ទិដ្ឋភាពទូទៅ

ជំងឺប្រឹសបេះដូងមីត្រាលចំហ ត្រូវបានគេស្គាល់ផងដែរថាជា Mitral regurgitation (MR), Mitral insufficiency និង Mitral incompetence។ ជំងឺប្រឹសបេះដូងមីត្រាលចំហ កើតឡើងដោយសារការបិទមិនជិតនៃប្រឹសបេះដូង (ប្រហោងទ្វារបេះដូង) ដែលខណ្ឌរវាងថតបេះដូងខាងឆ្វេង បណ្តាលឱ្យឈាមហូរច្រាលត្រឡប់ថយក្រោយវិញតាមប្រឹសបេះដូង។ វាអាចនាំឱ្យបេះដូងមិនអាចផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់ទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។

មានជម្រើសការព្យាបាលជាច្រើនដែលអាចរកបាន រួមមានការទទួលការពិនិត្យសុខភាពជាទៀងទាត់ ការប្រើប្រាស់ថ្នាំពេទ្យ និងការវះកាត់។

ខុសពីការចំហកម្រិតស្រាល ប្រសិនបើជំងឺប្រឹសបេះដូងមីត្រាលចំហបានវិវត្តទៅជាកម្រិតធ្ងន់ធ្ងរ អ្នកជំងឺនឹងត្រូវការការព្យាបាលឱ្យបានត្រឹមត្រូវ ព្រោះវាអាចនាំឱ្យមានរោគសញ្ញាគ្រោះថ្នាក់ដល់ជីវិត ដូចជាចង្វាក់បេះដូងដើរមិនទៀងទាត់ និងខ្សោយបេះដូងជាដើម។

ក្នុងករណីមានជំងឺប្រឹសបេះដូងមីត្រាលចំហកម្រិតធ្ងន់ធ្ងរ គ្រូពេទ្យអាចនឹងត្រូវជួសជុល ឬផ្លាស់ប្តូរប្រឹសបេះដូងមីត្រាល តាមរយៈនីតិវិធីស៊កកាតេទែរ ឬការវះកាត់បេះដូង។

រោគសញ្ញា

មនុស្សដែលមានអាការៈប្រឹសបេះដូងមីត្រាលចំហកម្រិតស្រាល ជារឿយៗមិនមានស្តែងចេញរោគសញ្ញាណាមួយឡើយ ហើយជំងឺនេះអាចវិវត្តទៅមុខយឺតៗ។ ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញានៃជំងឺប្រឹសបេះដូងមីត្រាលចំហអាចលេចឡើងនៅពេលដែលជំងឺកាន់តែដុនដាបទៅ។

សញ្ញាព្រមាន និងរោគសញ្ញានៃជំងឺប្រឹសបេះដូងមីត្រាល រួមមាន៖

  • អស់កម្លាំងល្វើយ
  • សូរខ្សឹបបេះដូងដែលជាសំឡេងបេះដូងលោតមិនប្រក្រតី
  • ចង្វាក់បេះដូងដើរមិនទៀងទាត់
  • ពិបាកដកដង្ហើម (ថប់ដង្ហើម) ជាពិសេសនៅពេលគេងសំប៉ែត
  • ហើមប្រអប់ជើង ឬកងជើង
  • ឈឺទ្រូង

ប្រសិនបើអ្នកមានអារម្មណ៍ថាមានរោគសញ្ញាណាមួយដែលធ្វើឱ្យអ្នកសង្ស័យថាមានជំងឺប្រឹសបេះដូងមីត្រាលចំហ ឬបញ្ហាបេះដូងផ្សេងទៀត អ្នកត្រូវបានណែនាំឱ្យទៅជួបគ្រូពេទ្យឯកទេសខាងជំងឺបេះដូងជាបន្ទាន់។

