ទិដ្ឋភាពទូទៅ

ជំងឺហាន់ទីងតុន (Huntington’s disease) គឺជាជំងឺតំណពូជដ៏កម្រមួយ ដែលធ្វើឱ្យកោសិកាប្រសាទនៅក្នុងខួរក្បាលចុះខ្សោយ និងខូចខាតទៅៗតាមពេលវេលា។ វាបណ្តាលឱ្យមានបញ្ហាពាក់ព័ន្ធនឹងការផ្លាស់ទីផ្លាស់ប្តូររូបរាងកាយ (ចលនា) ការគិត និងអារម្មណ៍។

មនុស្សម្នាក់ៗអាចចាប់ផ្តើមចេញរោគសញ្ញានៃជំងឺហាន់ទីងតុននេះនៅក្នុងវ័យខុសៗគ្នា ប៉ុន្តែជាទូទៅគឺនៅក្បែរអាយុ ៣០ ឬ ៤០ឆ្នាំ។ នៅពេលពេលវេលាកន្លងហួសទៅ ការដើរ ការនិយាយ និងការលេបអាហារកាន់តែមានភាពលំបាកឡើងៗ។ អារម្មណ៍ និងការគិតរបស់មនុស្សក៏អាចប្រែប្រួលខ្លាំងផងដែរ រួមមានការប្រែប្រួលអារម្មណ៍ឆាប់រហ័ស និងបញ្ហាមិនសូវចាំ (វង្វេងវង្វាន់)។ ប្រសិនបើមាននរណាម្នាក់កើតជំងឺនេះមុនអាយុ ២០ឆ្នាំ វាត្រូវបានគេហៅថា «ជំងឺហាន់ទីងតុនលើកុមារនិងយុវវ័យ» ដែលវាមានរោគសញ្ញាខុសគ្នាខ្លះៗ ហើយមាននិន្នាការវិវត្តទៅរកសភាពធ្ងន់ធ្ងរលឿនជាងមុន។

បច្ចុប្បន្ន មានឱសថមួយចំនួនដែលអាចជួយសម្រាលរោគសញ្ញាមួយចំនួននៃជំងឺហាន់ទីងតុននេះបាន។ ប៉ុន្តែការព្យាបាលទាំងនេះ មិនអាចបញ្ឈប់បញ្ហាផ្នែករាងកាយ ស្មារតី និងឥរិយាបថដែលមកជាមួយជំងឺនេះបានឡើយ។

រោគសញ្ញា

ជំងឺហាន់ទីងតុនអាចបណ្តាលឱ្យមានបញ្ហាជាមួយចលនារាងកាយ ការគិត និងអារម្មណ៍។ សញ្ញាដំបូងៗអាចមានភាពខុសប្លែកគ្នាទៅតាមមនុស្សម្នាក់ៗ។ បញ្ហាមួយចំនួនអាចស្តែងចេញឱ្យឃើញច្បាស់ ឬប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃខ្លាំងជាងបញ្ហាផ្សេងទៀត ប៉ុន្តែចំណុចនេះអាចផ្លាស់ប្តូរទៅតាមការវិវត្តនៃជំងឺ។

