ទិដ្ឋភាពទូទៅ

ការរួមតូចនៃប្រឹសបេះដូង (ប្រហោងទ្វារបេះដូង) ដែលខណ្ឌរវាងថតបេះដូងខាងឆ្វេងទាំងពីរ ត្រូវបានគេស្គាល់ថាជា ជំងឺត្បៀតប្រឹសបេះដូងមីត្រាល។ ថតបេះដូងចម្បងដែលដើរតួនាទីបូមឈាម នឹងទទួលលំហូរឈាមតិចតួច ឬគ្មានទាល់តែសោះតាមរយៈប្រឹសដែលរួមតូចនេះ។ ថតបេះដូងខាងឆ្វេងផ្នែកខាងក្រោម ដែលគេស្គាល់ជាទូទៅថាជា ថតបេះដូងខាងឆ្វេងផ្នែកក្រោម (Left ventricle) គឺជាថតបូមឈាមចម្បងរបស់បេះដូង។

អ្នកអាចមានអារម្មណ៍អស់កម្លាំង ល្វើយ និងថប់ដង្ហើម ប្រសិនបើអ្នកមានជំងឺត្បៀតប្រឹសបេះដូងមីត្រាល។ សញ្ញាផ្សេងទៀតរួមមាន ចង្វាក់បេះដូងលោតញាប់ ឬមិនទៀងទាត់ វិលមុខ ឈឺទ្រូង ឬក្អកមានឈាម។ មនុស្សមួយចំនួនមិនបានចាប់អារម្មណ៍ពីរោគសញ្ញានោះទេ។ គ្រុនក្តៅដោយសារឈឺសន្លាក់ឆ្អឹងដែលជាផលវិបាកនៃការរលាកបំពង់កដោយសារបាក់តេរី Strep អាចបណ្តាលឱ្យមានជំងឺត្បៀតប្រឹសបេះដូងមីត្រាល។

ការប្រើប្រាស់ថ្នាំពេទ្យ ឬការវះកាត់ជួសជុល ឬផ្លាស់ប្តូរប្រឹសបេះដូងមីត្រាល់ អាចត្រូវបានយកមកប្រើប្រាស់ដើម្បីព្យាបាលជំងឺត្បៀតប្រឹសបេះដូងមីត្រាលនេះ។ មនុស្សមួយចំនួនគ្រាន់តែតម្រូវឱ្យមានការពិនិត្យសុខភាពប្រចាំឆ្នាំប៉ុណ្ណោះ។ ភាពធ្ងន់ធ្ងរនៃស្ថានភាពជំងឺ និងការវាយតម្លៃថាតើវាលក្ខណៈកាន់តែដុនដាបទៅៗឬអត់ គឺជាកត្តាកំណត់ពីរបៀបដែលគួរព្យាបាល។ ជំងឺត្បៀតប្រឹសបេះដូងមីត្រាលអាចបង្កជាបញ្ហាបេះដូងធ្ងន់ធ្ងរ ប្រសិនបើទុកចោលដោយគ្មានការព្យាបាល។

រោគសញ្ញា

ជាធម្មតា ជំងឺត្បៀតប្រឹសបេះដូងមីត្រាលនឹងវិវត្តន៍កាន់តែធ្ងន់ធ្ងរទៅៗបន្តិចម្តងៗ។ អ្នកអាចនឹងមិនជួបប្រទះរោគសញ្ញាណាមួយឡើយ ឬអ្នកអាចមានរោគសញ្ញាតិចតួចស្តើងៗក្នុងរយៈពេលរាប់ឆ្នាំ។ រោគសញ្ញាជំងឺត្បៀតប្រឹសបេះដូងមីត្រាលអាចលេចឡើងនៅគ្រប់វ័យ ទាំងលើកុមារផងដែរ។

ខាងក្រោមនេះជាសញ្ញានៃជំងឺត្បៀតប្រឹសបេះដូងមីត្រាល៖

  • មានអារម្មណ៍មិនស្រណុក ឬឈឺចាប់នៅក្នុងទ្រូង
  • មានបញ្ហាក្នុងការដកដង្ហើម (ថប់ដង្ហើម) ជាពិសេសក្នុងកំឡុងពេលប្រឹងធ្វើការងារកម្លាំង ឬនៅពេលគេងសំប៉ែត
  • មានការដក់ជាតិទឹកនៅក្នុងសួត
  • ក្អកមានឈាម
  • ចង្វាក់បេះដូងដើរមិនទៀងទាត់
  • អារម្មណ៍ដឹងថាបេះដូងលោតខ្លាំង ញាក់ៗ ឬលោតញាប់ខុសធម្មតា (ភ័យរន្ធត់ក្នុងចិត្ត)
  • សូរខ្សឹបបេះដូង ដែលជាសំឡេងបេះដូងលោតមិនប្រក្រតី
  • ហើមជើង ឬប្រអប់ជើង
  • វិលមុខ ឬសន្លប់
  • អស់កម្លាំងល្វើយ ជាពិសេសនៅពេលធ្វើសកម្មភាពផ្សេងៗ

