ទិដ្ឋភាពទូទៅ

ជំងឺទឹកដក់ក្នុងថង់ពងស្វាស (Hydrocele) គឺជាស្ថានភាពមួយដែលមានការដក់សារធាតុរាវ (ទឹក) នៅក្នុងស្រទាប់ស្តើងដែលព័ទ្ធជុំវិញពងស្វាស ដែលបណ្តាលឱ្យមានការរីកធំនៃថង់ពងស្វាស។ ជំងឺនេះជាបញ្ហាទូទៅមួយចំពោះទារកប្រុស ប៉ុន្តែក៏អាចកើតមានផងដែរលើក្មេងប្រុសធំៗ និងបុរសពេញវ័យ ដែលបណ្តាលមកពីការប៉ះទង្គិច ឬរបួសជុំវិញថង់ពងស្វាស។

ជាទូទៅ ជំងឺនេះមិនបង្កការឈឺចាប់ ឬគ្រោះថ្នាក់នោះទេ ហើយក៏មិនត្រូវការការព្យាបាលអ្វីដែរ។ ចំពោះទារក ជំងឺទឹកដក់ក្នុងថង់ពងស្វាសនេះជាធម្មតានឹងបាត់ទៅវិញដោយខ្លួនឯងនៅពេលក្មេងមានអាយុ ១ ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានការហើមថង់ពងស្វាស គេណែនាំឱ្យទៅពិគ្រោះ គ្រូពេទ្យកុមារ ឬគ្រូពេទ្យជំនាញភ្លាមៗ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ។

រោគសញ្ញា

ជាធម្មតា ជំងឺទឹកដក់ក្នុងថង់ពងស្វាសមិនបង្កឱ្យមានការឈឺចាប់អ្វីឡើយ។ រោគសញ្ញាទូទៅអាចមានដូចជា៖

  • មានការហើមនៅលើពងស្វាសម្ខាង ឬទាំងសងខាង
  • មានអារម្មណ៍ថាធ្ងន់នៅក្នុងថង់ពងស្វាសដោយសារតែការហើម
  • មានការផ្លាស់ប្តូរទំហំនៃថង់ពងស្វាស (តូចជាងមុន ឬធំជាងមុន)
  • មានការឈឺចាប់ នៅពេលដែលថង់ពងស្វាសរីកធំខ្លាំង

គេណែនាំឱ្យទៅពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាព នៅពេលជួបរោគសញ្ញាណាមួយខាងលើ។ ជំងឺទឹកដក់ក្នុងថង់ពងស្វាសចំពោះទារកជាធម្មជានឹងជាសះស្បើយទៅវិញដោយខ្លួនឯង។ ប៉ុន្តែ ប្រសិនបើរោគសញ្ញានៅតែបន្តកើតមាន ឬមិនបាត់ទៅវិញបន្ទាប់ពីរយៈពេលមួយឆ្នាំ សូមទៅជួបគ្រូពេទ្យម្តងទៀត ដើម្បីពិនិត្យឱ្យបានត្រឹមត្រូវ និងដើម្បីដកចេញនូវមូលហេតុផ្សេងៗនៃការរលាកដែលអាចត្រូវការការព្យាបាល។

សូមស្វែងរកការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ភ្លាមៗ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ៖

  • ឈឺចាប់ខ្លាំង និងភ្លាមៗនៅក្នុងពងស្វាស
  • មានការហើម និងឡើងក្រហមនៅលើថង់ពងស្វាស

សញ្ញា និងរោគសញ្ញាទាំងនេះអាចបណ្តាលមកពីជំងឺផ្សេងទៀត រួមទាំង «ជំងឺរមួលពងស្វាស» ដែលជាស្ថានភាពពងស្វាសត្រូវបានរមួល បណ្តាលឱ្យស្ទះការផ្គត់ផ្គង់ឈាម។ ដើម្បីរក្សាពងស្វាសកុំឱ្យខូច ស្ថានភាពនេះត្រូវតែដោះស្រាយជាបន្ទាន់។

