ទិដ្ឋភាពទូទៅ

ជំងឺគីសច្រើននៅលើតម្រងនោម (Polycystic kidney disease – PKD) គឺជាជំងឺតំណពូជមួយប្រភេទ ដែលត្រូវបានសម្គាល់ដោយការដុះពកដុំគីសមានទឹកនៅខាងក្នុងជាច្រើននៅលើតម្រងនោម។ ខុសប្លែកពីដុំគីសធម្មតានៅលើតម្រងនោមដែលមិនបង្កគ្រោះថ្នាក់ ជំងឺ PKD គឺជាទម្រង់ធ្ងន់ធ្ងរមួយនៃជំងឺតម្រងនោមរ៉ាំរ៉ៃ ដែលអាចបណ្តាលឱ្យមានផលវិបាកសុខភាពគួរឱ្យព្រួយបារម្ភ។ ដុំគីសនៅក្នុងជំងឺ PKD អាចរីកធំធាត់ទៅៗ ដែលធ្វើឱ្យតម្រងនោមមានទំហំប៉ោងធំជាងមុន និងរំខានដល់សមត្ថភាពរបស់វាក្នុងការចម្រោះកាកសំណល់ចេញពីឈាមប្រកបដោយប្រសិទ្ធភាព ដែលជាហេតុនាំឱ្យមុខងារតម្រងនោមធ្លាក់ចុះបន្តិចម្តងៗ។

ជំងឺគីសច្រើននៅលើតម្រងនោម ត្រូវបានបែងចែកជាពីរប្រភេទ៖

  • ជំងឺគីសច្រើននៅលើតម្រងនោមដែលឆ្លងតាមហ្សែនលេច (Autosomal dominant polycystic kidney disease – ADPKD)៖ នេះជាប្រភេទជំងឺ PKD ដែលជួបប្រទះញឹកញាប់បំផុត។ ជាទូទៅ ជំងឺ ADPKD ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញលើមនុស្សពេញវ័យដែលមានអាយុចន្លោះពី ៣០ ដល់ ៥០ ឆ្នាំ ប៉ុន្តែវាក៏អាចវិវត្តលើកុមារតូចៗ ឬក្មេងជំទង់ផងដែរ។ ជំងឺនេះអាចឆ្លងទៅកូនៗបាន លុះត្រាតែឪពុក ឬម្តាយមានផ្ទុកជំងឺនេះ។ កូនម្នាក់ៗមានឱកាសរហូតដល់ ៥០% ក្នុងការវិវត្តទៅជាជំងឺ ADPKD ប្រសិនបើឪពុក ឬម្តាយមានជំងឺនេះ។ ករណីភាគច្រើននៃជំងឺគីសច្រើននៅលើតម្រងនោម គឺស្ថិតនៅក្នុងប្រភេទនេះឯង។
  • ជំងឺគីសច្រើននៅលើតម្រងនោមដែលឆ្លងតាមហ្សែនអន់ (Autosomal recessive polycystic kidney disease – ARPKD)៖ ជំងឺ PKD លើទារក ឬហៅថា ARPKD គឺជាទម្រង់នៃជំងឺ PKD ដ៏កម្រមួយ។ វាបណ្តាលឱ្យមានការវិវត្តមិនប្រក្រតីនៃតម្រងនោមតាំងពីនៅក្នុងផ្ទៃមាតា ឬភ្លាមៗក្រោយពេលសម្រាល។ ជារឿយៗ សញ្ញាដំបូងនៃស្ថានភាពជំងឺនេះ ប្រហែលជាមិនស្តែងឡើងទាល់តែរហូតដល់កុមារដឹងក្តី ឬឈានចូលវ័យជំទង់។

ជាលទ្ធផល អ្នកដែលរងផលប៉ះពាល់ដោយជំងឺ PKD ភាគច្រើន នឹងត្រូវតម្រូវឱ្យធ្វើការលាងឈាម ឬប្តូរសរីរាង្គតម្រងនោម នៅថ្ងៃណាមួយ ដើម្បីទ្រទ្រង់មុខងារតម្រងនោមរបស់ពួកគេ។

