ទិដ្ឋភាពទូទៅ

ជំងឺបេះដូងរីក (Dilated cardiomyopathy) គឺជាជំងឺសាច់ដុំបេះដូង ដែលថតបេះដូង (Ventricles) រីកធំខុសធម្មតា ហើយសាច់ដុំបេះដូងប្រែជាស្តើង ដែលធ្វើឱ្យកម្លាំងច្របាច់ឈាមថយចុះ។ នៅពេលដែលបេះដូងច្របាច់ឈាមចេញមិនអស់ ឈាមដែលនៅសេសសល់ក្នុងថតបេះដូងមានបរិមាណច្រើន ដែលធ្វើឱ្យបេះដូងពិបាកក្នុងការផ្គត់ផ្គង់តម្រូវការរបស់រាងកាយ។ វាមិនត្រឹមតែប៉ះពាល់ដល់ថតបេះដូងប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃបេះដូងផងដែរ។

ជំងឺបេះដូងរីក កើតឡើងនៅពេលដែលថតបេះដូងខាងឆ្វេងរីកធំ។ ស្ថានភាពនេះរារាំងសមត្ថភាពរបស់បេះដូងក្នុងការច្របាច់ឈាមទៅចិញ្ចឹមរាងកាយ។ ក្នុងករណីធ្ងន់ធ្ងរ ជំងឺនេះអាចបណ្តាលឱ្យមានខ្សោយបេះដូង និងផលវិបាកដទៃទៀត។

នៅដំណាក់កាលដំបូង អ្នកជំងឺប្រហែលជាមិនចាប់អារម្មណ៍ពីចំណុចមិនធម្មតាណាមួយឡើយ។ រោគសញ្ញារបស់វាជួនកាលអាចមានការភាន់ច្រឡំជាមួយនឹងជំងឺផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ ជំងឺបេះដូងរីក អាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិត និងជាមូលហេតុចម្បងនៃជំងឺខ្សោយបេះដូង។ រោគសញ្ញាទូទៅរួមមាន អាការៈអស់កម្លាំង និងដង្ហក់ (ពិបាកដកដង្ហើម)។

ការព្យាបាលជំងឺបេះដូងរីក អាចរួមមាន ការប្រើប្រាស់ថ្នាំ ការវះកាត់ដើម្បីដាក់ឧបករណ៍វេជ្ជសាស្ត្រជំនួយដល់ការច្របាច់ឈាម ឬការផ្លាស់ប្តូរបេះដូង។ ការផ្លាស់ប្តូររបៀបរស់នៅអាចជួយឱ្យការប្រើប្រាស់ថ្នាំកាន់តែមានប្រសិទ្ធភាព និងអាចជួយពន្យារ ឬជៀសវាងការវះកាត់បាន។

រោគសញ្ញា

ជាទូទៅ រោគសញ្ញានៃជំងឺបេះដូងរីក នឹងលេចឡើងនៅពេលដែលមុខងារបេះដូងចាប់ផ្តើមចុះខ្សោយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីភាគច្រើន វាមិនមានរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់ឡើយក្នុងដំណាក់កាលដំបូង។

សម្លេងបេះដូងខុសធម្មតា ជារឿយៗគឺជាសញ្ញាដំបូងនៃជំងឺបេះដូងរីក។ សញ្ញា និងរោគសញ្ញាផ្សេងទៀតរួមមាន៖

  • មានអារម្មណ៍ល្ហិតល្ហៃ ឬអស់កម្លាំងខុសពីធម្មតា
  • ដង្ហក់ ឬពិបាកដកដង្ហើមនៅពេលធ្វើសកម្មភាព ឬនៅពេលគេងរាប
  • ហើមនៅត្រង់ជើង កជើង ប្រអប់ជើង ឬហើមពោះ
  • វិលមុខ ឬស្រាលក្បាល
  • បេះដូងលោតញាប់ ឬញ័រទ្រូង
  • សន្លប់
  • ថប់ ឬឈឺទ្រូង
  • ឡើងទម្ងន់ខុសធម្មតាដែលបណ្តាលមកពីការដក់ជាតិទឹកក្នុងរាងកាយ
  • ថយចុះសមត្ថភាពក្នុងការធ្វើលំហាត់ប្រាណ