នៅពេលដែលចង្វាក់បេះដូងកើនឡើង ដូចជាក្នុងកំឡុងពេលហាត់ប្រាណ រោគសញ្ញានៃជំងឺត្បៀតប្រឹសបេះដូងមីត្រាលអាចនឹងវិវត្តន៍ឡើង ឬកាន់តែអាក្រក់ទៅៗ។ រោគសញ្ញាអាចត្រូវបានបង្កឡើងដោយអ្វីៗដែលបង្កើតសម្ពាធស្ត្រេសដល់រាងកាយ ដូចជាការមានផ្ទៃពោះ ឬការមានជំងឺផ្សេងៗ។

ប្រសិនបើអ្នកជួបប្រទះការឈឺទ្រូង ចង្វាក់បេះដូងលោតញាប់ ញាក់ៗ ឬបុកខ្ទប់ៗ ឬមានអារម្មណ៍ថប់ដង្ហើមនៅពេលហាត់ប្រាណ សូមទូរសព្ទទៅគ្រូពេទ្យរបស់អ្នកភ្លាមៗដើម្បីណាត់ជួប។ គ្រូពេទ្យរបស់អ្នកអាចនឹងណែនាំឱ្យទៅជួបគ្រូពេទ្យឯកទេសខាងជំងឺបេះដូង។

​​ មូលហេតុ

ការស្វែងយល់អំពីរបៀបដែលបេះដូងដំណើរការជាទូទៅ អាចមានប្រយោជន៍ក្នុងការយល់ដឹងអំពីមូលហេតុនៃជំងឺប្រឹសបេះដូងមីត្រាល់។

ប្រឹសបេះដូងមីត្រាល់ គឺជាប្រឹសបេះដូងមួយក្នុងចំណោមប្រឹសទាំងបួន ដែលរក្សាលំហូរឈាមឱ្យដើរបានត្រឹមត្រូវ។ រាល់ពេលបេះដូងលោតម្តងៗ សន្លឹកប្រឹសនៅលើប្រឹសនីមួយៗនឹងបើក និងបិទម្តង។ លំហូរឈាមឆ្លងកាត់បេះដូងទៅកាន់រាងកាយអាចនឹងថយចុះ ប្រសិនបើប្រឹសមិនបើក ឬបិទបានត្រឹមត្រូវ។ ក្នុងករណីមានជំងឺត្បៀតប្រឹសបេះដូងមីត្រាល ប្រឹសបេះដូងនឹងរួមតូចជាងមុន។ ការថយចុះនៃប្រហោងបើករបស់ប្រឹស តម្រូវឱ្យបេះដូងបូមឈាមឆ្លងកាត់វាដោយប្រើកម្លាំងខ្លាំងជាងមុន។ នេះនាំឱ្យថយចុះលំហូរឈាមទៅកាន់រាងកាយទាំងមូល។

