ទិដ្ឋភាពទូទៅ

ជំងឺរលាកអញ្ចាញធ្មេញ (Gingivitis) គឺជាទម្រង់ទូទៅនៃជំងឺអញ្ចាញធ្មេញ ដែលបណ្តាលឱ្យមានការរំខាន ឡើងក្រហម និងហើមជាលិកាអញ្ចាញធ្មេញដែលព័ទ្ធជុំវិញគល់ធ្មេញរបស់អ្នក (Gingiva)។ ការព្យាបាលជំងឺរលាកអញ្ចាញធ្មេញឱ្យបានទាន់ពេលវេលា និងដោយយកចិត្តទុកដាក់ត្រឹមត្រូវ គឺជារឿងចាំបាច់បំផុត។ ការមើលរំលងមិនបានព្យាបាល វាអាចវិវឌ្ឍទៅជាជំងឺរលាកជុំវិញធ្មេញ (Periodontitis) ដែលជាជំងឺអញ្ចាញធ្មេញធ្ងន់ធ្ងរជាងនេះ និងអាចបណ្តាលឱ្យបាត់បង់ធ្មេញទៀតផង

កត្តាចម្បងដែលបង្កឱ្យមានជំងឺរលាកអញ្ចាញធ្មេញ គឺការថែទាំអនាម័យមាត់ធ្មេញមិនបានស្អាតល្អ។ ទោះជាយ៉ាងណាក៏ដោយ ជំងឺនេះអាចការពារ និងគ្រប់គ្រងបានដោយការទម្លាប់ថែទាំមាត់ធ្មេញឱ្យមានប្រសិទ្ធភាព ដូចជាការដុសធ្មេញយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ ការប្រើខ្សែសម្អាតចន្លោះធ្មេញជារៀងរាល់ថ្ងៃ និងការទៅពិនិត្យសុខភាពធ្មេញឱ្យបានទៀងទាត់ជាមួយគ្រូពេទ្យធ្មេញ

រោគសញ្ញា

អញ្ចាញធ្មេញដែលមានសុខភាពល្អ គឺមានលក្ខណៈតឹងណែនជាប់ជុំវិញធ្មេញ រឹងមាំ និងមានពណ៌ផ្កាឈូកស្រាល។ ឧទាហរណ៍នៃសញ្ញា និងរោគសញ្ញានៃជំងឺរលាកអញ្ចាញធ្មេញ រួមមាន៖

  • អញ្ចាញធ្មេញហើម ឬឈឺចុកចាប់
  • អញ្ចាញធ្មេញឡើងពណ៌ក្រហម ឬក្រហមក្រម៉ៅ
  • ហូរឈាមអញ្ចាញធ្មេញពេលដុសធ្មេញ ឬពេលប្រើខ្សែសម្អាតចន្លោះធ្មេញ
  • អញ្ចាញធ្មេញស្រក (ស្រកជើងធ្មេញ)
  • ធុំក្លិនមាត់

ប្រសិនបើអ្នកចាប់អារម្មណ៍ឃើញសញ្ញា ឬរោគសញ្ញាណាមួយនៃជំងឺរលាកអញ្ចាញធ្មេញ វាជារឿងសំខាន់ណាស់ក្នុងការណាត់ជួបជាមួយគ្រូពេទ្យធ្មេញដោយមិនបង្អង់យូរ។ ការស្វែងរកការព្យាបាលទាន់ពេលវេលា ជួយបង្កើនឱកាសក្នុងការស្តារស្ថានភាពអញ្ចាញធ្មេញឡើងវិញ និងទប់ស្កាត់ការវិវឌ្ឍទៅជាជំងឺរលាកជុំវិញធ្មេញ

​​ មូលហេតុ

ជាទូទៅ ជំងឺរលាកអញ្ចាញធ្មេញកើតឡើងដោយសារការថែទាំអនាម័យមាត់ធ្មេញមិនបានស្អាតល្អ ដែលធ្វើឱ្យមានការកកកុញនៃកំណកកំបោរ ឬបន្ទះរំអិល (Plaque) នៅលើធ្មេញ។ ការកកកុញនេះជំរុញឱ្យមានការរលាកដល់ជាលិកាអញ្ចាញធ្មេញនៅជុំវិញនោះ។ ការវិវឌ្ឍពីបន្ទះរំអិលទៅជាជំងឺរលាកអញ្ចាញធ្មេញ មានដំណើរការដូចខាងក្រោម៖

