ទិដ្ឋភាពទូទៅ

រោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ (Chronic fatigue syndrome ឬហៅកាត់ថា CFS) ដែលត្រូវបានគេស្គាល់ផងដែរថាជា ជំងឺរលាកខួរក្បាល និងខួរឆ្អឹងខ្នងដោយសារឈឺសាច់ដុំ/រោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ (Myalgic encephalomyelitis/chronic fatigue syndrome ឬ ME/CFS) គឺជាជំងឺវិបត្តិមួយដែលមានលក្ខណៈសម្គាល់ដោយការអស់កម្លាំង ឬល្ហិតល្ហៃខ្លាំង ដែលមិនអាចបាត់ទៅវិញបានឡើយទោះបីជាបានសម្រាកក៏ដោយ ហើយជាទូទៅមានរយៈពេលយ៉ាងតិចប្រាំមួយខែ។

បុគ្គលដែលជួបប្រទះនឹងជំងឺ ME/CFS អាចប្រឈមនឹងការលំបាកក្នុងការបំពេញសកម្មភាពប្រចាំថ្ងៃ ឬសូម្បីតែការក្រោកពីគ្រែ។ កម្រិតនៃការអស់កម្លាំងដែលពួកគេជួបប្រទះ តែងតែមានសភាពកាន់តែខ្លាំងឡើង បន្ទាប់ពីបានធ្វើសកម្មភាពរាងកាយ ឬសកម្មភាពផ្លូវចិត្ត។ ទោះបីជាមូលហេតុពិតប្រាកដនៃជំងឺ ME/CFS នៅមិនទាន់ដឹងច្បាស់ក៏ដោយ ក៏អ្នកជំនាញជឿជាក់ថា កត្តារួមផ្សំជាច្រើនដូចជា ការឆ្លងមេរោគ និងកត្តាតំណពូជ (ហ្សែន) អាចរួមចំណែកដល់ការវិវត្តនៃជំងឺនេះ។

នាពេលបច្ចុប្បន្ន មិនទាន់មានវិធីព្យាបាលឱ្យជាសះស្បើយដាច់សម្រាប់ជំងឺ ME/CFS ឡើយ។ វិធីសាស្ត្រព្យាបាលជាចម្បងគឺផ្តោតលើការគ្រប់គ្រងរោគសញ្ញាឱ្យកាន់តែប្រសើរឡើង ដើម្បីលើកកម្ពស់គុណភាពជីវិតទូទៅ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើតេស្តផ្សេងៗអាចជាជម្រើសចាំបាច់ ដើម្បីទាត់ចោលនូវស្ថានភាពវេជ្ជសាស្ត្រដទៃទៀតដែលមានរោគសញ្ញាស្រដៀងគ្នានេះ។

រោគសញ្ញា

រោគសញ្ញានៃជំងឺ CFS អាចមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ជាទូទៅវារួមមាន៖

  • ការអស់កម្លាំងខ្លាំង៖ ដែលមានរយៈពេលយ៉ាងតិចប្រាំមួយខែ និងមិនមានភាពធូរស្រាលឡើយ បើទោះបីជាបានសម្រាក ឬគេងលក់ក៏ដោយ។
  • ល្ហិតល្ហៃហួសប្រមាណ៖ បន្ទាប់ពីបានប្រឹងប្រែងធ្វើការងារផ្លូវចិត្ត ឬសកម្មភាពរាងកាយ។
  • បញ្ហាស្មារតី៖ មានការលំបាកក្នុងការចងចាំ ការផ្ចង់អារម្មណ៍ និងការពិចារណាវិភាគ។
  • វិលមុខ៖ ដែលមានសភាពកាន់តែអាក្រក់ទៅៗ នៅពេលដែលបុគ្គលនោះក្រោកឈរឡើងពីការអង្គុយ ឬការគេង។
  • ការគេងមិនស្កប់ស្កល់៖ គេងហើយនៅតែមានអារម្មណ៍ថាមិនទាន់បានសម្រាក។
  • ការឈឺចាប់៖ ឈឺសន្លាក់ ឬឈឺសាច់ដុំ។

