ភាពមិនប្រក្រតីនៃសរសៃឈាមខ្មៅក្នុងខួរក្បាល
ទិដ្ឋភាពទូទៅ
ភាពមិនប្រក្រតីនៃសរសៃឈាមខ្មៅក្នុងខួរក្បាល (Intracranial venous malformations) គឺជាស្ថានភាពដែលសរសៃឈាមខ្មៅ (សរសៃឈាមវ៉ែន) នៅក្នុងខួរក្បាលមានការរីកធំខុសពីធម្មតា។ ស្ថានភាពនេះច្រើនតែត្រូវបានគេហៅម្យ៉ាងទៀតថា ភាពមិនប្រក្រតីនៃសរសៃឈាមខួរក្បាល (Vascular or cerebral malformations)។ សរសៃឈាមខ្មៅដែលរីកធំទាំងនេះ គឺកម្រនឹងបង្កឱ្យមានរោគសញ្ញា ឬមានផលប៉ះពាល់ដល់មុខងារដំណើរការរបស់សរសៃឈាមខ្លាំងណាស់។
បុគ្គលមួយចំនួនអាចមានភាពមិនប្រក្រតីនៃសរសៃឈាមខ្មៅក្នុងខួរក្បាលនេះ ប៉ុន្តែមិនដែលត្រូវបានរកឃើញ ឬស្តែងចេញរោគសញ្ញាណាមួយឡើយពេញមួយជីវិត។ ជារឿយៗ ភាពមិនប្រក្រតីនេះត្រូវបានរកឃើញដោយចៃដន្យតែប៉ុណ្ណោះ នៅពេលដែលអ្នកជំងឺទទួលការពិនិត្យថតរូបភាពខួរក្បាល ដើម្បីស្វែងរកជំងឺ ឬស្ថានភាពសុខភាពផ្សេងទៀត។ ហេតុទូទៅ វិធីសាស្ត្រព្យាបាលសម្រាប់ភាពមិនប្រក្រតីនៃសរសៃឈាមខ្មៅក្នុងខួរក្បាលនេះ គឺមិនមានភាពចាំបាច់នោះទេ។
រោគសញ្ញា
ជាញឹកញាប់ណាស់ដែលភាពមិនប្រក្រតីនៃសរសៃឈាមខ្មៅក្នុងខួរក្បាលមិនត្រូវបានរកឃើញ ប៉ុន្តែប្រសិនបើវាស្តែងចេញឡើង វានឹងអាចបង្កឱ្យមានរោគសញ្ញាដូចខាងក្រោម៖
- ឈឺក្បាល
- ការប្រកាច់
- ការហូរឈាមក្នុងខួរក្បាល
- បញ្ហាទាក់ទងនឹងការយល់ដឹង និងការចងចាំ
- ជំងឺបាក់ទឹកចិត្ត ឬជំងឺថប់បារម្ភ
មូលហេតុ
បច្ចុប្បន្ន គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបង្កឱ្យមានភាពមិនប្រក្រតីនៃសរសៃឈាមខួរក្បាលនេះនៅឡើយទេ ប៉ុន្តែវាអាចជាកត្តាតំណពូជ និងមានវត្តមានតាំងពីកំណើត។ ទាំងបុរស និងស្ត្រី សុទ្ធតែអាចវិវត្តទៅជាទម្រង់មិនប្រក្រតីទាំងនេះក្នុងកម្រិតស្មើៗគ្នា។
ការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យអាចនឹងរកឃើញភាពមិនប្រក្រតីនៃសរសៃឈាមខ្មៅក្នុងខួរក្បាល នៅពេលដែលកំពុងស្វែងរកបញ្ហាប្រព័ន្ធប្រសាទផ្សេងទៀត ទោះបីជាអ្នកជំងឺមិនបានដឹងពីរោគសញ្ញាណាមួយក៏ដោយ។ ដើម្បីស្វែងរកបញ្ហាប្រព័ន្ធប្រសាទបន្ថែម អ្នកជំងឺអាចនឹងត្រូវឆ្លងកាត់នីតិវិធីដូចខាងក្រោម៖
