ទិដ្ឋភាពទូទៅ
ជំងឺស្ទះសរសៃឈាមពោះវៀន (Intestinal ischemia) គឺជាស្ថានភាពមួយដែលកើតឡើងដោយសារការកាត់បន្ថយការផ្គត់ផ្គង់ឈាមទៅកាន់ពោះវៀន ដែលអាចបណ្តាលមកពីកត្តាផ្សេងៗដូចជា ការស្ទះសរសៃឈាមអាកទែរ ឬសម្ពាធឈាមទាប ដែលធ្វើឱ្យលំហូរឈាមទូទៅមានការធ្លាក់ចុះ។ ស្ថានភាពនេះអាចប៉ះពាល់ដល់ពោះវៀនតូច ពោះវៀនធំ ឬទាំងពីរតែម្តង។ លំហូរឈាមមិនគ្រប់គ្រាន់នេះ បានធ្វើឱ្យកោសិកានៅក្នុងប្រព័ន្ធរំលាយអាហារខ្វះអុកស៊ីសែនដ៏សំខាន់ ដែលប្រែប្រួលជំងឺស្ទះសរសៃឈាមពោះវៀននេះទៅជាស្ថានភាពធ្ងន់ធ្ងរ បង្កឱ្យមានការឈឺចាប់ និងរំខានដល់មុខងារធម្មតារបស់ពោះវៀន។ ក្នុងករណីធ្ងន់ធ្ងរ ការថយចុះលំហូរឈាមនេះអាចបង្កការខូចខាតដល់កោសិកាពោះវៀន និងអាចឈានដល់ការបាត់បង់ជីវិតបាន។
ទោះជាយ៉ាងណាក៏ដោយ ជំងឺស្ទះសរសៃឈាមពោះវៀននេះ គឺមានការព្យាបាល។ ការសម្គាល់ឃើញរោគសញ្ញាបានទាន់ពេលវេលា និងការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រភ្លាមៗ គឺជារឿងចាំបាច់បំផុតដើម្បីបង្កើនឱកាសក្នុងការជាសះស្បើយឡើងវិញ។
រោគសញ្ញា
ជំងឺស្ទះសរសៃឈាមពោះវៀនអាចស្តែងចេញឡើងភ្លាមៗ (ស្រួចស្រាវ) ឬសន្សឹមៗ (រ៉ាំរ៉ៃ) ដោយរោគសញ្ញាមានការខុសប្លែកគ្នាចំពោះបុគ្គលម្នាក់ៗ។ ទោះបីជាសញ្ញាទាំងនោះអាចខុសគ្នាក៏ដោយ ក៏មានទម្រង់ទូទៅមួយចំនួនដែលអាចបញ្ជាក់ពីលទ្ធភាពនៃជំងឺស្ទះសរសៃឈាមពោះវៀននេះដែរ។
ជំងឺស្ទះសរសៃឈាមពោះវៀនភ្លាមៗ (ស្រួចស្រាវ)
- ឈឺពោះខ្លាំងភ្លាមៗ៖ មានចាប់ពីកម្រិតស្រាលរហូតដល់ធ្ងន់ធ្ងរ
- បន្ទោបង់បន្ទាន់៖ មានតម្រូវការបន្ទោបង់ភ្លាមៗ និងខ្លាំង
- ការបន្ទោបង់ខ្លាំងខុសធម្មតា៖ កើតឡើងញឹកញាប់ និងខ្លាំង
- តឹងពោះ/ហើមពោះ៖ មានអារម្មណ៍ថាហើម ឬចុកណែនពេលប៉ះ
- មានឈាមក្នុងលាមក៖ ជាសញ្ញាមួយដែលត្រូវព្រួយបារម្ភ
- ចង្អោរ និងក្អួត៖ អាចជារោគសញ្ញារួមផ្សំដែលអាចកើតមាន
- វង្វេងវង្វាន់ស្មារតី (ចំពោះមនុស្សចាស់)៖ ជាសញ្ញាអាសន្នមួយគួរឱ្យកត់សម្គាល់
ជំងឺស្ទះសរសៃឈាមពោះវៀនសន្សឹមៗ (រ៉ាំរ៉ៃ):
