ការឈឺចាប់ក្រោយវះកាត់បំពង់ទឹកកាម
ទិដ្ឋភាពទូទៅ
ការវះកាត់បំពង់ទឹកកាម (Vasectomy) គឺជាវិធានការវេជ្ជសាស្ត្រកម្រិតស្រាលមួយ ដែលមានគោលបំណងរារាំងផ្លូវធ្វើដំណើររបស់មេជីវិតឈ្មោលមិនឱ្យចូលទៅក្នុងទឹកកាម។ វាគឺជាវិធីសាស្ត្រពន្យារកំណើតសម្រាប់បុរស ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយការកាត់ និងភ្ជិតបំពង់ដែលមាននាទីដឹកនាំមេជីវិតឈ្មោល។ បន្ទាប់មក មេជីវិតឈ្មោលដែលមិនអាចធ្វើដំណើរទៅដល់ទឹកកាមបានទៀតនោះ នឹងត្រូវស្រូបយកដោយរាងកាយជាធម្មជាតិ។
ទោះបីជាការធ្វើការវះកាត់បំពង់ទឹកកាមមានហានិភ័យទាបនៃការលេចឡើងនូវផលវិបាកក៏ដោយ បុរសមួយចំនួនអាចជួបប្រទះការឈឺចាប់ក្រោយវះកាត់បំពង់ទឹកកាម (Post-Vasectomy Pain Syndrome – PVPS)។ លក្ខខណ្ឌនេះរួមបញ្ចូលទាំងការឈឺចាប់ជាប់រហូតនៅពងស្វាសម្ខាង ឬសងខាង ដែលអូសបន្លាយយ៉ាងហោចណាស់ ៣ ខែបន្ទាប់ពីការវះកាត់។ កម្រិតនៃការឈឺចាប់អាចប្រែប្រួលចាប់ពីការចុកអួលៗម្ដងម្កាល រហូតដល់ការឈឺចាប់ខ្លាំងស្រួចស្រាវជាប្រចាំ ដែលរំខានដល់សកម្មភាពប្រចាំថ្ងៃ។ ក្នុងករណីធ្ងន់ធ្ងរ ការឈឺចាប់នេះអាចជំរុញឱ្យបុគ្គលស្វែងរកការព្យាបាលពីវេជ្ជសាស្ត្រ។
រោគសញ្ញា
ការជួបប្រទះការរំខាន ឬឈឺចាប់បន្តិចបន្តួចបន្ទាប់ពីការធ្វើការវះកាត់បំពង់ទឹកកាម គឺជាចំណុចទូទៅ ប៉ុន្តែបុគ្គលដែលមានជំងឺ PVPS នឹងត្រូវទ្រាំទ្រនឹងការឈឺចាប់ជាប្រចាំ ដែលមិនព្រមបាត់ទៅវិញសោះក្រោយការវះកាត់។ សញ្ញា និងរោគសញ្ញានៃ PVPS អាចរួមមាន៖
- ការចុកអួលៗនៅពងស្វាសម្ខាង ឬសងខាង
- ការផ្សារ និងអួលចុកនៅតំបន់ថង់ពងស្វាស
- ការឈឺចាប់ និងផ្សារនៅត្រង់កន្លែងមុខរបួស
- ការតឹងណែន ឬឈឺចាប់បន្ទាប់ពីការបញ្ចេញទឹកកាម
- ការឈឺចាប់ក្នុងអំឡុងពេលរួមភេទ
- ការហើមបំពង់រងចាំមេជីវិតឈ្មោល ដែលជាបំពង់តូចរាងអក្សរ C សម្រាប់ស្តុកទុកមេជីវិតឈ្មោលនៅផ្នែកខាងក្រោយពងស្វាស
