យល់ដឹងពី ហ៊ីតស្ត្រូក (Heat Stroke) មុនពេលយឺតពេល ស្ថានភាពធ្ងន់ធ្ងរដែលអាចបណ្តាលឲ្យបាត់បង់ជីវិតបាន

អត្ថបទសុខភាព
យល់ដឹងពី ហ៊ីតស្ត្រូក (Heat Stroke) មុនពេលយឺតពេល ស្ថានភាពធ្ងន់ធ្ងរដែលអាចបណ្តាលឲ្យបាត់បង់ជីវិតបាន

ក្នុងអំឡុងរដូវក្តៅនៅក្នុងភូមិភាគអាកាសធាតុត្រូពិចដូចជាប្រទេសកម្ពុជា ជំងឺដែលទាក់ទងនឹងកំដៅអាចកើតឡើងបានយ៉ាងងាយស្រួល។ ជំងឺមួយក្នុងចំណោមជំងឺធ្ងន់ធ្ងរបំផុតគឺ ហ៊ីតស្ត្រូក (Heat Stroke) ជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកំដៅ ឬជំងឺដួលសន្លប់ដោយកម្ដៅ ដែលជាគ្រាអាសន្នផ្នែកវេជ្ជសាស្រ្តដែលត្រូវការការយកចិត្តទុកដាក់ជាបន្ទាន់។

ហ៊ីតស្ត្រូក (Heat Stroke) គឺជាអ្វី?

 ហ៊ីតស្ត្រូក (Heat Stroke) គឺជាស្ថានភាពមួយដែលបណ្តាលមកពីរាងកាយប្រមូលផ្តុំកំដៅច្រើនខ្លាំងពេក និងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយមិនអាចត្រជាក់ចុះបានលឿនគ្រប់គ្រាន់។ វាកើតឡើងនៅពេលដែលសីតុណ្ហភាពរាងកាយឡើងលើសពី 40 អង្សាសេ ដែលបំផ្លាញប្រព័ន្ធសរីរាង្គផ្សេងៗ ជាពិសេសប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធលំហូរឈាម។ ប្រសិនបើមិនបានព្យាបាលឱ្យបានត្រឹមត្រូវទេ វាអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ និងបាត់បង់ជីវិតបាន

ហេតុអ្វីបានជាកើតបញ្ហា ហ៊ីតស្ត្រូក

ជាធម្មតា រាងកាយរបស់យើងទទួលកំដៅពីប្រភពពីរ៖ ខាងក្រៅ ដូចជាពន្លឺព្រះអាទិត្យ និងខាងក្នុង ដូចជាការរំលាយអាហារ ជាពិសេសក្នុងពេលហាត់ប្រាណ ឬនៅពេលដែលរាងកាយឈឺ និងមានគ្រុនក្តៅ។ នៅពេលដែលរាងកាយឡើងកំដៅ រាងកាយព្យាយាមកាត់បន្ថយកម្ដៅតាមរយៈយន្តការដូចខាងក្រោម៖

ប្រព័ន្ធលំហូរឈាម៖ បណ្តាលឱ្យសរសៃឈាមរីកធំ ធ្វើឪ្យលំហូរឈាមទៅកាន់សរសៃឈាមតូចៗច្រើនជាងមុន ដើម្បីបញ្ចេញកំដៅ និងបង្កើតញើសឡើងមក

ប្រព័ន្ធខួរក្បាល៖ បញ្ជារឪ្យស្រេកទឹក និងផឹកទឹកញឹកញាប់ជាងមុន ដើម្បីជំនួសជាតិទឹកដែលបាត់បង់

ដូច្នេះយើងកើតហ៊ីតស្ត្រូក នៅពេលដែលយើងប៉ះពាល់នឹងសីតុណ្ហភាពខ្ពស់ ហើយរាងកាយមិនអាចបញ្ចេញកំដៅបានលឿនគ្រប់គ្រាន់

ស្ថានភាពដែលរកឃើញជាញឹកញាប់ក្នុងអ្នកជំងឺហ៊ីតស្ត្រូក

  1. អ្នកដែលហាត់ប្រាណខ្លាំងៗ ដូចជាការរត់ម៉ារ៉ាតុង បន្ទាប់ពីរត់ចម្ងាយឆ្ងាយ និងនៅក្រោមពន្លឺថ្ងៃរយៈពេលយូរ
  2. អ្នកដែលធ្វើការនៅខាងក្រៅ និងស្លៀកសម្លៀកបំពាក់ក្រាស់ៗ ដូចជាទាហាន ឬមន្ត្រីប៉ូលីស
  3. កុមារតូចៗ ឬមនុស្សចាស់ដែលចតឡាននៅខាងក្រៅ ហើយចាក់សោរ មិនអាចបើកបានដោយខ្លួនឯង