- មិនស្រួលក្នុងពោះក្រោយពេលញ៉ាំអាហារ៖ រមួលក្រពើ ឬណែនពោះ ក្នុងរយៈពេល ៣០ នាទីក្រោយពេលញ៉ាំអាហារ ដែលអាចអូសបន្លាយពី ១ ទៅ ៣ ម៉ោង
- ឈឺពោះកាន់តែខ្លាំងទៅៗ៖ វិវត្តក្នុងរយៈពេលរាប់សប្តាហ៍ ឬរាប់ខែ
- ការភ័យខ្លាចក្នុងការញ៉ាំអាហារ៖ ខ្លាចញ៉ាំដោយសារតែការឈឺចាប់ក្រោយពេលញ៉ាំរួច
- ស្រកទម្ងន់ដោយមិនដឹងខ្លួន៖ ការផ្លាស់ប្តូរទម្ងន់ដែលគួរឱ្យបារម្ភ និងមិនមានបំណងចង់ស្រក
- បញ្ហាប្រព័ន្ធរំលាយអាហារ៖ រាគ ចង្អោរ ក្អួត និងហើមពោះ
ការស្វែងរកការពិនិត្យព្យាបាលភ្លាមៗគឺជារឿងចាំបាច់បំផុត ប្រសិនបើអ្នកជួបប្រទះការឈឺពោះខ្លាំងភ្លាមៗ ជាពិសេសប្រសិនបើវាធ្វើឱ្យអ្នកមិនអាចរកការអង្គុយ ឬគេងដែលផាសុកភាព ឬមិនអាចនៅស្ងៀមបាន ព្រោះនេះអាចជាសញ្ញានៃគ្រោះថ្នាក់បន្ទាន់។ លើសពីនេះ ប្រសិនបើអ្នកមានសញ្ញា ឬរោគសញ្ញាគួរឱ្យព្រួយបារម្ភផ្សេងទៀត វាជាការប្រសើរក្នុងការណាត់ជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើការវាយតម្លៃឱ្យបានហ្មត់ចត់ និងទទួលបានការណែនាំត្រឹមត្រូវ។ ការយល់ដឹងពីភាពបន្ទាន់នៃការឈឺពោះធ្ងន់ធ្ងរ និងការដោះស្រាយរោគសញ្ញាគួរឱ្យបារម្ភផ្សេងទៀតបានទាន់ពេលវេលា គឺមានសារៈសំខាន់ណាស់សម្រាប់ការអន្តរាគមន៍ និងការថែទាំវេជ្ជសាស្ត្រប្រកបដោយប្រសិទ្ធភាព។
មូលហេតុ
ជំងឺស្ទះសរសៃឈាមពោះវៀន កើតឡើងនៅពេលដែលមានការថយចុះ ឬការឈប់ហូរនៃលំហូរឈាមឆ្លងកាត់សរសៃឈាមអាកទែរ (សរសៃឈាមក្រហម) និងសរសៃឈាមវ៉ែន (សរសៃឈាមខ្មៅ) សំខាន់ៗ ដែលផ្គត់ផ្គង់ និងនាំឈាមចេញពីពោះវៀន។ ស្ថានភាពនេះអាចបណ្តាលមកពីមូលហេតុផ្សេងៗ រួមមាន៖
- ការស្ទះសរសៃឈាមក្រហម៖ បង្កឡើងដោយកំណកឈាម
- ការរួមតូចនៃសរសៃឈាមក្រហម៖ ដោយសារការកកកុញនៃកំទេចកំទីខ្លាញ់ ដូចជាកូឡេស្តេរ៉ុល (ជំងឺរឹងសរសៃឈាម ឬ Atherosclerosis)
- សម្ពាធឈាមទាប៖ នាំឱ្យមានការថយចុះទូទៅនៃលំហូរឈាម
- ការស្ទះនៅក្នុងសរសៃឈាមខ្មៅ៖ មូលហេតុនេះមិនសូវកើតមានញឹកញាប់ទេ
