ជំងឺមហារីកឆ្លងរាលដាលដល់ខួរក្បាល
ទិដ្ឋភាពទូទៅ
ជំងឺមហារីកឆ្លងរាលដាលដល់ខួរក្បាល (Brain metastases) ឬហៅម្យ៉ាងទៀតថា ដុំសាច់មហារីកបន្ទាប់បន្សំក្នុងខួរក្បាល ត្រូវបានបង្កឡើងដោយកោសិកាមហារីកដែលរីករាលដាលពីផ្នែកផ្សេងៗនៃរាងកាយដែលជាកន្លែងដើមរបស់វាទៅកាន់ខួរក្បាល ដូចជាមហារីកសុដន់, សួត, តម្រងនោម, ពោះវៀនធំ ឬមហារីកស្បែកជាដើម។ ជំងឺមហារីកឆ្លងរាលដាលដល់ខួរក្បាល អាចមានដុំសាច់មួយ ឬច្រើនដែលស្ថិតនៅក្នុងខួរក្បាល។ នៅពេលដែលជំងឺនេះវិវត្តទៅមុខ ដុំសាច់នឹងលូតលាស់កាន់តែធំ ដែលបង្កសម្ពាធលើលិកាខួរក្បាលនៅក្បែរនោះ និងធ្វើឱ្យប៉ះពាល់ដល់មុខងាររបស់វា។ ជាលទ្ធផល វានាំឱ្យមានរោគសញ្ញាទូទៅដូចជា ការឈឺក្បាល, ការផ្លាស់ប្តូរបុគ្គលិកលក្ខណៈ និងការប្រកាច់។
ការព្យាបាលជំងឺមហារីកឆ្លងរាលដាលដល់ខួរក្បាល រួមមានការវះកាត់, ការព្យាបាលដោយកាំរស្មី ការព្យាបាលដោយគីមី ការព្យាបាលដោយប្រព័ន្ធស៊ាំ ឬការប្រើប្រាស់វិធីសាស្ត្រទាំងនេះរួមបញ្ចូលគ្នា ក៏ដូចជាការព្យាបាលផ្សេងៗទៀតអាស្រ័យទៅតាមស្ថានភាពជាក់ស្តែង។ វិធីសាស្ត្រទាំងនេះមានគោលបំណងកាត់បន្ថយការឈឺចាប់ និងរោគសញ្ញានានាដែលបណ្តាលមកពីជំងឺមហារីក។
រោគសញ្ញា
សញ្ញា និងរោគសញ្ញានៃជំងឺមហារីកឆ្លងរាលដាលដល់ខួរក្បាល គឺអាស្រ័យលើទីតាំង ទំហំ និងកម្រិតនៃការរីករាលដាលនៃដុំសាច់។ រោគសញ្ញាទាំងនោះអាចមានដូចជា៖
- ការឈឺក្បាល
- ចង្អោរ និងក្អួត
- ខ្សោយ ឬស្ពឹកផ្នែកណាមួយនៃរាងកាយ (ស្ពឹកម្ខាង)
- ការប្រកាច់
- បញ្ហាផ្នែកបញ្ញាស្មារតី ដូចជាបញ្ហាការចងចាំ
- ការផ្លាស់ប្តូរអារម្មណ៍ ឬអាកប្បកិរិយា
ប្រសិនបើរោគសញ្ញាទាំងនេះនៅតែបន្តកើតមាន អ្នកគួរតែធ្វើការណាត់ជួបជាមួយគ្រូពេទ្យ។ វាជារឿងសំខាន់ដែលត្រូវប្រាប់គ្រូពេទ្យអំពីប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក ជាពិសេសគឺការធ្លាប់ព្យាបាលជំងឺមហារីកពីមុនមក។
មូលហេតុ
