ទិដ្ឋភាពទូទៅ

តេនយ៉ា ឬព្រូនសំប៉ែត (Tapeworm) គឺជាប្រភេទប៉ារ៉ាស៊ីតដែលរស់នៅ និងស៊ីអាហារនៅក្នុងពោះវៀនរបស់សត្វផ្សេងៗ រួមទាំងមនុស្ស សត្វពាហនៈ ឆ្មា និងឆ្កែ ជាពិសេសសត្វដែលស៊ីសាច់ជាអាហារ។ ក្នុងនាមជាប៉ារ៉ាស៊ីត ព្រូនសំប៉ែតដែលពេញវ័យត្រូវពឹងផ្អែកលើការរស់នៅក្នុងរាងកាយម្ចាស់ផ្ទះដើម្បីបឺតយកសារធាតុចិញ្ចឹម។ ពួកវាតោងក្បាលរបស់វាទៅនឹងជញ្ជាំងខាងក្នុងនៃពោះវៀនរបស់ម្ចាស់ផ្ទះ ហើយបឺតស្រូបយកសារធាតុចិញ្ចឹមពីអាហារដែលកំពុងរំលាយ។ ព្រូនសំប៉ែតមានវគ្គលូតលាស់ដំបូងដែលមិនទាន់សកម្ម ហៅថា ដង្កូវឌុប ឬដង្កូវស៊ីស្ត ដែលអាចរស់នៅក្នុងផ្នែកផ្សេងៗនៃរាងកាយ បង្កឲ្យមានជំងឺព្រូន។

ជាទូទៅ ការវត្តមានរបស់ព្រូនសំប៉ែតនៅក្នុងពោះវៀនបង្កឱ្យមានរោគសញ្ញាស្រាលៗប៉ុណ្ណោះ ប៉ុន្តែរោគសញ្ញាធ្ងន់ធ្ងរជាងនេះ ដូចជាការឈឺចុកចាប់ក្នុងពោះ និងរាករូសក៏អាចកើតមានផងដែរ។ អ្វីដែលសំខាន់នោះគឺ នៅពេលដែលដង្កូវស៊ីស្តបានចូលក្នុងសរីរាង្គសំខាន់ៗដូចជា ខួរក្បាល ថ្លើម សួត បេះដូង ឬភ្នែក ពួកវាអាចបង្កឱ្យមានផលវិបាកសុខភាពធ្ងន់ធ្ងរ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគព្រូនសំប៉ែត ថ្នាំសម្លាប់ប៉ារ៉ាស៊ីតត្រូវបានយកមកប្រើប្រាស់។ ការព្យាបាលការឆ្លងដង្កូវស៊ីស្តអាចរួមបញ្ចូលទាំងការប្រើប្រាស់ថ្នាំសម្លាប់ប៉ារ៉ាស៊ីត និងការវះកាត់យកស៊ីស្តចេញ។ ថ្នាំផ្សេងទៀតក៏អាចត្រូវបានផ្តល់ជូនដើម្បីសម្រាលរោគសញ្ញាផងដែរ។

រោគសញ្ញា

សញ្ញា និងរោគសញ្ញានឹងអាស្រ័យលើទីតាំងនៃការឆ្លងព្រូនសំប៉ែត៖

  • ការឆ្លងព្រូនសំប៉ែតនៅក្នុងពោះវៀន៖ អាចមិនមានសញ្ញាណាមួយនៃព្រូនសំប៉ែតក្នុងពោះវៀនឡើយ។ បរិមាណនៃព្រូនសំប៉ែតមានឥទ្ធិពលលើកម្រិតធ្ងន់ធ្ងរនៃរោគសញ្ញា ហើយពួកវាអាចប្រែប្រួល។ បន្ថែមពីនេះ ប្រភេទព្រូនសំប៉ែតមួយចំនួនងាយនឹងបង្ហាញរោគសញ្ញាជាក់លាក់ណាមួយ។ រោគសញ្ញាដែលអាចកើតមានរួមមាន៖
    • រាករូស
    • ឆ្អល់ពោះ កើតខ្យល់
    • ឃ្លានអាហារ
    • ឃ្លានអាហារដែលមានជាតិប្រៃខ្ពស់
    • លាមករាវ
    • បាត់បង់ចំណងអាហារ
    • ឈឺពោះ
    • ចង់ក្អួត
    • ស្រកទម្ងន់
  • ការឆ្លងមេរោគដង្កូវស៊ីស៖ ទីតាំងនៅក្នុងរាងកាយដែលមេរោគដង្កូវស៊ីសកំពុងបង្កជំងឺ គឺជាអ្នកកំណត់រោគសញ្ញា។
    • ខួរក្បាល ឬឆ្អឹងខ្នង៖
      • ការប្រែប្រួលកាយវិការ អាកប្បកិរិយា
      • វិលមុខ
      • ឈឺក្បាល
      • ខ្សោយសាច់ដុំ
      • ឈឺចាប់ប្រព័ន្ធប្រសាទនៅឆ្អឹងខ្នង ឬអវយវៈ
      • លំនឹងមិននឺងនរ
      • ប្រកាច់
    • សរីរាង្គផ្សេងទៀត៖ អត្ថិភាពមេរោគដង្កូវស៊ីសទាំងនេះអាចប៉ះពាល់ដល់ដំណើរការសរីរាង្គ។ ឧទាហរណ៍ដង្កូវស៊ីសបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរដល់បេះដូង សួត ឬថ្លើម។ ភាពខុសគ្នានៃរោគសញ្ញា គឺទូលំទូលាយណាស់។ជួនកាលអាចមានដុំពកដែលស្ទាបប៉ះដឹង។ ទីតាំងនៃការឆ្លងមេរោគដង្កូវស៊ីសក៏អាចមានការឈឺចាប់ និងហើមផងដែរ។

