ទិដ្ឋភាពទូទៅ

ជំងឺរលាកទងសួត គឺជាការឆ្លងមេរោគវីរុសដែលបណ្តាលឱ្យទងសួតតូចៗ ឬផ្លូវដង្ហើមនៅក្នុងសួតមានសភាពហើម ដែលធ្វើឱ្យពិបាកដកដង្ហើម។ នេះគឺជាជំងឺឆ្លងសួតដែលកើតមានញឹកញាប់ចំពោះទារក និងកុមារតូចៗ។ ការឆ្លងមេរោគនេះបង្កឱ្យមានការហើម ការរលាក និងការកកស្ទះស្លេស្មនៅក្នុងផ្លូវដង្ហើមតូចៗនៃសួត។

រោគសញ្ញានៃជំងឺរលាកទងសួត ជាធម្មតាមានរយៈពេលពី ១ ទៅ ២ សប្តាហ៍ ប៉ុន្តែអាចបន្តយូរជាងនេះ។ កុមារអាចជួបប្រទះការពិបាកដកដង្ហើម។ ជំងឺនេះជាធម្មតាចាប់ផ្តើមដោយរោគសញ្ញាស្រដៀងនឹងជំងឺផ្តាសាយធម្មតា ប៉ុន្តែវាវិវត្តទៅជាធ្ងន់ធ្ងរជាងមុន ដែលបណ្តាលឱ្យមានការក្អក និងមានសំឡេងដូចហួចស្រួចៗ (ហៅថា Wheezing) នៅពេលដកដង្ហើមចេញ។

កុមារតូចៗអាចចម្លងជំងឺនេះតាមរយៈការប៉ះពាល់ផ្ទាល់ ទឹកមាត់ និងសំបោរ។ វិធីសាស្ត្រងាយស្រួលបំផុតដើម្បីជៀសវាងការឆ្លង គឺជៀសឱ្យឆ្ងាយពីអ្នកដែលមានជំងឺ និងការលាងដៃឱ្យបានញឹកញាប់។ កុមារភាគច្រើនដែលមានជំងឺរលាកទងសួត នឹងមានសភាពប្រសើរឡើងវិញតាមរយៈការថែទាំនៅផ្ទះ ប៉ុន្តែមានកុមារមួយចំនួនតូចតម្រូវឱ្យសម្រាកនៅមន្ទីរពេទ្យ។

រោគសញ្ញា

រោគសញ្ញានៃជំងឺរលាកទងសួត គឺស្រដៀងទៅនឹងជំងឺផ្តាសាយធំដែរ ដែលអាចរួមមាន៖

  • ការតឹងច្រមុះ ឬហៀរសំបោរ
  • ក្អក
  • គ្រុនក្តៅតិចតួច (ទាបជាង ៣៨.៣ អង្សាសេ)
  • ការដកដង្ហើមញាប់ពេក ឬដកដង្ហើមរាក់ៗ
  • ការដកដង្ហើមឮសូរហួច ដែលអាចកើតឡើងប្រហែល ៣ ថ្ងៃបន្ទាប់ពីចេញរោគសញ្ញាដំបូងៗ

ទារកជាច្រើនដែលទទួលរងនូវជំងឺរលាកទងសួត ក៏មានការឆ្លងមេរោគត្រចៀកផងដែរ ដែលហៅថា រលាកត្រចៀកកណ្តាល។

កុមារមួយចំនួនអាចបង្ហាញរោគសញ្ញាធ្ងន់ធ្ងរជាងនេះ ដូចជា៖

  • បញ្ចេញសំឡេងថ្ងូរ
  • ព្យាយាមដកដង្ហើមខ្លាំង រហូតដល់ទ្រូងផតចូលក្នុង
  • មានការពិបាកក្នុងការបៅ និងការលេប
  • មិនសូវឃ្លានអាហារ និងពិបាកក្នុងការបញ្ចុកចំណី
  • បបូរមាត់ ចុងម្រាមដៃ ឬចុងម្រាមជើងប្រែជាពណ៌ខៀវ ឬប្រផេះ
  • មានសភាពល្វើយ ឬងងុយដេកខ្លាំង

ប្រសិនបើសង្កេតឃើញសញ្ញា និងរោគសញ្ញាណាមួយខាងលើនេះចំពោះកុមារ វាជារឿងចាំបាច់ដែលត្រូវទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ ឬបញ្ជូនកុមារទៅបន្ទប់សង្គ្រោះបន្ទាន់។ នេះគឺជាការសំខាន់បំផុត ជាពិសេសប្រសិនបើកូនរបស់អ្នកមានអាយុតិចជាង ១២ សប្តាហ៍ ឬមានកត្តាហានិភ័យបន្ថែម ដូចជាការកើតមិនគ្រប់ខែ ឬមានជំងឺបេះដូងពីកំណើត។

លើសពីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ប្រសិនបើកុមារបង្ហាញសញ្ញានៃការខ្សោះជាតិទឹក ដូចជាស្ងួតមាត់ នោមតិចជាងធម្មតា និងយំមិនចេញទឹកភ្នែក។ ការខ្សោះជាតិទឹកបង្កហានិភ័យខ្ពស់ដល់កុមារតូចៗ និងគួរតែត្រូវបានចាត់ទុកជាបញ្ហាធ្ងន់ធ្ងរ។

មូលហេតុ

ករណីជាច្រើននៃជំងឺរលាកទងសួត គឺបង្កឡើងដោយវីរុសផ្លូវដង្ហើម RSV វីរុសផ្តាសាយធម្មតា និងវីរុសផ្តាសាយធំ។ វីរុស RSV គឺជាវីរុសទូទៅបំផុតដែលប៉ះពាល់ដល់កុមារស្ទើរតែគ្រប់រូបនៅអាយុពីរឆ្នាំ។ ការផ្ទុះឡើងនៃវីរុស RSV គឺកើតមានញឹកញាប់ក្នុងអំឡុងខែដែលមានអាកាសធាតុត្រជាក់នៅតំបន់មួយចំនួន និងក្នុងរដូវវស្សានៅតំបន់មួយចំនួនទៀត។

វីរុសទាំងនេះមានសមត្ថភាពចម្លងខ្ពស់ណាស់ ហើយត្រូវបានបញ្ជូនតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹករំអិលមាត់ ឬច្រមុះ ក៏ដូចជាតាមរយៈតំណក់ទឹកតូចៗក្នុងខ្យល់នៅពេលដកដង្ហើម។ នៅពេលដែលនរណាម្នាក់កណ្តាស់ ឬក្អក តំណក់ទឹកទាំងនេះត្រូវបានបញ្ចេញទៅក្នុងបរិយាកាស ដែលធ្វើឱ្យវាងាយរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ កុមារក៏អាចឆ្លងមេរោគទាំងនេះបានដែរ តាមរយៈការប៉ះពាល់វត្ថុប្រើប្រាស់រួមគ្នា ដូចជា ចាន ទ្វារ កន្សែង ឬប្រដាប់ក្មេងលេង ហើយបន្ទាប់មកយកដៃទៅប៉ះភ្នែក ច្រមុះ ឬមាត់របស់ពួកគេ។

កត្តាហានិភ័យ

ជំងឺរលាកទងសួតកម្រនឹងប៉ះពាល់ដល់មនុស្សពេញវ័យណាស់។ ទារកដែលមានអាយុតិចជាង ៣ ខែ ប្រឈមនឹងភាពងាយរងគ្រោះបំផុត ដោយសារតែសួតរបស់ពួកគេមិនទាន់លូតលាស់ពេញលេញ និងមានប្រព័ន្ធការពាររាងកាយមានកម្រិតប្រឆាំងនឹងការឆ្លងមេរោគ។ ជាញឹកញាប់បំផុត វាប៉ះពាល់ដល់កុមារដែលមានអាយុក្រោម ២ ឆ្នាំ។ កត្តាមួយចំនួនទៀតក៏អាចបង្កើនហានិភ័យរបស់កុមារចំពោះជំងឺរលាកទងសួតផងដែរ រួមមាន៖

  • ការកើតមិនគ្រប់ខែ
  • ការមានប្រព័ន្ធការពាររាងកាយចុះខ្សោយ
  • ការមានជំងឺបេះដូង ឬជំងឺសួតពីកំណើត
  • ការរស់នៅជិតស្និទ្ធជាមួយកុមារដទៃទៀតច្រើន ដូចជាតាមមជ្ឈមណ្ឌលថែទាំកុមារ (សាលាមត្តេយ្យ)
  • ការនៅក្នុងតំបន់ដែលមានមនុស្សកុះករ ឬណែនតាន់តាប់
  • ការប៉ះពាល់នឹងផ្សែងបារី
  • ការមានសមាជិកគ្រួសារផ្សេងទៀត ដែលនាំមេរោគចូលមកក្នុងផ្ទះជាមួយពួកគេ