សូមស្វែងរកការពិនិត្យវេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើអ្នកជួបប្រទះការឈឺចាប់ ឬហើមពងស្វាស មានខ្ទុះហូរចេញពីលិង្គ ឬមានការឈឺចាប់ក្នុងអំឡុងពេលបត់ជើងតូច។ គ្រូពេទ្យរបស់អ្នកអាចដោះស្រាយមូលហេតុឫសគល់ដោយប្រើប្រាស់ថ្នាំ ឬវិធានការវេជ្ជសាស្ត្រកម្រិតស្រាល។ សម្រាប់ការឈឺចាប់ខ្លាំងនៅថង់ពងស្វាស សូមស្វែងរកការសង្គ្រោះបន្ទាន់ដោយកុំបង្អង់យូរ។
មូលហេតុ
មូលហេតុឫសគល់នៃ PVPS មិនទាន់ត្រូវបានយល់ដឹងពេញលេញនៅឡើយទេ។ កត្តាសក្តានុពលដែលរួមចំណែកដល់បញ្ហានេះអាចរួមមាន៖
- សម្ពាធច្រាលមកវិញ៖ សម្ពាធច្រាលអាចកើតចេញពីមេជីវិតឈ្មោលដែលមិនអាចឆ្លងកាត់បំពង់ចម្លងមេជីវិត ដែលជាបំពង់ដឹកនាំមេជីវិតឈ្មោលចេញពីពងស្វាសនីមួយៗ ហើយត្រូវ បានកាត់ផ្តាច់ក្នុងអំឡុងពេលធ្វើការវះកាត់បំពង់ទឹកកាម។
- ការសង្កត់លើសរសៃប្រសាទ៖ រោគសញ្ញា PVPS អាចបណ្តាលមកពីការរួមតូច សង្កត់លើសរសៃប្រសាទដែលផ្គត់ផ្គង់ទៅពងស្វាស។
- ការកកបង្កើតជាស្នាមសម្លាក៖ ការស្អិត ឬជាលិកាស្នាមសម្លាក អាចរីកចម្រើន និងបង្កឱ្យមានការឈឺចាប់។
- ការឆ្លងមេរោគ៖ ថង់ពងស្វាស បំពង់រងចាំមេជីវិតឈ្មោល និងរចនាសម្ព័ន្ធផ្សេងទៀតតាមបណ្តោយសរសៃពងស្វាស (Spermatic cord —សរសៃដែលផ្គត់ផ្គង់សរសៃឈាម និងសរសៃប្រសាទទៅកាន់ពងស្វាស) អាចរងការខូចខាតពីការរលាក។
កត្តាហានិភ័យ
មិនទាន់មានកត្តាហានិភ័យជាក់លាក់ណាមួយ ដែលត្រូវបានរកឃើញថារួមចំណែកដល់ការកើតជំងឺ PVPS នោះទេ។ វាមិនមានទំនាក់ទំនងជាពិសេសទៅនឹងក្រុមអាយុណាមួយ ស្ថានភាពសេដ្ឋកិច្ចសង្គម កត្តាបរិស្ថាន ឬប្រភេទនៃវិធីសាស្ត្រការវះកាត់បំពង់ទឹកកាមនោះឡើយ។
ការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យរបស់អ្នកនឹងធ្វើការពិនិត្យរាងកាយយ៉ាងម៉ត់ចត់ ដោយវាយតម្លៃការឈឺចាប់ ឬស្ពឹកស្រពន់ និងការហើមរបស់ពងស្វាស និងបំពង់រងចាំមេជីវិតឈ្មោល។ គាត់ក៏នឹងពិនិត្យរកមើលវត្តមាននៃដុំជាលិកាស្នាមសម្លាកតូចមួយនៅត្រង់កន្លែងវះកាត់បំពង់ទឹកកាមរបស់អ្នកផងដែរ (ដុំកោសិកាស្នាមមេជីវិតឈ្មោល ឬ Sperm granuloma)។ លើសពីនេះ មូលហេតុសក្តានុពលផ្សេងទៀតនៃការឈឺចាប់ពងស្វាសនឹងត្រូវធ្វើការស្រាវជ្រាវដើម្បីច្រានចោល។ ការពិនិត្យដែលគ្រូពេទ្យរបស់អ្នកអាចណែនាំរួមមាន៖
