ទិដ្ឋភាពទូទៅ
Medulloblastoma គឺជាប្រភេទដុំសាច់ខួរក្បាលដែលកកើតឡើងដំបូងបង្អស់នៅក្នុងប្រព័ន្ធប្រសាទកណ្តាល ដែលជាទូទៅស្ថិតនៅក្នុងខួរតូច។ មុខងាររបស់ខួរតូច គឺគ្រប់គ្រងលើចលនាសម្របសម្រួល និងលំនឹងរាងកាយ។ ជាទូទៅ វាត្រូវបានចាត់ថ្នាក់ជាដុំសាច់កម្រិតទី៤ (Grade IV) ដែលមានន័យថាវាជាដុំសាច់កាច (មហារីក) និងរីករាលដាលយ៉ាងឆាប់រហ័ស។ ជំងឺ Medulloblastoma នេះ ភាគច្រើនត្រូវបានរកឃើញ និងធ្វើរោគវិនិច្ឆ័យលើកុមារ។
ជាធម្មតា Medulloblastoma ចាប់ផ្តើមកកើតឡើងនៅក្នុងកោសិកាអំប្រ៊ីយ៉ុងនៃខួរតូច។ ទោះបីជាវាកម្ររីករាលដាលទៅកាន់ផ្នែកផ្សេងៗនៃរាងកាយក៏ដោយ ប៉ុន្តែវាអាចរាលដាលតាមរយៈទឹកខួរក្បាល និងទួរឆ្អឹងខ្នង (Cerebrospinal fluid – CSF) ដែលព័ទ្ធជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង។
ការព្យាបាលជំងឺ Medulloblastoma គឺផ្អែកទៅលើប្រភេទរងនៃដុំសាច់ ទំហំនៃការរីករាលដាលរបស់ដុំសាច់ និងកត្តាវេជ្ជសាស្ត្រពាក់ព័ន្ធផ្សេងៗទៀត។ ជម្រើសនៃការព្យាបាលជាទូទៅរួមមាន ការវះកាត់ វិទ្យុសកម្ម និងការព្យាបាលដោយគីមី។
រោគសញ្ញា
សញ្ញា និងរោគសញ្ញានៃជំងឺ Medulloblastoma អាចមានភាពខុសប្លែកគ្នា អាស្រ័យទៅលើទីតាំងរបស់ដុំសាច់ ឬការកើនឡើងសម្ពាធនៅក្នុងខួរក្បាល។ រោគសញ្ញាទូទៅអាចរួមមាន៖
- ចង្អោរ និងក្អួត
- ឈឺក្បាល
- អស់កម្លាំង ល្វើយ
- វិលមុខ
- មើលឃើញរូបបែកជាពីរ
- ខ្សោយការសម្របសម្រួលចលនា និងបាត់បង់លំនឹង
- មានបញ្ហាក្នុងការដើរ
- លេចនោម ឬលេចលាមក (មិនអាចទប់បាន)
- ឈឺខ្នង
- ប្រកាច់ ឬសន្លប់
- វង្វេងវង្វាន់
Medulloblastoma គឺជាស្ថានភាពជំងឺធ្ងន់ធ្ងរ ហេតុទូទៅ កុមារ ឬមនុស្សពេញវ័យដែលជួបប្រទះសញ្ញា និងរោគសញ្ញាទាំងនេះជាប្រចាំ គួរតែពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាព ដើម្បីធ្វើការវាយតម្លៃ និងពិនិត្យជាបន្ទាន់។
មូលហេតុ
មិនទាន់មានការដឹងជឿជាក់ពីមូលហេតុបង្កច្បាស់លាស់នៃជំងឺ Medulloblastoma ភាគច្រើនលើមនុស្សពេញវ័យ និងកុមារនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ភាគរយតិចតួចនៃជំងឺ Medulloblastoma លើកុមារ គឺមានការពាក់ព័ន្ធនឹងការប្រែប្រួលហ្សែន (ហ្សែនបំប្លែងខ្លួន) ដែលអាចបន្តពូជពីឪពុកម្តាយ ដូចជាការបំប្លែងខ្លួននៃហ្សែនមហារីកសុដន់ (BRCA) រោគសញ្ញា Gorlin និងរោគសញ្ញា Turcot។ ការបំប្លែងខ្លួននៃហ្សែនអាចវិវត្តទៅជាប្រភេទមហារីកជាច្រើន ដែលអាចជំរុញដល់ការលូតលាស់ និងការរីករាលដាលនៃកោសិកាមហារីក។
កត្តាហានិភ័យ
