ជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀន
ទិដ្ឋភាពទូទៅ
ជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀន (Mesenteric ischemia) គឺជាស្ថានភាពវេជ្ជសាស្ត្រធ្ងន់ធ្ងរមួយ ដែលបង្កឡើងដោយសារសរសៃឈាមអាកទែររួមតូច ឬស្ទះ ដែលធ្វើឱ្យរាំងស្ទះដល់លំហូរឈាមទៅកាន់ពោះវៀនតូច។ កត្តានេះអាចបណ្តាលឱ្យខូចខាតពោះវៀនតូចជាអចិន្ត្រៃយ៍ ដោយសារការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់។ ជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀន គឺជាស្ថានភាពកម្រមួយ ដែលភាគច្រើនកើតមានលើមនុស្សចាស់ ជាពិសេសអ្នកដែលមានជំងឺបេះដូងនិងសរសៃឈាម ឬមានបញ្ហាកំណកឈាមមិនធម្មតា។ ការស្ទះនៃសរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅកាន់តំបន់ដែលរងផលប៉ះពាល់ គឺជាមូលហេតុចម្បងនៃជំងឺនេះ ដែលអាចបណ្តាលឱ្យមានផលវិបាកសុខភាពធ្ងន់ធ្ងរ។
ជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀនមានពីរប្រភេទ៖
- ជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀនស្រួចស្រាវ៖ ស្ថានភាពនេះអាចកើតឡើងស្រដៀងគ្នានឹងរបៀបដែលការស្ទះសរសៃឈាមអាកទែរធំៗ តែងតែបង្កឱ្យមានការគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល (ដាច់សរសៃឈាមខួរក្បាល) និងស្ថានភាពវេជ្ជសាស្ត្រធ្ងន់ធ្ងរផ្សេងទៀត។ ជាទូទៅ វាបង្កឡើងដោយសារដុំកំណកឈាម ព្រោះវាបង្កើតឱ្យមានរោគសញ្ញាភ្លាមៗនិងស្រួចស្រាវ។ ស្ថានភាពនេះត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រជាបន្ទាន់។
- ជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀនរ៉ាំរ៉ៃ៖ មូលហេតុនៃជំងឺនេះ ជារឿយៗចាប់ផ្តើមចេញពីការរួមតូចនៃសរសៃឈាមអាកទែរដែលចិញ្ចឹមពោះវៀន។ ស្ថានភាពនេះប្រើពេលយូរក្នុងការវិវត្ត ហើយរោគសញ្ញា និងសញ្ញាសម្គាល់ជាទូទៅកាន់តែធ្ងន់ធ្ងរទៅៗតាមពេលវេលា។
នៅពេលលំហូរឈាមទៅកាន់សរីរាង្គ និងជាលិកាមិនគ្រប់គ្រាន់ ពួកវាមិនអាចដំណើរការបានត្រឹមត្រូវនោះទេ ដោយសារតែខ្វះអុកស៊ីសែន។ ប្រសិនបើការស្ទះនោះមានសភាពធ្ងន់ធ្ងរ សរីរាង្គ និងជាលិកាដែលរងផលប៉ះពាល់អាចនឹងខូចខាតទាំងស្រុង។ វាមានសារៈសំខាន់ណាស់ក្នុងការទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលាសម្រាប់ជំងឺនេះ ពីព្រោះវាជារឿយៗអាចបណ្តាលឱ្យបាត់បង់ជីវិត។ ក្នុងករណីដែលដុំកំណកឈាមស្ទះការផ្គត់ផ្គង់ឈាមទៅកាន់ពោះវៀនតូចភ្លាមៗ (ប្រភេទស្រួចស្រាវ) ការវះកាត់ជាបន្ទាន់គឺជារឿងចាំបាច់។ ចំណែកជម្រើសព្យាបាលសម្រាប់ប្រភេទរ៉ាំរ៉ៃ រួមមានការវះកាត់បើកចំហ ឬការវះកាត់ពង្រីកសរសៃឈាម។
