ទិដ្ឋភាពទូទៅ
កុមារជារឿយៗតែងតែជួបប្រទះការឈឺក្បាល ដែលស្តែងចេញជាការឈឺចាប់នៅតំបន់ក្បាល ឬផ្ទៃមុខរបស់ពួកគេ។ ការឈឺក្បាលគឺជាប្រផ្នូលដែលឧស្សាហ៍កើតមានចំពោះកុមារ ហើយជាទូទៅវាមិនមែនជាមូលហេតុដែលត្រូវព្រួយបារម្ភនោះទេ។ ស្រដៀងគ្នានឹងមនុស្សពេញវ័យដែរ កុមារអាចជួបប្រទះការឈឺក្បាលខុសៗគ្នាជាច្រើនប្រភេទ ដូចជា ជំងឺប្រកាំង ឬការឈឺក្បាលបែបតានតឹងសាច់ដុំ ដែលទាក់ទងនឹងភាពស្រ្តេស។ លើសពីនេះ កុមារមួយចំនួនអាចនឹងរងទុក្ខដោយសារការឈឺក្បាលរ៉ាំរ៉ៃប្រចាំថ្ងៃផងដែរ។
ការឈឺក្បាលចំពោះកុមារ ជារឿយៗអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា ការឆ្លងមេរោគ, កម្រិតស្រ្តេស ឬការព្រួយបារម្ភខ្ពស់, កត្តារបៀបរបបនៃការរស់នៅ ឬការរងរបួសក្បាលស្រាលៗ។ វាជារឿងសំខាន់ណាស់ក្នុងការតាមដានរោគសញ្ញាទាំងនេះដោយយកចិត្តទុកដាក់ ជាពិសេសប្រសិនបើការឈឺចាប់នោះកាន់តែខ្លាំងឡើង ឬកើតឡើងញឹកញាប់ជាងមុន។
ការឈឺក្បាលចំពោះកុមារ ជារឿយៗអាចបាត់ទៅវិញលឿនជាងមនុស្សពេញវ័យ។ ជម្រើសនៃការព្យាបាលសម្រាប់ការឈឺក្បាលរបស់កុមារ ជាទូទៅរួមមានការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលទិញដោយគ្មានវេជ្ជបញ្ជា និងការបង្កើតទម្លាប់រស់នៅប្រកបដោយសុខភាពល្អ ដូចជាការរក្សាកាលវិភាគទទួលទានអាហារ និងការគេងឱ្យបានទៀងទាត់។
រោគសញ្ញា
រោគសញ្ញានៃការឈឺក្បាលចំពោះកុមារមានភាពខុសប្លែកគ្នាទៅតាមប្រភេទនៃការឈឺក្បាល និងអាចមានភាពខុសគ្នាពីមនុស្សពេញវ័យ។ វាអាចជាការពិបាកក្នុងការកំណត់អត្តសញ្ញាណប្រភេទនៃការឈឺក្បាលជាក់លាក់របស់កុមារ ដោយសារតែភាពខុសគ្នានៃរោគសញ្ញា ជាពិសេសចំពោះកុមារតូចៗដែលមិនទាន់អាចរៀបរាប់ពីរោគសញ្ញារបស់ពួកគេបាន។
ជាទូទៅ រោគសញ្ញាជាក់លាក់មួយចំនួនតែងតែស្របគ្នាទៅនឹងប្រភេទនៃការឈឺក្បាលនីមួយៗ៖
- ជំងឺប្រកាំង៖
- មានការឈឺចាប់បែបញាក់ៗ ឬខ្ទប់ៗ
- ចង្អោរ និងក្អួត
- ឈឺពោះ
- ការឈឺចាប់កាន់តែខ្លាំងឡើងនៅពេលធ្វើសកម្មភាពរាងកាយ
- ងាយរងរំញោចខ្លាំង (ចាញ់) នឹងសំឡេង និងពន្លឺ