ក្នុងករណីខ្លះ ជំងឺទឹកដក់ក្នុងថង់ពងស្វាសអាចកើតមានទន្ទឹមគ្នានឹង «ជំងឺក្លនលូន»។ ករណីនេះកើតឡើងនៅពេលដែលលីសស៊ូ (ជាលិកា) នៅបាតពោះមានភាពទន់ខ្សោយ ដែលអនុញ្ញាតឱ្យកំរងពោះវៀនលូនចូលទៅក្នុងថង់ពងស្វាស។

​​ មូលហេតុ

ជំងឺទឹកដក់ក្នុងថង់ពងស្វាស មានពីរប្រភេទ៖

  • ប្រភេទធ្លាយភ្ជាប់៖ ជាប្រភេទដែលមានការប្រាស្រ័យទាក់ទង ឬភ្ជាប់គ្នាជាមួយនឹងសារធាតុរាវនៅក្នុងពោះ។ វាបណ្តាលមកពីការមិនបិទជិតនៃស្រទាប់ vaginalis
  • ប្រភេទមិនធ្លាយភ្ជាប់៖ អាចមានតាំងពីកំណើត ឬកើតឡើងក្នុងរយៈពេលច្រើនឆ្នាំក្រោយមក ដោយគ្មានមូលហេតុច្បាស់លាស់។ ក្នុងករណីនេះ inguinal canal ក្រលៀនបានបិទជិតហើយ ប៉ុន្តែវានៅតែមានសារធាតុរាវលើសលប់នៅជុំវិញពងស្វាសក្នុងថង់ពងស្វាស

មូលហេតុនៃជំងឺនេះជាទូទៅអាស្រ័យទៅតាមអាយុរបស់បុរស៖

  • ទារកប្រុស៖ ជំងឺទឹកដក់ក្នុងថង់ពងស្វាសកើតមានប្រហែល ១០% នៃទារកប្រុស។ ជាធម្មតាវាទម្រង់ឡើងក្នុងកំឡុងពេលនៃការលូតលាស់ដំបូងរបស់ទារកមុនពេលសម្រាល។ វាកើតឡើងនៅពេលដែលពងស្វាសផ្លាស់ទីពីជញ្ជាំងពោះរបស់ទារកចូលទៅក្នុងថង់ពងស្វាស។ ពងស្វាសនីមួយៗត្រូវបានអមដោយថង់មួយដែលអនុញ្ញាតឱ្យសារធាតុរាវព័ទ្ធជុំវិញពងស្វាស។ ជាធម្មតាថង់នីមួយៗនឹងបិទជិត ហើយសារធាតុរាវត្រូវបានបឺតស្រូបអស់។ ករណីភាគច្រើនចំពោះទារកនឹងបាត់ទៅវិញក្នុងរយៈពេលមួយឆ្នាំដោយមិនបាច់មានការជ្រៀតជ្រែកផ្នែកវេជ្ជសាស្ត្រឡើយ។ ចំពោះបុរសពេញវ័យ ជំងឺនេះប៉ះពាល់តែប្រហែល ១% ប៉ុណ្ណោះ ហើយជាទូទៅវានឹងបាត់ទៅវិញដោយខ្លួនឯង

ចំពោះប្រភេទធ្លាយភ្ជាប់ ថង់នោះនៅតែបើកចំហ ឬមិនបានបិទជិតទាំងស្រុង។ ប្រសិនបើថង់ពងស្វាសត្រូវគេច្របាច់ សារធាតុរាវអាចហូរត្រឡប់ទៅក្នុងពោះវិញ។ ប្រភេទធ្លាយភ្ជាប់នេះជារឿយៗតែងតែកើតមានទន្ទឹមនឹងជំងឺក្លនលូន។

