ទិដ្ឋភាពទូទៅ

ជំងឺរលាកសាច់ដុំច្រើនប្រភេទ (Polymyositis) គឺជាជំងឺរលាកដ៏កម្រមួយ ដែលបណ្តាលឱ្យសាច់ដុំនៅសងខាងនៃរាងកាយចុះខ្សោយ។ ស្ថានភាពនេះអាចធ្វើឱ្យមានការលំបាកក្នុងការឡើងជណ្តើរ ការក្រោកឈរពីកៅអី ការលើកវត្ថុផ្សេងៗ ឬការឈានចាប់យករបស់ដែលនៅទីខ្ពស់។

ជំងឺរលាកសាច់ដុំច្រើនប្រភេទ ជាទូទៅកើតមានលើបុគ្គលដែលមានអាយុចន្លោះពី ៣០ ៤០ ឬ ៥០ ឆ្នាំ ហើយវាកើតមានលើស្ត្រីច្រើនជាងបុរស។ ការលេចឡើងនៃសញ្ញា និងរោគសញ្ញាជាទូទៅកើតឡើងបន្តិចម្តងៗ ក្នុងរយៈពេលច្រើនសប្តាហ៍ ឬច្រើនខែ។

ទោះបីជាបច្ចុប្បន្ននេះ មិនទាន់មានវិធីព្យាបាលជំងឺរលាកសាច់ដុំច្រើនប្រភេទឱ្យជាសះស្បើយដាច់ក៏ដោយ ប៉ុន្តែគេអាចកែលម្អកម្លាំង និងមុខងារសាច់ដុំបាន តាមរយៈការប្រើប្រាស់ថ្នាំ និងការធ្វើចលនាការព្យាបាល។

រោគសញ្ញា

ខាងក្រោមនេះគឺជាសញ្ញា និងរោគសញ្ញាមួយចំនួននៃជំងឺរលាកសាច់ដុំច្រើនប្រភេទ។ សញ្ញាទាំងនេះអាចលេចឡើង ហើយបាត់ទៅវិញ៖

  • ការចុះខ្សោយនៃសាច់ដុំជារោគសញ្ញាដែលជួបប្រទះញឹកញាប់បំផុត សាច់ដុំដែលរងផលប៉ះពាល់ភាគច្រើនជាសាច់ដុំដែលនៅជិតដងខ្លួន ហើយការចុះខ្សោយជាទូទៅកើតឡើងបន្តិចម្តងៗក្នុងរយៈពេលពី ៣ ទៅ ៦ ខែ ដោយមានករណីកម្រខ្លះដែលរោគសញ្ញាលេចឡើងភ្លាមៗ។
  • មនុស្សមួយចំនួនមានការលំបាកក្នុងការក្រោកឈរ បន្ទាប់ពីដេក ពិបាកក្រោកឈរពីកៅអី ឡើងជណ្តើរ ឬលើកវត្ថុផ្សេងៗ។
  • ជួនកាលសាច់ដុំអាចមានការឈឺចុកចាប់ និងឈឺនៅពេលប៉ះពាល់។
  • អស់កម្លាំង
  • ក្តៅខ្លួន
  • ស្រកទម្ងន់
  • បញ្ហាក្នុងការលេបអាហារ
  • ពិបាកដកដង្ហើម ដែលបណ្តាលមកពីការប៉ះពាល់ដល់បេះដូង និងសួត
  • មនុស្សមួយចំនួនក៏មានកន្ទួលក្រហមនៅលើក និងដើមទ្រូងផ្នែកខាងលើ ស្នាមអុចក្រហម ឬកន្ទួលពណ៌ស្វាយជុំវិញភ្នែកព្រមទាំងស្បែកក្រហមនៅលើម្រាមដៃ កែងដៃ និងជង្គង់ផងដែរ។

ប្រសិនបើអ្នកជួបប្រទះការចុះខ្សោយសាច់ដុំដោយមិនដឹងមូលហេតុ សូមប្រញាប់ទៅជួបវេជ្ជបណ្ឌិត។

​​ មូលហេតុ

ទោះបីជាមូលហេតុនៃជំងឺរលាកសាច់ដុំច្រើនប្រភេទមិនទាន់ត្រូវបានយល់ដឹងពេញលេញនៅឡើយក្តី ប៉ុន្តែស្ថានភាពនេះមានចំណុចប្រហាក់ប្រហែលគ្នាច្រើនទៅនឹងជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង ដែលប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រហារកោសិកា និងសរីរាង្គផ្ទាល់ខ្លួនរបស់រាងកាយ។

កត្តាហានិភ័យ

ជំងឺរលាកសាច់ដុំច្រើនប្រភេទមានការវិវត្តបន្តិចម្តងៗតាមពេលវេលា ហើយកម្រឃើញកើតមានលើបុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំណាស់។ ស្ត្រីរងផលប៉ះពាល់ដោយសារជំងឺនេះញឹកញាប់ជាងបុរស។ ប្រសិនបើអ្នកមានជំងឺ Lupus ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជំងឺស្បែក Scleroderma ឬរោគសញ្ញា Sjogren’s syndrome នោះហានិភ័យនៃការកើតជំងឺរលាកសាច់ដុំច្រើនប្រភេទរបស់អ្នកនឹងកើនឡើង។