ជំងឺប្រកាំងអាចកើតមានឡើងចំពោះទារក និងកុមារ។ នៅពេលដែលកុមារមានការឈឺចាប់ខ្លាំង ប៉ុន្តែពួកគេនៅតូចពេកមិនទាន់អាចប្រាប់បាន ពួកគេអាចនឹងយំខ្លាំង ឬធ្វើចលនាយោលខ្លួនទៅមុខទៅក្រោយ។
- ការឈឺក្បាលបែបតានតឹងសាច់ដុំ៖
- រយៈពេលនៃការឈឺក្បាលបែបតានតឹងសាច់ដុំនេះ អាចមានចាប់ពី ៣០ នាទី រហូតដល់រាប់ថ្ងៃ។ កុមារតូចៗអាចនឹងផ្អាកការចូលរួមលេងកម្សាន្តធម្មតា ហើយចង់គេងច្រើនជាង។
- មានការឈឺចាប់កម្រិតស្រាលទៅមធ្យម បែបណែនៗ (មិនញាក់ទេ) នៅសងខាងក្បាល
- មានអារម្មណ៍តឹងណែន ឬមានសម្ពាធនៅលើសាច់ដុំក្បាល ឬក
- មិនមានការចង្អោរ ឬក្អួត រួមផ្សំជាមួយនោះទេ (ដែលចំណុចនេះខុសពីជំងឺប្រកាំង)
- ការឈឺចាប់មិនកើនឡើងខ្លាំងតាមសកម្មភាពរាងកាយឡើយ
- ការឈឺក្បាលបែបបណ្តុំ៖
- កុមារដែលមានអាយុក្រោម ១០ ឆ្នាំ គឺកម្រនឹងជួបប្រទះការឈឺក្បាលបែបបណ្តុំនេះណាស់។ វាជាទូទៅកើតឡើងជាវគ្គៗ ចាប់ពី ៥ ដងឡើងទៅ ដោយភាពញឹកញាប់នៃការឈឺក្បាលប្រែប្រួលចាប់ពី ២ ថ្ងៃម្តង រហូតដល់ ៨ ដងក្នុងមួយថ្ងៃ។ សញ្ញា និងរោគសញ្ញាទូទៅផ្សេងទៀតរួមមាន៖
- មានការឈឺចាប់ខ្លាំង បែបចាក់ៗនៅក្បាលម្ខាង ក្នុងរយៈពេលតិចជាង ៣ ម៉ោង
- មិនចុះសម្រុង ឬរកាំរកូសក្នុងខ្លួន
- ហូរទឹកភ្នែក
- តឹងច្រមុះ
- ហៀរទឹករំអិលច្រមុះ
- កុមារដែលមានអាយុក្រោម ១០ ឆ្នាំ គឺកម្រនឹងជួបប្រទះការឈឺក្បាលបែបបណ្តុំនេះណាស់។ វាជាទូទៅកើតឡើងជាវគ្គៗ ចាប់ពី ៥ ដងឡើងទៅ ដោយភាពញឹកញាប់នៃការឈឺក្បាលប្រែប្រួលចាប់ពី ២ ថ្ងៃម្តង រហូតដល់ ៨ ដងក្នុងមួយថ្ងៃ។ សញ្ញា និងរោគសញ្ញាទូទៅផ្សេងទៀតរួមមាន៖
- ការឈឺក្បាលរ៉ាំរ៉ៃប្រចាំថ្ងៃ៖ ការឈឺក្បាលរ៉ាំរ៉ៃប្រចាំថ្ងៃ (CDH) អាចបណ្តាលមកពីការឆ្លងមេរោគ, ការរងរបួសក្បាលបន្តិចបន្តួច ឬការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ហួសកម្រិត រួមទាំងថ្នាំដែលទិញដោយគ្មានវេជ្ជបញ្ជាផងដែរ។ ករណីជំងឺប្រកាំង និងការឈឺក្បាលបែបតានតឹងសាច់ដុំដែលកើតឡើងលើសពី ១៥ ថ្ងៃក្នុងមួយខែ ត្រូវបានគេហៅថា «ការឈឺក្បាលរ៉ាំរ៉ៃប្រចាំថ្ងៃ»
