ទិដ្ឋភាពទូទៅ
ជំងឺ Myelofibrosis គឺជាទម្រង់មិនសូវជួបប្រទះមួយនៃជំងឺមហារីកខួរឆ្អឹង ដែលចូលទៅរំខានដល់ការផលិតកោសិកាឈាមជាប្រក្រតី នាំឱ្យមានការឡើងសម្លាកយ៉ាងខ្លាំងនៅក្នុងខួរឆ្អឹង។ ការឡើងសម្លាកនេះបណ្តាលឱ្យមានជំងឺស្លេកស្លាំងធ្ងន់ធ្ងរ ភាពទន់ខ្សោយ និងការអស់កម្លាំង រួមជាមួយនឹងការថយចុះចំនួនប្លាកែត ដែលបង្កើនហានិភ័យនៃការហូរឈាម។ បន្ថែមលើនេះ ជំងឺ Myelofibrosis ជារឿយៗស្តែងឡើងជាមួយនឹងអាការៈរីកលំពែង។ ជំងឺនេះត្រូវបានចាត់ថ្នាក់ជាជំងឺមហារីកគ្រាប់ឈាមសរ៉ាំរ៉ៃ ហើយវាជាផ្នែកមួយនៃក្រុមវិបត្តិជំងឺដែលគេស្គាល់ថា វិបត្តិដុះកោសិកាខួរឆ្អឹងមិនប្រក្រតី (Myeloproliferative disorders) ដោយអាចកើតឡើងដោយឯករាជ្យឯងៗ ឬជាការវិវត្តបន្តចេញពីវិបត្តិខួរឆ្អឹងដទៃទៀត។
ខណៈពេលដែលបុគ្គលមួយចំនួនដែលមានជំងឺ Myelofibrosis អាចនឹងមិនស្តែងចេញរោគសញ្ញាអ្វីឡើយ និងមិនទាមទារការព្យាបាលភ្លាមៗ តែអ្នកជំងឺខ្លះទៀតដែលមានរោគសញ្ញាធ្ងន់ធ្ងរ អាចនឹងត្រូវការការអន្តរាគមន៍ព្យាបាលយ៉ាងដិតដល់។ ជម្រើសនៃការព្យាបាលសម្រាប់ជំងឺ Myelofibrosis គឺមានគោលបំណងដើម្បីសម្រាលរោគសញ្ញា ហើយវាអាចមានភាពខុសប្លែកគ្នាយ៉ាងទូលំទូលាយ។
រោគសញ្ញា
ជំងឺ Myelofibrosis ជាទូទៅវិវត្តទៅមុខយឺតៗ ដោយជារឿយៗមិនមានស្តែងរោគសញ្ញាគួរឱ្យកត់សម្គាល់ឡើយនៅក្នុងដំណាក់កាលដំបូង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលវិបត្តិនេះចូលទៅរំខានដល់ការផលិតកោសិកាឈាមធម្មតា សញ្ញានិងរោគសញ្ញាចម្រុះអាចនឹងលេចឡើង រួមមាន៖
- អស់កម្លាំង ទន់ខ្សោយល្វើយ ឬដកដង្ហើមខ្លីៗ (ថប់ដង្ហើម) ដែលជារឿយៗបណ្តាលមកពីជំងឺស្លេកស្លាំង
- ឈឺចាប់ ឬមានអារម្មណ៍ថាណែនឆ្អែតនៅក្រោមឆ្អឹងជំនីរខាងឆ្វេង ដែលកើតចេញពីអាការៈរីកលំពែង
- ងាយឡើងជាំ ឬងាយហូរឈាម
- ជួបប្រទះការចេញញើសខ្លាំងខុសប្រក្រតីនៅក្នុងកំឡុងពេលគេង (បែកញើសពេលយប់)
- មានអាការៈក្តៅខ្លួន
- ឈឺចុកចាប់ក្នុងឆ្អឹង
វាជារឿងចាំបាច់ណាស់ក្នុងការប្រញាប់ប្រញាល់ពិគ្រោះជាមួយគ្រូពេទ្យជំនាញ ប្រសិនបើអ្នកជួបប្រទះនូវសញ្ញា ឬរោគសញ្ញាណាមួយដែលកើតឡើងជាប់មិនបាត់ ហើយបង្កជាការព្រួយបារម្ភ។
