ទិដ្ឋភាពទូទៅ

ជំងឺខាន់ស្លាក់ (Diphtheria) គឺជាជំងឺឆ្លងដែលបង្កឡើងដោយបាក់តេរីឈ្មោះ Corynebacterium diphtheriae។ វាគឺជាជំងឺបាក់តេរីដ៏ធ្ងន់ធ្ងរ ដែលភាគច្រើនប៉ះពាល់ដល់ស្រទាប់ភ្នាសរំអិលនៃច្រមុះ និងបំពង់ក។ បាក់តេរីនេះផលិតជាតិពុលដែលបណ្តាលឱ្យមានការបង្កើតជាស្រទាប់ជាលិកាពណ៌ប្រផេះនៅក្នុងបំពង់ក ដែលនាំឱ្យមានការលំបាកក្នុងការលេបអាហារ និងការដកដង្ហើម។

ទោះបីជាជំងឺខាន់ស្លាក់អាចព្យាបាលបានដោយប្រើថ្នាំសង្កូវក៏ដោយ ក៏តំបន់ដែលមានការថែទាំសុខភាព ឬការទទួលវ៉ាក់សាំងមានកម្រិត នៅតែមានអត្រាឆ្លងខ្ពស់។ ក្នុងដំណាក់កាលធ្ងន់ធ្ងរ ជំងឺនេះអាចបង្កការខូចខាតដល់សរីរាង្គសំខាន់ៗដូចជា បេះដូង តម្រងនោម និងប្រព័ន្ធសរសៃប្រសាទ។ ទោះបីជាមានការព្យាបាលទាន់ពេលវេលាក៏ដោយ ក៏ជំងឺនេះនៅតែមានហានិភ័យខ្ពស់នៃការបាត់បង់ជីវិត ជាពិសេសចំពោះកុមារ។

រោគសញ្ញា

ជាទូទៅ រោគសញ្ញានៃជំងឺខាន់ស្លាក់លេចឡើងក្នុងរយៈពេល ២ ទៅ ៥ ថ្ងៃបន្ទាប់ពីការឆ្លង។ រោគសញ្ញាទូទៅរួមមាន៖

  • ស្រទាប់ភ្នាសក្រាស់ពណ៌ប្រផេះ៖ មានស្រទាប់ភ្នាសក្រាស់ពណ៌ប្រផេះគ្របដណ្ដប់លើបំពង់ក និងក្រពេញទឹករងៃ។
  • ឈឺបំពង់ក និងស្អក៖ មានអារម្មណ៍មិនស្រួលក្នុងបំពង់ក និងមានការប្រែប្រួលសម្លេង។
  • ហើមក្រពេញ៖ ហើមក្រពេញទឹករងៃនៅត្រង់ក។
  • ពិបាកដកដង្ហើម៖ ការដកដង្ហើមញាប់ ឬពិបាកដកដង្ហើម។
  • ហៀរសំបោរ៖ ការហៀរសំបោរដែលមិនបាត់ទៅវិញ។
  • គ្រុនក្ដៅ និងរងារញាក់៖ សីតុណ្ហភាពរាងកាយឡើងខ្ពស់ អមដោយការរងារញាក់។
  • អស់កម្លាំង៖ មានអារម្មណ៍ល្ហិតល្ហៃ និងមិនមានកម្លាំងកំហែង។

មនុស្សមួយចំនួនអាចមានរោគសញ្ញាស្រាល ឬមិនមានរោគសញ្ញាអ្វីសោះ ដែលពួកគេក្លាយជាអ្នកផ្ទុកបាក់តេរី ហើយចម្លងជំងឺដោយមិនដឹងខ្លួន។ អ្នកផ្ទុកអាចចម្លងជំងឺបានដោយមិនបង្ហាញសញ្ញាណាមួយឡើយ។

លើសពីនេះ ក៏មានជំងឺខាន់ស្លាក់ប្រភេទរាតត្បាតលើស្បែក (Cutaneous diphtheria) ផងដែរ។ ទម្រង់នេះអាចប៉ះពាល់ដល់ស្បែក ដោយធ្វើឱ្យមានស្នាមក្រហម ហើម និងឈឺចាប់ ស្រដៀងទៅនឹងការឆ្លងបាក់តេរីលើស្បែកដទៃទៀត។ ការមានដំបៅដែលគ្របដណ្ដប់ដោយស្រទាប់ពណ៌ប្រផេះ អាចជាសញ្ញានៃជំងឺខាន់ស្លាក់លើស្បែក។

