ទិដ្ឋភាពទូទៅ

Meningioma គឺជាប្រភេទដុំសាច់ខួរក្បាលដែលជួបប្រទះញឹកញាប់បំផុត ដែលលូតលាស់ចេញពីស្រោមខួរដែលជាភ្នាសព័ទ្ធជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង។ ជំងឺនេះអាចត្រូវបានចាត់ថ្នាក់ជាដុំសាច់ខួរក្បាល ដោយសារវាអាចសង្កត់ទៅលើតំបន់ក្បែរៗនោះនៃខួរក្បាល សរសៃប្រសាទ ឬសរសៃឈាម។

Meningiomas អាចជះឥទ្ធិពលដល់ជាលិកាខួរក្បាល សរសៃប្រសាទ ឬសរសៃឈាមនៅជុំវិញពួកវា និងនាំឱ្យមានពិការភាពធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីភាគច្រើន វាទាមទារពេលរាប់ឆ្នាំសម្រាប់ដុំសាច់ Meningiomas ក្នុងការលូតលាស់ដោយគ្មានស្តែងចេញសញ្ញា និងរោគសញ្ញាគួរឱ្យកត់សម្គាល់ណាមួយឡើយ។ នេះមានន័យថា ការព្យាបាលភ្លាមៗអាចនឹងមិនទាន់ត្រូវការជាចាំបាច់នោះទេ ហើយជំងឺនេះអាចត្រូវបានតាមដានសង្កេតមើលជាបន្តបន្ទាប់យូរៗទៅ។

រោគសញ្ញា

ក្នុងករណីភាគច្រើន នៅក្នុងដំណាក់កាលដំបូង ជំងឺ Meningioma អាចមានសញ្ញា និងរោគសញ្ញាតិចតួចស្តើងបំផុត មុនពេលវិវត្តទៅជាអាក្រក់បន្តិចម្តងៗយូរៗទៅ។ វាក៏អាស្រ័យទៅលើទីតាំងនៅក្នុងខួរក្បាល ឬ (ក្នុងករណីកម្រ) នៅក្នុងឆ្អឹងខ្នង ដែលដុំសាច់នោះស្ថិតនៅផងដែរ។ សញ្ញា និងរោគសញ្ញាអាចរួមមាន៖

  • ការប្រែប្រួលគំហើញ រួមទាំងការមើលឃើញរូបបែកជាពីរ ឬស្រពិចស្រពិល
  • ឈឺក្បាល
  • បាត់បង់ការស្តាប់ ឬហឹងត្រចៀក
  • បាត់បង់ការចងចាំ
  • បាត់បង់ការដឹងក្លិន
  • ប្រកាច់
  • ខ្សោយដៃ ឬជើង
  • មានបញ្ហាខាងភាសា (ពិបាកនិយាយ ឬស្តាប់)

ទោះបីជាក្នុងករណីភាគច្រើន សញ្ញា និងរោគសញ្ញានៃជំងឺ Meningioma វិវត្តទៅមុខក្នុងលក្ខណៈយឺតៗក៏ដោយ វាក៏អាចនឹងទាមទារការព្យាបាលភ្លាមៗផងដែរ។ ប្រសិនបើសញ្ញា និងរោគសញ្ញា ដូចជាការឈឺក្បាល នៅតែបន្តអូសបន្លាយពេល និងកាន់តែធ្ងន់ធ្ងរទៅៗយូរៗទៅ សូមណាត់ជួបជាមួយគ្រូពេទ្យ។