ការធ្វើរោគវិនិច្ឆ័យ

ដំណើរការនៃការធ្វើរោគវិនិច្ឆ័យជំងឺរលាកទងសួត ជាធម្មតាចាប់ផ្តើមដោយការសាកសួរអំពីរយៈពេលដែលកុមារបានធ្លាក់ខ្លួនឈឺ ការមានអាការគ្រុនក្តៅ និងលទ្ធភាពនៃការប៉ះពាល់ជាមួយអ្នកជំងឺផ្សេងទៀត។ បន្ទាប់មក គ្រូពេទ្យនឹងសង្កេតមើលរោគសញ្ញារបស់កុមារយ៉ាងយកចិត្តទុកដាក់ និងធ្វើការពិនិត្យសួតឱ្យបានហ្មត់ចត់។

ជាទូទៅ សួតត្រូវបានវាយតម្លៃដោយប្រើបំពង់ស្តាប់ Stethoscope ក្នុងអំឡុងពេលពិនិត្យ។ ដើម្បីវាស់កម្រិតអុកស៊ីសែនក្នុងឈាមរបស់កុមារ ឧបករណ៍អេឡិចត្រូនិកដែលមិនបង្កការឈឺចាប់ម្យ៉ាងហៅថា Pulse oximeter អាចនឹងត្រូវដាក់នៅលើចុងម្រាមដៃ ឬចុងម្រាមជើង។ ការធ្វើតេស្តរោគវិនិច្ឆ័យបន្ថែមទៀត ជាធម្មតាត្រូវបានបម្រុងទុកសម្រាប់ស្ថានភាពដែលមានហានិភ័យនៃជំងឺរលាកទងសួតកម្រិតធ្ងន់ រោគសញ្ញាកាន់តែអាក្រក់ទៅៗ ឬប្រសិនបើគ្រូពេទ្យសង្ស័យថាមានស្ថានភាពជំងឺផ្សេងទៀត។

លើសពីនេះ គ្រូពេទ្យអាចនឹងវាយតម្លៃរកសញ្ញានៃការខ្សោះជាតិទឹក ជាពិសេសប្រសិនបើកុមារបង្ហាញអាការមិនព្រមញ៉ាំទឹក ឬអាហារ ឬមានអាការក្អួត។ រោគសញ្ញានៃការខ្សោះជាតិទឹកអាចរួមមាន ស្ងួតមាត់ និងស្បែក អស់កម្លាំងខ្លាំង និងការនោមតិចតួច ឬមិននោមទាល់តែសោះ។

ការធ្វើតេស្តបន្ថែមដើម្បីវាយតម្លៃជំងឺរលាកទងសួតអាចរួមមាន៖

  • ការថតកាំរស្មីអ៊ិចទ្រូង៖ វត្តមាននៃជំងឺរលាកសួត អាចត្រូវបានច្រានចោលតាមរយៈការថតកាំរស្មីអ៊ិចទ្រូង។
  • ការស្វែងរកវីរុស៖ នេះត្រូវបានធ្វើឡើងដោយការបញ្ចូលសំឡីត្បាលតូចមួយចូលទៅក្នុងច្រមុះថ្នមៗ។ សំណាកសំបោរនឹងត្រូវបានយកទៅធ្វើតេស្ត ដើម្បីកំណត់អត្តសញ្ញាណវីរុសដែលបង្កឱ្យមានស្ថានភាពនេះ។
  • ការធ្វើតេស្តឈាម៖ អាចរកឃើញកម្រិតអុកស៊ីសែនទាបនៅក្នុងចរន្តឈាមរបស់កុមារ។ វាក៏អាចពិនិត្យមើលថាតើមានការកើនឡើងនៃគ្រាប់ឈាមសដែរឬទេ ដែលជាធម្មតាបង្ហាញថារាងកាយកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។

ការព្យាបាល

ជាធម្មតា ជំងឺរលាកទងសួតមិនតម្រូវឱ្យមានការព្យាបាលដោយប្រើថ្នាំពិសេសនោះទេ។ ផ្ទុយទៅវិញ ការផ្តល់ជាតិទឹកឱ្យបានគ្រប់គ្រាន់ដល់កុមារគឺជាការណែនាំដ៏សំខាន់។ ដំណាក់កាលដែលពិបាក និងមិនស្រណុកបំផុតនៃជំងឺរលាកទងសួតអាចមានរយៈពេលពី ៧ ទៅ ១០ ថ្ងៃ ដោយក្នុងនោះថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ជាញឹកញាប់គឺជាពេលវេលាដែលពិបាកបំផុត។ វាជារឿងចាំបាច់បំផុតដែលត្រូវតាមដានមើលបញ្ហាដកដង្ហើមដែលកានតែធ្ងន់ធ្ងរទៅៗ។

