ទិដ្ឋភាពទូទៅ
ជំងឺប្រឹសបេះដូងមីត្រាល (Mitral valve disease) កើតឡើងនៅពេលដែលប្រឹសបេះដូង (ប្រហោងទ្វារបេះដូង) ដែលស្ថិតនៅចន្លោះថតបេះដូងខាងឆ្វេង រួមមានថតបេះដូងខាងឆ្វេងផ្នែកខាងលើ (Left atrium) និងថតបេះដូងខាងឆ្វេងផ្នែកខាងក្រោម (Left ventricle) រងការខូចខាត។
ខាងក្រោមនេះជាប្រភេទនៃជំងឺប្រឹសបេះដូងមីត្រាល៖
- ជំងឺប្រឹសបេះដូងមីត្រាល់ចំហ (Mitral valve regurgitation)៖ ប្រសិនបើសន្លឹកប្រឹសបេះដូងមីត្រាលបិទមិនបានជិតល្អទេនោះ ឈាមអាចនឹងលេចធ្លាយហូរត្រឡប់ថយក្រោយវិញ។
- ជំងឺត្បៀតប្រឹសបេះដូងមីត្រាល (Mitral valve stenosis)៖ សន្លឹកប្រឹសបេះដូងមីត្រាលអាចប្រែជាក្រាស់ ឬរឹង ដែលធ្វើឱ្យវាស្អិតជាប់គ្នា ហើយបន្ទាប់មកធ្វើឱ្យប្រហោងបើកនៃប្រឹសរួមតូច បណ្តាលឱ្យលំហូរឈាមថយចុះពីថតបេះដូងខាងឆ្វេងផ្នែកខាងលើ ទៅកាន់ថតបេះដូងខាងឆ្វេងផ្នែកខាងក្រោម។
កម្រិតធ្ងន់ធ្ងរនៃស្ថានភាពជំងឺ និងការវាយតម្លៃថាតើវាលក្ខណៈកាន់តែដុនដាបទៅៗឬអត់ គឺជាកត្តាកំណត់វគ្គនៃការព្យាបាលសម្រាប់ជំងឺប្រឹសបេះដូងមីត្រាល។ ជួនកាល ប្រឹសបេះដូងមីត្រាលអាចនឹងតម្រូវឱ្យមានការវះកាត់ជួសជុល ឬផ្លាស់ប្តូរថ្មី។
រោគសញ្ញា
មនុស្សមួយចំនួនដែលមានជំងឺប្រឹសបេះដូងមីត្រាល អាចនឹងមិនស្តែងចេញរោគសញ្ញាណាមួយឡើយក្នុងរយៈពេលរាប់ឆ្នាំ។
ក្នុងចំណោមសញ្ញាព្រមាន និងរោគសញ្ញានៃជំងឺប្រឹសបេះដូងមីត្រាល រួមមាន៖
- អស់កម្លាំងល្វើយ
- ពិបាកដកដង្ហើម (ថប់ដង្ហើម)
- ចង្វាក់បេះដូងដើរមិនទៀងទាត់
- សូរខ្សឹបបេះដូងដែលជាសំឡេងបេះដូងលោតមិនប្រក្រតី
គ្រូពេទ្យរបស់អ្នកអាចនឹងណែនាំឱ្យអ្នកទៅជួបគ្រូពេទ្យឯកទេសខាងជំងឺបេះដូង ប្រសិនបើគាត់ស្តាប់ឮសូរខ្សឹបបេះដូង ឬប្រសិនបើអ្នកជួបប្រទះសញ្ញា និងរោគសញ្ញាផ្សេងទៀតនៃជំងឺប្រឹសបេះដូងមីត្រាល។
មូលហេតុ
មុខងាររបស់បេះដូងត្រូវតែត្រូវបានស្វែងយល់ជាមុន ដើម្បីអាចយល់ដឹងអំពីមូលហេតុនៃជំងឺប្រឹសបេះដូងមីត្រាល។
ប្រឹសបេះដូងមីត្រាល់ គឺជាប្រឹសបេះដូងមួយក្នុងចំណោមប្រឹសទាំងបួន ដែលរក្សាលំហូរឈាមឱ្យដើរបានត្រឹមត្រូវ។ សន្លឹកប្រឹសនៅលើប្រឹសនីមួយៗនឹងបើក និងបិទម្តង រាល់ពេលបេះដូងលោតម្តងៗ។ លំហូរឈាមឆ្លងកាត់បេះដូងទៅកាន់រាងកាយអាចនឹងថយចុះ ប្រសិនបើប្រឹសមិនបើក ឬបិទបានត្រឹមត្រូវ។