សូមទាក់ទងសេវាសង្គ្រោះបន្ទាន់ភ្លាមៗ ប្រសិនបើ៖

  • មានអាការៈប្រកាច់ដែលកើតឡើងភ្លាមៗ
  • មានការប្រែប្រួលគំហើញ ឬការចងចាំភ្លាមៗ

ដោយសារសញ្ញា ឬរោគសញ្ញានៃដុំសាច់ Meningiomas មិនមានភាពច្បាស់លាស់ដាច់ដោយឡែក ពួកវាជារឿយៗត្រូវបានរកឃើញតាមរយៈការថតឆ្លុះពិនិត្យរូបភាព ដែលធ្វើឡើងក្នុងមូលហេតុផ្សេងមិនពាក់ព័ន្ធនឹងដុំសាច់ ដូចជាការរងរបួសក្បាល ឬការឈឺក្បាលធម្មតា។

​​ មូលហេតុ

មូលហេតុនៃជំងឺ Meningioma គឺមិនទាន់ច្បាស់លាស់នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ការប្រែប្រួលនៃកោសិកានៅក្នុងស្រោមខួរ បណ្តាលឱ្យពួកវាបំបែកខ្លួនកើនឡើងដោយគ្មានការគ្រប់គ្រង ដែលនាំឱ្យកើតជាដុំសាច់ Meningioma។ កត្តារួមចំណែកដែលគេជឿថាបង្កឱ្យមានជំងឺនេះ រួមមាន ហ្សែន (តំណពូជ) អរម៉ូន (ហានិភ័យខ្ពស់ចំពោះស្ត្រី) ឬការប៉ះពាល់នឹងវិទ្យុសកម្មពីមុន (ដែលកម្រជួប) ហើយកត្តាទាំងនេះនៅតែស្ថិតក្រោមការសិក្សាស្រាវជ្រាវនៅឡើយ។

កត្តាហានិភ័យ

កត្តាហានិភ័យសម្រាប់ជំងឺ Meningioma រួមមាន៖

  • ការព្យាបាលដោយវិទ្យុសកម្ម៖ ការព្យាបាលដោយការបញ្ចាំងវិទ្យុសកម្មទៅលើក្បាល អាចបង្កើនហានិភ័យនៃជំងឺ Meningioma។
  • អរម៉ូនភេទស្រី៖ ស្ត្រីស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺ Meningiomas ដោយសារតែអរម៉ូនភេទស្រីជាក់លាក់មួយចំនួន។ ការសិក្សាបង្ហាញថា តួនាទីរបស់អរម៉ូន ក៏ដូចជាថ្នាំពន្យារកំណើត និងការព្យាបាលជំនួសដោយអរម៉ូនអាចជម្រុញល្បឿននៃការលូតលាស់ដុំសាច់ Meningioma។
  • វិបត្តិប្រព័ន្ធប្រសាទតំណពូជ៖ វិបត្តិ Neurofibromatosis ប្រភេទទី២ (NF2) បង្កើនហានិភ័យនៃជំងឺ Meningioma និងដុំសាច់ខួរក្បាលដទៃទៀត។
  • ភាពធាត់៖ ភាពធាត់ ដែលត្រូវបានវាស់ស្ទង់ដោយសន្ទស្សន៍ម៉ាសរាងកាយ (BMI) ខ្ពស់ គឺបង្កើនហានិភ័យចម្បងនៃជំងឺមហារីកជាច្រើនប្រភេទ រួមទាំងដុំសាច់ Meningiomas ផងដែរ ដូចដែលត្រូវបានសង្កេតឃើញនៅក្នុងការសិក្សាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងច្បាស់លាស់រវាងភាពធាត់ និងដុំសាច់ Meningiomas គឺមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យជំងឺ Meningioma អាចមានភាពលំបាក ដោយសារតែជាធម្មតា ជំងឺនេះវិវត្តទៅមុខយឺតៗដោយគ្មានរោគសញ្ញាច្បាស់លាស់ដាច់ដោយឡែក។ អ្នកអាចនឹងត្រូវបញ្ជូនទៅជួបគ្រូពេទ្យឯកទេសខាងប្រព័ន្ធប្រសាទ ក្នុងករណីដែលគ្រូពេទ្យសង្ស័យថាមានជំងឺ Meningioma។ គ្រូពេទ្យឯកទេសនឹងធ្វើការពិនិត្យប្រព័ន្ធប្រសាទយ៉ាងហ្មត់ចត់ដើម្បីធ្វើរោគវិនិច្ឆ័យ បន្ទាប់មកធ្វើការតេស្តថតឆ្លុះពិនិត្យរូបភាពដោយប្រើថ្នាំពណ៌ រួមមាន៖