  • ការកកើតបន្ទះរំអិលនៅលើធ្មេញ៖ នៅពេលដែលសារធាតុម្សៅ និងស្ករនៅក្នុងអាហារ លាយឡំជាមួយបាក់តេរីដែលមានវត្តមានជាធម្មតានៅក្នុងមាត់របស់អ្នក វានឹងបង្កើតជាបន្ទះរំអិលស្អិតៗមើលមិនឃើញ (Plaque) ដែលកកើតនៅលើធ្មេញរបស់អ្នក។ បន្ទះរំអិលនេះត្រូវតែសម្អាតចេញជារៀងរាល់ថ្ងៃ ព្រោះវាកកើតឡើងវិញយ៉ាងឆាប់រហ័ស
  • បន្ទះរំអិលប្រែទៅជាកំបោរធ្មេញ៖ បន្ទះរំអិលដែលនៅសេសសល់លើធ្មេញរបស់អ្នក អាចនឹងរឹងទៅជាកំបោរធ្មេញ (Tartar ឬ Calculus) ដែលជាកន្លែងប្រមូលផ្តុំមេរោគ។ កំបោរធ្មេញធ្វើសកម្មភាពជាខែលការពារបាក់តេរី ធ្វើឱ្យការសម្អាតបន្ទះរំអិលកាន់តែពិបាក និងបង្កការរំខានដល់ជើងអញ្ចាញ។ ការកោសសម្អាតកំបោរធ្មេញ តម្រូវឱ្យធ្វើឡើងដោយគ្រូពេទ្យធ្មេញជំនាញតែប៉ុណ្ណោះ
  • អញ្ចាញធ្មេញចាប់ផ្តើមរលាក៖ កាលណាទុកឱ្យបន្ទះរំអិល និងកំបោរធ្មេញកកកុញនៅលើធ្មេញកាន់តែយូរ អញ្ចាញធ្មេញនៅផ្នែកគល់ធ្មេញរបស់អ្នក នឹងកាន់តែរងការរំខាន និងរលាកខ្លាំងឡើង។ ជាចុងក្រោយ អញ្ចាញធ្មេញរបស់អ្នកនឹងហើម និងងាយហូរឈាម។ វាក៏អាចបណ្តាលឱ្យមានជំងឺពុកធ្មេញផងដែរ។ ប្រសិនបើមិនបានព្យាបាលទេ ជំងឺរលាកអញ្ចាញធ្មេញអាចវិវឌ្ឍទៅជាជំងឺរលាកជុំវិញធ្មេញ ហើយអាចបណ្តាលឱ្យបាត់បង់ធ្មេញនៅទីបំផុត

កត្តាហានិភ័យ

ជំងឺរលាកអញ្ចាញធ្មេញ គឺជាស្ថានភាពមួយដែលអាចកើតឡើងលើមនុស្សគ្រប់រូប។ បុគ្គលម្នាក់ៗអាចនឹងមានឱកាសខ្ពស់ក្នុងការកើតជំងឺរលាកអញ្ចាញធ្មេញ ប្រសិនបើពួកគេមានកត្តាដូចជា៖

  • វ័យជរា
  • កត្តាតំណពូជ
  • អនាម័យមាត់ធ្មេញមិនល្អ
  • ការប្រើប្រាស់ថ្នាំជក់ (ជក់បារី)
  • ស្ងួតមាត់
  • ការកង្វះជីវជាតិ ដូចជាការខ្វះវីតាមីន C
  • ការដាក់ធ្មេញមិនបានត្រឹមត្រូវ ឬធ្មេញដុះជាន់គ្នា/មិនស្មើ ដែលពិបាកក្នុងការសម្អាត
  • ស្ថានភាពជំងឺដែលធ្វើឱ្យប្រព័ន្ធស៊ាំចុះខ្សោយ ដូចជាជំងឺមហារីកគ្រាប់ឈាមស (Leukemia) ជំងឺអេដស៍ (HIV/AIDS) ឬការកំពុងទទួលការព្យាបាលជំងឺមហារីក
  • ការប្រើប្រាស់ឱសថមួយចំនួន រួមមានថ្នាំពង្រីកសរសៃឈាម (Calcium channel blockers) សម្រាប់ព្យាបាលជំងឺថប់ទ្រូង (Angina) លើសឈាម និងជំងឺដទៃទៀត ក៏ដូចជាថ្នាំភេនីតូអ៊ីន (Phenytoin) សម្រាប់ជំងឺឆ្កួតជ្រូក
  • បញ្ហាសុខភាពមួយចំនួន ដូចជាការឆ្លងមេរោគវីរុស ឬមេរោគផ្សិត
  • ការប្រែប្រួលអរម៉ូនដែលបណ្តាលមកពីការមានផ្ទៃពោះ វដ្តរដូវ ឬការប្រើប្រាស់ថ្នាំពន្យារកំណើត
  • បុគ្គលដែលមិនបានរៀនសូត្រហួសពីកម្រិតវិទ្យាល័យ និងអ្នកដែលស្ថិតក្នុងភាពក្រីក្រ (ដោយសារតែកត្តាទាំងនេះជារឿយៗមានទំនាក់ទំនងទៅនឹងបញ្ហាជំងឺជាច្រើន)