ដោយសារជំងឺបេះដូងរីក អាចផ្សារភ្ជាប់ទៅនឹងជំងឺខ្សោយបេះដូង ប្រសិនបើអ្នកមានអាការៈឈឺទ្រូងលើសពី ២-៣ នាទី ឬមានការពិបាកដកដង្ហើមខ្លាំង នោះគឺជាស្ថានភាពសង្គ្រោះបន្ទាន់។ សូមប្រញាប់ទៅមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់។ ប្រសិនបើមានសញ្ញាផ្សេងៗទៀតមិនបាត់ទៅវិញ អ្នកគួរជួបពិភាក្សាជាមួយគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល។

ប្រភេទខ្លះនៃជំងឺបេះដូងរីក គឺជាជំងឺតំណពូជ។ ការធ្វើតេស្តហ្សែនត្រូវបានណែនាំសម្រាប់បុគ្គលដែលមានសមាជិកគ្រួសារមានប្រវត្តិជំងឺនេះ។

​​ មូលហេតុ

ករណីភាគច្រើននៃជំងឺបេះដូងរីក គឺមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ មានកត្តាជាច្រើនដែលអាចបណ្តាលឱ្យថតបេះដូងខាងឆ្វេងរីកធំ និងចុះខ្សោយ។ នៅពេលដែលគ្រូពេទ្យរកឃើញមូលហេតុ វាមិនអាចពាក់ព័ន្ធនឹងបញ្ហាដូចខាងក្រោម៖

  • ការឆ្លងមេរោគជាក់លាក់មួយចំនួន ដូចជា រលាកសាច់ដុំបេះដូង
  • ជំងឺបេះដូងពីកំណើត
  • បញ្ហាសន្ទះបេះដូង (ដូចជាការហូរច្រាលនៃសន្ទះបេះដូង Mitral ឬ Aortic)
  • ផលវិបាកអំឡុងពេលមានផ្ទៃពោះដំណាក់កាលចុងក្រោយ ឬក្រោយពេលសម្រាល
  • ជំងឺលើសជាតិដែកក្នុងឈាម
  • ជំងឺទឹកនោមផ្អែម
  • ចង្វាក់បេះដូងមិនទៀងទាត់
  • ជំងឺលើសឈាមដែលមិនបានគ្រប់គ្រង
  • ការឡើងទម្ងន់ខ្លាំងជ្រុល

វាក៏អាចបណ្តាលមកពី៖

  • ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត
  • ការប្រើប្រាស់ថ្នាំមួយចំនួនសម្រាប់ព្យាបាលជំងឺមហារីក
  • ការប្រើប្រាស់គ្រឿងញៀន (ដូចជា កូកាអ៊ីន ឬ អំហ្វេតាមីន)
  • ការប៉ះពាល់នឹងសារធាតុពុលខ្លាំង ដូចជា សំណ បារត និងកូបាល់
  • ជំងឺក្រពេញទីរ៉ូអ៊ីត
  • ការឆ្លងមេរោគវីរុស ដូចជា HIV និងរលាកថ្លើមប្រភេទវីរុស

កត្តាហានិភ័យ

កត្តាមួយចំនួនដែលអាចបង្កើនហានិភ័យនៃជំងឺបេះដូងរីក រួមមាន៖

  • ប្រវត្តិគ្រួសារមានជំងឺបេះដូងរីក ខ្សោយបេះដូង ឬគាំងបេះដូងភ្លាមៗ
  • ការខូចខាតសាច់ដុំបេះដូងដែលបង្កឡើងដោយជំងឺផ្សេងៗ (ដូចជា លើសជាតិដែក)
  • ការរលាកសាច់ដុំបេះដូងដែលបណ្តាលមកពីជំងឺប្រព័ន្ធការពាររាងកាយ (ដូចជា ជំងឺ Lupus)
  • ជំងឺចុះខ្សោយសាច់ដុំ និងបញ្ហាសរសៃប្រសាទសាច់ដុំផ្សេងៗ
  • បញ្ហាសន្ទះបេះដូង
  • ការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀនហួសកម្រិត
  • ជំងឺលើសឈាមរ៉ាំរ៉ៃ
  • ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke)
  • កំណកឈាមក្នុងបេះដូង
  • ការឈឺទ្រូង

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យជំងឺបេះដូងរីក រួមមានការពិភាក្សាអំពីប្រវត្តិវេជ្ជសាស្ត្រ និងការពិនិត្យរាងកាយឱ្យបានហ្មត់ចត់។ ដំណើរការនេះអាចរួមបញ្ចូលការស្តាប់ចង្វាក់បេះដូង និងសួត ដើម្បីពិនិត្យរកមើលការដក់ជាតិទឹក។ តេស្តសំខាន់ៗមួយចំនួនត្រូវបានទាមទារដើម្បីវាយតម្លៃកម្រិតធ្ងន់ធ្ងរ និងជួយដល់គ្រូពេទ្យក្នុងការកំណត់វិធីសាស្ត្រព្យាបាល រួមមាន៖

