ទិដ្ឋភាពទូទៅ
ជំងឺគ្រុនឈាម គឺជាជំងឺដែលចម្លងដោយមូសខាំ ហើយត្រូវបានរកឃើញភាគច្រើននៅតំបន់ត្រូពិក និងតំបន់ក្បែរខ្សែអេក្វាទ័រជុំវិញពិភពលោក។ វាបង្ហាញឡើងជាពីរទម្រង់ ជំងឺគ្រុនឈាមកម្រិតស្រាល ដែលបង្កឱ្យមានរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនផ្តាសាយ រួមជាមួយការក្ដៅខ្លួនខ្លាំង និង ទម្រង់ធ្ងន់ធ្ងរ ដែលហៅថា គ្រុនឈាមកម្រិតធ្ងន់។ ទម្រង់ធ្ងន់ធ្ងរនេះអាចបណ្តាលឱ្យមានការហូរឈាមខ្លាំង ការធ្លាក់ចុះសម្ពាធឈាមភ្លាមៗ (Shock) និងអាចឈានដល់ការស្លាប់។
ជំងឺគ្រុនឈាមត្រូវបានសង្កេតឃើញញឹកញាប់បំផុតនៅអាស៊ីអាគ្នេយ៍ កោះប៉ាស៊ីហ្វិកខាងលិច អាមេរិកឡាទីន និងអាហ្វ្រិក។ ទោះជាយ៉ាងណាក៏ដោយ វាក៏បានចាប់ផ្តើមលេចឡើងនៅក្នុងតំបន់ថ្មីៗ រួមទាំងការផ្ទុះឡើងនៅអឺរ៉ុប និងផ្នែកខាងត្បូងនៃសហរដ្ឋអាមេរិកផងដែរ។ គួរកត់សម្គាល់ថា ជំងឺគ្រុនឈាមមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតឡើយ លើកលែងតែការចម្លងពីស្ត្រីមានផ្ទៃពោះទៅកាន់កូនរបស់ពួកគេ។
បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រកំពុងស្រាវជ្រាវយ៉ាងសកម្មលើវ៉ាក់សាំងការពារជំងឺគ្រុនឈាម។ សម្រាប់ពេលនេះ នៅក្នុងតំបន់ដែលមានជំងឺនេះរីករាលដាល វិធីសាស្ត្រល្អបំផុតក្នុងការបង្ការការឆ្លងគឺ ការចៀសវាងការខាំរបស់មូស និងការចាត់វិធានការកាត់បន្ថយចំនួនមូសខ្លា។ រោគសញ្ញាច្រើនតែមានសភាពស្រាលអំឡុងពេលឆ្លងលើកដំបូង ប៉ុន្តែប្រសិនបើអ្នកឆ្លងម្តងទៀតដោយវីរុសគ្រុនឈាម (DENV) ប្រភេទផ្សេង លទ្ធភាពនៃការមានផលវិបាកធ្ងន់ធ្ងរនឹងកើនឡើង។ ជាអកុសល បច្ចុប្បន្នមិនទាន់មានថ្នាំជាក់លាក់សម្រាប់ព្យាបាលជំងឺគ្រុនឈាមនៅឡើយទេ ហើយគ្រូពេទ្យជាចម្បងផ្តល់ការណែនាំសម្រាប់គ្រប់គ្រងរោគសញ្ញាតែប៉ុណ្ណោះ។
រោគសញ្ញា
ការឆ្លងជំងឺគ្រុនឈាមជារឿយៗមិនត្រូវបានចាប់អារម្មណ៍ដោយមនុស្សជាច្រើនឡើយ ដោយសារវាអាចមិនបង្ហាញរោគសញ្ញា។ នៅពេលរោគសញ្ញាលេចឡើង វាអាចស្រដៀងនឹងជំងឺផ្សេងទៀតដូចជា គ្រុនផ្តាសាយ ហើយជាធម្មតាលេចឡើងពី ៤ ទៅ ១០ ថ្ងៃ បន្ទាប់ពីត្រូវបានមូសដែលមានផ្ទុកវីរុសខាំ។
ជំងឺគ្រុនឈាមជាធម្មតាបង្ហាញឡើងជាមួយនឹងការក្ដៅខ្លួនខ្លាំងរហូតដល់ 104°F (40°C) និងអាចរួមមានសញ្ញា និងរោគសញ្ញាណាមួយដូចខាងក្រោម៖
- ឈឺក្បាល
- ឈឺសាច់ដុំ ឆ្អឹង ឬសន្លាក់
- ចង្អោរ និងក្អួត
- ឈឺចាប់នៅពីក្រោយគ្រាប់ភ្នែក
- ហើមក្រពេញ (កូនកណ្តុរ)
- មានកន្ទួលលើស្បែក
