
ទិដ្ឋភាពទូទៅ
ដុំពកជើង (Bunion) ឬហៅម្យ៉ាងទៀតថា Hallux valgus គឺជាការខូចទ្រង់ទ្រាយនៃមេជើង ដែលធ្វើឱ្យមេជើងផ្អៀងទៅរកម្រាមជើងតូចៗ។ នៅពេលដែលវាវិវឌ្ឍទៅមុខ ការឈឺចាប់នឹងចាប់ផ្តើមឡើងបន្តិចម្តងៗ ហើយដុំពកឆ្អឹងនៅចំហៀងមេជើងនឹងលេចចេញមក និងរីកធំទៅៗ។ ជាលទ្ធផល វានឹងជះឥទ្ធិពលដល់ការរស់នៅប្រចាំថ្ងៃ និងទំនុកចិត្តលើខ្លួនឯង។
ស្ថានភាពស្រដៀងគ្នានេះដែរ ដែលមានដុំពកឆ្អឹងតូចមួយនៅចំហៀងសន្លាក់ម្រាមជើងកូន ត្រូវបានគេហៅថា Bunionette។
រោគសញ្ញា
ដុំពកជើង មានសញ្ញា និងរោគសញ្ញាដូចខាងក្រោម៖
- មានដុំពកឆ្អឹងនៅចំហៀងមេជើង
- មានអាការៈឈឺ រោលក្រហម និងហើមនៅសន្លាក់មេជើង
- មានដុះស្បែកក្រិន ដោយសារការកកិតរវាងម្រាមជើងទីមួយ និងទីពីរ
- ការឈឺចាប់ខ្លាំងម្តងម្កាល
- កម្រិតនៃការធ្វើចលនារបស់មេជើងមានភាពទាល់
- ពិបាកក្នុងការដើរ
ជាទូទៅ ដុំពកជើងមិនតម្រូវឱ្យមានការព្យាបាលនោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកជួបប្រទះនូវបញ្ហាដូចខាងក្រោម សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងជើង៖
- ឈឺចាប់ខ្លាំងជាប់រហូតនៅត្រង់មេជើង
- មើលឃើញដុំពកច្បាស់នៅចំហៀងជើង
- មានភាពរឹង និងពិបាកក្នុងចលនាបត់បែនមេជើង
- ពិបាករកស្បែកជើងពាក់ឱ្យត្រូវខ្នាត ដោយសារដុំពកជើង
មូលហេតុ
មូលហេតុពិតប្រាកដនៃដុំពកជើងគឺមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែមានកត្តាផ្សេងៗដែលអាចបង្កឱ្យកើតមានដូចជា៖
- ទ្រង់ទ្រាយជើងមិនធម្មតា៖ ដូចជា បាតជើងសំប៉ែត ឬការខូចទ្រង់ទ្រាយពីកំណើតនៅត្រង់មេជើង
- ភាពមិនធម្មតានៃសាច់ដុំ និងសរសៃពួរ៖ ការរលាកសរសៃពួរ ឬ ជំងឺរលាកសន្លាក់
- ការប្រើប្រាស់ស្បែកជើងមិនសមស្រប៖ ការពាក់ស្បែកជើងដែលតូចពេក ខ្ពស់ពេក ឬស្បែកជើងកែងដែលរឹតខ្លាំងពេកនៅត្រង់ចុងម្រាមជើង
ផលវិបាក
ដុំពកជើងអាចនាំឱ្យមានផលវិបាកដូចខាងក្រោម៖
- ការរលាកថង់សន្លាក់៖ ការរលាកថង់ទឹកដែលទ្រាប់ឆ្អឹង ដែលធ្វើឱ្យឈឺចាប់ និងហើម
- ម្រាមជើងរមួច៖ សន្លាក់កណ្តាលនៃម្រាមជើង (ជាទូទៅកើតលើម្រាមបន្ទាប់ពីមេជើង) កោងបត់ចុះក្រោម ដែលបណ្តាលឱ្យមានសម្ពាធ និងការឈឺចាប់
- ការឈឺចាប់បាតជើងផ្នែកខាងមុខ៖ ការហើម និងឈឺចាប់នៅត្រង់បាតជើងនៅខាងក្រោមម្រាមជើង
ការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយ ដើម្បីវាយតម្លៃសញ្ញានៃដុំពកជើង។ ការថតកាំរស្មីអ៊ិចអាចនឹងត្រូវណែនាំ ប្រសិនបើមានការសង្ស័យលើសញ្ញាណាមួយដែលមិនប្រក្រតី។
ការព្យាបាល
មានជម្រើសការព្យាបាលផ្សេងៗគ្នា អាស្រ័យលើស្ថានភាព និងកម្រិតនៃការឈឺចាប់នៃដុំពកជើង។
ការព្យាបាលដោយមិនវះកាត់
