ទិដ្ឋភាពទូទៅ
សុកស្អិតជាប់ស្បូន (Placenta accreta) គឺជាផលវិបាកនៃការមានផ្ទៃពោះមួយ ដែលកើតឡើងនៅពេលសុក (ដែលជាផ្នែកទទួលខុសត្រូវក្នុងការផ្ដល់សារធាតុចិញ្ចឹម និងអុកស៊ីសែនដល់គភ៌កំពុងលូតលាស់) ភ្ជាប់ខ្លួនជ្រៅពេកទៅក្នុងជញ្ជាំងស្បូន ហើយមិនព្រមរបូតចេញមកក្រៅក្រោយពេលសម្រាលរួច។
ក្នុងការមានផ្ទៃពោះធម្មតា សុកដែលលូតលាស់នៅក្នុងស្បូននឹងដាច់ចេញពីជញ្ជាំងស្បូន បន្ទាប់ពីសម្រាលកូនរួច ហើយត្រូវបានរុញច្រានមកកាន់ផ្លូវសម្រាល កំឡុងពេលស្បូនកន្ត្រាក់។ ស្ថានភាពដែលហៅថា សុកស្អិតជាប់ស្បូន នេះកើតឡើងនៅពេលដែលសុកមិនអាចរបូតចេញពីជញ្ជាំងស្បូនបាន។
ផលវិបាកចម្មងមួយ គឺការហូរឈាមខ្លាំង ដែលអាចគំរាមកំហែងដល់អាយុជីវិតរបស់ទារក និងមាតា។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលរោគវិនិច្ឆ័យត្រូវបានធ្វើឡើងបានទាន់ពេលវេលា ឬមុនពេលសម្រាល ហានិភ័យទាំងនេះអាចគ្រប់គ្រងបាន។ គ្រូពេទ្យអាចណែនាំឲ្យធ្វើការវះកាត់សម្រាលកូន (C-section) រួចបន្តដោយការវះកាត់កាត់ស្បូនចេញ ដើម្បីការពារកុំឲ្យមានការហូរឈាមដ៏គ្រោះថ្នាក់។
ហានិភ័យដែលពាក់ព័ន្ធនឹងស្ថានភាពសុក គឺអាស្រ័យលើកម្រិតដែលសុកបានកប់ជ្រៅទៅក្នុងជញ្ជាំងស្បូន៖
- Placenta increta៖ កើតឡើងនៅពេលដែលសុកជាប់យ៉ាងណែន និងប៉ះពាល់ដល់សាច់ដុំស្បូន។
- Placenta percreta៖ សុកបានលូតលាស់ធ្លាយកាត់ជញ្ជាំងស្បូន ហើយអាចប៉ះពាល់ដល់សរីរាង្គក្បែរៗនោះ ដូចជាពោះវៀន និងប្លោកនោម។
រោគសញ្ញា
ក្នុងករណីខ្លះនៃសុកស្អិតជាប់ស្បូន ការហូរឈាមតាមទ្វារមាសអាចកើតមានឡើងក្នុងត្រីមាសទីបីនៃការមានផ្ទៃពោះ។ ការឈឺចាប់ប្លោកនោម ឬអាងត្រគាកអាចស្តែងឡើងក្នុងករណីធ្ងន់ធ្ងរ ដូចជាប្រភេទ Placenta percreta ជាដើម។
ជាទូទៅសុកស្អិតជាប់ស្បូនអាចនឹងមិនបង្ហាញសញ្ញា និងរោគសញ្ញាច្បាស់លាស់ណាមួយឡើយ ពេញមួយកំឡុងពេលមានផ្ទៃពោះ។ វាច្រើនតែត្រូវបានរកឃើញ តាមរយៈការពិនិត្យអេកូតាមកាលកំណត់។
មូលហេតុ
សុកស្អិតជាប់ស្បូនកកើតឡើងដោយសារមូលហេតុមួយចំនួន។ ជាទូទៅ វាអាចបណ្តាលមកពីស្លាកស្នាម បន្ទាប់ពីការវះកាត់សម្រាលកូនច្រើនដង ឬការវះកាត់ស្បូនផ្សេងទៀត។ ការវះកាត់ទាំងនេះអាចបណ្តាលឲ្យមានការខូចខាតដល់ស្រទាប់ខាងក្នុងស្បូន ដែលបង្កើនហានិភ័យនៃសុកស្អិតជាប់ស្បូន។ ក្នុងករណីខ្លះសុកស្អិតជាប់ស្បូននៅតែអាចកើតមាន សូម្បីតែគ្មានប្រវត្តិនៃការវះកាត់ស្បូន ឬមិនមានមូលហេតុច្បាស់លាស់ក៏ដោយ។