ករណីភាគច្រើននៃជំងឺគ្រុនឈាមនឹងជាសះស្បើយក្នុងរយៈពេលមួយសប្តាហ៍ ប៉ុន្តែក្នុងករណីខ្លះ រោគសញ្ញាអាចកាន់តែអាក្រក់ទៅៗ ដែលបង្កឱ្យមានស្ថានភាពគ្រោះថ្នាក់ដល់ជីវិត ដូចជាគ្រុនឈាមកម្រិតធ្ងន់ ឬរោគសញ្ញា Dengue Shock Syndrome។ គ្រុនឈាមកម្រិតធ្ងន់កើតឡើងនៅពេលដែលសរសៃឈាមរងការខូចខាត និងចាប់ផ្តើមលេចធ្លាយ រួមជាមួយនឹងការថយចុះយ៉ាងខ្លាំងនៃចំនួនកោសិកាឈាមដែលជួយឱ្យឈាមកក (ប្លាកែត)។ ផលវិបាកទាំងនេះអាចនាំឱ្យមានការ Shock ការហូរឈាមក្នុងរាងកាយ ការខូចខាតសរីរាង្គ និងក្នុងករណីធ្ងន់ធ្ងរបំផុតគឺការស្លាប់។
សញ្ញាព្រមាននៃជំងឺគ្រុនឈាមកម្រិតធ្ងន់ ដែលអាចចាត់ទុកថាជាគ្រោះអាសន្នដល់ជីវិត រួមមាន៖
- ឈឺពោះខ្លាំង
- ក្អួតជាប់មិនដាច់
- ហូរឈាមតាមអញ្ចាញធ្មេញ ឬឈាមច្រមុះ
- មានឈាមក្នុងទឹកនោម លាមក ឬក្អួតមានឈាម
- មានស្នាមអុចក្រហមក្រោមស្បែក (មើលទៅដូចស្នាមជាំ)
- ពិបាកដកដង្ហើម
- អស់កម្លាំងខ្លាំង
- មួម៉ៅ ឬមិនស្រណុកក្នុងខ្លួន
ប្រសិនបើអ្នកទើបតែបានទៅតំបន់ដែលមានជំងឺគ្រុនឈាម ហើយមានអាការៈក្ដៅខ្លួន រួមជាមួយសញ្ញាព្រមានទាំងនេះ សូមទាក់ទងគ្រូពេទ្យ និងស្វែងរកជំនួយវេជ្ជសាស្ត្រជាបន្ទាន់។
មូលហេតុ
ជំងឺគ្រុនឈាមបង្កឡើងដោយវីរុសគ្រុនឈាមបួនប្រភេទផ្សេងគ្នា ហើយវាមិនត្រូវបានចម្លងតាមរយៈការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកឆ្លងឡើយ ប៉ុន្តែគឺតាមរយៈមូសខាំ។ ភ្នាក់ងារចម្បងក្នុងការចម្លងវីរុសទាំងនេះគឺមូសពីរប្រភេទដែលគេជួបប្រទះញឹកញាប់ក្នុង និងជុំវិញតំបន់រស់នៅរបស់មនុស្ស។ នៅពេលដែលមូសខាំបុគ្គលដែលមានផ្ទុកវីរុសគ្រុនឈាម វានឹងក្លាយជាភ្នាក់ងារចម្លងវីរុស។ បន្ទាប់មក នៅពេលដែលមូសនេះទៅខាំមនុស្សម្នាក់ទៀត វានឹងចម្លងវីរុសចូលទៅក្នុងចរន្តឈាមរបស់ពួកគេ ដែលបង្កឱ្យមានការឆ្លង។
នៅពេលដែលបុគ្គលម្នាក់បានជាសះស្បើយពីជំងឺគ្រុនឈាម ពួកគេនឹងមានភាពស៊ាំរយៈពេលវែងចំពោះប្រភេទវីរុសជាក់លាក់ដែលបានឆ្លងមកពួកគេដំបូង ប៉ុន្តែនៅតែអាចឆ្លងវីរុសបីប្រភេទផ្សេងទៀតបាន។ លើសពីនេះ ការឆ្លងជំងឺគ្រុនឈាមម្តងទៀតនីមួយៗ គឺមានគ្រោះថ្នាក់ខ្លាំងជាងការឆ្លងលើកមុន។
កត្តាហានិភ័យ
កត្តាខាងក្រោមនេះអាចបង្កើនហានិភ័យនៃការឆ្លងជំងឺគ្រុនឈាម៖
- ទីតាំង៖ លទ្ធភាពនៃការឆ្លងវីរុសគ្រុនឈាមកើនឡើង នៅពេលរស់នៅ ឬធ្វើដំណើរទៅកាន់តំបន់ត្រូពិក និងតំបន់ក្បែរខ្សែអេក្វាទ័រ។ អាស៊ីអាគ្នេយ៍ កោះប៉ាស៊ីហ្វិកខាងលិច អាមេរិកឡាទីន និងអាហ្វ្រិក គឺជាតំបន់ដែលមានហានិភ័យខ្ពស់បំផុត។
