ទិដ្ឋភាពទូទៅ

ជំងឺមហារីកកោសិកាមឺគែល (Merkel cell carcinoma) ឬត្រូវបានគេហៅម្យ៉ាងទៀតថា មហារីកប្រព័ន្ធណឺរ៉ូអង់ដូគ្រីននៃស្បែក (Neuroendocrine carcinoma of the skin) គឺជាទម្រង់ដ៏កម្រមួយនៃជំងឺមហារីកស្បែក ដែលស្តែងឡើងជាមួយនឹងដុំពកប្រែពណ៌ក្រហមលាយខៀវ។ វាអាចជាប្រភេទមហារីកកាចសាហាវ និងមានការរាលដាលយ៉ាងឆាប់រហ័សទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។ ជំងឺមហារីកកោសិកាមឺគែលនេះ ជាទូទៅត្រូវបានរកឃើញលើមនុស្សចាស់ និងបុគ្គលដែលប៉ះពាល់នឹងពន្លឺព្រះអាទិត្យក្នុងរយៈពេលយូរ ឬអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ។

រោគសញ្ញា

ការចាប់ផ្តើមដំបូងបំផុតដែលជួបប្រទះញឹកញាប់នៃជំងឺមហារីកកោសិកាមឺគែល គឺការលេចឡើងនូវដុំពកតូចៗនៅលើស្បែក ដែលលូតលាស់យ៉ាងឆាប់រហ័សដោយគ្មានការឈឺចាប់។ ដុំពកនោះអាចមានពណ៌ដូចស្បែកធម្មតា ពណ៌ក្រហម ពណ៌ខៀវ ឬពណ៌ស្វាយ ដែលជាទូទៅអាចរកឃើញនៅលើក្បាល ផ្ទៃមុខ ឬក ប៉ុន្តែវាក៏អាចរកឃើញនៅលើផ្នែកផ្សេងទៀតនៃរាងកាយផងដែរ។

ដុំពកនោះអាចមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • ដុះឡើងខ្ពស់ ឬមានរាងដូចដំបូលទូក (Dome-shaped)
  • មើលទៅដូចជាមុន ឬសត្វល្អិតខាំ
  • មានទំហំប៉ុនកាក់ដប់សេន និងលូតលាស់ធំឡើងយ៉ាងរហ័ស
  • មានសភាពរឹង មានអារម្មណ៍រមាស់ ឈឺណែន ឬផ្សា

សូមពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកបានរកឃើញស្នាមអុជ ឬប្រជ្រុយដែលគួរឱ្យសង្ស័យ ណាដែលបានប្រែប្រួលទម្រង់ ពណ៌ ទំហំ ឬលូតលាស់យ៉ាងលឿន ឬប្រសិនបើវាមានហូរឈាម។

​​ មូលហេតុ

មូលហេតុពិតប្រាកដនៃជំងឺមហារីកកោសិកាមឺគែលនៅមិនទាន់ច្បាស់លាស់នៅឡើយទេ។ ជាទូទៅ ជំងឺមហារីកចាប់ផ្តើមចេញពីការបំប្លែងហ្សែន DNA នៃកោសិកាធម្មតា។ ការបំប្លែងខ្លួននៃកោសិកានេះ បណ្តាលឱ្យមានការបំបែកខ្លួនទ្វេដងដោយគ្មានការគ្រប់គ្រង រហូតបង្កើតបានជាដុំសាច់។ ជំងឺមហារីកកោសិកាមឺគែល ចាប់ផ្តើមដំបូងនៅក្នុងកោសិកាមឺគែលដែលស្ថិតនៅស្រទាប់បាតនៃស្បែកផ្នែកខាងក្រៅបង្អស់។ កោសិកាទាំងនេះភ្ជាប់ទៅនឹងចុងសរសៃប្រសាទនៅក្នុងស្បែក ដែលទទួលដឹងនូវវិញ្ញាណនៃការប៉ះពាល់។

មូលហេតុនៃមហារីកកោសិកាមឺគែល ក៏ត្រូវបានគេរកឃើញថាមានការទាក់ទងនឹងវីរុសមួយប្រភេទនៅលើស្បែក ដែលមិនស្តែងចេញរោគសញ្ញាអ្វីឡើយ ហៅថា Merkel cell polyomavirus។ តួនាទីរបស់វីរុសនេះក្នុងការបង្កឱ្យមានមហារីកកោសិកាមឺគែលនៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ប៉ុន្តែកត្តាដទៃទៀតត្រូវបានគេជឿជាក់យ៉ាងមុតមាំថា បានផ្តល់ហានិភ័យខ្ពស់ក្នុងការវិវឌ្ឍទៅជាជំងឺនេះ។