​​ មូលហេតុ

បេះដូងធម្មតាមានប្រឹសបេះដូងចំនួនបួន ដែលទទួលខុសត្រូវក្នុងការសម្រួលលំហូរឈាម រួមទាំងប្រឹសបេះដូងមីត្រាលផងដែរ។ រាល់ពេលបេះដូងលោតម្តងៗ សន្លឹកប្រឹសនៅលើប្រឹសនីមួយៗនឹងបើក និងបិទម្តង។ ជំងឺប្រឹសបេះដូងមីត្រាលចំហ បណ្តាលឱ្យសន្លឹកប្រឹសបេះដូងមីត្រាលមិនអាចបិទបានជិតល្អទាំងស្រុងនោះទេ។ នេះនាំឱ្យឈាមហូរច្រាលឡើងលើវិញតាមប្រឹសបេះដូង បន្ទាប់ពីសន្លឹកប្រឹសបានបិទ ដែលបង្កជាការរំខានដល់លំហូរធម្មជាតិរបស់បេះដូង និងកាត់បន្ថយលំហូរឈាមទៅកាន់រាងកាយទាំងមូល។ ពាក្យថា Functional ឬ Secondary mitral regurgitation ត្រូវបានប្រើប្រាស់ដើម្បីពណ៌នាអំពីស្ថានភាពដែលភាពមិនប្រក្រតីនៃតំបន់មួយផ្សេងទៀតនៅក្នុងបេះដូង បណ្តាលឱ្យមានការលេចធ្លាយឈាមនៅក្នុងប្រឹសបេះដូងមីត្រាល។

ជំងឺប្រឹសបេះដូងមីត្រាលចំហអាចបណ្តាលមកពីកត្តាជាច្រើន រួមមាន៖

  • សន្លឹកប្រឹសបេះដូងមីត្រាលធ្លាក់យារ (Mitral valve prolapse)៖ ស្ថានភាពដែលប្រឹសបេះដូងមីត្រាលមិនអាចបិទបានជិតទាំងស្រុងនៅពេលបេះដូងកន្ត្រាក់ បណ្តាលឱ្យឈាមហូរច្រាលថយក្រោយតាមប្រឹសបេះដូង។
  • គ្រុនក្តៅដោយសារឈឺសន្លាក់ឆ្អឹង៖ ការខូចខាតដល់ជាលិកាបេះដូង រួមទាំងប្រឹសបេះដូង អាចបណ្តាលមកពីការឆ្លងមេរោគបាក់តេរី Streptococcal នៅបំពង់កដោយមិនបានព្យាបាល ដែលបង្កជារបួសដល់ប្រឹសបេះដូងមីត្រាល និងបង្កើតជាជំងឺប្រឹសបេះដូងមីត្រាលដោយសារឈឺសន្លាក់ឆ្អឹងទៅតាមពេលវេលា។
  • គាំងបេះដូង៖ អាចបណ្តាលឱ្យថយចុះលំហូរឈាមទៅកាន់តំបន់នៃបេះដូងដែលទ្រទ្រង់ប្រឹសបេះដូងមីត្រាល នាំឱ្យកើតមានជំងឺប្រឹសបេះដូងមីត្រាលចំហភ្លាមៗនិងធ្ងន់ធ្ងរ។ វាត្រូវបានគេហៅផងដែរថា Ischemic mitral regurgitation (ការចំហប្រឹសមីត្រាលដោយសារកង្វះឈាម)។
  • ជំងឺបេះដូងពីកំណើត៖ វត្តមានតាំងពីកំណើត និងអាចបណ្តាលឱ្យមានរចនាសម្ព័ន្ធបេះដូង និងប្រឹសបេះដូងមិនប្រក្រតី។
  • ជំងឺសាច់ដុំបេះដូង៖ បេះដូងត្រូវតែប្រឹងធ្វើការខ្លាំងជាងមុនដើម្បីបូមឈាមទៅកាន់សរីរាង្គជុំវិញរាងកាយ ប្រសិនបើសាច់ដុំបេះដូងប្រែជាក្រាស់ ដែលរំខានដល់មុខងាររបស់ប្រឹសបេះដូងមីត្រាល និងអាចបណ្តាលឱ្យប្រឹសបេះដូងចំហ។ ប្រភេទនៃជំងឺសាច់ដុំបេះដូងមួយចំនួនដែលបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺប្រឹសបេះដូងមីត្រាលចំហ រួមមាន ជំងឺរីកសាច់ដុំបេះដូង និងជំងឺក្រាស់សាច់ដុំបេះដូង។
  • ការខូចខាតខ្សែចងជាលិកា៖ ប្រសិនបើខ្សែចងជាលិកានៃសន្លឹកប្រឹសបេះដូងមីត្រាលត្រូវបានទាញពន្លូត ឬរហែក ឈាមអាចនឹងលេចធ្លាយភ្លាមៗកាត់តាមប្រឹសបេះដូងមីត្រាល ដែលករណីនេះកើតមានញឹកញាប់ជាងចំពោះអ្នកដែលមានសន្លឹកប្រឹសបេះដូងមីត្រាលធ្លាក់យារ ហើយអាចនឹងតម្រូវឱ្យមានការវះកាត់ជួសជុលប្រឹសបេះដូងមីត្រាល។
  • រលាកស្រទាប់ក្នុងបេះដូង៖ ប្រសិនបើជាលិកានៃបេះដូង ឬប្រឹសបេះដូងរងការឆ្លងមេរោគ វានឹងអាចធ្វើឱ្យប្រឹសបេះដូងមីត្រាលរងរបួស។
  • ការព្យាបាលដោយកាំរស្មី៖ ការព្យាបាលប្រភេទនេះដែលប្រើប្រាស់សម្រាប់ប្រឆាំងនឹងជំងឺមហារីក អាចជាមូលហេតុដ៏កម្រមួយនៃជំងឺប្រឹសបេះដូងមីត្រាលចំហ នៅពេលដែលវិទ្យុសកម្មត្រូវបានតម្រង់ទៅលើតំបន់ទ្រូង។