ជំងឺមហារីកឆ្លងរាលដាលដល់ខួរក្បាល កើតឡើងដោយសារកោសិកាមហារីកបានរីករាលដាលពីទីតាំងដើមរបស់វាទៅកាន់ខួរក្បាល តាមរយៈចរន្តឈាម ឬប្រព័ន្ធទឹករងៃ។ បន្ទាប់មក កោសិកាទាំងនោះចាប់ផ្តើមបំបែកខ្លួន និងលូតលាស់នៅក្នុងខួរក្បាល។ ជំងឺនេះត្រូវបានគេហៅឈ្មោះខុសៗគ្នាទៅតាមទីតាំងដើមនៃមហារីក ឧទាហរណ៍៖ ជំងឺមហារីកដែលមកពីសុដន់ ត្រូវបានគេហៅថា “ជំងឺមហារីកសុដន់ឆ្លងរាលដាល”។
កត្តាហានិភ័យ
ជាទូទៅ ប្រភេទមហារីកខាងក្រោមនេះ គឺមានឱកាសខ្ពស់បំផុតក្នុងការរីករាលដាលដល់ខួរក្បាល៖
- ជំងឺមហារីកសួត
- ជំងឺមហារីកសុដន់
- ជំងឺមហារីកពោះវៀនធំ
- ជំងឺមហារីកតម្រងនោម
- ជំងឺមហារីកស្បែក
- ជំងឺមហារីកក្រពេញប្រូស្តាត
ការធ្វើរោគវិនិច្ឆ័យ
តេស្ត និងនីតិវិធីសម្រាប់ធ្វើរោគវិនិច្ឆ័យជំងឺមហារីកឆ្លងរាលដាលដល់ខួរក្បាល រួមមាន៖
- ការវាយតម្លៃប្រព័ន្ធប្រសាទ៖ រួមមានការពិនិត្យលើការមើលឃើញ, ការស្តាប់, លំនឹងរាងកាយ, ការសម្របសម្រួលនៃចលនា, កម្លាំងសាច់ដុំ ឬការឆ្លើយតបនៃសរសៃប្រសាទ។ ភាពមិនប្រក្រតីណាមួយអាចជួយឱ្យគ្រូពេទ្យកំណត់បានថា តើផ្នែកណាខ្លះនៃខួរក្បាលដែលរងការប៉ះពាល់ដោយដុំសាច់។
- ការធ្វើតេស្តរូបភាព៖ វិធីសាស្ត្រដែលគេនិយមប្រើបំផុតគឺ MRI ដោយការចាក់ថ្នាំពណ៌តាមសរសៃវ៉ែន ដើម្បីស្វែងរកកោសិកាមហារីក។ ក៏មានការថត MRI ជំនាញផ្សេងទៀតដូចជា Functional MRI និង Magnetic resonance spectroscopy ដើម្បីវាយតម្លៃដុំសាច់ឱ្យកាន់តែមានប្រសិទ្ធភាព។ ក្រៅពីនេះ គ្រូពេទ្យក៏អាចប្រើការថត CT scan ឬ PET scan ផងដែរ។
- ការធ្វើកោសល្យវិច័យ៖ គឺជាដំណើរការប្រមូលយកគំរូជាលិកាមិនធម្មតា ដោយប្រើម្ជុល ឬក្នុងអំឡុងពេលវះកាត់។ គ្រូពេទ្យនឹងពិនិត្យគំរូសាច់នោះក្រោមមីក្រូទស្សន៍ ដើម្បីកំណត់ថាវាជាដុំសាច់កាច ឬស្លូត និងដើម្បីដឹងថាវាជាមហារីកឆ្លងរាលដាលមកពីកន្លែងផ្សេង ឬជាមហារីកដែលកើតចេញពីខួរក្បាលផ្ទាល់។
ការព្យាបាល
ការព្យាបាលជំងឺមហារីកឆ្លងរាលដាលដល់ខួរក្បាល អាចជួយសម្រាលរោគសញ្ញា ពន្យឺតការលូតលាស់នៃដុំសាច់ និងបង្កើនអាយុកាលរបស់អ្នកជំងឺ។ ទោះបីជាការព្យាបាលទទួលបានជោគជ័យក៏ដោយ ក៏ជំងឺនេះអាចនឹងកើតឡើងវិញ ដូច្នេះការតាមដានសុខភាពជាមួយគ្រូពេទ្យឱ្យបានដិតដល់គឺជារឿងចាំបាច់បំផុត។
