ទិដ្ឋភាពទូទៅ

ដុំសាច់កោសិកាមូលតូចប្រភេទ Desmoplastic (DSRCT) គឺជាជំងឺមហារីកដ៏កម្រមួយ ដែលជាធម្មតាចាប់ផ្តើមនៅស្រទាប់ជាលិកានៃពោះ ឬអាងត្រគាក (ស្រទាប់ស្រោមពោះ)។ វាគឺជាប្រភេទមហារីកដុំសាច់ជាលិកាទន់ (soft tissue sarcoma) ដែលវិវត្តនៅក្នុងជាលិកាតភ្ជាប់នៃរាងកាយ។ ជួនកាល គេក៏អាចរកឃើញវានៅក្នុងផ្នែកផ្សេងទៀតនៃរាងកាយផងដែរ។ កោសិកាមហារីកអាចរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់សរីរាង្គដែលនៅក្បែរនោះ ដូចជា ថ្លើម ប្លោកនោម និងពោះវៀនធំ។ ជំងឺនេះច្រើនកើតមានលើបុរសវ័យក្មេង និងកុមារប្រុសស្បែកស។

រោគសញ្ញា

សញ្ញា និងរោគសញ្ញាបង្ហាញឡើងអាស្រ័យលើកន្លែងដែលរងផលប៉ះពាល់។ ដោយសារវាច្រើនតែកើតមាននៅក្នុងពោះ រោគសញ្ញារួមមាន៖

  • ឈឺពោះ និងហើមពោះ
  • ទល់លាមក
  • រាគ
  • ចង្អោរ និងក្អួត
  • ពិបាកបត់ជើងតូច ប្រសិនបើរោគសញ្ញាទាំងនេះនៅតែបន្តកើតមាន ហើយធ្វើឱ្យអ្នកមានការព្រួយបារម្ភ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក

​​មូលហេតុ

មូលហេតុនៃដុំសាច់ DSRCT គឺមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។ មហារីកចាប់ផ្តើមនៅពេលដែល DNA របស់កោសិកាមានការផ្លាស់ប្តូរទម្រង់ហ្សែន ដែលបញ្ជាឱ្យកោសិកាបែងចែកខ្លួនយ៉ាងឆាប់រហ័ស បង្កើតបានជាដុំសាច់។ កោសិកាមហារីកទាំងនេះអាចបំផ្លាញតំបន់ដែលមានសុខភាពល្អផ្សេងទៀត ឬអាចរីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ (ការរាលដាលមហារីក ឬ metastasis)។

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើតេស្តដូចខាងក្រោមអាចត្រូវបានអនុវត្តដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនេះ៖

  • ការធ្វើកោសល្យវិច័យជាលិកា៖ សំណាកជាលិកាត្រូវបានយកតាមរយៈការវះកាត់ ឬដោយការចាក់ម្ជុលចូលទៅក្នុងស្បែក។ សំណាកនោះត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីពិនិត្យក្រោមមីក្រូទស្សន៍ រកមើលកោសិកាមហារីក និងកំណត់ការផ្លាស់ប្តូរ DNA។ លទ្ធផលនឹងក្លាយជាមូលដ្ឋានសម្រាប់រោគវិនិច្ឆ័យ និងផែនការព្យាបាល។
  • ការពិនិត្យតាមរយៈរូបភាព៖ ការថតអេកូ, ការថត CT Scan, ការថត MRI និងការថត PET Scan អាចត្រូវបានអនុវត្តដើម្បីកំណត់ទំហំ និងទីតាំងនៃមហារីក។

ការព្យាបាល

ការព្យាបាលនឹងត្រូវសម្រេចដោយផ្អែកលើស្ថានភាពរបស់អ្នកជំងឺ ទីតាំងនៃមហារីក និងដំណាក់កាលនៃជំងឺ។