នៅក្នុងស្ថានភាពជំងឺប្រឹសបេះដូងមីត្រាល់ចំហ សន្លឹកប្រឹសមិនអាចបិទភ្ជាប់គ្នាបានណែនល្អនោះទេ។ នៅពេលដែលប្រឹសបិទ ឈាមនឹងហូរត្រឡប់ថយក្រោយ ដែលធ្វើឱ្យបេះដូងកាន់តែពិបាកដំណើរការប្រកបដោយប្រសិទ្ធភាព។
នៅក្នុងស្ថានភាពជំងឺត្បៀតប្រឹសបេះដូងមីត្រាល ប្រហោងបើកនៃប្រឹសប្រែជារួមតូចជាងមុន។ ប្រហោងបើករបស់ប្រឹសដ៏តូច តម្រូវឱ្យបេះដូងបូមឈាមឆ្លងកាត់វាដោយប្រើកម្លាំងខ្លាំងជាងមុន។ លំហូរឈាមពីថតបេះដូងខាងឆ្វេងផ្នែកខាងលើ ទៅកាន់ថតបេះដូងខាងឆ្វេងផ្នែកខាងក្រោម អាចនឹងថយចុះ ប្រសិនបើប្រហោងបើកនៃប្រឹសប្រែជារួមតូចខ្លាំងពេក។
មានមូលហេតុជាច្រើននៃជំងឺប្រឹសបេះដូងមីត្រាល។ ជំងឺប្រឹសបេះដូងមីត្រាលមួយចំនួនអាចវិវត្តតាំងពីកំណើត។
ជំងឺប្រឹសបេះដូងមីត្រាលក៏អាចកើតមាននៅក្នុងវ័យមនុស្សពេញវ័យផងដែរ (ជំងឺកើតឡើងជាក្រោយ)។ ជាឧទាហរណ៍ ជំងឺគ្រុនសន្លាក់ឆ្អឹង រឿយៗតែងតែរួមចំណែកបង្កឱ្យមានជំងឺត្បៀតប្រឹសបេះដូងមីត្រាល។ ការឆ្លងមេរោគបាក់តេរី Strep ដែលអាចបង្កគ្រោះថ្នាក់ដល់បេះដូង គឺជាមូលហេតុនៃជំងឺគ្រុនក្តៅនេះ។ ស្ថានភាពនេះត្រូវបានគេហៅថា ជំងឺប្រឹសបេះដូងមីត្រាលដោយសារឈឺសន្លាក់ឆ្អឹង។
ជំងឺប្រឹសបេះដូងមីត្រាលដែលកើតឡើងជាក្រោយ ក៏អាចបណ្តាលមកពី៖
- ការមានជំងឺអូតូអ៊ុយមីន (ដូចជា ជំងឺលុប៊ុស – Lupus)
- ការឆ្លងមេរោគផ្សេងៗ
- បម្រែបម្រួលបណ្តាលមកពីវ័យជរា
- ជំងឺបេះដូងដទៃទៀត
កត្តាហានិភ័យ
កត្តាដូចខាងក្រោមនេះអាចបង្កើនហានិភ័យនៃជំងឺប្រឹសបេះដូងមីត្រាល៖
- អាយុ (វ័យជរា)
- ការឆ្លងមេរោគមួយចំនួនដែលទាក់ទងនឹងបេះដូង
- ជំងឺបេះដូងជាក់លាក់ និងការគាំងបេះដូង
- ការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន
- ស្ថានភាពជំងឺបេះដូងពីកំណើត
- ការប៉ះពាល់ទ្រូងទៅនឹងវិទ្យុសកម្ម (ការព្យាបាលដោយកាំរស្មី)
ការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យជាទូទៅនឹងធ្វើការពិនិត្យរាងកាយ និងសាកសួរអំពីប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក ដើម្បីកំណត់អត្តសញ្ញាណជំងឺប្រឹសបេះដូងមីត្រាល ដែលរួមមានជំងឺត្បៀតប្រឹសបេះដូងមីត្រាល និងជំងឺប្រឹសបេះដូងមីត្រាល់បិទមិនជិត ឬច្រាល។
