ជំងឺដុំគីសទឹកលើក្រពេញអូវែ
ទិដ្ឋភាពទូទៅ
ជំងឺដុំគីសទឹកលើក្រពេញអូវែ ឬហៅកាត់ថា PCOS (Polycystic ovary syndrome) គឺជាបញ្ហាអរម៉ូនដ៏ទូទៅមួយចំពោះស្ត្រីក្នុងវ័យបង្កើតបុត្រ។ ការមិនមានតុល្យភាពនៃកម្រិតអរម៉ូនអង់ដ្រូហ្សែន (Androgen – អរម៉ូនបុរស) គឺជាដើមហេតុបង្កឱ្យមានភាពមិនប្រក្រតីនៃវដ្តរដូវ ដូចជាការបាត់រដូវ ឬការមករដូវអូសបន្លាយពេលយូរថ្ងៃខុសធម្មតា។ វាក៏ជាមូលហេតុចម្បងមួយដែលបណ្តាលឱ្យស្ត្រីប្រឈមនឹងបញ្ហាមិនអាចមានបុត្រ (ភាពអត់កូន) ផងដែរ។
ជំងឺនេះគឺជា «រោគសញ្ញា» ឬជាការប្រមូលផ្តុំនៃរោគសញ្ញាជាច្រើន ដែលជះឥទ្ធិពលដល់ក្រពេញអូវែ និងការជ្រុះពង។ ពាក្យថា «Polycystic» មានន័យថា «មានដុំគីសច្រើន» ដែលនេះជាលក្ខណៈសម្គាល់ចម្បងមួយនៃជំងឺនេះ។ វាសំដៅទៅលើថង់ទឹកតូចៗជាច្រើនដែលកកើតឡើងនៅក្នុងក្រពេញអូវែ ដោយសារតែការខ្វះខាតនៃការជ្រុះពង។ ថង់ទឹកទាំងនោះត្រូវបានគេហៅថា ថង់ហ្វូឡីគុល (Follicles) ដែលក្នុងថង់នីមួយៗមានផ្ទុកពងញាស់មិនទាន់ពេញវ័យមួយ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនស្ត្រីគ្រប់រូបដែលមានផ្ទុកជំងឺដុំគីសទឹកលើក្រពេញអូវែ សុទ្ធតែមានដុំគីសតូចៗទាំងនេះនៅក្នុងក្រពេញអូវែនោះទេ។
បច្ចុប្បន្ន គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដដែលបង្កឱ្យមានជំងឺនេះនៅឡើយទេ។ ការព្យាបាលគឺផ្តោតសំខាន់ទៅលើការគ្រប់គ្រងរោគសញ្ញា និងការកាត់បន្ថយហានិភ័យនៃស្ថានភាពសុខភាពដទៃទៀត ដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២ សម្ពាធឈាមខ្ពស់ បញ្ហាបេះដូង និងជំងឺមហារីកស្រទាប់ស្បូន។
រោគសញ្ញា
ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជះឥទ្ធិពលលើស្ត្រី និងក្មេងស្រីក្នុងវ័យបង្កើតបុត្រ។ យោងតាមការសិក្សាមួយបានបង្ហាញថា ស្ត្រីដែលមានជំងឺនេះរហូតដល់ទៅ ៧០% មិនត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញនោះឡើយ។
