ទិដ្ឋភាពទូទៅ

ស្ត្រីមួយចំនួនបានចាប់កំណើតមកជាមួយនឹងស្ថានភាពកម្រមួយ ដែលគេស្គាល់ថាជាស្ថានភាពស្បូនពីរ (Double Uterus)។ ក្នុងអំឡុងពេលនៃការលូតលាស់របស់គភ៌ ស្បូនដំបូងឡើយមានទម្រង់ជាបំពង់តូចៗពីរ ដែលជាធម្មតាវានឹងរលាយចូលគ្នាដើម្បីបង្កើតបានជាសរីរាង្គប្រហោងតែមួយ នៅពេលគភ៌កាន់តែធំឡើង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ បំពង់ទាំងនេះមិនបានបញ្ចូលគ្នាទាំងស្រុងនោះទេ ដែលបណ្តាលឱ្យកើតមាននូវទម្រង់ស្បូនដាច់ដោយឡែកពីគ្នាពីរ។

ស្ថានភាពនេះអាចនាំឱ្យមានការប្រែប្រួលនៃមាត់ស្បូន ដោយអាចមានមាត់ស្បូនមួយរួមគ្នាសម្រាប់ស្បូនទាំងពីរ ឬមានមាត់ស្បូនដាច់ដោយឡែកសម្រាប់ស្បូននីមួយៗ។ បន្ថែមពីនេះ ក៏អាចមានជញ្ជាំងកោសិកាស្តើងមួយដែលលាតសន្ធឹងតាមបណ្តោយទ្វារមាស ហើយអាចបែងចែកទ្វារមាសឱ្យមានច្រកបើកពីរដាច់ដោយឡែកពីគ្នាផងដែរ។

ការមានផ្ទៃពោះចំពោះស្ត្រីដែលមានស្បូនពីរជារឿយៗអាចទទួលបានជោគជ័យ ប៉ុន្តែស្ថានភាពនេះក៏មកជាមួយនូវការកើនឡើងនៃហានិភ័យនៃការរលូតកូន ឬការសម្រាលកូនមិនគ្រប់ខែផងដែរ។

រោគសញ្ញា

ជាញឹកញាប់ ស្ថានភាពស្បូនពីរមិនបង្ហាញរោគសញ្ញាគួរឱ្យកត់សម្គាល់នោះទេ។ គេអាចរកឃើញស្ថានភាពនេះបានតាមរយៈការពិនិត្យអាងត្រគាកជាប្រចាំ ឬតាមរយៈការថតឆ្លុះក្នុងគោលបំណងស្វែងរកមូលហេតុនៃការរលូតកូនដដែលៗ។

ក្នុងករណីដែលស្ត្រីមានទាំងស្បូនពីរ និងទ្វារមាសពីរ ពួកគេអាចនឹងចាប់ផ្តើមទៅពិគ្រោះជាមួយគ្រូពេទ្យ នៅពេលដែលការប្រើប្រាស់សំឡីអនាម័យប្រភេទបញ្ចូល មិនអាចទប់ឈាមរដូវបានប្រកបដោយប្រសិទ្ធភាព។ ករណីនេះអាចកើតឡើងនៅពេលដែលសំឡីអនាម័យត្រូវបានបញ្ចូលទៅក្នុងទ្វារមាសម្ខាង ប៉ុន្តែឈាមរដូវនៅតែបន្តហូរចេញពីស្បូន និងទ្វារមាសម្ខាងទៀត។

ប្រសិនបើអ្នកឃើញថា ទោះបីជាប្រើសំឡីអនាម័យប្រភេទបញ្ចូលហើយក៏ដោយ ក៏ឈាមរដូវនៅតែបន្តហូរចេញមក អ្នកគួរតែទៅស្វែងរកការពិគ្រោះយោបល់ពីគ្រូពេទ្យ។ លើសពីនេះ ប្រសិនបើអ្នកជួបប្រទះការរលូតកូនញឹកញាប់ ឬមានការឈឺចាប់ខ្លាំងក្នុងអំឡុងពេលមករដូវ ការពិគ្រោះជាមួយអ្នកជំនាញសុខភាពគឺជាការចាំបាច់។

​​មូលហេតុ

មូលហេតុច្បាស់លាស់ដែលធ្វើឱ្យគភ៌ខ្លះវិវត្តទៅជាមានស្បូនពីរ នៅមិនទាន់ត្រូវបានអ្នកជំនាញវេជ្ជសាស្ត្រដឹងច្បាស់នៅឡើយទេ។ កត្តាហ្សែន អាចដើរតួនាទីក្នុងស្ថានភាពនេះ ដោយសារគេសង្កេតឃើញថា ស្ថានភាពកម្រនេះជួនកាលកើតមានឡើងចំពោះមនុស្សនៅក្នុងគ្រួសារតែមួយ។

ការធ្វើរោគវិនិច្ឆ័យ

ការពិនិត្យអាងត្រគាកធម្មតាអាចបង្ហាញពីវត្តមាននៃស្បូនពីរ។ គ្រូពេទ្យរបស់អ្នកអាចស្ទាបដឹងពីទម្រង់ស្បូនដែលមិនធម្មតា ឬពិនិត្យឃើញមានមាត់ស្បូនពីរ។ អ្នកប្រហែលជាត្រូវការធ្វើតេស្តបន្ថែមដូចខាងក្រោម ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យនៃស្ថានភាពស្បូនពីរ៖