រោគសញ្ញា
ជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀនស្រួចស្រាវ៖ សញ្ញា និងរោគសញ្ញារួមមាន៖
- ឈឺពោះខ្លាំងភ្លាមៗ
- ចង់បន្ទោបង់ភ្លាមៗ
- រាគរូស
- ស្រកទម្ងន់
- ចង្អោរ និងក្អួត
- ហើមពោះ
- គ្រុនក្តៅ
ជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀនរ៉ាំរ៉ៃ៖ សញ្ញា និងរោគសញ្ញារួមមាន៖
- ឈឺពោះបន្ទាប់ពីញ៉ាំអាហាររួចចន្លោះពី ៣០ នាទី ទៅ ១ ម៉ោង
- ខ្លាចការញ៉ាំអាហារ (ដោយសារខ្លាចឈឺពោះក្រោយញ៉ាំ)
- ការឈឺចាប់កាន់តែខ្លាំងឡើងបន្ទាប់ពីមួយម៉ោង
- មានការផ្លាស់ប្តូរទម្លាប់បន្ទោបង់
- រាគរូស
ក្នុងករណីដែលអ្នកមានការឈឺពោះខ្លាំង និងភ្លាមៗ ហើយការឈឺចាប់នោះមិនព្រមបាត់ទៅវិញ សូមស្វែងរកការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រភ្លាមៗ។ ប្រសិនបើការឈឺចាប់កើតឡើងបន្ទាប់ពីញ៉ាំអាហារ រួចមក វាត្រូវបានណែនាំឱ្យណាត់ជួបពិភាក្សាជាមួយគ្រូពេទ្យ។
មូលហេតុ
ប្រភេទផ្សេងៗគ្នានៃជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀន គឺបង្កឡើងដោយសារតែការថយចុះនៃលំហូរឈាមទៅកាន់ពោះវៀនតូច។
- ប្រភេទស្រួចស្រាវ៖ សរសៃឈាមអាកទែរអាចនឹងមានការកកកុញនូវសារធាតុដូចក្រមួនដែលគេហៅថា ផ្ទាំងខ្លាញ់ Plaque ដែលធ្វើឱ្យសរសៃឈាមឡើងរឹង។ ជំងឺក្រិនសរសៃឈាម គឺជាបញ្ហាមួយដែលជារឿយៗកើតមានទន្ទឹមគ្នានឹងជំងឺបេះដូងនិងសរសៃឈាម។ ដុំកំណកឈាមអាចនឹងកើតឡើង ប្រសិនបើផ្ទាំងខ្លាញ់នោះមានការដាច់រហែក។
- ប្រភេទរ៉ាំរ៉ៃ៖ បញ្ហាប្រព័ន្ធរបត់ឈាមដែលបណ្តាលឱ្យសរសៃឈាមរួមតូច ជារឿយៗតែងតែនាំឱ្យកើតជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀនរ៉ាំរ៉ៃ។ លំហូរឈាមរបស់ស្រទាប់ស្របពោះវៀននឹងថយចុះជាលំដាប់ ដោយសារតែការរួមតូច ឬការស្ទះនេះ។
កត្តាហានិភ័យ
នៅពេលដែលមនុស្សយើងកាន់តែចាស់ទៅ ជំងឺខ្វះឈាមចិញ្ចឹមទៅពោះវៀននេះនឹងកើតមានឡើងកាន់តែញឹកញាប់។ ជាទូទៅ វាកើតឡើងទន្ទឹមគ្នានឹងបញ្ហាបេះដូង និងប្រព័ន្ធរបត់ឈាម ជាពិសេសបញ្ហាទាំងឡាយណាដែលអាចបណ្តាលឱ្យកើតមានដុំកំណកឈាម។ ការប្រើប្រាស់បារី ឬថ្នាំជក់ ធ្វើឱ្យកើនឡើងនូវហានិភ័យនេះ ព្រោះវាមានទំនាក់ទំនងទៅនឹងបញ្ហាបេះដូង និងប្រព័ន្ធរបត់ឈាមផ្សេងទៀតផងដែរ។
