ទិដ្ឋភាពទូទៅ
ដុំគីសទឹកនៅសុដន់ សំដៅទៅលើការប្រែប្រួលនៃជាលិកាសុដន់ ដែលអាចមានសភាពខ្លាំង ឬខ្សោយទៅតាមវដ្តរដូវ។ ការផ្លាស់ប្តូរទាំងនេះជារឿយៗបណ្តាលឱ្យមានការកកើតជាដុំៗ ឬតំបន់ដែលឡើងក្រាស់នៅក្នុងជាលិកាសុដន់ ដែលអាចមានអារម្មណ៍ដូចជាខ្សែនៅក្រោមស្បែក។ វាជាការសំខាន់ដែលត្រូវកត់សម្គាល់ថា ដុំគីសទឹកនៅសុដន់មិនមែនជាជំងឺនោះទេ ប៉ុន្តែគឺជាលក្ខខណ្ឌទូទៅមួយដែលត្រូវបានគេស្គាល់ផងដែរថាជា “ការប្រែប្រួលរបស់សុដន់បែប Fibrocystic” ។
ការមានជាលិកាសុដន់បែបដុំៗ ឬការប្រែប្រួលដុំគីសទឹកនៅសុដន់ គឺជាជារឿងធម្មតា និងមិនមានការពាក់ព័ន្ធជាមួយជំងឺ ឬលក្ខខណ្ឌសុខភាពណាមួយឡើយ។ ក្នុងករណីភាគច្រើន វាមិនមានរោគសញ្ញានោះទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនអាចមានអារម្មណ៍មិនស្រួលនៅមុនពេលមករដូវ ដោយសារតែការឈឺសុដន់ ភាពទន់ និងការឡើងដុំៗ ជាពិសេសនៅផ្នែកខាងលើ និងផ្នែកខាងក្រៅនៃសុដន់។ ការថែទាំខ្លួនឯងសាមញ្ញៗអាចជួយសម្រាលភាពមិនស្រួលនេះបាន ហើយរោគសញ្ញាសុដន់ជាធម្មតានឹងប្រសើរឡើងវិញបន្ទាប់ពីអស់រដូវ។
រោគសញ្ញា
ការប្រែប្រួលដុំគីសទឹកនៅសុដន់ គឺកើតមានញឹកញាប់បំផុតចំពោះស្ត្រីដែលមានអាយុចន្លោះពី ៣០ ដល់ ៥០ ឆ្នាំ។ រោគសញ្ញាអាចចាប់ផ្តើមខ្លាំងនៅអាយុ ៣០ ឆ្នាំ និងកាន់តែខ្លាំងម្តងទៀតបន្ទាប់ពីអាយុ ៣៥ ឆ្នាំ។ លក្ខខណ្ឌនេះគឺកម្រកើតមានណាស់ចំពោះស្ត្រីដែលបានអស់រដូវ និងមិនបានទទួលការព្យាបាលដោយអរម៉ូន។ សញ្ញា និងរោគសញ្ញាទូទៅរួមមាន៖
- ការឈឺចាប់ ឬស្រកៀកសុដន់ ដែលអាចកាន់តែខ្លាំងនៅមុនពេលមករដូវ
- ដុំពកតូចៗ ឬជាលិកាដុំៗក្នុងសុដន់ ដែលរីកធំ និងរួមតូចទៅតាមវដ្តរដូវ
- ដុំពក ឬការឡើងក្រាស់នៃសុដន់ ដែលនៅលាយឡំជាមួយជាលិកាសុដន់ជុំវិញ
- មានទឹកហូរចេញពីក្បាលដោះពណ៌បៃតង ឬត្នោតចាស់ ដែលហូរចេញមកដោយខ្លួនឯងដោយមិនចាំបាច់ច្របាច់
- ការប្រែប្រួលដូចគ្នានៅលើសុដន់ទាំងសងខាង