ប្រសិនបើសញ្ញា និងរោគសញ្ញាណាមួយកើតឡើងមិនព្រមបាត់ ឬត្រូវបានកត់សម្គាល់ឃើញចំពោះកុមារ វាជាការប្រសើរក្នុងការស្វែងរកការណែនាំពីគ្រូពេទ្យ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យឱ្យបានហ្មត់ចត់។ ទោះបីជាការឈឺក្បាលចំពោះកុមារ ភាគច្រើនមិនមែនជាបញ្ហាគួរឱ្យបារម្ភធំដុំក៏ដោយ វាជារឿងសំខាន់ណាស់ក្នុងការប្រុងប្រយ័ត្នចំពោះសញ្ញាព្រមានជាក់លាក់មួយចំនួន។
ការស្វែងរកជំនួយវេជ្ជសាស្ត្រជាបន្ទាន់ អាចជារឿងចាំបាច់ ក្នុងករណីដែលមានការឈឺក្បាលកាន់តែខ្លាំងឡើងភ្លាមៗ ឬកើតឡើងញឹកញាប់ខុសធម្មតា, ការឈឺក្បាលដែលធ្វើឱ្យកុមារភ្ញាក់ពីគេង, ការឈឺក្បាលដែលកើតឡើងបន្ទាប់ពីមានរបួស (ដូចជាការទង្គិចក្បាល), មានការក្អួតចង្អោរជាប់ ឬមានបញ្ហាចក្ខុវិញ្ញាណ (មើលមិនច្បាស់) រួមជាមួយការឈឺក្បាល ឬប្រសិនបើការឈឺក្បាលនោះមកជាមួយការគ្រុនក្តៅ និងឈឺ ឬរឹងក ក៏ដូចជាមានការប្រែប្រួលបុគ្គលិកលក្ខណៈរបស់កុមារ។
មូលហេតុ
ការឈឺក្បាលរបស់កុមារអាចមានមូលហេតុផ្សេងៗគ្នាជាច្រើន។ មូលហេតុទាំងនោះរួមមាន ប៉ុន្តែមិនកំណត់ត្រឹម៖
- ជំងឺ និងការឆ្លងមេរោគ៖ ស្ថានភាពជំងឺទូទៅដូចជា គ្រុនផ្តាសាយ, ជំងឺផ្តាសាយធំ, ការរលាកឆ្អឹងច្រមុះ និងការឆ្លងមេរោគត្រចៀក អាចទាក់ទងនឹងការឈឺក្បាល។ ទោះជាយ៉ាងណាក៏ដោយ គួរកត់សម្គាល់ថា ជំងឺរលាកស្រោមខួរ និងជំងឺរលាកខួរក្បាល ទោះបីជាអាចទៅរួច ប៉ុន្តែវាមានកម្រិតកម្រណាស់ដែលនាំឱ្យមានការឈឺក្បាល
- កត្តាតំណពូជ៖ ការឈឺក្បាល ជាពិសេសជំងឺប្រកាំង ជារឿយៗតែងមានទំនោរទាក់ទងនឹងកត្តាតំណពូជ
- របួសក្បាល៖ ការឈឺក្បាលអាចជាលទ្ធផលនៃការប៉ះទង្គិច។ ប្រសិនបើកុមារមានការប៉ះទង្គិចក្បាលខ្លាំង ឬការឈឺក្បាលរបស់ពួកគេកាន់តែធ្ងន់ធ្ងរឡើងបន្ទាប់ពីរងរបួស វាជារឿងសំខាន់ណាស់ក្នុងការស្វែងរកការពិនិត្យព្យាបាលភ្លាមៗ
- កត្តាអារម្មណ៍៖ ការឈឺក្បាលគឺជាបណ្តឹងទូទៅក្នុងចំណោមកុមារដែលមានជំងឺបាក់ទឹកចិត្ត ជាពិសេសប្រសិនបើពួកគេមានការពិបាកក្នុងការកំណត់អារម្មណ៍សោកសៅ និងភាពឯកោរបស់ខ្លួនឯង។ ក្មេងៗអាចឈឺក្បាលដោយសារតែពួកគេមានភាពស្រ្តេស ឬព្រួយបារម្ភ។ ករណីនេះអាចកើតឡើងនៅពេលពួកគេមានបញ្ហាជាមួយមិត្តភក្តិ, គ្រូបង្រៀន ឬឪពុកម្តាយរបស់ពួកគេ
