ទិដ្ឋភាពទូទៅ
ជំងឺរលាកស្បែកក្រានីឡូម៉ា (Granuloma annulare) គឺជាស្ថានភាពស្បែកស្លូត (មិនមែនមហារីក) និងរ៉ាំរ៉ៃមួយប្រភេទ ដែលកំណត់សម្គាល់ដោយការលាក ដែលនាំឱ្យមានការលេចឡើងនូវកន្ទួលពកៗ ប្ដូរពណ៌ស្បែក ឬមានដុំពកនៅក្រោមស្បែក។ នៅពេលដែលវាបន្តកើតមានក្នុងរយៈពេលយូរ វាអាចបង្កឱ្យមានផលប៉ះពាល់ដល់ផ្លូវចិត្ត (ការខកចិត្ត ឬធុញថប់)។
ជាទូទៅ កន្ទួលទាំងនេះច្រើនតែលេចឡើងនៅលើដៃ ជើង កំភួនដៃ និងកែងដៃ ហើយវាច្រើនតែកើតមានបំផុតលើមនុស្សវ័យក្មេង។ ឱសថមួយចំនួន និងរបួសស្បែកបន្តិចបន្តួចអាចជាកត្តាជម្រុញឱ្យកើតជំងឺនេះ។ ស្ថានភាពស្បែកនេះមិនមែនជាជំងឺឆ្លងឡើយ ហើយក៏មិនបង្កការឈឺចាប់ដែរ ប៉ុន្តែវាអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនុកចិត្តលើខ្លួនឯងរបស់បុគ្គលម្នាក់ៗ។
បើគ្មានការព្យាបាលទេនោះ ជំងឺរលាកស្បែកក្រានីឡូម៉ាអាចអូសបន្លាយចាប់ពីពីរបីសប្តាហ៍ រហូតដល់រាប់សិបឆ្នាំ។ ការព្យាបាលអាចជួយកែលម្អសោភ័ណភាពស្បែកឱ្យប្រសើរឡើង ប៉ុន្តែដុំពកទាំងនោះជារឿយៗតែងតែលេចឡើងមកវិញ។ ការព្យាបាលទូទៅរួមមាន ការប្រើប្រាស់ឱសថ និងការធ្វើហត្ថការវេជ្ជសាស្ត្រនានា។
រោគសញ្ញា
ជំងឺរលាកស្បែកក្រានីឡូម៉ា អាចស្តែងឡើងជាច្រើនទម្រង់ ដែលទម្រង់នីមួយៗមានសញ្ញា និងរោគសញ្ញាខុសៗគ្នា។ ការបង្ហាញលក្ខណៈអាចប្រែប្រួលទៅតាមប្រភេទ៖
- ប្រភេទកើតមានក្នុងតំបន់ជាក់លាក់ (Localized)៖ ប្រភេទនេះជាទូទៅចាប់ផ្តើមឡើងដោយមានដុំពកតូចៗនៅលើស្បែក មុនពេលវិវត្តទៅជាកន្ទួលរាងរង្វង់។ ដុំពកទាំងនេះអាចប្រែប្រួលទៅជាកន្ទួលដែលមានលក្ខណៈជារង្វង់ ឬកន្លះរង្វង់ ដែលដំបូងឡើយវាអាចមានទំហំតូច ហើយយូរៗទៅក៏រីករាលដាលមកជួបគ្នា។ កន្ទួលនេះអាចមានពណ៌ខុសៗគ្នា ដូចជា ពណ៌ក្រហម ពណ៌ផ្កាឈូក ពណ៌ស្វាយ ឬមានពណ៌ស៊ីគ្នាទៅនឹងស្បែកធម្មតានៅជុំវិញនោះ។ នេះជាប្រភេទដែលជួបប្រទះញឹកញាប់បំផុត ហើយច្រើនតែកើតមាននៅលើតំបន់ដូចជា ដៃ ជើង កដៃ និងកជើង
- ប្រភេទរាយប៉ាយទូទាំងរាងកាយ (Generalized)៖ ប្រភេទនេះត្រូវបានកំណត់សម្គាល់ដោយវត្តមាននៃដុំពកដែលលេចឡើងនៅលើផ្ទៃស្បែកធំទូលាយ។ ដុំពកទាំងនេះមានការរាលដាលមកជួបគ្នា បង្កើតបានជាផ្ទាំងកន្ទួលប្តូរពណ៌ធំៗនៅលើស្បែក។ វាអាចប៉ះពាល់ដល់រាងកាយស្ទើរតែទាំងមូល រួមមាន ដងខ្លួន ដៃ និងជើង។ វាក៏អាចអមមកជាមួយនូវអាការរមាស់ និងអារម្មណ៍មិនស្រួលផងដែរ។ ប្រភេទនេះគឺកម្រជួបប្រទះណាស់ ហើយជាទូទៅកើតលើមនុស្សពេញវ័យ