ការធ្វើរោគវិនិច្ឆ័យ
វិធីសាស្ត្រ និងដំណើរការដូចខាងក្រោមនេះនឹងជួយដល់គ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀនឱ្យបានត្រឹមត្រូវ៖
- ការពិនិត្យរាងកាយ៖ គ្រូពេទ្យនឹងធ្វើការវាយតម្លៃរាងកាយដើម្បីស្វែងរកសញ្ញានៃជំងឺនេះ។ ពួកគាត់អាចនឹងស្ទាប ឬសង្កត់ពោះដើម្បីពិនិត្យមើលថាតើមានការឈឺចាប់ខ្លាំងនៅពេលសង្កត់ និងមានការហើមពោះដែរឬទេ។ ប្រសិនបើអ្នកជំងឺមានការឈឺចាប់បន្ទាប់ពីញ៉ាំអាហារ ដែលធ្វើឱ្យពួកគេមិនសូវហ៊ានញ៉ាំ និងស្រកទម្ងន់ គ្រូពេទ្យអាចនឹងគិតរំពឹងដល់ជំងឺខ្វះឈាមចិញ្ចឹមពោះវៀនរ៉ាំរ៉ៃ។
- ការធ្វើតេស្តមន្ទីរពិសោធន៍៖ ជំងឺខ្វះឈាមចិញ្ចឹមទៅពោះវៀនអាចត្រូវបានកំណត់រកឃើញតាមរយៈការធ្វើតេស្តមន្ទីរពិសោធន៍មួយចំនួន។ ការធ្វើតេស្តទាំងនេះនឹងពិនិត្យមើលការប្រែប្រួលនៅក្នុងឈាម ជាពិសេសកម្រិតអុកស៊ីសែននៅក្នុងឈាម និងសមត្ថភាពនៃការកកឈាម។ បន្ថែមពីនេះ ការធ្វើតេស្តក៏នឹងស្វែងរកសញ្ញាដែលបង្ហាញថាប្រព័ន្ធស៊ាំកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផងដែរ។ ប្រសិនបើនៅក្នុងឈាមមានផ្ទុកសារធាតុគីមីសម្គាល់ ដែលបណ្តាលមកពីកោសិកា និងជាលិកាដែលរងការខូចខាតឬខូចខាតទាំងស្រុង (ងាប់) នោះការធ្វើតេស្តផ្សេងទៀតនឹងអាចរកឃើញចំណុចនេះ។
- ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ៖ ការសង្កេតមើលតំបន់ដែលមានលំហូរឈាមតិចតួច ឬគ្មានលំហូរឈាមទាល់តែសោះ នឹងជួយឱ្យគ្រូពេទ្យកំណត់បានថាតើអ្នកជំងឺមានជំងឺខ្វះឈាមចិញ្ចឹមពោះវៀនដែរឬទេ។ ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រនឹងជួយដល់ការធ្វើរោគវិនិច្ឆ័យនេះ រួមមាន៖
- ការអេកូដុបប្លឺ (Doppler ultrasound)៖ ក្នុងការធ្វើតេស្តនេះ ឧបករណ៍មួយត្រូវបានដាក់នៅលើស្បែកពោះ ហើយវាបង្កើតជារលកសំឡេងដែលមាន ប្រេកង់ខ្ពស់ខ្លាំង។ ស្រដៀងគ្នានឹងរបៀបដែលសត្វប្រចៀវប្រើប្រាស់រលកសំឡេងដើម្បី “មើលឃើញ” ដែរ រលកសំឡេងទាំងនេះបង្កើតបានជារូបភាពដែលអ្នកជំនាញវេជ្ជសាស្ត្រអាចប្រើប្រាស់ដើម្បីកំណត់ទីតាំងតំបន់ដែលមានលំហូរឈាមខ្សោយ ឬគ្មានលំហូរឈាម។ បរិមាណឈាមដែលហូរឆ្លងកាត់សរសៃឈាមអាកទែរផ្សេងៗ ក៏អាចត្រូវបានវាស់វែងដោយប្រើបច្ចេកទេសអេកូខុសៗគ្នាផងដែរ។