មូលហេតុ
ជំងឺ Myelofibrosis មានលក្ខណៈសម្គាល់ដោយការបំប្លែងហ្សែននៅក្នុងកោសិកាដើមនៃខួរឆ្អឹងដែលចូលទៅបំផ្លាញដំណើរការធម្មតានៃការផលិតកោសិកាឈាម។ មូលហេតុពិតប្រាកដនៃការបំប្លែងហ្សែនទាំងនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ នៅពេលដែលកោសិកាដើមដែលបំប្លែងខ្លួននោះធ្វើការបំបែកកូនចៅ ពួកវានឹងបញ្ជូនការបំប្លែងហ្សែននេះបន្តទៅមុខទៀត នាំឱ្យមានអតុល្យភាពនៃប្រភេទកោសិកាឈាម ដោយការថយចុះគ្រាប់ឈាមក្រហមបណ្តាលឱ្យមានជំងឺស្លេកស្លាំង ការកើនឡើងគ្រាប់ឈាមស និងកម្រិតប្លាកែតប្រែប្រួលមិនទៀងទាត់។ កត្តានេះបណ្តាលឱ្យមានការឡើងសម្លាកនៅលើខួរឆ្អឹង ដែលជាធម្មតាមានសភាពទន់ដូចអេប៉ុង។
ការបំប្លែងហ្សែនដែលជួបប្រទះញឹកញាប់ រួមមានហ្សែន JAK2, CALR, និង MPL ខណៈពេលដែលករណីខ្លះមិនមានការរកឃើញការបំប្លែងហ្សែនណាមួយឡើយ។ ការកំណត់អត្តសញ្ញាណនៃការបំប្លែងហ្សែនទាំងនេះគឺមានសារៈសំខាន់ណាស់សម្រាប់ការវាយតម្លៃការវិវត្តនៃជំងឺ និងការសម្រេចចិត្តលើវិធីសាស្ត្រព្យាបាល។
កត្តាហានិភ័យ
ទោះបីជាប្រភពដើមនៃជំងឺ Myelofibrosis ជារឿយៗមិនអាចដឹងច្បាស់ក៏ដោយ ក៏កត្តាជាក់លាក់មួយចំនួនត្រូវបានទទួលស្គាល់ថាអាចបង្កើនហានិភ័យរបស់អ្នក រួមមាន៖
- អាយុ៖ ទោះបីជាជំងឺ Myelofibrosis អាចប៉ះពាល់ដល់បុគ្គលគ្រប់វ័យក៏ដោយ ក៏វាត្រូវបានរកឃើញញឹកញាប់ជាងគេចំពោះមនុស្សដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។
- វិបត្តិគ្រាប់ឈាមដទៃទៀត៖ ភាគរយតិចតួចនៃបុគ្គលដែលមានជំងឺ Myelofibrosis ជួបប្រទះវាជាផលវិបាកដែលកើតចេញពីជំងឺកើនប្លាកែតខុសប្រក្រតី ឬជំងឺកើនគ្រាប់ឈាមក្រហមខុសប្រក្រតី។
- ការប៉ះពាល់នឹងសារធាតុគីមីជាក់លាក់៖ ជំងឺ Myelofibrosis ត្រូវបានគេរកឃើញថាមានការផ្សារភ្ជាប់ទៅនឹងការប៉ះពាល់នឹងសារធាតុគីមីក្នុងវិស័យឧស្សាហកម្ម ដូចជាសារធាតុ តូលុយអែន (Toluene) និងបង់សែន (Benzene)។