មូលហេតុចម្បងនៃដុំសាច់ខួរក្បាលដំបូង ដូចជា Medulloblastoma ជារឿយៗមិនត្រូវបានគេដឹងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កត្តាហានិភ័យមួយចំនួនអាចរួមចំណែកដល់ការវិវត្តនៃជំងឺនេះ រួមមាន៖
- កត្តាតំណពូជ៖ មានស្ថានភាពតំណពូជមួយចំនួនដែលអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺ Medulloblastoma រួមមាន៖
- ការបំប្លែងខ្លួននៃហ្សែនមហារីកសុដន់ (BRCA mutations)៖ មនុស្សដែលទទួលមរតកហ្សែនប្រភេទនេះ ច្រើនតែងាយប្រឈមនឹងការកើតជំងឺមហារីកជាច្រើនប្រភេទ និងមានហានិភ័យកើតជំងឺមហារីកតាំងពីវ័យក្មេង។ ហ្សែន BRCA1 និង BRCA2 ផលិតប្រូតេអ៊ីនដែលដើរតួជាអ្នកទប់ស្កាត់ដុំសាច់។ ប្រូតេអ៊ីនទប់ស្កាត់ដុំសាច់នេះ ជួយការពារកោសិកាកុំឱ្យលូតលាស់ហួសប្រមាណដោយគ្មានការគ្រប់គ្រង។
- រោគសញ្ញា Gorlin៖ ត្រូវបានគេស្គាល់ផងដែរថាជារោគសញ្ញា Nevoid basal cell carcinoma (NBCCS)។ មនុស្សដែលមានស្ថានភាពនេះ មានឱកាស ៥% ក្នុងការកើតជំងឺ Medulloblastoma។ នេះគឺជាវិបត្តិហ្សែនដ៏កម្រមួយ ដែលបង្កើនហានិភ័យនៃជំងឺមហារីកស្បែកមួយចំនួន ឬដុំសាច់មិនមែនមហារីក។
- រោគសញ្ញា Turcot៖ មនុស្សដែលមានរោគសញ្ញា Turcot នឹងមានវត្តមានដុំសាច់ប្រព័ន្ធប្រសាទកណ្តាល ដូចជា Medulloblastoma ឬដុំសាច់ក្រពេញអ៊ីប៉ូភីស ព្រមទាំងមហារីកពោះវៀនធំ និងទ្វារធំផងដែរ។ វាជាស្ថានភាពហ្សែនមិនសូវជួប ដែលត្រូវបានចាត់ថ្នាក់ជាជំងឺមហារីកពោះវៀនធំ រួមផ្សំជាមួយដុំសាច់ខួរក្បាលដំបូង។
- ការប៉ះពាល់នឹងវិទ្យុសកម្ម៖ វិទ្យុសកម្មអ៊ីយ៉ូដ គឺជាប្រភេទវិទ្យុសកម្មដែលបង្កើនហានិភ័យនៃដុំសាច់ខួរក្បាល។ វិទ្យុសកម្មនេះជារឿយៗត្រូវបានរកឃើញនៅក្នុងការព្យាបាលដោយវិទ្យុសកម្មដើម្បីព្យាបាលជំងឺមហារីក និងការប៉ះពាល់នឹងវិទ្យុសកម្មគ្រាប់បែកអាតូម។
- ប្រវត្តិគ្រួសារមានដុំសាច់ខួរក្បាល៖ ប្រវត្តិគ្រួសារដែលមានវិបត្តិហ្សែន ឬមានសមាជិកគ្រួសារផ្ទាល់ធ្លាប់មានដុំសាច់ខួរក្បាលពីមុនមក ទោះបីជាកម្រក៏ដោយ ក៏អាចបង្កើនហានិភ័យនៃការកើតដុំសាច់ខួរក្បាលផងដែរ។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺ Medulloblastoma ជាញឹកញាប់រួមបញ្ចូលទាំងការពិភាក្សាអំពីការប្រែប្រួលនៃរោគសញ្ញាដែលអ្នកជំងឺបានជួបប្រទះ ការវាយតម្លៃលើប្រវត្តិវេជ្ជសាស្ត្រ និងការធ្វើតេស្តស៊ើបអង្កេតផ្សេងៗគ្នា ដូចជា៖
- ការពិនិត្យប្រព័ន្ធប្រសាទ៖ នេះគឺជាឧបករណ៍វាយតម្លៃមួយដើម្បីស្វែងរកសញ្ញានៃវិបត្តិដែលជះឥទ្ធិពលដល់ខួរក្បាល ខួរឆ្អឹងខ្នង និងសរសៃប្រសាទ។ ការពិនិត្យប្រព័ន្ធប្រសាទមានទិដ្ឋភាពនៃការធ្វើតេស្តជាច្រើន រួមមានការសម្របសម្រួលចលនា លំនឹងរាងកាយ ចក្ខុវិញ្ញាណ (គំហើញ) កម្លាំងសាច់ដុំ និងប្រព័ន្ធវិញ្ញាណដឹង។