កត្តាហានិភ័យ
កត្តាដូចខាងក្រោមនេះ បង្កើនហានិភ័យនៃការមានសុកស្អិតជាប់ស្បូន៖
- ប្រវត្តិវេជ្ជសាស្ត្រ៖ ការធ្លាប់មានប្រវត្តិនីតិវិធីវះកាត់លើស្បូន ដូចជាការវះកាត់សម្រាលកូនច្រើនដង ឬការវះកាត់ស្បូនផ្សេងទៀត បង្កើនហានិភ័យនៃសុកស្អិតជាប់ស្បូន។
- អាយុ៖ ស្ត្រីដែលមានផ្ទៃពោះចាប់ពីអាយុ ៣៥ ឆ្នាំឡើងទៅ មាននិន្នាការខ្ពស់ក្នុងការជួបប្រទះសុកស្អិតជាប់ស្បូន។
- ទីតាំងរបស់សុក៖ មានឱកាសខ្ពស់ក្នុងការវិវត្តទៅជាសុកស្អិតជាប់ស្បូន ប្រសិនបើសុកនោះគ្របដណ្តប់ផ្នែកខ្លះ ឬទាំងស្រុងនៃមាត់ស្បូន (សុកពាំងមាត់ស្បូន ឬ Placenta previa) ឬប្រសិនបើវាភ្ជាប់ខ្លួននៅផ្នែកខាងក្រោមនៃស្បូន។
ការធ្វើរោគវិនិច្ឆ័យ
សុកស្អិតជាប់ស្បូន អាចត្រូវបានរកឃើញតាមរយៈការពិនិត្យអេកូកំឡុងពេលមានផ្ទៃពោះ។ ប្រសិនបើស្ត្រីមានហានិភ័យខ្ពស់ក្នុងការកើតសុកស្អិតជាប់ស្បូន ការពិនិត្យរូបភាពវេជ្ជសាស្ត្របន្ថែម ដូចជាការថតភិនភាគដោយម៉ាញេទិក MRI អាចមានប្រយោជន៍ក្នុងការប្រមូលព័ត៌មានបន្ថែម និងបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់។ ការពិនិត្យទាំងនេះនឹងបង្ហាញពីទម្រង់សុក និងរបៀបដែលវាភ្ជាប់ខ្លួនទៅនឹងជញ្ជាំងស្បូន។ ក្នុងករណីខ្លះ សុកស្អិតជាប់ស្បូននឹងមិនត្រូវបានរកឃើញមុនពេលសម្រាលនោះទេ ពោលគឺដឹងតែបន្ទាប់ពីសម្រាលរួចប៉ុណ្ណោះ។ ស្ត្រីដែលមានបញ្ហាសុកម្យ៉ាងហៅថា សុកពាំងមាត់ស្បូន (Placenta previa) ដែលជាស្ថានភាពសុកបិទបាំងមាត់ស្បូន និងស្ត្រីដែលធ្លាប់ឆ្លងកាត់ការវះកាត់ស្បូន គួរតែជម្រាបជូនគ្រូពេទ្យរបស់ពួកគេ និងតាមដានរកមើលសញ្ញានៃជំងឺសុកស្អិតជាប់ស្បូន ក្នុងកំឡុងពេលពិនិត្យអេកូ។
ការព្យាបាល
ផែនការប្រព្រឹត្តទៅនៃការព្យាបាល និងផែនការសម្រាលកូនមានភាពខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ គ្រូពេទ្យនឹងវាយតម្លៃលើកម្រិតធ្ងន់ធ្ងរនៃស្ថានភាពជំងឺ ហើយពិភាក្សាអំពីជម្រើសនៃការព្យាបាលជាមួយអ្នកជំងឺ ដើម្បីធានាបាននូវការសម្រាលកូនដោយជោគជ័យ។ ប្រសិនបើស្ត្រីជួបប្រទះការហូរឈាមតាមទ្វារមាសក្នុងត្រីមាសទីបី ឬត្រូវបានធ្វើរោគវិនិច្ឆ័យថាមានសុកពាំងមាត់ស្បូន ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការសម្រាកនៅលើគ្រែអាចនឹងត្រូវណែនាំ ដើម្បីការពារការឈឺពោះសម្រាលកូនមុនកំណត់។ ករណីធ្ងន់ធ្ងរនៃសុកស្អិតជាប់ស្បូន ច្រើនតែតម្រូវឲ្យធ្វើការវះកាត់។ នីតិវិធីមួយដែលគេស្គាល់ថាជា ការវះកាត់សម្រាលកូនរួមទាំងកាត់ស្បូនចេញ (Cesarean hysterectomy) ជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ឈាមខ្លាំងរហូតដល់បាត់បង់ជីវិត ដែលអាចកើតឡើងកំឡុងពេលសម្រាល។ នីតិវិធីនេះរួមបញ្ចូលទាំងការកាត់យកស្បូនចេញ បន្ទាប់ពីការវះកាត់សម្រាលកូនរួច។ ក្រពេញអូវែច្រើនតែត្រូវបានរក្សាទុកនៅដដែល ដើម្បីការពារកុំឲ្យមាតាអស់រដូវមុនអាយុ។ មុនពេលវះកាត់ ការតាមដានយ៉ាងដិតដល់ពីសំណាក់គ្រូពេទ្យ គឺមានសារៈសំខាន់ណាស់ក្នុងការត្រៀមលក្ខណៈសម្រាប់ការវះកាត់។ ក្រុមគ្រូពេទ្យជំនាញចម្រុះរួមមាន គ្រូពេទ្យសម្ភព និងរោគស្ត្រី គ្រូពេទ្យឯកទេសរងផ្នែកវះកាត់អាងត្រគាក គ្រូពេទ្យថ្នាំសណ្តំ និងគ្រូពេទ្យកុមារ គឺចាំបាច់ណាស់ដើម្បីធានាសុវត្ថិភាពទាំងមាតា និងទារក។ ផលវិបាកនានាដែលពាក់ព័ន្ធនឹងការវះកាត់នឹងត្រូវលើកយកមកពិភាក្សាដោយគ្រូពេទ្យ ដោយសារអ្នកជំងឺត្រូវទទួលបានព័ត៌មានអំពីនីតិវិធីបន្ទាន់ដែលអាចកើតមានទាំងអស់ ដូចជាការបញ្ចូលឈាមកំឡុងពេល និងក្រោយពេលវះកាត់ និងការបញ្ជូនទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ (ICU) ក្នុងករណីដែលមានការហូរឈាមខ្លាំងដែលមិនអាចគ្រប់គ្រងបាន។ កំឡុងពេលវះកាត់ ការវះកាត់សម្រាលកូនរួមទាំងកាត់ស្បូនចេញ ចាប់ផ្តើមដោយការវះកាត់សម្រាលកូន រួចបន្តដោយការកាត់ស្បូនចេញភ្លាមៗ។ សម្រាប់ស្ត្រីដែលទទួលបានការធ្វើរោគវិនិច្ឆ័យដឹងមុនអំពីសុកស្អិតជាប់ស្បូន ការវះកាត់សម្រាលកូន (C-section) នឹងត្រូវកំណត់កាលវិភាគនៅចន្លោះសប្តាហ៍ទី ៣៤ ដល់ទី ៣៧។ ការវះកាត់សម្រាលកូន រួមមានការវះកាត់បើកនៅលើពោះ និងស្បូន ដើម្បីសម្រាលទារកចេញមកក្រៅ បន្ទាប់មកការវះកាត់កាត់ស្បូនចេញត្រូវបានធ្វើឡើង ដោយសុកនៅតែជាប់ជាមួយស្បូននោះដដែល។ នេះជាជម្រើសដែលមានសុវត្ថិភាពបំផុតក្នុងការកាត់បន្ថយហានិភ័យនៃការធ្លាក់ឈាមខ្លាំង។ បន្ទាប់ពីការកាត់ស្បូនចេញ ស្ត្រីមិនអាចមានផ្ទៃពោះបានទៀតទេ។ ចំពោះស្ត្រីដែលជ្រើសរើសជៀសវាងការកាត់ស្បូនចេញ ពួកគេអាចជ្រើសរើសយកការវះកាត់យកសុកភាគច្រើនចេញ ប៉ុន្តែនៅតែទុកសុកមួយផ្នែកឲ្យជាប់នៅក្នុងស្បូនដដែល ទោះជាយ៉ាងណាក៏ដោយ វិធីនេះអាចនាំឲ្យមានផលវិបាកនានាដូចជា ការហូរឈាមតាមទ្វារមាសខ្លាំង ការឆ្លងមេរោគ ការកកឈាមក្នុងសរសៃឈាម និងការលំបាកក្នុងការមានផ្ទៃពោះនៅពេលក្រោយ ហើយអាចឈានទៅដល់ការកាត់ស្បូនចេញនៅថ្ងៃអនាគតដដែល។