ប្រសិនបើរោគសញ្ញានៃការប្រែប្រួលដុំគីសទឹកនៅសុដន់ នៅតែបន្តកើតមានសូម្បីតែបន្ទាប់ពីអស់រដូវហើយក៏ដោយ សូមប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់។ រាល់ការផ្លាស់ប្តូរជាលិកាសុដន់គួរតែត្រូវបានរាយការណ៍ទៅកាន់គ្រូពេទ្យ ដើម្បីជៀសវាងបញ្ហាធ្ងន់ធ្ងរណាមួយ។ ដំបូង គ្រូពេទ្យនឹងកំណត់ថាតើដុំសាច់នោះជាដុំសាច់កាច (មហារីក) ឬដុំសាច់ស្លូត។
វាជារឿងសំខាន់ក្នុងការស្វែងរកការព្យាបាលឱ្យបានឆាប់រហ័ស ប្រសិនបើមានការឈឺចាប់ខ្លាំង ឬអូសបន្លាយនៅតំបន់ជាក់លាក់ណាមួយនៃសុដន់ ការលេចឡើងនូវដុំពកថ្មី ឬដុំពកដែលមិនបាត់ទៅវិញ ឬប្រសិនបើមានការឡើងក្រាស់ ឬរឹងនៅក្នុងជាលិកាសុដន់យ៉ាងច្បាស់។ រោគសញ្ញាទាំងនេះតម្រូវឱ្យមានការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាបន្ទាន់។
មូលហេតុ
ការប្រែប្រួលដុំគីសទឹកនៅសុដន់ ត្រូវបានគេជឿថាបណ្តាលមកពីការប្រែប្រួលនៃកម្រិតអរម៉ូន ជាពិសេសអរម៉ូនអេស្ត្រូសែនក្នុងអំឡុងពេលមករដូវ។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដនៃលក្ខខណ្ឌនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
នៅក្រោមមីក្រូទស្សន៍ ជាលិកាសុដន់ដែលមានដុំគីសទឹក មានផ្ទុកនូវសមាសធាតុផ្សេងៗដូចជា៖
- ថង់ទឹកតូចៗរាងមូល ឬរាងពងក្រពើ
- ជាលិកាសរសៃដែលដុះឡើងដូចជាស្លាកស្នាម
- ការរីកធំនៃក្រពេញទឹកដោះតូចៗ
- ការកើនឡើងនៃកោសិកាដែលស្រោបបំពង់ទឹកដោះ ឬសរីរាង្គផលិតទឹកដោះ
ការប្រែប្រួលដុំគីសទឹកនៅសុដន់ ផ្តល់ភាពរំខានខ្លាំងនៅមុនពេលមករដូវ និងថយចុះវិញនៅពេលមករដូវចាប់ផ្តើម។ ក្នុងអំឡុងពេលវដ្តរដូវ ការប្រែប្រួលកម្រិតអរម៉ូនអាចបង្កឱ្យមានការឈឺសុដន់ និងការឡើងជាលិកាដុំៗ ដែលធ្វើឱ្យមានអារម្មណ៍ថាឈឺ ទន់ និងហើម។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យ និងការវាយតម្លៃលើ ដុំគីសទឹកនៅសុដន់ ជាធម្មតារួមបញ្ចូលទាំងការពិនិត្យប្រវត្តិវេជ្ជសាស្ត្រ និងការពិនិត្យរាងកាយ។ ក្នុងអំឡុងពេលពិនិត្យសុដន់តាមបែបគ្លីនិក គ្រូពេទ្យនឹងពិនិត្យសុដន់ និងកូនកណ្តុរនៅផ្នែកខាងក្រោមនៃកញ្ចឹងក និងតំបន់ក្លៀក ដើម្បីស្វែងរកជាលិកាសុដន់ដែលមិនធម្មតា។