បុគ្គលម្នាក់ៗគួរស្វែងរកការថែទាំវេជ្ជសាស្រ្ត ប្រសិនបើពួកគេជួបប្រទះសញ្ញា និងរោគសញ្ញាណាមួយនៃការឆ្លងមេរោគព្រូនសំប៉ែត។

​​ មូលហេតុ

ប្រភេទព្រូនសំប៉ែតភាគច្រើនត្រូវការម្ចាស់ផ្ទះពីរផ្សេងគ្នាសូមដើម្បីបញ្ចប់វដ្តជីវិតរបស់ពួកវា៖ ម្ចាស់ផ្ទះកម្រិតមធ្យម ដែលជាកន្លែងប៉ារ៉ាស៊ីតផ្លាស់ប្តូរពីពងទៅជាដង្កូវ និងម្ចាស់ផ្ទះចុងក្រោយ ដែលជាកន្លែងដង្កូវលូតលាស់ទៅជាកូនព្រូនពេញវ័យ។ ឧទាហរណ៍ វដ្តជីវិតរបស់ព្រូនសំប៉ែតគោរួមមានទាំងសត្វគោ និងមនុស្ស។ ពងរបស់ព្រូនសំប៉ែតគោអាចទ្រាំទ្រនៅក្នុងបរិស្ថានបានក្នុងរយៈពេលយូរ។ នៅពេលដែលសត្វគោ ដែលធ្វើជាម្ចាស់ផ្ទះកម្រិតមធ្យម ស៊ីរុក្ខជាតិដែលមានពងទាំងនេះ ពងនឹងញាស់នៅក្នុងពោះវៀនរបស់គោ។ បន្ទាប់មក ដង្កូវជ្រាបចូលទៅក្នុងចរន្តឈាម ដោយធ្វើដំណើរទៅកាន់ជាលិកាសាច់ដុំ ដែលជាកន្លែងពួកវាបង្កើតជាស៊ីស្តគ្របដណ្តប់ខ្លួនឯង។ មនុស្សក្លាយជាម្ចាស់ផ្ទះចុងក្រោយនៅពេលដែលពួកគេបរិភោគសាច់គោដែលចំអិនមិនឆ្អិនល្អដែលមានផ្ទុកដង្កូវស៊ីស្តទាំងនេះ ដែលនាំឱ្យមានការឆ្លងមេរោគព្រូនសំប៉ែត។ នៅក្នុងពោះវៀនរបស់មនុស្ស ស៊ីស្តបានបញ្ចេញព្រូនសំប៉ែតពេញវ័យ ដែលតោងជាប់នឹងជញ្ជាំងពោះវៀនដើម្បីស៊ីអាហារ និងបន្តពូជ ហើយចុងក្រោយបញ្ចេញពងដែលត្រូវបានបណ្តេញចេញតាមលាមក។