  • ការថតស៊ីធីស្កែន៖ ការថតស៊ីធីស្កែនប្រើប្រាស់កាំរស្មីអ៊ិច ដើម្បីបង្កើតជារូបភាពផ្នែកកាត់នៃរូបភាពខួរក្បាលទាំងមូល ដោយនៅក្នុងករណីខ្លះមានការប្រើប្រាស់ថ្នាំពណ៌ដែលមានសារធាតុអ៊ីយ៉ូដដើម្បីធ្វើឱ្យរូបភាពកាន់តែងាយស្រួលមើល និងអាន។
  • ការថតអឹមអរអាយ MRI៖ ការសិក្សាថតឆ្លុះពិនិត្យរូបភាពប្រភេទនេះ ប្រើប្រាស់ដែនម៉ាញេទិក និងរលកវិទ្យុ ដើម្បីបង្កើតជារូបភាពផ្នែកកាត់នៃរចនាសម្ព័ន្ធខួរក្បាលរបស់អ្នក។ ជាមួយនឹងបច្ចេកវិទ្យានេះ រូបភាពនៃខួរក្បាល និងដុំសាច់ មេនីងហ្សីអូម៉ា នឹងមានភាពលម្អិតកាន់តែខ្លាំង។
  • ការធ្វើកោសល្យវិច័យ៖ គ្រូពេទ្យក៏អាចនឹងពិនិត្យគំរូនៃដុំសាច់ ដើម្បីផ្ទៀងផ្ទាត់ស្វែងរកប្រភេទដុំសាច់ដទៃទៀត និងដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនេះឱ្យបានត្រឹមត្រូវ។

ការព្យាបាល

ការព្យាបាលសម្រាប់ជំងឺ Meningioma គឺអាស្រ័យទៅលើកត្តារួមផ្សំជាច្រើន រួមមាន៖

  • ទំហំ និងទីតាំងនៃដុំសាច់ មេនីងហ្សីអូម៉ា
  • អត្រានៃការលូតលាស់របស់ដុំសាច់ និងកម្រិតកាចសាហាវរបស់វា
  • អាយុ និងស្ថានភាពសុខភាពទូទៅរបស់អ្នកជំងឺ
  • គោលបំណងនៃការទប់ស្កាត់ និងព្យាបាល

ការតាមដានសង្កេត

ដុំសាច់ Meningioma មិនមែនតែងតែទាមទារការព្យាបាលភ្លាមៗនោះទេ ជាពិសេសដុំសាច់ទាំងឡាយណាដែលមានទំហំតូច និងមិនលូតលាស់កាចសាហាវ ដោយគ្មានស្តែងចេញសញ្ញា ឬរោគសញ្ញាអ្វីទាំងអស់។ ក្នុងករណីបែបនេះ ការថតស្កែនខួរក្បាលតាមកាលកំណត់ និងការតាមដានរោគសញ្ញា គឺជារឿងចាំបាច់សម្រាប់ការវាយតម្លៃដុំសាច់។

