តើអ្នកធ្លាប់មានអារម្មណ៍វិលមុខ អស់កម្លាំង ឬដង្ហើមខ្លីដោយគ្មានមូលហេតុដែរឬទេ?
មូលហេតុអាចមកពីបេះដូងរបស់អ្នក។ Bradycardia គឺជាស្ថានភាពដែលបេះដូងរបស់អ្នកលោតយឺតពេក ហើយវាអាចបង្កឱ្យមានរោគសញ្ញាដែលមិនស្រួលទាំងនេះ។ ទោះបីជាចង្វាក់បេះដូងយឺត ជារឿងធម្មតាសម្រាប់អ្នកដែលមានសុខភាពល្អ អ្នកដែលហាត់ប្រាណទៀងទាត់ និងកីឡាករក៏ដោយ ប៉ុន្តែវាអាចជាបញ្ហាធ្ងន់ធ្ងរសម្រាប់អ្នកដទៃទៀត។
តើអ្វីទៅជា Bradycardia?
Bradycardia គឺជាស្ថានភាពដែលកំណត់ដោយចង្វាក់បេះដូងយឺត ដែលជាធម្មតាទាបជាង ៦០ ដងក្នុងមួយនាទី។ ខណៈពេលដែលចង្វាក់បេះដូងយឺតអាចជារឿងធម្មតា និងមានសុខភាពល្អចំពោះបុគ្គលមួយចំនួនដូចជាកីឡាករ វាក៏អាចជាបញ្ហាធ្ងន់ធ្ងរផងដែរ ប្រសិនបើវាបង្កការរាំងស្ទះដល់បេះដូងក្នុងការបូមឈាមដែលមានផ្ទុកអុកស៊ីហ្សែនទៅចិញ្ចឹមរាងកាយឱ្យបានគ្រប់គ្រាន់។ នៅពេលដែលមានរោគសញ្ញាដូចជា វិលមុខ និងអស់កម្លាំងកើតឡើង ការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រ ដូចជាការប្រើប្រាស់ម៉ាស៊ីនជំនួយចង្វាក់បេះដូងអាចជារឿងចាំបាច់ ដើម្បីជួយសម្រួលដល់ចង្វាក់បេះដូង។
រោគសញ្ញា
ករណីភាគច្រើននៃជំងឺចង្វាក់បេះដូងយឺត គឺមិនមានចេញរោគសញ្ញាអ្វីឡើយ ជាពិសេសចំពោះអ្នកដែលហាត់ប្រាណទៀងទាត់ ដោយសារបេះដូងរបស់ពួកគេមានប្រសិទ្ធភាពខ្ពស់ក្នុងការងារ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ជំងឺចង្វាក់បេះដូងយឺតអាចរារាំងខួរក្បាល និងសរីរាង្គផ្សេងៗមិនឱ្យទទួលបានអុកស៊ីហ្សែនគ្រប់គ្រាន់ ដែលនាំឱ្យមានសញ្ញា និងរោគសញ្ញាដូចខាងក្រោម៖
- ឈឺទ្រូង ឬអារម្មណ៍មិនស្រួលក្នុងទ្រូង៖ ដែលអាចរំខានដល់សកម្មភាពប្រចាំថ្ងៃ
- ពិបាកដកដង្ហើម៖ នាំឱ្យមានអាការៈថប់ដង្ហើម ធ្វើឱ្យពិបាកសូម្បីតែការដើរ ឬឡើងជណ្តើរ
- មានអារម្មណ៍វង្វេង ឬមានបញ្ហាមេម៉ូរី (ការចងចាំ)
- ពិបាកក្នុងផ្ដោតអារម្មណ៍៖ ដែលអាចប៉ះពាល់ដល់ការងារ ការសិក្សា និងកិច្ចការផ្សេងៗដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់
- វិលមុខ, ស្រាលក្បាល និងសន្លប់
- បេះដូងលោតញាប់ខុសធម្មតា