សញ្ញា និងរោគសញ្ញាផ្សេងទៀតអាចរួមមាន៖

  • មានភាពរសើបចំពោះសំឡេង ពន្លឺ ក្លិន អាហារ និងថ្នាំ
  • ការឈឺក្បាល
  • ការឈឺបំពង់ក
  • ការឡើងហើមប៉ោងដុំកូនកណ្តុរនៅតំបន់ក ឬក្លៀក
  • បញ្ហាគំហើញ (ភ្នែកមើលមិនសូវច្បាស់)
  • ការទល់លាមក រាគ ហើមពោះខ្លាំង ភើមានខ្យល់ហ្គាស និងរោគសញ្ញាពោះវៀនខ្សោយ (IBS)
  • ការសន្លប់បាត់ស្មារតី និងភាពទន់ខ្សោយដៃជើង
  • ការព្រួយបារម្ភ ភាពមួរម៉ៅ និងការប្រែប្រួលអារម្មណ៍

ប្រសិនបើអ្នកជួបប្រទះសញ្ញា និងរោគសញ្ញានៃរោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ ជាពិសេសប្រសិនបើវាមានរយៈពេលលើសពីប្រាំមួយខែ សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដ៏ត្រឹមត្រូវ។ ដោយសារតែស្ថានភាពវេជ្ជសាស្ត្រជាច្រើនអាចមានរោគសញ្ញាស្រដៀងគ្នា ជាពិសេសគឺអាការៈអស់កម្លាំង ដូច្នេះការពិនិត្យដើម្បីទាត់ចោលមូលហេតុដទៃទៀតគឺជារឿងចាំបាច់។

​​ មូលហេតុ

ជំងឺ ME/CFS មិនទាន់មានមូលហេតុច្បាស់លាស់ណាមួយត្រូវបានរកឃើញឡើយ។ យោងតាមការស្រាវជ្រាវ គេបានរកឃើញថាកត្តាប្រែប្រួលជាច្រើនអាចរួមចំណែកដល់ជំងឺ CFS ដូចជា៖

  • ការឆ្លងមេរោគ៖ ការងើបឡើងវិញពីការឆ្លងមេរោគបាក់តេរី ឬវីរុសមួយចំនួន អាចបណ្តាលឱ្យកើតមានជំងឺ ME/CFS។
  • ការប៉ះទង្គិចផ្លូវកាយ/ផ្លូវចិត្ត៖ បុគ្គលដែលបានឆ្លងកាត់ការតានតឹងផ្លូវចិត្តខ្លាំង បានទទួលការវះកាត់ ឬរងរបួសរាងកាយ អាចវិវត្តទៅជាជំងឺ ME/CFS។
  • បញ្ហានៃការប្រើប្រាស់ថាមពលក្នុងរាងកាយ៖ បម្រែបម្រួលនៃរបៀបដែលរាងកាយផលិត និងប្រើប្រាស់ថាមពល ដូចជាការលំបាកក្នុងការបំប្លែងសារធាតុរុញកាបូអ៊ីដ្រាត (Carbohydrates) និងខ្លាញ់ទៅជាថាមពល អាចនាំឱ្យមានជំងឺ ME/CFS។
  • កត្តាតំណពូជ៖ ស្ថានភាពជំងឺនេះអាចមានសមាសភាគទាក់ទងនឹងតំណពូជ ដែលវាអាចត្រូវបានបញ្ជូនបន្តក្នុងចំណោមសមាជិកគ្រួសារ។
  • កត្តាផ្សេងៗទៀត៖ មូលហេតុដែលអាចកើតមានផ្សេងទៀត រួមមាន សម្ពាធឈាមទាប ភាពស្ត្រេស និងការផ្លាស់ប្តូរប្រព័ន្ធភាពស៊ាំ។

កត្តាហានិភ័យ

កត្តាមួយចំនួនអាចរួមចំណែកដល់ហានិភ័យនៃការវិវត្តទៅជាជំងឺ ME/CFS ដូចជា៖

  • អាយុ៖ ជំងឺនេះអាចប៉ះពាល់ដល់កុមារតូចៗ និងក្មេងជំទង់បាន ប៉ុន្តែវាច្រើនតែកើតមានលើមនុស្សដែលមានអាយុចន្លោះពី ៤០ ដល់ ៦០ ឆ្នាំ ញឹកញាប់ជាង។
  • ភេទ៖ ក្នុងចំណោមភេទទាំងពីរ គឺស្ត្រីមានទំនោរប្រឈមនឹងការកើតស្ថានភាពជំងឺនេះខ្ពស់ជាងបុរស។
  • បញ្ហាសុខភាពផ្សេងទៀត៖ ជំងឺ ME/CFS អាចមានទំនោរវិវត្តខ្ពស់ចំពោះបុគ្គលដែលមានប្រវត្តិកើតជំងឺស្មុគស្មាញដទៃទៀត ដូចជា ជំងឺសាច់ដុំរ៉ាំរ៉ៃ ឬរោគសញ្ញាចង្វាក់បេះដូងខុសប្រក្រតីពេលផ្លាស់ប្តូរឥរិយាបថ (Postural orthostatic tachycardia syndrome – POTS)។