ជំងឺត្បៀតប្រឹសបេះដូងមីត្រាលអាចបណ្តាលមកពីកត្តាជាច្រើន រួមមាន៖

  • គ្រុនក្តៅដោយសារឈឺសន្លាក់ឆ្អឹង (Rheumatic fever)៖ មូលហេតុទូទៅបំផុតនៃជំងឺត្បៀតប្រឹសបេះដូងមីត្រាល គឺផលវិបាកនៃការឆ្លងមេរោគបាក់តេរី Streptococcal នៅបំពង់ក។ ស្ថានភាពនេះត្រូវបានគេហៅថា ជំងឺប្រឹសបេះដូងមីត្រាលដោយសារឈឺសន្លាក់ឆ្អឹង (នៅពេលដែលជំងឺគ្រុនសន្លាក់ឆ្អឹងប៉ះពាល់ដល់ប្រឹសបេះដូងមីត្រាល់។ សញ្ញានៃជំងឺប្រឹសបេះដូងនេះ អាចនឹងមិនលេចឡើងក្នុងរយៈពេលជាច្រើនឆ្នាំ ឬរាប់ទសវត្សរ៍បន្ទាប់ពីកើតជំងឺគ្រុនសន្លាក់ឆ្អឹង។
  • ការកកកំបោរ (Calcium deposits)៖ សារធាតុកំបោរ (កាល់ស្យូម) អាចកកកុញជុំវិញប្រឹសបេះដូងមីត្រាល់នៅពេលអ្នកមានអាយុច្រើន។ រចនាសម្ព័ន្ធដែលទ្រទ្រង់សន្លឹកប្រឹសបេះដូងមីត្រាល់អាចនឹងរួមតូចជាលទ្ធផល។ ស្ថានភាពនេះត្រូវបានគេហៅថា ការកកកំបោរនៅជុំវិញរង្វង់ប្រឹសមីត្រាល់ (Mitral annular calcification) ឬហៅកាត់ថា MAC។ ស្ថានភាព MAC ធ្ងន់ធ្ងរអាចបណ្តាលឱ្យមានរោគសញ្ញានៃជំងឺត្បៀតប្រឹសបេះដូងមីត្រាល។ បញ្ហានេះមានភាពលំបាកក្នុងការព្យាបាល ទោះបីជាធ្វើការវះកាត់ក៏ដោយ។ បញ្ហាប្រឹសបេះដូងអាកក ជារឿយៗតែងតែកើតមានចំពោះមនុស្សដែលមានការកកកំបោរជុំវិញប្រឹសបេះដូងមីត្រាល់។
  • ការព្យាបាលដោយកាំរស្មី៖ ជួនកាល ប្រឹសបេះដូងមីត្រាល់អាចក្លាយទៅជាក្រាស់ និងរឹង ជាលទ្ធផលនៃការបញ្ចេញវិទ្យុសកម្មទៅលើតំបន់ទ្រូង។ ជាទូទៅ ការដុនដាបនៃប្រឹសបេះដូងកើតឡើងក្នុងរយៈពេល ២០ ទៅ ៣០ ឆ្នាំ បន្ទាប់ពីទទួលបានការព្យាបាលដោយវិទ្យុសកម្ម។
  • ជំងឺបេះដូងពីកំណើត៖ ទោះបីជាមានលទ្ធភាពកើតឡើងតិចតួចក៏ដោយ ទារកខ្លះអាចកើតមកមានប្រឹសបេះដូងមីត្រាល់រួមតូចពីកំណើត ដែលនឹងបង្កើតជាបញ្ហានៅពេលក្រោយ។
  • ស្ថានភាពសុខភាពផ្សេងទៀត៖ ក្នុងករណីកម្រ ជំងឺអូតូអ៊ុយមីន ដូចជាជំងឺលុប៊ុស និងជំងឺដទៃទៀត អាចនាំឱ្យមានជំងឺត្បៀតប្រឹសបេះដូងមីត្រាល។

កត្តាហានិភ័យ

ទាំងនេះគឺជាកត្តាហានិភ័យដែលអាចនាំឱ្យមានជំងឺត្បៀតប្រឹសបេះដូងមីត្រាល៖

  • ការឆ្លងមេរោគ Streptococcus ដោយមិនបានព្យាបាល៖ លទ្ធភាពនៃការវិវត្តទៅជាជំងឺត្បៀតប្រឹសបេះដូងមីត្រាលនឹងកើនឡើង ប្រសិនបើមានប្រវត្តិនៃការឆ្លងមេរោគបាក់តេរី Streptococcal នៅបំពង់កដោយមិនបានព្យាបាល ឬធ្លាប់កើតជំងឺគ្រុនសន្លាក់ឆ្អឹង។
  • វ័យជរា៖ លទ្ធភាពនៃការកកកុញជាតិកំបោរជុំវិញប្រឹសបេះដូងមីត្រាល់ មានកម្រិតខ្ពស់ជាងចំពោះមនុស្សចាស់។
  • ការព្យាបាលដោយកាំរស្មី៖ វិទ្យុសកម្មធ្វើឱ្យទម្រង់ និងរចនាសម្ព័ន្ធនៃប្រឹសបេះដូងមីត្រាល់មានការប្រែប្រួល។ ក្នុងករណីកម្រ អ្នកជំងឺដែលទទួលការព្យាបាលដោយវិទ្យុសកម្មសម្រាប់ជំងឺមហារីកមួយចំនួននៅក្នុងតំបន់ទ្រូង អាចវិវត្តទៅជាជំងឺត្បៀតប្រឹសបេះដូងមីត្រាល។
  • ការប្រើប្រាស់ថ្នាំខុសច្បាប់ (គ្រឿងញៀន)៖ សារធាតុញៀន MDMA (ថ្នាំគ្រវី) បង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺប្រឹសបេះដូងមីត្រាល់។
  • ការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន៖ អ្នកជំងឺដែលលេបថ្នាំមួយចំនួន មានការកើនឡើងហានិភ័យនៃជំងឺត្បៀតប្រឹសបេះដូងមីត្រាល។

ប្រសិនបើអ្នកកំពុងស្តែងចេញនូវរោគសញ្ញាណាមួយនៃជំងឺត្បៀតប្រឹសបេះដូងមីត្រាល សូមពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងជំងឺបេះដូងនៅមន្ទីរពេទ្យ វេជ្ជថានី។ គ្រូពេទ្យនឹងធ្វើការពិនិត្យតេស្ត និងធ្វើរោគវិនិច្ឆ័យថាតើអ្នកមានជំងឺត្បៀតប្រឹសបេះដូងមីត្រាលដែរឬទេ និងកំណត់វិធីសាស្ត្រព្យាបាលណាខ្លះដែលអ្នកត្រូវការ។ វាអាចនឹងតម្រូវឱ្យមានការវះកាត់ប្រឹសបេះដូងមីត្រាល់។