- ប្រវត្តិធ្លាប់កើតជំងឺគ្រុនឈាម៖ ប្រសិនបើបុគ្គលម្នាក់ឆ្លងជំងឺគ្រុនឈាមម្តងទៀត ពួកគេទំនងជាជួបប្រទះរោគសញ្ញាធ្ងន់ធ្ងរ ដោយសារតែការឆ្លងមេរោគពីមុន។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនឈាមអាចមានការពិបាក ដោយសារសញ្ញា និងរោគសញ្ញារបស់វាមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងជំងឺផ្សេងទៀត ដូចជា ជំងឺគ្រុនឈីក (Chikungunya) វីរុសហ្ស៊ីកា (Zika virus) គ្រុនចាញ់ និងគ្រុនពោះវៀន។ វិធីសាស្ត្រខាងក្រោមអាចជួយគ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនឈាម៖
- ការពិនិត្យរាងកាយ៖ គ្រូពេទ្យទំនងជានឹងសាកសួរអំពីប្រវត្តិវេជ្ជសាស្ត្រ និងប្រវត្តិធ្វើដំណើរ។ អ្នកជំងឺគួរតែរៀបរាប់ឱ្យបានលម្អិតអំពីការធ្វើដំណើរទៅក្រៅប្រទេសរបស់ខ្លួនប្រាប់គ្រូពេទ្យ រួមមាន ប្រទេសដែលបានទៅ កាលបរិច្ឆេទស្នាក់នៅ និងលទ្ធភាពនៃការប៉ះពាល់ជាមួយមូស។
- ការពិនិត្យឈាម៖ គ្រូពេទ្យអាចនឹងយកសំណាកឈាមដើម្បីពិនិត្យក្នុងមន្ទីរពិសោធន៍ រកសញ្ញានៃការឆ្លងវីរុសគ្រុនឈាម។ បន្ថែមពីនេះ វាក៏អាចបង្ហាញឱ្យដឹងថា តើអ្នកជំងឺមានផ្ទុកវីរុសមួយណាក្នុងចំណោមវីរុសទាំង ៤ ប្រភេទ។ ការពិនិត្យឈាមក៏អាចប្រើដើម្បីផ្ទៀងផ្ទាត់រកជំងឺផ្សេងទៀតដែលមានរោគសញ្ញាស្រដៀងគ្នាផងដែរ។
ការព្យាបាល
មិនទាន់មានការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺគ្រុនឈាមនៅឡើយទេ។ អំឡុងពេលសម្រាកព្យាបាល វាមានសារៈសំខាន់ណាស់ក្នុងការធានាថា រាងកាយទទួលបានជាតិទឹកគ្រប់គ្រាន់។ ប្រសិនបើអ្នកជួបប្រទះសញ្ញា និងរោគសញ្ញានៃការខ្វះជាតិទឹកដូចខាងក្រោម សូមប្រញាប់ទាក់ទងទៅគ្រូពេទ្យជាបន្ទាន់៖
- បរិមាណទឹកនោមថយចុះ
- មិនសូវមានទឹកភ្នែក ឬគ្មានទឹកភ្នែកទាល់តែសោះ
- ស្ងួតមាត់ ឬស្ងួតបបូរមាត់
- មានអារម្មណ៍ល្ហិតល្ហៃ ឬភាន់ច្រឡំ
- ចុងដៃចុងជើងត្រជាក់ ឬសើមជោក
ដើម្បីសម្រាលការឈឺចាប់សាច់ដុំ និងបញ្ចុះកម្ដៅ អ្នកអាចប្រើប្រាស់ថ្នាំ Acetaminophen (ប៉ារ៉ាសេតាមុល) ដែលមានលក់តាមឱសថស្ថាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានជំងឺគ្រុនឈាម ត្រូវជៀសវាងដាច់ខាត នូវថ្នាំបំបាត់ការឈឺចាប់ផ្សេងទៀតដូចជា Aspirin, Ibuprofen, និង Naproxen sodium ព្រោះថ្នាំទាំងនេះអាចបង្កើនហានិភ័យនៃផលវិបាកនៃការហូរឈាមដែលពាក់ព័ន្ធនឹងជំងឺគ្រុនឈាម។
ក្នុងករណីជំងឺគ្រុនឈាមកម្រិតធ្ងន់ អន្តរាគមន៍ខាងក្រោមអាចនឹងមានភាពចាំបាច់៖
- ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដើម្បីទទួលបានការថែទាំដិតដល់
- ការផ្តល់ជាតិទឹក និងអេឡិចត្រូឡីតតាមសរសៃឈាម (សេរ៉ូម)
- ការតាមដានសម្ពាធឈាមជាប្រចាំ
- ការបញ្ចូលឈាម ដើម្បីដោះស្រាយបញ្ហាបាត់បង់ឈាមខ្លាំង
