ជំងឺមហារីកឆ្អឹងដោយសារការរីករាលដាល
ទិដ្ឋភាពទូទៅ
នៅពេលដែលកោសិកាមហារីករីករាលដាលចូលទៅក្នុងឆ្អឹង ស្ថានភាពនេះត្រូវបានគេហៅថា ជំងឺមហារីកឆ្អឹងដោយសារការរីករាលដាល។ មូលហេតុនៃការរីករាលដាលនៃមហារីកមួយចំនួននៅមិនទាន់ច្បាស់លាស់នៅឡើយ ហើយគេក៏នៅមិនទាន់ដឹងថាហេតុអ្វីបានជាពួកវាចូលទៅលុកលុយដល់ឆ្អឹង (ជំនួសឱ្យការទៅថ្លើម ដែលជាកន្លែងការរីករាលដាលច្រើនតែកើតឡើងញឹកញាប់បំផុត)។
ជំងឺមហារីកឆ្អឹងដោយសារការរីករាលដាល អាចជាសញ្ញាបង្ហាញថាអ្នកកំពុងមានជំងឺមហារីកនាពេលបច្ចុប្បន្ន ឬវាអាចកើតឡើងនៅច្រើនឆ្នាំក្រោយបន្ទាប់ពីការបញ្ចប់ការព្យាបាល។ ស្ទើរតែគ្រប់ប្រភេទនៃជំងឺមហារីកទាំងអស់សុទ្ធតែអាចរីករាលដាលដល់ឆ្អឹង ប៉ុន្តែមហារីកដែលទំនងជាអាចរីករាលដាលដល់ឆ្អឹងបំផុតនោះគឺ ជំងឺមហារីកសុដន់ និងជំងឺមហារីកក្រពេញប្រូស្តាត។ កោសិកាមហារីកដែលចូលលុកលុយដល់ឆ្អឹង ច្រើនតែរីករាលដាលដល់ឆ្អឹងខ្នង ឆ្អឹងអាងត្រគាក និងឆ្អឹងភ្លៅ ប៉ុន្តែជាទូទៅ វាអាចរីករាលដាលដល់ឆ្អឹងណាមួយនៅក្នុងរាងកាយ។
ជំងឺមហារីកឆ្អឹងដោយសារការរីករាលដាល ជារឿយៗបង្កឱ្យមានការឈឺឆ្អឹង និងការបាក់ឆ្អឹង។ ភាគច្រើននៃពេលវេលា មហារីកដែលបានរីករាលដាលចូលទៅក្នុងឆ្អឹងក្នុងដំណាក់កាលចុងក្រោយ មិនអាចព្យាបាលឱ្យជាសះស្បើយបានឡើយ ប៉ុន្តែអាចព្យាបាលបានត្រឹមតែការសម្រាលការឈឺចាប់ និងរោគសញ្ញាប៉ុណ្ណោះ។
រោគសញ្ញា
ទោះបីជាជំងឺមហារីកឆ្អឹងដោយសារការរីករាលដាល ជួនកាលអាចនឹងមិនមានសញ្ញា ឬរោគសញ្ញាអ្វីសោះក៏ដោយ ប៉ុន្តែសញ្ញាខាងក្រោមនេះអាចបញ្ជាក់ពីស្ថានភាពនៃជំងឺនេះ៖
- ការឈឺចាប់នៅក្នុងឆ្អឹង
- ការបាក់ឆ្អឹង
- ការនោមដោយមិនដឹងខ្លួន (នោមដាក់ខោ)
- ការមិនអាចគ្រប់គ្រងការបន្ទោបង់បាន
- ភាពចុះខ្សោយនៃដៃ ឬជើង
- ចង្អោរ ក្អួត ទល់លាមក ឬមានអារម្មណ៍ច្របូកច្របល់ ដោយសារកម្រិតកាល់ស្យូមក្នុងឈាមឡើងខ្ពស់
ប្រសិនបើអ្នកមានការព្រួយបារម្ភថាមានរោគសញ្ញាទាំងនេះ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីពិនិត្យប្រវត្តិវេជ្ជសាស្ត្រ (សូមជម្រាបគ្រូពេទ្យអំពីការព្យាបាលមហារីកនាពេលកន្លងមក) ធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាលឱ្យបានត្រឹមត្រូវ។