ការធ្វើរោគវិនិច្ឆ័យ

ការពិនិត្យរាងកាយ ការសាកសួរអំពីសញ្ញានិងរោគសញ្ញា ព្រមទាំងប្រវត្តិវេជ្ជសាស្ត្រ ជាទូទៅត្រូវបានយកមកប្រើប្រាស់ដើម្បីវាយតម្លៃថាតើអ្នកជំងឺមានជំងឺត្បៀតប្រឹសបេះដូងមីត្រាលដែរឬទេ។

ប្រសិនបើក្នុងកំឡុងពេលវាយតម្លៃ គ្រូពេទ្យឯកទេសស្ដាប់ឮសូរខ្សឹបបេះដូង (សំឡេងឈូៗខុសធម្មតារបស់បេះដូង) អ្នកជំងឺនឹងត្រូវបានបញ្ជូនទៅជួបគ្រូពេទ្យឯកទេសខាងជំងឺបេះដូង។ គ្រូពេទ្យជំនាញក៏នឹងស្ដាប់សួតរបស់អ្នកដោយប្រើ Stethoscope ផងដែរ។ ការដក់ជាតិទឹកនៅក្នុងសួតអាចបណ្តាលមកពីជំងឺត្បៀតប្រឹសបេះដូងមីត្រាល ដែលគ្រូពេទ្យរបស់អ្នកអាចហៅស្ថានភាពនេះថាជា ការកកស្ទះក្នុងសួត។

ជំងឺត្បៀតប្រឹសបេះដូងមីត្រាលអាចត្រូវបានរកឃើញតាមរយៈការពិនិត្យស្រាវជ្រាវមួយចំនួន រួមមាន៖