កត្តាហានិភ័យ

កត្តាដូចខាងក្រោមនេះអាចបង្កើនហានិភ័យនៃជំងឺប្រឹសបេះដូងមីត្រាលចំហ៖

  • ប្រភេទមួយចំនួននៃការឆ្លងមេរោគដែលជះឥទ្ធិពលដល់បេះដូង
  • ជំងឺខ្សោយបេះដូង
  • ជំងឺបេះដូងពីកំណើត
  • ប្រវត្តិនៃការមានជំងឺបេះដូងផ្សេងទៀតដែលប៉ះពាល់ដល់ប្រឹសបេះដូង រួមទាំងសន្លឹកប្រឹសបេះដូងមីត្រាលធ្លាក់យារ និងជំងឺត្បៀតប្រឹសបេះដូងមីត្រាល
  • វ័យចាស់ជរា
  • ការទទួលការព្យាបាលដោយវិទ្យុសកម្មតំបន់ទ្រូង

ការធ្វើរោគវិនិច្ឆ័យ

ការពិនិត្យរាងកាយ ការសាកសួរអំពីសញ្ញានិងរោគសញ្ញា ព្រមទាំងប្រវត្តិវេជ្ជសាស្ត្រ ជាទូទៅត្រូវបានយកមកប្រើប្រាស់ដើម្បីវាយតម្លៃថាតើអ្នកជំងឺមានជំងឺប្រឹសបេះដូងមីត្រាលចំហដែរឬទេ។

ប្រសិនបើក្នុងកំឡុងពេលវាយតម្លៃ គ្រូពេទ្យឯកទេសស្ដាប់ឮសូរខ្សឹបបេះដូង (សំឡេងឈូៗខុសធម្មតារបស់បេះដូង) អ្នកជំងឺនឹងត្រូវបានបញ្ជូនទៅជួបគ្រូពេទ្យឯកទេសខាងជំងឺបេះដូង។

