ទិដ្ឋភាពទូទៅ

ជំងឺប្រមេះទឹកបាយ (Gonorrhea) ត្រូវបានចាត់ថ្នាក់ជាជំងឺឆ្លងតាមការរួមភេទ (STI ឬ STD) ដែលបង្កឡើងដោយបាក់តេរីមួយប្រភេទ ដែលអាចប៉ះពាល់ដល់មនុស្សគ្រប់ភេទ។ ជាញឹកញាប់បំផុត ជំងឺប្រមេះទឹកបាយប៉ះពាល់ដល់បំពង់ក បង្ហួរនោម ឬចុងពោះវៀនធំ (រន្ធទ្វារបាត)។ ចំពោះស្ត្រី ជំងឺប្រមេះទឹកបាយក៏អាចឆ្លងទៅដល់មាត់ស្បូនផងដែរ។

ជាទូទៅ ជំងឺប្រមេះទឹកបាយឆ្លងតាមរយៈការរួមភេទតាមប្រដាប់ភេទ តាមមាត់ ឬតាមរន្ធទ្វារបាត។ លើសពីនេះ ទារកទើបនឹងកើតក៏អាចឆ្លងជំងឺនេះពីម្តាយដែលមានផ្ទុកមេរោគអំឡុងពេលសម្រាលផងដែរ។ ចំពោះទារក ជំងឺប្រមេះទឹកបាយច្រើនតែបង្កការខូចខាតខ្លាំងដល់ភ្នែក។

ការបង្ការជំងឺកាមរោគប្រកបដោយប្រសិទ្ធភាពគឺត្រូវជៀសវាងការរួមភេទទាំងស្រុង ការប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងការរក្សាទំនាក់ទំនងភាពស្មោះត្រង់មួយទល់នឹងមួយ (ដៃគូតែមួយ)។

រោគសញ្ញា

ការឆ្លងជំងឺប្រមេះទឹកបាយជារឿយៗមិនស្តែងចេញរោគសញ្ញាអ្វីឡើយ។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជារោគសញ្ញាអាចកើតឡើងនៅគ្រប់ទីកន្លែងលើរាងកាយរបស់អ្នកក៏ដោយ ប៉ុន្តែវាច្រើនតែបង្ហាញឡើងនៅតាមផ្លូវបន្តពូជ និងផ្លូវនោម។

ជំងឺប្រមេះទឹកបាយដែលប៉ះពាល់ដល់ផ្លូវបន្តពូជ និងផ្លូវនោម

បុរសដែលឆ្លងជំងឺប្រមេះទឹកបាយ អាចស្តែងចេញនូវសញ្ញា និងរោគសញ្ញាដូចខាងក្រោម៖

  • មានការហើម ឬឈឺចាប់នៅពងស្វាស
  • មានធ្លាក់ទឹកដម ឬខ្ទុះចេញពីលិង្គ
  • ឈឺចាប់ ឬផ្សារពេលនោម

ស្ត្រីដែលឆ្លងជំងឺប្រមេះទឹកបាយ អាចស្តែងចេញនូវសញ្ញា និងរោគសញ្ញាដូចខាងក្រោម៖

  • មានការធ្លាក់ឈាមតាមទ្វារមាសខុសធម្មតា (ក្រៅពីថ្ងៃមកដំរដូវ) ជាទូទៅកើតឡើងបន្ទាប់ពីរួមទ្វាររួច
  • ឈឺចាប់ ឬផ្សារពេលនោម
  • ឈឺចាប់នៅតំបន់អាងត្រគាក ឬតំបន់ពោះ
  • ឈឺចាប់អំឡុងពេលរួមភេទ
  • មានការកើនឡើងនូវការធ្លាក់ស ឬធ្លាក់ទឹកដមតាមទ្វារមាស

ជំងឺប្រមេះទឹកបាយនៅតាមផ្នែកផ្សេងទៀតនៃរាងកាយ

លើសពីនេះ ជំងឺប្រមេះទឹកបាយក៏អាចជះឥទ្ធិពលដល់តំបន់រាងកាយដូចខាងក្រោម៖

  • ភ្នែក៖ ឈឺភ្នែក ភ្នែកខ្សោយទប់នឹងពន្លឺមិនបាន (ចាញ់ពន្លឺ) និងមានធ្លាក់ទឹកដមដូចខ្ទុះចេញពីភ្នែកម្ខាង ឬទាំងសងខាង
  • បំពង់ក៖ ឈឺបំពង់ក និងមានការហើមកូនកណ្តុរ នៅតំបន់ក
  • សន្លាក់៖ ជំងឺរលាកសន្លាក់ដោយសារមេរោគ (Septic arthritis) គឺជាការឆ្លងបាក់តេរីទៅលើសន្លាក់មួយ ឬច្រើន។ សន្លាក់ដែលរងផលប៉ះពាល់អាចមានសភាពក្តៅ ក្រហម ហើម និងឈឺចាប់ខ្លាំងមែនទែន ជាពិសេសនៅពេលធ្វើចលនា
  • ចុងពោះវៀនធំ (រន្ធទ្វារបាត)៖ រមាស់រន្ធទ្វារបាត មានធ្លាក់ទឹកដូចខ្ទុះចេញពីរន្ធទ្វារបាត មានស្នាមឈាមក្រហមស្រស់នៅលើក្រដាសអនាម័យ និងត្រូវប្រឹងខ្លាំងនៅពេលបត់ជើងធំ