ជាទូទៅ ជំងឺស្ទះសរសៃឈាមពោះវៀនត្រូវបានបែងចែកទៅតាមផ្នែកជាក់លាក់នៃពោះវៀនដែលរងផលប៉ះពាល់។ ជំងឺស្ទះសរសៃឈាមពោះវៀនធំ (Ischemic colitis) គឺសំដៅលើពោះវៀនធំ ចំណែកឯប្រភេទដែលប៉ះពាល់ដល់ពោះវៀនតូច រួមមាន៖ ជំងឺស្ទះសរសៃឈាមពោះវៀនតូចស្រួចស្រាវ ជំងឺស្ទះសរសៃឈាមពោះវៀនតូចរ៉ាំរ៉ៃ និងការស្ទះសរសៃឈាមដោយសារកំណកឈាមក្នុងសរសៃឈាមខ្មៅពោះវៀន។
ជំងឺស្ទះសរសៃឈាមពោះវៀនធំ
ប្រភេទនេះគឺជាទម្រង់ដែលជួបប្រទះញឹកញាប់បំផុតនៃជំងឺស្ទះសរសៃឈាមពោះវៀន ដែលកើតឡើងនៅពេលលំហូរឈាមទៅកាន់ផ្នែកណាមួយនៃពោះវៀនធំត្រូវបានរារាំង។ ការថយចុះលំហូរឈាមអាចបណ្តាលមកពីស្ថានភាពផ្សេងៗដូចជា សម្ពាធឈាមធ្លាក់ចុះទាបខ្លាំងគួរឱ្យគ្រោះថ្នាក់ កំណកឈាម ជំងឺក្រិនសរសៃឈាមធ្ងន់ធ្ងរ ពោះវៀនរមួល ផលវិបាកទាក់ទងនឹងជំងឺក្លនលូន ការរីកធំនៃពោះវៀន និងជំងឺវេជ្ជសាស្ត្រមួយចំនួនដែលប៉ះពាល់ដល់សរសៃឈាម។ លើសពីនេះ ថ្នាំពេទ្យដែលធ្វើឱ្យសរសៃឈាមរួមតូច ថ្នាំអរម៉ូនដូចជាថ្នាំគ្រាប់ពន្យារកំណើត និងកត្តាមួយចំនួនដូចជាការប្រើប្រាស់ថ្នាំញៀនកូកាអ៊ីន ឬមេតំហ្វេតាមីន ក៏ដូចជាការហាត់ប្រាណខ្លាំងពេក ក៏អាចរួមចំណែកដល់ហានិភ័យនៃជំងឺស្ទះសរសៃឈាមពោះវៀនធំផងដែរ។
ជំងឺស្ទះសរសៃឈាមពោះវៀនតូចស្រួចស្រាវ
ការស្ទះសរសៃឈាមពោះវៀនតូច កើតឡើងនៅពេលដែលសរសៃឈាមក្រហមរួមតូច ឬស្ទះ រារាំងលំហូរឈាមទៅកាន់ពោះវៀនតូច ដែលអាចបណ្តាលឱ្យខូចខាតជាអចិន្ត្រៃយ៍។ ជំងឺស្ទះសរសៃឈាមពោះវៀនតូចស្រួចស្រាវ អាចបណ្តាលមកពីការបាត់បង់លំហូរឈាមភ្លាមៗដោយសារកំណកឈាម ដែលជាទូទៅហូរមកពីបេះដូង ទៅបិទជិតសរសៃឈាមក្រហមពោះវៀនធំផ្នែកខាងលើ។ ករណីនេះច្រើនតែផ្សារភ្ជាប់នឹងស្ថានភាពជំងឺដូចជា ជំងឺខ្សោយបេះដូង ជំងឺចង្វាក់បេះដូងមិនទៀងទាត់ ឬជំងឺគាំងបេះដូង។ មូលហេតុមួយទៀត គឺការស្ទះនៅក្នុងសរសៃឈាមក្រហមពោះវៀនចម្បង ដែលជាទូទៅបង្កឡើងដោយជំងឺក្រិនសរសៃឈាម និងកើតមានញឹកញាប់ចំពោះអ្នកដែលមានជំងឺស្ទះសរសៃឈាមពោះវៀនតូចរ៉ាំរ៉ៃ។ លើសពីនេះ ការថយចុះលំហូរឈាមអាចកើតឡើងដោយសារសម្ពាធឈាមទាប ដែលបណ្តាលមកពីកត្តាផ្សេងៗដូចជា