  • ការពិនិត្យអេកូ៖ តេស្តនេះប្រើរលកសំឡេងដែលមានប្រេកង់ខ្ពស់ ដើម្បីបង្កើតជារូបភាពសរីរាង្គខាងក្នុងរាងកាយ។ ឧបករណ៍បញ្ជូនរលកសញ្ញានឹងត្រូវសង្កត់ពីលើពោះផ្នែកខាងក្រោម ឬអាចត្រូវបញ្ចូលទៅក្នុងទ្វារមាស (ហៅថា អេកូតាមទ្វារមាស – Transvaginal ultrasound)។ ដើម្បីទទួលបានរូបភាពច្បាស់បំផុត អ្នកប្រហែលជាត្រូវធ្វើអេកូទាំងពីរប្រភេទនេះ។ ប្រសិនបើមន្ទីរពេទ្យមានឧបករណ៍អេកូ 3D វានឹងកាន់តែផ្តល់ភាពងាយស្រួល។
  • ការអេកូបែបបាញ់ទឹកបញ្ចូលស្បូន (Sonohysterogram): នេះគឺជាការថតអេកូប្រភេទពិសេស ដោយគ្រូពេទ្យនឹងបាញ់បញ្ចូលទឹកតាមបំពង់តូចមួយទៅក្នុងស្បូន។ ទឹកនោះនឹងជួយឱ្យរូបភាពអេកូបង្ហាញពីទម្រង់ជុំវិញនៃស្បូនបានច្បាស់ ដែលអនុញ្ញាតឱ្យគ្រូពេទ្យពិនិត្យរកភាពមិនធម្មតាផ្សេងៗ។
  • ការថត MRI ម៉ាស៊ីន MRI មានរាងដូចជាផ្លូវរូងក្រោមដី។ អ្នកនឹងត្រូវគេងនៅលើគ្រែដែលអាចរំកិលចូលទៅក្នុងម៉ាស៊ីននោះ។ ការពិនិត្យនេះមិនបង្កការឈឺចាប់ទេ ដោយវាប្រើរលកវិទ្យុ និងដែនម៉ាញេទិក ដើម្បីបង្កើតជារូបភាពកាត់ទទឹងនៃសរីរាង្គខាងក្នុង។
  • ការថតកាំរស្មីអ៊ិចស្បូន និងដៃស្បូន (Hysterosalpingography): ក្នុងអំឡុងពេលនេះ ថ្នាំជ្រលក់ពណ៌ពិសេសម្យ៉ាងនឹងត្រូវចាក់បញ្ចូលទៅក្នុងស្បូនតាមរយៈមាត់ស្បូន។ បន្ទាប់មក គ្រូពេទ្យនឹងថតកាំរស្មីអ៊ិច នៅពេលដែលថ្នាំនោះហូរឆ្លងកាត់សរីរាង្គបន្តពូជ។ រូបភាពទាំងនេះនឹងបង្ហាញពីទំហំ និងទម្រង់នៃស្បូនរបស់អ្នក ព្រមទាំងបង្ហាញថា តើដៃស្បូនរបស់អ្នកមានការស្ទះដែរឬទេ។

ជួនកាល ការថត MRI ឬអេកូ ក៏អាចត្រូវបានធ្វើឡើងដើម្បីពិនិត្យមើលបញ្ហាតម្រងនោមផងដែរ។

ការព្យាបាល

ក្នុងករណីដែលមិនមានរោគសញ្ញា ឬបញ្ហាពាក់ព័ន្ធផ្សេងទៀត ការព្យាបាលសម្រាប់ស្ថានភាពស្បូនពីរគឺជារឿងមិនចាំបាច់នោះទេ។ ការវះកាត់ដើម្បីភ្ជាប់ស្បូនទាំងពីរបញ្ចូលគ្នា ជាធម្មតាមិនត្រូវបានអនុវត្តឡើយ។

ទោះជាយ៉ាងណាក៏ដោយ ការវះកាត់អាចត្រូវបានពិចារណាក្នុងកាលៈទេសៈជាក់លាក់មួយចំនួនដូចជា គ្រូពេទ្យអាចណែនាំឱ្យធ្វើការវះកាត់ ប្រសិនបើស្បូនរបស់អ្នកមានការបែងចែកផ្នែកខ្លះ ហើយអ្នកធ្លាប់ជួបប្រទះការរលូតកូនដោយគ្មានមូលហេតុវេជ្ជសាស្ត្រផ្សេងទៀត។ នីតិវិធីវះកាត់នេះអាចជួយបង្កើនឱកាសនៃការរក្សាគភ៌រហូតដល់គ្រប់ខែសម្រាប់ការមានផ្ទៃពោះលើកក្រោយ។

ចំពោះបុគ្គលដែលមានទាំងស្បូនពីរ និងទ្វារមាសពីរ ការវះកាត់ក៏អាចមានប្រយោជន៍ផងដែរ។ ក្នុងអំឡុងពេលវះកាត់នេះ ជញ្ជាំងកោសិកាដែលខណ្ឌចែកទ្វារមាសទាំងពីរនឹងត្រូវយកចេញ ដែលវាអាចជួយសម្រួលដល់ដំណើរការនៃការសម្រាលកូន។

Doctors who treat this condition