ទិដ្ឋភាពទូទៅ

ប្រសិនបើអ្នកកំពុងជួបប្រទះការឈឺចាប់ និងភាពរឹងតឹងនៅសន្លាក់ស្មា អ្នកប្រហែលជាកំពុងមានលក្ខខណ្ឌមួយដែលគេហៅថា ជំងឺជាប់ស្មា (frozen shoulder) ឬហៅម្យ៉ាងទៀតថា ជំងឺរលាកស្រោមសន្លាក់ស្មារួញស្អិត (adhesive capsulitis)។ លក្ខខណ្ឌនេះចាប់ផ្តើមស្តែងចេញនូវរោគសញ្ញាបន្តិចម្តងៗ និងកាន់តែធ្ងន់ធ្ងរទៅៗតាមពេលវេលា រហូតទាល់តែវាជាសះស្បើយវិញក្នុងចន្លោះពេលពីមួយឆ្នាំទៅបីឆ្នាំ។

ការមិនអាចធ្វើចលនាដៃបាន ដោយសារតែការសម្រាកព្យាបាលពីលក្ខខណ្ឌវេជ្ជសាស្ត្រណាមួយ ដូចជា ក្រោយពេលកើតជំងឺដាច់សរសៃឈាមខួរក្បាល (post-stroke) ឬបន្ទាប់ពីការវះកាត់ ដូចជាការវះកាត់កាត់សុដន់ចេញ (mastectomy) គឺបង្កើនហានិភ័យនៃការកើតជំងឺនេះ។

ការកើតឡើងវិញនៃជំងឺស្មាជាប់នៅលើចំហៀងដដែលគឺមិនសូវជាកើតមានញឹកញាប់នោះទេ ទោះបីជាស្មាម្ខាងទៀតអាចនឹងវិវត្តទៅជាលក្ខខណ្ឌដូចគ្នានេះក៏ដោយ។

រោគសញ្ញា

ជំងឺជាប់ស្មាត្រូវបែងចែកជាបីដំណាក់កាល ហើយដំណាក់កាលនីមួយៗអាចអូសបន្លាយពេលរាប់ខែ៖

  • ដំណាក់កាលចាប់ផ្តើមរឹង (Freezing stage)៖ លទ្ធភាពនៃការធ្វើចលនារបស់ស្មាប្រែជាមានកម្រិត ហើយរាល់ការធ្វើចលនាទាំងឡាយសុទ្ធតែបណ្តាលឱ្យមានការឈឺចាប់
  • ដំណាក់កាលជាប់ស្មា ឬកកក្ដាំង (Frozen stage)៖ នៅដំណាក់កាលនេះ ការឈឺចាប់អាចនឹងថយចុះ ប៉ុន្តែការធ្វើចលនាស្មាមានភាពពិបាកខ្លាំង ដោយសារតែវាបានប្រែជាស្ពឹកនិងរឹងខ្លាំងជាងមុន
  • ដំណាក់កាលរលាយ ឬធូរស្រាល (Thawing stage)៖ ដំណាក់កាលនេះបង្ហាញពីភាពប្រសើរឡើងវិញនៃការធ្វើចលនាស្មា

ការឈឺចាប់អាចនឹងកាន់តែធ្ងន់ធ្ងរឡើងនៅពេលល្ងាច ឬពេលយប់ ដែលវាប៉ះពាល់ដល់គុណភាពនៃការគេងរបស់មនុស្សមួយចំនួន។

​​ មូលហេតុ

ជំងឺជាប់ស្មាកើតឡើងនៅពេលដែលស្រោមសន្លាក់ស្មា (shoulder’s capsule) ដែលគ្របដណ្តប់លើសរសៃពួរ សរសៃចំណង និងឆ្អឹង បានឡើងក្រាស់ និងរឹតបន្តឹងជុំវិញសន្លាក់ស្មា ដែលជាហេតុបណ្តាលឱ្យមានកម្រិតក្នុងការធ្វើចលនា។