  • បញ្ហាផ្នែកចលនារាងកាយ៖ ជំងឺហាន់ទីងតុនជះឥទ្ធិពលលើការធ្វើចលនា ដោយបង្កឱ្យមានទាំងការកន្ត្រាក់សាច់ដុំដោយមិនដឹងខ្លួន (chorea) និងបញ្ហាជាមួយចលនាធម្មតា។ វារួមបញ្ចូលទាំងបញ្ហាសាច់ដុំ ដូចជាសាច់ដុំឡើងរឹង (dystonia) ចលនាភ្នែកយឺត បញ្ហាក្នុងការដើរនិងលំនឹង ក៏ដូចជាការពិបាកនិយាយ និងលេបអាហារ។ បញ្ហាចលនាទាំងនេះអាចប៉ះពាល់ដល់សមត្ថភាពរបស់បុគ្គលម្នាក់ក្នុងការបំពេញសកម្មភាពប្រចាំថ្ងៃ និងការរស់នៅដោយឯករាជ្យ
  • បញ្ហាផ្នែកការគិតនិងការយល់ដឹង៖ ជំងឺហាន់ទីងតុនជារឿយៗនាំមកនូវបញ្ហាផ្នែកការគិត។ បញ្ហាទាំងនោះអាចរួមមានការពិបាករៀបចំចាត់ចែងការងារ ការផ្តោតអារម្មណ៍ ឬការកំណត់អាទិភាពការងារ។ មនុស្សអាចនឹងគិតជំពាក់លើគំនិត ឬសកម្មភាពណាមួយមិនលែង (perseveration) ហើយអាចធ្វើអ្វីមួយដោយមិនបានគិតពិចារណាវែងឆ្ងាយ (ដោយសារការគ្រប់គ្រងចិត្តខ្លួនឯងខ្សោយ) ដែលនាំឱ្យមានការផ្ទុះកំហឹង និងការប្រថុយប្រថាន។ ពួកគេក៏អាចខ្វះការដឹងខ្លួនពីសមត្ថភាព និងសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ ការគិតក៏អាចនឹងយឺតជាងមុន ដែលធ្វើឱ្យពិបាកដំណើរការគំនិត និងពិបាករកពាក្យនិយាយ។ ការរៀនអ្វីថ្មីៗក៏អាចក្លាយជាឿងពិបាកដូចគ្នា
  • បញ្ហាផ្នែកសុខភាពផ្លូវចិត្ត៖ ជំងឺបាក់ទឹកចិត្ត គឺជាបញ្ហាផ្លូវចិត្តចម្បងបំផុតដែលពាក់ព័ន្ធនឹងជំងឺហាន់ទីងតុន។ វាលេចឡើងមិនមែនគ្រាន់តែជាប្រតិកម្មតបទៅនឹងលទ្ធផលរោគវិនិច្ឆ័យនោះទេ ប៉ុន្តែវាបណ្តាលមកពីការខូចខាតខួរក្បាល និងការប្រែប្រួលនៃមុខងារខួរក្បាល។ សញ្ញាទូទៅរួមមាន អារម្មណ៍កើតទុក្ខ ងាយមួម៉ៅ និងការមិនខ្វល់ខ្វាយពីអ្វីទាំងអស់ រួមជាមួយការដកខ្លួនចេញពីសង្គម ការគេងមិនលក់ និងអស់កម្លាំង ល្ហិតល្ហៃ។ គំនិតចង់ស្លាប់ ឬធ្វើអត្តឃាតក៏អាចកើតមានឡើងផងដែរ។ បញ្ហាផ្លូវចិត្តផ្សេងទៀតដែលផ្សារភ្ជាប់នឹងជំងឺហាន់ទីងតុន រួមមានជំងឺថប់បារម្ភនិងខំធ្វើដដែលៗ ដែលសម្គាល់ដោយគំនិតរំខានចិត្តនិងសកម្មភាពដដែលៗ ក៏ដូចជាជំងឺម៉ានីញ៉ា (mania) ដែលនាំឱ្យមានអារម្មណ៍ពុះកញ្ជ្រោលខ្លាំង ធ្វើអ្វីតាមតែចិត្តនឹកឃើញ និងការវាយតម្លៃតម្លៃខ្លួនឯងខ្ពស់ហួសហេតុ។ ជំងឺប្រែប្រួលអារម្មណ៍ពីរ (Bipolar disorder) ដែលមានការផ្លាស់ប្តូរឆ្លាស់គ្នារវាងអារម្មណ៍បាក់ទឹកចិត្ត និងអារម្មណ៍ពុះកញ្ជ្រោល ក៏អាចកើតមានឡើងដែរ។ ការស្រកទម្ងន់គឺជារឿងទូទៅនៅពេលដែលជំងឺនេះវិវត្តទៅមុខ