ជំងឺប្រឹសបេះដូងមីត្រាលចំហអាចត្រូវបានរកឃើញតាមរយៈការពិនិត្យស្រាវជ្រាវមួយចំនួន រួមមាន៖

  • ការអេកូបេះដូង (Echocardiogram)៖ រូបភាពនៃចលនាបេះដូងកំពុងលោតត្រូវបានបង្កើតឡើងដោយរលកសំឡេង ដែលត្រូវបានបញ្ជូនតាមរយៈឧបករណ៍បញ្ជូនរលកសំឡេង ដែលត្រូវបានដាក់សង្កត់លើទ្រូង។ ការពិនិត្យនេះវាយតម្លៃពីកម្រិតធ្ងន់ធ្ងរ មូលហេតុ និងស្ថានភាពនៃប្រឹសបេះដូង។
    • ដើម្បីមើលឃើញប្រឹសបេះដូងមីត្រាលឱ្យកាន់តែច្បាស់ និងជិតជាងមុន ជួនកាលការធ្វើអេកូបេះដូងឆ្លងកាត់បំពង់អាហារអាចនឹងត្រូវយកមកអនុវត្ត ដែលនីតិវិធីនេះរួមបញ្ចូលការបញ្ចូលឧបករណ៍បញ្ជូនរលកសំឡេងតូចមួយនៅចុងទុយោពីមាត់ និងចុះទៅក្នុងបំពង់អាហាររបស់អ្នក។
  • ការវាស់ចរន្តអគ្គិសនីបេះដូង (Electrocardiogram – ECG)៖ គ្រូពេទ្យបិទបន្ទះស្អិតអេឡិចត្រូតនៅលើស្បែក ដើម្បីតាមដាន និងស្វែងរកភាពមិនប្រក្រតីណាមួយនៅក្នុងសកម្មភាពអគ្គិសនីរបស់បេះដូង ដូចជាបញ្ហាចង្វាក់បេះដូងដើរមិនទៀងទាត់ដែលបណ្តាលមកពីជំងឺប្រឹសបេះដូងមីត្រាលចំហ។
  • ការថតកាំរស្មីអ៊ិចទ្រូង៖ សុខភាពរបស់បេះដូង និងសួតអាចមើលឃើញនៅលើហ្វីលកាំរស្មីអ៊ិចទ្រូង។ វាអាចរកឃើញការរីកធំនៃបេះដូង ឬការដក់ជាតិទឹកនៅក្នុងសួត។
  • ការថតស្កេនដោយម៉ាញេទិកបេះដូង (Cardiac MRI)៖ បង្ហាញពីកម្រិតធ្ងន់ធ្ងរ និងទំហំនៃការចំហរបស់ប្រឹសបេះដូង តាមរយៈរូបភាពលម្អិតនៃបេះដូងដោយប្រើមណ្ឌលម៉ាញេទិក និងរលកវិទ្យុ។ ការថត Cardiac MRI ក៏ជួយរកឃើញភាពមិនប្រក្រតីនៅក្នុងថតបេះដូងខាងឆ្វេងផ្នែកខាងក្រោមផងដែរ។
  • ការធ្វើតេស្តពេលហាត់ប្រាណ ឬតេស្តរត់ម៉ាស៊ីនវាស់សម្ពាធបេះដូង៖ នៅក្នុងការធ្វើតេស្តទាំងនេះ ការវាស់ ECG ឬការធ្វើអេកូបេះដូង ជារឿយៗត្រូវបានអនុវត្តខណៈពេលដែលអ្នកជំងឺដើរលើម៉ាស៊ីនរត់ ឬជិះកង់ហាត់ប្រាណនៅនឹងកន្លែង។ ការធ្វើតេស្តពេលហាត់ប្រាណអាចជួយកំណត់ពីរបៀបដែលបេះដូងឆ្លើយតបនឹងការហាត់ប្រាណ និងមើលថាតើការហាត់ប្រាណនឹងជម្រុញឱ្យមានការវិវត្តនៃរោគសញ្ញាបេះដូងដែរឬទេ។ ប្រសិនបើអ្នកជំងឺមិនអាចធ្វើតេស្តនេះបានទេ ពួកគេអាចទទួលបានផលប្រយោជន៍ពីការប្រើប្រាស់ថ្នាំពេទ្យដែលមានឥទ្ធិពលល្អចំពោះបេះដូងស្រដៀងគ្នាទៅនឹងការហាត់ប្រាណ។
  • ការសុងកាតេទែរបេះដូង (Cardiac catheterization)៖ នៅក្នុងករណីខ្លះដែលការធ្វើតេស្តផ្សេងទៀតមិនអាចធ្វើរោគវិនិច្ឆ័យ និងបង្ហាញពីកម្រិតធ្ងន់ធ្ងរបាន ការពិនិត្យនេះអាចត្រូវបានប្រើប្រាស់សម្រាប់ធ្វើរោគវិនិច្ឆ័យជំងឺប្រឹសបេះដូងមីត្រាលចំហ។
    • នីតិវិធីនេះនឹងបញ្ចូលទុយោតូចស្តើងទៅក្នុងសរសៃឈាម ដែលជាទូទៅនៅត្រង់ដៃ ឬក្រលៀន មុននឹងត្រូវដឹកនាំតម្រង់ទៅកាន់សរសៃឈាមអាកទែរបេះដូង។ ទឹកថ្នាំពណ៌ពិសេសក៏អាចត្រូវបានបាញ់កាត់តាមកាតេទែរ ដើម្បីបង្កើតជារូបភាពកាំរស្មីអ៊ិចកាន់តែច្បាស់នៃថតបេះដូង។