- ចំណីអាហារ និងភេសជ្ជៈមួយចំនួន៖ ការទទួលទានជាតិកាហ្វេអ៊ីនច្រើនហួសប្រមាណដែលមាននៅក្នុងភេសជ្ជៈដូចជា ទឹកក្រឡុក/ទឹក Soda, សូកូឡា និងភេសជ្ជៈកីឡា មានសក្តានុពលក្នុងការបង្កឱ្យមានការឈឺក្បាល។ សារធាតុបន្ថែក្នុងអាហារដូចជា ប៊ីចេង និងសារធាតុនីត្រាត ដែលជាប្រភេទសារធាតុរក្សាទុកអាហារដែលធ្លាប់មានជាទូទៅនៅក្នុងសាច់កែច្នៃ ដូចជា សាច់ជ្រូកបីជាន់ Bacon, សាច់ប៉ាតេ និងសាច់ក្រក ក៏អាចបង្កឱ្យឈឺក្បាលបានដែរ
- បញ្ហាទាក់ទងនឹងខួរក្បាល៖ ការឈឺក្បាលជាប់ដែលកាន់តែធ្ងន់ធ្ងរទៅៗតាមពេលវេលា រួមទាំងមានបញ្ហាគំហើញ, វិលមុខ និងការបាត់បង់តុល្យភាពចលនា ស្ថិតក្នុងចំណោមរោគសញ្ញាដែលបណ្តាលមកពីសម្ពាធលើផ្នែកខ្លះនៃខួរក្បាល ដោយសារតែដុំសាច់ក្នុងខួរក្បាល, ការមានខ្ទុះក្នុងខួរក្បាល ឬការហូរឈាមក្នុងខួរក្បាល
កត្តាហានិភ័យ
កុមារជារឿយៗតែងតែមានការឈឺក្បាល។ ទោះជាយ៉ាងណាក៏ដោយ ករណីភាគច្រើននៃការឈឺក្បាលចំពោះកុមារកើតឡើងក្នុងចំណោម៖
- យុវវ័យដែលមានអាយុច្រើន
- ក្មេងស្រី បន្ទាប់ពីឈានចូលវ័យវ័យពេញក្រមុំ
- កុមារដែលមានប្រវត្តិគ្រួសារធ្លាប់មានជំងឺប្រកាំង ឬឈឺក្បាល
២០% នៃកុមារដែលមានអាយុចន្លោះពី ៥ ដល់ ១៧ ឆ្នាំ បានទទួលស្គាល់ថាធ្លាប់មានការឈឺក្បាល។ ទាំងការឈឺក្បាលបែបតានតឹងសាច់ដុំ និងជំងឺប្រកាំង ដែលជាប្រភេទនៃការឈឺក្បាលដែលរីករាលដាលបំផុតនៅក្នុងក្រុមអាយុនេះ ត្រូវបានគេកត់ត្រាទុក។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យការឈឺក្បាលចំពោះកុមារ ទាមទារឱ្យមានការវាយតម្លៃឱ្យបានហ្មត់ចត់លើរោគសញ្ញា ការពិនិត្យរាងកាយ និងប្រព័ន្ធប្រសាទ រួមទាំងការស្នើសុំធ្វើតេស្តមួយចំនួនប្រសិនបើចាំបាច់។ ជាទូទៅ ការធ្វើតេស្តបន្ថែមគឺមិនត្រូវបានទាមទារនោះទេ ប្រសិនបើកុមារមានសុខភាពល្អធម្មតា ហើយការឈឺក្បាលគឺជារោគសញ្ញាតែមួយគត់នោះ។