មូលហេតុពិតប្រាកដគឺមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែវាត្រូវបានគេសង្កេតឃើញថាកើតមានញឹកញាប់ជាងគេលើអ្នកជំងឺទឹកនោមផ្អែម ឬអ្នកដែលចាំបាច់ត្រូវរក្សាស្មារបស់ពួកគេមិនឱ្យធ្វើចលនាក្នុងរយៈពេលយូរ (ឧទាហរណ៍៖ ការបាក់ឆ្អឹងដៃ ឬស្ថានភាពក្រោយការវះកាត់)។

កត្តាហានិភ័យ

កត្តាដូចខាងក្រោមនេះអាចបង្កើនហានិភ័យរបស់អ្នកក្នុងការកើតជំងឺជាប់ស្មា៖

  • អាយុ និងភេទ៖ ប្រសិនបើអ្នកមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ជាពិសេសប្រសិនបើអ្នកជាស្ត្រី អ្នកមានលទ្ធភាពខ្ពស់ក្នុងការវិវត្តទៅជាជំងឺនេះ
  • ការមិនអាចធ្វើចលនាបាន ឬការកាត់បន្ថយចលនា៖ ការមិនបានធ្វើចលនា ឬការកាត់បន្ថយចលនាស្មាក្នុងរយៈពេលយូរ បង្កហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺជាប់ស្មា ដែលវាអាចបណ្តាលមកពី៖
    • ការរងរបួសសរសៃពួរជុំវិញសន្លាក់ស្មា
    • ការបាក់ឆ្អឹងដៃ
    • ជំងឺដាច់សរសៃឈាមខួរក្បាល
    • ការសម្រាកស្តារសម្បទាក្រោយការវះកាត់
  • ជំងឺប្រព័ន្ធរាងកាយ (Systemic diseases)៖ ជំងឺដូចខាងក្រោមនេះបង្កើនហានិភ័យនៃការកើតជំងឺជាប់ស្មា៖
    • ជំងឺសរសៃឈាមបេះដូង
    • ជំងឺទឹកនោមផ្អែម
    • ជំងឺរបេង
    • ជំងឺញ័រដៃជើង
    • ជំងឺលើសអរម៉ូនក្រពេញទីរ៉ូអ៊ីត
    • ជំងឺចុះខ្សោយក្រពេញទីរ៉ូអ៊ីត

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យនឹងណែនាំឱ្យអ្នកធ្វើចលនាជាក់លាក់មួយចំនួន និងធ្វើការបន្ធូរសាច់ដុំ ដើម្បីវាយតម្លៃលើលទ្ធភាពនៃការធ្វើចលនា និងកម្រិតនៃការឈឺចាប់របស់អ្នក ឬអាចនឹងចាក់ថ្នាំស្ពឹក។ ទាំងលទ្ធភាពធ្វើចលនាដោយខ្លួនឯង និងលទ្ធភាពធ្វើចលនាដោយមានជំនួយទាញពីគ្រូពេទ្យ សុទ្ធតែអាចរងផលប៉ះពាល់ដោយសារជំងឺជាប់ស្មា។

សញ្ញា និងរោគសញ្ញារបស់អ្នកអាចកំណត់រោគវិនិច្ឆ័យនៃជំងឺជាប់ស្មាបាន ប៉ុន្តែការធ្វើតេស្តរោគវិនិច្ឆ័យផ្សេងៗ ដូចជា ការថតកាំរស្មីអ៊ិច ឬការថតអឹមអរអាយ អាចនឹងត្រូវបានណែនាំដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់។

ការព្យាបាល

ការព្យាបាលខាងក្រោមនេះអាចត្រូវបានធ្វើឡើង ដើម្បីសម្រាលការឈឺចាប់ និងរក្សាលទ្ធភាពនៃការធ្វើចលនារបស់ស្មា៖

ការហាត់ប្រាណពត់ពន្លាតស្មា

លំហាត់ប្រាណទាំងឡាយណាដែលជួយគ្រប់គ្រងការឈឺចាប់ស្មា និងរក្សាលទ្ធភាពនៃការធ្វើចលនារបស់វា អាចយកមកប្រើប្រាស់ដើម្បីព្យាបាលជំងឺជាប់ស្មាបាន។