រោគសញ្ញានៃជំងឺហាន់ទីងតុនលើកុមារនិងយុវវ័យ

ការចាប់ផ្តើម និងការវិវត្តនៃជំងឺហាន់ទីងតុនចំពោះមនុស្សវ័យក្មេង អាចមានភាពខុសប្លែកពីមនុស្សពេញវ័យ។ ដំណាក់កាលដំបូងនៃជំងឺនេះច្រើនតែបង្ហាញចេញជាបញ្ហាមួយចំនួនដូចជា៖

ការប្រែប្រួលឥរិយាបថ៖ យុវវ័យ ឬកុមារនោះមានបញ្ហាក្នុងការផ្តោតអារម្មណ៍ លទ្ធផលសិក្សានៅសាលាធ្លាក់ចុះយ៉ាងលឿន ហើយពួកគេក៏បង្ហាញនូវបញ្ហាផ្នែកឥរិយាបថ (កាច ឆេវឆាវ ឬប្លែកៗ) ផងដែរ។

ការប្រែប្រួលផ្នែករាងកាយ៖ មានការប្រែប្រួលផ្នែករាងកាយគួរឱ្យកត់សម្គាល់ រួមមានសាច់ដុំឡើងរឹងនិងតឹងខ្លាំង ដែលជះឥទ្ធិពលដល់របៀបដើររបស់ពួកគេ ជាពិសេសចំពោះកុមារតូចៗ។ បន្ថែមពីនេះ ពួកគេអាចមានការញ័រ ឬមានចលនាតូចៗដែលមិនអាចគ្រប់គ្រងបាន ដួលញឹកញាប់ ឬមើលទៅឆ្គគមឆ្គងជាងធម្មតា ហើយថែមទាំងអាចមានការប្រកាច់ទៀតផង។

ប្រសិនបើអ្នកសង្កេតឃើញមានការប្រែប្រួលលើសកម្មភាពរាងកាយ សុខភាពផ្លូវចិត្ត ឬសមត្ថភាពផ្នែកការគិតនិងការយល់ដឹងរបស់អ្នក វាត្រូវបានណែនាំឱ្យទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញសុខភិបាល។ សញ្ញា និងផលប៉ះពាល់ដែលពាក់ព័ន្ធនឹងជំងឺហាន់ទីងតុន ក៏អាចបណ្តាលមកពីស្ថានភាពជំងឺផ្សេងៗជាច្រើនទៀតផងដែរ។ ដូច្នេះ ការស្វែងរកការវាយតម្លៃ និងពិនិត្យឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ គឺជារឿងដ៏សំខាន់បំផុត។

​​ មូលហេតុ

ជំងឺហាន់ទីងតុនកើតឡើងដោយសារតែការប្រែប្រួលហ្សែន (ការបំរែបំរួលហ្សែន/ទម្រង់ហ្សែនខុសប្រក្រតី) ដែលត្រូវបានបន្តពូជនៅក្នុងហ្សែនតែមួយ ហើយវាមានលក្ខណៈស្របតាមទម្រង់ «លក្ខណៈលេចលើក្រូម៉ូសូមធម្មតា» ដែលមានន័យថា ត្រូវការតែហ្សែនមិនប្រក្រតីមួយច្បាប់ប៉ុណ្ណោះ នោះជំងឺនឹងស្តែងចេញជារូបរាងឡើង។ លើកលែងតែហ្សែននៅលើក្រូម៉ូសូមភេទ ចំណែកឯក្រូម៉ូសូមធម្មតា មនុស្សម្នាក់ៗទទួលបានហ្សែនពីរច្បាប់គឺ មួយពីឪពុក និងមួយទៀតពីម្តាយ ដែលពួកគាត់អាចនឹងចម្លងហ្សែនទម្រង់មិនប្រក្រតី ឬទម្រង់ដែលមានសុខភាពល្អទៅឱ្យកូន។