គ្រូពេទ្យនឹងស្ដាប់រកសូរខ្សឹបបេះដូងដែលជាសញ្ញាមួយនៃភាពមិនប្រក្រតីនៃប្រឹសបេះដូងមីត្រាល។
ការពិនិត្យតេស្តសម្រាប់ជំងឺប្រឹសបេះដូងមីត្រាល អាចរួមបញ្ចូល៖
- ការអេកូបេះដូង (Echocardiogram)៖ រលកសំឡេងត្រូវបានប្រើប្រាស់ ដើម្បីបង្កើតជារូបភាពវីដេអូចលនារបស់បេះដូង។ ការធ្វើអេកូបេះដូងផ្តល់នូវរូបភាពកាន់តែច្បាស់អំពីមុខងាររបស់ប្រឹសបេះដូងមីត្រាល។ វាត្រូវបានប្រើសម្រាប់ធ្វើរោគវិនិច្ឆ័យជំងឺប្រឹសបេះដូងមីត្រាលពីកំណើត ជំងឺប្រឹសបេះដូងមីត្រាលដោយសារឈឺសន្លាក់ឆ្អឹង និងជំងឺប្រឹសបេះដូងផ្សេងៗទៀត។
- ដើម្បីមើលឃើញប្រឹសបេះដូងមីត្រាលឱ្យកាន់តែច្បាស់ និងជិតជាងមុន ជួនកាលការធ្វើអេកូបេះដូងឆ្លងកាត់បំពង់អាហារអាចនឹងត្រូវយកមកអនុវត្ត។ ក្នុងកំឡុងពេលធ្វើអេកូបេះដូងប្រភេទនេះ ឧបករណ៍បញ្ជូនរលកសំឡេងតូចមួយដែលភ្ជាប់នៅចុងទុយោ ត្រូវបានបញ្ចូលទៅក្នុងបំពង់អាហារដែលរត់ពីមាត់ទៅកាន់ក្រពះ។
- ការវាស់ចរន្តអគ្គិសនីបេះដូង (Electrocardiogram – ECG ឬ EKG)៖ សញ្ញាអគ្គិសនីពីបេះដូងត្រូវបានវាស់វែងតាមរយៈខ្សែអេឡិចត្រូត ដែលភ្ជាប់ទៅនឹងបន្ទះស្អិតលើស្បែក ដើម្បីកំណត់រកជំងឺបេះដូង ការរីកធំនៃថតបេះដូង និងចង្វាក់បេះដូងដើរមិនប្រក្រតី។
- ការថតកាំរស្មីអ៊ិចទ្រូង៖ សុខភាពរបស់បេះដូង និងសួតអាចត្រូវបានរកឃើញតាមរយៈការថតកាំរស្មីអ៊ិចទ្រូង។ វាអាចបង្ហាញថាតើបេះដូងមានការរីកធំដែរឬទេ ដែលនេះអាចជាសញ្ញានៃប្រភេទជាក់លាក់នៃបញ្ហាប្រឹសបេះដូង។
- ការថតស្កេនដោយម៉ាញេទិកបេះដូង (Cardiac MRI)៖ ដើម្បីវាយតម្លៃកម្រិតធ្ងន់ធ្ងរនៃជំងឺប្រឹសបេះដូងមីត្រាល ការថត Cardiac MRI អាចនឹងត្រូវយកមកអនុវត្ត។ ការពិនិត្យនេះបង្កើតរូបភាពយ៉ាងល្អិតល្អន់នៃបេះដូងដោយប្រើរលកវិទ្យុ និងមណ្ឌលម៉ាញេទិក។
- ការធ្វើតេស្តពេលហាត់ប្រាណ ឬតេស្តរត់ម៉ាស៊ីនវាស់សម្ពាធបេះដូង៖ ការធ្វើតេស្តទាំងនេះប្រើប្រាស់ម៉ាស៊ីនរត់ ឬការជិះកង់ហាត់ប្រាណនៅនឹងកន្លែង ខណៈពេលដែលចង្វាក់បេះដូងកំពុងត្រូវបានតាមដាន។ ការធ្វើតេស្តពេលហាត់ប្រាណអាចជួយកំណត់ពីរបៀបដែលបេះដូងឆ្លើយតបនឹងការប្រឹងប្រែងកម្លាំង និងមើលថាតើសញ្ញានៃការមិនដំណើរការនៃប្រឹសបេះដូងស្តែងឡើងក្នុងពេលហាត់ប្រាណដែរឬទេ។ ប្រសិនបើអ្នកមិនអាចហាត់ប្រាណបានទេ អ្នកអាចនឹងត្រូវផ្តល់ថ្នាំពេទ្យដែលមានឥទ្ធិពលលើបេះដូងស្រដៀងគ្នាទៅនឹងពេលអ្នកកំពុងហាត់ប្រាណ។