- ងាយហត់អស់កម្លាំងខ្លាំងនៅពេលធ្វើចលនា
- អស់កម្លាំងល្ហិតល្ហៃ
- ឆាប់ខឹង, រសាប់រសល់ ឬមានការផ្លាស់ប្តូរបុគ្គលិកលក្ខណៈផ្សេងៗ៖ ដែលអាចធ្វើឱ្យមនុស្សម្នាក់មានអារម្មណ៍តានតឹង និងអាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយអ្នកដទៃ។
ប្រសិនបើអ្នកកត់សម្គាល់ឃើញសញ្ញា ឬរោគសញ្ញានៃជំងឺចង្វាក់បេះដូងយឺត វាជារឿងសំខាន់ណាស់ក្នុងការស្វែងរកការធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ ក៏ដូចជាការថែទាំដែលសមស្រប។ ប្រសិនបើអ្នកមានការបារម្ភអំពីចង្វាក់បេះដូងយឺត អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ។ ក្នុងករណីដែលអ្នកមានអាការៈ សន្លប់, ពិបាកដកដង្ហើម ឬឈឺទ្រូងខ្លាំងលើសពីពីរបីនាទី អ្នកត្រូវតែហៅទូរស័ព្ទទៅសេវាសង្គ្រោះបន្ទាន់ភ្លាមៗ។
មូលហេតុ
ជំងឺចង្វាក់បេះដូងយឺត (Bradycardia) កើតឡើងនៅពេលដែលសញ្ញាអគ្គិសនីចេញពី Sinus node នៅក្នុងថតលើខាងស្តាំនៃបេះដូងមានសភាពយឺត ឬជួបប្រទះការស្ទះ។ នៅក្នុងបេះដូងធម្មតាមានថតចំនួនបួន៖ ថតលើពីរ (Atria) និងថតក្រោមពីរ (Ventricles)។ Sinus node គឺជាបណ្តុំនៃកោសិកាដែលស្ថិតនៅក្នុងថតលើខាងស្តាំ វាដើរតួជា “ម៉ាស៊ីនបញ្ជាចង្វាក់បេះដូងធម្មជាតិ” ដែលបង្កើតរលកសញ្ញាអគ្គិសនីដើម្បីចាប់ផ្តើមការលោតនៃបេះដូងនីមួយៗ។
ជាទូទៅ ជំងឺចង្វាក់បេះដូងយឺតអាចបណ្តាលមកពី៖
- ការសឹករិចរិលនៃលិកាបេះដូងដែលទាក់ទងនឹងវ័យចំណាស់
- ការកង្វះជាតិអេឡិចត្រូលីត ដូចជា កាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូម
- ការខូចខាតលិកាបេះដូងបង្កឡើងដោយជំងឺបេះដូង ឬការគាំងបេះដូង
- ពិការភាពបេះដូងពីកំណើត
- ការរលាកនៅក្នុងបេះដូង ដូចជាជំងឺ Endocarditis, Myocarditis និង Pericarditis
- ការវះកាត់ ឬការជួសជុលបេះដូង
- ជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត
- ជំងឺដកដង្ហើមមិនប្រក្រតីពេលសម្រាក
- ការប្រើប្រាស់ថ្នាំមួយចំនួន ដូចជាថ្នាំងងុយគេង ថ្នាំបំបាត់ការឈឺចាប់ខ្លាំង និងថ្នាំព្យាបាលជំងឺលើសឈាម ឬបញ្ហាសុខភាពផ្លូវចិត្ត