ការធ្វើរោគវិនិច្ឆ័យ

ការវាយតម្លៃដំបូងដើម្បីស្វែងរកជំងឺហាន់ទីងតុន គឺផ្អែកទៅលើចម្លើយរបស់អ្នកចំពោះសំណួរផ្សេងៗ ការពិនិត្យរាងកាយគ្រប់ជ្រុងជ្រោយ ការស្រាវជ្រាវពីប្រវត្តិវេជ្ជសាស្ត្ររបស់គ្រួសារ ក៏ដូចជាការវាយតម្លៃផ្នែកប្រព័ន្ធប្រសាទ និងផ្នែកសុខភាពផ្លូវចិត្ត។

ការពិនិត្យ និងការធ្វើតេស្តផ្នែកប្រព័ន្ធប្រសាទ

គ្រូពេទ្យជំនាញខាងប្រព័ន្ធប្រសាទ នឹងសាកសួរអំពីស្ថានភាពរបស់អ្នក និងធ្វើការវាយតម្លៃជាមូលដ្ឋានលើផ្នែកដូចខាងក្រោម៖

  • មុខងារចលនា៖ រួមមាន ប្រតិកម្មឆាប់រហ័សនៃសាច់ដុំ reflexes កម្លាំងសាច់ដុំ និងលំនឹងរាងកាយ
  • ការដឹងផ្នែកវិញ្ញាណ៖ ដូចជា ការប៉ះដឹង ការមើលឃើញ និងការឮ
  • ទិដ្ឋភាពចិត្តសាស្ត្រ៖ ដូចជា អារម្មណ៍ និងសុខក្សេមក្សាន្តនៃផ្លូវចិត្ត

បន្ថែមពីនេះ គ្រូពេទ្យប្រព័ន្ធប្រសាទអាចនឹងប្រើប្រាស់ការវាយតម្លៃតាមស្តង់ដារ ដើម្បីពិនិត្យលើ៖

  • សមត្ថភាពចងចាំ
  • ការគិតបែបវែកញែករកហេតុផល
  • ភាពបត់បែននៃការយល់ដឹងនិងការគិត
  • ជំនាញ ឬកម្រិតយល់ដឹងផ្នែកភាសា
  • ជំនាញក្នុងការគិតពីលំហ និងទីតាំង

ការវាយតម្លៃផ្នែកសុខភាពផ្លូវចិត្ត

អ្នកជំងឺទំនងជានឹងត្រូវបញ្ជូនបន្តទៅជួបគ្រូពេទ្យជំនាញខាងផ្លូវចិត្ត ដើម្បីធ្វើការវាយតម្លៃក្នុងគោលបំណងស្វែងរកកត្តាផ្សេងៗដែលអាចមានចំណែកក្នុងរោគវិនិច្ឆ័យរបស់ពួកគេ។ កត្តាទាំងនោះរួមមាន៖

  • ស្ថានភាពអារម្មណ៍
  • ទម្រង់នៃឥរិយាបថ (គំរូនៃឥរិយាបថ)
  • សមត្ថភាពក្នុងការវិនិច្ឆ័យ និងការសម្រេចចិត្ត
  • ជំនាញក្នុងការទប់ទល់ និងដោះស្រាយបញ្ហា
  • សញ្ញានៃការគិតមិនប្រក្រតី ឬវង្វេងវង្វាន់
  • ភស្តុតាងនៃការប្រើប្រាស់សារធាតុញៀន ឬគ្រឿងស្រវឹងខុសគោលដៅ