- ការសុងកាតេទែរបេះដូង (Cardiac catheterization)៖ គ្រូពេទ្យបញ្ចូលទុយោតូចស្តើងកាតេទែរ តាមរយៈសរសៃឈាមនៅក្នុងដៃ ឬក្រលៀន ហើយបាញ់ទឹកថ្នាំពណ៌ពិសេសទៅក្នុងកាតេទែរ ដើម្បីបង្កើនភាពច្បាស់លាស់នៃសរសៃឈាមបេះដូងនៅលើហ្វីលកាំរស្មីអ៊ិច។
- ទោះបីជាករណីនេះមិនសូវជួបប្រទះក៏ដោយ ការសុងកាតេទែរបេះដូងអាចត្រូវបានធ្វើឡើងដើម្បីកំណត់អត្តសញ្ញាណជំងឺប្រឹសបេះដូងមីត្រាល ឬដើម្បីពិនិត្យរកវត្តមាននៃជំងឺសរសៃឈាមបេះដូង ប្រសិនបើវិធីសាស្ត្រផ្សេងទៀតមិនអាចរកឃើញ។
គ្រូពេទ្យរបស់អ្នកអាចនឹងជម្រាបជូនអ្នកអំពីដំណាក់កាលនៃជំងឺ ប្រសិនបើលទ្ធផលតេស្តបង្ហាញថាអ្នកមានជំងឺប្រឹសបេះដូងមីត្រាល ឬជំងឺប្រឹសបេះដូងប្រភេទផ្សេងទៀត។ កម្រិតធ្ងន់ធ្ងរនៃជំងឺ ភាពខ្លាំងក្លានៃរោគសញ្ញា រចនាសម្ព័ន្ធនៃប្រឹសបេះដូង និងលំហូរឈាមកាត់តាមបេះដូង និងសួត សុទ្ធតែជាកត្តាជះឥទ្ធិពលដល់ដំណាក់កាលនៃជំងឺប្រឹសបេះដូង។
ដំណាក់កាលទាំង ៤ នៃជំងឺប្រឹសបេះដូងត្រូវបានបែងចែកដូចខាងក្រោម៖
- ដំណាក់កាល A (At risk)៖ ស្ថិតក្នុងហានិភ័យ។ មានវត្តមានកត្តាហានិភ័យសម្រាប់ជំងឺប្រឹសបេះដូង។
- ដំណាក់កាល B (Progressive)៖ ជំងឺកំពុងវិវត្ត។ ជំងឺប្រឹសបេះដូងកម្រិតស្រាលទៅមធ្យម និងមិនទាន់ស្តែងចេញរោគសញ្ញាប្រឹសបេះដូងឡើយ។
- ដំណាក់កាល C (Asymptomatic severe)៖ កម្រិតធ្ងន់ធ្ងរតែគ្មានរោគសញ្ញClient។ ជំងឺប្រឹសបេះដូងស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ ប៉ុន្តែមិនទាន់មានរោគសញ្ញាឡើយ។
- ដំណាក់កាល D (Symptomatic severe)៖ កម្រិតធ្ងន់ធ្ងរមានរោគសញ្ញា។ ជំងឺប្រឹសបេះដូងស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ និងកំពុងស្តែងចេញរោគសញ្ញា។
ការព្យាបាល
ការព្យាបាលសម្រាប់ជំងឺប្រឹសបេះដូងមីត្រាល គឺផ្អែកលើកម្រិតធ្ងន់ធ្ងរ រោគសញ្ញា និងការវាយតម្លៃថាតើវាមានលក្ខណៈកាន់តែដុនដាបទៅៗឬអត់។