- ប្រភេទនៅក្រោមស្បែក (Subcutaneous)៖ ប្រភេទនេះត្រូវបានរកឃើញតាមរយៈវត្តមាននៃដុំពកតូចៗ និងមិនមានការឈឺចាប់នៅក្រោមស្បែក។ ដុំពកទាំងនេះអាចលូតលាស់យ៉ាងឆាប់រហ័ស ហើយជាទូទៅមានលក្ខណៈរឹង មូល និងប្តូរពណ៌ ដែលច្រើនតែមានស្រមោលពណ៌ក្រហម ឬពណ៌ផ្កាឈូក។ តំបន់ដែលជួបប្រទះញឹកញាប់នៃការវិវត្តដុំពកទាំងនេះ រួមមាន ស្បែកក្បាល ស្មងជើង និងដៃ។ ជំងឺរលាកស្បែកក្រានីឡូម៉ាប្រភេទក្រោមស្បែកនេះ គឺត្រូវគេមើលឃើញច្រើនជាងគេលើកុមារតូចៗ
ប្រសិនបើអ្នកជួបប្រទះនូវសញ្ញា និងរោគសញ្ញាទាំងនេះ ហើយវានៅតែបន្តកើតមានមិនបាត់ គឺជារឿងសំខាន់ណាស់ក្នុងការទៅពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ។ នេះរឹតតែចាំបាច់បំផុត នៅពេលដែលមានកន្ទួលរ៉ាំរ៉ៃ ឬទម្រង់នៃដុំពកដែលមានរាងដូចរង្វង់លេចឡើងនៅលើស្បែករបស់អ្នក។
មូលហេតុ
មូលហេតុពិតប្រាកដនៃជំងឺរលាកស្បែកក្រានីឡូម៉ា នៅមិនទាន់ត្រូវបានដឹងច្បាស់ដោយគ្រូពេទ្យ និងអ្នកស្រាវជ្រាវវេជ្ជសាស្ត្រនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ មានភស្តុតាងដែលបង្ហាញថា វាអាចពាក់ព័ន្ធនឹងការឆ្លើយតបមិនប្រក្រតីនៃប្រព័ន្ធស៊ាំរាងកាយ បន្ទាប់ពីមានរបួសស្បែក។ លើសពីនេះ កត្តាមួយចំនួនត្រូវបានគេជឿថា អាចជាភ្នាក់ងារជម្រុញឱ្យកើតជំងឺរលាកស្បែកក្រានីឡូម៉ា រួមមាន៖
- សត្វល្អិត ឬសត្វទិច/ខាំ
- ឱសថជាក់លាក់មួយចំនួន ដូចជា Allopurinol
- ស្ថានភាពជំងឺមួយចំនួន ដូចជា មេរោគអេដស៍ (HIV) និងរលាកថ្លើមប្រភេទ C
- ការធ្វើតេស្តស្បែករកមេរោគរបេង
- ការប៉ះពាល់នឹងកម្តៅថ្ងៃយូរពេក
- ការចាក់វ៉ាក់សាំង
- របួសស្បែកបន្តិចបន្តួច
ក្នុងករណីខ្លះ បុគ្គលម្នាក់ៗអាចវិវត្តទៅជាជំងឺរលាកស្បែកក្រានីឡូម៉ា បន្ទាប់ពីការប៉ះពាល់នឹងកត្តាបរិស្ថាន ដូចជាការស្ថិតនៅក្រោមពន្លឺថ្ងៃក្នុងរយៈពេលយូរ។
កត្តាហានិភ័យ
ជំងឺរលាកស្បែកក្រានីឡូម៉ា អាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ ប៉ុន្តែវាច្រើនតែកើតមានញឹកញាប់បំផុតលើកុមារ និងមនុស្សវ័យក្មេង។ កត្តាហានិភ័យដទៃទៀត រួមមាន៖