- ការឆ្លងមេរោគ ដូចជាគ្រុនក្តៅសន្លាក់ (Rheumatic fever) និងជំងឺ Lyme
- ការស្ទះចរន្តអគ្គិសនីបេះដូង៖ វាគឺជាការរំខានដល់ប្រព័ន្ធអគ្គិសនីរបស់បេះដូង ដែលបណ្តាលឱ្យមានការស្ទះ ឬការថយចុះនៃលំហូរចរន្តអគ្គិសនីក្នុងអំឡុងពេលដំណើរការលោតរបស់បេះដូង។ ការស្ទះនេះត្រូវបានបែងចែកជាបីកម្រិត៖
- ការស្ទះបេះដូងកម្រិតទី១៖ រលកសញ្ញាអគ្គិសនីនៅតែបញ្ជូនទៅដល់ថតក្រោម ប៉ុន្តែវាឆ្លងកាត់យឺតជាងធម្មតា។ កម្រិតនេះកម្របង្កជារោគសញ្ញា និងមិនសូវត្រូវការការព្យាបាលឡើយ។
- ការស្ទះបេះដូងកម្រិតទី២៖ រលកសញ្ញាអគ្គិសនីត្រូវបានរារាំងជាចន្លោះៗ ដែលមានន័យថាមិនមែនគ្រប់សញ្ញាទាំងអស់សុទ្ធតែបញ្ជូនទៅដល់ថតក្រោមនោះទេ។ វានាំឱ្យបេះដូងបាត់ការលោតខ្លះៗ និងធ្វើឱ្យចង្វាក់បេះដូងយឺត ឬមិនទៀងទាត់។ កម្រិតនេះត្រូវបានបែងចែកជាប្រភេទ Mobitz Type I និង Mobitz Type II។
- ការស្ទះបេះដូងកម្រិតទី៣៖ ការបញ្ជូនសញ្ញាអគ្គិសនីពីថតលើទៅថតក្រោមត្រូវបានកាត់ផ្តាច់ទាំងស្រុង។ នៅពេលរឿងនេះកើតឡើង ថតក្រោមចាប់ផ្តើមលោតដោយខ្លួនឯង ប៉ុន្តែក្នុងចង្វាក់យឺតខ្លាំង មិនទៀងទាត់ និងមិនអាចទុកចិត្តបាន។ វាធ្វើឱ្យសមត្ថភាពបូមឈាមទៅចិញ្ចឹមរាងកាយចុះខ្សោយយ៉ាងធ្ងន់ធ្ងរ។
កត្តាហានិភ័យ
ជំងឺចង្វាក់បេះដូងយឺត អាចកើតមានចំពោះមនុស្សគ្រប់វ័យ។ ទោះជាយ៉ាងណាក៏ដោយ កត្តាហានិភ័យមួយចំនួនអាចរួមចំណែកឱ្យមានគ្រោះថ្នាក់កាន់តែខ្ពស់។ ដោយសារស្ថានភាពនេះមានទំនាក់ទំនងជាមួយនឹងការខូចខាតលិកាបេះដូងដែលបង្កឡើងដោយជំងឺបេះដូង ដូច្នេះអ្វីៗដែលបង្កើនហានិភ័យនៃជំងឺបេះដូង ក៏បង្កើនហានិភ័យនៃជំងឺចង្វាក់បេះដូងយឺតដូចគ្នា។
កត្តាហានិភ័យមួយចំនួនរួមមាន៖
- ជំងឺលើសឈាម
- ការជក់បារី
- មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ
- ភាពតានតឹង និងការថប់បារម្ភ
- ការទទួលទានគ្រឿងស្រវឹងច្រើនហួសប្រមាណ
- ការប្រើប្រាស់គ្រឿងញៀន
- ការប៉ះទង្គិច ឬរបួសផ្សេងៗ
ផលវិបាក
ប្រសិនបើជំងឺចង្វាក់បេះដូងយឺតមានសភាពធ្ងន់ធ្ងរ ហើយមិនត្រូវបានព្យាបាលត្រឹមត្រូវទេ វាអាចនាំឱ្យមានផលវិបាកដូចជា៖