ពីស្ថានភាពខាងលើអាចសង្កេត ហានិភ័យដែលអាចនាំឱ្យកើតបញ្ហាហ៊ីតស្ត្រូក ដូចខាងក្រោម

ហានិភ័យក្នុងផ្នែកបរិស្ថានជុំវិញ

  • ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យយូរ ដូចជាការចូលរួមក្នុងសកម្មភាព ឬហាត់ប្រាណខ្លាំងក្នុងអាកាសធាតុក្តៅ
  • សភាពអាកាសដែលមានសីតុណ្ហភាពខ្ពស់ និងសំណើមខ្ពស់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលនាំញើសមិនអាចឱ្យរំសាយកំដៅបាន
  • ការខ្សោះជាតិទឹក
  • គ្រុនក្តៅ ជំងឺដូចជាផ្តាសាយ ហើយទៅធ្វើការហាត់ប្រាណបន្ថែម
  • កត្តាហានិភ័យបុគ្គល
  • មនុស្សចាស់ ជាពិសេសអ្នកដែលមានជំងឺប្រចាំកាយច្រើនដូចជាជំងឺបេះដូង ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងធាត់
  • កុមារតូចៗ
  • អត្តពលិក ឬអ្នកដែលហាត់ប្រាណនៅខាងក្រៅរយៈពេលយូរ ជាពិសេសអ្នករត់ម៉ារ៉ាតុង
  • អ្នកដែលធ្វើការនៅខាងក្រៅ ឬក្នុងបរិយាកាសក្តៅ
  • អ្នកដែលមិនបានសម្រាកគ្រប់គ្រាន់
  • អ្នកដែលទទួលទានគ្រឿងស្រវឹងជាប្រចាំ

ដោយសារតែនៅពេលកើតបញ្ហាហ៊ីតស្ត្រូកហើយ អ្នកជំងឺតែងដួលសន្លប់និងមិនអាចជួយខ្លួនឯងបាន ការដែលមានអ្នកនៅជុំវិញដឹងសញ្ញាព្រមាន និងផ្តល់ជំនួយទាន់ពេលវេលា ពិតជាមានសារៈសំខាន់

រោគសញ្ញានៃបញ្ហាហ៊ីតស្ត្រូកដែលត្រូវតាមដាន

  • សីតុណ្ហភាពរាងកាយខ្ពស់ខុសប្រក្រតី ឡើងក្រហមស្បែកពាសពេញរាងកាយ ជាពិសេសមុខ
  • មិនស្រួលខ្លួន ច្របូកច្របល់ ឬ ងងុយដេក
  • គ្មានញើសសូម្បីតែក្នុងអាកាសធាតុក្តៅ
  • ស្រេកទឹកខ្លាំងពេក ឬ មិនព្រមផឹកទឹកគ្រប់គ្រាន់
  • ឈឺក្បាល ឬ វិលមុខ ងងឹតមុខ ឬ ខ្សោយខុសប្រក្រតី
  • ក្អួត ចង្អោរ
  • ចង្វាក់បេះដូងលោតញាប់
  • ដង្ហើមលឿនឬ ដង្ហើមខ្លី

ក្នុងករណីខ្លះ ប្រសិនបើស្ថានភាពធ្ងន់ធ្ងរខ្លាំង ឬមិនបានព្យាបាល វាអាចនាំឱ្យ

  • ប្រកាច់
  • សន្លប់
  • គាំងបេះដូង

ជំនួយបឋមសម្រាប់ការសង្ស័យថាមានជំងឺហ៊ីតស្ត្រូក មានគោលបំណងបន្ថយសីតុណ្ហភាពរាងកាយ និងដឹកជញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យឱ្យបានឆាប់រហ័ស

គោលការណ៍ណែនាំសម្រាប់ជំនួយបឋមរួមមាន៖

  1. ផ្លាស់ទីអ្នកដែលមានរោគសញ្ញាទៅកាន់កន្លែងដែលមានម្លប់ ឬកន្លែងដែលមានខ្យល់ចេញចូលល្អ
  2. បន្ធូរសម្លៀកបំពាក់ដើម្បីកាត់បន្ថយការរក្សាកំដៅ ឬដោះសម្លៀកបំពាក់ចេញទាំងស្រុង
  3. ប្រើក្រណាត់ត្រជាក់ និងសើមដើម្បីជូតរាងកាយ ជាពិសេសក ក្លៀក និងក្បាល។ ប្រសិនបើមានទឹកកក សូមដាក់នៅលើកន្លែងទាំងនេះ
  4. ប្រើកង្ហារ ឬឧបករណ៍ជួយរំសាយកម្ដៅ
  5. ជៀសវាងការចោមរោមអ្នកជំងឺ ព្រោះវាអាចបណ្តាលឱ្យមានកំដៅកើនឡើង
  6. ប្រសិនបើអ្នកជំងឺនៅដឹងខ្លួន សូមផ្តល់ទឹកដល់ពួកគេដើម្បីការពារការខ្សោះជាតិទឹក