- ការថតស៊ីធីស្កេន៖ ការថតស៊ីធីស្កេនបង្កើតនូវស៊េរីរូបភាពកាំរស្មីអ៊ិច ដែលផ្តល់នូវរូបភាពកាត់ទទឹងយ៉ាងលម្អិតខ្ពស់នៃខួរក្បាល និងសរសៃឈាម។ ដើម្បីពិនិត្យកោសិកាខួរក្បាល ឬសរសៃឈាមឱ្យបានហ្មត់ចត់ជាងមុន (ការថតឆ្លុះសរសៃឈាមក្រហមតាមស៊ីធី ឬ CT angiography ឬការថតឆ្លុះសរសៃឈាមខ្មៅតាមស៊ីធី ឬ CT venogram) ជួនកាលថ្នាំ ពណ៌ អាចនឹងត្រូវចាក់បញ្ចូលទៅក្នុងសរសៃឈាមខ្មៅ
- ការថតអឹមអរអាយ៖ ខួរក្បាល និងសរសៃឈាមត្រូវបានបង្ហាញជារូបភាពលម្អិតក្នុងទម្រង់ 3D ដោយប្រើរលកម៉ាញេទិក និងរលកវិទ្យុ។ ជួនកាល ថ្នាំលាបពណ៌ឆ្លុះអាចនឹងត្រូវចាក់បញ្ចូលទៅក្នុងសរសៃឈាមខ្មៅ ដើម្បីពិនិត្យមើលសរសៃឈាម និងកោសិកាខួរក្បាលក្នុងទម្រង់ផ្សេងមួយទៀត
- ការថតឆ្លុះសរសៃឈាមក្រហមតាមម៉ាញេទិក (MRA)៖ នេះគឺជាទម្រង់នៃការថតស្កេន MRI មួយប្រភេទទៀត ដែលផ្តោតជាសំខាន់ទៅលើសរសៃឈាមក្រហម។ ការថត MRA អាចបង្ហាញឱ្យឃើញពីលំហូរឈាមរត់កាត់សរសៃឈាមនៅក្នុងខួរក្បាល
- ការថតឆ្លុះសរសៃឈាមខ្មៅតាមម៉ាញេទិក (MRV)៖ គឺជាបច្ចេកទេសថត MRI មួយប្រភេទ ដែលផ្តោតជាសំខាន់ទៅលើសរសៃឈាមខ្មៅ
ការព្យាបាល
ដោយសារតែរោគសញ្ញាកម្រនឹងស្តែងចេញឡើងខ្លាំងណាស់ គ្រូពេទ្យជាទូទៅមិនធ្វើការព្យាបាលលើភាពមិនប្រក្រតីនៃសរសៃឈាមខ្មៅក្នុងខួរក្បាលនោះទេ។ ថ្នាំពេទ្យអាចនឹងត្រូវចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ ប្រសិនបើអ្នកជំងឺជួបប្រទះនូវរោគសញ្ញាផ្សេងទៀតដែលមិនពាក់ព័ន្ធ ដូចជាអាការៈឈឺក្បាលជាដើម។
ការប្រកាច់ និងការហូរឈាមក្នុងខួរក្បាល គឺកម្រកើតមានណាស់ចំពោះបុគ្គលដែលមានភាពមិនប្រក្រតីនៃសរសៃឈាមខ្មៅក្នុងខួរក្បាល។ បញ្ហាទាំងនេះអាចកើតឡើងទន្ទឹមគ្នានឹងភាពមិនប្រក្រតីនៃសរសៃឈាមខ្មៅ ហើយជាទូទៅត្រូវបានបង្កឡើងដោយភាពមិនប្រក្រតីនៃសរសៃឈាមដទៃទៀត។ ភាគច្រើន គ្រូពេទ្យប្រើប្រាស់ថ្នាំពេទ្យដើម្បីព្យាបាលអាការៈប្រកាច់។
ទោះបីជាការហូរឈាមមួយចំនួនអាចគ្រប់គ្រងបានតាមរយៈការថែទាំវេជ្ជសាស្ត្រ និងការតាមដានយ៉ាងដិតដល់នៅក្នុងមន្ទីរពេទ្យក៏ដោយ ក៏ការហូរឈាមក្នុងករណីខ្លះទៀតអាចដោះស្រាយបានតែតាមរយៈវិធីសាស្ត្រវះកាត់តែប៉ុណ្ណោះ។