រោគសញ្ញាអាចមានភាពខុសប្លែកគ្នាចំពោះបុគ្គលម្នាក់ៗ។ ស្ត្រីភាគច្រើនអាចចាប់ផ្តើមកត់សម្គាល់ឃើញរោគសញ្ញានៃជំងឺដុំគីសទឹកលើក្រពេញអូវែ នៅត្រង់អំឡុងពេលនៃការមានរដូវដំបូងរបស់ពួកគេ ឬនៅពេលដែលពួកគេជួបប្រទះការពិបាកក្នុងការមានផ្ទៃពោះ។ រោគសញ្ញាទូទៅរួមមាន៖
- ភាពមិនប្រក្រតីនៃវដ្តរដូវ៖ កម្រិតអរម៉ូនអង់ដ្រូហ្សែនខ្ពស់ រារាំងដល់ដំណើរការជ្រុះពង និងបណ្តាលឱ្យមករដូវមិនទៀងទាត់។ ស្ត្រីដែលមានជំងឺនេះមានរយៈពេលមករដូវយូរថ្ងៃជាងកម្រិតធម្មតា។ អ្នកខ្លះអាចមកដូវតិចជាង ៨ ដងក្នុងមួយឆ្នាំ ដោយមានគម្លាតពីមួយខែទៅមួយខែលើសពី ៣៥ ថ្ងៃ។ ចំណែកឯអ្នកខ្លះទៀត គឺមិនមានមករដូវទាល់តែសោះ។ ស្ត្រីដែលមានវដ្តរដូវមិនទៀងទាត់ អាចជួបប្រទះការលំបាកក្នុងការចង់មានផ្ទៃពោះ។
- អរម៉ូនអង់ដ្រូហ្សែនច្រើនជ្រុល៖ កម្រិតអរម៉ូនបុរស (អង់ដ្រូហ្សែន) ខ្ពស់ពេក អាចបណ្តាលឱ្យស្ត្រីកើតមុន ដុះរោមច្រើនខុសធម្មតាតាមរាងកាយ និងធ្វើឱ្យសក់ក្បាលស្តើង (ជ្រុះសក់)។ ស្ថានភាពដុះរោមច្រើនជ្រុល គឺជាទម្រង់នៃការលូតលាស់រោមខ្លាំងដែលលេចឡើងនៅលើផ្ទៃមុខ និងរាងកាយ រួមទាំងនៅលើខ្នង ពោះ និងទ្រូងរបស់ស្ត្រី។
- គីសទឹកច្រើនលើក្រពេញអូវែ៖ ស្ត្រីដែលមានជំងឺដុំគីសទឹកលើក្រពេញអូវែ អាចមានដុំគីសតូចៗជាច្រើននៅលើក្រពេញអូវែ។ ថង់ហ្វូឡីគុលដែលផ្ទុកពងមិនទាន់ពេញវ័យ អាចកកើតឡើងនៅតាមបណ្តោយគែមនៃក្រពេញអូវែ។ ពងដែលមិនទាន់ពេញវ័យទាំងនោះ មិនអាចជម្រុញឱ្យមានដំណើរការជ្រុះពងបានឡើយ។
ស្ត្រីមួយចំនួនដែលមានជំងឺនេះអាចនឹងមិនស្តែងចេញជារោគសញ្ញាណាមួយនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីដែលមានទម្ងន់លើស (ធាត់) គឺមានឱកាសខ្ពស់ក្នុងការជួបប្រទះនូវរោគសញ្ញាធ្ងន់ធ្ងរ។ ស្ត្រីដែលជួបប្រទះរោគសញ្ញាទាំងនេះ ត្រូវបានណែនាំឱ្យពិគ្រោះជាមួយគ្រូពេទ្យជំនាញរោគស្ត្រី ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ។
មូលហេតុ
ជំងឺនេះមិនទាន់មានប្រភពបង្កច្បាស់លាស់នៅឡើយទេ ប៉ុន្តែកត្តាមួយចំនួនដែលអាចរួមចំណែកមានដូចជា៖
- ប្រវត្តិគ្រួសារ៖ ស្ត្រីដែលមានម្តាយ ឬបងប្អូនស្រីបង្កើតមានជំងឺដុំគីសទឹកលើក្រពេញអូវែ គឺមានភាគរយខ្ពស់ក្នុងការវិវត្តទៅជាស្ថានភាពជំងឺនេះដែរ។ ហ្សែនមួយ ឬច្រើនអាចជាកត្តារួមចំណែកដល់ជំងឺនេះ។