ការឆ្លងព្រូនសំប៉ែតលើមនុស្សអាចកើតឡើងតាមរយៈការបរិភោគសាច់ឆៅ ឬសាច់ដែលចំអិនមិនឆ្អិន ដូចជាសាច់គោ សាច់ជ្រូក ឬសាច់ត្រី។ ក្នុងករណីខ្លះ មនុស្សក៏អាចដើរតួជាម្ចាស់ផ្ទះកម្រិតមធ្យមសម្រាប់ប្រភេទព្រូនសំប៉ែតមួយចំនួនផងដែរ។ ករណីនេះជាទូទៅកើតឡើងតាមរយៈការបរិភោគអាហារ ឬទឹកដែលមានពងព្រូនសំប៉ែត រួមទាំងការប៉ះពាល់ជាមួយពងដែលជួបនៅក្នុងលាមកសត្វឆ្កែ។ ពងដែលបានលេបចូលនឹងញាស់នៅក្នុងពោះវៀន ដោយដង្កូវរ៉ាយប៉ាយតាមរយៈចរន្តឈាមដើម្បីបង្កើតជាស៊ីស្តនៅក្នុងជាលិការាងកាយផ្សេងៗ។ ដង្កូវស៊ីស្តទាំងនេះ ដែលមិនលូតលាស់ទៅជាព្រូនសំប៉ែតពេញវ័យនៅក្នុងខ្លួនមនុស្ស អាចនាំឱ្យមានរោគសញ្ញាច្រើនឆ្នាំបន្ទាប់ពីការឆ្លងដំបូង ដែលជាញឹកញាប់ត្រូវបានជម្រុញដោយប្រតិកម្មនៃប្រព័ន្ធការពាររាងកាយទៅនឹងស៊ីស្តទាំងនោះ។

គួរកត់សម្គាល់ថា មានករណីលើកលែងចំពោះវដ្តជីវិតរបស់ព្រូនសំប៉ែតធម្មតានៅក្នុងខ្លួនមនុស្ស៖

  • ព្រូនសំប៉ែតជ្រូក៖ មនុស្សអាចធ្វើជាម្ចាស់ផ្ទះចុងក្រោយ ឬជាម្ចាស់ផ្ទះកម្រិតមធ្យមក៏បាន។ ការបរិភោគសាច់ជ្រូកមិនឆ្អិនល្អអាចនាំឱ្យមានការឆ្លងព្រូនសំប៉ែតជ្រូកពេញវ័យ ដោយពងដែលបណ្តេញចេញតាមលាមកអាចបណ្តាលឱ្យបុគ្គលម្នាក់ទៀត ឬបុគ្គលដដែលនោះឆ្លងជំងឺដង្កូវស៊ីស្ត ដោយសារតែអនាម័យមិនល្អ។
  • ព្រូនសំប៉ែតតូច៖ មនុស្សលេបព្រូនសំប៉ែតតូចជាពង ដែលអាចមកពីអាហារ ឬទឹកដែលមានមេរោគ ឬដោយសារអនាម័យដៃមិនបានត្រឹមត្រូវ។ ពងញាស់នៅក្នុងពោះវៀន ដោយដង្កូវកប់នៅក្នុងជញ្ជាំងពោះវៀនដើម្បីបង្កើតជាស៊ីស្តដែលលូតលាស់ទៅជាព្រូនសំប៉ែតពេញវ័យ។ ពងមួយចំនួនត្រូវបានបញ្ចេញតាមលាមក ខណៈពេលដែលពងផ្សេងទៀតញាស់នៅក្នុងពោះវៀន ដែលធ្វើឱ្យវដ្តនៃការឆ្លងនៅតែបន្តកើតមាន។

កត្តាហានិភ័យ

ការមានការឆ្លងព្រូនសំប៉ែត ឬដង្កូវស៊ីស្តអាចបណ្តាលមកពីកត្តាដូចខាងក្រោម៖

  • ការបរិភោគសាច់ឆៅ ឬសាច់ដែលចំអិនមិនឆ្អិន៖ ការញ៉ាំសាច់ និងត្រីឆៅ ឬមិនឆ្អិនល្អ គឺជាកត្តាហានិភ័យចម្បងក្នុងការឆ្លងព្រូនសំប៉ែត។ ត្រីដែលត្រូវបានប្រាំង និងឆ្អើរ ខ្វៃ ក៏អាចមានដង្កូវស៊ីស្តផងដែរ។
  • ទីតាំងដែលមានហានិភ័យខ្ពស់៖ កត្តាហានិភ័យមួយគឺការរស់នៅក្នុង ឬការទៅកម្សាន្តនៅតំបន់ដែលមានអត្រាឆ្លងខ្ពស់។
  • កង្វះខាតទឹកស្អាត៖ ការប៉ះពាល់ជាមួយពងព្រូនសំប៉ែតត្រូវបានកើនឡើង នៅពេលដែលមានទឹកស្អាតមិនគ្រប់គ្រាន់សម្រាប់ផឹក ស្រោចដំណាំ ងូតទឹក និងការរៀបចំអាហារ។
  • អនាម័យមិនល្អ៖ លទ្ធភាពនៃការឆ្លង និងការរាលដាលជំងឺត្រូវបានកើនឡើងដោយសារការលាងដៃមិនបានត្រឹមត្រូវ។ លើសពីនេះ បន្លែដែលមិនបានលាងសំអាតអាចមានផ្ទុកពងព្រូនសំប៉ែត។
  • អនាម័យ និងប្រព័ន្ធលូមិនល្អ៖ សត្វពាហនៈមានឱកាសច្រើនក្នុងការប៉ះពាល់ជាមួយពងព្រូនសំប៉ែតរបស់មនុស្ស នៅពេលដែលមានប្រព័ន្ធអនាម័យ និងប្រព័ន្ធលូមិនគ្រប់គ្រាន់សម្រាប់កាកសំណល់មនុស្ស។ កត្តានេះកើនឡើងនូវលទ្ធភាពនៃការបរិភោគសាច់ដែលមានមេរោគ។

