ទិដ្ឋភាពទូទៅ

ជំងឺរលាកក្បាលឆ្អឹងកែងដៃផ្នែកខាងក្នុង ឬជំងឺកែងដៃអ្នកវាយកូនហ្គោល (Golfer’s elbow) ដែលត្រូវបានគេស្គាល់ជាផ្លូវការថា Medial epicondylitis ឬ Medial elbow tendinopathy គឺជាស្ថានភាពជំងឺមួយដែលបណ្តាលមកពីការប្រែប្រួលលក្ខណៈទ្រុឌទ្រោម នៃសរសៃពួរ ដែលភ្ជាប់សាច់ដុំកំភួនដៃ ទៅនឹងឆ្អឹងនៅផ្នែកខាងក្នុងនៃកែងដៃ។ ជាទូទៅ សរសៃពួរនេះមានតួនាទីគ្រប់គ្រងចលនាកដៃ និងការបត់ម្រាមដៃ។

ក្រុមកីឡាករ ដូចជាអ្នកលេងវាយកូនហ្គោល (Golfers) ឬអ្នកលេងវាយកូនបាល់តេន្នីស (Tennis players) ដែលជារឿយៗត្រូវប្រើប្រាស់កដៃដើម្បីក្តាប់សម្ភារៈកីឡារបស់ពួកគេឱ្យណែននោះ គឺងាយនឹងប្រឈមមុខនឹងជំងឺកែងដៃអ្នកលេងហ្គោលនេះណាស់។ នេះជាមូលហេតុដែលវាមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹង «ជំងឺកែងដៃអ្នកលេងតេន្នីស (Tennis elbow)»។ ចំណុចខុសគ្នាតែមួយគត់នោះគឺ ជំងឺកែងដៃអ្នកលេងតេន្នីសកើតឡើងនៅផ្នែក ខាងក្រៅ នៃកែងដៃ។ លើសពីនេះ ការឈឺចាប់ពេលខ្លះអាចរាលដាលដល់កំភួនដៃ និងកដៃទៀតផង។

រោគសញ្ញា

ខាងក្រោមនេះជារោគសញ្ញានៃជំងឺកែងដៃអ្នកវាយកូនហ្គោល៖

  • មានអារម្មណ៍ឈឺអួលៗ និងឈឺចាប់នៅតំបន់ខាងក្នុងនៃកែងដៃ ហើយអាចរាលដាលដល់ផ្នែកខាងក្នុងនៃកំភួនដៃ
  • មានអារម្មណ៍ថារឹងកែងដៃ នៅពេលអ្នកក្តាប់ដៃ
  • ខ្សោយកម្លាំងដៃ និងកដៃ
  • មានអារម្មណ៍ស្ពឹក ឬស្រពោន (ដូចស្រមោចវារ) នៅម្រាមដៃនាង ឬម្រាមកូនដៃ ឬទាំងពីរតែម្តង

ពេលណាដែលត្រូវទៅជួបគ្រូពេទ្យ៖

  • មានការឈឺចាប់កែងដៃរ៉ាំរ៉ៃមិនព្រមបាត់
  • មានការរលាក ឬហើមនៅកែងដៃ
  • មានការរំខាន ឬកម្រិតដល់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នក
  • កែងដៃមានលក្ខណៈខុសទ្រង់ទ្រាយ (វៀច ឬខូចទម្រង់)
  • ក្នុងករណីមានការសង្ស័យថាមានការបាក់ឆ្អឹងកែងដៃ

​​ មូលហេតុ

ការប្រើប្រាស់កដៃ និងម្រាមដៃដដែលៗ ឬខ្លាំងជ្រុល រួមផ្សំនឹងចលនាខុសបច្ចេកទេស អាចបណ្តាលឱ្យមានរបួសបន្តិចបន្តួចដល់សរសៃពួរ ដែលជាហេតុបង្កឱ្យកើតមានជំងឺកែងដៃអ្នកវាយកូនហ្គោលនេះឡើង។

សកម្មភាព ឬមុខរបរដទៃទៀត ដែលអាចបង្កឱ្យមានជំងឺកែងដៃអ្នកវាយកូនហ្គោល រួមមាន៖

  • កីឡាប្រភេទគប់ ឬចោល (Throwing sports)៖ ការប្រើប្រាស់បច្ចេកទេស ឬចលនាខុសឆ្គងអំឡុងពេលលេងកីឡាដែលទាមទារការចោល/គប់ (ដូចជា ការបាញ់ធ្នូ, ហ្វូតបល/Football ឬការចោលលំពែង) ឬការប៉ះសេ/បោះបាល់ (ដូចជា បេស្បល/Baseball ឬសូហ្វបល/Softball)
  • ការហាត់លើកទម្ងន់៖ ការប្រើប្រាស់បច្ចេកទេសខុសអំឡុងពេលលើកទម្ងន់ធ្ងន់ៗ
  • មុខរបរដែលទាមទារការប្រើកម្លាំងខ្លាំងដដែលៗលើតំបន់កែងដៃ កំភួនដៃ និងកដៃ៖ ជាឧទាហរណ៍ បុគ្គលិកការិយាល័យដែលត្រូវវាយកុំព្យូទ័រខ្លាំងៗ, អ្នករត់តុដែលត្រូវលើកថាសអាហារធ្ងន់ៗ, ជាងឈើ, ជាងទឹក ឬកម្មករសំណង់ជាដើម

មនុស្សដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ, អ្នកមានទម្ងន់ហួសប្រមាណ (ធាត់), អ្នកជក់បារី និងអ្នកដែលត្រូវបំពេញការងារទាមទារការប្រើប្រាស់ដៃដដែលៗ សុទ្ធតែជាក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺកែងដៃអ្នកវាយកូនហ្គោលនេះ។