- ការថតកាំរស្មីអ៊ិចមើលសរសៃឈាម (Angiography)៖ គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើការថតស្កេនស៊ីធី ការថតអឹមអរអាយ ឬការថតកាំរស្មីអ៊ិចពោះ ដើម្បីពិនិត្យមើលទំហំនៃសរសៃឈាមអាកទែរដែលនាំឈាមទៅកាន់ពោះវៀនតូចរបស់អ្នក។ គេអាចកំណត់ទីតាំងនៃការរួមតូចបានកាន់តែច្បាស់លាស់ ដោយការប្រើប្រាស់ថ្នាំចាក់ពណ៌ដូចជា ការថតកាំរស្មីអ៊ិចសរសៃឈាមចិញ្ចឹមពោះវៀន ការថតស៊ីធីស្កេនសរសៃឈាម ឬការថតអឹមអរអាយសរសៃឈាម។
- ការឆ្លុះក្រពះ៖ ក្នុងអំឡុងពេលនៃដំណើរការនេះ គ្រូពេទ្យនឹងស្វែងរករោគសញ្ញានៃការខ្វះឈាមចិញ្ចឹម ដោយការបញ្ចូលឧបករណ៍ឆ្លុះអង់ដូស្កុបទៅក្នុងបំពង់រំលាយអាហារ។ ពួកគាត់នឹងបញ្ចូលឧបករណ៍ឆ្លុះតាមរយៈបំពង់ក និងទៅកាន់ពោះវៀនតូច ប្រសិនបើពួកគាត់គិតថាបញ្ហានោះស្ថិតនៅជិតក្រពះ។ ផ្ទុយទៅវិញ ពួកគាត់នឹងបញ្ចូលឧបករណ៍ឆ្លុះតាមរន្ធទ្វារបាត (ដោយប្រើបច្ចេកទេសដូចគ្នានឹងការឆ្លុះពោះវៀនធំ ឬ Colonoscopy ដែរ) ប្រសិនបើពួកគាត់គិតថាបញ្ហានោះស្ថិតនៅក្នុងពោះវៀនធំ ឬនៅផ្នែកចុងក្រោមនៃពោះវៀនតូច។ អ្នកដែលមិនអាចទទួលការចាក់ថ្នាំពណ៌បាន ជាពិសេសអ្នកដែលមានប្រតិកម្មអាលែកហ្ស៊ី ឬមានបញ្ហាតម្រងនោម គឺមានឱកាសច្រើនជាងក្នុងការទទួលការឆ្លុះពិនិត្យនេះ។
ការព្យាបាល
ការព្យាបាល និងដំណើរការវះកាត់ផ្សេងៗគ្នានឹងអាស្រ័យទៅលើមូលហេតុបង្ក នៃជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀន និងទីតាំងរបស់វា។
- ជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀនស្រួចស្រាវ ការវះកាត់គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការព្យាបាលជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀនស្រួចស្រាវ។ នេះគឺដើម្បីឱ្យគ្រូពេទ្យវះកាត់អាចចូលទៅដល់ដុំកំណកឈាមដែលមានដោយផ្ទាល់ រួចយកពួកវាចេញ និងពង្រីកសរសៃឈាមខ្លះដែលបានរួមតូច។ ពួកគាត់ក៏អាចដាក់ Stent ដែលជាទម្រង់ទ្រទ្រង់ជួយបើកសរសៃឈាមឱ្យរីកធំបានល្អផងដែរ។
នៅពេលដែលមិនអាចស្តារលំហូរឈាមឡើងវិញដោយផ្ទាល់បាន គ្រូពេទ្យវះកាត់អាចបង្កើតផ្លូវវាង Bypass ដោយប្រើប្រាស់ផ្នែកខ្លះនៃសរសៃឈាមដែលយកចេញពីផ្នែកផ្សេងទៀតនៃរាងកាយ។ ការធ្វើផ្លូវវាងនេះអនុញ្ញាតឱ្យលំហូរឈាមដំណើរការឡើងវិញ ដោយហូរវាងកាត់តំបន់ដែលធ្លាប់រងការស្ទះពីមុន។