- ប្រវត្តិនៃការឈឺក្បាល៖ ការកត់ត្រាក្នុងសៀវភៅទិនានុប្បវត្តិនៃការឈឺក្បាល (Headache journal) អាចនឹងត្រូវណែនាំ ដើម្បីកត់ត្រាព័ត៌មានចាំបាច់នានាទាក់ទងនឹងការឈឺក្បាលរបស់កុមារ រួមមាន ភាពញឹកញាប់ កម្រិតធ្ងន់ធ្ងរនៃការឈឺចាប់ និងកត្តាជម្រុញដែលអាចកើតមាន។ ការពិពណ៌នាលម្អិតអំពីការឈឺក្បាលត្រូវតែផ្តល់ជូនគ្រូពេទ្យ ដើម្បីពួកគេអាចវាយតម្លៃរកមើលទម្រង់នៃការឈឺចាប់ ឬមូលហេតុរួមណាមួយ
- ការពិនិត្យរាងកាយ និងប្រព័ន្ធប្រសាទ៖ អ្នកផ្តល់សេវាថែទាំសុខភាពនឹងវាយតម្លៃថាតើចលនារបស់កុមារមានភាពប្រក្រតីដែរឬទេ និងមើលថាតើមានបញ្ហាណាមួយទាក់ទងនឹងតុល្យភាពចលនា ឬវិញ្ញាណដឹងដែរឬទេ។ ពួកគេក៏នឹងធ្វើការពិនិត្យរាងកាយផងដែរ ដែលរួមមានការវាស់កម្ពស់ ទម្ងន់ ទំហំក្បាល និងការពិនិត្យសម្ពាធឈាមព្រមទាំងចង្វាក់បេះដូង។ លើសពីនេះ គ្រូពេទ្យនឹងពិនិត្យមើលភ្នែក ក ក្បាល និងខ្នងរបស់កុមារផងដែរ
ការធ្វើតេស្តនានា ជួនកាលអាចជួយក្នុងការកំណត់រោគវិនិច្ឆ័យ ឬជួយទាត់ចោលនូវស្ថានភាពជំងឺផ្សេងៗទៀត ដែលអាចជាប្រភពបង្កឱ្យមានការឈឺក្បាល។
- ការថតអេមអរអាយ (MRI)៖ រូបភាពលម្អិត និងគ្រប់ជ្រុងជ្រោយនៃខួរក្បាល ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ដែកឆក់ដ៏ធំ រលកធាតុអាកាសវិទ្យុ និងកុំព្យូទ័រ។ សរសៃឈាមដែលផ្គត់ផ្គង់ខួរក្បាលក៏អាចត្រូវបានពិនិត្យដោយប្រើ MRI នេះផងដែរ។ ការស្កេន MRI ជាទូទៅត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណដុំសាច់, ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺប៉ោងសរសៃឈាមខួរក្បាល ស្ថានភាពជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទ និងភាពមិនប្រក្រតីផ្សេងៗទៀតនៃខួរក្បាល
- ការថតស៊ីធីស្កេន (CT scan)៖ វិធីសាស្ត្រនេះជួយក្នុងការធ្វើរោគវិនិច្ឆ័យដុំសាច់ ការឆ្លងមេរោគ និងស្ថានភាពជំងឺផ្សេងៗទៀតដែលអាចនាំឱ្យឈឺក្បាល។ លំដាប់នៃការថតកាំរស្មីអ៊ិចដែលបញ្ជាដោយកុំព្យូទ័រ ត្រូវបានប្រើប្រាស់ក្នុងដំណើរការរូបភាពវេជ្ជសាស្ត្រនេះ ដើម្បីបង្កើតជារូបភាពកាត់ទទឹងនៃខួរក្បាលរបស់កុមារ