- ភាពស៊ាំនឹងអាំងស៊ុយលីន៖ ស្ត្រីដែលមានជំងឺដុំគីសទឹកលើក្រពេញអូវែ តែងតែមានសភាពស៊ាំនឹងអាំងស៊ុយលីន ដោយសាររាងកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនប្រកបដោយប្រសិទ្ធភាព។ អាំងស៊ុយលីនគឺជាអរម៉ូនផលិតដោយលំពែង ដែលជួយរាងកាយក្នុងការបំប្លែងជាតិស្ករទៅជាថាមពល។ នៅពេលដែលកោសិកាមិនអាចប្រើប្រាស់វាមានប្រសិទ្ធភាព រាងកាយនឹងត្រូវការអាំងស៊ុយលីនកាន់តែច្រើន ហេតុនេះលំពែងក៏ផលិតអាំងស៊ុយលីនបន្ថែម ដែលកត្តានេះជម្រុញឱ្យក្រពេញអូវែបង្កើតអរម៉ូនបុរស (អង់ដ្រូហ្សែន) កាន់តែច្រើន។ កម្រិតអរម៉ូនអង់ដ្រូហ្សែនច្រើនជ្រុល ជះឥទ្ធិពលអវិជ្ជមានដល់ក្រពេញអូវែ។
ភាពធាត់ គឺជាកត្តារួមចំណែកដ៏ធំបំផុតមួយដល់ភាពស៊ាំនឹងអាំងស៊ុយលីន។ ស្ត្រីដែលមានភាពស៊ាំនឹងអាំងស៊ុយលីន មានហានិភ័យខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ ពួកគេក៏អាចកត់សម្គាល់ឃើញមានសភាពឡើងខ្មៅស្រអាប់នៃស្បែកនៅផ្នែកខាងក្រោមនៃក ក្លៀក ក្រលៀន ឬនៅក្រោមសុដន់ផងដែរ។
- ការរលាក៖ ការស្រាវជ្រាវបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងជំងឺដុំគីសទឹកលើក្រពេញអូវែ និងការរលាកកម្រិតស្រាលក្នុងរាងកាយ។ កម្រិតប្រូតេអ៊ីន C-reactive (CRP) និងកោសិកាឈាមសដែលឃើញតាមរយៈការធ្វើតេស្តឈាម គឺជាអ្នកកំណត់កម្រិតនៃការរលាកនៅក្នុងរាងកាយ។ ការរលាករ៉ាំរ៉ៃកម្រិតស្រាល ធ្វើឱ្យក្រពេញអូវែដែលមានគីសបង្កើតអរម៉ូនអង់ដ្រូហ្សែន ដែលអាចបណ្តាលឱ្យមានបញ្ហាបេះដូង និងសរសៃឈាម។ ការមានទម្ងន់លើសក៏អាចបង្កើនកម្រិតនៃការរលាកនេះផងដែរ។
- អរម៉ូនអង់ដ្រូហ្សែន៖ ការផលិតអរម៉ូនអង់ដ្រូហ្សែនច្រើនជ្រុល អាចបង្កឱ្យមានជំងឺដុំគីសទឹកលើក្រពេញអូវែ និងនាំឱ្យកើតមុន ក៏ដូចជាដុះរោមច្រើន។ កម្រិតអរម៉ូនអង់ដ្រូហ្សែនមិនប្រក្រតី ធ្វើឱ្យរំខានដល់ការជ្រុះពង ដែលជាហេតុនាំឱ្យវដ្តរដូវមិនទៀងទាត់។
ការធ្វើរោគវិនិច្ឆ័យ
