ទិដ្ឋភាពទូទៅ

កម្ទេចអណ្តែតក្នុងគ្រាប់ភ្នែក គឺជាទម្រង់រូបរាង ឬអុជខ្មៅតូចៗដែលអ្នកអាចមើលឃើញនៅពេលអ្នកសម្លឹងមើលមេឃស្រឡះ ក្រដាសទទេ ឬជញ្ជាំងពណ៌ស។ ពួកវាច្រើនតែរំកិលចុះឡើងនៅពេលអ្នកងាកភ្នែក ហើយនៅពេលអ្នកព្យាយាមសម្លឹងមើលពួកវាឱ្យចំ ពួកវាហាក់ដូចជារត់គេចចេញភ្លាមៗ

ភាគច្រើននៃកម្ទេចអណ្តែតក្នុងគ្រាប់ភ្នែក កើតចេញពីការប្រែប្រួលទៅតាមវ័យនៃទឹកដមភ្នែក (Vitreous) ដែលជាសារធាតុដូចចាហួយនៅក្នុងភ្នែករបស់អ្នក ដែលប្រែទៅជារាវ និងរួមតូច។ ការផ្លាស់ប្តូរទាំងនេះនាំឱ្យមានការកកដុំនៃសរសៃខូឡាជែននៅក្នុងទឹកដមភ្នែក ដែលអាចបង្កឱ្យមានស្រមោលនៅលើរ៉េទីន (Retina)។ ស្រមោលទាំងនេះហើយគឺជាអ្វីដែលយើងហៅថា កម្ទេចអណ្តែតក្នុងគ្រាប់ភ្នែក

ប្រសិនបើអ្នកជួបប្រទះការកើនឡើងនៃកម្ទេចអណ្តែតក្នុងគ្រាប់ភ្នែកភ្លាមៗ វាជារឿងចាំបាច់ណាស់ដែលត្រូវទាក់ទងទៅគ្រូពេទ្យភ្នែកជាបន្ទាន់ ជាពិសេសប្រសិនបើអ្នកមើលឃើញពន្លឺភ្លឹបភ្លែតៗ ឬបាត់បង់គំហើញ។ រោគសញ្ញាទាំងនេះអាចបង្ហាញពីស្ថានភាពអាសន្នផ្នែកវេជ្ជសាស្ត្រដែលទាមទារការយកចិត្តទុកដាក់ជាប្រញាប់

រោគសញ្ញា

កម្ទេចអណ្តែតក្នុងគ្រាប់ភ្នែកអាចបង្ហាញឡើងជាមួយនឹងរោគសញ្ញាដូចខាងក្រោម៖

  • រូបរាងតូចៗក្នុងគំហើញរបស់អ្នក ដែលមើលទៅដូចជាចំណុចខ្មៅ ឬសរសៃអំបោះថ្លាៗដែលអណ្តែតចុះឡើង
  • អុជខ្មៅដែលរំកិលទៅតាមការងាកភ្នែក ដែលធ្វើឱ្យអ្នកពិបាកសម្លឹងមើលពួកវាឱ្យចំ
  • មើលឃើញចំណុចទាំងនេះកាន់តែច្បាស់ នៅពេលអ្នកសម្លឹងមើលផ្ទៃខាងក្រោយដែលភ្លឺច្បាស់ ដូចជាមេឃខៀវ ឬជញ្ជាំងពណ៌ស
  • រូបរាង ឬសរសៃតូចៗទាំងនេះ នឹងសន្សឹមៗធ្លាក់ចុះក្រោម ឬអណ្តែតចេញពីគំហើញរបស់អ្នក

សូមទាក់ទងគ្រូពេទ្យភ្នែកភ្លាមៗ ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម៖

  • ការកើនឡើងនៃកម្ទេចអណ្តែតក្នុងគ្រាប់ភ្នែក
  • ការលេចឡើងភ្លាមៗនៃកម្ទេចអណ្តែតថ្មីៗ
  • មើលឃើញពន្លឺភ្លឹបភ្លែតៗក្នុងភ្នែកតែមួយជាមួយនឹងកម្ទេចកំទីនោះ
  • ស្រវាំងភ្នែក ឬមានផ្ទាំងពណ៌ប្រផេះបាំងផ្នែកណាមួយនៃគំហើញ
  • បាត់បង់គំហើញផ្នែកចំហៀង (Peripheral vision)