ជម្រើសនៃការព្យាបាលរួមមាន ការប្រើប្រាស់ថ្នាំ ការវះកាត់ ការវះកាត់ដោយប្រើកាំរស្មី ការព្យាបាលដោយកាំរស្មីលើខួរក្បាលទាំងមូល ជួនកាលក៏ត្រូវបានណែនាំការប្រើប្រាស់វិធីសាស្ត្រខាងលើរួមបញ្ចូលគ្នា។
គ្រូពេទ្យនឹងជ្រើសរើសវិធីសាស្ត្រព្យាបាលដែលល្អបំផុត ដោយផ្អែកលើប្រភេទដុំសាច់, ទំហំ, ចំនួន និងទីតាំង ក៏ដូចជារោគសញ្ញា និងស្ថានភាពសុខភាពទូទៅរបស់អ្នកជំងឺ។
ការវះកាត់
នៅក្នុងការវះកាត់ គ្រូពេទ្យវះកាត់ខិតខំយកដុំសាច់មហារីកដែលឆ្លងរាលដាលក្នុងខួរក្បាលចេញឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយសញ្ញា និងរោគសញ្ញានានា។ ការវះកាត់ត្រូវបានណែនាំសម្រាប់ដុំសាច់មហារីកណាដែលស្ថិតនៅក្នុងទីតាំងដែលអាចធ្វើប្រតិបត្តិការវះកាត់បាន។
ការព្យាបាលដោយកាំរស្មី
ការព្យាបាលដោយកាំរស្មី គឺជាការប្រើប្រាស់ធ្នឹមថាមពលខ្លាំងៗ ដូចជា កាំរស្មីអ៊ិច និងប្រូតុង ដើម្បីកម្ចាត់កោសិកាដុំសាច់។ ការព្យាបាលមហារីកឆ្លងរាលដាលដល់ខួរក្បាល អាចរួមមានវិធីសាស្ត្រមួយ ឬទាំងពីរដូចខាងក្រោម៖
- ការព្យាបាលដោយកាំរស្មីលើខួរក្បាលទាំងមូល៖ វិធីសាស្ត្រនេះប្រើប្រាស់កាំរស្មីដើម្បីសម្លាប់កោសិកាដុំសាច់នៅទូទាំងខួរក្បាល។ ជាទូទៅ វាត្រូវបានធ្វើឡើងពី ១០ ទៅ ១៥ ដង ក្នុងរយៈពេលពី ២ ទៅ ៣ សប្តាហ៍។
ផលប៉ះពាល់មានដូចជា អស់កម្លាំង, ចង្អោរ និងជ្រុះសក់។ ការប្រើកាំរស្មីក្នុងរយៈពេលយូរ អាចបង្កឱ្យមានបញ្ហាដល់បញ្ញាស្មារតី។
- ការវះកាត់ដោយប្រើកាំរស្មី (SRS)៖ វិធីសាស្ត្រនេះប្រើធ្នឹមកាំរស្មីតម្រង់ចំទៅលើដុំសាច់ក្នុងខួរក្បាលដោយផ្ទាល់។ ដុំសាច់នឹងទទួលបានកម្រិតកាំរស្មីខ្ពស់បំផុត និងត្រូវបានកម្ចាត់ចោល។ ជាធម្មតា SRS គឺជាការព្យាបាលតែម្ដងគត់ ហើយក៏អាចព្យាបាលដុំសាច់ច្រើនក្នុងពេលតែមួយបានផងដែរ។