- ជំងឺខ្សោយបេះដូង៖ បេះដូងមិនអាចបូមឈាមបានគ្រប់គ្រាន់សម្រាប់តម្រូវការរាងកាយ
- ការសន្លប់បាត់ស្មារតី៖ បណ្តាលមកពីខួរក្បាលខ្វះអុកស៊ីហ្សែន
- ការឈប់ដើរនៃបេះដូង៖ បេះដូងឈប់លោតភ្លាមៗ ដែលជាករណីសង្គ្រោះបន្ទាន់បំផុត
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺចង្វាក់បេះដូងយឺត ជាធម្មតាចាប់ផ្តើមដោយការពិភាក្សាអំពីភារៈរោគសញ្ញា ការសាកសួរអំពីប្រវត្តិវេជ្ជសាស្ត្រ និងការពិនិត្យកាយសម្បទា។ ការពិនិត្យកាយសម្បទារួមមានការពិនិត្យមើលរាងកាយ ដើម្បីរកមើលសញ្ញាច្បាស់លាស់នៃស្ថានភាព ឬបញ្ហាសុខភាពផ្សេងៗ។ ដើម្បីជួយដល់ការធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យអាចនឹងប្រើប្រាស់ស្តេតូស្កុបដើម្បីស្តាប់សូរស័ព្ទបេះដូង។
ការធ្វើតេស្តឈាម
- កម្រិតអេឡិចត្រូលីត៖ តេស្តទាំងនេះវាយតម្លៃកំហាប់នៃសារធាតុរ៉ែក្នុងឈាម ជាពិសេសគឺ កាល់ស្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម នៅក្នុងចរន្តឈាមរបស់អ្នក។
- កម្រិតអរម៉ូនទីរ៉ូអ៊ីត៖ ជំងឺចង្វាក់បេះដូងយឺតអាចបណ្តាលមកពីជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត ដែលត្រូវបានកំណត់ដោយមុខងារទីរ៉ូអ៊ីតទាប។ ការធ្វើតេស្តកម្រិតអរម៉ូនទីរ៉ូអ៊ីត ជួយកំណត់ថាតើស្ថានភាពនេះកំពុងរួមចំណែកដល់ចង្វាក់បេះដូងយឺតដែរឬទេ។
- ត្រូប៉ូនីន៖ ត្រូប៉ូនីន គឺជាប្រូតេអ៊ីនជាក់លាក់មួយដែលត្រូវបានរកឃើញនៅក្នុងកោសិកានៃសាច់ដុំបេះដូងរបស់អ្នក។ ប្រសិនបើមានការខូចខាតដល់កោសិកាទាំងនេះ ត្រូប៉ូនីនអាចនឹងត្រូវបានបញ្ចេញទៅក្នុងឈាម ដែលបង្ហាញពីការខូចខាតបេះដូងដែលអាចកើតមាន។ កម្រិតត្រូប៉ូនីន គឺជាកត្តាសំខាន់ដែលបុគ្គលិកសុខាភិបាលប្រើប្រាស់ដើម្បីធ្វើរោគវិនិច្ឆ័យការគាំងបេះដូង។
- ការពិនិត្យរកសារធាតុពុល៖ តេស្តនេះត្រូវបានធ្វើឡើងដើម្បីកំណត់អត្តសញ្ញាណសារធាតុពុលដែលមាននៅក្នុងឈាមរបស់អ្នក។ វាអាចរកឃើញថ្នាំ (ទាំងថ្នាំតាមវេជ្ជបញ្ជា និងថ្នាំញៀន) ដែលអាចនាំឱ្យមានជំងឺចង្វាក់បេះដូងយឺត ក៏ដូចជាសារធាតុផ្សេងទៀតដែលអាចបង្កការខូចខាតដល់បេះដូង។
ការថតក្រាហ្វិចបេះដូង (ECG ឬ EKG)