ការធ្វើរោគវិនិច្ឆ័យ

ប្រសិនបើអ្នកមានជំងឺរលាកសាច់ដុំច្រើនប្រភេទ វេជ្ជបណ្ឌិតរបស់អ្នកអាចណែនាំឱ្យធ្វើតេស្តមួយ ឬច្រើនដូចខាងក្រោម៖

  • ការធ្វើតេស្តឈាម៖ វេជ្ជបណ្ឌិតអាចកំណត់ថាតើអ្នកមានការខូចខាតសាច់ដុំឬយ៉ាងណា ដោយវាស់កម្រិតអង់ស៊ីមសាច់ដុំនៅក្នុងឈាមរបស់អ្នក ដែលអាចពិនិត្យឃើញតាមរយៈការធ្វើតេស្តឈាម។ ថ្នាំ និងវិធីសាស្ត្រព្យាបាលដែលសមស្របបំផុតអាចត្រូវជ្រើសរើសបាន ដោយផ្អែកលើអង់ទីករស្វ័យប្រសិទ្ធភាពជាក់លាក់ ដែលមានទំនាក់ទំនងទៅនឹងរោគសញ្ញារលាកសាច់ដុំច្រើនប្រភេទមួយចំនួន ដែលរកឃើញតាមរយៈការធ្វើតេស្តឈាម។
  • ការវាស់ចរន្តអគ្គិសនីសាច់ដុំ៖ ម្ជុលអេឡិចត្រូតដ៏តូចមួយត្រូវបានចាក់ចូលទៅក្នុងសាច់ដុំតាមរយៈស្បែក អំឡុងពេលធ្វើតេស្តនេះ។ នៅពេលអ្នកសម្រួល ឬកន្ត្រាក់សាច់ដុំ សកម្មភាពអគ្គិសនីនឹងត្រូវកត់ត្រា ហើយការប្រែប្រួលនៃទម្រង់សកម្មភាពអគ្គិសនី អាចបញ្ជាក់ពីជំងឺសាច់ដុំបាន។ តាមរយៈការពិនិត្យសាច់ដុំជាច្រើន វេជ្ជបណ្ឌិតអាចដឹងថាជំងឺនេះកើតមានខ្លាំងនៅត្រង់កន្លែងណា។
  • ការធ្វើកោសល្យវិច័យ៖ អំឡុងពេលធ្វើកោសល្យវិច័យ គំរូជាលិកាសាច់ដុំតូចមួយត្រូវបានកាត់យកតាមការវះកាត់ ហើយបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីពិនិត្យ។ លទ្ធផលនៃការវិភាគអាចបង្ហាញពីភាពមិនប្រក្រតី ដូចជាការរលាក ការខូចខាត ឬកង្វះប្រូតេអ៊ីន ឬអង់ស៊ីមជាក់លាក់។
  • ការថតឆ្លុះដោយរលកម៉ាញេទិក MRI៖ ម៉ាស៊ីន MRI ប្រើប្រាស់វាលម៉ាញេទិកខ្លាំង និងរលកវិទ្យុ ដើម្បីបង្កើតរូបភាពកាត់ទទឹងលម្អិតនៃសាច់ដុំរបស់អ្នក។ ខុសពីការកាត់សាច់ដុំទៅពិនិត្យ ការថត MRI អាចពិនិត្យឃើញការរលាកលើតំបន់ធំជាងនៃជាលិកាសាច់ដុំ។

ការព្យាបាល

ទោះបីជាជំងឺរលាកសាច់ដុំច្រើនប្រភេទមិនអាចព្យាបាលឱ្យជាសះស្បើយដាច់ក៏ដោយ ប៉ុន្តែការព្យាបាលអាចបង្កើនកម្លាំង និងមុខងារសាច់ដុំរបស់អ្នកបាន។ ការព្យាបាលជំងឺរលាកសាច់ដុំច្រើនប្រភេទកាន់តែឆាប់ នោះការព្យាបាលនឹងកាន់តែមានប្រសិទ្ធភាព ហើយផលវិបាកក៏កើតមានកាន់តែតិចដែរ។

គ្មានវិធីសាស្ត្រណាមួយដែលល្អបំផុតសម្រាប់គ្រប់ដំណាក់កាលជំងឺនោះទេ ដូច្នេះវេជ្ជបណ្ឌិតនឹងរៀបចំការព្យាបាលសមស្របទៅតាមរោគសញ្ញារបស់អ្នក និងកម្រិតនៃការឆ្លើយតបទៅនឹងការព្យាបាល។

ការប្រើប្រាស់ថ្នាំ

ថ្នាំខាងក្រោមនេះត្រូវបានប្រើប្រាស់ជាទូទៅក្នុងការព្យាបាលជំងឺរលាកសាច់ដុំច្រើនប្រភេទ៖