ផលប៉ះពាល់មានដូចជា ចង្អោរ, ឈឺក្បាល, ប្រកាច់ និងវិលមុខ។ ការព្យាបាលដោយ SRS ក្នុងរយៈពេលវែង មានហានិភ័យទាបក្នុងការប៉ះពាល់ដល់បញ្ញាស្មារតី បើធៀបនឹងការប្រើកាំរស្មីលើខួរក្បាលទាំងមូល។
បច្ចុប្បន្ន មានការរីកចម្រើនយ៉ាងខ្លាំងក្នុងការយល់ដឹងអំពីវិធីសាស្ត្រទាំងពីរនេះ ក៏ដូចជាឥទ្ធិពលរបស់វាទៅលើឱកាសរស់រានមានជីវិត មុខងារបញ្ញាស្មារតី និងគុណភាពជីវិត។ កត្តាផ្សេងៗត្រូវបានយកមកពិចារណាដើម្បីសម្រេចចិត្តជ្រើសរើសប្រភេទនៃការព្យាបាលដោយកាំរស្មីដែលល្អបំផុតសម្រាប់អ្នកជំងឺម្នាក់ៗ។
ការប្រើប្រាស់ថ្នាំ
ក្នុងករណីខ្លះ ថ្នាំអាចត្រូវបានណែនាំដើម្បីគ្រប់គ្រងជំងឺមហារីកឆ្លងរាលដាលដល់ខួរក្បាល។ ប្រសិទ្ធភាពនៃការព្យាបាលដោយថ្នាំ គឺអាស្រ័យលើទីតាំងដើមនៃមហារីក និងកត្តាបុគ្គលផ្សេងៗទៀត។ ជម្រើសរួមមាន៖
- ការព្យាបាលដោយគីមី៖ ប្រើប្រាស់ថ្នាំដើម្បីសម្លាប់កោសិកាដែលលូតលាស់លឿន ក៏ដូចជាកោសិកាមហារីក។
- ការព្យាបាលដោយគោលដៅ៖ ប្រើប្រាស់ថ្នាំដើម្បីទប់ស្កាត់ភាពមិនប្រក្រតីជាក់លាក់ និងសម្លាប់កោសិកាមហារីក។
- ការព្យាបាលដោយប្រព័ន្ធស៊ាំ៖ ប្រើប្រាស់ និងជម្រុញប្រព័ន្ធស៊ាំប្រឆាំងនឹងជំងឺរបស់ខ្លួនឯង ដើម្បីប្រយុទ្ធប្រឆាំងនឹងមហារីក។ កោសិកាមហារីកបង្កើតប្រូតេអ៊ីនដែលធ្វើជា “ខែល” ការពារខ្លួនពីការរកឃើញដោយប្រព័ន្ធស៊ាំ ប៉ុន្តែការព្យាបាលដោយប្រព័ន្ធស៊ាំនឹងកម្ទេចខែលការពារនោះ។
ការស្តារនីតិសម្បទាក្រោយការព្យាបាល
ក្នុងករណីដែលដុំសាច់ក្នុងខួរក្បាលប៉ះពាល់ដល់ជំនាញចលនា, ការនិយាយ, ការមើលឃើញ ឬការគិត គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើការស្តារនីតិសម្បទាដើម្បីជួយដល់ការងើបឡើងវិញ៖
- ការព្យាបាលដោយចលនា៖ ជួយស្តារឡើងវិញនូវជំនាញចលនា ឬពង្រឹងកម្លាំងសាច់ដុំ។
- ការព្យាបាលដោយការងារ៖ អនុញ្ញាតឱ្យអ្នកជំងឺអាចអនុវត្តការងារប្រចាំថ្ងៃឡើងវិញបាន។
- ការព្យាបាលការនិយាយ៖ ធ្វើឡើងដោយអ្នកជំនាញផ្នែករោគវិទ្យានៃការនិយាយ ដើម្បីព្យាបាលការលំបាកក្នុងការនិយាយ។