រោគសញ្ញា

រោគសញ្ញានៃជំងឺគីសច្រើននៅលើតម្រងនោមរួមមាន៖

  • ប្រភេទ Autosomal dominant polycystic kidney disease (ADPKD)៖
    • សម្ពាធឈាមឡើងខ្ពស់ (លើសឈាម)
    • មានឈាមនៅក្នុងទឹកនោម (នោមឈាម)
    • ឈឺក្បាល
    • ឈឺខ្នង ឬឈឺចង្កេះ/ចំហៀងរាងកាយ
  • ប្រភេទ Autosomal recessive polycystic kidney disease (ARPKD)៖
    • តម្រងនោមរីកធំខុសប្រក្រតី
    • ការលូតលាស់យឺតយ៉ាវ (ទម្ងន់ពេលសម្រាលទាប)
    • កម្រិតទឹកភ្លោះតិច ដែលអាចជាសញ្ញាបង្ហាញថាទារកមិនបានផលិតទឹកនោមគ្រប់គ្រាន់នៅក្នុងស្បូន

វាពិតជាមានសារៈសំខាន់ណាស់ដែលត្រូវដឹងថា ជំងឺគីសច្រើននៅលើតម្រងនោមជារឿយៗអាចមិនត្រូវបានរកឃើញក្នុងរយៈពេលយ៉ាងយូរ។ ប្រសិនបើមានសញ្ញា ឬរោគសញ្ញាណាមួយដែលពាក់ព័ន្ធនឹងស្ថានភាពជំងឺនេះលេចឡើង ការស្វែងរកការពិនិត្យព្យាបាលពីគ្រូពេទ្យគឺជាការណែនាំដ៏ល្អបំផុត។ ចំពោះបុគ្គលដែលមានសាច់ញាតិបង្កើត (ដូចជា ឪពុកម្តាយ បងប្អូនបង្កើត ឬកូន) មានប្រវត្តិសង្ស័យ ឬកើតជំងឺគីសច្រើននៅលើតម្រងនោម គួរតែពិគ្រោះជាមួយអ្នកជំនាញសុខាភិបាល ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការធ្វើតេស្តស្វែងរកជំងឺនេះ។

​​ មូលហេតុ

ជំងឺគីសច្រើននៅលើតម្រងនោម បង្កឡើងដោយសារភាពមិនប្រក្រតីនៃហ្សែន ដែលមានន័យថា វាជាជំងឺដែលអាចឆ្លងតាមខ្សែស្រឡាយគ្រួសារ។ ជួនកាល ហ្សែនអាចមានការប្រែប្រួលដោយឯកឯង ដែលធ្វើឱ្យឪពុកម្តាយមិនមានផ្ទុកហ្សែនបំប្លែងខ្លួននោះទាល់តែសោះ។ ជំងឺ PKD អាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ គ្រប់ពូជសាសន៍ និងគ្រប់ជនជាតិ ដោយក្នុងនោះទាំងបុរស និងស្ត្រីសុទ្ធតែអាចកើតជំងឺនេះដូចគ្នា។

ការធ្វើរោគវិនិច្ឆ័យ

ជំងឺគីសច្រើននៅលើតម្រងនោម អាចត្រូវបានធ្វើរោគវិនិច្ឆ័យ និងវាយតម្លៃតាមរយៈការធ្វើតេស្តផ្សេងៗ ដើម្បីពិនិត្យមើលទំហំ និងបរិមាណនៃដុំគីសនៅលើតម្រងនោម ក៏ដូចជាវាស់វែងបរិមាណនៃកោសិកាតម្រងនោមដែលនៅមានសុខភាពល្អ។ ការធ្វើតេស្តទាំងនោះរួមមាន៖