ការពិនិត្យរូបភាព និងមុខងារខួរក្បាល

គ្រូពេទ្យរបស់អ្នកអាចនឹងណែនាំឱ្យធ្វើតេស្តពិនិត្យរូបភាពខួរក្បាល ដូចជាការថតស្កេនម៉ាញេទិក (MRI) ឬការថត CT scan ដើម្បីវាយតម្លៃទាំងទម្រង់រចនាសម្ព័ន្ធ និងមុខងាររបស់ខួរក្បាល។ តាមរយៈបច្ចេកវិទ្យាថតរូបភាពទាំងនេះ គ្រូពេទ្យនឹងទទួលបានរូបភាពលម្អិតនៃខួរក្បាល ដែលអាចជួយបង្ហាញឱ្យឃើញពីការប្រែប្រួលនានាដែលកើតឡើងនៅក្នុងតំបន់ខួរក្បាលដែលរងផលប៉ះពាល់ដោយជំងឺហាន់ទីងតុន។

ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលត្រូវដឹងថា ការប្រែប្រួលទាំងនេះអាចនឹងមិនទាន់ស្តែងចេញឱ្យឃើញច្បាស់នៅឡើយទេនៅក្នុងដំណាក់កាលដំបូងនៃការវិវត្តនៃជំងឺ។ បន្ថែមពីនេះ ការធ្វើតេស្តទាំងនេះក៏អាចប្រើប្រាស់ដើម្បីដកចេញនូវលទ្ធភាពនៃជំងឺផ្សេងៗទៀត ដែលអាចជាមូលហេតុបង្កឱ្យមានរោគសញ្ញាដូចគ្នាទាំងនេះដែរ។

ការពិគ្រោះយោបល់ និងការធ្វើតេស្តហ្សែន

ប្រសិនបើរោគសញ្ញានានាបានបង្ហាញនិងចង្អុលបង្ហាញថាជាជំងឺហាន់ទីងតុនក្នុងកម្រិតច្បាស់លាស់ខ្លាំង គ្រូពេទ្យរបស់អ្នកអាចនឹងណែនាំឱ្យធ្វើតេស្តហ្សែន ដើម្បីស្វែងរកវត្តមានរបស់ហ្សែនមិនប្រក្រតីដែលពាក់ព័ន្ធនឹងជំងឺនេះ។ ការធ្វើតេស្តនេះមានតួនាទីជួយបញ្ជាក់សេចក្តីសន្និដ្ឋានរោគវិនិច្ឆ័យឱ្យកាន់តែច្បាស់ ហើយវាមានតម្លៃជាពិសេសសម្រាប់ករណីដែលមិនមានប្រវត្តិជំងឺនេះក្នុងគ្រួសារ ឬនៅពេលដែលមិនទាន់មានសមាជិកគ្រួសារណាម្នាក់ត្រូវបានបញ្ជាក់ថាមានជំងឺនេះតាមរយៈការធ្វើតេស្តហ្សែននៅឡើយ។

ចំណុចសំខាន់ដែលត្រូវកត់សម្គាល់គឺថា ទោះបីជាការធ្វើតេស្តអាចបញ្ជាក់ពីវត្តមានរបស់ហ្សែនបង្កជំងឺក៏ដោយ ប៉ុន្តែវាអាចនឹងមិនបានផ្តល់ជាគំនិតគន្លឹះសម្រាប់ការរៀបចំផែនការព្យាបាលនោះឡើយ។ មុនពេលឈានដល់ការធ្វើតេស្តនេះ អ្នកជំនាញពិគ្រោះយោបល់ខាងហ្សែន នឹងផ្តល់ការពន្យល់យ៉ាងគ្រប់ជ្រុងជ្រោយអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការដឹងពីលទ្ធផលតេស្ត ព្រមទាំងឆ្លើយរាល់សំណួរទាំងឡាយណាដែលពាក់ព័ន្ធនឹងទម្រង់នៃការបន្តពូជ (តំណពូជ) នៃជំងឺហាន់ទីងតុននេះ។