ស្ថានភាពស្ហុក ខ្សោយបេះដូង ថ្នាំពេទ្យមួយចំនួន ឬជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ។ ទម្រង់នេះត្រូវបានគេស្គាល់ថាជា ការស្ទះសរសៃឈាមដោយមិនមានការបិទជិត ដែលវាមានភាពរាលដាលខ្លាំងចំពោះបុគ្គលដែលមានជំងឺធ្ងន់ធ្ងរ និងមានកម្រិតខ្លះនៃជំងឺរឹងសរសៃឈាម។
ជំងឺស្ទះសរសៃឈាមពោះវៀនតូចរ៉ាំរ៉ៃ
ជំងឺស្ទះសរសៃឈាមពោះវៀនតូចរ៉ាំរ៉ៃ គឺជាស្ថានភាពមួយដែលត្រូវបានសម្គាល់ដោយការកកកុញសន្សឹមៗនៃកំទេចកំទីខ្លាញ់នៅលើជញ្ជាំងសរសៃឈាមក្រហម ដោយមានជំងឺក្រិនសរសៃឈាមជាមូលហេតុចម្បង។ ស្ថានភាពនេះច្រើនតែត្រូវបានគេហៅថា ជំងឺឈឺទ្រូងផ្នែកពោះវៀន ដែលនាំឱ្យថយចុះលំហូរឈាមទៅកាន់ពោះវៀន ជាពិសេសបន្ទាប់ពីញ៉ាំអាហាររួច។ ការព្យាបាលប្រហែលជាមិនទាន់ចាំបាច់នៅឡើយទេ រហូតទាល់តែសរសៃឈាមក្រហមធំៗយ៉ាងហោចណាស់ ២ ក្នុងចំណោម ៣ ដែលផ្គត់ផ្គង់ពោះវៀន រួមតូចខ្លាំង ឬស្ទះទាំងស្រុង។ ផលវិបាកដ៏ធ្ងន់ធ្ងរដែលអាចកើតមាននៃជំងឺស្ទះសរសៃឈាមពោះវៀនតូចរ៉ាំរ៉ៃ រួមមានការវិវត្តនៃកំណកឈាមនៅក្នុងសរសៃឈាមក្រហមដែលរួមតូច ដែលនាំឱ្យមានការស្ទះភ្លាមៗ និងឈានទៅរកការចាប់ផ្តើមនៃជំងឺស្ទះសរសៃឈាមពោះវៀនតូចស្រួចស្រាវ។
ការស្ទះសរសៃឈាមដោយសារកំណកឈាមក្នុងសរសៃឈាមខ្មៅពោះវៀន
ការស្ទះសរសៃឈាមនៅក្នុងពោះវៀនតូចកើតឡើងនៅពេលដែលលំហូរឈាមត្រូវបានរារាំង ដែលភាគច្រើនដោយសារតែកំណកឈាមកកនៅក្នុងសរសៃឈាមខ្មៅដែលនាំឈាមចេញពីពោះវៀន។ ការស្ទះនេះនាំឱ្យមានការកកស្ទះឈាមត្រឡប់មកវិញ បណ្តាលឱ្យពោះវៀនហើម និងហូរឈាម។ មូលហេតុដែលអាចកើតមាន រួមមាន ជំងឺរលាកលំពែង ការឆ្លងរោគក្នុងពោះ មហារីកប្រព័ន្ធរំលាយអាហារ ជំងឺពោះវៀន (ដូចជា ជំងឺរលាកពោះវៀនធំដំបៅ រោគសញ្ញា Crohn’s ឬជំងឺរលាកថង់ពោះវៀន) ជំងឺឈាមកកលឿនខុសធម្មតា ថ្នាំពេទ្យមួយចំនួនដូចជា អេស្ត្រូសែន ដែលបង្កើនហានិភ័យនៃការកកឈាម និងការរងរបួសត្រង់ពោះ។
កត្តាហានិភ័យ
កត្តាដែលអាចបង្កើនលទ្ធភាពនៃការវិវត្តទៅជាជំងឺស្ទះសរសៃឈាមពោះវៀន រួមមាន៖