- ការវិភាគឈាម និងទឹកនោម៖ សំណាកឈាម និងទឹកនោមរបស់អ្នកត្រូវបានពិនិត្យរកការឆ្លងរោគ និងភាពមិនប្រក្រតីផ្សេងៗទៀត។
- ការពិនិត្យរកជំងឺកាមរោគ៖ ដើម្បីប្រមូលសំណាកសារធាតុរាវដែលហូរចេញពីបំពង់នោម កញ្ចប់សំឡីតូចមួយត្រូវបានបញ្ចូលទៅក្នុងចុងលិង្គរបស់អ្នក។ សំណាកនោះត្រូវបានយកទៅពិនិត្យនៅក្នុងមន្ទីរពិសោធន៍ ដើម្បីរកជំងឺកាមរោគដូចជា ជំងឺក្លាមីឌា និងជំងឺហ្គោណូរ៉េ ឬប្រមេះទឹកបាយ។
- ការថតអេកូសាស្រ្ត៖ បច្ចេកទេសថតរូបភាពនេះបង្កើតរូបភាពនៃរចនាសម្ព័ន្ធខាងក្នុងរាងកាយដោយប្រើរលកសំឡេងប្រេកង់ខ្ពស់។ អាការបត់ពងស្វាស (Testicular torsion — ការបង្វិលរបស់ពងស្វាសដែលធ្វើឱ្យសរសៃពងស្វាសរមួល ដែលនាំឈាមចូលទៅក្នុងថង់ពងស្វាស) ដុំគីសស្តុកមេជីវិតឈ្មោល ដុំគីសបំពង់រងចាំមេជីវិតឈ្មោល ការឆ្លងមេរោគនៅពងស្វាស ឬបំពង់រងចាំមេជីវិតឈ្មោល, និងជំងឺក្លនលូនអាចត្រូវបានច្រានចោលទាំងអស់តាមរយៈការថតអេកូ។
- ការថតរូបភាពដោយចរន្តម៉ាញេទិច MRI៖ ការស្កេន MRI បង្កើតរូបភាពច្បាស់លាស់នៃសរីរាង្គខាងក្នុងក្នុងរាងកាយរបស់អ្នកដោយប្រើរលកវិទ្យុ និងម៉ាញេទិចខ្លាំង។ បុរសដែលមានប្រវត្តិមានបញ្ហាខ្នង ឬត្រគាក អាចពិចារណាធ្វើ MRI ដើម្បីវាយតម្លៃឆ្អឹងខ្នង ឬត្រគាករបស់ពួកគេ ដើម្បីច្រានចោលការសង្កត់លើសរសៃប្រសាទ។
ការព្យាបាល
វគ្គព្យាបាលសម្រាប់ការឈឺចាប់ក្រោយវះកាត់បំពង់ទឹកកាម (PVPS) ត្រូវបានកំណត់ដោយភាពធ្ងន់ធ្ងរនៃរោគសញ្ញារបស់អ្នក និងកម្រិតនៃការមិនស្រួលដែលអ្នកជួបប្រទះ។
ឱសថព្យាបាល
- ថ្នាំបំបាត់ការឈឺចាប់៖ ការឈឺចាប់ ឬការហើមអាចត្រូវបានកាត់បន្ថយដោយថ្នាំប្រឆាំងការរលាក ដូចជា អ៊ីប៊ូប្រូហ្វែន។ ថ្នាំទាំងនេះអាចត្រូវបានលេបដោយបុរសដែលមានការឈឺចាប់មុន ឬក្រោយពេលបញ្ចេញទឹកកាម ឬមុនពេលរួមភេទ។ ជម្រើសមួយទៀតសម្រាប់ព្យាបាលការឈឺចាប់ គឺការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់តាមវេជ្ជបញ្ជា។