ការធ្វើរោគវិនិច្ឆ័យ

ការតេស្តខាងក្រោមនេះអាចធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវថា តើអ្នកជំងឺមានការឆ្លងមេរោគព្រូនសំប៉ែតដែរឬទេ៖

  • ការឆ្លងមេរោគព្រូនសំប៉ែតនៅក្នុងពោះវៀន៖ គំរូលាមកត្រូវបានពិនិត្យដោយអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីពិនិត្យមើលការឆ្លងព្រូនសំប៉ែតក្នុងពោះវៀន។ ពង ឬបំណែកព្រូនសំប៉ែតអាចត្រូវបានរកឃើញក្នុងអំឡុងពេលធ្វើតេស្តក្នុងមន្ទីរពិសោធន៍។ អ្នកត្រូវបានអនុញ្ញាតឱ្យផ្តល់គំរូលាមកក្នុងរយៈពេលប៉ុន្មានថ្ងៃផ្សេងគ្នា។
  • ការឆ្លងមេរោគដង្កូវស៊ីស៖
    • ការពិនិត្យតាមរយៈរូបភាពវេជ្ជសាស្ត្រ៖ អ្នកផ្តល់សេវាថែទាំសុខភាពប្រើប្រាស់ការធ្វើតេស្តរូបភាព ដូចជាការអេកូការថតម៉ាញ៉េទិច MRI ឬការថតស្កេន CT ដើម្បីកំណត់អត្តសញ្ញាណស៊ីស្តដង្កូវ។ ជួនកាល ដង្កូវស៊ីស្តត្រូវបានរកឃើញតាមរយៈការថតរូបភាពវេជ្ជសាស្ត្រសម្រាប់ជំងឺផ្សេង មុនពេលស៊ីស្តទាំងនោះចាប់ផ្តើមបង្កជាជំងឺ។
    • ការធ្វើតេស្តឈាម៖ ការធ្វើតេស្តឈាមអាចត្រូវបានប្រើដោយអ្នកផ្តល់សេវាថែទាំសុខភាពដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ។ គំរូឈាមដែលបានពិនិត្យនៅក្នុងមន្ទីរពិសោធន៍អាចបង្ហាញពីអង្គបដិប្រាណនៃប្រព័ន្ធការពាររាងកាយប្រឆាំងនឹងដង្កូវស៊ីស្ត។

ការព្យាបាល

វិធីសាស្ត្រខាងក្រោមនេះនឹងជួយព្យាបាលការឆ្លងព្រូនសំប៉ែត៖

  • ការឆ្លងមេរោគព្រូនសំប៉ែតនៅក្នុងពោះវៀន៖ ថ្នាំសម្លាប់ប៉ារ៉ាស៊ីតត្រូវបានប្រើប្រាស់ដោយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកដើម្បីព្យាបាលការឆ្លងមេរោគព្រូនសំប៉ែតក្នុងពោះវៀន។ ក្នុងចំណោមថ្នាំទាំងនោះរួមមាន៖
    • Praziquantel
    • Albendazole
    • Nitazoxanide

ថ្នាំ Praziquantel ជាទូទៅត្រូវបានណែនាំដោយអ្នកផ្តល់សេវាថែទាំសុខភាព ដោយសារវាធ្វើឱ្យព្រូនបាត់បង់សមត្ថភាពកម្រើក (ខ្វិន) និងបង្ខំឱ្យវាជ្រុះចេញពីជញ្ជាំងពោះវៀនរបស់អ្នក។