- អាយុ៖ បុគ្គលដែលមានអាយុលើសពី ៥០ ឆ្នាំ មានហានិភ័យខ្ពស់ក្នុងការជួបប្រទះនឹងជំងឺស្ទះសរសៃឈាមពោះវៀន
- ជំងឺក្រិនសរសៃឈាម៖ ការកកកុញនៃកំទេចកំទីខ្លាញ់នៅក្នុងសរសៃឈាម ជាពិសេសប្រសិនបើអ្នកមានប្រវត្តិជំងឺពាក់ព័ន្ធដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺសរសៃឈាម Peripheral vascular disease ឬជំងឺសរសៃឈាមក carotid អាចបង្កើនហានិភ័យនៃជំងឺស្ទះសរសៃឈាមពោះវៀន
- ការជក់បារី៖ ការប្រើប្រាស់ថ្នាំជក់ ជាពិសេសតាមរយៈបារី បង្កើនភាពងាយរងគ្រោះនៃជំងឺស្ទះសរសៃឈាមពោះវៀន
- ជំងឺការកកឈាមមិនប្រក្រតី៖ ស្ថានភាពជំងឺដែលធ្វើឱ្យបុគ្គលងាយនឹងកើតកំណកឈាម ដូចជា ជំងឺស្លេកស្លាំង Sickle cell anemia និងការប្រែប្រួលហ្សែន Factor V Leiden អាចបង្កើនលទ្ធភាពនៃជំងឺស្ទះសរសៃឈាមពោះវៀន
- បញ្ហាសរសៃឈាមបេះដូង៖ ស្ថានភាពជំងឺដូចជា ជំងឺខ្សោយបេះដូង ឬចង្វាក់បេះដូងមិនទៀងទាត់ ដូចជា ជំងឺចង្វាក់បេះដូងថតលើញ័រ អាចបង្កើនហានិភ័យនៃជំងឺស្ទះសរសៃឈាមពោះវៀន។ ជំងឺដែលបង្កឱ្យមានការរលាកសរសៃឈាមខ្មៅ និងសរសៃឈាមក្រហមក៏អាចរួមចំណែកដល់ការកើនឡើងហានិភ័យផងដែរ
- ថ្នាំពេទ្យ៖ ថ្នាំមួយចំនួន រួមមានថ្នាំគ្រាប់ពន្យារកំណើត និងថ្នាំដែលមានឥទ្ធិពលលើការរីក ឬរួមតូចនៃសរសៃឈាម (ដូចជាថ្នាំអាឡែហ្ស៊ី និងថ្នាំប្រកាំងមួយចំនួន) អាចបង្កើនហានិភ័យនៃជំងឺស្ទះសរសៃឈាមពោះវៀន
- ស្ថានភាពសុខភាពផ្សេងទៀត៖ ការមានស្ថានភាពជំងឺដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ឬកូឡេស្តេរ៉ុលខ្ពស់ អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃជំងឺស្ទះសរសៃឈាមពោះវៀន
- ការប្រើប្រាស់ថ្នាំញៀន៖ ការប្រើប្រាស់សារធាតុញៀនដូចជា កូកាអ៊ីន និងមេតំហ្វេតាមីន ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺស្ទះសរសៃឈាមពោះវៀន
ការធ្វើរោគវិនិច្ឆ័យ
ប្រសិនបើគ្រូពេទ្យសង្ស័យថាអ្នកមានជំងឺស្ទះសរសៃឈាមពោះវៀន បន្ទាប់ពីការពិនិត្យរាងកាយរួច គាត់អាចនឹងណែនាំឱ្យធ្វើតេស្តរោគវិនិច្ឆ័យផ្សេងៗទៅតាមសញ្ញា និងរោគសញ្ញារបស់អ្នក៖