  • ការធ្វើតេស្តឈាម៖ តាមរយៈការពិនិត្យឈាម គ្រូពេទ្យអាចរកឃើញការឆ្លងមេរោគ ការប្រើប្រាស់ថ្នាំសង្កូវ ឬជំងឺផ្សេងៗដូចជា ទឹកនោមផ្អែម ឬជំងឺលើសជាតិដែកដែលអាចជាមូលហេតុបង្កឱ្យមានជំងឺបេះដូងរីក។
  • ការអេកូបេះដូង៖ នេះគឺជាការពិនិត្យដោយប្រើរលកសំឡេងទៅលើរូបរាង និងមុខងាររបស់បេះដូង។ វាបង្ហាញពីរបៀបដែលឈាមហូរចូល និងចេញពីបេះដូង ព្រមទាំងសកម្មភាពសន្ទះបេះដូង។ តេស្តនេះអាចរកឃើញការរីកធំនៃថថបេះដូងខាងឆ្វេង។ គ្រូពេទ្យនឹងប្រើឧបករណ៍ម្យ៉ាងដាក់លើទ្រូង ដើម្បីផ្ដិតយករូបភាពថតបេះដូង និងសន្ទះបេះដូង។ ការអេកូបេះដូង គឺជាតេស្តចម្បងដែលគេប្រើដើម្បីធ្វើរោគវិនិច្ឆ័យជំងឺបេះដូងរីក។
  • ការថតកាំរស្មីអ៊ិចទ្រូង៖ ការថតកាំរស្មីអ៊ិចបង្ហាញពីទម្រង់ និងស្ថានភាពសុខភាពរបស់បេះដូង និងសួត។ វាក៏អាចបង្ហាញពីវត្តមានជាតិទឹកនៅក្នុង ឬជុំវិញសួតផងដែរ។
  • ការវាស់ចរន្តអគ្គិសនីបេះដូង ECG ឬ EKG៖ គឺជាវិធីសាស្ត្ររហ័សដើម្បីប្រមូលព័ត៌មានក្នុងការធ្វើរោគវិនិច្ឆ័យបញ្ហាបេះដូង។ វាដាន និងកត់ត្រាសកម្មភាពអគ្គិសនីនៃបេះដូង ដោយប្រើអេឡិចត្រូតបិទលើទ្រូង និងអវយវៈ។ លំនាំនៃសញ្ញាអគ្គិសនីជួយក្នុងការធ្វើរោគវិនិច្ឆ័យបញ្ហាចង្វាក់បេះដូង ឬលំហូរឈាមមិនគ្រប់គ្រាន់ និងអាចបង្ហាញពីល្បឿននៃចង្វាក់បេះដូង។
  • ម៉ាស៊ីនតាមដាន Holter៖ ឧបករណ៍នេះកត់ត្រាសកម្មភាពបេះដូងជាប់ជានិច្ចក្នុងរយៈពេល ២៤ ម៉ោង ឬលើសពីនេះ។ វាគឺជាឧបករណ៍ ECG ចល័តដែលអាចដាក់ក្នុងហោប៉ៅ ឬពាក់ជាប់នឹងខ្សែក្រវាត់ ឬស្មា អំឡុងពេលធ្វើសកម្មភាពប្រចាំថ្ងៃធម្មតា។
  • ការធ្វើតេស្តសមត្ថភាពបេះដូងពេលធ្វើលំហាត់ប្រាណ៖ តេស្តនេះធ្វើឡើងនៅពេលអ្នកជំងឺកំពុងមានសកម្មភាពរាងកាយ ដើម្បីចង់ដឹងថាបេះដូងឆ្លើយតបយ៉ាងដូចម្តេចចំពោះការបញ្ចេញកម្លាំង។ ជាធម្មតា ការវាស់ ECG នឹងត្រូវធ្វើឡើងខណៈពេលអ្នកជំងឺកំពុងជិះកង់នៅនឹងកន្លែង ឬដើរលើម៉ាស៊ីនរត់។ ចំពោះអ្នកដែលមានការពិបាកក្នុងការហាត់ប្រាណ គ្រូពេទ្យនឹងផ្តល់ថ្នាំដែលជួយរំញោចបេះដូងឱ្យមានសកម្មភាពប្រហាក់ប្រហែលនឹងការហាត់ប្រាណ។
  • ការថត CT ឬ MRI បេះដូង៖ ការថត MRI បេះដូងប្រើប្រាស់មេដែក និងរលកវិទ្យុ។ ចំណែកការថត CT បេះដូង បង្កើតរូបភាពលម្អិតនៃបេះដូងដោយប្រើកាំរស្មីអ៊ិច។ វិធីសាស្ត្រទាំងនេះអាចបង្ហាញព័ត៌មានអំពីទំហំ និងសកម្មភាពនៃថតបេះដូង។
  • ការសុងបញ្ចូលបំពង់បេះដូង (Cardiac catheterization)៖ ការកាត់យកសាច់បេះដូងទៅពិនិត្យធ្វើកោសល្យវិច័យ អាចធ្វើឡើងក្នុងអំឡុងពេលឆ្លុះបញ្ចូលបំពង់បេះដូង ដើម្បីវាយតម្លៃការខូចខាតសាច់ដុំបេះដូង។ នីតិវិធីនេះរួមមានការបញ្ចូលបំពង់តូច Catheters ទៅក្នុងសរសៃឈាម (ជាទូទៅនៅត្រង់ក្រលៀន) រួចតម្រង់ទៅកាន់បេះដូង។ ថ្នាំជ្រលក់ពណ៌នឹងត្រូវចាក់បញ្ចូលតាមបំពង់ ដើម្បីឱ្យសរសៃឈាមបេះដូងមើលឃើញច្បាស់នៅលើរូបភាពកាំរស្មីអ៊ិច។
  • ការពិនិត្យហ្សែន ឬការផ្តល់ប្រឹក្សា (Genetic screening or counseling)៖ សាច់ញាតិជិតស្និទ្ធ (កម្រិតទី១) អាចនឹងតម្រូវឱ្យធ្វើការពិនិត្យលក្ខណៈគ្រួសារ ឬតេស្តហ្សែន ដើម្បីកំណត់ថាតើជំងឺបេះដូងរីកនេះ គឺជាជំងឺតំណពូជដែរឬទេ។