កត្តាហានិភ័យ
នេះគឺជាប្រភេទមហារីកទូទៅដែលទំនងជានាំឱ្យមានការរីករាលដាលដល់ឆ្អឹង៖
- ជំងឺមហារីកក្រពេញទីរ៉ូអ៊ីត
- ជំងឺមហារីកសុដន់
- ជំងឺមហារីកសួត
- ជំងឺមហារីកតម្រងនោម
- ជំងឺមហារីកក្រពេញប្រូស្តាត
- ជំងឺមហារីកកូនកណ្តុរ
- ជំងឺមហារីកខួរឆ្អឹង
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើតេស្តរោគវិនិច្ឆ័យខាងក្រោមនេះ អាចនឹងត្រូវបានអនុវត្តដើម្បីស្វែងរកមើលជំងឺមហារីកឆ្អឹងដោយសារការរីករាលដាល៖
- កាំរស្មីអ៊ិច
- ការស្កេនឆ្អឹង
- ការស្កេនថូម៉ូក្រាហ្វីកុំព្យូទ័រ (CT)
- ការថតរូបភាពអនុភាពម៉ាញេទិក (MRI)
- ការថតថូម៉ូក្រាហ្វីបញ្ចេញប៉ូស៊ីត្រុង (PET)
- ការធ្វើកោសល្យវិច័យ
ការព្យាបាល
ការប្រើប្រាស់ថ្នាំ
វិធីសាស្ត្រព្យាបាលខាងក្រោមអាចត្រូវបានប្រើសម្រាប់ជំងឺមហារីកឆ្អឹងដោយសារការរីករាលដាល៖
- ថ្នាំពង្រឹងឆ្អឹង៖ ជំងឺមហារីកឆ្អឹងដោយសារការរីករាលដាល អាចត្រូវបានព្យាបាលដោយប្រើថ្នាំប្រភេទដូចគ្នានឹងថ្នាំព្យាបាលជំងឺពុកឆ្អឹង ដើម្បីពង្រឹងឆ្អឹង និងកាត់បន្ថយការឈឺចាប់ ដែលជួយឱ្យអ្នកជំងឺមិនចាំបាច់ប្រើថ្នាំបំបាត់ការឈឺចាប់កម្រិតខ្លាំងពេក។ វាក៏ជួយការពារការកកើតថ្មីនៃមហារីកឆ្អឹងផងដែរ។ ថ្នាំនេះអាចផ្តល់ឱ្យតាមរយៈការលេប ឬចាក់តាមសរសៃឈាម ប៉ុន្តែវាអាចមានផលប៉ះពាល់មួយចំនួនដូចជា ឈឺឆ្អឹងក្នុងរយៈពេលខ្លី បញ្ហាតម្រងនោម និងករណីកម្រប៉ុន្តែធ្ងន់ធ្ងរគឺ ការពុកឆ្អឹងថ្គាម។
- ការព្យាបាលដោយវិទ្យុសកម្មតាមសរសៃឈាម៖ ថ្នាំវិទ្យុសកម្ម (Radiopharmaceuticals) ត្រូវបានចាក់ឱ្យអ្នកជំងឺដែលមានការរីករាលដាលមហារីកឆ្អឹងច្រើនកន្លែង។ វាមានសារធាតុវិទ្យុសកម្មកម្រិតទាបដែលរត់ទៅរកឆ្អឹង និងបញ្ចេញកាំរស្មីលើឆ្អឹងដែលរងផលប៉ះពាល់ ដើម្បីគ្រប់គ្រងការឈឺចាប់។
- ការព្យាបាលដោយគីមី៖ ត្រូវបានចេញវេជ្ជបញ្ជាដើម្បីកម្ចាត់កោសិកាមហារីកដែលបានរីករាលដាលទៅកាន់តំបន់ឆ្អឹងច្រើនកន្លែង។ វាអាចត្រូវបានផ្តល់ឱ្យតាមរយៈការលេប ការចាក់តាមសរសៃឈាម ឬទាំងពីរ។ ផលប៉ះពាល់គឺអាស្រ័យលើប្រភេទថ្នាំគីមីដែលប្រើ។ វាជាវិធីសាស្ត្រដែលត្រូវបានណែនាំបំផុតសម្រាប់មហារីកដែលឆ្លើយតបនឹងថ្នាំគីមី។