ECG គឺជាតេស្តរោគវិនិច្ឆ័យបឋមសម្រាប់ជំងឺចង្វាក់បេះដូងយឺត។ វាវាស់សកម្មភាពអគ្គិសនីរបស់បេះដូង ដោយការបិទបន្ទះស្អិតដែលហៅថា អេឡិចត្រូតនៅលើទ្រូង ហើយជួនកាលនៅលើដៃ និងជើង។ អេឡិចត្រូតទាំងនេះត្រូវបានភ្ជាប់ទៅនឹងកុំព្យូទ័រដែលបង្ហាញលទ្ធផល។ តាមរយៈ ECG គ្រូពេទ្យអាចកំណត់បានថា តើបេះដូងលោតយឺតពេក លឿនពេក ឬមិនលោតទាល់តែសោះ។
ទោះជាយ៉ាងណាក៏ដោយ ដោយសារ ECG ធម្មតាអាចរកឃើញចង្វាក់បេះដូងយឺត លុះត្រាតែវាឆ្លងកាត់ការលោតយឺតក្នុងអំឡុងពេលធ្វើតេស្តតែប៉ុណ្ណោះ ដូច្នេះគ្រូពេទ្យអាចនឹងណែនាំឱ្យប្រើឧបករណ៍ ECG ចល័តវិញ។ មានឧបករណ៍ ECG ចល័តពីរប្រភេទដែលគេនិយមប្រើ៖
- ម៉ាស៊ីនតាមដានចង្វាក់បេះដូងចល័ត៖ ឧបករណ៍នេះអាចដាក់ក្នុងហោប៉ៅ ឬពាក់ជាប់នឹងខ្សែក្រវាត់។ វាថតចម្លងសកម្មភាពបេះដូងជាប់ជានិច្ចក្នុងរយៈពេល ២៤ ម៉ោង ឬយូរជាងនេះ។
- ម៉ាស៊ីនថតចម្លងហេតុការណ៍៖ វាស្រដៀងនឹងម៉ាស៊ីនតាមដានចង្វាក់បេះដូងចល័តដែរ ប៉ុន្តែវាថតសកម្មភាពបេះដូងតែនៅពេលជាក់លាក់ណាមួយប៉ុណ្ណោះ (ក្នុងរយៈពេលពីរបីនាទីម្តង)។ វាត្រូវបានពាក់ក្នុងរយៈពេលយូរជាង (ជាធម្មតា ៣០ ថ្ងៃ)។ នៅពេលមានរោគសញ្ញាកើតឡើង អ្នកប្រើប្រាស់គ្រាន់តែចុចប៊ូតុងដើម្បីថតសកម្មភាព។
ឧបករណ៍ ECG ចល័តទាំងនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺចង្វាក់បេះដូងយឺតពីព្រោះវាអនុញ្ញាតឱ្យមានការតាមដានយ៉ាងច្បាស់លាស់នៃសកម្មភាពអគ្គិសនីរបស់បេះដូងក្នុងរយៈពេលយូរ។ តាមរយៈការប្រើប្រាស់ឧបករណ៍ចាប់សញ្ញាច្រើន ដែលគេស្គាល់ថាជាអេឡិចត្រូត ដែលជាប់នឹងស្បែកទ្រូង ពួកវាអាចរកឃើញ និងបង្ហាញសកម្មភាពអគ្គិសនីរបស់បេះដូងជារលកនៅលើក្រដាសបោះពុម្ព ឬអេក្រង់កុំព្យូទ័រ។
គ្រូពេទ្យក៏អាចនឹងស្នើសុំការធ្វើតេស្តផ្សេងទៀត រួមជាមួយ ECG ផងដែរ៖
- ការតេស្តលើគ្រែផ្អៀង៖ តេស្តនេះប្រើដើម្បីកំណត់ថាតើការផ្លាស់ប្តូរឥរិយាបថបង្កឱ្យមានការសន្លប់ដែរឬទេ។ ក្នុងកំឡុងពេលតេស្ត គ្រែនឹងត្រូវផ្អៀងឱ្យដូចជាអ្នកកំពុងឈរ ខណៈពេលដែលអ្នកកំពុងដេកលើវា។ វាជួយឱ្យគ្រូពេទ្យយល់ពីរបៀបដែលចង្វាក់បេះដូងយឺតបណ្តាលឱ្យអ្នកសន្លប់។