ក្នុងករណីដែលរកឃើញដុំពកថ្មី ឬជាលិកាសុដន់មិនធម្មតា ក្នុងអំឡុងពេលពិនិត្យសុដន់តាមបែបគ្លីនិក អ្នកជំងឺអាចនឹងត្រូវបានស្នើឱ្យត្រឡប់មកជួបគ្រូពេទ្យម្តងទៀតសម្រាប់ការតាមដាននៅប៉ុន្មានសប្តាហ៍បន្ទាប់ពីអស់រដូវ។ ប្រសិនបើការផ្លាស់ប្តូរនៅតែបន្តកើតមាន ឬប្រសិនបើការពិនិត្យសុដន់មានសញ្ញាគួរឱ្យព្រួយបារម្ភ ការធ្វើតេស្តបន្ថែមអាចនឹងចាំបាច់ដើម្បីវាយតម្លៃជាលិកាសុដន់ឱ្យកាន់តែច្បាស់។
ការធ្វើតេស្តបន្ថែមរួមមាន៖
- ម៉ាម៉ូក្រាម (Mammogram)៖ នេះគឺជាការថតកាំរស្មីអ៊ិច ដែលផ្តោតលើតំបន់ជាក់លាក់ណាមួយនៃសុដន់។ ការថតម៉ាម៉ូក្រាមជារឿយៗត្រូវបានណែនាំនៅពេលមានអារម្មណ៍ថាមានដុំពក ឬមានការឡើងក្រាស់នៃជាលិកាសុដន់
- អេកូសាស្ត្រ៖ ការពិនិត្យនេះជាធម្មតាត្រូវបានណែនាំសម្រាប់ស្ត្រីវ័យក្មេង ដែលជាលិកាសុដន់របស់ពួកគេច្រើនតែក្រាស់ពេកសម្រាប់ការវាយតម្លៃដោយម៉ាម៉ូក្រាម។ គ្រូពេទ្យអាចប្រើអេកូដើម្បីបែងចែករវាងគីសដែលមានផ្ទុកទឹក និងដុំសាច់រឹង។ អេកូសាស្ត្រដែលប្រើរលកសំឡេងដើម្បីបង្កើតរូបភាពសុដន់ ច្រើនតែត្រូវបានធ្វើឡើងរួមគ្នាជាមួយម៉ាម៉ូក្រាម
- ការបូមដោយម្ជុលតូច (Fine-needle aspiration)៖ ការបូមដោយម្ជុលតូចអាចត្រូវបានប្រើដើម្បីបូមទឹកចេញពីគីស និងកាត់បន្ថយភាពមិនស្រួល។ នីតិវិធីនេះជួយពិនិត្យមើលថាតើទឹកអាចត្រូវបានបូមចេញពីដុំសុដន់ដែលមានលក្ខណៈដូចជាគីសបានដែរឬទេ
- ការធ្វើកោសល្យវិច័យសុដន់៖ គឺជាដំណើរការដែលដកយកគំរូជាលិកាសុដន់តូចមួយទៅពិនិត្យក្នុងមន្ទីរពិសោធន៍។ វាជួយបញ្ជាក់ថាតើដុំពកនោះជាសាច់រឹង ឬជាគីសទឹក ក៏ដូចជាបញ្ជាក់ថាតើវាជាដុំសាច់កាចដែរឬទេ។ គីសអាចនឹងត្រូវបានដកចេញក្នុងអំឡុងពេលច្រិបសាច់នេះ
ប្រសិនបើការធ្វើតេស្តរូបភាពបង្ហាញពីតំបន់ដែលគួរឱ្យសង្ស័យនៅក្នុងសុដន់ គ្រូពេទ្យអាចណែនាំឱ្យធ្វើការច្រិបសាច់ដោយប្រើអេកូជួយតម្រង់ទិស (Ultrasound-guided breast biopsy) ឬការច្រិបសាច់តាមបែប Stereotactic ដែលប្រើម៉ាម៉ូក្រាមដើម្បីកំណត់ទីតាំងដែលត្រូវច្រិបឱ្យបានច្បាស់លាស់។