- ការធ្វើតេស្តឈាម៖ ទោះបីជាមិនមានការតេស្តឈាមជាក់លាក់ណាមួយសម្រាប់រកជំងឺស្ទះសរសៃឈាមពោះវៀនក៏ដោយ ប៉ុន្តែលទ្ធផលទូទៅមួយចំនួន ដូចជាការកើនឡើងនៃចំនួនគ្រាប់ឈាមស អាចជួយបង្ហាញពីលទ្ធភាពនៃស្ថានភាពជំងឺនេះ
- ការពិនិត្យដោយរូបភាពវេជ្ជសាស្ត្រ៖ ការធ្វើតេស្តទាំងនេះជួយមើលឃើញរូបរាងសរីរាង្គខាងក្នុង និងជួយទាត់ចោលនូវមូលហេតុដែលអាចកើតមានផ្សេងទៀត។ ជម្រើសរួមមាន ការថតកាំរស្មីអ៊ិច ម៉ាស៊ីនអេកូ ម៉ាស៊ីនស៊ីធីស្កេន ឬម៉ាស៊ីនអឹមអរអាយ។ ចំពោះការថតឆ្លុះសរសៃឈាមដោយប្រើប្រាស់ម៉ាស៊ីន CT ស្កេន ឬ MRI ជាក់លាក់ ឬការថតឆ្លុះដោយប្រើបំពង់កាតេទែរ ដោយគ្រូពេទ្យឯកទេសវិទ្យុសកម្មអន្តរាគមន៍ អាចវាយតម្លៃលំហូរឈាមនៅក្នុងសរសៃឈាមខ្មៅ និងសរសៃឈាមក្រហមបាន
- ការពិនិត្យឆ្លុះដោយឧបករណ៍៖ ការប្រើប្រាស់បំពង់ទន់មានពន្លឺ និងមានកាមេរ៉ា បញ្ចូលតាមទ្វារធំ ដើម្បីមើលឃើញប្រព័ន្ធរំលាយអាហារ។ វិធីនេះមានប្រយោជន៍ខ្លាំងនៅពេលសង្ស័យថាមានការស្ទះសរសៃឈាមនៅក្នុងពោះវៀនធំ។ ការឆ្លុះ Sigmoidoscopy គឺសម្រាប់ពិនិត្យផ្នែកចុងក្រោយប្រវែង ២ ហ្វ៊ីត (ប្រហែល ៦០ សង់ទីម៉ែត្រ) នៃពោះវៀនធំ ចំណែកឯការឆ្លុះពោះវៀនធំទាំងមូល គឺសម្រាប់ពិនិត្យមើលពោះវៀនធំទាំងស្រុង
- ការថតឆ្លុះសរសៃឈាមដោយប្រើថ្នាំពណ៌៖ ក្នុងការតេស្តនេះ បំពង់កាតេទែរតូចមួយនឹងត្រូវបញ្ចូលទៅក្នុងសរសៃឈាមក្រហមត្រង់ចង្អូរភ្លៅ ឬដៃ រួចរុញទៅកាន់សរសៃឈាមអាកទែរមេ។ ថ្នាំពណ៌ដែលចាក់បញ្ចូលតាមបំពង់នោះ នឹងធ្វើឱ្យសរសៃឈាមក្រហមពោះវៀនលេចឡើងច្បាស់នៅលើរូបភាពកាំរស្មីអ៊ិច ដែលបង្ហាញពីកន្លែងរួមតូច ឬកន្លែងស្ទះ។ វិធីសាស្ត្រ Angiography នេះ ក៏អាចអនុញ្ញាតឱ្យមានការព្យាបាលការស្ទះសរសៃឈាមក្រហមភ្លាមៗផងដែរ ដូចជាការយកកំណកឈាមចេញ ឬការបើកពង្រីកសរសៃឈាមដោយប្រើឧបករណ៍ពិសេស