  • ការអេកូបេះដូង (Echocardiogram)៖ វត្តមាននៃជំងឺត្បៀតប្រឹសបេះដូងមីត្រាលអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់តាមរយៈការធ្វើអេកូបេះដូង។ រលកសំឡេងអាចបង្ហាញជារូបភាពនៃចលនាបេះដូងកំពុងលោត។ ការពិនិត្យនេះអាចស្វែងរកទីតាំងដែលមានលំហូរឈាមមិនគ្រប់គ្រាន់ និងបញ្ហាផ្សេងៗទាក់ទងនឹងប្រឹសបេះដូង។ វាក៏អាចត្រូវបានប្រើប្រាស់ដើម្បីវាយតម្លៃពីកម្រិតធ្ងន់ធ្ងរនៃជំងឺត្បៀតប្រឹសបេះដូងមីត្រាលផងដែរ។
    • នៅក្នុងការធ្វើអេកូបេះដូងទូទៅ ឬហៅថាការធ្វើអេកូបេះដូងឆ្លងកាត់ជញ្ជាំងទ្រូង ឧបករណ៍បញ្ជូនរលកសំឡេង ដែលមានរាងដូចដំបង ត្រូវបានប្រើដើម្បីតម្រង់រលកសំឡេងទៅកាន់បេះដូង ដោយត្រូវសង្កត់ឱ្យណែនទៅលើស្បែកជុំវិញតំបន់ទ្រូង។
    • ដើម្បីមើលឃើញប្រឹសបេះដូងមីត្រាល់ឱ្យកាន់តែច្បាស់ និងជិតជាងមុន ជួនកាលការធ្វើអេកូបេះដូងឆ្លងកាត់បំពង់អាហារអាចនឹងត្រូវយកមកអនុវត្ត។ ក្នុងកំឡុងពេលធ្វើអេកូបេះដូងប្រភេទនេះ ឧបករណ៍បញ្ជូនរលកសំឡេងតូចមួយដែលភ្ជាប់នៅចុងទុយោ ត្រូវបានបញ្ចូលទៅក្នុងបំពង់អាហារដែលរត់ពីមាត់ទៅកាន់ក្រពះ។
    • សូមធ្វើការអេកូបេះដូងជារៀងរាល់ឆ្នាំ ប្រសិនបើអ្នកត្រូវបានប្រាប់ថាមានជំងឺត្បៀតប្រឹសបេះដូងមីត្រាលកម្រិតធ្ងន់ធ្ងរខ្លាំង។ ចំពោះអ្នកដែលមានជំងឺត្បៀតប្រឹសបេះដូងមីត្រាលកម្រិតស្រាល គួរតែធ្វើការអេកូបេះដូងរៀងរាល់ ៣ ទៅ ៥ ឆ្នាំម្តង។ សូមសាកសួរគ្រូពេទ្យរបស់អ្នក ដើម្បីដឹងច្បាស់ថាអ្នកត្រូវធ្វើវាញឹកញាប់កម្រិតណា។
  • ការវាស់ចរន្តអគ្គិសនីបេះដូង (Electrocardiogram)៖ ការធ្វើតេស្តដ៏រហ័ស និងគ្មានការឈឺចាប់នេះ ត្រូវបានគេស្គាល់ជាទូទៅថា ECG ឬ EKG ដែលវាស់វែងសកម្មភាពអគ្គិសនីរបស់បេះដូង។ បន្ទះស្អិតអេឡិចត្រូតនឹងត្រូវបិទនៅលើដៃ ជើង និងជួនកាលនៅលើទ្រូង។ អេឡិចត្រូតទាំងនោះត្រូវបានភ្ជាប់ដោយខ្សែទៅកាន់កុំព្យូទ័រ ដែលបង្ហាញពីលទ្ធផលតេស្ត។ ល្បឿនលោតញាប់ ឬយឺតរបស់បេះដូង អាចមើលឃើញនៅលើ ECG។ ប្រសិនបើមានចង្វាក់បេះដូងដើរមិនទៀងទាត់ គ្រូពេទ្យអាចរកឃើញបានដោយពិនិត្យលើទម្រង់សញ្ញាអគ្គិសនី។
  • ការថតកាំរស្មីអ៊ិចទ្រូង៖ សុខភាពរបស់បេះដូង និងសួតអាចមើលឃើញនៅលើហ្វីលកាំរស្មីអ៊ិចទ្រូង។ វាអាចរកឃើញការរីកធំនៃបេះដូង ដែលអាចជាសញ្ញានៃជំងឺប្រឹសបេះដូងជាក់លាក់មួយចំនួន។
  • ការធ្វើតេស្តរត់ម៉ាស៊ីនវាស់សម្ពាធបេះដូង៖ ការធ្វើតេស្តទាំងនេះជារឿយៗរួមមានការដើរលើម៉ាស៊ីនរត់ ឬការជិះកង់ហាត់ប្រាណនៅនឹងកន្លែង ខណៈពេលដែលចង្វាក់បេះដូងកំពុងត្រូវបានតាមដាន។ ការធ្វើតេស្តពេលហាត់ប្រាណអាចជួយកំណត់ពីរបៀបដែលបេះដូងឆ្លើយតបនឹងការប្រឹងប្រែងកម្លាំង និងមើលថាតើសញ្ញានៃការមិនដំណើរការនៃប្រឹសបេះដូងស្តែងឡើងក្នុងពេលហាត់ប្រាណដែរឬទេ។ ប្រសិនបើអ្នកមិនអាចហាត់ប្រាណបានទេ អ្នកអាចនឹងត្រូវផ្តល់ថ្នាំពេទ្យដែលជួយជម្រុញបេះដូងឱ្យដូចទៅនឹងសកម្មភាពហាត់ប្រាណ។
  • ការថតស្កេនកុំព្យូទ័របេះដូង (Cardiac computed tomography – CT)៖ ការពិនិត្យនេះផ្តល់នូវទិដ្ឋភាពកាត់ទទឹងដ៏លម្អិតបន្ថែមទៀតនៃបេះដូង និងប្រឹសបេះដូង ដោយរួមបញ្ចូលគ្នានូវរូបភាពកាំរស្មីអ៊ិចជាច្រើនសន្លឹក។ នៅពេលដែលជំងឺត្បៀតប្រឹសបេះដូងមីត្រាលមិនមែនបណ្តាលមកពីជំងឺគ្រុនសន្លាក់ឆ្អឹង ការថត Cardiac CT ជារឿយៗត្រូវបានធ្វើឡើងដើម្បីវាយតម្លៃស្ថានភាពនេះ។
  • ការថតស្កេនដោយម៉ាញេទិកបេះដូង (Cardiac magnetic resonance imaging – MRI)៖ ការពិនិត្យនេះបង្កើតរូបភាពយ៉ាងល្អិតល្អន់នៃបេះដូងដោយប្រើរលកវិទ្យុ និងមណ្ឌលម៉ាញេទិក។ ដើម្បីវាយតម្លៃកម្រិតធ្ងន់ធ្ងរនៃជំងឺត្បៀតប្រឹសបេះដូងមីត្រាល ការថត Cardiac MRI អាចនឹងត្រូវយកមកប្រើប្រាស់។
  • ការសុងបញ្ចូលបំពង់បេះដូង ឬការថតឆ្លុះសរសៃឈាមបេះដូង (Cardiac catheterization)៖ ទោះបីជាករណីនេះកម្រក៏ដោយ ការធ្វើតេស្តនេះអាចត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណជំងឺត្បៀតប្រឹសបេះដូងមីត្រាល និងវាយតម្លៃកម្រិតធ្ងន់ធ្ងររបស់វា ប្រសិនបើការធ្វើតេស្តផ្សេងទៀតមិនអាចផ្តល់លទ្ធផលច្បាស់លាស់។ ទុយោវែង តូច និងទន់ ដែលគេហៅថាកាតេទែរត្រូវបានបញ្ចូលទៅក្នុងសរសៃឈាម ដែលជាទូទៅនៅត្រង់ចង្កេះជើង (ក្រលៀន) ឬកដៃ រួចដឹកនាំតម្រង់ទៅកាន់បេះដូង។ ទឹកថ្នាំពណ៌ពិសេសនឹងត្រូវបាញ់កាត់តាមកាតេទែរ ដើម្បីទៅដល់សរសៃឈាមបេះដូង។ ទឹកថ្នាំពណ៌នេះជួយបង្កើនភាពច្បាស់លាស់នៃសរសៃឈាមនៅក្នុងរូបភាពកាំរស្មីអ៊ិច និងរូបភាពវីដេអូឆ្លុះ។