ការធ្វើរោគវិនិច្ឆ័យ

ទោះបីជាមិនមានការធ្វើតេស្តជាក់លាក់ណាមួយដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ CFS ក៏ដោយ ក៏ការធ្វើតេស្តផ្សេងៗអាចជាជម្រើសចាំបាច់ ដើម្បីទាត់ចោល នូវជំងឺដទៃទៀតដែលមានរោគសញ្ញាប្រហាក់ប្រហែលគ្នា និងដើម្បីស្វែងរកមូលហេតុដែលអាចកើតមាន។ ការពិនិត្យរាងកាយ និងការវាយតម្លៃសុខភាពផ្លូវចិត្ត ក៏ជារឿងចាំបាច់ដែលត្រូវធ្វើផងដែរ។

ដើម្បីជួយដល់ការធ្វើរោគវិនិច្ឆ័យ អាការៈអស់កម្លាំងដែលពាក់ព័ន្ធនឹង ME/CFS ក៏ត្រូវបានកំណត់និយមន័យទៅតាមគោលការណ៍ណែនាំជាក់លាក់ផងដែរ។

លក្ខខណ្ឌវិនិច្ឆ័យ

អាការៈអស់កម្លាំងនៅក្នុងជំងឺ ME/CFS មានលក្ខណៈសម្គាល់ដោយកម្រិតធ្ងន់ធ្ងររបស់វា រហូតដល់ថ្នាក់រំខានដល់សមត្ថភាពរបស់បុគ្គលម្នាក់ក្នុងការចូលរួមក្នុងសកម្មភាពនានា ដែលពួកគេធ្លាប់តែអាចគ្រប់គ្រងធ្វើបានកាលពីមុនពេលមិនទាន់ឈឺ។ វាក៏ត្រូវតែមានលក្ខណៈដូចខាងក្រោមផងដែរ៖

  • ជាការចាប់ផ្តើមដំបូង ឬទើបតែលេចឡើងច្បាស់លាស់
  • មិនមានភាពធូរស្រាលគួរឱ្យកត់សម្គាល់ឡើយ បើទោះបីជាបានសម្រាកក៏ដោយ
  • មានសភាពកាន់តែអាក្រក់ទៅៗ នៅពេលដែលរងការប្រឹងប្រែងផ្នែករាងកាយ ផ្លូវចិត្ត ឬផ្លូវអារម្មណ៍

ដើម្បីបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យដែលកំណត់ដោយវិទ្យាស្ថានវេជ្ជសាស្ត្រ សម្រាប់ស្ថានភាពជំងឺជាក់លាក់នេះ បុគ្គលម្នាក់ត្រូវតែស្តែងចេញយ៉ាងហោចណាស់នូវរោគសញ្ញាមួយ ក្នុងចំណោមរោគសញ្ញាទាំងពីរខាងក្រោម៖

  • មានបញ្ហាជាមួយការចងចាំ ការផ្ចង់អារម្មណ៍ និងការយកចិត្តទុកដាក់
  • មានការកើនឡើងនូវអាការៈវិលមុខ នៅពេលផ្លាស់ប្តូរឥរិយាបថពីការគេង ឬការអង្គុយ មកជាការក្រោកឈរ

ដើម្បីគ្រប់លក្ខខណ្ឌសម្រាប់ការធ្វើរោគវិនិច្ឆ័យ បុគ្គលម្នាក់ត្រូវតែបង្ហាញរោគសញ្ញាណាមួយដែលបានរៀបរាប់ខាងលើ ក្នុងរយៈពេលយ៉ាងតិចប្រាំមួយខែ។ រោគសញ្ញានេះគួរតែកើតឡើងក្នុងប្រេកង់យ៉ាងហោចណាស់ ៥០% នៃពេលវេលាសរុប និងស្តែងឡើងក្នុងកម្រិតអាំងតង់ស៊ីតេដែលត្រូវបានចាត់ថ្នាក់ថាជា កម្រិតមធ្យម កម្រិតធ្ងន់ធ្ងរ ឬកម្រិតធ្ងន់ធ្ងរខ្លាំង។

ស្ថានភាពសុខភាពដែលមានរោគសញ្ញាស្រដៀងគ្នា

ស្ថានភាពសុខភាពមួយចំនួនអាចស្តែងចេញនូវរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺ ME/CFS រួមមាន៖