មានជម្រើសជាច្រើនសម្រាប់អ្នកដែលមានដុំសាច់ Meningioma ដែលកំពុងលូតលាស់ ដូចខាងក្រោម៖

ការវះកាត់

ការវះកាត់ជាធម្មតាត្រូវបានណែនាំសម្រាប់អ្នកជំងឺដែលមានដុំសាច់ Meningioma ដែលបង្កឱ្យមានសញ្ញា និងរោគសញ្ញាកាន់តែខ្លាំងឡើង។ ការវះកាត់យកដុំសាច់ចេញទាំងស្រុងអាចនឹងមិនអាចធ្វើទៅបានឡើយ ជាពិសេសនៅពេលដែលដុំសាច់កើតឡើងនៅជិតរចនាសម្ព័ន្ធស្រទន់ឆ្មារៗនៅក្នុងខួរក្បាល ឬខួរឆ្អឹងខ្នង។ ទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យវះកាត់នឹងខិតខំប្រឹងប្រែងវះកាត់យកដុំសាច់ចេញឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

ប្រភេទនៃការព្យាបាលដែលត្រូវបានជ្រើសរើសសម្រាប់អ្នកបន្ទាប់ពីការវះកាត់ រួមមាន៖

  • មិនមានសល់ដុំសាច់មើលឃើញ៖ ត្រូវការការថតស្កែនតាមដានជាទៀងទាត់ ប៉ុន្តែអាចនឹងមិនបាច់ទទួលការព្យាបាលបន្ថែមទៀតឡើយ។
  • ដុំសាច់មិនមែនមហារីកដែលនៅសល់បំណែកតូចមួយ៖ គ្រាន់តែណែនាំឱ្យថតស្កែនតាមដានតាមកាលកំណត់ប៉ុណ្ណោះ ប៉ុន្តែការវះកាត់ដោយវិទ្យុសកម្មតម្រង់ទិសច្បាស់លាស់ ក៏អាចនឹងត្រូវទាមទារផងដែរសម្រាប់ដុំសាច់តូចៗដែលនៅសេសសល់។
  • ដុំសាច់មិនប្រក្រតី ឬដុំសាច់កាច (មហារីក)៖ ជាធម្មតាទាមទារការព្យាបាលដោយវិទ្យុសកម្ម (បញ្ចាំងកាំរស្មី)។

វាអាចមានហានិភ័យទូទៅ ឬហានិភ័យជាក់លាក់ដែលកើតចេញពីការវះកាត់ រួមមានការឆ្លងមេរោគ និងការហូរឈាម អាស្រ័យលើទីតាំងដែលដុំសាច់កើតឡើង។ ការបាត់បង់គំហើញ (ងងឹតភ្នែក) អាចនឹងកើតមានឡើង ប្រសិនបើដុំសាច់ Meningioma ត្រូវបានវះកាត់យកចេញនៅជុំវិញសរសៃប្រសាទគំហើញ។ វាត្រូវបានណែនាំឱ្យពិគ្រោះជាមួយគ្រូពេទ្យវះកាត់អំពីហានិភ័យជាក់លាក់ពីការវះកាត់។

ការព្យាបាលដោយវិទ្យុសកម្ម

ការព្យាបាលដោយវិទ្យុសកម្មត្រូវបានណែនាំបន្ទាប់ពីការវះកាត់ ឬក្នុងករណីដែលមិនអាចវះកាត់យកដុំសាច់ចេញបានទាំងស្រុង។ តាមរយៈការប្រើប្រាស់ម៉ាស៊ីនដ៏ធំដើម្បីតម្រង់ធ្នឹមថាមពលទៅកាន់កោសិកាដុំសាច់ គោលដៅនៃការព្យាបាលដោយវិទ្យុសកម្ម គឺដើម្បីកម្ចាត់កោសិកា Meningioma ដែលនៅសេសសល់ ព្រមទាំងកាត់បន្ថយហានិភ័យនៃការលាប់ឡើងវិញនៃដុំសាច់។

ការរីកចម្រើនក្នុងការព្យាបាលដោយវិទ្យុសកម្ម ជួយបង្កើនកម្រិតវិទ្យុសកម្មទៅលើដុំសាច់ ខណៈពេលដែលកាត់បន្ថយផលប៉ះពាល់ដែលវិទ្យុសកម្មមានចំពោះសុខភាពរបស់អ្នកជំងឺ។