ប្រសិនបើអ្នកជួបរោគសញ្ញា ឬសញ្ញាដែលរំខានណាមួយ ដូចជាមានអារម្មណ៍ផ្សារក្រហាយខ្លាំងនៅពេលនោម ឬមានធ្លាក់ទឹកដូចខ្ទុះចេញពីលិង្គ ទ្វារមាស ឬរន្ធគូទ សូមប្រញាប់ណាត់ជួបជាមួយគ្រូពេទ្យ។

ក្នុងករណីដែលដៃគូរបស់អ្នកត្រូវបានរកឃើញថាមានផ្ទុកជំងឺប្រមេះទឹកបាយ អ្នកក៏ត្រូវតែណាត់ជួបពិភាក្សាជាមួយគ្រូពេទ្យផងដែរ។ វាអាចទៅរួចដែលអ្នកមិនមានស្តែងសញ្ញា ឬរោគសញ្ញាអ្វីដែលធ្វើឱ្យអ្នកចង់ទៅជួបគ្រូពេទ្យនោះទេ ប៉ុន្តែប្រសិនបើអ្នកមិនបានទទួលការព្យាបាលទេនោះ អ្នកអាចនឹងចម្លងមេរោគទៅដៃគូរបស់អ្នកវិញ បើទោះបីជាដៃគូរបស់អ្នកបានព្យាបាលជាសះស្បើយហើយក៏ដោយ។

​​ មូលហេតុ

បាក់តេរីដែលមានឈ្មោះថា Neisseria gonorrhoeae គឺជាភ្នាក់ងារបង្កឱ្យមានជំងឺប្រមេះទឹកបាយ។ ផ្លូវដែលជួបប្រទះញឹកញាប់បំផុតក្នុងការរីករាលដាលនៃមេរោគប្រមេះទឹកបាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត គឺតាមរយៈការប៉ះពាល់ផ្លូវភេទ រួមមាន ការរួមភេទតាមមាត់ តាមរន្ធទ្វារបាត ឬតាមទ្វារមាស។

កត្តាហានិភ័យ

បុរសដែលមានទំនាក់ទំនងរួមភេទជាមួយបុរសដូចគ្នា និងបុគ្គលដែលមានសកម្មភាពផ្លូវភេទសកម្មដែលមានអាយុក្រោម ២៥ ឆ្នាំ គឺជាក្រុមដែលមានឱកាសខ្ពស់ក្នុងការឆ្លងជំងឺប្រមេះទឹកបាយ។

កត្តារួមផ្សំដទៃទៀត ដែលអាចបង្កើនហានិភ័យរបស់អ្នក រួមមាន៖

  • ការមានដៃគូរួមភេទថ្មី
  • ការមានដៃគូរួមភេទ ដែលដៃគូនោះមានទំនាក់ទំនងជាមួយមនុស្សច្រើននាក់ផ្សេងទៀត
  • ការមានដៃគូរួមភេទច្រើននាក់ (មិនមានភាពស្មោះត្រង់)
  • ប្រវត្តិធ្លាប់កើតជំងឺប្រមេះទឹកបាយ ឬធ្លាប់មានជំងឺឆ្លងតាមការរួមភេទ (STD) ប្រភេទផ្សេងទៀត

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យនឹងធ្វើការវិភាគលើសំណាកកោសិកា ដើម្បីពិនិត្យរកមើលថាតើអ្នកមានផ្ទុកជំងឺប្រមេះទឹកបាយដែរឬទេ។ សំណាកទាំងនោះអាចត្រូវបានប្រមូលយកតាមរយៈវិធីសាស្ត្រ៖

  • ការធ្វើតេស្តទឹកនោម៖ វិធីសាស្ត្រនេះអាចជួយស្វែងរកវត្តមានរបស់បាក់តេរីនៅក្នុងបង្ហួរនោមរបស់អ្នក
  • ការយកសំណាកពីតំបន់ដែលរងផលប៉ះពាល់ (Swab test)៖ បាក់តេរីអាចត្រូវបានប្រមូលយកតាមរយៈការដុសកូត (Swab) យកសំណាកពីបំពង់ក បង្ហួរនោម ទ្វារមាស ឬរន្ធទ្វារបាត ដើម្បីយកទៅកំណត់អត្តសញ្ញាណមេរោគនៅក្នុងមន្ទីរពិសោធន៍
  • ឧបករណ៍តេស្តរកជំងឺប្រមេះទឹកបាយនៅផ្ទះ (Home test kits)៖ បច្ចុប្បន្នមានឧបករណ៍តេស្តនៅផ្ទះសម្រាប់ស្ត្រី ដោយវាមានផ្ទុកនូវសម្ភារៈសម្រាប់ដុសកូតយកសំណាកទ្វារមាសដោយខ្លួនឯង រួចផ្ញើទៅកាន់មន្ទីរពិសោធន៍ជាក់លាក់ណាមួយដើម្បីធ្វើការវិភាគ។ អ្នកអាចជ្រើសរើសជម្រើសទទួលលទ្ធផលតាមរយៈសារជាអក្សរ (SMS) ឬអ៊ីមែល នៅពេលដែលលទ្ធផលរបស់អ្នករួចរាល់