រោគសញ្ញាដែលមិនមានការឈឺចាប់ទាំងនេះ អាចបង្ហាញពីការរហែករ៉េទីន ឬការដាច់រ៉េទីន (Retinal detachment) ដែលជាស្ថានភាពភ្នែកធ្ងន់ធ្ងរ និងត្រូវការការព្យាបាលជាបន្ទាន់

​​ មូលហេតុ

កម្ទេចអណ្តែតក្នុងគ្រាប់ភ្នែកអាចបណ្តាលមកពីការប្រែប្រួលតាមវ័យនៃទឹកដមភ្នែក ឬមកពីជំងឺ និងស្ថានភាពផ្សេងៗ រួមមាន៖

  • ការប្រែប្រួលតាមវ័យ៖ ទឹកដមភ្នែកនឹងប្រែប្រួលនៅពេលអ្នកមានអាយុច្រើន។ វាប្រែជារាវបន្តិចម្តងៗ និងរួមតូច ដែលបណ្តាលឱ្យវាដាច់ចេញពីផ្នែកខាងក្នុងនៃភ្នែក។ សរសៃខូឡាជែនអាចកកដុំគ្នា បង្កើតជាស្រមោលនៅលើរ៉េទីន
  • ការរលាក៖ ការរលាកនៅផ្នែកខាងក្រោយបាតភ្នែក (Posterior uveitis) អាចបង្កឱ្យមានកម្ទេចអណ្តែតក្នុងគ្រាប់ភ្នែក។ ការរលាកនេះអាចបណ្តាលមកពីការឆ្លងមេរោគ ឬជំងឺអូតូអ៊ុយមីន
  • ការហូរឈាម៖ ការហូរឈាមក្នុងទឹកដមភ្នែក (Vitreous hemorrhage) អាចបង្កឡើងដោយការរហែករ៉េទីន ជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ឬការប៉ះទង្គិច។ ស្ថានភាពនេះច្រើនតែពាក់ព័ន្ធនឹងជំងឺភ្នែកដែលបណ្តាលមកពីទឹកនោមផ្អែម
  • ការរហែករ៉េទីន៖ នៅពេលទឹកដមភ្នែករួមតូច វាអាចទាញរ៉េទីនឱ្យរហែក។ បើគ្មានការព្យាបាលត្រឹមត្រូវទេ វាអាចវិវត្តទៅជាការដាច់រ៉េទីន ដែលបណ្តាលឱ្យបាត់បង់គំហើញជាអចិន្ត្រៃយ៍
  • ការវះកាត់ភ្នែក និងការប្រើថ្នាំ៖ ថ្នាំភ្នែកមួយចំនួនដែលចាក់ចូលក្នុងទឹកដមភ្នែក អាចបង្កើតជាពពុះខ្យល់ដែលមើលទៅដូចជាស្រមោលជាបណ្តោះអាសន្ន។ លើសពីនេះ ក្នុងអំឡុងពេលវះកាត់រ៉េទីន ពពុះប្រេងស៊ីលីកូន (Silicone oil) ក៏អាចមើលឃើញដូចជាកម្ទេចកំទីក្នុងភ្នែកផងដែរ

កត្តាហានិភ័យ

កត្តាដែលបង្កើនហានិភ័យរួមមាន៖

  • វ័យចំណាស់ (ជាទូទៅលើសពី ៥០ ឆ្នាំ)
  • ធ្លាប់មានរបួសភ្នែកពីមុន
  • ផលវិបាកពីការវះកាត់បាយភ្នែក
  • ជំងឺភ្នែកបណ្តាលមកពីទឹកនោមផ្អែម
  • មានប្រវត្តិគ្រួសារធ្លាប់រហែក ឬដាច់រ៉េទីន
  • ភ្នែកម៉្ញូប
  • ធ្លាប់មានប្រវត្តិនៃការរលាកស្រទាប់យូវៀ (Uveitis)

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យឯកទេសភ្នែកនឹងធ្វើការពិនិត្យភ្នែកយ៉ាងហ្មត់ចត់ ដើម្បីកំណត់រកមូលហេតុនៃកម្ទេចអណ្តែតក្នុងគ្រាប់ភ្នែក។ ការពិនិត្យនេះជាទូទៅរួមមានការបន្តក់ថ្នាំពង្រីកប្រស្រីភ្នែក ដែលធ្វើឱ្យរន្ធខ្មៅនៅចំកណ្តាលភ្នែករីកធំ។ ការពង្រីកនេះជួយឱ្យអ្នកជំនាញអាចមើលឃើញផ្នែកខាងក្រោយនៃភ្នែក និងទឹកដមភ្នែកបានកាន់តែច្បាស់