ការព្យាបាល

មានជម្រើសជាច្រើនសម្រាប់ការព្យាបាលជំងឺបេះដូងរីក។ ជាទូទៅ វារួមបញ្ចូលទាំងការប្រើប្រាស់ថ្នាំសង្កូវ ឬការវះកាត់ដើម្បីដាក់បញ្ចូលឧបករណ៍វេជ្ជសាស្ត្រដែលជួយដល់ចង្វាក់បេះដូង ឬជួយច្របាច់ឈាម។ គោលដៅនៃការព្យាបាល គឺដើម្បីកាត់បន្ថយរោគសញ្ញា បង្កើនលំហូរឈាម និងបង្ការការខូចខាតបេះដូងបន្ថែមទៀត។ មូលហេតុបង្កនៃជំងឺក៏មានឥទ្ធិពលលើការជ្រើសរើសវិធីសាស្ត្រព្យាបាលដែលសមស្របផងដែរ។

  • ការប្រើប្រាស់ថ្នាំ៖ ការប្រើប្រាស់ថ្នាំដើម្បីបង្កើនមុខងារបេះដូង គឺជាជំហានដំបូងក្នុងដំណើរការព្យាបាល។ ថ្នាំមួយប្រភេទ ឬច្រើនប្រភេទអាចនឹងត្រូវផ្តល់ជូនដើម្បីកែលម្អស្ថានភាពជំងឺ។ វាជួយរក្សាចង្វាក់បេះដូង ជួយឱ្យការច្របាច់ឈាមបានល្អ កាត់បន្ថយសម្ពាធឈាម បង្ការកំណកឈាម និងបញ្ចេញជាតិទឹកដែលលើសចេញពីរាងកាយ។ ថ្នាំទាំងនោះរួមមាន៖
    • ថ្នាំបញ្ចុះសម្ពាធឈាម៖ ក្រុមថ្នាំ Beta-blockers, ACE inhibitors និង ARBs គឺជាថ្នាំទូទៅដែលប្រើសម្រាប់បញ្ចុះសម្ពាធឈាម បង្កើនលំហូរឈាម និងកាត់បន្ថយបន្ទុកការងាររបស់បេះដូង។
    • ថ្នាំបញ្ចុះទឹកនោម៖ ជួយបញ្ចេញជាតិទឹក និងជាតិអំបិលដែលលើសចេញពីរាងកាយ។ ការមានជាតិទឹកក្នុងខ្លួនច្រើនជ្រុល ជារឿយៗបណ្តាលឱ្យបេះដូងប្រឹងធ្វើការខ្លាំង និងពិបាកដកដង្ហើម។
    • ថ្នាំ Sacubitril/valsartan៖ ជាធម្មតាត្រូវបានចេញវេជ្ជបញ្ជាសម្រាប់អ្នកជំងឺខ្សោយបេះដូងរ៉ាំរ៉ៃ។ វាផ្សំឡើងពីថ្នាំប្រភេទ ARB ជាមួយថ្នាំមួយប្រភេទទៀត ដើម្បីជួយឱ្យបេះដូងច្របាច់ឈាមទៅកាន់រាងកាយបានកាន់តែមានប្រសិទ្ធភាព។
    • ថ្នាំ Digoxin៖ ថ្នាំនេះអាចជួយសម្រាលរោគសញ្ញានៃការខ្សោយបេះដូង និងធ្វើឱ្យអ្នកជំងឺងាយស្រួលក្នុងភារកិច្ចប្រចាំថ្ងៃ។ វាមានប្រសិទ្ធភាពក្នុងការធ្វើឱ្យចង្វាក់បេះដូងដើរយឺត និងជួយដល់ការកន្ត្រាក់នៃសាច់ដុំបេះដូង។