ការធ្វើតេស្តហ្សែនកម្រិតទស្សន៍ទាយ

ការធ្វើតេស្តកម្រិតទស្សន៍ទាយ គឺជាការធ្វើតេស្តហ្សែនសម្រាប់បុគ្គលដែលមានប្រវត្តិសមាជិកគ្រួសារកើតជំងឺនេះ ប៉ុន្តែខ្លួនឯងមិនទាន់ស្តែងចេញរោគសញ្ញានៅឡើយ។ ការធ្វើតេស្តនេះមិនអាចបង្ហាញពីពេលវេលាពិតប្រាកដដែលជំងឺនឹងចាប់ផ្តើមលេចឡើង ឬរបៀបនៃការស្តែងចេញនូវរោគសញ្ញាដំបូងនោះទេ។ មូលហេតុដែលគេសម្រេចចិត្តធ្វើតេស្តនេះ រួមមាន ការកាត់បន្ថយភាពតានតឹងក្នុងចិត្តតាមរយៈការបំបាត់ភាពស្រពិចស្រពិលមិនច្បាស់លាស់ និងការយកទៅពិចារណាមុនពេលសម្រេចចិត្តយកបុត្រដាបិតា (មានកូន)។

ការព្យាបាល

ទោះបីជាការវិវត្តនៃជំងឺហាន់ទីងតុនមិនអាចកែប្រែ ឬបញ្ឈប់បានក៏ដោយ ប៉ុន្តែការប្រើប្រាស់ឱសថអាចជួយសម្រាលរោគសញ្ញាផ្នែកចលនារាងកាយ និងផ្នែកសុខភាពផ្លូវចិត្តបាន។ វិធីសាស្ត្រអន្តរាគមន៍ផ្សេងៗក៏អាចជួយឱ្យអ្នកជំងឺសម្របខ្លួនទៅនឹងសមត្ថភាពរាងកាយដែលកំពុងប្រែប្រួលបានមួយរយៈពេលផងដែរ។ គោលដៅនៃការព្យាបាល និងការប្រើប្រាស់ឱសថអាចនឹងត្រូវផ្លាស់ប្តូរទៅតាមការវិវត្តទៅមុខនៃជំងឺ ដោយត្រូវលបមើលនិងពិចារណាលើផលប៉ះពាល់ (ផលរំខាន) នៃឱសថទាំងនោះ។

ឱសថសម្រាប់បញ្ហាផ្នែកចលនារាងកាយ

  • ឱសថគ្រប់គ្រងចលនា៖ ឱសថ Tetrabenazine និង Deutetrabenazine ត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដើម្បីជួយគ្រប់គ្រងចលនាកន្ត្រាក់ និងបង្វិលខ្លួនដោយមិនដឹងខ្លួន (chorea) នៅក្នុងជំងឺហាន់ទីងតុន។ ឱសថទាំងនេះមិនជះឥទ្ធិពលដល់ការវិវត្តនៃជំងឺនោះទេ ប៉ុន្តែវាអាចនាំឱ្យមានផលរំខានដូចជា ងងុយដេក រវើរវាយរកកល់មិនសុខ និងអាចធ្វើឱ្យស្ថានភាពផ្លូវចិត្តកាន់តែអាក្រក់ទៅៗ
  • ឱសថប្រឆាំងរោគចិត្ត (Antipsychotic drugs)៖ ឱសថមួយចំនួនដូចជា Haloperidol និង Fluphenazine អាចជួយទប់ស្កាត់ចលនារាងកាយ និងអាចមានប្រយោជន៍សម្រាប់ការព្យាបាលរោគសញ្ញាចលនាកន្ត្រាក់ (chorea)។ ទោះជាយ៉ាងណាក៏ដោយ ឱសថទាំងនេះអាចធ្វើឱ្យការកន្ត្រាក់សាច់ដុំដោយមិនដឹងខ្លួន ការរវើរវាយមិនសុខក្នុងខ្លួន និងការងងុយដេកកាន់តែធ្ងន់ធ្ងរជាងមុន។ ចំពោះឱសថដែលមានផលរំខានតិចជាង ដូចជា Olanzapine និង Aripiprazole ក៏នៅតែត្រូវប្រើប្រាស់ដោយការប្រុងប្រយ័ត្នខ្ពស់ដដែល ដោយសារតែវាមានលទ្ធភាពធ្វើឱ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ
  • ឱសថផ្សេងទៀត៖ ឱសថដែលអាចមានសក្តានុពលជួយទប់ស្កាត់ចលនាកន្ត្រាក់រួមមាន Amantadine, Levetiracetam, និង Clonazepam។ ទោះជាយ៉ាងណា វត្តមាននៃផលរំខានរបស់វាអាចនឹងធ្វើឱ្យមានការកម្រិតក្នុងការប្រើប្រាស់