- ការតេស្តបេះដូងពេលធ្វើលំហាត់ប្រាណ៖ តេស្តនេះធ្វើឡើងខណៈពេលដែលអ្នកកំពុងមានសកម្មភាពរូបរាងកាយ។ ជាធម្មតា គេធ្វើ ECG ខណៈពេលកំពុងជិះកង់នៅនឹងកន្លែង ឬដើរលើម៉ាស៊ីនហាត់ប្រាណ ដើម្បីតាមដានសកម្មភាពបេះដូង។
- ការសិក្សាអំពីការគេង៖ ប្រសិនបើគ្រូពេទ្យសង្ស័យថាចង្វាក់បេះដូងយឺតបណ្តាលមកពីការដកដង្ហើមមិនប្រក្រតីពេលសម្រាក ពួកគេអាចនឹងណែនាំឱ្យធ្វើការសិក្សាអំពីការគេងនេះ។
ការព្យាបាល
ជាទូទៅ ការព្យាបាលគឺមិនតម្រូវឱ្យមាននោះទេ ប្រសិនបើជំងឺចង្វាក់បេះដូងយឺតមិនបានបង្កឱ្យមានរោគសញ្ញាអ្វីឡើយ។ ជាធម្មតា ជម្រើសនៃការព្យាបាលអាចរួមមាន ការប្រើប្រាស់ថ្នាំ, ការប្រើប្រាស់ឧបករណ៍ដាក់ក្នុងរាងកាយ និងការផ្លាស់ប្តូររបៀបរស់នៅ។ ប្រសិនបើចង្វាក់បេះដូងយឺតកើតឡើងដោយសារបញ្ហាសុខភាពផ្សេងទៀត ការព្យាបាលជំងឺនោះឱ្យជាសះស្បើយ អាចនឹងជួយឱ្យចង្វាក់បេះដូងត្រឡប់មកធម្មតាវិញ។
ការព្យាបាលដែលសមស្រប ត្រូវបានកំណត់ទៅតាមកម្រិតធ្ងន់ធ្ងរនៃរោគសញ្ញា ក៏ដូចជាមូលហេតុដែលនាំឱ្យបេះដូងលោតយឺត។
ការប្រើប្រាស់ថ្នាំ
ប្រសិនបើជំងឺចង្វាក់បេះដូងយឺតបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរ ដូចជាសម្ពាធឈាមធ្លាក់ចុះទាបខ្លាំងដល់កម្រិតគ្រោះថ្នាក់ ការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រតាមរយៈការប្រើប្រាស់ថ្នាំចាក់តាមសរសៃ (IV) ឬថ្នាំចាក់ដូចជា Atropine អាចត្រូវបានប្រើដើម្បីបង្កើនចង្វាក់បេះដូង។ ការព្យាបាលប្រភេទនេះ ជាធម្មតាត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យ ដោយសារតម្រូវឱ្យមានការតាមដានយ៉ាងដិតដល់។
ក្រៅពីនេះ ក៏មានថ្នាំគ្រាប់សម្រាប់លេបប្រចាំថ្ងៃ ដែលអាចជួយពង្រឹងមុខងារបេះដូង រួមទាំងការបង្កើនកម្លាំងនៃការកន្ត្រាក់បេះដូង ឬការសម្រួលចង្វាក់បេះដូងឱ្យមានភាពទៀងទាត់ផងដែរ។
ការវះកាត់ ឬនីតិវិធីផ្សេងៗ