  • ជំងឺវិបត្តិនៃការគេង៖ ការសិក្សាអំពីការគេងអាចបញ្ជាក់ថាតើស្ថានភាពជំងឺដូចជា អាការៈឈប់ដកដង្ហើមពេលគេង រោគសញ្ញាជើងមិនសម្រាក ឬជំងឺគេងមិនលក់កំពុងរំខានដល់សមត្ថភាពនៃការគេងដែរឬទេ។ បញ្ហានៃការគេងអាចនាំឱ្យមានការអស់កម្លាំង។
  • ស្ថានភាពវេជ្ជសាស្ត្រដទៃទៀត៖ ការធ្វើតេស្តឈាមអាចកំណត់ថាតើជំងឺផ្សេងទៀត រួមមាន ជំងឺស្លេកស្លាំង ជំងឺទឹកនោមផ្អែម និងជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត គឺជាអ្នកបង្កឱ្យមានការអស់កម្លាំងនោះដែរឬទេ។
  • បញ្ហាសុខភាពផ្លូវចិត្ត៖ ការពិគ្រោះយោបល់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាព អាចជួយកំណត់ថាតើស្ថានភាពសុខភាពផ្លូវចិត្ត រួមទាំងការព្រួយបារម្ភ និងជំងឺបាក់ទឹកចិត្តកំពុងបង្កឱ្យមានការអស់កម្លាំងដែរឬទេ។

បុគ្គលដែលមានជំងឺ ME/CFS ជារឿយៗជួបប្រទះនូវបញ្ហាសុខភាពបន្ថែមទៀត ដូចជាការរំខានដល់ការគេង រោគសញ្ញាពោះវៀនខ្សោយ (IBS) ឬជំងឺសាច់ដុំរ៉ាំរ៉ៃ។ អ្នកស្រាវជ្រាវមួយចំនួនថែមទាំងដាក់សម្មតិកម្មថា ជំងឺ ME/CFS និងជំងឺ Fibromyalgia អាចនឹងមានប្រភពចេញពីស្ថានភាពសុខភាពឫសគល់តែមួយ ដោយសារតែពួកវាស្តែងចេញនូវរោគសញ្ញាស្រដៀងគ្នាយ៉ាងច្រើន។

ការព្យាបាល

ជំងឺរលាកខួរក្បាល និងខួរឆ្អឹងខ្នងដោយសារឈឺសាច់ដុំ/រោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ (ME/CFS) មិនទាន់មានការព្យាបាលជាក់លាក់ណាមួយឱ្យជាដាច់នោះទេ។ ក្នុងករណីភាគច្រើន រោគសញ្ញាណាដែលមិនស្រណុកបំផុត ឬធ្វើឱ្យបាត់បង់សមត្ថភាពខ្លាំងបំផុត គួរតែត្រូវបានព្យាបាលមុនគេ។ ជម្រើសនៃការព្យាបាលជារឿយៗរួមមាន ការផ្លាស់ប្តូរទម្លាប់នៃការគេង ការប្រើប្រាស់ឱសថ និងការគ្រប់គ្រងសកម្មភាព។