ជាធម្មតា អ្នកជំងឺដែលមានជំងឺប្រឹសបេះដូងមីត្រាល ត្រូវបានមើលថែទាំដោយគ្រូពេទ្យឯកទេសខាងជំងឺបេះដូង ដែលមានការបណ្តុះបណ្តាលជំនាញឯកទេសខាងជំងឺប្រឹសបេះដូងមីត្រាល។ ការតាមដានស្ថានភាពជំងឺតាមរយៈការណាត់ជួបពិនិត្យជាទៀងទាត់ អាចជាផ្នែកមួយនៃការព្យាបាលជំងឺប្រឹសបេះដូងមីត្រាល។ អ្នកអាចនឹងត្រូវទទួលបានការណែនាំដូចខាងក្រោម ប្រសិនបើអ្នកមានជំងឺប្រឹសបេះដូងមីត្រាល៖
- ផ្លាស់ប្តូររបៀបរស់នៅរបស់អ្នកដើម្បីឱ្យមានសុខភាពល្អជាងមុន។
- ប្រើប្រាស់ថ្នាំពេទ្យដើម្បីកាត់បន្ថយរោគសញ្ញា។
- ប្រើប្រាស់ថ្នាំពង្រាវឈាមដើម្បីកាត់បន្ថយហានិភ័យនៃការកកឈាម ប្រសិនបើអ្នកមានបញ្ហាចង្វាក់បេះដូងដើរមិនទៀងទាត់ប្រភេទ Atrial fibrillation។
ការវះកាត់ ឬនីតិវិធីព្យាបាលផ្សេងៗ
ទាំងការផ្លាស់ប្តូរ និងការជួសជុលប្រឹសបេះដូងមីត្រាល សុទ្ធតែជាជម្រើសវះកាត់សម្រាប់ព្យាបាលមុខងារមិនប្រក្រតីនៃប្រឹសបេះដូងមីត្រាល។ ទោះបីជាគ្មានរោគសញ្ញាក៏ដោយ ប្រឹសបេះដូងមីត្រាលដែលឈឺ ឬរងការខូចខាត អាចនឹងតម្រូវឱ្យមានការជួសជុល ឬផ្លាស់ប្តូរនៅពេលណាមួយ។
គ្រូពេទ្យវះកាត់អាចនឹងផ្លាស់ប្តូរ ឬជួសជុលប្រឹសបេះដូងមីត្រាលរបស់អ្នក ក្នុងពេលតែមួយជាមួយនឹងការវះកាត់បេះដូងផ្សេងទៀតដែលអ្នកត្រូវការ ប្រសិនបើអ្នកមានបញ្ហាបេះដូងមួយផ្សេងទៀត។
នៅតាមមូលដ្ឋានសុខភាពមួយចំនួន គ្រូពេទ្យវះកាត់បានអនុវត្តការវះកាត់បេះដូងដោយប្រើប្រាស់មនុស្សយន្តជំនួយដែលជាប្រភេទនៃការវះកាត់បេះដូងដោយបើកមុខរបួសតូចបំផុតដោយក្នុងនោះដៃមនុស្សយន្តត្រូវបានយកមកប្រើប្រាស់ដើម្បីអនុវត្តនីតិវិធីព្យាបាល។
ការជួសជុលប្រឹសបេះដូងមីត្រាល
គ្រូពេទ្យវះកាត់ដែលអនុវត្តនីតិវិធីជួសជុលប្រឹសបេះដូងមីត្រាល អាចនឹង៖
- ប៉ះរន្ធធ្លាយនៅលើប្រឹសបេះដូង
- ភ្ជាប់សន្លឹកប្រឹសបេះដូងឡើងវិញ
- កាត់ចោលនូវជាលិកាដែលលើសពីប្រឹសបេះដូង ដើម្បីឱ្យសន្លឹកប្រឹសអាចបិទភ្ជាប់គ្នាបានណែនល្អ
- ផ្លាស់ប្តូរខ្សែចំណងដែលទ្រទ្រង់ប្រឹសបេះដូងមីត្រាល ដើម្បីស្តាររចនាសម្ព័ន្ធរបស់វាឡើងវិញ
- វះញែកសន្លឹកប្រឹសបេះដូងដែលស្អិតជាប់គ្នា
បច្ចេកទេសផ្សេងទៀតសម្រាប់ជួសជុលប្រឹសបេះដូងមីត្រាល រួមមាន៖