ឱសថសម្រាប់បញ្ហាផ្នែកសុខភាពផ្លូវចិត្ត

វិធីសាស្ត្រនៃការព្យាបាលសម្រាប់បញ្ហាផ្លូវចិត្ត មានភាពខុសប្លែកគ្នាទៅតាមស្ថានភាពជំងឺ និងរោគសញ្ញាជាក់ស្តែង។ជម្រើសដែលអាចមានរួមមាន៖

  • ឱសថប្រឆាំងការបាក់ទឹកចិត្ត៖ ក្រុមឱសថនេះរួមមានឱសថដូចជា Citalopram, Escitalopram, Fluoxetine, និង Sertraline។ ឱសថទាំងនេះក៏អាចជួយសម្រាលរោគសញ្ញានៃជំងឺថប់បារម្ភនិងខំធ្វើដដែលៗ (obsessive–compulsive disorder) បានខ្លះដែរ។ ផលរំខានដែលអាចកើតមានមានដូចជា ចង្អោរ រាគ ងងុយដេក និងសម្ពាធឈាមចុះទាប
  • ឱសថប្រឆាំងរោគចិត្ត៖ ឧទាហរណ៍ដូចជា Quetiapine និង Olanzapine អាចជួយគ្រប់គ្រងការផ្ទុះកំហឹងខ្លាំងៗ ការច្រាសច្រាលក្នុងចិត្ត និងរោគសញ្ញាផ្សេងទៀតដែលពាក់ព័ន្ធនឹងជំងឺប្រែប្រួលអារម្មណ៍ ឬរោគចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ឱសថទាំងនេះក៏អាចបង្កឱ្យមានបញ្ហាចលនារាងកាយផ្សេងៗផងដែរ
  • ឱសថរក្សាលំនឹងអារម្មណ៍៖ ឱសថទាំងនេះជួយការពារកុំឱ្យមានការប្រែប្រួលអារម្មណ៍ខ្លាំងហួសហេតុ ដែលស្តែងឡើងនៅក្នុងជំងឺប្រែប្រួលអារម្មណ៍ពីរ (bipolar disorder)។ ក្នុងនោះរួមមានឱសថប្រឆាំងការប្រកាច់ ដូចជា Divalproex, Carbamazepine, និង Lamotrigine

វិធីសាស្ត្រព្យាបាលស្តារនីតិសម្បទា និងការព្យាបាលដោយចរចា

ការព្យាបាលផ្លូវចិត្ត

អ្នកជំនាញព្យាបាលផ្លូវចិត្ត ទោះជាគ្រូពេទ្យជំនាញខាងផ្លូវចិត្ត វិកលវិទូ ឬបុគ្គលិកសង្គមកិច្ចគ្លីនិក អាចផ្តល់ការព្យាបាលដោយការជជែកពិគ្រោះ ដើម្បីជួយដល់បញ្ហាផ្នែកឥរិយាបថ បង្កើតយុទ្ធសាស្ត្រទប់ទល់ប្រកបដោយប្រសិទ្ធភាព ណែនាំបុគ្គលម្នាក់ៗឆ្លងកាត់ដំណាក់កាលផ្សេងៗនៃជំងឺ និងជួយសម្របសម្រួលការប្រាស្រ័យទាក់ទងគ្នាក្នុងចំណោមសមាជិកគ្រួសារ។