ដំណាក់កាលនៃជំងឺ

គ្រូពេទ្យរបស់អ្នកអាចនឹងជម្រាបជូនអ្នកអំពីដំណាក់កាលនៃជំងឺ ប្រសិនបើលទ្ធផលតេស្តបង្ហាញថាអ្នកមានជំងឺត្បៀតប្រឹសបេះដូងមីត្រាល ឬជំងឺប្រឹសបេះដូងប្រភេទផ្សេងទៀត។ ការបែងចែកដំណាក់កាលនេះ ជួយសម្រួលដល់ការជ្រើសរើសវគ្គនៃការព្យាបាលដ៏ល្អបំផុត។

កម្រិតធ្ងន់ធ្ងរនៃជំងឺ ភាពខ្លាំងក្លានៃរោគសញ្ញា រចនាសម្ព័ន្ធនៃប្រឹសបេះដូង និងលំហូរឈាមកាត់តាមបេះដូង និងសួត សុទ្ធតែជាកត្តាជះឥទ្ធិពលដល់ដំណាក់កាលនៃជំងឺប្រឹសបេះដូង។

ដំណាក់កាលមូលដ្ឋានទាំង ៤ នៃជំងឺប្រឹសបេះដូងរួមមាន៖

  • ដំណាក់កាល A (At risk): ស្ថិតក្នុងហានិភ័យ។ មានវត្តមានកត្តាហានិភ័យមួយចំនួនដែលអាចបង្កឱ្យមានជំងឺប្រឹសបេះដូង។
  • ដំណាក់កាល B (Progressive): ជំងឺកំពុងវិវត្ត។ មានវត្តមានជំងឺប្រឹសបេះដូងកម្រិតស្រាលទៅមធ្យម ប៉ុន្តែមិនទាន់ស្តែងចេញរោគសញ្ញាប្រឹសបេះដូងឡើយ។
  • ដំណាក់កាល C (Asymptomatic severe): កម្រិតធ្ងន់ធ្ងរតែគ្មានរោគសញ្ញា។ មានវត្តមានជំងឺប្រឹសបេះដូងកម្រិតធ្ងន់ធ្ងរខ្លាំង ប៉ុន្តែមិនទាន់ស្តែងចេញរោគសញ្ញាឡើយ។
  • ដំណាក់កាល D (Symptomatic severe): កម្រិតធ្ងន់ធ្ងរមានរោគសញ្ញា។ ជំងឺប្រឹសបេះដូងកម្រិតធ្ងន់ធ្ងរដែលស្តែងចេញរោគសញ្ញាយ៉ាងច្បាស់ក្រឡែត។

ការព្យាបាល

អ្នកជំងឺដែលមានជំងឺត្បៀតប្រឹសបេះដូងមីត្រាល ជារឿយៗទទួលបានការព្យាបាលពីគ្រូពេទ្យដែលបានឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកជំងឺបេះដូង។ គ្រូពេទ្យឯកទេសក្នុងវិស័យនេះ ហៅថា គ្រូពេទ្យឯកទេសខាងជំងឺបេះដូង។

ប្រសិនបើគ្មានរោគសញ្ញាទេនោះ ជំងឺត្បៀតប្រឹសបេះដូងមីត្រាលកម្រិតស្រាលទៅមធ្យម អាចនឹងមិនទាន់តម្រូវឱ្យមានការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ភ្លាមៗនោះទេ។ ផ្ទុយទៅវិញ អ្នកនឹងត្រូវទៅជួបគ្រូពេទ្យឱ្យបានទៀងទាត់ ដើម្បីតាមដានថាតើស្ថានភាពជំងឺរបស់អ្នកមានការដុនដាបទៅៗឬយ៉ាងណា។

ការប្រើប្រាស់ថ្នាំពេទ្យ ការវះកាត់បើកទ្រូង ការផ្លាស់ប្តូរប្រឹសបេះដូងមីត្រាល់ ឬការជួសជុល សុទ្ធតែជាទម្រង់នៃការព្យាបាលសម្រាប់ជំងឺត្បៀតប្រឹសបេះដូងមីត្រាល។

ឱសថ

សញ្ញា និងរោគសញ្ញានៃជំងឺត្បៀតប្រឹសបេះដូងមីត្រាល ត្រូវបានគ្រប់គ្រងដោយការប្រើប្រាស់ថ្នាំពេទ្យ។