- ភេទ៖ មនុស្សស្រីមានឱកាសកើតជំងឺរលាកស្បែកក្រានីឡូម៉ាខ្ពស់ជាងមនុស្សប្រុស
- ជំងឺប្រចាំកាយមួយចំនួន៖ ជំងឺរលាកស្បែកក្រានីឡូម៉ា អាចកើតមានញឹកញាប់ជាងចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម (ជាពិសេសជំងឺទឹកនោមផ្អែមប្រភេទទី១ ដែលអាស្រ័យលើអ៊ីនស៊ុយលីន) និងជំងឺទីរ៉ូអ៊ីត រួមមាន ការរលាកក្រពេញទីរ៉ូអ៊ីត ជំងឺកង្វះអរម៉ូនទីរ៉ូអ៊ីត និងដុំសាច់ស្លូតទីរ៉ូអ៊ីត
ការធ្វើរោគវិនិច្ឆ័យ
អំឡុងពេលការវាយតម្លៃ និងពិនិត្យស្បែក អ្នកផ្តល់សេវាថែទាំសុខភាព (គ្រូពេទ្យ) អាចនឹងការធ្វើកោសល្យវិច័យស្បែកទៅពិនិត្យ ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យរបស់ពួកគេ។ ដំណើរការនេះតម្រូវឱ្យកាត់យកសំណាកស្បែកតូចមួយ ដែលបន្ទាប់មកនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពិសោធន៍ ដើម្បីធ្វើការពិនិត្យយ៉ាងលម្អិតក្រោមមីក្រូទស្សន៍ដោយអ្នកជំនាញវេជ្ជសាស្ត្រដទៃទៀត។ ដំណើរការនេះជួយកំណត់រកមូលហេតុឫសគល់នៃកន្ទួលរបស់អ្នក ដែលជាជំនួយដល់ការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងការរៀបចំផែនការព្យាបាល។
ការព្យាបាល
ការព្យាបាលជំងឺរលាកស្បែកក្រានីឡូម៉ា ជារឿយៗផ្ដោតសំខាន់ទៅលើការគ្រប់គ្រងការឈឺចាប់ និងការរមាស់។ បញ្ហាស្បែកនេះអាចនឹងជាសះស្បើយលឿនជាងមុនតាមរយៈការព្យាបាល ទោះបីជាវាជារឿយៗតែងតែលេចឡើងមកវិញក៏ដោយ។ ក្នុងករណីភាគច្រើន ស្ថានភាពស្បែកនេះនឹងបាត់ទៅវិញដោយខ្លួនឯង ដោយមិនបាច់ត្រូវការការព្យាបាលផ្នែកវេជ្ជសាស្ត្រនោះទេ។ ជាទូទៅ វាវិវត្តទៅជាបាត់ទាំងស្រុងក្នុងរយៈពេលពីរឆ្នាំ។
អ្នកផ្តល់សេវាថែទាំសុខភាពអាចនឹងណែនាំឱ្យធ្វើការព្យាបាល ប្រសិនបើជំងឺរលាកស្បែកក្រានីឡូម៉ានេះ បង្កឱ្យមានផ្ទាំងកន្ទួលរាលដាលធំៗនៅលើស្បែក ឬបង្កើតជាដុំពកធំៗ និងជ្រៅនៅក្រោមស្បែក។ ជំងឺនេះអាចអូសបន្លាយចាប់ពីពីរបីសប្តាហ៍ រហូតដល់រាប់សិបឆ្នាំ ប្រសិនបើទុកចោលដោយគ្មានការព្យាបាល។
វិធីសាស្ត្រព្យាបាលទូទៅរួមមាន៖
- គ្រីម ឬកមួនស្តេរ៉ូអ៊ីត (Corticosteroid creams or ointments)៖ ឱសថទាំងនេះអាចត្រូវបានផ្សំបញ្ជាដើម្បីជួយកាត់បន្ថយការលាកស្បែក។ គ្រូពេទ្យអាចណែនាំឱ្យបិទបាំងកន្លែងដែលលាបគ្រីមនោះដោយប្រើបង់រុំ ឬបន្ទះស្អិត ដើម្បីជម្រុញប្រសិទ្ធភាពនៃឱសថ។ ការប្រើប្រាស់ផលិតផលដែលមានកម្រិតដូសតាមវេជ្ជបញ្ជាខ្លាំង អាចជួយពន្លឿនការបាត់កន្ទួលលើស្បែកបានលឿន