- ការបូមទឹកខួរឆ្អឹង (Spinal tap ឬ Lumbar puncture)៖ វិធីសាស្ត្រនេះរួមបញ្ចូលទាំងការប្រើប្រាស់ម្ជុលតូចឆ្មារមួយ ដើម្បីបូមយកគំរូទឹកខួរក្បាល និងខួរឆ្អឹង បន្តិចបន្តួចពីផ្នែកខាងក្រោមនៃខ្នង (ចង្កេះ) ដែលគំរូនេះនឹងត្រូវយកទៅពិនិត្យនៅក្នុងមន្ទីរពិសោធន៍សម្រាប់ការវាយតម្លៃបន្ថែម។ វិធីនេះអាចនឹងត្រូវណែនាំ ប្រសិនបើអ្នកផ្តល់សេវាថែទាំសុខភាពមានហេតុផលជឿជាក់ថា មានជំងឺណាមួយនៅពីក្រោយ ដូចជាជំងឺរលាកស្រោមខួរដោយសារបាក់តេរី ឬវីរុស ដែលជាប្រភពបង្កឱ្យកុមារឈឺក្បាល
ការព្យាបាល
នៅពេលដោះស្រាយបញ្ហាឈឺក្បាលចំពោះកុមារ អ្នកផ្តល់សេវាថែទាំសុខភាពនឹងពិចារណាលើកត្តាផ្សេងៗជាច្រើន ដូចជា អាយុរបស់កុមារ ប្រភេទ និងភាពញឹកញាប់នៃជំនងឺឈឺក្បាល ព្រមទាំងមូលហេតុបង្កនៅពីក្រោយ។ គោលបំណងគឺដើម្បីរៀបចំវិធីសាស្ត្រព្យាបាលឱ្យស្របទៅតាមតម្រូវការជាក់លាក់របស់កុមារម្នាក់ៗ ដើម្បីធានាបាននូវការគ្រប់គ្រងជំងឺប្រកបដោយប្រសិទ្ធភាព និងការសម្រាលការឈឺក្បាលរបស់ពួកគេ។
មានវិធីសាស្ត្រចម្បងៗចំនួន ៤ ក្នុងការព្យាបាលការឈឺក្បាលទាំងនេះ៖ ការប្រើប្រាស់ថ្នាំ, ការផ្តល់ការអប់រំអំពីជំងឺឈឺក្បាល, ការកែប្រែរបៀបរបបនៃការរស់នៅ និងការបង្រៀនពីបច្ចេកទេសគ្រប់គ្រងភាពស្រ្តេស។ ភាគច្រើន ការឈឺក្បាលរបស់កុមារអាចព្យាបាលជាសះស្បើយនៅផ្ទះបាន តាមរយៈការសម្រាកបន្ធូរអារម្មណ៍, ការកាត់បន្ថយសំឡេងរំខាន, ការញ៉ាំទឹកឱ្យបានច្រើន, ការទទួលទានអាហារដែលមានជីវជាតិ និងការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលទិញដោយគ្មានវេជ្ជបញ្ជា។
- ថ្នាំពេទ្យ
- ថ្នាំបំបាត់ការឈឺចាប់ដែលទិញដោយគ្មានវេជ្ជបញ្ជា៖ ថ្នាំទាំងនេះគួរតែត្រូវបានប្រើប្រាស់ភ្លាមៗនៅពេលដែលការឈឺក្បាលចាប់ផ្តើមឡើង។ ថ្នាំទូទៅដែលអាចជួយសម្រាលរោគសញ្ញាឈឺក្បាល រួមទាំងការឈឺចាប់ ចង្អោរ និងក្អួត រួមមាន ថ្នាំអាសេតាមីណូហ្វេន (Acetaminophen ឬ ប៉ារ៉ាសេតាម៉ុល) ឬថ្នាំអ៊ីប៊ុយប្រូហ្វែន (Ibuprofen)
សូមជៀសវាងដាច់ខាតក្នុងការផ្តល់ថ្នាំអាស្ពីរីន (Aspirin) ដល់កុមារ ឬក្មេងជំទង់ដែលកំពុងសម្រាកព្យាបាលពីជំងឺអុតស្វាយ ឬមានរោគសញ្ញាដូចគ្រុនផ្តាសាយធំ ព្រោះវាអាចនាំឱ្យកើតរោគសញ្ញាកម្រមួយ ប៉ុន្តែមានគ្រោះថ្នាក់ខ្លាំង ហៅថា «រោគសញ្ញារ៉ៃ (Reye’s syndrome)»