ដំណាក់កាលនៃជំងឺ

នៅពេលដែលគ្រូពេទ្យអាចបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យនៃជំងឺប្រឹសបេះដូងមីត្រាលចំហហើយ ពួកគេនឹងបែងចែកដំណាក់កាលនៃជំងឺដើម្បីជ្រើសរើសជម្រើសការព្យាបាលដ៏ល្អបំផុត។ មានកត្តាជាច្រើនដែលកំណត់ដំណាក់កាលនៃជំងឺប្រឹសបេះដូងមីត្រាលចំហរបស់អ្នក ដូចជាកម្រិតធ្ងន់ធ្ងរ រចនាសម្ព័ន្ធនៃប្រឹសបេះដូង និងរបៀបដែលឈាមត្រូវបានបូមកាត់តាមបេះដូង និងសួត។

ជាទូទៅ ដំណាក់កាលទាំង ៤ នៃជំងឺប្រឹសបេះដូងត្រូវបានបែងចែកដូចខាងក្រោម៖

  • ដំណាក់កាល A (At risk)៖ ស្ថិតក្នុងហានិភ័យ។ មានវត្តមានកត្តាហានិភ័យមួយចំនួនសម្រាប់ជំងឺប្រឹសបេះដូង។
  • ដំណាក់កាល B (Progressive)៖ ជំងឺកំពុងវិវត្ត។ មានវត្តមានជំងឺប្រឹសបេះដូងកម្រិតស្រាលទៅមធ្យម និងមិនទាន់ស្តែងចេញរោគសញ្ញាប្រឹសបេះដូងឡើយ។
  • ដំណាក់កាល C (Asymptomatic severe)៖ កម្រិតធ្ងន់ធ្ងរតែគ្មានរោគសញ្ញា។ មានវត្តមានជំងឺប្រឹសបេះដូងកម្រិតធ្ងន់ធ្ងរ ប៉ុន្តែមិនទាន់មានរោគសញ្ញាឡើយ។
  • ដំណាក់កាល D (Symptomatic severe)៖ កម្រិតធ្ងន់ធ្ងរមានរោគសញ្ញា។ ជំងឺប្រឹសបេះដូងកម្រិតធ្ងន់ធ្ងរដែលស្តែងចេញរោគសញ្ញាយ៉ាងច្បាស់ក្រឡែត។