- ការចាក់ថ្នាំស្តេរ៉ូអ៊ីត (Corticosteroid injections)៖ ឱសថស្តេរ៉ូអ៊ីតក្នុងទម្រង់ថ្នាំចាក់ អាចត្រូវបានណែនាំឱ្យចាក់ជាដំណាក់កាលៗដដែលៗ ដែលជាទូទៅរៀងរាល់ ៦ ទៅ ៨ សប្តាហ៍ម្តង ប្រសិនបើស្បែកមិនមានការឆ្លើយតប (មិនធូរស្រាល) ទៅនឹងការប្រើប្រាស់គ្រីម ឬកមួនឱសថ
- ឱសថលេប៖ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចណែនាំឱសថលេប ដើម្បីកាត់បន្ថយការលាក និងជួយឱ្យស្បែករបស់អ្នកថ្លាស្អាតឡើងវិញ។ ឱសថទាំងនោះអាចរួមមាន Corticosteroids, Isotretinoin ឬ Tacrolimus។ លើសពីនេះ ក្រុមឱសថដែលប្រើសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ ដូចជា Hydroxychloroquine ក៏អាចជួយកាត់បន្ថយការលេចឡើងនៃកន្ទួលស្បែកបានផងដែរ
- ការដុតត្រជាក់ (Freezing / Cryotherapy)៖ វិធីសាស្ត្រព្យាបាលដោយភាពត្រជាក់ រួមបញ្ចូលទាំងការប្រើប្រាស់សីតុណ្ហភាពទាបខ្លាំង ដើម្បីបង្កកនិងកម្ទេចចោលជាលិកាដែលមិនប្រក្រតី។ ដើម្បីបង្កើតភាពត្រជាក់ខ្លាំងនេះ សារធាតុដូចជា អាសូតរាវ (Liquid nitrogen) ឬឧស្ម័នអាហ្គុង (Argon gas) ត្រូវបានយកមកប្រើប្រាស់។ វិធីនេះនឹងជួយកម្ចាត់ និងបញ្ឈប់ការលូតលាស់នៃកន្ទួល
- ការព្យាបាលដោយកាំរស្មីឡាស៊ែរ៖ កាំរស្មីឡាស៊ែរឯកទេសត្រូវបានប្រើប្រាស់ដើម្បីតម្រង់ចំស្បែកដែលរងផលប៉ះពាល់ ដោយបង្កើតកម្តៅដើម្បីកាត់បន្ថយការលាក និងការពារកន្ទួលមិនឱ្យរីករាលដាល
- ការព្យាបាលដោយ PUVA (PUVA Therapy / Photochemotherapy)៖ ការព្យាបាលដោយកាំរស្មីរួមផ្សំឱសថ (PUVA) គឺជាការរួមបញ្ចូលគ្នារវាងឱសថដែលមានឈ្មោះថា Psoralen ជាមួយនឹងពន្លឺកាំរស្មីអ៊ុលត្រាវីយូឡេអេ (UV-A)។ ឱសថ Psoralen ជួយធ្វើឱ្យស្បែកងាយចាប់ពន្លឺ ហើយពន្លឺ UV-A អាចធ្វើឱ្យការលូតលាស់នៃកោសិកាស្បែកដើរយឺត ដែលមានសក្តានុពលក្នុងការបង្ការជំងឺរលាកស្បែកក្រានីឡូម៉ាកុំឱ្យវិវត្តទៅមុខទៀត
- គ្រាប់ថ្នាំវីតាមីនអ៊ី៖ ប្រសិនបើវិធីសាស្ត្រព្យាបាលដទៃទៀតមិនមានប្រសិទ្ធភាពទេនោះ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចនឹងណែនាំឱ្យប្រើប្រាស់គ្រាប់ថ្នាំវីតាមីនអ៊ី ជាជម្រើសជំនួស