ជម្រើសនៃការព្យាបាលដោយវិទ្យុសកម្មសម្រាប់ជំងឺ Meningioma រួមមាន៖

  • ការវះកាត់ដោយវិទ្យុសកម្មតម្រង់ទិសច្បាស់លាស់ (Stereotactic Radiosurgery – SRS)៖ ការព្យាបាលដោយវិទ្យុសកម្មប្រភេទនេះ ផ្តល់នូវធ្នឹមវិទ្យុសកម្មដែលមានថាមពលខ្ពស់ តម្រង់ទៅចំគោលដៅចំណុចជាក់លាក់មួយ។ ជាធម្មតា នីតិវិធីនេះចំណាយពេលពីរបីម៉ោងដើម្បីបញ្ចប់។ ការវះកាត់ដោយវិទ្យុសកម្មនេះ ត្រូវបានណែនាំសម្រាប់ដុំសាច់ Meningioma ដែលលាប់ឡើងវិញ ឬដុំសាច់ដែលមិនអាចយកចេញបានដោយការវះកាត់ធម្មតា។
  • ការព្យាបាលដោយវិទ្យុសកម្មតម្រង់ទិសចែកជាវគ្គ (Fractionated Stereotactic Radiotherapy – SRT)៖ វាផ្តល់នូវវិទ្យុសកម្មក្នុងចំណែកតូចៗបន្តិចម្តងៗ ដែលអាចធ្វើឡើងម្តងក្នុងមួយថ្ងៃ ក្នុងរយៈពេល ៣០ ថ្ងៃ។ SRT ត្រូវបានចង្អុលបង្ហាញសម្រាប់ដុំសាច់ដែលមានទំហំធំខ្លាំង ដែលមិនអាចយកចេញបានដោយការវះកាត់វិទ្យុសកម្ម ឬប្រសិនបើដុំសាច់នោះស្ថិតនៅក្នុងទីតាំងដែលមិនអាចទទួលវិទ្យុសកម្មខ្លាំងបាន (ឧទាហរណ៍៖ ក្បែរសរសៃប្រសាទគំហើញ)។
  • ការព្យាបាលដោយវិទ្យុសកម្មកែសម្រួលកម្រិតខ្លាំង (Intensity-Modulated Radiation Therapy – IMRT)៖ ក្នុងវិធីសាស្ត្រនេះ កម្រិតខ្លាំងនៃវិទ្យុសកម្មដែលតម្រង់ទៅកាន់ទីតាំងដុំសាច់ ត្រូវបានកែសម្រួលដោយប្រើប្រាស់កម្មវិធីកុំព្យូទ័រ។ វាជារឿយៗត្រូវបានចង្អុលបង្ហាញសម្រាប់ដុំសាច់ Meningioma ដែលស្ថិតនៅលើផ្នែកស្រទន់នៃខួរក្បាល ឬប្រសិនបើវាមានទម្រង់ស្មុគស្មាញ។
  • ការបញ្ចាំងវិទ្យុសកម្មប្រូតុន (Proton beam radiation)៖ ប្រូតុនវិទ្យុសកម្ម ត្រូវបានប្រើដើម្បីតម្រង់ចំគោលដៅជាក់លាក់តែទៅលើដុំសាច់ប៉ុណ្ណោះ ដើម្បីកាត់បន្ថយការខូចខាតដល់រចនាសម្ព័ន្ធជុំវិញវាឱ្យនៅកម្រិតទាបបំផុត។

ការព្យាបាលដោយគីមី

គ្រូពេទ្យអាចនឹងប្រើប្រាស់ឱសថព្យាបាលដោយគីមី សម្រាប់ជំងឺ Meningioma ណាដែលការវះកាត់ និងការព្យាបាលដោយវិទ្យុសកម្មមិនមានប្រសិទ្ធភាព។

Doctors who treat this condition