ជំងឺដុំគីសទឹកលើក្រពេញអូវែ មិនមានការធ្វើតេស្តជាក់លាក់ណាមួយដើម្បីបញ្ជាក់ភ្លាមៗនោះទេ ដោយស្ត្រីភាគច្រើនត្រូវបានធ្វើរោគវិនិច្ឆ័យក្រោយការពិនិត្យ ដែលក្នុងនោះគ្រូពេទ្យនឹងសាកសួរអំពីរោគសញ្ញា និងប្រវត្តិកោសល្យវិច័យវេជ្ជសាស្ត្រ រួមទាំងប្រវត្តិសុខភាពរបស់សមាជិកគ្រួសារផងដែរ។ គ្រូពេទ្យក៏នឹងវាស់ទម្ងន់ និងសម្ពាធឈាមរបស់អ្នកជំងឺ ព្រមទាំងធ្វើការពិនិត្យរាងកាយជាចម្បងទៅលើសញ្ញានៃការដុះរោមច្រើន សក់ក្បាលស្តើង ភាពស៊ាំនឹងអាំងស៊ុយលីន និងបញ្ហាមុខមុន។
លើសពីនេះ គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើការពិនិត្យបន្ថែមដូចខាងក្រោម៖
- ការពិនិត្យអាងត្រគាក៖ ដើម្បីស្វែងរកបញ្ហាមិនប្រក្រតីនៃក្រពេញអូវែ ឬសរីរាង្គដទៃទៀតនៃប្រព័ន្ធបន្តពូជ ដោយគ្រូពេទ្យបញ្ចូលម្រាមដៃ (ពាក់ស្រោមដៃ) ទៅក្នុងទ្វារមាស និងស្ទាបស្ទង់រកមើលការដុះសាច់ ឬការប្រែប្រួលណាមួយនៅក្នុងស្បូន ឬក្រពេញអូវែ។
- ការពិនិត្យដោយអេកូ៖ នេះជាការប្រើប្រាស់ឧបករណ៍បញ្ជូនសញ្ញា ដើម្បីបញ្ចេញរលកសំឡេងក្នុងការកំណត់រកភាពមិនប្រក្រតីនៅក្នុងស្បូន និងក្រពេញអូវែ។ ស្ថានភាពនៃក្រពេញអូវែ និងកម្រាស់នៃស្រទាប់ស្បូន នឹងត្រូវពិនិត្យយ៉ាងលម្អិតតាមរយៈការថតអេកូនេះ។
- ការធ្វើតេស្តមន្ទីរពិសោធន៍៖ ការធ្វើតេស្តឈាមនេះមានគោលបំណងវាយតម្លៃកម្រិតអរម៉ូន និងកម្រិតជាតិស្ករ។ កម្រិតជាតិខ្លាញ់ទ្រីគ្លីសេរីដ អាំងស៊ុយលីន និងកូឡេស្តេរ៉ុល ក៏នឹងត្រូវវាស់វែងផងដែរ ដើម្បីវាយតម្លៃហានិភ័យនៃជំងឺនានា ដូចជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ ការធ្វើតេស្តនេះក៏អាចជួយដកចេញនូវមូលហេតុផ្សេងៗទៀតនៃការមករដូវមិនទៀងទាត់ ឬការលើសអរម៉ូនអង់ដ្រូហ្សែនដែលមានសញ្ញាស្រដៀងនឹងជំងឺដុំគីសទឹកលើក្រពេញអូវែ។
ស្ត្រីដែលត្រូវបានរកឃើញថាមានជំងឺនេះ អាចនឹងត្រូវតម្រូវឱ្យតាមដានសុខភាពរបស់ខ្លួនយ៉ាងដិតដល់ ដើម្បីការពារផលវិបាកនានា។ ការធ្វើតេស្តមួយចំនួនដែលចាំបាច់ត្រូវធ្វើរួមមាន៖
- ការតាមដានសម្ពាធឈាម កម្រិតជាតិស្ករក្នុងឈាម កម្រិតកូឡេស្តេរ៉ុល និងជាតិខ្លាញ់ទ្រីគ្លីសេរីដ
- ការវាយតម្លៃលើរោគសញ្ញាជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភ
- ការវាយតម្លៃលើបញ្ហាឈប់ដកដង្ហើមពេលគេង ដោយសារការស្ទះផ្លូវដង្ហើម
ការព្យាបាល
ផែនការព្យាបាលជំងឺដុំគីសទឹកលើក្រពេញអូវែ គឺអាស្រ័យទៅលើសញ្ញា និងរោគសញ្ញាដែលអ្នកជំងឺបានជួបប្រទះ។ ដោយសារតែជំងឺនេះមិនទាន់មានប្រភពបង្កច្បាស់លាស់ ការព្យាបាលនឹងផ្តោតសំខាន់ទៅលើការគ្រប់គ្រងរោគសញ្ញា ដូចជា សក់ស្តើង ការដុះរោមច្រើនជ្រុល មុន ភាពមិនអាចមានបុត្រ និងភាពធាត់ ព្រមទាំងផ្អែកលើប្រវត្តិសុខភាពផងដែរ។ ជាទូទៅ ការព្យាបាលរួមមានការប្រើប្រាស់ថ្នាំ ការផ្លាស់ប្តូររបៀបរស់នៅ ឬការរួមបញ្ចូលទាំងពីរ។
- ការផ្លាស់ប្តូររបៀបរស់នៅ៖ ការស្រាវជ្រាវបានបង្ហាញថា រោគសញ្ញានៃជំងឺនេះ រួមទាំងបញ្ហានៃវដ្តរដូវ អាចត្រូវបានដោះស្រាយបាន តាមរយៈការសម្រកទម្ងន់ត្រឹមតែពី ៥ ទៅ ១០ ភាគរយប៉ុណ្ណោះ។ យុទ្ធសាស្ត្រសម្រកទម្ងន់ដ៏ល្អបំផុតសម្រាប់ស្ត្រី គួរតែត្រូវបានពិភាក្សាជាមួយគ្រូពេទ្យ និងអ្នកជំនាញផ្នែករបបអាហារ។ គ្រូពេទ្យអាចនឹងណែនាំឱ្យសម្រកទម្ងន់តាមរយៈការញ៉ាំអាហារដែលមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណ។ ការសម្រកទម្ងន់អាចជួយដល់បញ្ហាមិនអាចមានបុត្រ បង្កើនប្រសិទ្ធភាពនៃថ្នាំព្យាបាលជំងឺដុំគីសទឹកលើក្រពេញអូវែ ជម្រុញដំណើរការជ្រុះពង និងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
- ការប្រើប្រាស់ថ្នាំ៖ ដើម្បីកែលម្អវដ្តរដូវ និងរោគសញ្ញាផ្សេងៗទៀត គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជានូវថ្នាំមួយចំនួនដូចជា៖
- ថ្នាំគ្រាប់ពន្យារកំណើតប្រភេទផ្សំ៖ ការធ្វើឱ្យអរម៉ូនមានតុល្យភាពឡើងវិញ អាចកាត់បន្ថយឱកាសនៃការកើតជំងឺមហារីកស្រទាប់ស្បូន និងជួយបំបាត់មុន ការដុះរោមច្រើន ក៏ដូចជាការហូរឈាមរដូវមិនទៀងទាត់។ ថ្នាំគ្រាប់ប្រភេទផ្សំនេះមានផ្ទុកអរម៉ូនអេស្ត្រូហ្សែន និងប្រូជេស្តិន ដែលជួយកាត់បន្ថយការផលិតអរម៉ូនអង់ដ្រូហ្សែន និងគ្រប់គ្រងអរម៉ូនអេស្ត្រូហ្សែន។