ថ្នាំទាំងនេះមានប្រសិទ្ធភាពក្នុងការកម្ចាត់ព្រូនសំប៉ែត ប៉ុន្តែមិនអាចកម្ចាត់ពងរបស់ពួកវានោះទេ។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការលាងដៃឱ្យបានស្អាតជាមួយសាប៊ូ និងទឹកបន្ទាប់ពីប្រើប្រាស់បន្ទប់ទឹក ដើម្បីការពារការចម្លងពងព្រូនសំប៉ែតទៅកាន់ខ្លួនអ្នក និងអ្នកដទៃ។ ដើម្បីវាយតម្លៃពីប្រសិទ្ធភាពនៃការព្យាបាល គំរូលាមកត្រូវបានវិភាគតាមរយៈការធ្វើតេស្ត។ បន្ទាប់មក ការណាត់ជួបតាមដានបន្តនឹងត្រូវធ្វើឡើងជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។

  • ការឆ្លងមេរោគដង្កូវស៊ីស៖ ទីតាំង ឬកម្រិតធ្ងន់ធ្ងរនៃការឆ្លងមេរោគ គឺជាអ្នកកំណត់ពីវិធីសាស្ត្រព្យាបាលការឆ្លងដង្កូវស៊ីស្ត។ ការព្យាបាលដែលត្រូវបានប្រើប្រាស់ជាទូទៅរួមមាន៖
    • ថ្នាំសម្លាប់ប៉ារ៉ាស៊ីត៖ ការព្យាបាលសម្រាប់ដង្កូវស៊ីស្តនៅក្នុងខួរក្បាល ឬប្រព័ន្ធប្រសាទកណ្តាល រួមមានការប្រើប្រាស់ថ្នាំ Albendazole និង Praziquantel។
    • ថ្នាំទម្លាក់ព្រូន៖ ថ្នាំនេះជួយជម្រុះព្រូនប៉ារ៉ាស៊ីត និងមានសមត្ថភាពកាត់បន្ថយស៊ីស្តដែលមានដង្កូវ។ បន្ថែមពីលើថ្នាំ Corticosteroids អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចទូទាត់ផ្តល់ថ្នាំ Anthelmintics ដើម្បីជួយកាត់បន្ថយការរលាកដែលកើតចេញពីការចាប់ផ្តើមងាប់នៃស៊ីស្ត។
    • ថ្នាំទប់ស្កាត់ការប្រកាច់៖ ការព្យាបាលអាចជាការចាំបាច់សម្រាប់រោគសញ្ញាបែបនេះនៅដំណាក់កាលដំបូង ប្រសិនបើស៊ីស្តកំពុងបង្កបញ្ហា ជាពិសេសប្រសិនបើវាជាបញ្ហាប្រព័ន្ធប្រសាទ។ ថ្នាំទាំងនេះជួយការពារ ឬព្យាបាលការប្រកាច់ដែលបង្កឡើងដោយដង្កូវស៊ីស្តក្នុងខួរក្បាល។
    • ថ្នាំ Corticosteroids៖ នៅពេលដែលស៊ីស្តបង្កឱ្យមានការរលាកនៅក្នុងជាលិកា សាច់ដុំ ឬសរីរាង្គផ្សេងទៀតរបស់អ្នក អ្នកអាចព្យាបាលពួកវាជាមួយនឹងថ្នាំប្រឆាំងការរលាក ដូចជា Corticosteroids ជាដើម។
    • ការបូមបង្ហូរសារធាតុរាវ៖ ការបូមបង្ហូរអាចជាជម្រើសមួយ ប្រសិនបើស៊ីស្តកំពុងបង្កបញ្ហាដល់អ្នក។ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចប្រើម្ជុលដើម្បីចាក់ទម្លុះ និងបូមយកសារធាតុរាវចេញពីស៊ីស្ត។ ចុងក្រោយ ពួកគេលាងសម្អាតដង្កូវដោយប្រើថ្នាំសម្លាប់ប៉ារ៉ាស៊ីត។
    • ការវះកាត់៖ ដង្កូវស៊ីស្តដែលបង្កហានិភ័យដល់មុខងារសរីរាង្គ អាចតម្រូវឱ្យមានការវះកាត់កាត់ចេញ។
    • ការដាក់បំពង់បង្ហូរ៖ វាអាចជាការចាំបាច់ក្នុងការបង្ហូររាវលើសចេញពីខួរក្បាលដោយប្រើបំពង់ពិសេសមួយ ដែលហៅថា Shunt។

Doctors who treat this condition