមដែលខូចខាត នៅពេលចាំបាច់

ផែនការនៃការព្យាបាលចុងក្រោយ គឺអាស្រ័យលើប្រភេទ និងទីតាំងនៃជំងឺដាច់សរសៃឈាមខួរក្បាល រយៈពេលដែលរោគសញ្ញាបានចាប់ផ្តើមលេចឡើង និងស្ថានភាពសុខភាពទូទៅរបស់អ្នកជំងឺ

ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលអាចកកើតឡើងមុនពេលមានសញ្ញាព្រមានណាមួយលេចឡើង

ជាញឹកញាប់ ហានិភ័យនៃជំងឺនេះវិវត្តទៅតាមពេលវេលា។ កត្តាមួយចំនួនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម កម្រិតកូឡេស្តេរ៉ុលខ្ពស់ ការជក់បារី ជំងឺចង្វាក់បេះដូងមិនប្រក្រតី (atrial fibrillation) ការលើសទម្ងន់ និងកង្វះលំហាត់ប្រាណសុទ្ធតែអាចបង្កើនឱកាសនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាល។ អ្នកដែលធ្លាប់មានប្រវត្តិដាច់សរសៃឈាមខួរក្បាល ឬធ្លាប់មានអាការៈដាច់សរសៃឈាមខួរក្បាលបណ្តោះអាសន្ន (TIA) ក៏មានហានិភ័យខ្ពស់ក្នុងការកើតជំងឺនេះម្តងទៀតផងដែរ។ ការយល់ដឹងអំពីកត្តាហានិភ័យទាំងនេះគឺជារឿងសំខាន់ ព្រោះកត្តាជាច្រើនអាចត្រូវបានគ្រប់គ្រង ឬដោះស្រាយបាន មុនពេលរោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលលេចឡើង

ការកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលចាប់ផ្តើមពីអ្វីដែលអ្នកអាចគ្រប់គ្រងបាន

កត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលជាច្រើនអាចត្រូវបានគ្រប់គ្រងមុនពេលរោគសញ្ញាលេចឡើង។ ការរក្សាសម្ពាធឈាម ជាតិស្ករក្នុងឈាម កូឡេស្តេរ៉ុល និងចង្វាក់បេះដូងឱ្យស្ថិតក្រោមការគ្រប់គ្រងគឺជាជំហានដំបូងដ៏សំខាន់ ខណៈពេលដែលការធ្វើលំហាត់ប្រាណជាប្រចាំ ការរក្សាទម្ងន់ដែលមានសុខភាពល្អ ការជៀសវាងការជក់បារី និងការប្រើថ្នាំតាមវេជ្ជបញ្ជាជាប្រចាំជួយកាត់បន្ថយហានិភ័យតាមពេលវេលា

អ្នកដែលធ្លាប់មានជំងឺ TIA ឬជំងឺដាច់សរសៃឈាមខួរក្បាលរួចហើយ ឬអ្នកដែលរស់នៅជាមួយជំងឺបេះដូងលោតញាប់ ឬកត្តាហានិភ័យជាច្រើន ជារឿយៗត្រូវការវិធីសាស្រ្តផ្ទាល់ខ្លួនក្នុងការបង្ការ។ ការវាយតម្លៃផ្នែកវេជ្ជសាស្ត្រអាចជួយកំណត់ហានិភ័យណាដែលត្រូវការការយកចិត្តទុកដាក់ជាពិសេស និងណែនាំជំហានបន្ទាប់មុនពេលមានគ្រោះថ្នាក់កើតឡើង

ទិវាជំងឺដាច់សរសៃឈាមខួរក្បាលពិភពលោក៖ គឺជាការរំលឹកថា រាល់នាទីសុទ្ធតែមានសារៈសំខាន់

ទិវាជំងឺដាច់សរសៃឈាមខួរក្បាលពិភពលោក គឺជាការរំលឹកមួយថា ស្ថានភាពនៃជំងឺនេះអាចប្រែប្រួលយ៉ាងឆាប់រហ័ស ដោយទុកពេលឪ្យតិចតួចបំផុតសម្រាប់ការឆ្លើយតប។ ការសម្គាល់សញ្ញាព្រមានឱ្យបានទាន់ពេលវេលា នឹងផ្តល់ឱកាសកាន់តែប្រសើរដល់អ្នកជំងឺ ក្នុងការទទួលបានការព្យាបាលត្រឹមត្រូវ មុនពេលមុខងារខួរក្បាលត្រូវបានប៉ះពាល់កាន់តែច្រើន

ហេតុនេះហើយ ទើបការយល់ដឹងអំពីជំងឺដាច់សរសៃឈាមខួរក្បាលមានសារៈសំខាន់ មិនមែនត្រឹមតែនៅថ្ងៃទី ២៩ ខែតុលាប៉ុណ្ណោះទេ។ ការស្គាល់សញ្ញាព្រមាន ការយល់ដឹងអំពីហានិភ័យផ្ទាល់ខ្លួន និងការចាត់វិធានការយ៉ាងឆាប់រហ័សនៅពេលរោគសញ្ញាលេចឡើង អាចបង្កើតភាពខុសគ្នាដ៏សំខាន់ចំពោះលទ្ធផលសុខភាពនាពេលខាងមុខ