- ការវះកាត់៖ ក្នុងករណីខ្លះ ការវះកាត់អាចជាជម្រើសចាំបាច់ដើម្បីស្វែងរក និងកាត់យកកោសិកា ឬលិកាដែលខូចខាតចេញ។ វិធីសាស្ត្រនេះរាប់បញ្ចូលទាំងការវះបើកពោះ ដែលអនុញ្ញាតឱ្យធ្វើទាំងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលក្នុងពេលតែមួយ
ការព្យាបាល
គោលបំណងនៃការព្យាបាលជំងឺស្ទះសរសៃឈាមពោះវៀន គឺដើម្បីស្តារការផ្គត់ផ្គង់ឈាមឡើងវិញ ដោយវិធីសាស្ត្រមានការប្រែប្រួលទៅតាមមូលហេតុ និងកម្រិតធ្ងន់ធ្ងរនៃជំងឺ។
ជំងឺស្ទះសរសៃឈាមពោះវៀនធំ
ប្រសិនបើរកឃើញថាមានការស្ទះសរសៃឈាមពោះវៀនធំកម្រិតធ្ងន់ធ្ងរ គ្រូពេទ្យអាចណែនាំឱ្យប្រើការព្យាបាលដោយថ្នាំផ្សះ ដើម្បីព្យាបាល ឬការពារការឆ្លងរោគ។ លើសពីនេះ ការព្យាបាលស្ថានភាពជំងឺទូទៅខាងក្រោម ដូចជា ជំងឺខ្សោយបេះដូង ឬចង្វាក់បេះដូងមិនទៀងទាត់ គឺជារឿងចាំបាច់បំផុត។ ការបញ្ឈប់ការប្រើប្រាស់ថ្នាំដែលធ្វើឱ្យសរសៃឈាមរួមតូច រួមមានថ្នាំប្រកាំងមួយចំនួន ថ្នាំអរម៉ូន និងថ្នាំបេះដូងមួយចំនួន ជារឿយៗត្រូវតែធ្វើឡើង។ ក្នុងករណីភាគច្រើន ជំងឺស្ទះសរសៃឈាមពោះវៀនធំមាននិន្នាការជាសះស្បើយទៅវិញដោយខ្លួនឯង។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពោះវៀនធំរងការខូចខាតខ្លាំង ការអន្តរាគមន៍ដោយការវះកាត់ប្រហែលជាចាំបាច់ដើម្បីកាត់ចោលផ្នែកកោសិកាដែលស្លាប់។ ម្យ៉ាងវិញទៀត ការវះកាត់អាចនឹងត្រូវការជាចាំបាច់ដើម្បីធ្វើស្ពានចម្លងឈាមវាងកន្លែងស្ទះសរសៃឈាមក្រហមនៅក្នុងពោះវៀន។ វិធីសាស្ត្រ Angiography ដែលប្រើសម្រាប់ធ្វើរោគវិនិច្ឆ័យ ក៏អាចអនុញ្ញាតឱ្យមានការបើកសរសៃឈាមក្រហមដែលរួមតូច តាមរយៈការវះកាត់ពង្រីកសរសៃឈាមដោយប៉េងប៉ោង។ នីតិវិធីនេះរួមមានការបំប៉ោងប៉េងប៉ោងនៅចុងបំពង់កាតេទែរ ដើម្បីសង្កត់កម្ទេចកំទេចខ្លាញ់ និងបើកពង្រីកសរសៃឈាម ដោយអាចមានការជំនួយពីការដាក់រស័រសរសៃឈាម ដើម្បីរក្សាការបើកចំហរបស់វា។ លើសពីនេះ ការយកកំណកឈាមចេញ ឬការព្យាបាលដោយថ្នាំរំលាយកំណកឈាម ក៏អាចត្រូវបានប្រើប្រាស់ជាផ្នែកមួយនៃការព្យាបាលផងដែរ។
ជំងឺស្ទះសរសៃឈាមពោះវៀនតូចស្រួចស្រាវ