គ្រូពេទ្យវះកាត់នឹងអាចពិនិត្យមើលជាលិកានៅជុំវិញដើម្បីស្វែងរកសញ្ញានៃការខូចខាត បន្ទាប់ពីការស្តារលំហូរឈាមឡើងវិញ។ ប្រសិនបើរកឃើញជាលិកាដែលងាប់ ឬខូចខាត ពួកគាត់អាចកាត់វាចេញ និងជួសជុលតំបន់ជុំវិញនោះ ដោយស្តារតំបន់នោះឱ្យមកសភាពដើមវិញសម្រាប់ដំណើរការទៅថ្ងៃមុខ។ វាអាចប្រើពេលរហូតដល់ពីរថ្ងៃ ទើបជាលិកាដែលងាប់ ឬខូចខាតអាចមើលឃើញច្បាស់ ដូច្នេះហើយក្នុងករណីជាច្រើន ការវះកាត់លើកទីពីរគឺជារឿងចាំបាច់។
ឱសថទូទៅ និងការព្យាបាលគាំទ្របន្ថែមមានដូចខាងក្រោម៖
- ការចាក់សេរ៉ូមតាមសរសៃឈាម៖ មានប្រយោជន៍នៅពេលដែលសម្ពាធឈាមទាប ឬការបាត់បង់ជាតិទឹកខ្លាំងជាកត្តារួមផ្សំ។
- ការបញ្ចូលឈាម៖ នេះក្លាយជាការចាំបាច់ជាពិសេសនៅពេលដែលមានការបាត់បង់ឈាមក្នុងកម្រិតច្រើន។
- អុកស៊ីសែន៖ ជួយកាត់បន្ថយការប្រឹងប្រែងរបស់រាងកាយក្នុងការបូមឈាមរត់។
- ថ្នាំផ្សះ ឬថ្នាំប្រឆាំងមេរោគ៖ ដោយសារតែលទ្ធភាពនៃការឆ្លងមេរោគពីបាក់តេរី ដែលជារឿយៗមានវត្តមាននៅក្នុងសរីរាង្គទាំងនោះ ថ្នាំផ្សះគឺចាំបាច់បំផុតសម្រាប់ការវះកាត់ពោះវៀនតូច ឬពោះវៀនធំ។
- ថ្នាំពន្យារការកកឈាម៖ ឱសថទាំងនេះការពារកុំឱ្យមានការកកើតដុំកំណកឈាម ដែលជួយការពារប្រឆាំងនឹងការគាំងបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងការស្ទះសរសៃឈាមសួត ព្រមទាំងការពារការលាប់ឡើងវិញនៃជំងឺខ្វះឈាមចិញ្ចឹមពោះវៀន។ ទោះជាយ៉ាងណាក៏ដោយ ថ្នាំពន្យារការកកឈាមអាចនឹងមិនត្រូវផ្តល់ជូនដល់អ្នកដែលមានហានិភ័យខ្ពស់ក្នុងការហូរឈាមដែលគំរាមកំហែងដល់ជីវិតនោះទេ។
- ជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀនប្រភេទមិនស្ទះណែន (NOMI) ការវះកាត់មិនមែនជាការចាំបាច់ជានិច្ចនោះទេក្នុងការដោះស្រាយបញ្ហានេះ (ហើយជាទូទៅវាមិនសូវផ្តល់ផលប្រយោជន៍ឡើយនៅក្នុងដំណាក់កាលដំបូង) ទោះបីជាវាជាប្រភេទរងមួយនៃជំងឺខ្វះឈាមចិញ្ចឹមពោះវៀនក៏ដោយ។ នោះគឺដោយសារតែ NOMI ជារឿយៗពាក់ព័ន្ធនឹងសរសៃឈាមដែលរួមតូចនិងត្បៀត ដោយមិនមានការស្ទះណែនដោយដុំកំណកឈាមនោះទេ។
គន្លឹះក្នុងការដោះស្រាយ NOMI គឺត្រូវស្វែងរកប្រភពដែលបណ្តាលឱ្យសរសៃឈាមរួមតូច រួចលុបបំបាត់វាចោល។ ដើម្បីធ្វើដូចនេះ គេអាចនឹងត្រូវបញ្ឈប់ការប្រើប្រាស់ឱសថតាមវេជ្ជបញ្ជា ឬសារធាតុញៀនមួយចំនួនដែលធ្វើឱ្យសរសៃឈាមរួមតូច។ លំហូរឈាមទៅកាន់ស្រទាប់ស្របពោះវៀន នឹងត្រូវបានកែលម្អ ប្រសិនបើជំងឺផ្សេងទៀត ដូចជាជំងឺឆ្លងមេរោគក្នុងឈាមធ្ងន់ធ្ងរ គឺជាអ្នកបង្កឱ្យមានស្ថានភាព NOMI នេះ។