កត្តាហានិភ័យ

ខាងក្រោមនេះជាកត្តាហានិភ័យនៃការវិវឌ្ឍទៅជាជំងឺមហារីកកោសិកាមឺគែល៖

  • ការប៉ះពាល់នឹងពន្លឺកាំរស្មីយូវីខ្លាំងពេក៖ ការប៉ះពាល់នឹងកាំរស្មីយូវី (UV) ខ្លាំងពេកពីពន្លឺព្រះអាទិត្យ ឬពីម៉ាស៊ីនបាញ់ស្បែកឱ្យឡើងត្នោតដែលវាបំផ្លាញហ្សែន DNA នៃកោសិកាស្បែក។
  • ការមានប្រព័ន្ធការពាររាងកាយខ្សោយ៖ ការមានផ្ទុកមេរោគអេដស៍ ការប្រើប្រាស់ថ្នាំទប់ស្កាត់ប្រព័ន្ធស៊ាំ ឬការមានជំងឺមហារីកគ្រាប់ឈាមរ៉ាំរ៉ៃ។
  • ប្រវត្តិធ្លាប់មានជំងឺមហារីកស្បែកផ្សេងទៀត៖ ដូចជាមហារីកកោសិកា Basal មហារីកកោសិកា Squamous ឬមហារីកប្រជ្រុយ។
  • អាយុកាន់តែច្រើន៖ ជាទូទៅវាកើតឡើងចំពោះមនុស្សដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ប៉ុន្តែក៏អាចកើតឡើងនៅគ្រប់វ័យផងដែរ។
  • អ្នកដែលមានស្បែកស ឬស្បែកភ្លឺ៖ បុគ្គលដែលមានពណ៌សម្បុរស្បែកស មានឱកាសប្រឈមនឹងជំងឺនេះខ្លាំងជាងអ្នកដែលមានសម្បុរស្បែកខ្មៅ។

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើតេស្តដូចខាងក្រោមនេះ ត្រូវបានអនុវត្តដើម្បីធ្វើរោគវិនិច្ឆ័យជំងឺមហារីកកោសិកាមឺគែល៖

  • ការពិនិត្យរាងកាយ៖ គ្រូពេទ្យនឹងពិនិត្យមើលប្រជ្រុយ ស្នាមអុជ សារធាតុពណ៌ស្បែក និងភាពមិនប្រក្រតីផ្សេងៗទៀតនៅលើស្បែករបស់អ្នក។
  • ការធ្វើកោសល្យវិច័យស្បែក៖ គ្រូពេទ្យនឹងយកគំរូជាលិកាស្បែកដែលគួរឱ្យសង្ស័យ ដើម្បីយកទៅពិនិត្យក្រោមមីក្រូទស្សន៍នៅក្នុងមន្ទីរពិសោធន៍ រកមើលកោសិកាមហារីក។

ការកំណត់ដំណាក់កាលរាលដាលនៃជំងឺមហារីក

ដំណាក់កាលនៃមហារីកកោសិកាមឺគែល អាចត្រូវបានកំណត់ដោយប្រើប្រាស់ការធ្វើតេស្តដូចខាងក្រោម៖

  • ការធ្វើកោសល្យវិច័យកូនកណ្តុរ Sentinel៖ បច្ចេកទេសនេះ គឺត្រូវចាក់ថ្នាំពណ៌នៅជិតកន្លែងកើតមហារីក ដែលថ្នាំពណ៌នោះនឹងរត់កាត់ប្រព័ន្ធទឹករងៃ ដើម្បីពិនិត្យមើលថាតើមហារីកបានរាលដាលដល់កូនកណ្តុរហើយឬនៅ។
  • ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ៖ គ្រូពេទ្យនឹងណែនាំឱ្យធ្វើការថតកាំរស្មីអ៊ិចទ្រូង និងការថតស្កេនត្រង់ទ្រូង និងពោះ ដើម្បីកំណត់ថាតើមហារីកបានរាលដាលទៅកាន់សរីរាង្គផ្សេងទៀតដែរឬទេ។ ការធ្វើតេស្តផ្សេងទៀតដែលអាចធ្វើបាន រួមមានការថតស្កេន PET ឬការថតស្កេន Octreotide។ ក្នុងអំឡុងពេលថតស្កេន PET ធាតុវិទ្យុសកម្មស្នាមនឹងត្រូវបានចាក់បញ្ចូល ដើម្បីពិនិត្យមើលថាតើកោសិកាមហារីកបានរាលដាលដែរឬទេ។