ចំពោះប្រភេទមិនធ្លាយភ្ជាប់ សារធាតុរាវនៅសេសសល់បន្ទាប់ពីថង់បានបិទជិត។ សារធាតុរាវត្រូវបានប្រមូលផ្តុំជាបន្តបន្ទាប់ពេញមួយឆ្នាំដំបូងនៃជីវិត។

  • បុរសដែលមានអាយុច្រើនជាង៖ ទោះបីជាវាជួបញឹកញាប់លើទារកក៏ដោយ ក៏ជំងឺនេះនៅតែអាចកើតមាននៅវ័យក្រោយៗទៀត។ ចំពោះមនុស្សពេញវ័យ វាអាចបណ្តាលមកពីការរលាក ឬរបួសនៅក្នុងថង់ពងស្វាស ឬតំបន់ជុំវិញនោះ។ ការហើមនេះអាចបណ្តាលមកពីជំងឺរលាកបំពង់មេជីវិត ដែលជាការឆ្លងមេរោគនៅក្នុងបំពង់រមួលនៅផ្នែកខាងក្រោយនៃពងស្វាស

កត្តាហានិភ័យ

ជំងឺទឹកដក់ក្នុងថង់ពងស្វាស ប្រហែលជាមិនមែនជាបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែវាទាមទារការតាមដានជាប្រចាំ ជាពិសេសចំពោះទារកដែលកើតមិនគ្រប់ខែ។ ការកើតមិនគ្រប់ខែបង្កើនហានិភ័យយ៉ាងខ្លាំងក្នុងការវិវត្តទៅជាជំងឺនេះ។ ស្ថានភាពនេះច្រើនតែមានតាំងពីកំណើត ដោយវាប៉ះពាល់យ៉ាងហោចណាស់ ៥% នៃទារកប្រុស។

ចំពោះបុរសពេញវ័យ កត្តាហានិភ័យទូទៅរួមមាន របួស ឬការរំញោចខ្លាំងនៅលើថង់ពងស្វាស ដែលជាធម្មតាកើតឡើងដោយសារកីឡាដែលមានការប៉ះទង្គិចគ្នា និងការឆ្លងមេរោគ ដូចជាជំងឺឆ្លងតាមការរួមភេទ (STI) ជាដើម។

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យជំងឺទឹកដក់ក្នុងថង់ពងស្វាស ច្រើនតែទាមទារការពិនិត្យ និងការធ្វើតេស្តស៊ើបអង្កេតមួយចំនួន។ ជាដំបូង វានឹងចាប់ផ្តើមឡើងដោយការពិនិត្យរាងកាយ រួមទាំងការធ្វើតេស្តបញ្ចាំងពន្លឺ។ នៅក្នុងការតេស្តបញ្ចាំងពន្លឺនេះ គ្រូពេទ្យនឹងយកចិញ្ចៀនពន្លឺ ឬឡាស៊ែរទៅបញ្ចាំងពីខាងក្រោយថង់ពងស្វាស ដើម្បីកំណត់មើលថាតើមានការដក់សារធាតុរាវ (ទឹក) នៅក្នុងតំបន់នោះដែរឬទេ។ គ្រូពេទ្យក៏អាចពិនិត្យមើលភាពរីកធំ និងភាពឈឺចាប់នៃថង់ពងស្វាស ព្រមទាំងពិនិត្យតំបន់ពោះ និងថង់ពងស្វាស ដើម្បីវាយតម្លៃរកមើលជំងឺក្លនលូនផងដែរ។

ដោយផ្អែកលើការវាយតម្លៃរបស់អ្នកផ្តល់សេវាថែទាំសុខភាព ការធ្វើតេស្តបន្ថែមអាចនឹងមានភាពចាំបាច់ រួមមាន៖