- ថ្នាំដទៃទៀត៖ បន្ទាប់ពីរយៈពេល ៤ សប្តាហ៍ ប្រសិនបើថ្នាំប្រឆាំងការរលាកនៅតែគ្មានប្រសិទ្ធភាព គ្រូពេទ្យរបស់អ្នកអាចណែនាំថ្នាំប្រឆាំងរោគកន្ត្រាក់ ឬថ្នាំបំបាត់ការបាក់ទឹកចិត្តប្រភេទ Tricyclic antidepressant។ ថ្នាំទាំងនេះមិនទាន់ត្រូវបានសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅលើបុរសដែលមានរោគសញ្ញា PVPS នោះទេ ប៉ុន្តែពួកវាអាចមានប្រយោជន៍ក្នុងការាបាលការឈឺចាប់សរសៃប្រសាទ។
ការព្យាបាលដោយចលនា និងវិធានការផ្សេងទៀត
- ខោទ្រនាប់សមស្រប៖ ខោទ្រនាប់រឹបជួយទប់ ឬខោទ្រនាប់ទប់ពងស្វាសអាចជួយកាត់បន្ថយការឈឺចាប់ពងស្វាស។
- ការប្រើប្រាស់កំដៅ ឬទឹកកក៖ ជម្រើសបំបាត់ការឈឺចាប់រួមមាន ការប្រើកញ្ចប់ទឹកកក ឬខ្នើយកំដៅ។ ក្នុងអំឡុងពេលដែលការឈឺចាប់ងើបឡើងខ្លាំង ការអង្ុយក្នុងអាងទឹកក្តៅឧណ្ហៗក៏អាចមានប្រយោជន៍ផងដែរ។
- ការព្យាបាលដោយចលនា៖ ការធ្វើចលនាកាយសម្បទាសម្រាប់បាតអាងត្រគាក អាចជួយបុរសដែលមានការឈឺចាប់នៅតំបន់អាងត្រគាក ឬក្នុងពេលបត់ជើងតូច ដោយបង្រៀនពួកគេពីរបៀបបន្ធូរបន្ថយសាច់ដុំអាងត្រគាកជាក់លាក់ណាមួយ។
- ការចាក់ថ្នាំបិទសរសៃប្រសាទ៖ គ្រូពេទ្យរបស់អ្នកអាចណែនាំឱ្យចាក់ថ្នាំបិទសរសៃប្រសាទ ដែលកំណត់គោលដៅទៅលើសរសៃប្រសាទដែលនាំទៅដល់ពងស្វាសដោយប្រើប្រាស់ថ្នាំស្ពឹក។ ការមិនស្រួលរបស់អ្នកទំនងជានឹងត្រូវបំបាត់បានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះតាមវិធីនេះ។ នៅពេលដែលថ្នាំស្ពឹកអស់រិទ្ធិ ការឈឺចាប់ច្រើនតែត្រឡប់មកវិញ។
ការវះកាត់
- ការវះកាត់ដុំសាច់ granuloma ចេញពីមេជីវិតឈ្មោល៖ បុរសខ្លះមិនមានការឈឺចាប់នៅតំបន់ផ្សេងទៀតនៃថង់ពងស្វាសនោះទេ ប៉ុន្តែផ្ទុយទៅវិញពួកគេបង្កើតបានជាដុំជាលិកាស្នាមតូចមួយនៅលើបំពង់ទឹកកាម។ បន្ទាប់ពីការវះកាត់ដុំសាច់ granuloma ចេញពីមេជីវិតឈ្មោលដុំជាលិកា បុរសខ្លះអាចមានអារម្មណ៍ធូរស្រាលពីការឈឺចាប់។