  • ការពិនិត្យដោយអេកូ៖ ជាវិធីសាស្ត្រមិនកាត់ក្វៀល (មិនប៉ះពាល់ដល់រាងកាយ) ដោយគ្រូពេទ្យដាក់ឧបករណ៍បញ្ជូនសញ្ញាដែលបញ្ចេញរលកសំឡេងនៅលើរាងកាយរបស់អ្នក។ រលកសំឡេងដែលចាំងត្រឡប់មកវិញ នឹងត្រូវបំប្លែងទៅជារូបភាពតម្រងនោមរបស់អ្នកដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ ដែលដំណើរការនេះស្រដៀងនឹងបច្ចេកវិទ្យាសូណាដែរ។
  • ការថតស៊ីធីស្កេន៖ អ្នកនឹងត្រូវគេងនៅលើគ្រែដែលអាចរំកិលបាន ហើយតម្រង់ចូលទៅក្នុងឧបករណ៍ស្កេនដ៏ធំមួយដែលមានរាងដូចនំដូណាត់។ ឧបករណ៍នេះនឹងបញ្ចេញកាំរស្មីអ៊ិចស្តើងៗកាត់រាងកាយរបស់អ្នក ដែលអនុញ្ញាតឱ្យគ្រូពេទ្យអាចមើលឃើញរូបភាពកាត់ទទឹងនៃតម្រងនោមរបស់អ្នកយ៉ាងលម្អិត។
  • ការថតអឹមអរអាយ៖ អ្នកនឹងត្រូវគេងនៅខាងក្នុងស៊ីឡាំងដ៏ធំមួយ ខណៈពេលដែលដែនម៉ាញេទិក និងរលកវិទ្យុបង្កើតជារូបភាពកាត់ទទឹងយ៉ាងលម្អិតនៃតម្រងនោមរបស់អ្នក។

បន្ថែមលើការពិនិត្យតាមរយៈរូបភាពវេជ្ជសាស្ត្រ ការធ្វើតេស្តហ្សែនក៏អាចត្រូវបានណែនាំផងដែរ។ នេះជាការធ្វើតេស្តឈាម ឬទឹកមាត់ ដើម្បីពិនិត្យរកមើលហ្សែនដែលបំប្លែងខ្លួនខុសប្រក្រតី ដែលជាអ្នកបង្កឱ្យមានជំងឺគីសច្រើននៅលើតម្រងនោម។

ការព្យាបាល

កម្រិតធ្ងន់ធ្ងរនៃជំងឺគីសច្រើននៅលើតម្រងនោម អាចមានភាពខុសប្លែកគ្នាចំពោះបុគ្គលម្នាក់ៗ សូម្បីតែនៅក្នុងរង្វង់គ្រួសារជាមួយគ្នាក៏ដោយ។ ខណៈពេលដែលមនុស្សមួយចំនួនអាចជួបប្រទះទម្រង់ស្រាលនៃជំងឺនេះ ហើយមិនដែលវិវត្តទៅជាជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ អ្នកខ្លះទៀតអាចនឹងវិវត្តទៅដល់ដំណាក់កាលនោះ។ ជាទូទៅ បុគ្គលដែលមានជំងឺ PKD តែងតែឈានដល់ដំណាក់កាលខ្សោយតម្រងនោមចុងក្រោយនៅចន្លោះអាយុពី ៥៥ ដល់ ៦៥ ឆ្នាំ។ ការព្យាបាលជំងឺគីសច្រើននៅលើតម្រងនោមនៅដំណាក់កាលដំបូង គឺផ្តោតលើការដោះស្រាយទៅលើសញ្ញា រោគសញ្ញា និងផលវិបាកនានាដែលពាក់ព័ន្ធនឹងស្ថានភាពជំងឺ៖