- ការថតឆ្លុះពិនិត្យរូបភាព៖ ការថតស៊ីធីស្កែន CT scan ឬការថតអឹមអរអាយ MRI ត្រូវបានប្រើប្រាស់ជាទូទៅដើម្បីធ្វើរោគវិនិច្ឆ័យដុំសាច់ខួរក្បាល។ ក្នុងករណីខ្លះ ការថត Perfusion MRI និង Magnetic resonance spectroscopy ក៏អាចត្រូវបានយកមកប្រើប្រាស់ផងដែរ។ តាមរយៈកាំរស្មីអ៊ិចកម្រិតខ្ពស់ និងរលកវិទ្យុ វានឹងបង្កើតរូបភាពយ៉ាងលម្អិតដែលអាចជួយក្នុងការកំណត់ទីតាំង និងទំហំនៃដុំសាច់ខួរក្បាល។ ការធ្វើតេស្តទាំងនេះក៏មានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្វែងរកសម្ពាធ ឬការស្ទះនៅក្នុងផ្លូវហូរនៃទឹកខួរក្បាល និងទួរឆ្អឹងខ្នង (CSF)។
- ការធ្វើកោសល្យវិច័យ៖ គ្រូពេទ្យអាចប្រមូលគំរូជាលិកា និងបញ្ជូនវាទៅមន្ទីរពិសោធន៍រោគវិទ្យាដើម្បីធ្វើការតេស្ត និងវិភាគ។ ជាទូទៅ ការបកសាច់ពិនិត្យភ្លាមៗមិនសូវត្រូវបានអនុវត្តនោះទេ ប៉ុន្តែវាអាចត្រូវបានណែនាំប្រសិនបើលទ្ធផលនៃការថតឆ្លុះពិនិត្យរូបភាពមិនបានបង្ហាញចង្អុលបង្ហាញច្បាស់លាស់ពីជំងឺ Medulloblastoma ឬមិនអាចបញ្ជាក់ពីស្ថានភាពជំងឺបាន។
- ការចោះទឹកខួរឆ្អឹងខ្នង៖ ការធ្វើតេស្តនេះជាធម្មតាត្រូវបានអនុវត្តបន្ទាប់ពីសម្ពាធនៅក្នុងខួរក្បាលត្រូវបានសម្រាល ឬបន្ទាប់ពីដុំសាច់ត្រូវបានវះកាត់យកចេញរួចរាល់។ នីតិវិធីនេះរួមបញ្ចូលទាំងការដាក់ម្ជុលចូលទៅចន្លោះឆ្អឹងពីរនៃឆ្អឹងខ្នងផ្នែកខាងក្រោម ដើម្បីដកយកទឹកខួរក្បាល និងទួរឆ្អឹងខ្នងចេញពីតំបន់ជុំវិញខួរឆ្អឹងខ្នង។ ទឹកខួរក្បាលនោះនឹងត្រូវយកទៅពិនិត្យស្វែងរកកោសិកាមហារីក ឬភាពមិនប្រក្រតីផ្សេងៗទៀត។
ការព្យាបាល
ផែនការព្យាបាលសម្រាប់ជំងឺ Medulloblastoma ទាមទារការពិចារណាដោយហ្មត់ចត់លើកត្តាជាច្រើន ដូចជាកម្រិត និងប្រភេទនៃដុំសាច់ លក្ខណៈសម្បត្តិរបស់មហារីក អាយុ និងស្ថានភាពសុខភាពរបស់អ្នកជំងឺនៅពេលធ្វើរោគវិនិច្ឆ័យ ព្រមទាំងលទ្ធភាពឆ្លើយតបទៅនឹងការព្យាបាល។ ជម្រើសនៃការព្យាបាលជាច្រើនរួមមាន៖
- ការវះកាត់យកដុំសាច់ Medulloblastoma ចេញ៖ ការវះកាត់ជាទូទៅជាជម្រើសដំបូងគេនៃការព្យាបាលជំងឺ Medulloblastoma។ ក្នុងកំឡុងពេលវះកាត់ អ្វីដែលសំខាន់បំផុតគឺមិនត្រូវធ្វើឱ្យខូចខាតដល់ជាលិកានៅក្បែរនោះទេ នៅពេលដែលដុំសាច់ត្រូវបានយកចេញ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែជំងឺ Medulloblastoma លូតលាស់នៅក្បែររចនាសម្ព័ន្ធសំខាន់ៗដែលស្ថិតនៅជ្រៅក្នុងខួរក្បាល វាមិនមែនជារឿងដែលអាចធ្វើទៅបានទាំងស្រុងនោះទេក្នុងការវះកាត់យកដុំសាច់ចេញឱ្យអស់គ្មានសល់។ ការវះកាត់អាចនឹងត្រូវបន្តដោយការព្យាបាលដោយគីមី ការព្យាបាលដោយវិទ្យុសកម្ម ឬការរួមបញ្ចូលទាំងពីរ។