ប្រសិនបើអ្នក ឬកូនរបស់អ្នកបានប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺខាន់ស្លាក់ សូមទាក់ទងគ្រូពេទ្យជាបន្ទាន់។ ប្រសិនបើអ្នកមិនច្បាស់អំពីស្ថានភាពវ៉ាក់សាំងរបស់កូនអ្នក សូមពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាព។ ម្យ៉ាងទៀត សូមប្រាកដថាការចាក់វ៉ាក់សាំងរបស់អ្នកផ្ទាល់ក៏មានភាពគ្រប់គ្រាន់ និងទាន់សម័យផងដែរ។

​​ មូលហេតុ

ជំងឺខាន់ស្លាក់ បង្កឡើងដោយបាក់តេរី Corynebacterium diphtheriae ដែលជាធម្មតាកើនចំនួននៅលើ ឬក្បែរបំពង់ក ឬផ្ទៃស្បែក។ ការចម្លងបាក់តេរីនេះកើតឡើងតាមរយៈ៖

  • ដំណក់ទឹកក្នុងខ្យល់៖ នៅពេលអ្នកជំងឺក្អក ឬកណ្តាស់ វាបញ្ចេញដំណក់ទឹកដែលមានមេរោគទៅក្នុងខ្យល់ ហើយអ្នកដែលនៅក្បែរអាចស្រូបយកបាក់តេរីនេះ។ វិធីសាស្ត្រនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការចម្លង ជាពិសេសក្នុងកន្លែងដែលមានមនុស្សម្នាច្រើន។
  • សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលមានមេរោគ៖ ជំងឺនេះអាចឆ្លងតាមរយៈការប៉ះពាល់សម្ភារៈរបស់អ្នកជំងឺ ដូចជាក្រដាសជូតមាត់ ឬកន្សែងដៃដែលប្រឡាក់ដោយបាក់តេរី។ ការប៉ះចំដំបៅរបស់អ្នកជំងឺក៏អាចចម្លងបាក់តេរីនេះបានដែរ។

កត្តាហានិភ័យ

កត្តាមួយចំនួនដែលបង្កើនហានិភ័យនៃជំងឺនេះរួមមាន៖

  • កង្វះការចាក់វ៉ាក់សាំង៖ បុគ្គលទាំងកុមារ និងមនុស្សពេញវ័យដែលមិនបានទទួលវ៉ាក់សាំងត្រឹមត្រូវ ងាយនឹងឆ្លងជំងឺនេះបំផុត។
  • លក្ខខណ្ឌនៃការរស់នៅ៖ អ្នកដែលរស់នៅក្នុងកន្លែងដែលមានមនុស្សច្រើន ឬកង្វះអនាម័យ ប្រឈមមុខនឹងហានិភ័យខ្ពស់។
  • ការធ្វើដំណើរទៅតំបន់ដែលមានការរាតត្បាត៖ អ្នកដែលធ្វើដំណើរទៅកាន់តំបន់ដែលជំងឺខាន់ស្លាក់នៅតែមានវត្តមានច្រើន ក៏មានហានិភ័យខ្ពស់ផងដែរ។

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យធ្វើរោគវិនិច្ឆ័យជំងឺខាន់ស្លាក់ តាមរយៈការវាយតម្លៃលើរោគសញ្ញា និងការធ្វើតេស្តមន្ទីរពិសោធន៍ ជាទូទៅគឺការប្រើប្រាស់សំឡី Throat swab ដើម្បីយកសំណាកពីផ្នែកខាងក្រោយនៃបំពង់ក ឬពីមុខរបួស។ សំណាកទាំងនេះនឹងត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីវិភាគ។ គ្រូពេទ្យអាចសង្ស័យថាមានជំងឺខាន់ស្លាក់ ប្រសិនបើកុមារបង្ហាញរោគសញ្ញាដូចជា ឈឺបំពង់ក និងមានភ្នាសពណ៌ប្រផេះគ្របដណ្ដប់លើក្រពេញទឹករងៃ និងបំពង់ក។ ការបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ រួមមានការរកឃើញការលូតលាស់នៃបាក់តេរី C. diphtheriae នៅក្នុងការបណ្តុះមេរោគចេញពីភ្នាសបំពង់ក។ លើសពីនេះ គ្រូពេទ្យក៏អាចធ្វើតេស្តសំណាកជាលិកាចេញពីមុខរបួសដែលមានមេរោគ ដើម្បីកំណត់ប្រភេទជាក់លាក់នៃជំងឺខាន់ស្លាក់ដែលប៉ះពាល់លើស្បែក (ជំងឺខាន់ស្លាក់លើស្បែក)។ ការព្យាបាលជំងឺខាន់ស្លាក់ត្រូវបានចាប់ផ្តើមភ្លាមៗនៅពេលមានការសង្ស័យ ទោះបីជាមិនទាន់ទទួលបានលទ្ធផលតេស្តបាក់តេរីក៏ដោយ។