- ការប៉ះពាល់នឹងកាំរស្មីវិទ្យុសកម្ម៖ បុគ្គលទាំងឡាយណាដែលរងការប៉ះពាល់នឹងកម្រិតខ្ពស់នៃវិទ្យុសកម្មប្រឈមនឹងហានិភ័យកាន់តែខ្លាំងក្នុងការវិវត្តទៅជាជំងឺ Myelofibrosis នេះ។
ការធ្វើរោគវិនិច្ឆ័យ
វិធីសាស្ត្រ និងការវាយតម្លៃដែលត្រូវបានយកមកប្រើប្រាស់សម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺ Myelofibrosis រួមមាន៖
- ការពិនិត្យរាងកាយ៖ គ្រូពេទ្យរបស់យើងនឹងធ្វើការពិនិត្យរាងកាយយ៉ាងទូលំទូលាយ ដោយវាយតម្លៃសញ្ញាសំខាន់ៗដូចជាជីពចរ និងសម្ពាធឈាម។ ពួកគេក៏នឹងពិនិត្យកូនកណ្តុរ លំពែង និងពោះរបស់អ្នកផងដែរ។
- ការធ្វើតេស្តឈាម៖ នៅក្នុងជំងឺ Myelofibrosis ការពិនិត្យគ្រាប់ឈាមពេញលេញ (CBC) ជាទូទៅនឹងស្តែងឱ្យឃើញនូវកម្រិតគ្រាប់ឈាមក្រហមទាបជាងធម្មតា ដែលជាសញ្ញាបញ្ជាក់ពីជំងឺស្លេកស្លាំងទូទៅ។ ចំនួនគ្រាប់ឈាមស និងប្លាកែតក៏ជារឿយៗមានសភាពមិនប្រក្រតីដែរ ដោយកម្រិតគ្រាប់ឈាមសអាចនឹងខ្ពស់ជាងធម្មតា ឬក្នុងករណីខ្លះអាចធម្មតា ឬទាបជាងធម្មតា ចំណែកឯចំនួនប្លាកែតអាចប្រែប្រួលពីខ្ពស់ទៅទាបជាងធម្មតា។
- ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ៖ ព័ត៌មានបន្ថែមអំពីជំងឺ Myelofibrosis អាចទទួលបានតាមរយៈការថតរូបភាពវេជ្ជសាស្ត្រ ដូចជាការថតកាំរស្មីអ៊ិច និងការថតស្កេន MRI។
- ការពិនិត្យខួរឆ្អឹង៖ ការបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យជំងឺ Myelofibrosis ទាមទារការធ្វើកោសល្យវិច័យខួរឆ្អឹង និងការបូមយកខួរឆ្អឹង។ ម្ជុលពិសេសមួយត្រូវបានប្រើដើម្បីបូមយកគំរូជាលិកាឆ្អឹង និងខួរឆ្អឹងដែលនៅខាងក្នុងចេញពីឆ្អឹងត្រគាករបស់អ្នក។ នៅក្នុងនីតិវិធីតែមួយនោះ ម្ជុលមួយប្រភេទទៀតអាចត្រូវបានប្រើដើម្បីបូមយកគំរូផ្នែករាវនៃខួរឆ្អឹងរបស់អ្នក។ ការវិភាគក្នុងមន្ទីរពិសោធន៍លើគំរូទាំងនេះនឹងកំណត់ចំនួន និងប្រភេទកោសិកា។
- ការធ្វើតេស្តរកការបំប្លែងហ្សែន៖ ការពិនិត្យមន្ទីរពិសោធន៍លើឈាម ឬកោសិកាខួរឆ្អឹងរបស់អ្នក ដើម្បីស្វែងរកការបំប្លែងហ្សែន ដូចជា JAK2, CALR, និង MPL។ ព័ត៌មានដែលទទួលបានពីតេស្តទាំងនេះជួយគ្រូពេទ្យក្នុងការកំណត់ការវិវត្តនៃជំងឺ និងស្វែងរកជម្រើសនៃការព្យាបាល។