ការព្យាបាលដោយចលនាការនិយាយ

ជំងឺហាន់ទីងតុនអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការសម្របសម្រួលនៃសាច់ដុំនៅក្នុងមាត់ និងបំពង់ក ដែលជាផ្នែកសំខាន់សម្រាប់មុខងារដូចជា ការនិយាយ ការញ៉ាំ និងការលេប។ ការស្វែងរកជំនួយពីអ្នកជំនាញព្យាបាលការនិយាយ អាចនាំឱ្យមានការបង្កើនភាពច្បាស់លាស់នៃការនិយាយ និងការទទួលបានបច្ចេកទេសថ្មីៗ ដូចជាការប្រើប្រាស់ឧបករណ៍ជំនួយការប្រាស្រ័យទាក់ទង (ឧទាហរណ៍៖ ក្តារព័ត៌មានដែលបង្ហាញពីសកម្មភាព និងសម្ភារៈប្រចាំថ្ងៃទូទៅ)។ បន្ថែមពីនេះ គ្រូពេទ្យព្យាបាលការនិយាយក៏មានជំនាញក្នុងការគ្រប់គ្រងបញ្ហាប្រឈមនានាដែលទាក់ទងនឹងសាច់ដុំដែលប្រើប្រាស់ក្នុងការញ៉ាំ និងការលេបផងដែរ។

ការព្យាបាលដោយចលនា/រូបវន្តព្យាបាល

គ្រូពេទ្យរូបវន្តព្យាបាល អាចណែនាំអ្នកអំពីលំហាត់ប្រាណប្រកបដោយសុវត្ថិភាព ដែលជួយបង្កើនកម្លាំង ភាពបត់បែន លំនឹង និងការសម្របសម្រួលចលនា។ លំហាត់ប្រាណទាំងនេះជួយរក្សាចលនារាងកាយ និងអាចកាត់បន្ថយហានិភ័យនៃការដួល។ ពួកគេក៏បង្រៀនពីឥរិយាបថរាងកាយត្រឹមត្រូវ និងការប្រើប្រាស់ឧបករណ៍ជំនួយ ដែលជួយសម្រាលបញ្ហាចលនាមួយចំនួន។ ប្រសិនបើត្រូវការរទេះរុញ ឬប្រដាប់ទប់ដើរ (walker) គ្រូពេទ្យនឹងណែនាំពីការប្រើប្រាស់ និងឥរិយាបថសមស្រប ព្រមទាំងកែសម្រួលលំហាត់ប្រាណឱ្យត្រូវតាមស្ថានភាពជាក់ស្តែង។

ការព្យាបាលការងារ

គ្រូពេទ្យព្យាបាលការងារ អាចជួយដល់បុគ្គលដែលមានជំងឺហាន់ទីងតុន ព្រមទាំងក្រុមគ្រួសារ និងអ្នកថែទាំរបស់ពួកគេ ដោយផ្តល់ការណែនាំអំពីការប្រើប្រាស់ឧបករណ៍ជំនួយដើម្បីបង្កើនសមត្ថភាពមុខងាររាងកាយ។ យុទ្ធសាស្ត្រទាំងនេះរួមមាន ការបំពាក់បង្កាន់ដៃដៃតាមផ្ទះ ការប្រើប្រាស់ឧបករណ៍ពិសេសៗសម្រាប់សកម្មភាពប្រចាំថ្ងៃដូចជា ការងូតទឹក និងការស្លៀកពាក់ និងការប្រើប្រាស់សម្ភារៈសម្រាប់ញ៉ាំ និងផឹកទឹកដែលត្រូវបានច្នៃឡើងជាពិសេស សម្រាប់បុគ្គលដែលមានកម្រិតសមត្ថភាពចលនាសាច់ដុំតូចៗ។

Doctors who treat this condition