- ការព្យាបាលដោយអរម៉ូន៖ ការព្យាបាលដោយការទប់ស្កាត់អរម៉ូនអាចមានប្រសិទ្ធភាពសម្រាប់មហារីកដែលរងឥទ្ធិពលពីអរម៉ូនមួយចំនួន ដូចជាមហារីកសុដន់ និងមហារីកក្រពេញប្រូស្តាត។
- ថ្នាំបំបាត់ការឈឺចាប់៖ ថ្នាំបំបាត់ការឈឺចាប់ដែលលក់តាមឱសថស្ថាន ឬតាមវេជ្ជបញ្ជា អាចត្រូវបានប្រើដើម្បីសម្រាលការឈឺចាប់។
- ថ្នាំស្តេរ៉ូអ៊ីត៖ ថ្នាំស្តេរ៉ូអ៊ីតអាចកាត់បន្ថយការរលាក និងការហើមនៅកន្លែងដែលមានមហារីកយ៉ាងឆាប់រហ័ស ដែលជួយឱ្យបាត់ការឈឺចាប់។ ប៉ុន្តែ វាគួរតែត្រូវបានប្រើប្រាស់ដោយប្រុងប្រយ័ត្នបំផុត ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរក្នុងរយៈពេលវែង។
- ការព្យាបាលដោយកំណត់គោលដៅ៖ ថ្នាំដែលប្រើក្នុងការព្យាបាលនេះ ផ្តោតទៅលើភាពមិនធម្មតានៃកោសិកាមហារីកជាក់លាក់។ ពួកវាទៅរារាំងភាពមិនធម្មតាទាំងនោះ ដែលធ្វើឱ្យកោសិកាមហារីកងាប់។ ប្រភេទមហារីកមួយចំនួនអាចឆ្លើយតបយ៉ាងខ្លាំងនឹងការព្យាបាលនេះ ដូចជាកោសិកាមហារីកប្រភេទ HER2 positive ជាដើម។
ការព្យាបាលដោយកាំរស្មីខាងក្រៅ
ធ្នឹមថាមពលខ្លាំងដែលរួមមានកាំរស្មីអ៊ិច និងប្រូតុងត្រូវបានប្រើដើម្បីកំណត់គោលដៅសម្លាប់កោសិកាមហារីក។ វិធីសាស្ត្រនេះអាចត្រូវបានប្រើ ប្រសិនបើការឈឺចាប់ពីការរីករាលដាលដល់ឆ្អឹងមិនឆ្លើយតបនឹងថ្នាំបំបាត់ការឈឺចាប់ ឬនៅពេលការឈឺចាប់កើតមាននៅទីតាំងតិចតួចក្នុងរាងកាយ។ វាអាចត្រូវបានផ្តល់ឱ្យក្នុងកម្រិតធំតែម្តង ឬក្នុងកម្រិតតិចតួចក្នុងរយៈពេលច្រើនថ្ងៃ។ ផលប៉ះពាល់គឺអាស្រ័យលើទីតាំង និងទំហំនៃផ្នែកដែលរងផលប៉ះពាល់។
ការវះកាត់
គោលដៅនៃការវះកាត់ គឺដើម្បីការពារការបាក់ឆ្អឹង ឬដើម្បីតភ្ជាប់ឆ្អឹងដែលបាក់ឡើងវិញ។
- ការវះកាត់ដើម្បីពង្រឹងលំនឹងឆ្អឹង៖ គ្រូពេទ្យប្រើសម្ភារៈលោហៈ (បន្ទះដែក វីស និងដែកគោល) ដើម្បីពង្រឹងលំនឹងឆ្អឹង ដែលហៅថា “ការភ្ជាប់ឆ្អឹងតាមបែបឆ្អឹងនិងសន្លាក់”។ វាជួយសម្រាលការឈឺចាប់ និងបង្កើនមុខងារនៃតំបន់ឆ្អឹងនោះ។ ជាទូទៅ ការព្យាបាលដោយកាំរស្មីច្រើនតែធ្វើឡើងបន្ទាប់ពីការវះកាត់ ដើម្បីកម្ចាត់កោសិកាដុំសាច់ដែលនៅសេសសល់។