ការព្យាបាល
គោលបំណងចម្បងនៃការដោះស្រាយការព្យាបាលចំពោះបុគ្គលភាគច្រើនដែលមានជំងឺ Myelofibrosis គឺដើម្បីសម្រាលសញ្ញា និងរោគសញ្ញានៃជំងឺ។ ខណៈពេលដែលការប្តូរខួរឆ្អឹងអាចជាឱកាសព្យាបាលឱ្យជាសះស្បើយសម្រាប់មនុស្សមួយចំនួន តែផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់វាទៅលើរាងកាយ ធ្វើឱ្យវាក្លាយជាជម្រើសដែលមិនអាចអនុវត្តបានសម្រាប់មនុស្សជាច្រើន។
ដើម្បីកំណត់រកការព្យាបាលជំងឺ Myelofibrosis ដែលសមស្របបំផុតសម្រាប់អ្នក គ្រូពេទ្យអាចនឹងប្រើប្រាស់រូបមន្តវាយតម្លៃមួយ ឬច្រើន។ រូបមន្តទាំងនេះពិចារណាលើទិដ្ឋភាពផ្សេងៗនៃជំងឺមហារីក និងសុខភាពទូទៅរបស់អ្នក ដោយបែងចែកជាប្រភេទហានិភ័យដែលបង្ហាញពីកម្រិតល្បឿននៃការវិវត្តដុនដាបរបស់ជំងឺ៖
- កម្រិតហានិភ័យទាប៖ អាចមិនទាន់ទាមទារការព្យាបាលភ្លាមៗនោះទេ។
- កម្រិតហានិភ័យមធ្យម៖ ជាទូទៅពាក់ព័ន្ធនឹងការព្យាបាលដែលផ្តោតលើការគ្រប់គ្រង និងសម្រាលរោគសញ្ញា។
- កម្រិតហានិភ័យខ្ពស់៖ បុគ្គលនៅក្នុងក្រុមនេះអាចនឹងត្រូវពិចារណាលើជម្រើសព្យាបាលដិតដល់ និងខ្លាំងក្លា ដូចជាការប្តូរខួរឆ្អឹង។
ការអន្តរាគមន៍ភ្លាមៗអាចមិនទាន់ចាំបាច់
ការព្យាបាលសម្រាប់ជំងឺ Myelofibrosis អាចនឹងមិនទាន់ចាំបាច់នៅឡើយទេ ប្រសិនបើអ្នកមិនទាន់ស្តែងចេញរោគសញ្ញាអ្វីទាំងអស់។ ប្រសិនបើបច្ចុប្បន្នអ្នកមិនមានអាការៈរីកលំពែង ហើយជំងឺស្លេកស្លាំងរបស់អ្នកមិនមាន ឬស្ថិតក្នុងកម្រិតស្រាលខ្លាំង នោះការព្យាបាលភ្លាមៗអាចនឹងមិនទាន់ទាមទារឡើយ។ ផ្ទុយទៅវិញ គ្រូពេទ្យនឹងតាមដានសុខភាពរបស់អ្នកយ៉ាងដិតដល់ តាមរយៈការពិនិត្យសុខភាពជាទៀងទាត់ ដើម្បីសង្កេតមើលសញ្ញាណាមួយនៃការវិវត្តទៅមុខនៃជំងឺ។ បុគ្គលខ្លះអាចរស់នៅដោយគ្មានស្តែងរោគសញ្ញាទាល់តែសោះក្នុងរយៈពេលយ៉ាងយូរ។
ការព្យាបាលសម្រាប់ជំងឺស្លេកស្លាំង
នៅក្នុងវត្តមាននៃជំងឺស្លេកស្លាំងខ្លាំងដែលបណ្តាលមកពី Myelofibrosis ជម្រើសនៃការព្យាបាលអាចរួមមាន៖