ការធ្វើរោគវិនិច្ឆ័យ

ជាទូទៅ គ្រូពេទ្យធ្មេញអាចសម្គាល់ និងធ្វើរោគវិនិច្ឆ័យជំងឺរលាកអញ្ចាញធ្មេញ ដោយផ្អែកលើកត្តាដូចខាងក្រោម៖

  • ការពិនិត្យប្រវត្តិកាយសម្បទា និងប្រវត្តិធ្មេញ៖ រួមទាំងការពិនិត្យលើស្ថានភាពជំងឺផ្សេងៗដែលអាចជាមូលហេតុបង្កឱ្យកើតមានរោគសញ្ញារបស់អ្នក
  • ការពិនិត្យក្នុងមាត់៖ ពិនិត្យមើលអណ្តាត ធ្មេញ និងអញ្ចាញធ្មេញ ដើម្បីស្វែងរកបន្ទះរំអិលកកកុញ និងសញ្ញានៃការរលាក
  • ការវាស់ជម្រៅចន្លោះជើងធ្មេញ៖ ការប្រើប្រាស់ឧបករណ៍ស្ទង់ជម្រៅធ្មេញ (Dental probe) ដោតបញ្ចូលទៅក្នុងចន្លោះរវាងអញ្ចាញ និងធ្មេញ នៅតាមទីតាំងជាច្រើនជុំវិញមាត់។ នៅក្នុងមាត់ដែលមានសុខភាពល្អ ជម្រៅចន្លោះជើងធ្មេញនេះជាទូទៅមានចន្លោះពី ១ ទៅ ៣ មីលីម៉ែត្រ (mm)។ ប្រសិនបើជម្រៅនេះជ្រៅជាង ៤ មីលីម៉ែត្រ វាអាចជាសញ្ញានៃជំងឺអញ្ចាញធ្មេញ
  • ការថតកាំរស្មីអ៊ិចធ្មេញ៖ ដើម្បីពិនិត្យមើលការបាត់បង់ឆ្អឹងជើងធ្មេញ នៅត្រង់តំបន់ដែលគ្រូពេទ្យកត់សម្គាល់ឃើញថាមានចន្លោះជើងធ្មេញជ្រៅខុសធម្មតា
  • ការពិនិត្យបន្ថែមផ្សេងៗតាមការចាំបាច់៖ ប្រសិនបើមូលហេតុនៃជំងឺរលាកអញ្ចាញធ្មេញមិនទាន់មានភាពច្បាស់លាស់ទេនោះ គ្រូពេទ្យធ្មេញអាចនឹងណែនាំឱ្យអ្នកទៅពិនិត្យសុខភាពទូទៅ ដើម្បីស្វែងរកជំងឺបង្កប់ផ្សេងៗ។ ករណីដែលជំងឺអញ្ចាញធ្មេញរបស់អ្នកស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ គ្រូពេទ្យធ្មេញអាចនឹងបញ្ជូនអ្នកទៅជួបជាមួយគ្រូពេទ្យឯកទេសជំងឺអញ្ចាញធ្មេញ (Periodontist)