ការព្យាបាល

ជាទូទៅ ជំងឺប្រឹសបេះដូងមីត្រាលចំហកម្រិតស្រាល មិនតម្រូវឱ្យមានការព្យាបាលនោះទេ។ មានជម្រើសការព្យាបាលជាច្រើន ហើយគ្រូពេទ្យនឹងជ្រើសរើសវិធីសាស្ត្រដែលសមស្របបំផុត ដោយផ្អែកលើរោគសញ្ញា និងដំណាក់កាលនៃជំងឺរបស់អ្នកជំងឺ រួមមាន៖

  • ការផ្លាស់ប្តូរទម្លាប់រស់នៅដើម្បីឱ្យមានសុខភាពល្អជាងមុន
  • ការទទួលការពិនិត្យតាមដានសុខភាពជាទៀងទាត់ពីមួយពេលទៅមួយពេល
  • ការប្រើប្រាស់ថ្នាំពេទ្យដើម្បីគ្រប់គ្រងជំងឺ និងការពារការកកឈាម ព្រមទាំងផលវិបាកផ្សេងៗទៀត
  • ការទទួលការវះកាត់ជួសជុល ឬផ្លាស់ប្តូរប្រឹសបេះដូងមីត្រាល

អ្នកជំងឺដែលមានជំងឺប្រឹសបេះដូងមីត្រាលចំហ ត្រូវបានណែនាំឱ្យទទួលការព្យាបាលពីគ្រូពេទ្យឯកទេសខាងជំងឺបេះដូង នៅតាមគ្រឹះស្ថានវេជ្ជសាស្ត្រដែលមានក្រុមគ្រូពេទ្យជំនាញចម្រុះឯកទេស និងមានបទពិសោធន៍ខ្ពស់។

ឱសថ

គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឱសថ ដើម្បីគ្រប់គ្រងរោគសញ្ញានៃជំងឺប្រឹសបេះដូងមីត្រាលចំហ និងការពារការវិវត្តនៃផលវិបាកដែលអាចកើតមាន។

ឱសថសម្រាប់ព្យាបាលជំងឺប្រឹសបេះដូងនេះ រួមមាន៖

  • ថ្នាំបញ្ចុះទឹកនោម៖ ថ្នាំគ្រាប់ជួយបណ្តេញជាតិទឹកទាំងនេះ ជួយកាត់បន្ថយ ឬការពារការដក់ជាតិទឹកនៅក្នុងសរីរាង្គណាមួយនៃរាងកាយ រួមទាំងសួតផងដែរ។
  • ថ្នាំពង្រាវឈាម៖ ថ្នាំប្រឆាំងការកកឈាមទាំងនេះមានសារៈសំខាន់សម្រាប់ព្យាបាលបញ្ហាចង្វាក់បេះដូងដើរមិនទៀងទាត់ប្រភេទ Atrial fibrillation ដែលបណ្តាលមកពីជំងឺប្រឹសបេះដូងមីត្រាលចំហ ឬជំងឺប្រឹសបេះដូងផ្សេងទៀត។ ដោយសារតែបញ្ហាចង្វាក់បេះដូងដើរមិនទៀងទាត់នេះអាចបង្កឱ្យមានការកកឈាម និងដាច់សរសៃឈាមខួរក្បាល ថ្នាំពង្រាវឈាមត្រូវបានណែនាំឱ្យប្រើប្រាស់ដើម្បីកាត់បន្ថយឱកាសនៃការកើតមានផលវិបាកទាំងនេះ។
  • ថ្នាំសម្រួលសម្ពាធឈាម៖ ជួនកាល គ្រូពេទ្យគ្រប់គ្រងស្ថានភាពជំងឺប្រឹសបេះដូងមីត្រាលចំហ ដោយការចេញវេជ្ជបញ្ជាឱសថដែលជួយបញ្ចុះសម្ពាធឈាម។