  • ការលូតលាស់នៃដុំគីសតម្រងនោម៖ ការព្យាបាលដោយប្រើថ្នាំ Tolvaptan អាចត្រូវបានណែនាំដើម្បីពន្យឺតអត្រានៃការលូតលាស់របស់ដុំគីស និងថែរក្សាមុខងារតម្រងនោម។ ទោះជាយ៉ាងណាក៏ដោយ វាមានហានិភ័យបង្កឱ្យខូចខាតថ្លើមធ្ងន់ធ្ងរ និងអាចមានប្រតិកម្មជាមួយថ្នាំដទៃទៀត។ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការពិគ្រោះជាមួយគ្រូពេទ្យឯកទេសតម្រងនោម ដើម្បីការតាមដានដិតដល់ និងគ្រប់គ្រងផលប៉ះពាល់ដែលអាចកើតមាន។
  • ការជំនួយផ្លូវដង្ហើម៖ ទារកទើបនឹងកើតដែលមានការលូតលាស់សួតមិនពេញលេញ និងមានបញ្ហាពិបាកដកដង្ហើម អាចនឹងត្រូវការពឹងផ្អែកលើម៉ាស៊ីនជំនួយដកដង្ហើម ដើម្បីជួយដល់ការដកដង្ហើមរបស់ពួកគេ។
  • សម្ពាធឈាមឡើងខ្ពស់៖ ការគ្រប់គ្រងសម្ពាធឈាមឱ្យបានល្អ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការបន្សាបល្បឿននៃការវិវត្តនៃជំងឺ PKD និងទប់ស្កាត់ការខូចខាតតម្រងនោមបន្ថែម។ កត្តានេះអាចធ្វើទៅបានតាមរយៈការញ៉ាំអាហារដែលមានជាតិសូដ្យូម (ប្រៃ) ទាប ជាតិខ្លាញ់ទាប និងមានកម្រិតប្រូតេអ៊ីន ក៏ដូចជាកាឡូរីសមល្មម។ ក្រៅពីនេះ ត្រូវចៀសវាងការជក់បារី បង្កើនការហាត់ប្រាណ កាត់បន្ថយស្ត្រេស និងពិចារណាប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមដូចជាប្រភេទ ACE inhibitors ឬ ARBs។
  • ការធ្លាក់ចុះមុខងារតម្រងនោម៖ ការរក្សាទម្ងន់រាងកាយឱ្យបានសមស្រប (វាស់វែងដោយសន្ទស្សន៍ម៉ាសរាងកាយ – BMI) ត្រូវបានណែនាំដើម្បីទ្រទ្រង់សុខភាពតម្រងនោម។ ការពិសារទឹក និងវត្ថុរាវឱ្យបានគ្រប់គ្រាន់ពេញមួយថ្ងៃ អាចជួយពន្យឺតការលូតលាស់នៃដុំគីស និងរក្សាមុខងារតម្រងនោម។ ការអនុវត្តរបបអាហារសាប (កាត់បន្ថយអំបិល) និងកាត់បន្ថយការញ៉ាំប្រូតេអ៊ីន ក៏អាចជួយឱ្យដុំគីសឆ្លើយតបបានល្អប្រសើរទៅនឹងការកើនឡើងនៃវត្ថុរាវនៅក្នុងរាងកាយផងដែរ។
  • ការគ្រប់គ្រងការឈឺចាប់៖ ថ្នាំបំបាត់ការឈឺចាប់ដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជាដែលមានផ្ទុកជាតិអាសេតាមីណូហ្វែន អាចជួយគ្រប់គ្រងការឈឺចាប់ដែលបង្កឡើងដោយជំងឺ PKD។ ក្នុងករណីធ្ងន់ធ្ងរ វិធីសាស្ត្រដូចជាការបូមយកទឹកចេញពីដុំគីស ឬការវះកាត់ អាចជាការចាំបាច់ដើម្បីកាត់បន្ថយសម្ពាធ និងការឈឺចាប់ដែលបង្កឡើងដោយដុំគីសធំៗ។