ចំពោះអ្នកជំងឺដែលមានរោគសញ្ញាស្រាល ការវះកាត់ប្រហែលជាមិនចាំបាច់នោះទេ។ ខាងក្រោមនេះគឺជាជម្រើសនៃការព្យាបាលដោយមិនវះកាត់៖
- បន្ទះទ្រាប់ដុំពកជើង៖ អ្នកអាចរកទិញវាបាននៅតាមឱសថស្ថាន។ សូមជ្រើសរើសប្រភេទដែលមិនមានជាតិថ្នាំ ដើម្បីការពារជើងពីការកកិតជាមួយស្បែកជើង និងជួយកាត់បន្ថយការឈឺចាប់
- ការផ្លាស់ប្តូរស្បែកជើង៖ ការពាក់ស្បែកជើងដែលមានផាសុកភាព ត្រូវបានណែនាំដើម្បីឱ្យជើងរបស់អ្នកមានលំហរគ្រប់គ្រាន់
- ថ្នាំបំបាត់ការឈឺចាប់៖ អ្នកអាចប្រើថ្នាំបំបាត់ការឈឺចាប់ដែលមិនត្រូវការវេជ្ជបញ្ជាដូចជា ibuprofen, acetaminophen ឬ naproxen sodium។ ជម្រើសមួយទៀតគឺការចាក់ថ្នាំ cortisone (តាមការបង្គាប់របស់គ្រូពេទ្យ)
- បន្ទះទ្រាប់ក្នុងស្បែកជើង៖ ជួយកាត់បន្ថយរោគសញ្ញាដោយជួយបែងចែកសម្ពាធនៅលើជើងនៅពេលពាក់ស្បែកជើង។ ឧបករណ៍ជំនួយឆ្អឹង (thotic devices) ក៏អាចជួយបានផងដែរ
- ការស្អំទឹកកក៖ ជួយកាត់បន្ថយការហើម និងការឈឺចាប់ ប្រសិនបើអ្នកឈរយូរពេក។ ប៉ុន្តែត្រូវប្រាកដថាអ្នកបានពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកមានបញ្ហាប្រព័ន្ធរបត់ឈាម ឬការថយចុះនៃអារម្មណ៍ដឹងមុនពេលស្អំទឹកកកដោយផ្ទាល់លើជើង
- ការព្យាបាលដោយចលនា៖ ការហាត់ប្រាណបែបស្តារនីតិសម្បទា ការម៉ាស្សា ឬការព្យាបាលដោយរលកសំឡេង ដើម្បីគ្រប់គ្រងការឈឺចាប់ កាត់បន្ថយការរលាក និងពង្រឹងសាច់ដុំ
ការព្យាបាលដោយការវះកាត់
ការវះកាត់អាចនឹងត្រូវណែនាំ ប្រសិនបើរោគសញ្ញានៅតែបន្តកើតមាន ហើយដុំពកជើងបានជះឥទ្ធិពលដល់សកម្មភាពប្រចាំថ្ងៃ ឬបណ្តាលឱ្យអ្នកឈឺចាប់ខ្លាំងជាងធម្មតា។ ទោះជាយ៉ាងណាក៏ដោយ គេមិនណែនាំឱ្យធ្វើការវះកាត់ទេ ប្រសិនបើធ្វើឡើងដើម្បីតែសោភ័ណភាព (ដើម្បីឱ្យស្អាត) តែប៉ុណ្ណោះ។
មានបច្ចេកទេសវះកាត់ជាច្រើនដើម្បីកែតម្រូវដុំពកជើង ហើយមិនមែនគ្រប់បច្ចេកទេសទាំងអស់សុទ្ធតែស័ក្តិសមសម្រាប់គ្រប់ករណីនោះទេ។ នីតិវិធីខាងក្រោមអាចធ្វើឡើងតែឯង ឬធ្វើទន្ទឹមគ្នាដើម្បីកែតម្រូវដុំពកជើង៖
- ការយកចេញនូវជាលិកាដែលហើមជុំវិញសន្លាក់មេជើង
- ការកាត់ឆ្អឹងមេជើងខ្លះចេញ ដើម្បីតម្រូវវាឱ្យត្រង់ឡើងវិញ
- ការកែតម្រូវមុំដែលខូចទ្រង់ទ្រាយនៃឆ្អឹងប្រអប់ជើងខាងមុខ និងរៀបវាឱ្យមកសភាពធម្មតាវិញ
- ការភ្ជាប់ឆ្អឹងនៃសន្លាក់ដែលខូចឱ្យជាប់គ្នាជាអចិន្ត្រៃយ៍
អ្នកនឹងអាចដើរបានជាធម្មតាភ្លាមៗបន្ទាប់ពីការវះកាត់ ប៉ុន្តែវាអាចប្រើពេលពីច្រើនសប្តាហ៍ទៅច្រើនខែ ដើម្បីជាសះស្បើយពេញលេញ។ សូមពាក់ស្បែកជើងដែលត្រឹមត្រូវ និងមានផាសុកភាព នៅពេលអ្នកជាសះស្បើយ ដើម្បីការពារកុំឱ្យកើតដុំពកជើងនេះឡើងវិញ។