  • ថ្នាំប្រភេទ Corticosteroids៖ រោគសញ្ញានៃជំងឺរលាកសាច់ដុំច្រើនប្រភេទ អាចគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព ដោយសារការជួយជ្រោមជ្រែងពីថ្នាំ ដូចជា Prednisone ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ថ្នាំទាំងនេះជាប់ជាប្រចាំអាចមានផលប៉ះពាល់ធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ប្រព័ន្ធរាងកាយជាច្រើន។ ដោយហេតុផលនេះ វេជ្ជបណ្ឌិតរបស់អ្នកអាចកាត់បន្ថយកម្រិតថ្នាំបន្តិចម្តងៗមកត្រឹមកម្រិតទាប។
  • ថ្នាំកាត់បន្ថយការប្រើស្តេរ៉ូអ៊ីត៖ ថ្នាំទាំងនេះអាចកាត់បន្ថយកម្រិតប្រើប្រាស់ និងផលប៉ះពាល់មិនល្អនៃថ្នាំ Corticosteroid នៅពេលប្រើប្រាស់ទន្ទឹមគ្នា។ ជំងឺរលាកសាច់ដុំច្រើនប្រភេទ ជាទូទៅត្រូវបានព្យាបាលដោយថ្នាំពីរមុខ គឺ Azathioprine និង Methotrexate។ ថ្នាំផ្សេងទៀតដែលអាចត្រូវបញ្ជាឱ្យប្រើសម្រាប់ស្ថានភាពនេះ រួមមាន Tacrolimus, Cyclosporine, និង Mycophenolate mofetil។
  • ថ្នាំ Rituximab៖ Rituximab គឺជាជម្រើសមួយ ប្រសិនបើរោគសញ្ញារលាកសាច់ដុំច្រើនប្រភេទរបស់អ្នកមិនត្រូវបានគ្រប់គ្រងបានល្អគ្រប់គ្រាន់ដោយការព្យាបាលដំបូង។ វាត្រូវបានប្រើប្រាស់ញឹកញាប់ជាង ក្នុងការព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។

ការស្តារសម្បទា និងការព្យាបាលដោយចលនា

អាស្រ័យលើកម្រិតធ្ងន់ធ្ងរនៃរោគសញ្ញារបស់អ្នក វេជ្ជបណ្ឌិតអាចណែនាំវិធានការដូចខាងក្រោម៖

  • ការព្យាបាលដោយចលនា៖ អ្នកឯកទេសការព្យាបាលដោយចលនា (រូបវន្តព្យាបាល) អាចណែនាំកម្រិតសកម្មភាពដែលសមស្រប និងបង្ហាញលំហាត់ប្រាណដើម្បីរក្សា និងបង្កើនកម្លាំងព្រមទាំងភាពបត់បែនរបស់អ្នក។
  • ការព្យាបាលការនិយាយ៖ ប្រសិនបើជំងឺរលាកសាច់ដុំច្រើនប្រភេទ បណ្តាលឱ្យចុះខ្សោយសាច់ដុំដែលគ្រប់គ្រងសមត្ថភាពក្នុងការលេបរបស់អ្នក ការព្យាបាលការនិយាយអាចបង្រៀនអ្នកពីរបៀបសម្របខ្លួនទៅនឹងការប្រែប្រួលទាំងនេះ។
  • ការវាយតម្លៃអាហាររូបត្ថម្ភ៖ នៅពេលជំងឺរលាកសាច់ដុំច្រើនប្រភេទកាន់តែវិវត្ត វាអាចកាន់តែពិបាកក្នុងការលេប និងទំពារ។ ក្នុងករណីបែបនេះ អ្នកឯកទេសអាហាររូបត្ថម្ភដែលមានអាជ្ញាប័ណ្ណ អាចជួយអ្នកក្នុងការរៀបចំអាហារដែលមានជីវជាតិ និងងាយស្រួលធ្វើ។

នីតិវិធីផ្សេងទៀត

Intravenous Immunoglobulin (IVIg) គឺជាផលិតផលឈាមចម្រោះដែលមានអង់ទីករសុខភាពល្អពីអ្នកបរិច្ចាគឈាមជាច្រើននាក់។ អង់ទីករទាំងនេះអាចរារាំងអង់ទីករដែលបង្កគ្រោះថ្នាក់ដែលប្រយុទ្ធប្រហារសាច់ដុំនៅក្នុងជំងឺរលាកសាច់ដុំច្រើនប្រភេទ។ ដោយសារតែ IVIg ត្រូវបានផ្តល់ជូនតាមសរសៃឈាមវ៉ែន ផលប៉ះពាល់របស់វាអាចមានលក្ខណៈបណ្តោះអាសន្ន និងអាចតម្រូវឱ្យមានការព្យាបាលម្តងហើយម្តងទៀត ដើម្បីរក្សាប្រសិទ្ធភាពរបស់វា។

Doctors who treat this condition