- ការបញ្ចូលឈាម៖ ប្រសិនបើមានជំងឺស្លេកស្លាំងធ្ងន់ធ្ងរ ការបញ្ចូលគ្រាប់ឈាមក្រហមជាកាលកំណត់អាចជួយបង្កើនចំនួនគ្រាប់ឈាមក្រហមរបស់អ្នក ជួយសម្រាលរោគសញ្ញាដូចជាអស់កម្លាំង និងទន់ខ្សោយល្វើយ។ ក្នុងករណីខ្លះ ឱសថអាចត្រូវបានចេញវេជ្ជបញ្ជាដើម្បីកែលម្អស្ថានភាពស្លេកស្លាំង។
- ការព្យាបាលដោយអរម៉ូនអង់ដ្រូហ្សែន៖ ការប្រើប្រាស់អរម៉ូនបុរសអង់ដ្រូហ្សែនទម្រង់សំយោគ អាចជួយជំរុញការផលិតគ្រាប់ឈាមក្រហម និងអាចកែលម្អជំងឺស្លេកស្លាំងធ្ងន់ធ្ងរចំពោះបុគ្គលមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ការព្យាបាលនេះមកជាមួយហានិភ័យ រួមមានការខូចខាតថ្លើម និងឥទ្ធិពលស្តែងចេញលក្ខណៈដូចបុរសចំពោះស្ត្រី។
- ឱសថ Thalidomide និងឱសថពាក់ព័ន្ធ៖ ឱសថ Thalidomide និងឱសថស្រដៀងគ្នាគឺ Lenalidomide អាចរួមចំណែកក្នុងការបង្កើនចំនួនគ្រាប់ឈាម និងជួយសម្រាលអាការៈហើមរីកលំពែង។ ឱសថទាំងនេះអាចត្រូវបានប្រើរួមបញ្ចូលគ្នាជាមួយនឹងការព្យាបាលដោយស្តេរ៉ូអ៊ីត។ វាជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា ឱសថទាំងនេះនាំមកនូវហានិភ័យនៃពិការភាពពីកំណើតធ្ងន់ធ្ងរដល់ទារកដែលទាមទារការប្រុងប្រយ័ត្នខ្ពស់បំផុត។
ការព្យាបាលសម្រាប់អាការៈរីកលំពែង
ប្រសិនបើមានផលវិបាកកើតចេញពីអាការៈរីកលំពែង គ្រូពេទ្យអាចនឹងណែនាំឱ្យមានការអន្តរាគមន៍។ ជម្រើសនៃការព្យាបាលអាចរួមមាន៖
- ការព្យាបាលដោយឱសថចំគោលដៅ៖ វិធីសាស្ត្រនេះផ្តោតលើភាពមិនប្រក្រតីជាក់លាក់នៅក្នុងកោសិកាមហារីក ជាពិសេសកោសិកាដែលមានការបំប្លែងហ្សែន JAK2 ក្នុងករណីជំងឺ Myelofibrosis។ ការព្យាបាលចំគោលដៅនេះមានបំណងសម្រាលរោគសញ្ញាដែលពាក់ព័ន្ធនឹងលំពែងរីកធំ។
- ការព្យាបាលដោយគីមី៖ ការព្យាបាលដោយគីមីប្រើប្រាស់ឱសថខ្លាំងៗដើម្បីបំផ្លាញកោសិកាមហារីក។ នៅក្នុងជំងឺ Myelofibrosis ឱសថគីមីអាចជួយធ្វើឱ្យលំពែងដែលហើមរីកធំនោះរួមតូចជាងមុន និងសម្រាលរោគសញ្ញាពាក់ព័ន្ធ ដូចជាការឈឺចាប់។