    • ថ្នាំ Ivabradine៖ អាចប្រើសម្រាប់ព្យាបាលការខ្សោយបេះដូងដែលបណ្តាលមកពីជំងឺបេះដូងរីក។
    • ថ្នាំប្រឆាំងការកកឈាម៖ ជួយក្នុងការបង្ការការកកឈាមក្នុងសរសៃឈាម ឬក្នុងបេះដូង។
  • ការវះកាត់ ឬនីតិវិធីផ្សេងៗ៖ នៅពេលជំងឺបេះដូងរីកឈានដល់ដំណាក់កាលធ្ងន់ធ្ងរ វាប៉ះពាល់ដល់មុខងារបេះដូងយ៉ាងខ្លាំង។ ការវះកាត់អាចនឹងត្រូវធ្វើឡើងដើម្បីដាក់បញ្ចូលឧបករណ៍ដែលជួយគ្រប់គ្រងចង្វាក់បេះដូង ឬជួយបេះដូងក្នុងការច្របាច់ឈាម។ ការផ្លាស់ប្តូរបេះដូង គឺចាំបាច់តែក្នុងករណីដែលការប្រើថ្នាំ និងការព្យាបាលផ្សេងទៀតលែងមានប្រសិទ្ធភាព។

ឧបករណ៍វេជ្ជសាស្ត្រមួយចំនួនដែលប្រើសម្រាប់ព្យាបាលជំងឺបេះដូងរីក រួមមាន៖

  • ម៉ាស៊ីនជំនួយចង្វាក់បេះដូង Biventricular pacemaker៖ ត្រូវបានរចនាឡើងដើម្បីជួយបុគ្គលដែលមានបញ្ហាខ្សោយបេះដូង និងមានចង្វាក់បេះដូងមិនទៀងទាត់។ វាដំណើរការដោយផ្តល់រំញោចអគ្គិសនីទៅកាន់ថតបេះដូងផ្នែកខាងក្រោមទាំងពីរ ដើម្បីបង្កើនប្រសិទ្ធភាពនៃការកន្ត្រាក់បេះដូងទាំងមូល។
    • ម៉ាស៊ីនឆក់បេះដូងក្នុងខ្លួន (ICD)៖ ជំងឺសាច់ដុំបេះដូងអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដោយសារចង្វាក់បេះដូងមិនទៀងទាត់ ដែលអាចធ្វើឱ្យបេះដូងឈប់ដើរ។ ឧបករណ៍ដែលប្រើថ្មនេះ នឹងតាមដានអត្រាចង្វាក់បេះដូងជាប់ជានិច្ច។ នៅពេលចាំបាច់ វានឹងបញ្ចេញចរន្តអគ្គិសនីដើម្បីព្យាបាលចង្វាក់បេះដូងដែលមិនប្រក្រតីនោះ។
    • ឧបករណ៍ជំនួយថតបេះដូងខាងឆ្វេង (LVAD)៖ អាចប្រើជាការព្យាបាលរយៈពេលវែង ឬរយៈពេលខ្លីអំឡុងពេលរង់ចាំការផ្លាស់ប្តូរបេះដូង។ ឧបករណ៍មេកានិកនេះជួយដល់បេះដូងដែលខ្សោយឱ្យច្របាច់ឈាមបានកាន់តែមានប្រសិទ្ធភាព។ LVAD ជាធម្មតាត្រូវបានណែនាំនៅពេលដែលការព្យាបាលផ្សេងទៀតមិនទទួលបានជោគជ័យ។

Doctors who treat this condition