- ការប្រើឧបករណ៍ជំនួយចង្វាក់បេះដូងបណ្តោះអាសន្ន៖ វិធីនេះប្រើប្រាស់ឧបករណ៍ដែលមានប៉ូលអគ្គិសនីសម្រាប់ប៉ះ ឬបិទភ្ជាប់ទៅនឹងស្បែកទ្រូង។ ប៉ូលទាំងនេះអនុញ្ញាតឱ្យចរន្តអគ្គិសនីខ្សោយៗចូលទៅក្នុងរាងកាយ ដើម្បីជំរុញបេះដូងឱ្យលោត។ វាគឺជាការព្យាបាលរយៈពេលខ្លីដ៏មានប្រសិទ្ធភាពសម្រាប់អ្នកដែលកំពុងរង់ចាំការដាក់ម៉ាស៊ីនជំនួយចង្វាក់បេះដូងអចិន្ត្រៃយ៍ ឬអ្នកដែលជួបប្រទះបញ្ហាចង្វាក់បេះដូងយឺតក្នុងរយៈពេលខ្លី។
- ម៉ាស៊ីនជំនួយចង្វាក់បេះដូងអចិន្ត្រៃយ៍៖ ជារឿយៗវាគឺជាការព្យាបាលដែលមានប្រសិទ្ធភាពបំផុតសម្រាប់អ្នកដែលមានជំងឺចង្វាក់បេះដូងយឺត ជាពិសេសអ្នកដែលមានរោគសញ្ញា Sick sinus syndrome (ដែលកោសិកាបញ្ជាចង្វាក់ធម្មជាតិរបស់បេះដូងដំណើរការមិនប្រក្រតី)។ ទោះបីជាម៉ាស៊ីននេះមិនអាចព្យាបាលជំងឺឱ្យជាដាច់ទាំងស្រុង ប៉ុន្តែវាផ្តល់នូវដំណោះស្រាយរយៈពេលវែងក្នុងការគ្រប់គ្រងចង្វាក់បេះដូង។ ម៉ាស៊ីននេះមានអាយុកាលប្រើប្រាស់បានច្រើនឆ្នាំ ហើយម៉ូដែលខ្លះមានថ្មដែលអាចប្រើបានលើសពី ១០ ឆ្នាំ។ ការដាក់ម៉ាស៊ីននេះតម្រូវឱ្យមានការវះកាត់ដើម្បីបញ្ចុះឧបករណ៍ចូលក្នុងរាងកាយ ដែលវានឹងបញ្ជូនសញ្ញាអគ្គិសនីទៅកាន់សាច់ដុំបេះដូង។ គ្រូពេទ្យឯកទេសអគ្គិសនីបេះដូង ឬគ្រូពេទ្យវះកាត់ នឹងបង្កើតថង់តូចមួយនៅក្រោមស្បែកដើម្បីដាក់ម៉ាស៊ីន រួចភ្ជាប់ខ្សែដែលហៅថា Leads ទៅកាន់ចំណុចផ្សេងៗនៃបេះដូង។
ការរីកចម្រើននៃបច្ចេកវិទ្យាវេជ្ជសាស្ត្របានធ្វើឱ្យយើងអាចជៀសវាងការវះកាត់ធំក្នុងករណីខ្លះ។ អ្នកជំងឺមានជម្រើសថ្មីគឺ ម៉ាស៊ីនជំនួយចង្វាក់បេះដូងគ្មានខ្សែ (Leadless pacemaker)។ ឧបករណ៍ដ៏ទំនើបនេះអាចត្រូវបានដាក់បញ្ចូលតាមរយៈបំពង់ Catheterដោយគ្រាន់តែធ្វើការវះកាត់តូចមួយនៅលើសរសៃឈាមធំ។ គ្រូពេទ្យនឹងបញ្ចូលបំពង់នោះទៅកាន់បេះដូង រួចដាក់បញ្ចុះម៉ាស៊ីននោះដោយផ្ទាល់តែម្តង។ ម៉ាស៊ីនគ្មានខ្សែនេះមានទំហំតូចខ្លាំង ប្រហាក់ប្រហែលនឹងគ្រាប់ថ្នាំវីតាមីនប៉ុណ្ណោះ។ លើសពីនេះ វិធីសាស្ត្រដែលមានការប៉ះទង្គិចតិចតួចនេះ អនុញ្ញាតឱ្យអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យក្នុងរយៈពេលខ្លី និងអាចត្រឡប់ទៅផ្ទះបានលឿនជាងការវះកាត់បែបប្រពៃណី។
សំណួរដែលគេសួរញឹកញាប់ (FAQs)
១. តើ Bradycardia គឺជាជំងឺចង្វាក់បេះដូងមិនទៀងទាត់ (Arrhythmia) មែនទេ?