ការធ្វើតេស្តរកជំងឺឆ្លងតាមការរួមភេទផ្សេងទៀត

អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក អាចនឹងណែនាំឱ្យមានការពិនិត្យស្វែងរកជំងឺឆ្លងតាមការរួមភេទផ្សេងៗបន្ថែមទៀត។ ការមានផ្ទុកជំងឺប្រមេះទឹកបាយ ធ្វើឱ្យអ្នកងាយនឹងប្រឈមមុខខ្ពស់ក្នុងការឆ្លងជំងឺស្រដៀងគ្នានេះ ជាពិសេសគឺ ជំងឺប្រមេះក្លាមីឌៀ ដែលជាញឹកញាប់តែងតែកើតមានទន្ទឹមគ្នានឹងជំងឺប្រមេះទឹកបាយ។

បុគ្គលណាដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺឆ្លងតាមការរួមភេទ ក៏គួរតែពិចារណាធ្វើតេស្តរកមេរោគអេដស៍ផងដែរ។ ការធ្វើតេស្តរកជំងឺឆ្លងតាមការរួមភេទបន្ថែមទៀត ក៏អាចផ្តល់អត្ថប្រយោជន៍ផងដែរ ដោយផ្អែកលើកត្តាហានិភ័យផ្ទាល់ខ្លួនរបស់អ្នក។

ការព្យាបាល

ការព្យាបាលជំងឺប្រមេះទឹកបាយចំពោះមនុស្សពេញវ័យ

ឱសថប្រឆាំងបាក់តេរី ត្រូវបានយកមកប្រើប្រាស់ដើម្បីព្យាបាលជំងឺប្រមេះទឹកបាយចំពោះមនុស្សពេញវ័យ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានណែនាំឱ្យប្រើប្រាស់ឱសថប្រឆាំងបាក់តេរី សេហ្វទ្រីអាសូន (Ceftriaxone) តាមរយៈការចាក់ ដើម្បីព្យាបាលជំងឺប្រមេះទឹកបាយកម្រិតស្រាល (មិនមានផលវិបាកស្មុគស្មាញ) ដោយសារតែការកកើតឡើងនៃភ្នាក់ងារបាក់តេរី Neisseria gonorrhoeae ប្រភេទស៊ាំនឹងថ្នាំ។

ក្នុងរយៈពេលរហូតដល់ ៧ ថ្ងៃ បន្ទាប់ពីទទួលបានឱសថប្រឆាំងបាក់តេរី អ្នកនៅតែអាចចម្លងមេរោគទៅកាន់អ្នកដទៃបាននៅឡើយ។ ដូច្នេះ សូមវៀរចាករាល់សកម្មភាពផ្លូវភេទយ៉ាងហោចណាស់រយៈពេល ៧ ថ្ងៃ។

ការព្យាបាលជំងឺប្រមេះទឹកបាយសម្រាប់ដៃគូ

ទោះបីជាពួកគេមិនស្តែងចេញរោគសញ្ញាអ្វីក៏ដោយ ដៃគូរួមភេទរបស់អ្នកនាពេលថ្មីៗនេះ (ក្នុងរយៈពេល ៦០ ថ្ងៃចុងក្រោយ) ក៏ត្រូវតែទទួលការពិនិត្យ និងព្យាបាលដូចគ្នាដែរ។ អ្នកអាចនឹងឆ្លងជំងឺប្រមេះទឹកបាយម្តងទៀតតាមរយៈការរួមភេទ ប្រសិនបើពួកគេមិនបានទទួលការព្យាបាល ក្នុងកំឡុងពេលដែលអ្នកកំពុងទទួលបានការព្យាបាលនោះ។ សូមរង់ចាំរយៈពេល ៧ ថ្ងៃ បន្ទាប់ពីដៃគូរបស់អ្នកបានទទួលការព្យាបាលជាសះស្បើយសិន មុននឹងចាប់ផ្តើមសកម្មភាពផ្លូវភេទឡើងវិញ។

ការព្យាបាលជំងឺប្រមេះទឹកបាយសម្រាប់ទារក

ទារកទើបនឹងកើតដែលសម្រាលចេញពីម្តាយដែលមានផ្ទុកជំងឺប្រមេះទឹកបាយ អាចទទួលបានឱសថប្រឆាំងបាក់តេរីដើម្បីព្យាបាល និងបង្ការជំងឺនេះបាន។

Doctors who treat this condition