- ការវះកាត់ដើម្បីសម្រាលការកកកុញទឹកនៅក្នុងខួរក្បាល៖ ការវះកាត់នេះអាចធ្វើឡើងទន្ទឹមគ្នានឹងការវះកាត់យកដុំសាច់ Medulloblastoma ចេញ។ គោលដៅ គឺដើម្បីបង្កើតផ្លូវបង្ហូរសម្រាប់ទឹកឱ្យចាកចេញពីខួរក្បាល ដែលជាទូទៅការប្រើប្រាស់បំពង់បង្ហូរខាងក្រៅ ឬការដាក់បំពង់បង្ហូរទឹកខួរក្បាលចូលទៅក្នុងស្រោមពោះអាចនឹងត្រូវណែនាំឱ្យអនុវត្ត។ បញ្ហានេះកើតឡើងដោយសារតែនៅពេលដែលដុំសាច់ Medulloblastoma លូតលាស់ធំល្មមវានឹងរារាំងលំហូរនៃទឹកខួរក្បាល និងទួរឆ្អឹងខ្នង ដែលបណ្តាលឱ្យមានការកកកុញទឹក និងបង្កើតជាសម្ពាធសង្កត់លើខួរក្បាល។
- ការព្យាបាលដោយវិទ្យុសកម្ម៖ ការវះកាត់ជាធម្មតាត្រូវបានបន្តដោយការបញ្ចាំងវិទ្យុសកម្មទៅលើខួរក្បាល និងឆ្អឹងខ្នង ព្រោះជំងឺនេះអាចរីករាលដាលនៅក្នុងតំបន់ទាំងនេះ។ ការព្យាបាលនេះប្រើប្រាស់កាំរស្មីអ៊ិចដែលមានថាមពលខ្ពស់ដើម្បីបំផ្លាញកោសិកាមហារីក។ ក្នុងករណីខ្លះ ការព្យាបាលដោយវិទ្យុសកម្មប្រូតុនត្រូវបានណែនាំ ដោយសារវាផ្តោតចំទៅលើការសម្លាប់កោសិកាមហារីក ខណៈពេលដែលរក្សាបាននូវជាលិកាល្អៗនៅជុំវិញ។ វាជួយកាត់បន្ថយផលវិបាកដែលអាចកើតមានចំពោះមជ្ជារន្ធរឹង (ខួរក្នុងឆ្អឹង) និងសរីរាង្គក្បែរៗនោះ បើធៀបនឹងការបញ្ចាំងវិទ្យុសកម្មលើខួរក្បាល និងឆ្អឹងខ្នងតាមស្តង់ដារធម្មតា។
- ការព្យាបាលដោយគីមី៖ ការព្យាបាលដោយគីមីអាចជាផ្នែកមួយនៃផែនការព្យាបាលក្រោយការវះកាត់ រួមជាមួយ ឬបន្ទាប់ពីការព្យាបាលដោយវិទ្យុសកម្ម អាស្រ័យទៅលើបរិមាណដុំសាច់ដែលនៅសេសសល់។ បន្ទាប់ពីការព្យាបាលដោយគីមី ការប្តូរកោសិកាដើមអាចនឹងត្រូវធ្វើឡើង។ ឱសថដែលប្រើប្រាស់ក្នុងការព្យាបាលនេះ អាចជាទម្រង់គ្រាប់សម្រាប់លេប ឬចាក់បញ្ចូលតាមសរសៃវ៉ែនដើម្បីបំផ្លាញកោសិកាមហារីក និងទប់ស្កាត់ការលូតលាស់របស់ដុំសាច់។
- ការសាកល្បងគ្លីនិក៖ ការសាកល្បងទាំងនេះផ្តល់ឱកាសក្នុងការស្វែងយល់ និងទទួលបាននូវវិធីសាស្ត្រវេជ្ជសាស្ត្រចុងក្រោយបង្អស់ ដូចជាថ្នាំព្យាបាលដោយគីមីថ្មី ការព្យាបាលចំគោលដៅ ឬការព្យាបាលដោយប្រព័ន្ធភាពស៊ាំដែលអាចព្យាបាលជំងឺ Medulloblastoma បាន។ ក្រុមការងារវេជ្ជសាស្ត្ររបស់អ្នកជំងឺនឹងសម្រេចចិត្តលើការព្យាបាលដែលអាចទៅរួច ផ្អែកលើអាយុរបស់អ្នកជំងឺ ដុំសាច់ដែលនៅសេសសល់ក្រោយការវះកាត់ ប្រភេទដុំសាច់ ទីតាំងដុំសាច់ និងគ្រោះថ្នាក់នៃផលប៉ះពាល់ដែលមិនទាន់ដឹងច្បាស់លាស់។