បាទ/ចាស! Bradycardia គឺជាប្រភេទជាក់លាក់មួយនៃជំងឺចង្វាក់បេះដូងមិនទៀងទាត់ (Arrhythmia)។ Arrhythmia សំដៅលើស្ថានភាពណាដែលបណ្តាលឱ្យចង្វាក់បេះដូងមិនប្រក្រតី មិនថាលោតលឿនពេក យឺតពេក ឬលោតក្នុងទម្រង់ដែលមិនទៀងទាត់នោះទេ។
២. ភាពខុសគ្នារវាង Bradycardia និង Tachycardia
Bradycardia និង Tachycardia គឺជាប្រភេទនៃជំងឺចង្វាក់បេះដូងមិនប្រក្រតីដូចគ្នា ប៉ុន្តែវាមានលក្ខណៈផ្ទុយគ្នា៖
- Bradycardia: គឺជាចង្វាក់បេះដូងដែលយឺតពេក (តិចជាង ៦០ ដងក្នុងមួយនាទី)។
- Tachycardia: គឺជាចង្វាក់បេះដូងដែលលឿនពេក (លើសពី ១០០ ដងក្នុងមួយនាទី)។
៣. តើជំងឺចង្វាក់បេះដូងយឺតអាចបណ្តាលឱ្យស្លាប់ដែរឬទេ?
ជំងឺចង្វាក់បេះដូងយឺត មិនមែនសុទ្ធតែបណ្តាលឱ្យស្លាប់គ្រប់ករណីនោះទេ ប៉ុន្តែវាអាចមានគ្រោះថ្នាក់ ប្រសិនបើវាមានសភាពធ្ងន់ធ្ងរ ហើយមិនត្រូវបានព្យាបាល។ ខណៈពេលដែលចង្វាក់បេះដូងយឺតមិនបង្កគ្រោះថ្នាក់ដល់មនុស្សជាច្រើន ប៉ុន្តែចង្វាក់បេះដូងដែលទាបបំផុតអាចរារាំងបេះដូងមិនឱ្យបូមឈាមដែលមានអុកស៊ីហ្សែនគ្រប់គ្រាន់ ដែលអាចនាំឱ្យមានផលវិបាកដូចជា ការសន្លប់, ជំងឺខ្សោយបេះដូង ឬក្នុងករណីកម្រ អាចបណ្តាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗ។
៤. តើខ្ញុំត្រូវទៅជួបគ្រូពេទ្យដែរឬទេ ប្រសិនបើមានចង្វាក់បេះដូងយឺត?
បាទ/ចាស! អ្នកគួរតែទៅជួបគ្រូពេទ្យប្រសិនបើអ្នកមានចង្វាក់បេះដូងយឺត ជាពិសេសប្រសិនបើអ្នកកំពុងជួបប្រទះរោគសញ្ញាដូចជា វិលមុខ, ស្រាលក្បាល ឬថប់ដង្ហើម។
.