- ការវះកាត់ដើម្បីចាក់ស៊ីម៉ង់ត៍ចូលក្នុងឆ្អឹង៖ ស៊ីម៉ង់ត៍ឆ្អឹងអាចត្រូវបានចាក់ចូលទៅក្នុងតំបន់ឆ្អឹងដែលបាក់ ឬខូចខាតដោយសារការរីករាលដាលនៃមហារីក (ឧទាហរណ៍៖ ឆ្អឹងអាងត្រគាក និងឆ្អឹងខ្នង) ដែលជាកន្លែងពិបាកក្នុងការដំឡើងសម្ភារៈលោហៈ ដើម្បីជួយសម្រាលការឈឺចាប់។
- ការវះកាត់ដើម្បីជួសជុលឆ្អឹងដែលបាក់៖ សម្ភារៈលោហៈត្រូវបានប្រើដើម្បីជួសជុល និងពង្រឹងលំនឹងឆ្អឹងដែលបានបាក់។ លើសពីនេះ ការវះកាត់ប្តូរត្រគាក ក៏ជាជម្រើសជំនួសមួយផ្សេងទៀតផងដែរ។
ការប្រើកម្តៅ និងការបំបែកដោយភាពត្រជាក់ដើម្បីកម្ចាត់កោសិកាមហារីក
នីតិវិធីទាំងនេះអាចមានប្រយោជន៍សម្រាប់អ្នកជំងឺដែលមានការរីករាលដាលដល់ឆ្អឹងត្រឹមតែ ១ ឬ ២ កន្លែង ដែលការព្យាបាលផ្សេងៗមិនមានប្រសិទ្ធភាព។ ការប្រើប្រាស់កម្តៅ និងភាពត្រជាក់ដើម្បីកំណត់គោលដៅលើកោសិកាមហារីក អាចជួយគ្រប់គ្រងការឈឺចាប់បាន។
- ការដុតកម្ទេចដោយរលកវិទ្យុ៖ វិធីសាស្ត្រនេះប្រើម្ជុលដែលមានចុងស្រួចបញ្ចេញចរន្តអគ្គិសនី ចាក់បញ្ចូលទៅក្នុងដុំសាច់ឆ្អឹងដោយផ្ទាល់ ដើម្បីកម្តៅកោសិកានៅជុំវិញនោះ។ នៅពេលកោសិកាចុះត្រជាក់វិញ ដំណើរការដដែលនេះអាចត្រូវបានអនុវត្តសារជាថ្មីម្តងហើយម្តងទៀត។
- ការបំបែកដោយភាពត្រជាក់៖ ជានីតិវិធីមួយផ្សេងទៀតដែលធ្វើឱ្យដុំសាច់កក រួចធ្វើឱ្យវារលាយវិញ។ នីតិវិធីនេះក៏ត្រូវបានអនុវត្តដដែលៗចំនួន ២-៣ ដងផងដែរ។
ការប្រើវិធីសាស្ត្រកម្តៅ និងភាពត្រជាក់អាចមានផលប៉ះពាល់ដូចជា ការខូចខាតដល់សរសៃប្រសាទនៃកោសិកានៅក្បែរនោះ ឬការខូចខាតដល់ឆ្អឹងដែលបណ្តាលឱ្យមានការបាក់ឆ្អឹង។
ការព្យាបាលដោយចលនា
គោលបំណងនៃការព្យាបាលដោយចលនា គឺដើម្បីសម្រាលការឈឺចាប់ ព្រមទាំងពង្រឹងកម្លាំងឆ្អឹង និងលទ្ធភាពនៃចលនា។ គ្រូពេទ្យជំនាញខាងព្យាបាលដោយចលនានឹងជួយអ្នករៀបចំផែនការហាត់ប្រាណ ការស្តារនីតិសម្បទា និងអាចណែនាំឧបករណ៍ជំនួយផ្សេងៗដូចជា ឈើច្រត់ ឧបករណ៍រុំពង្រឹងសន្លាក់ ដំបងច្រត់ ឬរទេះរុញជំនួយការដើរ ដើម្បីជៀសវាងការដាក់ទម្ងន់ខ្លាំងលើតំបន់ឆ្អឹងដែលរងផលប៉ះពាល់។ អាស្រ័យហេតុនេះ វានឹងជួយបង្កើនលំនឹងរបស់អ្នកនៅពេលដើរ។