មហារីកកោសិកាមឺគែល អាចត្រូវបានបែងចែកដំណាក់កាលចាប់ពីដំណាក់កាលទី 0 ដល់ទី IV (ទី៤)។ លេខទាបបំផុតបញ្ជាក់ថាមហារីកស្ថិតនៅតែក្នុងស្រទាប់ខាងក្រៅនៃស្បែកប៉ុណ្ណោះ។ ប្រសិនបើវាឈានដល់ដំណាក់កាលទី IV វាមានន័យថាមហារីកបានវិវឌ្ឍទៅជាធ្ងន់ធ្ងរ និងបានរាលដាលទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។

ការព្យាបាល

ខាងក្រោមនេះជាជម្រើសនៃការព្យាបាលសម្រាប់ជំងឺមហារីកកោសិកាមឺគែល៖

  • ការវះកាត់ ដុំសាច់ និងស្បែកល្អៗមួយចំនួននៅជុំវិញវា អាចត្រូវបានកាត់យកចេញតាមរយៈការវះកាត់ រួមទាំងកូនកណ្តុរផងដែរ ប្រសិនបើគេរកឃើញថាមហារីកបានរាលដាលចូលទៅក្នុងនោះ។ ចំណាត់ការវះកាត់ម្យ៉ាងហៅថា ការវះកាត់ Mohs ក៏អាចត្រូវបានធ្វើឡើងផងដែរ ដោយកាត់សាច់មហារីកចេញបន្តិចម្តងៗដោយប្រើឡាមវះកាត់។ បច្ចេកទេសនេះវិភាគស្រទាប់ស្បែកស្តើងៗក្រោមមីក្រូទស្សន៍ភ្លាមៗ ដើម្បីពិនិត្យរកមើលកោសិកាមហារីក។ ប្រសិនបើនៅមានកោសិកាមហារីក គេនឹងបន្តចំណាត់ការនេះដើម្បីកាត់យកវាចេញ រហូតទាល់តែលែងរកឃើញកោសិកាមហារីក ហើយគែមស្បែកជុំវិញនោះលែងមានដុំសាច់។
  • ការព្យាបាលដោយវិទ្យុសកម្ម ធ្នឹមថាមពលខ្លាំងត្រូវបានប្រើប្រាស់តាមរយៈកាំរស្មីអ៊ិច និងប្រូតុង ដើម្បីសម្លាប់កោសិកាមហារីក។ អ្នកជំងឺនឹងត្រូវគេងនៅលើគ្រែពេទ្យ ហើយម៉ាស៊ីនដ៏ធំមួយនឹងផ្លាស់ទីជុំវិញខ្លួនអ្នកជំងឺ ដើម្បីតម្រង់ចំតំបន់ជាក់លាក់ដែលរងផលប៉ះពាល់នៅក្នុងរាងកាយ។ វិទ្យុសកម្មអាចត្រូវបានប្រើប្រាស់បន្ទាប់ពីការវះកាត់ ដើម្បីសម្លាប់កោសិកាមហារីកដែលនៅសេសសល់ក្រោយពីការយកដុំសាច់ចេញ។ វាក៏អាចត្រូវបានប្រើប្រាស់តែឯង ដើម្បីសម្លាប់កោសិកាមហារីកដែលបានរាលដាលទៅកាន់តំបន់ផ្សេងទៀតនៃរាងកាយផងដែរ។
  • ការព្យាបាលដោយប្រើប្រាស់ប្រព័ន្ធស៊ាំ គឺជាការប្រើប្រាស់ប្រព័ន្ធការពាររាងកាយផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ដើម្បីសម្លាប់កោសិកាមហារីក។ ជាទូទៅ វាត្រូវបានប្រើដើម្បីទប់ទល់នឹងមហារីកកោសិកាមឺគែល ដែលបានរាលដាលទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។
  • ការព្យាបាលដោយគីមី ការប្រើប្រាស់ឱសថផ្តល់ជូនតាមរយៈការលេប ឬការចាក់តាមសរសៃឈាម (ឬទាំងពីរមុខបញ្ចូលគ្នា) ដើម្បីសម្លាប់កោសិកាមហារីក។ ការប្រើប្រាស់ការព្យាបាលដោយគីមីចំពោះមហារីកកោសិកាមឺគែលគឺមិនសូវជាញឹកញាប់នោះទេ ប៉ុន្តែវាអាចត្រូវបានប្រើប្រាស់ប្រសិនបើមហារីកបានរាលដាលដល់កូនកណ្តុរ ឬសរីរាង្គផ្សេងទៀតនៃរាងកាយ។

 

Doctors who treat this condition