ការព្យាបាល

កម្ទេចអណ្តែតក្នុងគ្រាប់ភ្នែកភាគច្រើនមិនទាមទារការព្យាបាលនោះទេ លើកលែងតែក្នុងករណីដែលវាបណ្តាលមកពីបញ្ហាសុខភាពលាក់កំបាំង ដូចជាការហូរឈាមពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែម ឬការរលាក ដែលត្រូវតែដោះស្រាយ។ ទោះបីជាកម្ទេចកំទីទាំងនេះអាចបង្កឱ្យមានការរំខាន ហើយត្រូវការពេលដើម្បីស៊ាំនឹងវា ប៉ុន្តែនៅពេលដែលអ្នកមានអារម្មណ៍ជឿជាក់ថាពួកវាមិនបង្កបញ្ហាអ្វីបន្ថែមទៀត អ្នកនឹងចាប់ផ្តើមលែងសូវចាប់អារម្មណ៍ ឬយកចិត្តទុកដាក់លើពួកវាដោយឯកឯង។ ក្នុងករណីកម្រដែលកម្ទេចកំទីក្នុងភ្នែកធ្វើឱ្យប៉ះពាល់ដល់គំហើញយ៉ាងខ្លាំង អ្នក និងគ្រូពេទ្យឯកទេសអាចពិចារណាលើជម្រើសនៃការព្យាបាលដូចជា ការវះកាត់ទឹកដមភ្នែក ឬការបាញ់ឡាស៊ែរ ទោះបីជានីតិវិធីទាំងនេះមិនសូវត្រូវបានអនុវត្តញឹកញាប់ក៏ដោយ

  • ការវះកាត់យកទឹកដមភ្នែកចេញ (Vitrectomy): នីតិវិធីនេះត្រូវបានអនុវត្តដោយគ្រូពេទ្យភ្នែកជំនាញ ដោយការវះកាត់យកទឹកដមភ្នែកចេញតាមរយៈមុខកាត់តូចមួយ។ ទឹកដមភ្នែកនឹងត្រូវបានជំនួសវិញដោយដំណោះស្រាយម្យ៉ាង ដើម្បីជួយរក្សារូបរាងគ្រាប់ភ្នែក។ វាជារឿងសំខាន់ដែលត្រូវដឹងថា ការវះកាត់អាចនឹងមិនអាចកម្ចាត់កម្ទេចកំទីបានទាំងអស់នោះទេ ហើយកម្ទេចកំទីថ្មីៗអាចនឹងកើតមានឡើងជាបន្តបន្ទាប់ទៀត។ ហានិភ័យដែលអាចកើតមានពីការវះកាត់នេះ រួមមានការឆ្លងមេរោគ ការហូរឈាម និងការរហែករ៉េទីន
  • ការបាញ់ឡាស៊ែររំលាយកម្ទេចអណ្តែតក្នុងគ្រាប់ភ្នែក (Vitreolysis): តាមរយៈវិធីសាស្ត្រនេះ គ្រូពេទ្យភ្នែកនឹងប្រើប្រាស់ឡាស៊ែរពិសេសតម្រង់ទៅកាន់កម្ទេចកំទីនៅក្នុងទឹកដមភ្នែក។ ការព្យាបាលដោយឡាស៊ែរនេះអាចជួយបំបែកកម្ទេចកំទី និងកាត់បន្ថយភាពច្បាស់របស់វា។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលអាចមានភាពខុសគ្នា ដោយមនុស្សមួយចំនួនរាយការណ៍ថាគំហើញបានប្រសើរឡើង ខណៈខ្លះទៀតមិនមានការផ្លាស់ប្តូរអ្វីទាល់តែសោះ។ ការប្រុងប្រយ័ត្នខ្ពស់គឺជារឿងចាំបាច់សម្រាប់ការព្យាបាលនេះ ព្រោះប្រសិនបើការតម្រង់ឡាស៊ែរមានការខុសឆ្គង វាអាចបណ្តាលឱ្យខូចខាតដល់រ៉េទីន

Doctors who treat this condition