- ការព្យាបាលដោយប្រើអរម៉ូនប្រូជេស្តិន៖ វិធីសាស្ត្រនេះត្រូវបានណែនាំសម្រាប់ស្ត្រីដែលមិនអាចប្រើប្រាស់អរម៉ូនអេស្ត្រូហ្សែនបាន ដោយសារស្ថានភាពសុខភាព។ ប្រូជេស្តិន អាចមានទម្រង់ជាថ្នាំគ្រាប់ ថ្នាំបិទ ឬកងដាក់ក្នុងទ្វារមាស។ ការជ្រើសរើសគឺអាស្រ័យលើថាតើអ្នកជំងឺមានបំណងចង់យកបុត្រ ឬយ៉ាងណា។ ចំពោះអ្នកដែលចង់ការពារកុំឱ្យមានផ្ទៃពោះ ថ្នាំគ្រាប់ពន្យារកំណើតដែលមានតែប្រូជេស្តិន ឬកងដាក់ក្នុងស្បូនដែលមានផ្ទុកប្រូជេស្តិន គឺជាជម្រើសដ៏ល្អប្រសើរ។ ការប្រើប្រាស់ប្រូជេស្តិនក្នុងរយៈពេលកំណត់ណាមួយ អាចជួយគ្រប់គ្រងការជ្រុះពង បន្ធូរបន្ថយរោគសញ្ញានៃជំងឺ នាំមកនូវតុល្យភាពអរម៉ូនឡើងវិញ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្រទាប់ស្បូន។
ចំពោះស្ត្រីដែលមានជំងឺដុំគីសទឹកលើក្រពេញអូវែ ហើយចង់មានផ្ទៃពោះ គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជានូវថ្នាំដូចជា៖
- ថ្នាំ Clomiphene៖ ថ្នាំនេះត្រូវបានបង្ហាញថាអាចជម្រុញឱ្យមានការជ្រុះពង ឬព្យាបាលភាពមិនអាចមានបុត្រចំពោះស្ត្រីមានជំងឺនេះ។ វាជាថ្នាំប្រភេទប្រឆាំងអេស្ត្រូហ្សែនសម្រាប់លេប ប៉ុន្តែវាអាចបង្កើនឱកាសនៃការមានកូនភ្លោះ (ភ្លោះពីរ ឬភ្លោះច្រើន)។
- ថ្នាំ Gonadotropins៖ ជាថ្នាំដែលមានគោលបំណងជម្រុញការជ្រុះពង ដែលត្រូវបានផ្តល់ជូនតាមរយៈការចាក់។
- ថ្នាំ Letrozole៖ ជួយប្រឆាំងនឹងទម្រង់មួយចំនួននៃជំងឺមហារីកសុដន់ តាមរយៈការជម្រុញក្រពេញអូវែ។ វាដំណើរការដោយការកាត់បន្ថយបរិមាណអរម៉ូនអេស្ត្រូហ្សែនដែលរាងកាយផលិត ដែលជួយពន្យឺត ឬបញ្ឈប់ការលូតលាស់ និងការរីករាលដាលនៃកោសិកាមហារីកសុដន់។
- ថ្នាំ Metformin៖ ថ្នាំនេះជួយរាងកាយក្នុងការបំប្លែងអាំងស៊ុយលីនប្រកបដោយប្រសិទ្ធភាព និងត្រូវបានណែនាំសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២ តាមរយៈការកែលម្អភាពស៊ាំនឹងអាំងស៊ុយលីន និងកាត់បន្ថយកម្រិតអាំងស៊ុយលីន។ ថ្នាំ Metformin អាចជួយសម្រកទម្ងន់ ជម្រុញការជ្រុះពង និងពន្យារការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២ សម្រាប់អ្នកដែលមានសញ្ញាប្រឈម។