ឱសថខាងក្រោមនេះអាចនឹងត្រូវណែនាំដោយគ្រូពេទ្យរបស់អ្នក៖

  • ថ្នាំបញ្ជុះទឹកនោម៖ ថ្នាំគ្រាប់ជួយបណ្តេញជាតិទឹកទាំងនេះ ជួយកាត់បន្ថយ ឬការពារការដក់ជាតិទឹកនៅក្នុងសរីរាង្គណាមួយនៃរាងកាយ រួមទាំងសួតផងដែរ។
  • ថ្នាំពង្រាវឈាម៖ ឬគេស្គាល់ថាជា ថ្នាំប្រឆាំងការកកឈាម ដើម្បីជួយការពារការកកឈាម ប្រសិនបើអ្នករងទុក្ខពីបញ្ហាចង្វាក់បេះដូងដើរមិនទៀងទាត់ប្រភេទ AF។ ដោយសារតែបញ្ហាចង្វាក់បេះដូងដើរមិនទៀងទាត់នេះអាចបណ្តាលឱ្យកកឈាម និងដាច់សរសៃឈាមខួរក្បាល ថ្នាំពង្រាវឈាមត្រូវបានចេញវេជ្ជបញ្ជាដើម្បីកាត់បន្ថយឱកាសនៃការកើតមានផលវិបាកទាំងនេះ។
  • ថ្នាំបេតាប្លុកឃ័រ (Beta blockers) ថ្នាំទប់ស្កាត់ច្រកកាល់ស្យូម (Calcium channel blockers) ឬថ្នាំបេះដូងដទៃទៀត៖ ដើម្បីពន្យឺតចង្វាក់បេះដូង។
  • ថ្នាំកែតម្រូវចង្វាក់បេះដូង៖ ជួយព្យាបាលចង្វាក់បេះដូងដើរមិនទៀងទាត់ ដូចជាប្រភេទ Atrial fibrillation។ ឱសថទាំងនេះត្រូវបានគេហៅថា ក្រុមថ្នាំប្រឆាំងការប្រែប្រួលចង្វាក់បេះដូង។
  • ថ្នាំផ្សះ៖ ដើម្បីការពារកុំឱ្យជំងឺគ្រុនសន្លាក់ឆ្អឹងរើឡើងវិញ ប្រសិនបើវាជាមូលហេតុដែលបង្កឱ្យមានការខូចខាតប្រឹសបេះដូងមីត្រាល់។

ការវះកាត់ ឬនីតិវិធីព្យាបាលផ្សេងៗ

ទោះបីជាអ្នកមិនមានរោគសញ្ញាណាមួយក៏ដោយ ប្រឹសបេះដូងមីត្រាល់ដែលឈឺ ឬរងការខូចខាត អាចនឹងតម្រូវឱ្យមានការជួសជុល ឬផ្លាស់ប្តូរនៅពេលណាមួយ។ គ្រូពេទ្យវះកាត់អាចនឹងផ្លាស់ប្តូរ ឬជួសជុលប្រឹសបេះដូងមីត្រាល់របស់អ្នក ក្នុងពេលតែមួយជាមួយនឹងការវះកាត់បេះដូងផ្សេងទៀតដែលអ្នកត្រូវការ ប្រសិនបើអ្នកមានបញ្ហាបេះដូងមួយផ្សេងទៀត។ អ្នកនិងគ្រូពេទ្យជំនាញអាចពិភាក្សាគ្នាអំពីផែនការព្យាបាល។ ការវះកាត់ និងការព្យាបាលដែលអាចធ្វើទៅបានសម្រាប់ជំងឺត្បៀតប្រឹសបេះដូងមីត្រាល រួមមាន៖