ថ្នាំផ្សះ គឺគ្មានប្រសិទ្ធភាពប្រឆាំងនឹងការឆ្លងមេរោគវីរុសនេះទេ។ ទោះជាយ៉ាងណាក៏ដោយ ការឆ្លងមេរោគបាក់តេរី ដូចជាជំងឺរលាកសួត ឬការឆ្លងមេរោគត្រចៀក អាចកើតឡើងទន្ទឹមនឹងជំងឺរលាកទងសួត។ ក្នុងករណីនេះ គ្រូពេទ្យកុមារអាចនឹងចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំផ្សះដើម្បីព្យាបាលជំងឺដែលបង្កដោយបាក់តេរីទាំងនោះ។

កុមារភាគច្រើនដែលមានជំងឺរលាកទងសួត អាចត្រូវបានព្យាបាលនៅផ្ទះតាមរយៈវិធីសាស្ត្រថែទាំឱ្យមានភាពស្រណុកក្នុងខ្លួន។ ដើម្បីធ្វើឱ្យស្លេស្មរាវ គេអាចប្រើថ្នាំបន្តក់ច្រមុះទឹកប្រៃ តាមការណែនាំរបស់គ្រូពេទ្យ ឬឱសថការី។ ប្រសិនបើទារកមានអាយុ ៦ ខែ ឬតិចជាងនេះ គេអាចប្រើឧបករណ៍បូមសម្អាតច្រមុះ ដើម្បីយកស្លេស្មចេញពីច្រមុះ។ ចំពោះអាការគ្រុនក្តៅ កុមារអាចប្រើថ្នាំ Acetaminophen (ប៉ារ៉ាសេតាមុល) ក្នុងកម្រិតដែលសមស្របទៅតាមអាយុ។ ដោយសារកុមារអាចនឹងមិនសូវឃ្លានអាហារ ការផ្តល់អាហារ ឬវត្ថុរាវក្នុងបរិមាណតិចៗម្តងៗ ប៉ុន្តែឱ្យបានញឹកញាប់ អាចមានប្រយោជន៍ច្រើន។

ក្នុងករណីធ្ងន់ធ្ងរ គ្រូពេទ្យអាចផ្តល់ថ្នាំ Albuterol តាមរយៈម៉ាស៊ីនបាញ់ថ្នាំ ដើម្បីសាកល្បងមើលថា តើវាជួយគ្រប់គ្រងស្ថានភាពជំងឺបានដែរឬទេ។ ក្នុងអំឡុងពេលព្យាបាលនេះ ម៉ាស៊ីននឹងបាញ់ថ្នាំជាផ្សែងអ័ព្ទស្តើងៗចូលទៅក្នុងសួតរបស់កុមារ។

មិនមានភស្តុតាងច្បាស់លាស់ណាមួយដែលគាំទ្រដល់ប្រសិទ្ធភាពនៃថ្នាំប្រភេទ Corticosteroid លេប និងការទះខ្នង (Chest physiotherapy) សម្រាប់ព្យាបាលជំងឺរលាកទងសួតនោះទេ។ ហេតុដូច្នេះហើយ វិធីសាស្ត្រទាំងនេះមិនត្រូវបានណែនាំសម្រាប់ការគ្រប់គ្រងជំងឺនេះឡើយ។

ការថែទាំនៅមន្ទីរពេទ្យ

ការសម្រាកនៅមន្ទីរពេទ្យអាចនឹងចាំបាច់សម្រាប់កុមារមួយចំនួនតូច ដែលត្រូវការការព្យាបាលដោយអុកស៊ីសែន ឬការផ្តល់សេរ៉ូមតាមសរសៃឈាម។ ដើម្បីធានាឱ្យមានកម្រិតអុកស៊ីសែនគ្រប់គ្រាន់ក្នុងឈាម កុមារអាចនឹងត្រូវពាក់ម៉ាសអុកស៊ីសែន។ ដើម្បីការពារការខ្សោះជាតិទឹក ជាតិទឹកអាចនឹងត្រូវផ្តល់តាមរយៈសរសៃឈាម ដើម្បីរក្សាជាតិទឹកក្នុងខ្លួនកុមារឱ្យបានគ្រប់គ្រាន់។ ក្នុងករណីធ្ងន់ធ្ងរបំផុតនៃជំងឺរលាកទងសួត គ្រូពេទ្យអាចណែនាំឱ្យប្រើបំពង់បញ្ចូលទៅក្នុងបំពង់ខ្យល់ ដើម្បីជួយដល់ការដកដង្ហើម។

ទោះបីជាជំងឺរលាកទងសួតជាទូទៅជាជំងឺដែលអាចព្យាបាលបានក៏ដោយ ប៉ុន្តែក្នុងករណីកម្រ វាអាចនាំឱ្យមានការដកដង្ហើមលែងរួចនិងអាចបណ្តាលឱ្យបាត់បង់ជីវិតបាន។

Doctors who treat this condition