ការប្រើប្រាស់ថ្នាំ

ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជា ដើម្បីជួយកាត់បន្ថយការឈឺចាប់ និងការរលាក។

ការព្យាបាលដោយចលនា

លំហាត់ប្រាណពត់ពន្លាតដើម្បីបង្កើនលទ្ធភាពនៃការធ្វើចលនា ដែលបង្រៀនដោយអ្នកជំនាញព្យាបាលដោយចលនា ដើម្បីជួយបង្កើនប្រសិទ្ធភាព និងស្តារភាពបត់បែននៃការធ្វើចលនាឡើងវិញ។

ការវះកាត់ និងវិធានការវេជ្ជសាស្ត្រផ្សេងៗ

ជំងឺជាប់ស្មាភាគច្រើនអាចជាសះស្បើយទៅវិញដោយខ្លួនឯង ក្នុងចន្លោះពេលពីមួយឆ្នាំរហូតដល់ ១៨ ខែ។ ប្រសិនបើរោគសញ្ញានៅតែបន្តអូសបន្លាយ គ្រូពេទ្យអាចនឹងណែនាំនូវវិធីសាស្ត្រដូចខាងក្រោម៖

  • ការចាក់ថ្នាំស្តេរ៉ូអ៊ីត (Steroid injections)៖ ជួយជម្រុញភាពបត់បែននៃចលនាស្មា និងកាត់បន្ថយការឈឺចាប់ ជាពិសេសប្រសិនបើទទួលបានការចាក់នៅក្នុងដំណាក់កាលដំបូងៗនៃជំងឺ
  • ការចាក់ពង្រីកស្រោមសន្លាក់ (Joint distension)៖ ការចាក់ទឹកដែលគ្មានមេរោគ (sterile water) ចូលទៅក្នុងស្រោមសន្លាក់ ដើម្បីជួយឱ្យសន្លាក់មានចលនា និងពត់ពន្លាតជាលិកាដែលរួញស្អិត
  • ការធ្វើចលនាស្មាក្រោមថ្នាំសន្លប់ (Shoulder manipulation)៖ គ្រូពេទ្យនឹងផ្តល់ថ្នាំសន្លប់ទូទៅដល់អ្នក ដើម្បីឱ្យអ្នកស្ថិតក្នុងសភាពសន្លប់ និងមិនមានអារម្មណ៍ឈឺចាប់។ បន្ទាប់មក គ្រូពេទ្យនឹងធ្វើចលនាស្មារបស់អ្នកទៅកាន់ទិសដៅផ្សេងៗ ដើម្បីធ្វើឱ្យជាលិកាដែលរឹតបន្តឹងនោះធូរស្រាល និងដាច់ចេញពីគ្នា
  • ការវះកាត់៖ ការធ្វើការវះកាត់សម្រាប់ជំងឺជាប់ស្មាគឺមិនសូវជាកើតមាននោះទេ ប៉ុន្តែប្រសិនបើវិធីសាស្ត្រផ្សេងទៀតទាំងអស់មិនទទួលបានជោគជ័យ គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើការវះកាត់។ ការវះកាត់នេះនឹងជម្រុះចោលនូវជាលិកាស្លាកស្នាម) និងស្រទាប់ស្អិតៗនៅខាងក្នុងសន្លាក់ស្មារបស់អ្នក ហើយជាទូទៅត្រូវបានធ្វើឡើងតាមរយៈការវះកាត់ចោះសន្លាក់ (arthroscopically)

របៀបរស់នៅ និងឱសថតាមផ្ទះ

វាជាការល្អបំផុតក្នុងការប្រើប្រាស់ ឬធ្វើចលនាស្មាដែលរងផលប៉ះពាល់ ទៅតាមកម្រិតនៃការឈឺចាប់ ឬកម្រិតនៃភាពរឹងតឹងរបស់អ្នក (មិនត្រូវរក្សាស្មានៅស្ងៀមរហូតនោះទេ)។ ការស្អំកម្តៅ ឬការស្អំត្រជាក់ ក៏អាចជួយសម្រាលការឈឺចាប់បានផងដែរ

Doctors who treat this condition