ការព្យាបាល

ជំងឺខាន់ស្លាក់ គឺជាជំងឺធ្ងន់ធ្ងរដែលទាមទារការអន្តរាគមន៍វេជ្ជសាស្ត្រជាបន្ទាន់ និងម៉ឺងម៉ាត់។ ចំណុចដៅចម្បងរបស់គ្រូពេទ្យ គឺធានាថាផ្លូវដង្ហើមមិនត្រូវបានរារាំង។ ក្នុងករណីខ្លះ បំពង់ជំនួយដង្ហើមអាចនឹងត្រូវដាក់បញ្ចូលទៅក្នុងបំពង់ក ដើម្បីរក្សាផ្លូវដង្ហើមឱ្យនៅចំហ រហូតដល់ការរលាកបានធូរស្រាល។ វិធីសាស្ត្រព្យាបាលរួមមាន៖

  • ថ្នាំអង់ទីប៊ីយោទិច (Antibiotics)៖ ថ្នាំដូចជា ប៉េនីស៊ីលីន (Penicillin) ឬ អេរីត្រូឡាមីស៊ីន (Erythromycin) ត្រូវបានផ្តល់ឱ្យដើម្បីកម្ចាត់បាក់តេរីក្នុងរាងកាយ និងពន្លឿនការជាសះស្បើយពីការឆ្លងមេរោគ។ វាមិនត្រឹមតែជួយដល់ការជាសះស្បើយរបស់អ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយរយៈពេលនៃការចម្លងមេរោគផងដែរ។
  • ថ្នាំបន្សាបជាតិពុល (Antitoxin)៖ នៅពេលសង្ស័យថាមានជំងឺខាន់ស្លាក់ គ្រូពេទ្យអាចផ្តល់ថ្នាំបន្សាបជាតិពុល ដើម្បីទប់ទល់នឹងជាតិពុលនៃជំងឺនេះ។ ថ្នាំនេះជាធម្មតាត្រូវបានចាក់តាមសរសៃឈាមវ៉ែន ឬសាច់ដុំ។ មុនពេលផ្តល់ថ្នាំបន្សាប គ្រូពេទ្យអាចធ្វើតេស្តប្រតិកម្មអាឡែស៊ីលើស្បែក ដើម្បីប្រាកដថាអ្នកជំងឺមិនមានប្រតិកម្មអាក្រក់ណាមួយឡើយ។ ប្រសិនបើរកឃើញថាមានអាឡែស៊ី ជម្រើសនៃការព្យាបាលផ្សេងទៀតនឹងត្រូវយកមកពិចារណា។

ការសម្រាកនៅមន្ទីរពេទ្យ គឺជារឿងចាំបាច់សម្រាប់ទាំងកុមារ និងមនុស្សពេញវ័យដែលមានជំងឺខាន់ស្លាក់។ ក្នុងករណីខ្លះ ការដាក់ឱ្យនៅដាច់ដោយឡែកក្នុងផ្នែកសង្គ្រោះបន្ទាន់ ICU ត្រូវបានណែនាំ ដោយសារជំងឺខាន់ស្លាក់អាចឆ្លងយ៉ាងងាយស្រួលដល់បុគ្គលដែលមិនទាន់បានចាក់វ៉ាក់សាំង។

ការព្យាបាលបង្ការ

ប្រសិនបើអ្នកបានប៉ះពាល់ជាមួយអ្នកដែលមានជំងឺខាន់ស្លាក់ ការស្វែងរកការថែទាំវេជ្ជសាស្ត្រជាបន្ទាន់គឺជារឿងសំខាន់បំផុត។ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំអង់ទីប៊ីយោទិច ជាវិធានការបង្ការប្រឆាំងនឹងការវិវត្តនៃជំងឺ។ លើសពីនេះ ការចាក់វ៉ាក់សាំងការពារជំងឺខាន់ស្លាក់ដូសជំរុញក៏អាចនឹងត្រូវណែនាំផងដែរ។

បុគ្គលដែលត្រូវបានកំណត់ថាជាអ្នកផ្ទុកមេរោគខាន់ស្លាក់ (Carriers) ត្រូវតែទទួលការព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច ដើម្បីលុបបំបាត់បាក់តេរីចេញពីប្រព័ន្ធរាងកាយរបស់ពួកគេ។ ការធ្វើតេស្តឱ្យបានទៀងទាត់ និងវិធានការបង្ការដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតមួយនេះ។

Doctors who treat this condition