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យនឹងវាយតម្លៃលើប្រវត្តិវេជ្ជសាស្ត្រ (ប្រវត្តិជំងឺ) និងធ្វើការពិនិត្យរាងកាយផ្ទាល់។ ការពិនិត្យទាំងនេះរួមមាន ការធ្វើចលនាគន្លាក់សន្លាក់ និងការដាក់សម្ពាធ (សង្កត់) ទៅលើសន្លាក់ ដែលអាចស្តែងចេញជាការឈឺចាប់ ឬភាពរឹងស្ពឹក។

ដើម្បីស្វែងរកភាពមិនប្រក្រតីដទៃទៀត ដូចជា ជំងឺរលាកសន្លាក់ ការបាក់ឆ្អឹង ឬការគាបសរសៃប្រសាទ គ្រូពេទ្យអាចនឹងតម្រូវឱ្យធ្វើតេស្តបន្ថែមដូចខាងក្រោម៖

  • ការថតកាំរស្មីអ៊ិច
  • ការពិនិត្យអេកូ ការថតស្កេន CT ការថត MRI
  • ការវាស់ចរន្តអគ្គិសនីសាច់ដុំ និងសរសៃប្រសាទ (Electromyography – EMG)

ការព្យាបាល

  • ការសម្រាក៖ ជួយជម្រុញដល់ដំណើរការជាសះស្បើយ និងការពារកែងដៃពីការទ្រទម្ងន់ ក៏ដូចជាសកម្មភាពប្រើប្រាស់ខ្លាំងជ្រុល យ៉ាងហោចណាស់រយៈពេល ៦ សប្តាហ៍។
  • ការស្អំទឹកកក៖ ស្អំទឹកកករយៈពេល ២០ នាទី រៀងរាល់ ២ ម៉ោងម្តង នៅពេលអ្នកភ្ញាក់ ដើម្បីការពារ ឬកាត់បន្ថយការហើម។
  • ការលើកកម្ពស់៖ លើកកែងដៃរបស់អ្នកឱ្យខ្ពស់ដោយកល់នៅលើខ្នើយ អំឡុងពេលគេង ឬគេងសម្រាក
  • ការទាញសន្ធឹង និងពង្រឹងសាច់ដុំ៖ ការហាត់ប្រាណជាក់លាក់ដើម្បីទាញសន្ធឹង និងពង្រឹងសាច់ដុំដែលភ្ជាប់ទៅនឹងកន្លែងសរសៃពួរដែលរងរបួស បន្ទាប់ពីការឈឺចាប់បានធូរស្រាល។ វិធីនេះនឹងជួយដល់ដំណើរការនៃការជាសះស្បើយ
  • ការប្រើប្រាស់ឧបករណ៍ជំនួយកែងដៃ៖ គ្រូពេទ្យអាចនឹងណែនាំឱ្យអ្នកប្រើប្រាស់ឧបករណ៍រឹតកែងដៃ ដើម្បីកាត់បន្ថយសម្ពាធ និងភាពតានតឹងលើសរសៃពួរ និងសាច់ដុំ
  • ឱសថបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជា៖ អាចប្រើប្រាស់ឱសថមួយចំនួនដូចជា Ibuprofen, Naproxen sodium ឬ Acetaminophen (Paracetamol)
  • ការចាក់ប្លាស្មាសម្បូរប្លាកែត (Injection of Platelet-Rich Plasma – PRP)៖ បច្ចេកទេសនេះធ្វើឡើងដោយការបឺតយកឈាមរបស់អ្នកមួយចំនួនតូច រួចញែកយកតែប្លាកែត និងកត្តាប្រឆាំងការរលាកដទៃទៀតពីក្នុងឈាមនោះ ចាក់បញ្ចូលទៅក្នុងតំបន់ដែលរងផលប៉ះពាល់វិញ
  • ការព្យាបាលដោយរលកឆក់ក្រៅរាងកាយ (Extracorporeal shockwave therapy – ESWT) និងការព្យាបាលដោយកាំរស្មីឡាស៊ែរ

ការវះកាត់

ជាទូទៅ ការវះកាត់មិនត្រូវបានចង្អុលបង្ហាញសម្រាប់ព្យាបាលជំងឺកែងដៃអ្នកវាយកូនហ្គោលនោះទេ លុះត្រាតែការព្យាបាលដោយមិនវះកាត់ផ្សេងទៀតបានបរាជ័យ ក្នុងការកែលម្អចលនានិងកាត់បន្ថយការឈឺចាប់។ គ្រូពេទ្យអាចណែនាំឱ្យធ្វើការវះកាត់ដើម្បីកាត់ចោលជាលិកាដែលខូចខាត និងជួសជុលសរសៃពួរឡើងវិញ។ បន្ទាប់ពីវះកាត់ អ្នកត្រូវតែឆ្លងកាត់ការព្យាបាលដោយចលនា ដើម្បីស្តារសម្បទាឡើងវិញ។

ប្រសិនបើទុកចោលដោយគ្មានការព្យាបាលទេនោះ ជំងឺកែងដៃអ្នកវាយកូនហ្គោលអាចនាំឱ្យមានការឈឺចាប់កែងដៃរយៈពេលវែង និងបាត់បង់កម្លាំងក្តាប់ដៃជាអចិន្ត្រៃយ៍។ ប្រសិនបើការឈឺចាប់របស់អ្នកត្រូវបានធូរស្រាល អ្នកអាចបន្តសកម្មភាពធម្មតាឡើងវិញបាន។

Doctors who treat this condition