ក្នុងករណីដែលការយកកំណកឈាមចេញ ការវះកាត់តសរសៃឈាមវាង ឬការជួសជុលផ្នែកពោះវៀនដែលខូចខាតត្រូវបានចាត់ទុកថាចាំបាច់ នោះការអន្តរាគមន៍ដោយការវះកាត់ក្លាយជាកត្តាសំខាន់មិនអាចខ្វះបាន។ យុទ្ធសាស្ត្រព្យាបាលរួមបញ្ចូលទាំងការប្រើប្រាស់ថ្នាំផ្សះ និងថ្នាំពេទ្យដែលមានគោលដៅការពារកុំឱ្យមានការកកើតកំណកឈាម ការរំលាយកំណកឈាម ឬការធ្វើឱ្យសរសៃឈាមរីកធំ។ នៅពេលដែលវិធីសាស្ត្រ Angiography ត្រូវបានប្រើប្រាស់សម្រាប់ធ្វើរោគវិនិច្ឆ័យ វិធានការរួមគ្នាដូចជាការយកកំណកឈាមចេញ ឬការបើកពង្រីកសរសៃឈាមតាមរយៈ Angioplasty អាចត្រូវបានអនុវត្តភ្លាមៗ។ លើសពីនេះ ការដាក់រស័រសសៃឈាម នៅក្នុងសរសៃឈាមក្រហម អាចត្រូវបានពិចារណាដើម្បីរក្សាការបើកចំហ និងគាំទ្រដល់សុខភាពសរសៃឈាម។
ជំងឺស្ទះសរសៃឈាមពោះវៀនតូចរ៉ាំរ៉ៃ
ការព្យាបាលប្រកបដោយប្រសិទ្ធភាព រួមមានការស្តារលំហូរឈាមទៅកាន់ពោះវៀនឡើងវិញ។ កិច្ចការនេះអាចសម្រេចបានតាមរយៈវិធីសាស្ត្រវះកាត់ ដែលគ្រូពេទ្យវះកាត់អាចធ្វើស្ពានចម្លងឈាមវាងសរសៃឈាមក្រហមដែលស្ទះ ឬបើកពង្រីកសរសៃឈាមក្រហមដែលរួមតូចដោយប្រើវិធី Angioplasty ដែលច្រើនតែបំពេញបន្ថែមដោយការដាក់រស័រសរសៃឈាម នៅក្នុងសរសៃឈាមក្រហមដែលរងផលប៉ះពាល់។
ការស្ទះសរសៃឈាមដោយសារកំណកឈាមក្នុងសរសៃឈាមខ្មៅពោះវៀន
ប្រសិនបើមិនមានភស្តុតាងនៃការខូចខាតពោះវៀនទេ វគ្គនៃការព្យាបាលទូទៅរួមមានការចេញវេជ្ជបញ្ជាឱ្យប្រើប្រាស់ថ្នាំប្រឆាំងការកកឈាម រយៈពេលពី ៣ ទៅ ៦ ខែ ដើម្បីការពារកុំឱ្យមានការកកើតកំណកឈាម។ ក្នុងករណីដែលមានកំណកឈាម នីតិវិធីវេជ្ជសាស្ត្រអាចនឹងត្រូវការជាចាំបាច់ដើម្បីយកវាចេញ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការពិនិត្យបង្ហាញពីការខូចខាតដល់ផ្នែកជាក់លាក់នៃពោះវៀន ការអន្តរាគមន៍ដោយការវះកាត់ដើម្បីកាត់ផ្នែកដែលរងផលប៉ះពាល់នោះចេញ អាចនឹងចាំបាច់។ ក្នុងករណីដែលរកឃើញថាមានជំងឺមិនប្រក្រតីនៃការកកឈាមតាមរយៈការធ្វើតេស្ត គ្រូពេទ្យអាចនឹងណែនាំឱ្យប្រើប្រាស់ថ្នាំប្រឆាំងការកកឈាមអស់មួយជីវិតសម្រាប់ការគ្រប់គ្រងជំងឺជាប្រចាំ។