ការវះកាត់ ឬនីតិវិធីព្យាបាលផ្សេងៗ

ការព្យាបាលប្រភេទនេះមានគោលបំណងជួសជុល ឬផ្លាស់ប្តូរប្រឹសបេះដូងមីត្រាល ហើយត្រូវបានណែនាំសម្រាប់អ្នកជំងឺដែលមានការចំហប្រឹសបេះដូងកម្រិតធ្ងន់ធ្ងរតែគ្មានស្តែងរោគសញ្ញា។ ហានិភ័យផ្សេងៗនឹងត្រូវយកមកពិភាក្សា ហើយវិធីសាស្ត្រព្យាបាលដែលសមស្របបំផុតនឹងត្រូវជ្រើសរើស។

ដើម្បីព្យាបាលប្រឹសបេះដូងមីត្រាល ជាធម្មតាគ្រូពេទ្យវះកាត់នឹងធ្វើការវះបើកទ្រូង ប៉ុន្តែនៅតាមមូលដ្ឋានសុខភាពមួយចំនួន គ្រូពេទ្យអាចអនុវត្តការវះកាត់បេះដូងដោយប្រើប្រាស់មនុស្សយន្តជំនួយដែលជាប្រភេទនៃការវះកាត់ដោយបើកមុខរបួសតូចបំផុត ដោយប្រើប្រាស់ដៃមនុស្សយន្តដើម្បីអនុវត្តការព្យាបាល។

ការជួសជុលប្រឹសបេះដូងមីត្រាល

គ្រូពេទ្យអនុវត្តការវះកាត់ជួសជុលប្រឹសបេះដូងមីត្រាល ដើម្បីការពារកុំឱ្យប្រឹសបេះដូងបាត់បង់មុខងារ និងដើម្បីរក្សាដំណើរការបេះដូងឱ្យដំណើរការបានត្រឹមត្រូវ។ ប្រសិនបើការវះកាត់ជួសជុលមិនអាចព្យាបាលជំងឺបានទេ គ្រូពេទ្យអាចនឹងពិចារណាលើការវះកាត់ផ្លាស់ប្តូរប្រឹសបេះដូងវិញ។

ដំណើរការនៃការវះកាត់ជួសជុលប្រឹសបេះដូងមីត្រាល រួមមាន៖

  • ការប៉ះដេររន្ធធ្លាយនៃប្រឹសបេះដូងដោយប្រើបន្ទះប៉ះ
  • ការភ្ជាប់សន្លឹកប្រឹសបេះដូងដែលរហែកខុសធម្មតាឡើងវិញ
  • ការកាត់ចោលនូវជាលិកាដែលលើសពីប្រឹសបេះដូង ដើម្បីឱ្យសន្លឹកប្រឹសអាចបិទភ្ជាប់គ្នាបានណែនល្អ
  • ការផ្លាស់ប្តូរខ្សែចំណង (Cords) នៃប្រឹសបេះដូងមីត្រាល ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធប្រឹសបេះដូងត្រឡប់ទៅជាធម្មតាវិញ
  • ការវះញែកសន្លឹកប្រឹសបេះដូងដែលស្អិតជាប់គ្នា