ការពិនិត្យមើលលំហូរឈាមឱ្យបានលម្អិត អាចជួយបញ្ជាក់អំពីហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល

សម្រាប់បុគ្គលដែលមានកត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ការវាយតម្លៃផ្នែកសរសៃប្រសាទអាចរួមបញ្ចូលនូវការធ្វើតេស្តដើម្បីពិនិត្យមើលសរសៃឈាមដែលនាំឈាមទៅកាន់ខួរក្បាលឱ្យបានកាន់តែច្បាស់លាស់។ នៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី (Vejthani International Hospital) ការពិនិត្យដោយប្រើឧបករណ៍អ៊ុលត្រាសោនប្រភេទ Carotid Doppler អាចវាយតម្លៃលំហូរឈាមតាមរយៈសរសៃឈាមធំនៅក (Carotid arteries) និងរកមើលកំណកកំបោរ (plaque) ឬការរួមតូចនៃសរសៃឈាម ដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាល។ ចំណែកឯការពិនិត្យដោយប្រើឧបករណ៍អ៊ុលត្រាសោនប្រភេទ Transcranial Doppler (TCD) វិញ គឺធ្វើឡើងដើម្បីវាយតម្លៃលំហូរឈាមនៅក្នុងសរសៃឈាមសំខាន់ៗក្នុងខួរក្បាល និងផ្តល់ព័ត៌មានបន្ថែមអំពីចរន្តឈាមនៅក្នុងខួរក្បាល

ការធ្វើតេស្តទាំងនេះ ត្រូវបានប្រើប្រាស់រួមគ្នាជាមួយនឹងការពិនិត្យមើលរោគសញ្ញារបស់អ្នកជំងឺ ប្រវត្តិសុខភាព ការពិនិត្យរាងកាយ និងកត្តាហានិភ័យផ្ទាល់ខ្លួន ដើម្បីជួយឱ្យគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យបានយ៉ាងត្រឹមត្រូវ។ ដំណើរការនេះជួយឱ្យទទួលបានរូបភាពច្បាស់លាស់អំពីហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងជួយដល់ការដាក់ចេញនូវវិធានការបង្ការដែលសមស្របបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ

សំណួរដែលសួរញឹកញាប់

តើរោគសញ្ញាដូចជាជំងឺដាច់សរសៃឈាមខួរក្បាលអាចបាត់ទៅវិញដោយខ្លួនឯងបានទេ?

រោគសញ្ញាដូចជាជំងឺដាច់សរសៃឈាមខួរក្បាលអាចប្រសើរឡើងបន្ទាប់ពីពីរបីនាទី ប៉ុន្តែអ្នកមិនគួរមើលរំលងវាឡើយ។ រោគសញ្ញាដែលកើតបណ្តោះអាសន្ន អាចជា អាការៈដាច់សរសៃឈាមខួរក្បាលបណ្តោះអាសន្ន (TIA) ដែលអាចជាសញ្ញានៃហានិភ័យខ្ពស់នៃជំងឺដាច់សរសៃឈាមខួរក្បាលនាពេលអនាគត

តើអ្នកណាគួរពិចារណាពិនិត្យអ៊ុលត្រាសោន Carotid Doppler ឬអ៊ុលត្រាសោន Transcranial Doppler?

វេជ្ជបណ្ឌិតអាចណែនាំការធ្វើតេស្តទាំងនេះសម្រាប់អ្នកដែលមានកត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលមួយចំនួនដែលធ្លាប់មាន TIA ឬជំងឺដាច់សរសៃឈាមខួរក្បាលពីមុន ឬអ្នកដែលមានការព្រួយបារម្ភអំពីលំហូរឈាមទៅកាន់ខួរក្បាល។ តម្រូវការសម្រាប់ការធ្វើតេស្តអាស្រ័យលើរោគសញ្ញា ប្រវត្តិវេជ្ជសាស្ត្រ និងហានិភ័យបុគ្គល

តើហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលអាចត្រូវបានកាត់បន្ថយបានដែរឬទេ?

កត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលជាច្រើនអាចគ្រប់គ្រងបាន។ ការគ្រប់គ្រងសម្ពាធឈាម ជាតិស្ករក្នុងឈាម កូឡេស្តេរ៉ុល និងចង្វាក់បេះដូង រួមជាមួយនឹងធ្វើលំហាត់ប្រាណជាប្រចាំ ការរក្សាទម្ងន់ដែលមានសុខភាពល្អ ការជៀសវាងការជក់បារី និងការប្រើថ្នាំតាមវេជ្ជបញ្ជាជាប្រចាំ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបាន

Readers’ Rating

5.0 out of 5 stars (based on 2 reviews)