ទោះបីជាលទ្ធផលម៉ាម៉ូក្រាមដំបូងបង្ហាញថាធម្មតាក៏ដោយ វាជារឿងសំខាន់ណាស់ក្នុងការរាយការណ៍រាល់ការផ្លាស់ប្តូរសុដន់ថ្មីៗ ឬការផ្លាស់ប្តូរដែលមិនបាត់ទៅវិញទៅកាន់អ្នកជំនាញវេជ្ជសាស្ត្រ។ ដើម្បីវាយតម្លៃការផ្លាស់ប្តូរទាំងនោះ អ្នកអាចនឹងត្រូវការការធ្វើតេស្តផ្សេងទៀតដូចជា ការថតម៉ាម៉ូក្រាមរោគវិនិច្ឆ័យ ឬអេកូសាស្ត្រ។
ការព្យាបាល
នៅពេលដែលគ្រូពេទ្យបានបញ្ជាក់ថាមិនមែនជាមហារីកហើយ ការប្រែប្រួលដុំគីសទឹកនៅសុដន់ ភាគច្រើនមិនត្រូវការការព្យាបាលនោះទេ។ ថ្នាំដែលលក់នៅតាមឱសថស្ថានជាធម្មតាអាចប្រើនៅផ្ទះដើម្បីសម្រាលការឈឺចាប់ដែលពាក់ព័ន្ធ។ ថ្នាំទាំងនេះរួមមានថ្នាំបំបាត់ការឈឺចាប់ដូចជា អាសេតាមីណូហ្វែន (Acetaminophen) ឬថ្នាំប្រឆាំងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត (NSAIDs) ដូចជា អ៊ីប៊ុយប្រូហ្វែន (Ibuprofen) ឬ ណាប៉ូហ្សិន សូដ្យូម (Naproxen sodium)។ ថ្នាំពន្យារកំណើតតាមមាត់ក៏ត្រូវបានគេស្គាល់ផងដែរថាអាចជួយគ្រប់គ្រងកម្រិតអរម៉ូនដែលទាក់ទងនឹងវដ្តរដូវ។
ការប្រើប្រាស់អាវទ្រនាប់ដែលត្រូវខ្នាត និងជួយទប់លំនឹងសុដន់បានល្អទាំងពេលថ្ងៃ និងពេលយប់ អាចជួយសម្រាលការឈឺចាប់ និងភាពមិនស្រួលដែលបណ្តាលមកពីដុំគីសទឹកនៅសុដន់។ បន្ថែមពីនេះ ការកាត់បន្ថយ ឬជៀសវាងការទទួលទានជាតិកាហ្វេអ៊ីនក៏អាចជួយកាត់បន្ថយរោគសញ្ញាដែលរំខាននៃលក្ខខណ្ឌនេះផងដែរ។
ចំពោះការឈឺចាប់ខ្លាំង ឬគីសធំៗដែលបង្កឱ្យឈឺចាប់ អាចនឹងតម្រូវឱ្យមានការព្យាបាល។ ជម្រើសនៃការព្យាបាលរួមមាន៖
- ការបូមដោយម្ជុលតូច (Fine-needle aspiration)៖ ការបូមយកទឹកចេញជួយបញ្ជាក់ថាដុំពកនោះគឺជាគីសទឹកនៅសុដន់។ ការប្រើម្ជុលតូចឆ្មារបូមទឹកចេញ នឹងធ្វើឱ្យគីសនោះរួមតូច និងកាត់បន្ថយការឈឺចាប់ដែលបណ្តាលមកពីវា
- ការវះកាត់យកចេញ៖ ប្រសិនបើដុំពកដែលមានលក្ខណៈដូចគីសមិនជាសះស្បើយតាមរយៈការបូមទឹកចេញ និងការតាមដានញឹកញាប់ទេ ការវះកាត់អាចនឹងត្រូវបានណែនាំ។ ការព្យាបាលដោយវះកាត់ក៏ត្រូវបានធ្វើឡើងផងដែរ ប្រសិនបើលទ្ធផលនៃការពិនិត្យតាមបែបគ្លីនិកបង្ហាញពីសញ្ញាគួរឱ្យព្រួយបារម្ភ