  • ការឆ្លងមេរោគលើប្លោកនោម ឬតម្រងនោម៖ ការព្យាបាលការឆ្លងមេរោគភ្លាមៗជាមួយថ្នាំផ្សះ គឺពិតជាសំខាន់ណាស់ដើម្បីបង្ការការខូចខាតតម្រងនោម។ គ្រូពេទ្យនឹងកំណត់វគ្គព្យាបាលសមស្របទៅតាមប្រភេទ និងកម្រិតធ្ងន់ធ្ងរនៃការឆ្លងមេរោគនោះ។
  • មានឈាមនៅក្នុងទឹកនោម៖ ការពិសារវត្ថុរាវឱ្យបានច្រើន ជាពិសេសគឺទឹកស្អាតធម្មតា អាចជួយធ្វើឱ្យទឹកនោមរាវ និងបង្ការការកកកកុញនៃដុំឈាមដែលរាំងស្ទះផ្លូវនោម។ ក្នុងករណីភាគច្រើន ការហូរឈាមនឹងបាត់ទៅវិញដោយឯកឯង។ ទោះជាយ៉ាងណា ប្រសិនបើវានៅតែបន្តកើតមាន អ្នកត្រូវតែប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យ។
  • ការខ្សោយតម្រងនោម៖ ប្រសិនបើមុខងារតម្រងនោមធ្លាក់ចុះដល់កម្រិតមួយដែលមិនអាចចម្រោះកាកសំណល់ និងវត្ថុរាវលើសចេញពីឈាមបានគ្រប់គ្រាន់នោះ ការលាងឈាម ឬការប្តូរសរីរាង្គតម្រងនោមនឹងក្លាយជាការចាំបាច់។ ការតាមដានជំងឺ PKD ឱ្យបានទៀងទាត់ នឹងអនុញ្ញាតឱ្យគ្រូពេទ្យកំណត់ពេលវេលាដ៏ល្អបំផុតសម្រាប់ការប្តូរតម្រងនោម។ ក្នុងករណីខ្លះ ការវះកាត់ប្តូរតម្រងនោមជាមុន អាចធ្វើទៅបាន ដែលជួយកាត់បន្ថយតម្រូវការនៃការលាងឈាម។
  • ជំងឺប៉ោងសរសៃឈាមខួរក្បាល៖ បុគ្គលដែលមានជំងឺ PKD និងមានប្រវត្តិគ្រួសារធ្លាប់ធ្លាយសរសៃឈាមខួរក្បាល អាចនឹងត្រូវការការពិនិត្យស្កេនជាទៀងទាត់ដើម្បីស្វែងរកការប៉ោងសរសៃឈាមក្នុងខួរក្បាល។ ជម្រើសនៃការព្យាបាល ដូចជាការវះកាត់គៀបសរសៃឈាម ឬការគ្រប់គ្រងដោយមិនបាច់វះកាត់ គឺផ្អែកលើទំហំនៃសរសៃឈាមដែលប៉ោង និងអាចរួមបញ្ចូលទាំងការគ្រប់គ្រងសម្ពាធឈាម គ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលក្នុងឈាម និងការផ្តាច់បារី។
  • ការព្យាបាលការលូតលាស់៖ ទារកដែលមានទម្ងន់មិនគ្រប់ស្តង់ដារ ឬមានការលូតលាស់មិនពេញលេញ អាចនឹងត្រូវការរបបអាហារបំប៉នពិសេស ឬប្រើប្រាស់អរម៉ូនលូតលាស់របស់មនុស្ស ដើម្បីទ្រទ្រង់ការលូតលាស់ប្រកបដោយសុខភាពល្អ។ ការពិគ្រោះជាមួយគ្រូពេទ្យជំនាញត្រូវបានណែនាំដើម្បីកំណត់ផែនការព្យាបាលឱ្យបានសមស្រប។

Doctors who treat this condition