ការព្យាបាល

ការចាប់ផ្តើមព្យាបាលតាំងពីដំណាក់កាលដំបូង ជាទូទៅអាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺរលាកអញ្ចាញធ្មេញ និងទប់ស្កាត់ការវិវឌ្ឍរបស់វា ដែលជួយការពារមិនឱ្យបាត់បង់ធ្មេញនៅទីបំផុត។ ដើម្បីទទួលបានលទ្ធផលជោគជ័យខ្ពស់បំផុតក្នុងការបំបាត់ជំងឺនេះ អ្នកជំងឺគួរតែបញ្ឈប់ការជក់បារី និងបង្កើតទម្លាប់សម្អាតអនាម័យមាត់ធ្មេញឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ។

ការព្យាបាលតាមបែបវេជ្ជសាស្ត្រដោយគ្រូពេទ្យជំនាញ រួមមាន៖

  • ការលាងសម្អាតធ្មេញដោយគ្រូពេទ្យជំនាញ៖ ការសម្អាតដំបូងនឹងរួមបញ្ចូលនូវការកោសកំបោរធ្មេញ និងការឈូសសម្អាតឫសធ្មេញ ដើម្បីកម្ចាត់បន្ទះរំអិល កំបោរធ្មេញ និងសារធាតុបាក់តេរី។ ការកោសកំបោរធ្មេញ គឺដើម្បីយកកំបោរ និងបាក់តេរីចេញពីផ្ទៃធ្មេញ និងជើងអញ្ចាញ។ ចំណែកឯការឈូសសម្អាតឫសធ្មេញ គឺដើម្បីកម្ចាត់កាកសំណល់បាក់តេរីដែលបង្កការរលាក និងធ្វើឱ្យផ្ទៃឫសធ្មេញរលោង ក្នុងគោលបំណងការពារការកកើតកំបោរ និងបាក់តេរីសារជាថ្មី ព្រមទាំងជួយឱ្យអញ្ចាញឆាប់សះស្បើយឡើងវិញ។ ការព្យាបាលនេះអាចធ្វើឡើងដោយប្រើកាំរស្មីឡាស៊ែរ ឧបករណ៍រលកសំឡេង ឬឧបករណ៍វេជ្ជសាស្ត្រដទៃទៀត
  • ការជួសជុល និងរៀបចំធ្មេញឡើងវិញ តាមការចាំបាច់៖ ធ្មេញដែលដុះមិនស្មើគ្នា ឬការដាក់ធ្មេញឃ្លុប ស្ពានធ្មេញ និងការប៉ះធ្មេញដែលមិនបានត្រឹមត្រូវ អាចបង្កការរំខានដល់អញ្ចាញធ្មេញ និងធ្វើឱ្យការសម្អាតបន្ទះរំអិលប្រចាំថ្ងៃកាន់តែពិបាក។ ប្រសិនបើបញ្ហាទាំងនេះជាប្រភពបង្កឱ្យរលាកអញ្ចាញធ្មេញ គ្រូពេទ្យអាចនឹងណែនាំឱ្យកែសម្រួលស្ថានភាពធ្មេញ ឬឧបករណ៍ធ្មេញទាំងនោះឡើងវិញ
  • ការថែទាំជាបន្តបន្ទាប់៖ បន្ទាប់ពីទទួលបានការលាងសម្អាតយ៉ាងស្អាតពីគ្រូពេទ្យជំនាញហើយ ជំងឺរលាកអញ្ចាញធ្មេញជាទូទៅនឹងជាសះស្បើយទៅវិញ ដរាបណាអ្នកបន្តរក្សាការថែទាំមាត់ធ្មេញឱ្យបានល្អត្រឹមត្រូវនៅផ្ទះ។ គ្រូពេទ្យធ្មេញនឹងសហការជាមួយអ្នក ដើម្បីរៀបចំកាលវិភាគថែទាំនៅផ្ទះ ក៏ដូចជាកាលវិភាគសម្រាប់ការមកពិនិត្យសុខភាព និងលាងសម្អាតធ្មេញឱ្យបានទៀងទាត់

តាមរយៈការអនុវត្តអនាម័យមាត់ធ្មេញត្រឹមត្រូវនៅផ្ទះដោយភាពហ្មត់ចត់ និងខ្ជាប់ខ្ជួន អ្នកនឹងសង្កេតឃើញជាលិកាអញ្ចាញធ្មេញត្រឡប់មកមានសុខភាពល្អ និងមានពណ៌ផ្កាឈូកឡើងវិញ ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ

Doctors who treat this condition