  • ការពិនិត្យរូបភាពវេជ្ជសាស្ត្រ៖ ការថតអេកូ នឹងជួយពិនិត្យដកចេញនូវជំងឺក្លនលូន ដុំសាច់ពងស្វាស និងមូលហេតុផ្សេងៗទៀតនៃការរីកធំនៃថង់ពងស្វាស
  • ការធ្វើតេស្តឈាម និងទឹកនោម៖ នេះនឹងជួយពិនិត្យរកមើលការឆ្លងមេរោគនៅក្នុងរាងកាយ ជាពិសេស គឺជំងឺរលាកបំពង់មេជីវិត

ការព្យាបាល

គ្មានឱសថណាមួយអាចព្យាបាលជំងឺទឹកដក់ក្នុងថង់ពងស្វាសបានឡើយ។ ក្នុងករណីភាគច្រើន វានឹងបាត់ទៅវិញដោយខ្លួនឯងដោយមិនបាច់មានការព្យាបាលអ្វីទាំងអស់។ ជំងឺទឹកដក់ក្នុងថង់ពងស្វាសប្រហែលជាមិនបង្ហាញរោគសញ្ញាឈឺចាប់ខ្លាំងក្លានោះទេ ប៉ុន្តែវាគួរតែត្រូវបានវាយតម្លៃឱ្យបានត្រឹមត្រូវ ព្រោះវាអាចពាក់ព័ន្ធនឹងជំងឺពងស្វាសបង្កប់ផ្សេងទៀត ដែលអាចប៉ះពាល់ដល់បុរសគ្រប់វ័យ។

ប្រសិនបើជំងឺទឹកដក់ក្នុងថង់ពងស្វាសនេះរំខានដល់ការរស់នៅប្រចាំថ្ងៃ ឬវិវត្តទៅមុខហើយមិនព្រមបាត់ទៅវិញដោយខ្លួនឯង វាត្រូវតែទទួលការជួសជុលតាមរយៈការវះកាត់ ដើម្បីជៀសវាងផលវិបាកបន្ថែមទៀត។ ការវះកាត់យកទឹកដក់ចេញ (Hydrocelectomy) គឺជានីតិវិធីវះកាត់ក្រៅមន្ទីរពេទ្យ (មិនបាច់សម្រាកពេទ្យ) ដើម្បីជួសជុលជំងឺទឹកដក់ក្នុងថង់ពងស្វាសនេះ។ ដើម្បីព្យាបាល គ្រូពេទ្យនឹងធ្វើការឆ្កូត ឬវះមុខកាត់តូចមួយនៅលើថង់ពងស្វាស ឬនៅលើពោះ។ ដោយផ្អែកលើទំហំ និងទីតាំងនៃដក់ទឹកនោះ អ្នកជំងឺអាចនឹងត្រូវការពាក់បំពង់បង្ហូរទឹក និងរុំបង់ក្រាស់ៗរយៈពេលពីរបីថ្ងៃ។ ការវះកាត់ដើម្បីយកដក់ទឹកក្នុងថង់ពងស្វាសចេញ គឺត្រូវធ្វើឡើងក្រោមឥទ្ធិពលនៃថ្នាំសន្លប់ ឬថ្នាំស្ពឹក។

បន្ទាប់ពីការវះកាត់ជួសជុលរួចរាល់ គ្រូពេទ្យអាចនឹងណែនាំឱ្យមានការណាត់ជួបពិនិត្យតាមកាលកំណត់ ព្រោះជំងឺទឹកដក់ក្នុងថង់ពងស្វាសអាចនឹងកើតឡើងវិញបាន។ នៅក្នុងការវះកាត់ជំងឺក្លនលូន ប្រសិនបើគ្រូពេទ្យវះកាត់មើលឃើញថាមានជំងឺទឹកដក់ក្នុងថង់ពងស្វាសទន្ទឹមគ្នានោះ គ្រូពេទ្យជាធម្មតានឹងវះកាត់យកវាចេញក្នុងពេលជាមួយគ្នាតែម្តង។

Doctors who treat this condition