- ការវះកាត់កែទម្រង់រង្វង់ប្រឹសបេះដូង (Annuloplasty)៖ គ្រូពេទ្យវះកាត់ជួយពង្រឹងរង្វង់ជុំវិញប្រឹសបេះដូង (Annulus) ដោយការរឹតបន្តឹងវា។ នីតិវិធីផ្សេងទៀតអាចត្រូវបានប្រើប្រាស់រួមផ្សំជាមួយនឹងការធ្វើ Annuloplasty ដើម្បីជួសជុលប្រឹសបេះដូង។
- ការវះកាត់ពង្រីកប្រឹសបេះដូង (Valvuloplasty)៖ ប្រឹសបេះដូងមីត្រាលដែលរួមតូច អាចត្រូវបានជួសជុលដោយប្រើបច្ចេកទេសកាតេទែរនេះ។ ការធ្វើ Valvuloplasty អាចត្រូវបានអនុវត្តទោះបីជាអ្នកមិនទាន់ស្តែងរោគសញ្ញាក៏ដោយ។ គ្រូពេទ្យវះកាត់បញ្ចូលកាតេទែរដែលមានចុងជាបាល់ឡុងទៅក្នុងសរសៃឈាមនៅក្នុងដៃ ឬក្រលៀន រួចដឹកនាំតម្រង់ទៅកាន់ប្រឹសបេះដូងមីត្រាល។ ប្រហោងបើកនៃប្រឹសបេះដូងមីត្រាលនឹងរីកធំជាងមុនដោយសារការបំប៉ោងបាល់ឡុង។ កាតេទែរ និងបាល់ឡុងត្រូវបានដកចេញវិញនៅពេលដែលបាល់ឡុងត្រូវបានបង្ហូតខ្យល់ចេញ។
- ការដាក់ឃ្លីបប្រឹសបេះដូងមីត្រាល (Mitral valve clip)៖ នៅក្នុងការវះកាត់នេះ គ្រូពេទ្យវះកាត់សុងកាតេទែរដែលមានឃ្លីប (Clip) នៅចុងខាងចុង ចូលទៅក្នុងសរសៃឈាមត្រង់ក្រលៀន រួចតម្រង់ចូលទៅក្នុងប្រឹសបេះដូងមីត្រាល។ ឃ្លីបនេះត្រូវបានប្រើដើម្បីជួសជុលសន្លឹកប្រឹសបេះដូងមីត្រាលដែលខូចខាត ឬលេចធ្លាយ។ មនុស្សដែលមានជំងឺប្រឹសបេះដូងមីត្រាល់បិទមិនជិតកម្រិតធ្ងន់ធ្ងរ ឬអ្នកដែលមិនសូវសមស្របសម្រាប់ការវះកាត់បេះដូងធំ អាចទទួលបានផលប្រយោជន៍ពីការព្យាបាលនេះ។
ការផ្លាស់ប្តូរប្រឹសបេះដូងមីត្រាល
ក្នុងកំឡុងពេលផ្លាស់ប្តូរប្រឹសបេះដូងមីត្រាល ប្រឹសបេះដូងចាស់ត្រូវបានកាត់ចេញ និងជំនួសមកវិញដោយប្រឹសបេះដូងមេកានិច ឬប្រឹសដែលធ្វើពីជាលិកាបេះដូងគោ ជ្រូក ឬមនុស្ស (ប្រឹសបេះដូងជីវសាស្ត្រ)។
នីតិវិធីដាក់ប្រឹសក្នុងប្រឹស គឺជាបច្ចេកទេសដែលការវះកាត់ស៊កកាតេទែរបេះដូង អាចត្រូវបានប្រើដើម្បីបញ្ចូលប្រឹសបេះដូងថ្មីទៅជំនួសក្នុងប្រឹសបេះដូងជីវសាស្ត្រចាស់ ដែលលែងដំណើរការបានត្រឹមត្រូវ។
ប្រសិនបើប្រឹសបេះដូងមីត្រាលរបស់អ្នកត្រូវបានផ្លាស់ប្តូរដោយប្រឹសបេះដូងមេកានិច អ្នកនឹងត្រូវប្រើប្រាស់ថ្នាំពង្រាវឈាមអស់មួយជីវិត ដើម្បីការពារការកកឈាម។ ចំណែកឯប្រឹសបេះដូងជីវសាស្ត្រ នឹងទ្រុឌទ្រោមទៅតាមពេលវេលា ហើយជាទូទៅតម្រូវឱ្យមានការផ្លាស់ប្តូរថ្មី។