ការវះកាត់

ការវះកាត់មានគោលបំណងយកមហារីកចេញ ប្រសិនបើវាស្ថិតនៅក្នុងតំបន់ដែលអាចកាត់ចេញបានដោយមិនប៉ះពាល់ដល់សរីរាង្គផ្សេងទៀត។ ការព្យាបាលដោយគីមី អាចត្រូវបានណែនាំដើម្បីកាត់បន្ថយទំហំដុំសាច់ជាមុនសិន មុនពេលវះកាត់។ ប្រសិនបើមិនអាចវះកាត់យកចេញទាំងស្រុងបានទេ គ្រូពេទ្យវះកាត់នឹងយកដុំសាច់ចេញឱ្យអស់តាមដែលអាចធ្វើទៅបាន។ បន្ទាប់មក ការព្យាបាលដោយគីមី និងការបញ្ចាំងកាំរស្មីអាចត្រូវបានធ្វើឡើងក្រោយការវះកាត់ ដើម្បីបំផ្លាញកោសិកាមហារីកដែលនៅសេសសល់។

ការព្យាបាលដោយគីមី

ការព្យាបាលដោយគីមីប្រើប្រាស់ថ្នាំដើម្បីសម្លាប់កោសិកាមហារីក។ ជម្រើសរួមមាន៖

  • ការព្យាបាលដោយគីមីដែលប៉ះពាល់ដល់រាងកាយទាំងមូល: ជាធម្មតាត្រូវបានផ្តល់តាមរយៈសរសៃឈាម (IV)។ វាអាចត្រូវបានប្រើដើម្បីព្យាបាលដុំសាច់ DSRCT នៅគ្រប់ផ្នែកនៃរាងកាយ។ ថ្នាំនឹងហូរពេញរាងកាយ និងសម្លាប់កោសិកាមហារីក។
  • ការព្យាបាលដោយប្រើកម្ដៅគីមីក្នុងស្រទាប់ស្រោមពោះ (HIPEC): ក្នុងនីតិវិធីនេះ ថ្នាំគីមីត្រូវបានបញ្ជូនដោយផ្ទាល់ទៅក្នុងពោះ (ប្រហោងស្រោមពោះ) ដោយកម្ដៅឱសថឱ្យក្តៅ រួចបញ្ចូលទៅក្នុងពោះក្នុងរយៈពេលជាក់លាក់ណាមួយ ហើយបន្ទាប់មកបូមចេញវិញ។ វាអាចធ្វើឡើងបន្ទាប់ពីការវះកាត់។

ការព្យាបាលដោយវិទ្យុសកម្ម

ការបញ្ចាំងកាំរស្មីប្រើប្រាស់ធ្នឹមថាមពលខ្លាំងតាមរយៈកាំរស្មីអ៊ិច ឬប្រូតុង ដើម្បីបំផ្លាញកោសិកាមហារីក។ អ្នកជំងឺនឹងគេងនៅលើគ្រែ ហើយម៉ាស៊ីននឹងធ្វើចលនាជុំវិញរាងកាយ ដើម្បីកំណត់គោលដៅបញ្ចាំងចំកន្លែងមហារីក។ ចំពោះអ្នកជំងឺ DSRCT ការបញ្ចាំងកាំរស្មីអាចធ្វើឡើងក្រោយវះកាត់ ដើម្បីសម្លាប់កោសិកាមហារីកដែលនៅសេសសល់ ឬដើម្បីសម្រាលរោគសញ្ញា ប្រសិនបើមហារីកបានរីករាលដាលហើយ។

ការព្យាបាលដោយថ្នាំគោលដៅ

ការព្យាបាលដោយថ្នាំគោលដៅ ប្រើប្រាស់ថ្នាំដើម្បីបំផ្លាញសារធាតុគីមីជាក់លាក់នៅក្នុងកោសិកាមហារីក។ វេជ្ជបណ្ឌិតនឹងធ្វើតេស្តកោសិកាមហារីករបស់អ្នកនៅក្នុងមន្ទីរពិសោធន៍ ដើម្បីកំណត់រកថ្នាំដែលផ្តល់ប្រសិទ្ធភាពខ្ពស់បំផុត។ ការព្យាបាលនេះអាចប្រើបានប្រសិនបើមហារីកលេចឡើងវិញក្រោយការព្យាបាល។ វាអាចត្រូវបានប្រើជាការព្យាបាលទោល ឬប្រើរួមគ្នាជាមួយការព្យាបាលដោយគីមី។

Doctors who treat this condition