នីតិវិធីជួសជុលប្រឹសបេះដូងមីត្រាលផ្សេងទៀត រួមមាន៖

  • ការវះកាត់កែទម្រង់រង្វង់ប្រឹសបេះដូង (Annuloplasty)៖ រង្វង់ជុំវិញប្រឹសបេះដូងត្រូវបានរឹតបន្តឹងដើម្បីជួសជុលប្រឹសបេះដូង ហើយវាអាចត្រូវបានធ្វើឡើងរួមផ្សំជាមួយនឹងនីតិវិធីផ្សេងទៀត។
  • ការវះកាត់ពង្រីកប្រឹសបេះដូង (Valvuloplasty)៖ គ្រូពេទ្យបញ្ចូលកាតេទែរទៅក្នុងសរសៃឈាមនៅក្នុងដៃ ឬក្រលៀន ដោយមានបាល់ឡុងភ្ជាប់នៅចុងខាងចុង រួចដឹកនាំកាតេទែរនោះតម្រង់ទៅកាន់ប្រឹសបេះដូងមីត្រាល។ បន្ទាប់មក គ្រូពេទ្យនឹងព្យាយាមជួសជុល និងពង្រីកប្រឹសបេះដូងមីត្រាលដែលកំពុងរួមតូច ដោយការបំប៉ោងបាល់ឡុង។ គ្រូពេទ្យនឹងដកកាតេទែរ និងបាល់ឡុងចេញពីរាងកាយវិញ។ ការព្យាបាលប្រភេទនេះក៏អាចសមស្របសម្រាប់អ្នកដែលមានជំងឺប្រឹសបេះដូងមីត្រាលចំហដែលគ្មានស្តែងរោគសញ្ញាផងដែរ។
  • ការដាក់ឃ្លីបប្រឹសបេះដូងមីត្រាល (Mitral valve clip)៖ គ្រូពេទ្យឯកទេសខាងជំងឺបេះដូងសុងកាតេទែរដែលមានឃ្លីប (Clip) នៅចុងទុយោ ចូលទៅក្នុងសរសៃឈាមត្រង់ក្រលៀន រួចតម្រង់ទៅកាន់ប្រឹសបេះដូងមីត្រាល ហើយប្រើប្រាស់ឃ្លីបនោះដើម្បីជួយឱ្យសន្លឹកប្រឹសបេះដូងមីត្រាលបិទបានណែនល្អជាងមុន ដើម្បីកែលម្អស្ថានភាពលេចធ្លាយឈាម។

ការផ្លាស់ប្តូរប្រឹសបេះដូងមីត្រាល

ជួនកាល គ្រូពេទ្យព្យាបាលជំងឺប្រឹសបេះដូងមីត្រាលចំហ ដោយការកាត់យកប្រឹសបេះដូងចាស់ចេញ ហើយជំនួសមកវិញនូវប្រឹសបេះដូងមេកានិច ឬប្រឹសបេះដូងជីវសាស្ត្រ ដែលធ្វើពីជាលិកាបេះដូងគោ ជ្រូក ឬមនុស្ស។

ប្រសិនបើប្រឹសបេះដូងជីវសាស្ត្រចាប់ផ្តើមដំណើរការខ្សោយទៅៗ គ្រូពេទ្យអាចនឹងធ្វើនីតិវិធីដាក់ប្រឹសក្នុងប្រឹស ដោយប្រើប្រាស់កាតេទែរដើម្បីដាក់បញ្ចូលប្រឹសបេះដូងជីវសាស្ត្រថ្មីមួយទៀត ទៅក្នុងប្រឹសបេះដូងចាស់ដែលមានស្រាប់។ ដោយសារតែប្រឹសបេះដូងជីវសាស្ត្រនឹងទ្រុឌទ្រោមទៅតាមពេលវេលា ពួកវាក៏តម្រូវឱ្យមានការផ្លាស់ប្តូរថ្មីដូចគ្នា។

ដោយសារតែប្រឹសបេះដូងមេកានិចអាចបង្កឱ្យមានការកកឈាម អ្នកដែលទទួលការវះកាត់ផ្លាស់ប្តូរប្រឹសបេះដូងមេកានិច ត្រូវបានតម្រូវឱ្យប្រើប្រាស់ថ្នាំពង្រាវឈាមអស់មួយជីវិត។

Doctors who treat this condition