- ការវះកាត់យកលំពែងចេញ៖ ប្រសិនបើលំពែងរីកធំរហូតដល់បង្កការឈឺចាប់ខ្លាំង និងបង្កផលវិបាកដែលមិនឆ្លើយតបនឹងការព្យាបាលដទៃទៀត ការវះកាត់យកលំពែងចេញអាចនឹងត្រូវយកមកពិចារណា។ ហានិភ័យរួមមាន ការឆ្លងមេរោគ ការហូរឈាមខ្លាំង និងការកកឈាមដែលនាំឱ្យដាច់សរសៃឈាមខួរក្បាល ឬការស្ទះសរសៃឈាមសួត។ ក្រោយនីតិវិធីនេះ បុគ្គលមួយចំនួនអាចជួបប្រទះអាការៈហើមរីកថ្លើម និងការកើនឡើងចំនួនប្លាកែតខុសប្រក្រតី។
- ការព្យាបាលដោយកាំរស្មី៖ វិធីសាស្ត្រនេះប្រើប្រាស់កាំរស្មីថាមពលខ្ពស់ ដូចជាកាំរស្មីអ៊ិច និងប្រូតុង ដើម្បីបំផ្លាញកោសិកាមហារីក។ នៅពេលដែលការវះកាត់យកលំពែងចេញមិនមែនជាជម្រើសដែលអាចធ្វើទៅបាន ការព្យាបាលដោយវិទ្យុសកម្មអាចជួយកាត់បន្ថយទំហំរបស់លំពែងបាន។
ការប្តូរខួរឆ្អឹង
ការប្តូរខួរឆ្អឹង ឬហៅម្យ៉ាងទៀតថា ការប្តូរកោសិកាដើម គឺជានីតិវិធីដែលត្រូវបានរចនាឡើងដើម្បីជំនួសខួរឆ្អឹងដែលមានជំងឺ ដោយជំនួសមកវិញនូវកោសិកាដើមនៃគ្រាប់ឈាមដែលមានសុខភាពល្អ។ ក្នុងករណីជំងឺ Myelofibrosis នីតិវិធីនេះពាក់ព័ន្ធនឹងការប្រើប្រាស់កោសិកាដើមពីអ្នកបរិចាគដែលត្រូវបានគេស្គាល់ថាជា ការប្តូរកោសិកាដើមពីអ្នកដទៃ។
ខណៈពេលដែលការព្យាបាលនេះមានសក្តានុពលអាចព្យាបាលជំងឺ Myelofibrosis ឱ្យជាដាច់បាន វាក៏មកជាមួយនូវហានិភ័យគួរឱ្យកត់សម្គាល់នៃផលប៉ះពាល់ដែលគំរាមកំហែងដល់អាយុជីវិតផងដែរ។ ហានិភ័យមួយក្នុងចំណោមនោះគឺ លទ្ធភាពដែលកោសិកាដើមដែលបានប្តូររួច អាចបង្កើតការឆ្លើយតបភាពស៊ាំប្រឆាំងនឹងជាសិការាងកាយដែលមានសុខភាពល្អរបស់អ្នកទទួល (ជំងឺកោសិកាថ្មីប្រឆាំងនឹងម្ចាស់ផ្ទះ – Graft-versus-host disease)។
មិនមែនគ្រប់គ្នាសុទ្ធតែមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការព្យាបាលនេះទេ ដោយសារកត្តាដូចជា អាយុ ស្ថិរភាពនៃជំងឺ ឬបញ្ហាសុខភាពផ្សេងទៀតអាចជាឧបសគ្គរារាំង។ មុនពេលឈានចូលដល់ការប្តូរខួរឆ្អឹង ជាទូទៅអ្នកជំងឺត្រូវឆ្លងកាត់ការព្យាបាលដោយគីមី ឬការព្យាបាលដោយវិទ្យុសកម្ម ដើម្បីបំផ្លាញខួរឆ្អឹងដែលមានជំងឺជាមុនសិន បន្ទាប់មកទើបបន្តដោយការបញ្ចូលកោសិកាដើមពីអ្នកផ្តល់ជំនួយដែលមានភាពស៊ីសង្វាក់គ្នា។