- ការកាត់ផ្តាច់ខ្សែរមេជីវិតឈ្មោល – MDSC៖ ដើម្បីកាត់បន្ថយ ឬបញ្ឈប់សញ្ញាឈឺចាប់ទាំងស្រុង វេជ្ជបណ្ឌិតវះកាត់នឹងកាត់ផ្តាច់សរសៃឈាមវ៉ែន និងសរសៃប្រសាទដែលផ្គត់ផ្គង់ទៅឱ្យពងស្វាសចេញពីតំបន់ផ្សេងទៀតនៃខ្សែរមេជីវិតឈ្មោលក្នុងអំឡុងពេលព្យាបាលនេះ។ បុរសដែលទទួលបានការធូរស្រាលជាបណ្តោះអាសន្នពីការចាក់ថ្នាំស្ពឹកសរសៃប្រសាទខ្សែរមេជីវិតឈ្មោល ហាក់ដូចជាទទួលបានផលចំណេញច្រើនបំផុតពីការធ្វើ MDSC ។ នៅពេលដែល MDSC មានប្រសិទ្ធភាព គុណភាពជីវិតអាចត្រូវបានកើនឡើងយ៉ាងខ្លាំង។ ការរួញតូចនៃពងស្វាស ការឈឺចាប់ជាប់រហូត ឬកាន់តែធ្ងន់ធ្ងរឡើង និងការប្រមូលផ្តុំទឹកនៅក្នុងស្រោមដែលព័ទ្ធជុំវិញពងស្វាស ដែលបណ្តាលឱ្យមានការរីកធំនៃថង់ពងស្វាស គឺជាផលវិបាកដែលអាចកើតមាន។
- ការវះកាត់កាត់បំពង់រងចាំមេជីវិតឈ្មោលចេញ៖ ការកម្ចាត់ចោលនូវរចនាសម្ព័ន្ធរូបរាងអក្សរ C ដែលស្តុកទុកមេជីវិតឈ្មោលនៅពីក្រោយពងស្វាស អាចផ្តល់នូវការធូរស្រាលដល់បុរសដែលមានការឈឺចាប់នៅបំពង់រងចាំមេជីវិតឈ្មោល។ ការព្យាបាលនេះហាក់ដូចជាទទួលបានជោគជ័យបំផុតក្នុងការកាត់បន្ថយការឈឺចាប់ចំពោះបុរសដែលមានដុំសាច់ ដុំគីស, ឬដុំកោសិកា Granuloma នៅត្រង់បំពង់នោះ។
- ការវះកាត់តបំពង់ទឹកកាមវិញ៖ ការស្តារមេជីវិតឈ្មោលឱ្យមានវត្តមានក្នុងទឹកកាមឡើងវិញ អាចបង្កើនលទ្ធភាពមានកូនដោយការបញ្ច្រាសការវះកាត់បំពង់ទឹកកាមវិញ។ សម្ពាធ និងការឈឺចាប់ដែលទាក់ទងនឹងការបញ្ចេញទឹកកាមអាចត្រូវបានកាត់បន្ថយដោយបច្ចេកទេសនេះ។ ក្នុងករណីខ្លះ ការបញ្ច្រាសការវះកាត់បំពង់ទឹកកាមជួយបំបាត់ការឈឺចាប់បានយ៉ាងមានប្រសិទ្ធភាពជាងវិធីសាស្ត្រ MDSC ទៅទៀតសម្រាប់បុរស។
- ការវះកាត់កាត់ពងស្វាសចេញ៖ បុរសដែលមិនឆ្លើយតបទៅនឹងការព្យាបាលបែបអភិរក្សផ្សេងទៀត គឺគ្មានជម្រើសផ្សេងទៀតក្រៅពីត្រូវកាត់ពងស្វាសចេញនោះទេ។ បុរសពេលខ្លះអាចជួបប្រទះការឈឺចាប់អវយវៈក្លែងក្លាយ (Phantom limb pain — ការឈឺចាប់នៅកន្លែងដែលធ្លាប់មានសរីរាង្គ ប៉ុន្តែត្រូវបានកាត់ចេញ) នៅតំបន់ដែលធ្លាប់មានពងស្វាស ទោះបីជាវាត្រូវបានកាត់ចេញក៏ដោយ។