ការអន្តរាគមន៍មួយដែលគេស្គាល់ថាជា ការវះកាត់ពង្រីកសរសៃឈាមដោយប្រើបាល់ឡុង ដែលប្រើប្រាស់បំពង់កាតេទែរអាចនឹងមានប្រយោជន៍ ប្រសិនបើ NOMI នាំឱ្យមានការរួមតូចនៃសរសៃឈាម។ ក្នុងដំណើរការនេះ បំពង់កាតេទែរត្រូវបានបញ្ចូលទៅក្នុងសរសៃឈាមធំមួយ ហើយត្រូវបានតម្រង់ឆ្ពោះទៅកាន់តំបន់ដែលរងការខូចខាត។ នៅពេលទៅដល់ទីនោះ គ្រូពេទ្យនឹងពង្រីកសរសៃឈាមដែលរងផលប៉ះពាល់ ដោយការបំប៉ោងបាល់ឡុងនៅចុងបំពង់កាតេទែរនោះ។
ការព្យាបាលផ្សេងទៀតដែលអាចមាន៖
- ថ្នាំពង្រីកសរសៃឈាម៖ ឱសថទាំងនេះធ្វើឱ្យសរសៃឈាមរីកធំ ដែលជួយសម្រួលដល់លំហូរឈាមឆ្លងកាត់បានស្រួល។
- ថ្នាំផ្សះ៖ នៅតែមានសារៈសំខាន់ ទោះបីជាមិនមានការវះកាត់ក៏ដោយ ដោយសារតែហានិភ័យនៃការឆ្លងមេរោគ នៅពេលណាដែលមានឱកាសនៃការខូចខាតពោះវៀនតូច ឬពោះវៀនធំ។
- អុកស៊ីសែន៖ ជួយកាត់បន្ថយការប្រឹងប្រែងរបស់រាងកាយក្នុងការបូមឈាមរត់។
- ជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀនរ៉ាំរ៉ៃ អាស្រ័យលើមូលហេតុនៃស្ថានភាពជំងឺ ការព្យាបាលជាច្រើនអាចនឹងត្រូវទាមទារសម្រាប់ជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀនរ៉ាំរ៉ៃ។ ទោះជាយ៉ាងណាក៏ដោយ ការព្យាបាលដែលអាចទៅរួចភាគច្រើន គឺដូចគ្នានឹងជំងឺខ្វះឈាមទៅចិញ្ចឹមពោះវៀនស្រួចស្រាវដែរ។
ការវះកាត់ជារឿយៗគឺជារឿងចាំបាច់សម្រាប់បញ្ហានេះ ជាពិសេសនៅពេលដែលមានដុំកំណកឈាមដែលផ្លាស់ទីយឺតៗ ឬមានសរសៃឈាមដែលរួមតូចខ្លាំង។ បន្ថែមពីនេះ វាមានឱកាសកើតឡើងកាន់តែខ្លាំងក្នុងករណីដែលមានការហូរឈាមក្នុងស្រទាប់ខាងក្នុង ការឆ្លងមេរោគ ជំងឺឆ្លងក្នុងឈាមធ្ងន់ធ្ងរ ឬផលវិបាកធ្ងន់ធ្ងរផ្សេងទៀត។ នៅពេលដែលវិធីសាស្ត្រផ្សេងទៀតមិនអាចស្តារលំហូរឈាមឡើងវិញបាន ការវះកាត់ធ្វើផ្លូវវាង Bypass ក៏អាចជាជម្រើសមួយដែលអាចទៅរួច។
បញ្ហានេះជារឿយៗជំរុញឱ្យមានការពិចារណាលើការវះកាត់ពង្រីកសរសៃឈាមដោយប្រើបាល់ឡុង និងការព្យាបាលដោយផ្អែកលើបំពង់កាតេទែរផ្សេងទៀត។ អ្នកថែទាំវេជ្ជសាស្ត្រជារឿយៗណែនាំមិនឱ្យធ្វើការវះកាត់បើកចំហប្រសិនបើអាចជៀសវាងបាន ហើយពួកគាត់ផ្តល់អាទិភាពដល់វិធីសាស្ត្រប្រើបំពង់កាតេទែរវិញ។ វាមានភាពងាយស្រួលជាងក្នុងការងើបឡើងវិញបន្ទាប់ពីការអនុវត្តតាមបំពង់កាតេទែរ ខណៈពេលដែលការវះកាត់បើកចំហគឺមានសភាពធ្ងន់ធ្ងរជាងលើរាងកាយរបស់អ្នក។
ឱសថដែលទំនងជានឹងត្រូវប្រើប្រាស់ក្នុងស្ថានភាពនេះ គឺភាគច្រើនដូចគ្នានឹងករណីស្រួចស្រាវដែរ។ នៅពេលដែលដុំកំណកឈាមលែងផ្លាស់ទី ហើយវិវត្តទៅជាការស្ទះ ឱសថរំលាយដុំកំណកឈាម ក៏ត្រូវបានគេយកមកប្រើប្រាស់ជាញឹកញាប់ផងដែរ។
