Title: ដុំសាច់ដេសម៉យ

ទិដ្ឋភាពទូទៅ

ដុំសាច់ដេសម៉យ (Desmoid tumors) ឬត្រូវបានគេស្គាល់ថាជា ជំងឺដុះសាច់ភ្នាសរឹងកាច (aggressive fibromatosis) គឺជាការដុះលូតលាស់នៃដុំសាច់មិនមែនមហារីក ដែលអាចរកឃើញនៅក្នុងជាលិកាសន្ធាន (connective tissue) ហើយជាទូទៅវាកើតមាននៅត្រង់ដៃ ជើង និងពោះ។ ពួកវាត្រូវបានចាត់ទុកថាមិនមែនជាមហារីក ដោយសារវាមិនរីករាលដាលទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកវាត្រូវបានគ្រប់គ្រង និងព្យាបាលដោយគ្រូពេទ្យជំនាញខាងជំងឺមហារីក (oncologists) ព្រោះវាមានទំនោរយាយីខ្លាំង និងអាចដុះលុកលុយចូលទៅក្នុងសរីរាង្គក្បែរៗនោះ។ ចំពោះដុំសាច់ដែលលូតលាស់យឺត ប្រហែលជាមិនត្រូវការការព្យាបាលភ្លាមៗនោះទេ ប៉ុន្តែដុំសាច់ដែលលូតលាស់លឿននឹងត្រូវការការព្យាបាល ដូចជាការវះកាត់ ការព្យាបាលដោយវិទ្យុសកម្ម ការព្យាបាលដោយគីមី ឬការប្រើប្រាស់ថ្នាំផ្សេងៗ។

រោគសញ្ញា

រោគសញ្ញានៃដុំសាច់ដេសម៉យមានភាពខុសប្លែកគ្នា អាស្រ័យលើផ្នែកនៃរាងកាយដែលវាកើតឡើង។ ជាទូទៅ នេះគឺជាសញ្ញា និងរោគសញ្ញាទូទៅមួយចំនួន៖

  • ការឈឺចាប់
  • ការហើម ឬមានដុំពក
  • ការបាត់បង់មុខងារនៅត្រង់កន្លែងដែលរងផលប៉ះពាល់
  • ការរមួលក្រពើក្នុងពោះ និងចង្អោរ ប្រសិនបើរោគសញ្ញាទាំងនេះនៅតែបន្តកើតមាន សូមពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក។

​​មូលហេតុ

មូលហេតុនៃការកើតដុំសាច់ដេសម៉យនៅមិនទាន់រកឃើញច្បាស់លាស់នៅឡើយទេ។ ដុំសាច់ទាំងនេះកកើតឡើងដោយសារតែការប្រែប្រួល (mutation) នៃ DNA របស់កោសិកាជាលិកាសន្ធាន។ បន្ទាប់មក កោសិកាទាំងនោះក៏លូតលាស់ និងបន្តពូជយ៉ាងឆាប់រហ័ស បង្កើតបានជាដុំសាច់ដែលអាចរីកធំ និងបំផ្លាញជាលិកាដែលមានសុខភាពល្អនៃរាងកាយ។

កត្តាហានិភ័យ

ទាំងនេះគឺជាប្រភេទនៃកត្តាហានិភ័យ ដែលអាចបណ្តាលឱ្យកើតមានដុំសាច់ដេសម៉យ៖

  • អាយុ៖ ជួបប្រទះញឹកញាប់លើមនុស្សពេញវ័យដែលមានអាយុចន្លោះពី ២០ ដល់ ៤០ ឆ្នាំ។ វាកម្រកើតមានចំពោះកុមារ និងមនុស្សចាស់ណាស់។
  • រោគសញ្ញាហ្សែន៖ ជំងឺតំណពូជម្យ៉ាងហៅថា Familial Adenomatous Polyposis (FAP) អាចបង្កឱ្យមានដុំសាច់ដេសម៉យ។ វាគឺជាស្ថានភាពដែលមានដុំសាច់តូចៗ (polyps) ជាច្រើនដុះនៅក្នុងពោះវៀនធំ។ វាធ្លាក់មកពីការប្រែប្រួលហ្សែនដែលកូនៗទទួលបានពីឪពុកម្តាយរបស់ពួកគេ។
  • ការមានផ្ទៃពោះ៖ ដុំសាច់ដេសម៉យអាចកើតមានឡើងក្នុងអំឡុងពេល ឬក្រោយពេលមានផ្ទៃពោះ ប៉ុន្តែករណីនេះមិនសូវជួបប្រទះញឹកញាប់ទេ។
  • របួស៖ ការកើតមានរបួស ឬការវះកាត់នាពេលថ្មីៗ ក៏អាចបង្កឱ្យមានដុំសាច់ដេសម៉យក្នុងករណីខ្លះផងដែរ។