  • ការប្រើប្រាស់ឱសថ៖ ឱសថដែលអាចត្រូវបានចេញវេជ្ជបញ្ជាដើម្បីព្យាបាលរោគសញ្ញារួមមាន៖
    • ការឈឺចាប់៖ ឱសថប្រឆាំងការរលាកដែលគ្មានស្តេរ៉ូអ៊ីត (NSAIDs) អាចត្រូវបានចេញវេជ្ជបញ្ជាសម្រាប់សម្រាលការឈឺចាប់។ ឱសថដូចជា Gabapentin, Amitriptyline, Pregabalin និង Duloxetine គឺជាឱសថតាមវេជ្ជបញ្ជាសម្រាប់ជំងឺ Fibromyalgia ដែលអាចយកមកប្រើប្រាស់បាន ប្រសិនបើឱសថ NSAIDs ទូទៅដូចជា Ibuprofen និង Naproxen sodium មិនមានប្រសិទ្ធភាព។
    • ការមិនទ្រាំទ្រនឹងការប្រែប្រួលឥរិយាបថ៖ ឱសថដែលគ្រប់គ្រងចង្វាក់បេះដូង ឬសម្ពាធឈាម អាចមានអត្ថប្រយោជន៍សម្រាប់មនុស្សដែលមានជំងឺ ME/CFS ដែលជួបប្រទះអាការៈវិលមុខ ឬចង្អោរនៅពេលឈរ ឬអង្គុយត្រង់ខ្លួន។
    • ជំងឺបាក់ទឹកចិត្ត៖ អ្នកជំងឺជាច្រើនដែលរងទុក្ខពីជំងឺរ៉ាំរ៉ៃដូចជា ME/CFS ក៏ត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺបាក់ទឹកចិត្តផងដែរ។ ឱសថប្រឆាំងការបាក់ទឹកចិត្ត អាចត្រូវបានប្រើប្រាស់សម្រាប់ការគ្រប់គ្រងការគេង ការឈឺចាប់ និងការអស់កម្លាំង។
  • ការគ្រប់គ្រងសកម្មភាពតាមកម្រិតថាមពល (Pacing)៖ អាការៈមិនស្រួលខ្លួនក្រោយការហាត់ប្រាណ ជាទូទៅចាប់ផ្តើមក្នុងរយៈពេលពី ១២ ទៅ ២៤ ម៉ោងបន្ទាប់ពីបានធ្វើសកម្មភាព ហើយមានរយៈពេលរាប់ថ្ងៃ ឬរាប់សប្តាហ៍។ វាគឺជាស្ថានភាពដែលរោគសញ្ញានៃការអស់កម្លាំងមានសភាពកាន់តែអាក្រក់ទៅៗ ជាលទ្ធផលនៃការធ្វើសកម្មភាពរាងកាយ និងការប្រឹងប្រែងផ្នែកផ្លូវចិត្ត។

ដើម្បីដោះស្រាយរោគសញ្ញានេះ អ្នកផ្តល់សេវាថែទាំសុខភាពជារឿយៗណែនាំនូវយុទ្ធសាស្ត្រមួយដែលគេស្គាល់ថាជា “Pacing” (ការលៃលកកម្រិតសកម្មភាព)។ Pacing ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការធ្វើតុល្យភាពឱ្យបានហ្មត់ចត់រវាងរយៈពេលនៃការសម្រាក និងសកម្មភាពរាងកាយ ដើម្បីជួយសម្រាលផលប៉ះពាល់អវិជ្ជមាននៃអាការៈមិនស្រណុកក្រោយប្រឹងប្រែងនេះ។

ការកត់ត្រាទុកប្រចាំថ្ងៃ អំពីសកម្មភាព និងរោគសញ្ញា អាចមានអត្ថប្រយោជន៍ក្នុងការតាមដាន និងកំណត់រកកម្រិតព្រំដែនផ្ទាល់ខ្លួន ដើម្បីជៀសវាងសកម្មភាពដែលហួសកម្លាំង។ បុគ្គលម្នាក់អាចនឹងអាចធ្វើលំហាត់ប្រាណបានច្រើនជាងមុនដោយសុវត្ថិភាពនៅពេលពួកគេមានសភាពធូរស្រាលឡើងវិញ ដោយមិនបង្កឱ្យមានអាការៈមិនស្រណុកក្រោយប្រឹងប្រែងឡើយ។

  • ការដោះស្រាយបញ្ហានៃការគេង៖ ក្នុងករណីមានអាការៈឈប់ដកដង្ហើមពេលគេង ការព្យាបាលជារឿយៗពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ជំនួយដកដង្ហើមដែលផ្តល់សម្ពាធខ្យល់តាមរយៈរបាំងមុខ ខណៈពេលដែលបុគ្គលនោះកំពុងគេង។

ទោះជាយ៉ាងណាក៏ដោយ មុននឹងចេញវេជ្ជបញ្ជាឱសថ ឬចាប់ផ្តើមទម្រង់នៃការព្យាបាលផ្សេងទៀត អ្នកផ្តល់សេវាថែទាំសុខភាពអាចនឹងណែនាំនូវទម្លាប់នៃការគេងនៅផ្ទះ ដើម្បីកែលម្អការគេងឱ្យប្រសើរឡើង ដូចជា៖

  • ការបង្កើតកាលវិភាគនៃការចូលគេងឱ្យបានទៀងទាត់ ដែលរួមមានការចូលគេង និងការភ្ញាក់ដឹងខ្លួននៅម៉ោងដដែលជារៀងរាល់ថ្ងៃ។
    • តមសារធាតុកាហ្វេអ៊ីន និងគ្រឿងស្រវឹងមុនពេលចូលគេង
    • មិនត្រូវគេងថ្ងៃលើសពី ៣០ នាទីឡើយ

Doctors who treat this condition