  • ការវះកាត់ពង្រីកប្រឹសបេះដូងដោយប្រើបាល់ឡុង (Balloon valvuloplasty)៖ ប្រហោងទ្វារដែលរួមតូចនៅក្នុងប្រឹសបេះដូងមីត្រាល់ ត្រូវបានជួសជុលតាមរយៈវិធីសាស្ត្រនេះ។ វាប្រើប្រាស់បាល់ឡុងតូចមួយ និងកាតេទែរដែលជាទុយោប្រហោងនិងទន់។ គ្រូពេទ្យបញ្ចូលកាតេទែរដែលមានចុងជាបាល់ឡុងទៅក្នុងសរសៃឈាម ដែលជាទូទៅនៅត្រង់ក្រលៀន រួចតម្រង់ទៅកាន់ប្រឹសបេះដូងមីត្រាល់។ ការបំប៉ោងបាល់ឡុងនឹងធ្វើឱ្យប្រហោងបើកនៃប្រឹសបេះដូងមីត្រាល់រីកធំជាងមុន។ បន្ទាប់មក បាល់ឡុងត្រូវបានបង្ហូតខ្យល់ចេញវិញ រួចដកចេញមកក្រៅជាមួយកាតេទែរ។
    • ការធ្វើ Valvuloplasty អាចត្រូវបានអនុវត្តទោះបីជាអ្នកមិនទាន់ស្តែងរោគសញ្ញាក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការវះកាត់នេះឡើយ។ សូមពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីដឹងថាតើវាជាជម្រើសសម្រាប់អ្នកដែរឬទេ។
    • វិធីសាស្ត្រនេះស្ថិតក្នុងទម្រង់នៃការព្យាបាលដោយការស៊កខ្សែស្រឡាយ (Transcatheter intervention)។
    • នីតិវិធីនេះក៏ត្រូវបានគេហៅផងដែរថា Percutaneous transvenous mitral commissurotomy, Percutaneous mitral balloon commissurotomy, និង Mitral balloon valvotomy។
  • ការវះកាត់បើកទ្រូងដើម្បីជួសជុលប្រឹសបេះដូង (Open-heart surgery to repair the valve)៖ ការវះកាត់បេះដូងដោយបើកទ្រូង ហៅថា Open valvotomy អាចនឹងត្រូវធ្វើឡើង ប្រសិនបើការព្យាបាលតាមកាតេទែរមិនមែនជាជម្រើសដែលអាចធ្វើទៅបាន។ នីតិវិធីនេះត្រូវបានគេស្គាល់ផងដែរថាជា Surgical commissurotomy។ វាជួយកម្ចាត់ការកកកំបោរ និងជាលិកាស្លាកស្នាមដែលកំពុងស្ទះប្រហោងបើកនៃប្រឹសបេះដូងមីត្រាល់។ ដើម្បីបញ្ឈប់ការហូរឈាមក្នុងតំបន់ទ្រូងអំឡុងពេលវះកាត់នេះ បេះដូងត្រូវតែបញ្ឈប់ដំណើរការជាបណ្តោះអាសន្ន។ មុខងាររបស់បេះដូងនឹងត្រូវជំនួសបណ្តោះអាសន្នដោយម៉ាស៊ីនបេះដូងនិងសួត។ ប្រសិនបើជំងឺត្បៀតប្រឹសបេះដូងមីត្រាលរើឡើងវិញ ការព្យាបាលនេះអាចនឹងត្រូវធ្វើឡើងម្តងទៀត។
  • ការផ្លាស់ប្តូរប្រឹសបេះដូងមីត្រាល់៖ ប្រសិនបើប្រឹសបេះដូងមីត្រាល់មិនអាចជួសជុលបានទេ វាអាចនឹងត្រូវផ្លាស់ប្តូរតាមរយៈការវះកាត់។ ប្រឹសបេះដូងមេកានិច ឬប្រឹសបេះដូងជីវសាស្ត្រដែលធ្វើពីជាលិកាបេះដូងគោ ជ្រូក ឬមនុស្ស គឺជាជម្រើសដែលគេយកមកប្រើប្រាស់ដើម្បីជំនួសប្រឹសបេះដូងដែលខូចខាត។
    • ប្រឹសបេះដូងជីវសាស្ត្រនឹងទ្រុឌទ្រោមទៅតាមពេលវេលា ហើយអាចនឹងតម្រូវឱ្យមានការផ្លាស់ប្តូរថ្មី។
    • ចំណែកឯអ្នកដែលប្រើប្រាស់ប្រឹសបេះដូងមេកានិច តម្រូវឱ្យប្រើប្រាស់ថ្នាំពង្រាវឈាមអស់មួយជីវិត ដើម្បីការពារការកកឈាម។ ដើម្បីជ្រើសរើសជម្រើសដ៏ល្អបំផុតសម្រាប់អ្នក អ្នកនិងគ្រូពេទ្យគួរតែស្វែងយល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃប្រឹសបេះដូងនីមួយៗ។

ជាទូទៅ លទ្ធផលនៃការដឹងមុនអំពីជំងឺ គឺល្អប្រសើរខ្លាំងសម្រាប់អ្នកដែលទទួលការព្យាបាល ឬវះកាត់សម្រាប់ជំងឺត្បៀតប្រឹសបេះដូងមីត្រាល។ ប៉ុន្តែផលវិបាកក្រោយការវះកាត់មានលទ្ធភាពកើតឡើងខ្ពស់នៅពេលដែលអ្នកជំងឺមានអាយុច្រើន ស្ថិតក្នុងស្ថានភាពសុខភាពខ្សោយ ឬមានការកកកំបោរច្រើននៅលើ ឬនៅជិតប្រឹសបេះដូង។ លទ្ធផលនៃការដឹងមុនអំពីជំងឺបន្ទាប់ពីការវះកាត់ប្រឹសបេះដូង អាចនឹងមានសភាពអាក្រក់ដោយសារតែវត្តមាននៃជំងឺលើសសម្ពាធឈាមសួតរ៉ាំរ៉ៃ។

Doctors who treat this condition