បន្ទាប់ពីផ្តល់ជំនួយបឋមរួច គួរតែបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដោយលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យគ្រូពេទ្យអាចវាយតម្លៃស្ថានភាព និងផ្តល់ការថែទាំសមស្រប

ការបង្ការបញ្ហា ហ៊ីតស្ត្រូក

  • ជៀសវាងសកម្មភាពក្រៅផ្ទះក្នុងអាកាសធាតុក្តៅខ្លាំង ឬសកម្មភាពក្រៅផ្ទះរយៈពេលយូរ ជាពិសេសក្នុងអំឡុងពេលក្តៅបំផុតនៃថ្ងៃ។ ប្រសិនបើសកម្មភាពក្រៅផ្ទះមិនអាចជៀសវាងបាន សូមជ្រើសរើសពេលវេលាដែលមិនមានពន្លឺព្រះអាទិត្យដោយផ្ទាល់ ដូចជាពេលព្រឹកព្រលឹម ឬពេលល្ងាចជ្រៅ
  • ផឹកទឹកឱ្យបានច្រើន ជាពិសេសប្រសិនបើអ្នកធ្វើការងារ ឬហាត់ប្រាណខ្លាំង អាចត្រូវបង្កើនបរិមាណទឹក ដើម្បីសងសម្រាប់ការបាត់បង់ញើស
  • ជៀសវាងភេសជ្ជៈដែលខ្សោះជាតិទឹក ដូចជាភេសជ្ជៈមានជាតិអាល់កុល ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីន។ គ្រឿងស្រវឹង កាហ្វេ ឬសារធាតុរំញោចអាចបង្កើនការនោម និងនាំឱ្យខ្សោះជាតិទឹកបន្ថែមទៀត
  • ជ្រើសរើសសម្លៀកបំពាក់ ស្ដើងស្រាល មានខ្យល់ចេញចូល និងរលុង ដើម្បីជួយឱ្យរាងកាយរបស់អ្នកអាចរំសាយសីតុណ្ហភាពបានល្អ
  • ការពាររាងកាយអ្នកពីព្រះអាទិត្យ។ ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាមិនធម្មតាណាមួយ សូមស្វែងរកម្លប់ជាបន្ទាន់

សំណួរដែលសួរជាញឹកញាប់អំពីជំងឺហ៊ីតស្ត្រូក

ហ៊ីតស្ត្រូកខុសពីអាការៈហត់នឿយដោយសារកម្ដៅយ៉ាងដូចម្តេច?

អាការៈហត់នឿយដោយសារកម្ដៅ (Heat exhaustion) គឺនៅពេលដែលសីតុណ្ហភាពកើនឡើង ប៉ុន្តែមិនឡើងដល់ ៤០ អង្សាសេ។ ជាធម្មតាវាមិនសូវធ្ងន់ធ្ងរទេ ហើយរាងកាយនៅតែអាចគ្រប់គ្រងសីតុណ្ហភាពបានមួយផ្នែក។ ខណៈពេលដែល ហ៊ីតស្ត្រូក គឺជាស្ថានភាពមួយដែលប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយមិនអាចគ្រប់គ្រងបាន ហើយត្រូវបានចាត់ទុកថាជាគ្រោះអាសន្នផ្នែកវេជ្ជសាស្ត្រ។ វាអាចផ្ដល់ព្យាបាលស្រដៀងគ្នាទៅនឹងហ៊ីតស្ត្រូកបាន

ហ៊ីតស្ត្រូកអាចកើតឡើងចំពោះមនុស្សដែលមិននៅក្រោមពន្លឺថ្ងៃបានដែរឬទេ?

ក្នុងករណីខ្លះ វាអាចកើតឡើង ដូចជាការហាត់ប្រាណនៅក្នុងកន្លែងបិទជិតដែលមានការរំសាយកំដៅមិនល្អ ឬដោយសារតែការខ្សោះជាតិទឹក ដែលនាំឱ្យមានការកើនឡើងនៃកំដៅ

តើការពិសារទឹកឱ្យបានច្រើនអាចការពារហ៊ីតស្ត្រូកដែរឬបានទេ?

នោះជាការត្រឹមត្រូវ ការពិសារទឹកឱ្យបានគ្រប់គ្រាន់កាត់បន្ថយហានិភ័យនៃការខ្សោះជាតិទឹក ដែលជាកត្តាមួយក្នុងចំណោមកត្តាដែលទាក់ទងនឹងជំងឺពីកម្ដៅ។ ទោះជាយ៉ាងណាក៏ដោយ ការបង្ការក៏គួរតែរួមបញ្ចូលការជៀសវាងបរិស្ថានក្តៅខ្លាំងផងដែរ

Readers’ Rating

0.0 out of 5 stars (based on 0 reviews)