ប្រសិនបើការប្រើប្រាស់ថ្នាំដំបូងមិនអាចដោះស្រាយរោគសញ្ញានៃជំងឺ និងមិនអាចបង្កើនឱកាសមានផ្ទៃពោះបានទេនោះ គ្រូពេទ្យអាចនឹងណែនាំវិធីសាស្ត្របង្កកំណើតក្នុងទូកែវ (In vitro fertilization – IVF)។
ដើម្បីកាត់បន្ថយការសក់ស្តើង និងការកើតមុនដោយសារបញ្ហាអរម៉ូន គ្រូពេទ្យអាចចេញវេជ្ជបញ្ជា៖
- ថ្នាំគ្រាប់ពន្យារកំណើត៖ រោគសញ្ញាដូចជា ការដុះរោមច្រើន និងមុន អាចគ្រប់គ្រងបានតាមរយៈថ្នាំពន្យារកំណើត ដោយសារវាជួយកម្រិតការផលិតអរម៉ូនអង់ដ្រូហ្សែន។
- ការព្យាបាលមុន៖ ឡេ/គ្រីមលាប និងថ្នាំលេបមួយចំនួន អាចត្រូវបានណែនាំដើម្បីព្យាបាលមុនដែលបង្កឡើងដោយអតុល្យភាពអរម៉ូន ដោយផ្អែកលើស្ថានភាពស្បែករបស់អ្នកជំងឺ។
- ថ្នាំ Spironolactone (Aldactone)៖ ថ្នាំប្រភេទប្រឆាំងអង់ដ្រូហ្សែននេះ ត្រូវបានណែនាំសម្រាប់តែអ្នកដែលមិនមានផ្ទៃពោះ និងមិនមានគម្រោងយកបុត្រប៉ុណ្ណោះ ព្រោះការប្រើប្រាស់ថ្នាំនេះអាចបណ្តាលឱ្យទារកមានពិការភាពពីកំណើត។ វាជាថ្នាំទប់ស្កាត់អង់ដ្រូហ្សែន ដែលជួយកាត់បន្ថយឥទ្ធិពលនៃអរម៉ូនបុរស និងជួយព្យាបាលរោគសញ្ញាមួយចំនួនដូចជា មុន និងការដុះរោមច្រើន។
- ថ្នាំ Eflornithine (Vaniqa)៖ នេះជាថ្នាំប្រភេទគ្រីមលាបតាមវេជ្ជបញ្ជា ដែលជួយពន្យឺតការលូតលាស់នៃរោមនៅតាមតំបន់ដែលមិនចង់បាន ដូចជានៅលើផ្ទៃមុខ។
- ការជម្រុះរោម៖ ការជម្រុះរោមដោយប្រើចរន្តអគ្គិសនី គឺជាដំណោះស្រាយអចិន្ត្រៃយ៍មួយក្នុងការទប់ស្កាត់ការដុះរោមថ្មីសម្រាប់គ្រប់ប្រភេទស្បែក និងសរសៃរោម ដោយវាបំផ្លាញថង់ឫសរោមតាមរយៈការប្រើប្រាស់រលកវិទ្យុខ្លី។
- ការប្រើប្រាស់ឡាស៊ែរ៖ ក៏ជាដំណោះស្រាយជម្រុញរោមដ៏ល្អមួយទៀតសម្រាប់ស្ត្រីដែលមានសរសៃរោមពណ៌ខ្មៅ/ក្រាស់។ កាំរស្មីឡាស៊ែរនឹងចាប់យកសារធាតុពណ៌មេឡានីននៃសរសៃរោម ដោយវាដំណើរការឆ្ពោះទៅបំផ្លាញថង់ឫសរោមដោយផ្ទាល់តាមរយៈពន្លឺផ្ដុំកំដៅខ្លាំង។
លទ្ធផលមិនអាចទទួលបានភ្លាមៗនោះទេ ពោលគឺទាមទារការណាត់ជួបធ្វើច្រើនដង។ វិធីសាស្ត្របណ្តោះអាសន្នសម្រាប់ការជម្រុញរោម ដូចជា ការកោរ ការដក និងការបករោមដោយប្រើក្រមួនក៏ត្រូវបានណែនាំផងដែរសម្រាប់ដោះស្រាយបញ្ហាដុះរោមដែលមិនចង់បាននេះ។