- ថ្នាំតាមវេជ្ជបញ្ជា៖ ថ្នាំប្រភេទកាត់ផ្តាច់រោគសញ្ញា (Abortive drugs) ជួយទប់ស្កាត់រោគសញ្ញានៃជំងឺប្រកាំង ដូចជាការឈឺចាប់ ចង្អោរ និងការចាញ់ពន្លឺ ដោយការចូលទៅកាត់ផ្តាច់ដំណើរការនៃការឈឺក្បាលនោះ។ ថ្នាំតាមវេជ្ជបញ្ជាទាំងនេះរួមមាន ក្រុមថ្នាំទ្រីបតង់ដែលផ្ទុកសកម្មភាពវែង (Long-acting triptans) ដូចជា ហ្វ្រូវ៉ាទ្រីបតង់ (frovatriptan) និងក្រុមថ្នាំទ្រីបតង់ដែលផ្ទុកសកម្មភាពខ្លី (Short-acting triptans) ដូចជា ស៊ូម៉ាទ្រីបតង់ (sumatriptan)។ ក្រុមថ្នាំទ្រីបតង់នេះ មានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ការប្រើប្រាស់ចំពោះកុមារដែលមានអាយុលើសពី ៦ ឆ្នាំ។ ក្រៅពីនេះ ថ្នាំប្រឆាំងការចង្អោរក្អួត ក៏អាចនឹងត្រូវចេញវេជ្ជបញ្ជាសម្រាប់ជំងឺប្រកាំងដែលមានមកជាមួយនូវរោគសញ្ញាចង្អោរ និងក្អួតផងដែរ
ផ្ដោតលើការយកចិត្តទុកដាក់ខ្ពស់៖ ការប្រើប្រាស់ថ្នាំត្រូវតែមានការពិភាក្សាជាមុនជាមួយអ្នកផ្តល់សេវាថែទាំសុខភាព។ វាជារឿងសំខាន់ណាស់ដែលត្រូវកត់សម្គាល់ថា ថ្នាំពេទ្យទាំងអស់សុទ្ធតែមានផលប៉ះពាល់អវិជ្ជមាន (ផលរំខាន)។ ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំដទៃទៀត អាចនឹងថយចុះប្រសិទ្ធភាពតាមពេលវេលា។ ការប្រើប្រាស់ថ្នាំច្រើនហួសប្រមាណ អាចធ្វើឱ្យការឈឺក្បាលកាន់តែធ្ងន់ធ្ងរឡើង ដែលស្ថានភាពនេះត្រូវបានគេស្គាល់ថាជា «ការឈឺក្បាលដោយសារការប្រើប្រាស់ថ្នាំហួសកម្រិត»
- វិធីសាស្ត្រព្យាបាលដោយមិនប្រើថ្នាំ៖ ទោះបីជាភាពស្រ្តេស និងជំងឺបាក់ទឹកចិត្តហាក់ដូចជាមិនមែនជាមូលហេតុបង្កផ្ទាល់នៃការឈឺក្បាលក៏ដោយ ក៏ពួកវាអាចដើរតួជាកត្តាជម្រុញ ឬធ្វើឱ្យការឈឺក្បាលដែលមានស្រាប់កាន់តែធ្ងន់ធ្ងរឡើង។ យុទ្ធសាស្ត្រជាច្រើនមានគោលបំណងបំពាក់បំប៉នកុមារនូវឧបករណ៍ និងបច្ចេកទេសមានប្រសិទ្ធភាព ដើម្បីគ្រប់គ្រង និងសម្រាលការឈឺក្បាលរបស់ពួកគេ ព្រមទាំងលើកកម្ពស់សុខុមាលភាពទូទៅផងដែរ