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យនឹងធ្វើតេស្តដូចខាងក្រោម ដើម្បីធ្វើរោគវិនិច្ឆ័យដុំសាច់ដេសម៉យ៖

  • ការពិនិត្យរាងកាយ៖ គ្រូពេទ្យនឹងធ្វើការពិនិត្យដើម្បីស្វែងរកសញ្ញា និងរោគសញ្ញាផ្សេងៗ។
  • ការធ្វើតេស្តរូបភាព៖ ការធ្វើតេស្តរូបភាពដូចជា ការស្កេនស៊ីធី និងការថតអឹមអរអាយ (MRI) នឹងត្រូវធ្វើឡើងដើម្បីបង្ហាញរូបភាពនៃផ្នែករាងកាយដែលមានរោគសញ្ញា សម្រាប់ការធ្វើរោគវិនិច្ឆ័យឱ្យកាន់តែច្បាស់លាស់។
  • ការធ្វើកោសល្យវិច័យ៖ គំរូជាលិកានៃដុំសាច់ត្រូវបានយកចេញតាមរយៈការបូម (ដោយប្រើម្ជុល) ឬតាមរយៈការវះកាត់ ហើយបញ្ជូនទៅមន្ទីរពិសោធន៍។ គ្រូពេទ្យរោគវិនិច្ឆ័យនឹងកំណត់ប្រភេទកោសិកា កម្រិតធ្ងន់ធ្ងរនៃស្ថានភាពជំងឺ ក៏ដូចជាវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។

ការព្យាបាល

  • ការតាមដានការលូតលាស់នៃដុំសាច់៖ គ្រូពេទ្យនឹងតាមដានដុំសាច់ ប្រសិនបើវាមិនបង្ហាញរោគសញ្ញាអ្វីទេ តាមរយៈការធ្វើតេស្តរូបភាពរៀងរាល់ពីរបីខែម្តង។ ដុំសាច់ទាំងនេះអាចមានទំនោររក្សាទំហំដដែល ឬរួមតូចទៅវិញដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ការព្យាបាល។
  • ការវះកាត់៖ ប្រសិនបើដុំសាច់ដេសម៉យបង្កឱ្យមានរោគសញ្ញា ការវះកាត់អាចនឹងត្រូវធ្វើឡើងដើម្បីយកវាចេញ រួមជាមួយផ្នែកខ្លះនៃជាលិកាដែលមានសុខភាពល្អ។ ពួកគេក៏អាចត្រូវការការវះកាត់ផងដែរ ប្រសិនបើដុំសាច់បានលូតលាស់យ៉ាងខ្លាំងដោយរុករានចូលទៅក្នុងសរីរាង្គផ្សេងទៀតនៅជុំវិញ ទោះបីជាការយកចេញមិនបានទាំងស្រុងក៏ដោយ។
  • ការព្យាបាលដោយប្រើភាពត្រជាក់៖ ប្រើប្រាស់សីតុណ្ហភាពត្រជាក់ខ្លាំង ដើម្បីបំផ្លាញដុំសាច់ដេសម៉យ។
  • ការព្យាបាលដោយវិទ្យុសកម្ម៖ ប្រើប្រាស់កាំរស្មីអ៊ិចកម្រិតខ្លាំង ឬកាំរស្មីប្រូតុងដើម្បីបំផ្លាញកោសិកាមហារីក។ វាត្រូវបានប្រើប្រាស់ប្រសិនបើអ្នកមិនអាចទទួលការវះកាត់បាន ប្រសិនបើការវះកាត់មានហានិភ័យខ្ពស់ ឬប្រសិនបើមានការសង្ស័យថាមានសេសសល់កោសិកាមហារីកបន្ទាប់ពីការវះកាត់។
  • ការព្យាបាលដោយគីមី៖ ការព្យាបាលដោយគីមីប្រើប្រាស់ថ្នាំជាក់លាក់ដើម្បីបំផ្លាញដុំសាច់។ វាក៏អាចត្រូវបានប្រើផងដែរ ប្រសិនបើការវះកាត់មិនមែនជាជម្រើស ឬប្រសិនបើដុំសាច់ដេសម៉យលូតលាស់យ៉ាងឆាប់រហ័ស។
  • ថ្នាំផ្សេងៗទៀត៖ ថ្នាំប្រឆាំងនឹងការរលាក (Anti-inflammatory), ការព្យាបាលដោយប្រើអរម៉ូន (Hormone therapy) និងការព្យាបាលដោយកំណត់គោលដៅ (Targeted therapy) ក៏ប្រើប្រាស់ថ្នាំដែលអាចមានប្រយោជន៍ក្នុងការព្យាបាលដុំសាច់ដេសម៉យផងដែរ។

Doctors who treat this condition